លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្ដីទាំងឡាយ ចូរមានសេចក្ដីស្រឡាញ់ដូចគ្រិស្ត!

ប្ដីទាំងឡាយ ចូរមានសេចក្ដីស្រឡាញ់ដូចគ្រិស្ត!

ប្ដី​ទាំង​ឡាយ ចូរ​មាន​សេចក្ដី​ស្រឡាញ់​ដូច​គ្រិស្ត!

នៅ​រាត្រី​ចុង​ក្រោយ​បំផុត​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ប្រាប់​ពួក​សាវ័ក​ដែល​ស្មោះ​ត្រង់​ថា៖ «ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា»។ (យ៉ូន. ១៣:៣៤, ៣៥) ប្រាកដ​ហើយ ពួក​គ្រិស្ត​សាសនិក​ពិត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ដោយ​និយាយ​ទៅ​កាន់​ប្ដី​ទាំង​ឡាយ​ក្នុង​ចំណោម​ពួក​អ្នក​កាន់​តាម​គ្រិស្ត សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ»។ (អេភ. ៥:២៥) ដូច្នេះ ក្នុង​អាពាហ៍ពិពាហ៍ តើ​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​អាច​អនុវត្ត​តាម​ការ​ដាស់​តឿន​នេះ​ដែល​មក​ពី​គម្ពីរ​យ៉ាង​ដូច​ម្ដេច ជា​ពិសេស​ពេល​ប្រពន្ធ​របស់​គាត់​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែរ?

គ្រិស្ត​បាន​ស្រឡាញ់​ថ្នាក់​ថ្នម​ក្រុម​ជំនុំ

គម្ពីរ​ចែង​ថា៖ «ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង ព្រោះ​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ តែ​គេ​តែង​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម ដូច​គ្រិស្ត​ប្រព្រឹត្ត​នឹង​ក្រុម​ជំនុំ»។ (អេភ. ៥:២៨, ២៩) លោក​យេស៊ូ​មាន​មនោសញ្ចេតនា​ចំពោះ​អ្នក​កាន់​តាម​លោក ហើយ​ចាត់​ទុក​ពួក​គាត់​ថា​មាន​តម្លៃ។ លោក​បាន​ស្រឡាញ់​ថ្នាក់​ថ្នម​ពួក​គាត់។ ថ្វី​បើ​ពួក​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ លោក​ស្លូត​ហើយ​សប្បុរស​ចំពោះ​ពួក​គាត់។ ដោយ​ចង់«នាំ​ក្រុម​ជំនុំ​មក​នៅ​ចំពោះ​មុខ​លោក ដោយ​មាន​ភាព​រុង​រឿង» លោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ល្អ​ៗ​របស់​ពួក​អ្នក​កាន់​តាម​លោក។—អេភ. ៥:២៧

ដូច​គ្រិស្ត​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​ជំនុំ ប្ដី​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត។ ប្ដី​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ទៀង​ទាត់​ចំពោះ​ប្រពន្ធ នោះ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត ថែម​ទាំង​មាន​អារម្មណ៍​ថា​ប្ដី​ស្រឡាញ់​ថ្នាក់​ថ្នម​នាង។ ផ្ទុយ​ទៅ​វិញ ស្ត្រី​ដែល​មាន​អ្វី​គ្រប់​បែប​យ៉ាង​ក្នុង​ផ្ទះ​ដ៏​សែន​ស្អាត ប្រហែល​ជា​មិន​មាន​សុភមង្គល​ទេ បើ​ប្ដី​នាង​មិន​យក​ចិត្ត​ទុក​ដាក់​ឬ​មិន​អើពើ​នឹង​នាង។

តើ​ប្ដី​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ស្រឡាញ់​ថ្នាក់​ថ្នម​ប្រពន្ធ​របស់​គាត់? នៅ​មុខ​គេ គាត់​ណែនាំ​តាម​របៀប​ដ៏​ថ្លៃ​ថ្នូរ​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​នាង ហើយ​សរសើរ​នាង​ដោយ​ឥត​លាក់​លៀម​ចំពោះ​អ្វី​ៗ​ដែល​នាង​បាន​ធ្វើ​ដើម្បី​គាំទ្រ​គាត់។ បើ​ប្រពន្ធ​គាត់​បាន​ជួយ​សម្រេច​អ្វី​មួយ​ដ៏​សំខាន់​សម្រាប់​គ្រួសារ នោះ​គាត់​មាន​មោទនភាព​និយាយ​ប្រាប់​អ្នក​ឯ​ទៀត។ ពេល​នៅ​តែ​ពីរ​នាក់ នាង​ដឹង​ថា​ប្ដី​ស្រឡាញ់​នាង។ ការ​ពាល់ ញញឹម ឱប និង​ពាក្យ​សរសើរ​ប្រហែល​ជា​អ្វី​ដែល​តូច​តាច ប៉ុន្តែ​អ្វី​ទាំង​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ចិត្ត​របស់​ស្ត្រី។

គ្រិស្ត«ហៅ​ពួក​គាត់​ថា‹បង​ប្អូន›ដោយ​មិន​អៀន​ខ្មាស»

គ្រិស្ត​យេស៊ូ​បាន«ហៅ​ពួក​គាត់[ឬ​អ្នក​កាន់​តាម​លោក​ដែល​បាន​ត្រូវ​រើស​តាំង]ថា‹បង​ប្អូន›ដោយ​មិន​អៀន​ខ្មាស»។ (ហេ. ២:១១, ១២, ១៧) បើ​អ្នក​ជា​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក សូម​កុំ​ភ្លេច​ថា ប្រពន្ធ​របស់​អ្នក​ក៏​ជា​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ដែរ។ ការ​ដែល​នាង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា នេះ​គឺ​សំខាន់​ជាង​សម្បថ​អាពាហ៍ពិពាហ៍ ទោះ​បី​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មុន​ឬ​ក្រោយ​នាង​រៀប​ការ​ជា​មួយ​អ្នក​ក៏​ដោយ។ នៅ​ឯ​កិច្ច​ប្រជុំ ពេល​ប្រពន្ធ​របស់​អ្នក​លើក​ដៃ​ឆ្លើយ នោះ​បង​ប្រុស​ដែល​ដឹក​នាំ​កិច្ច​ប្រជុំ​ហៅ​ប្រពន្ធ​របស់​អ្នក​យ៉ាង​ត្រឹម​ត្រូវ​ថា«បង​ស្រី»ឬ«ប្អូន​ស្រី»។ នាង​ក៏​ជា​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ដែរ មិន​គ្រាន់​តែ​នៅ​ឯ​សាល​ប្រជុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​ផ្ទះ​ដែរ។ គឺ​សំខាន់​ឲ្យ​អ្នក​ប្រព្រឹត្ត​ទៅ​លើ​នាង​ដោយ​សប្បុរស​និង​ដោយ​គួរ​សម​នៅ​ផ្ទះ ក៏​ដូច​នៅ​សាល​ប្រជុំ​ដែរ។

ប្រសិន​បើ​អ្នក​មាន​ភារកិច្ច​ច្រើន​ក្នុង​ក្រុម​ជំនុំ នោះ​ជួន​កាល​អ្នក​ប្រហែល​ជា​ពិបាក​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​និង​ភារកិច្ច​ចំពោះ​គ្រួសារ​ដោយ​មាន​តុល្យភាព។ បើ​ពួក​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើសហការ​គ្នា​យ៉ាង​ល្អ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ នោះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ពេល​ច្រើន​ជាង​ជា​មួយ​ប្អូន​ស្រី​រួម​ជំនឿ​ដែល​ត្រូវ​ការ​អ្នក​ខ្លាំង​ជាង​គេ ពោល​គឺ​ប្រពន្ធ​របស់​អ្នក។ សូម​ចាំ​ថា បង​ប្រុស​ផ្សេង​ក្នុង​ក្រុម​ជំនុំ​ពិត​ជា​អាច​បំពេញ​ភារកិច្ច​របស់​អ្នក​បាន ប៉ុន្តែ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​ជា​ប្ដី​របស់​នាង។

ម្យ៉ាង​ទៀត អ្នក​ជា​ប្រមុខ​របស់​ប្រពន្ធ​អ្នក។ គម្ពីរ​ចែង​ថា៖ «ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត ឯ​ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស»។ (១កូ. ១១:៣) តើ​អ្នក​គួរ​នាំ​មុខ​យ៉ាង​ដូច​ម្ដេច? គឺ​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មិន​មែន​លើក​ខ​គម្ពីរ​ខាង​លើ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ទាម​ទារ​ឲ្យ​នាង​គោរព​អ្នក​ទេ។ កត្ដា​សំខាន់​ដែល​ជួយ​អ្នក​ឲ្យ​នាំ​មុខ​យ៉ាង​ត្រឹម​ត្រូវ​គឺ ការ​យក​តម្រាប់​តាម​លោក​យេស៊ូ​គ្រិស្ត​ស្តី​អំពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​របស់​អ្នក។—១ពេ. ២:២១

«អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ»

លោក​យេស៊ូ​បាន​ហៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​មិត្ត​សម្លាញ់។ លោក​បាន​ប្រាប់​ពួក​គាត់​ថា៖ «ខ្ញុំ​មិន​ហៅ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​បម្រើ​ទៀត​ឡើយ ពី​ព្រោះ​ខ្ញុំ​បម្រើ​មិន​ដឹង​ថា​ម្ចាស់​របស់​ខ្លួន​ធ្វើ​អ្វី​ទេ។ ប៉ុន្តែ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់ ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា»។ (យ៉ូន. ១៥:១៤, ១៥) លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ។ លោក​និង​ពួក​គាត់​ក៏​បាន​ទៅ​ណា​មក​ណា​ជា​មួយ​គ្នា​ដែរ។ នៅ​ភូមិ​កាណា «លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក»បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​អបអរ​អាពាហ៍ពិពាហ៍។ (យ៉ូន. ២:២) មាន​កន្លែង​ដែល​លោក​និង​ពួក​គាត់​ចូល​ចិត្ត​ទៅ ដូច​ជា​សួន​ហ្គេតសេម៉ានី។ គម្ពីរ​ចែង​ថា៖ «លោក​យេស៊ូ​ធ្លាប់​ជួប​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​នៅ​ទី​នោះ​ជា​ច្រើន​ដង»។—យ៉ូន. ១៨:២

ប្រពន្ធ​ពិត​ជា​ត្រូវ​ការ​មាន​អារម្មណ៍​ថា នាង​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ប្ដី​នាង។ ម្ល៉ោះ​ហើយ គឺ​សំខាន់​ចាំ​បាច់​ឲ្យ​ប្ដី​និង​ប្រពន្ធ​ទាំង​ឡាយ​ធ្វើ​អ្វី​ៗ​ដ៏​សប្បាយ​ជា​មួយ​គ្នា! ចូរ​បម្រើ​ព្រះ​ជា​មួយ​គ្នា។ ចូរ​មាន​ចិត្ត​រីករាយ​សិក្សា​គម្ពីរ​ជា​មួយ​គ្នា។ ចូរ​ចំណាយ​ពេល​ជា​មួយ​គ្នា ពោល​គឺ​ដើរ និយាយ និង​បរិភោគ​ជា​មួយ​គ្នា។ កុំ​គ្រាន់​តែ​ធ្វើ​ជា​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ តែ​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​ដែរ។

លោក«ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត»

លោក​យេស៊ូ‹ស្រឡាញ់​ពួក​អ្នក​កាន់​តាម​លោក​រហូត​ដល់​ទី​បំផុត›។ (យ៉ូន. ១៣:១) ប្ដី​ខ្លះ​មិន​បាន​ធ្វើ​តាម​លោក​យេស៊ូ​ក្នុង​រឿង​នេះ​ទេ។ ពួក​គេ​ប្រហែល​ជា​បាន​បោះ​បង់‹ប្រពន្ធ​ដែល​ពួក​គាត់​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ› ហើយ​ប្រហែល​ជា​យក​ប្រពន្ធ​ក្មេង​ជាង។—ម៉ាឡ. ២:១៤, ១៥

ប្ដី​ខ្លះ​ទៀត ដូច​វីលី យក​តម្រាប់​តាម​គ្រិស្ត។ ដោយ​សារ​ប្រពន្ធ​របស់​គាត់​មាន​សុខភាព​អន់​ខ្សោយ នោះ​វីលី​ត្រូវ​ថែ​រក្សា​ប្រពន្ធ​គាត់​ជាប់​ជា​និច្ច​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ។ តើ​វីលី​មាន​អារម្មណ៍​យ៉ាង​ណា? គាត់​បាន​ពោល​ថា៖ «ខ្ញុំ​តែង​តែ​បាន​ចាត់​ទុក​ថា​ប្រពន្ធ​របស់​ខ្ញុំ​ជា​អំណោយ​មួយ​ពី​ព្រះ ហើយ​ខ្ញុំ​បាន​ឲ្យ​តម្លៃ​ដល់​នាង​សម​ស្រប​នឹង​អ្វី​នេះ​ដែរ។ បន្ថែម​ពី​នេះ ខ្ញុំ​បាន​សន្យា​៦០​ឆ្នាំ​មុន​ថា ខ្ញុំ​នឹង​ថែ​រក្សា​នាង​នៅ​គ្រប់​គ្រា​ទាំង​អស់។ ខ្ញុំ​នឹង​មិន​ភ្លេច​សេចក្ដី​សន្យា​នោះ​ឡើយ»។

ប្ដី​ទាំង​ឡាយ​ដែល​ជា​គ្រិស្ត​សាសនិក ចូរ​មាន​សេចក្ដី​ស្រឡាញ់​ដូច​គ្រិស្ត។ ចូរ​ស្រឡាញ់​ថ្នាក់​ថ្នម​ប្រពន្ធ​របស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ ដែល​ជា​បង​ប្អូន​រួម​ជំនឿ និង​ជា​មិត្ត​សម្លាញ់​របស់​អ្នក។

[រូប​ភាព​នៅ​ទំព័រ​១២]

តើ​ប្រពន្ធ​របស់​អ្នក​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​អ្នក​ឬ​ទេ?

[រូប​ភាព​នៅ​ទំព័រ​១២]

‹ចូរ​ស្រឡាញ់​ប្រពន្ធ​អ្នក​ជា​ដរាប›