រក្សាចិត្តគំនិតត្រឹមត្រូវចំពោះស្រា
រក្សាចិត្តគំនិតត្រឹមត្រូវចំពោះស្រា
ឫទ្ធីដែលបានត្រូវរៀបរាប់ក្នុងអត្ថបទដើម អាចមានជីវិតប្រសើរជាង បើគាត់ទទួលស្គាល់ថាគាត់ផឹកស្រាហួសប្រមាណ។ ប៉ុន្តែ ដោយសារគាត់អាចផឹកស្រាច្រើនដែលមើលទៅដូចជាមិនមានឥទ្ធិពលទៅលើគាត់ នោះគាត់ជឿថាគាត់គ្មានបញ្ហាក្នុងការផឹកស្រាទេ។ ហេតុអ្វីបានជាគាត់សន្និដ្ឋានខុសអំពីខ្លួនគាត់?
ការផឹកស្រាហួសប្រមាណបានប៉ះពាល់ដល់សមត្ថភាពគិតពិចារណារបស់គាត់។ ទោះជាឫទ្ធីដឹងឬមិនដឹងក៏ដោយ ខួរក្បាលរបស់គាត់ដែលជាសរីរាង្គដែលកាន់កាប់លើលក្ខណៈខាងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ បានខូចបង់ពេលគាត់ផឹកស្រាច្រើនជ្រុល។ កាលដែលគាត់ផឹកកាន់តែច្រើន សមត្ថភាពខួរក្បាលគាត់ក្នុងការគិតពិចារណាឲ្យបានត្រឹមត្រូវអំពីសភាពពិតរបស់គាត់គឺកាន់តែអន់ថយទៅ។
មូលហេតុទី២ដែលឫទ្ធីសន្និដ្ឋានខុសគឺដោយសារគាត់ចង់រក្សាយ៉ាងខ្លាំងនូវទម្លាប់ផឹកស្រារបស់គាត់។ សំអឿនដែលបានត្រូវរៀបរាប់ក្នុងអត្ថបទមុន ដំបូងគាត់មិនទទួលស្គាល់ថាគាត់មានបញ្ហាក្នុងការផឹកស្រាទេ។ គាត់សារភាពថា៖ «ខ្ញុំមិនឲ្យនរណាដឹងថាខ្ញុំផឹកស្រាហួសប្រមាណទេ តែខ្ញុំខំយកលេស ហើយខំចាត់ទុកការផឹកស្រាហួសប្រមាណជារឿងតូចតាច។ ខ្ញុំមានគោលដៅមួយ ពោលគឺបន្តផឹកស្រាដោយមិនទទួលស្គាល់ថាខ្ញុំមានបញ្ហានេះទេ»។ ថ្វីបើអ្នកឯទៀតបានឃើញថាស្រាបានកាន់កាប់ជីវិតរបស់ឫទ្ធីនិងសំអឿនក៏ដោយ តែពួកគាត់ទាំងពីរនាក់ខំប្រាប់ខ្លួនថាអ្វីៗទាំងអស់គឺធម្មតាទេ។ បុរសទាំងពីរនាក់ត្រូវចាត់វិធានការដើម្បីមិនឲ្យស្រាកាន់កាប់ជីវិតគាត់។ ប៉ុន្តែ តើពួកគាត់គួរចាត់វិធានការណាខ្លះ?
ចូរចាត់វិធានការ!
មនុស្សជាច្រើនដែលបានឈប់ផឹកស្រាច្រើនជ្រុលបានចាត់វិធានការសមស្របនឹងប្រសាសន៍របស់លោកយេស៊ូ ដែលថា៖ «ប្រសិនបើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ ពីព្រោះបើអ្នកបាត់បង់ភ្នែកម្ខាង គឺមានប្រយោជន៍ម៉ាថាយ ៥:២៩
ជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ»។—លោកយេស៊ូមិនចង់សំដៅទៅលើការខ្វេះភ្នែកមែនទែនឡើយ។ ផ្ទុយទៅវិញ លោកដៅបញ្ជាក់ក្នុងន័យធៀបថា យើងគួរសុខចិត្តបោះបង់អ្វីៗក៏ដោយដែលនាំឲ្យអន្តរាយដល់ចំណងមេត្រីភាពជាមួយព្រះ។ ពិតមែន ការចាត់វិធានការនោះប្រហែលធ្វើឲ្យយើងពិបាកខាងផ្លូវកាយនិងផ្លូវចិត្តណាស់។ ប៉ុន្តែនេះនឹងការពារយើងកុំឲ្យមានចិត្តគំនិតនិងស្ថានភាពដែលនាំឲ្យយើងផឹកស្រាហួសប្រមាណ។ ដូច្នេះ បើអ្នកឯទៀតប្រាប់ពីបារម្ភរបស់គេថាលោកអ្នកផឹកស្រាច្រើនពេក សូមចាត់វិធានការដើម្បីកាត់បន្ថយ។ * បើលោកអ្នកឃើញច្បាស់ថាលោកអ្នកមិនអាចកាត់បន្ថយបានទេ សូមសម្រេចចិត្តឈប់ផឹកស្រាតែម្ដង។ ទោះជាការសម្រេចចិត្តនេះប្រហែលធ្វើឲ្យលោកអ្នកពិបាកក៏ដោយ តែទុក្ខវេទនាក្នុងជីវិតដែលមកពីការផឹកស្រាច្រើនជ្រុល នោះធ្វើឲ្យលោកអ្នកពិបាកច្រើនជាងទៅទៀត។
សូម្បីតែលោកអ្នកមិនមែនជាអ្នកប្រមឹកក៏ដោយ តើលោកអ្នកមានទំនោរចិត្តផឹកស្រាច្រើនពេកឬទេ? បើមែន តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីរក្សាចិត្តគំនិតត្រឹមត្រូវចំពោះស្រា?
វិធីដែលជួយលោកអ្នក
១. មានជំនឿទៅលើអានុភាពនៃការអធិដ្ឋានអស់ពីចិត្តនិងជាទៀងទាត់។ គម្ពីរឲ្យឱវាទនេះដល់អស់អ្នកដែលចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ដែលថា៖ «ដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ»។ (ភីលីព ៤:៦, ៧) តើលោកអ្នកអាចអធិដ្ឋានអំពីអ្វីទើបអាចទទួលសេចក្ដីសុខសាន្តនេះ?
លោកអ្នកអាចសារភាពដោយត្រង់ៗថាលោកអ្នកមានបញ្ហាខាងស្រា ដែលជាបញ្ហាមួយដែលលោកអ្នកត្រូវទទួលខុសត្រូវដោយផ្ទាល់។ បើលោកអ្នកជម្រាបព្រះអំពីគម្រោងរបស់លោកអ្នកដើម្បីយកឈ្នះបញ្ហានេះ នោះព្រះនឹងឲ្យពរដល់ការព្យាយាមរបស់លោកអ្នកដើម្បីឲ្យលោកអ្នកបានធូរស្រាល ហើយជៀសផុតពីបញ្ហាធ្ងន់ធ្ងរឯទៀត។ គម្ពីរចែងថា៖ «អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្ដាករុណាវិញ»។ (សុភាសិត ២៨:១៣) លោកយេស៊ូក៏មានប្រសាសន៍ដែរថាយើងអាចអធិដ្ឋានថា៖ ‹សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ តែសូមសង្គ្រោះយើងឲ្យរួចពីសេចក្ដីអាក្រក់វិញ›។ (ម៉ាថាយ ៦:១៣) ប៉ុន្តែ តើលោកអ្នកអាចប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋានបែបនេះយ៉ាងដូចម្ដេច? ហើយតើលោកអ្នកអាចទទួលចម្លើយចំពោះការអង្វរសុំរបស់លោកអ្នកនៅឯណា?
២. ទទួលកម្លាំងចិត្តពីបណ្ដាំរបស់ព្រះ។ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព . . . ក៏អាចបង្ហាញឲ្យឃើញគំនិតនិងបំណងចិត្ត»។ (ហេប្រឺ ៤:១២) ការអាននិងរំពឹងគិតពីខគម្ពីរជារៀងរាល់ថ្ងៃ បានជួយអ្នកដែលធ្លាប់ផឹកស្រាហួសប្រមាណជាច្រើននាក់។ អ្នកតែងទំនុកតម្កើងដែលគោរពកោតខ្លាចព្រះបានសរសេរថា៖ «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ . . . អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ . . . ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។—ទំនុកតម្កើង ១:១-៣
សំអឿនសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ហើយនេះបានជួយគាត់ឲ្យបំបាត់ចោលទម្លាប់ផឹកស្រាហួសប្រមាណ។ គាត់និយាយថា៖ «ខ្ញុំជឿជាក់ថាគម្ពីរនិងគោលការណ៍គម្ពីរបានជួយខ្ញុំឲ្យឈប់ផឹកស្រា ពុំនោះសោតខ្ញុំនឹងស្លាប់ជាពុំខាន»។
៣. បណ្ដុះការចេះទប់ចិត្ត។ គម្ពីររៀបរាប់ថាពួកអ្នកដែលធ្លាប់ជាមនុស្សប្រមឹកក្នុងក្រុមជំនុំគ្រិស្តសាសនិក បានត្រូវលាងសម្អាត«ដោយសកម្មពលនៃព្រះរបស់យើង»។ (កូរិនថូសទី១ ៦:៩-១១) តើលាងសម្អាតយ៉ាងដូចម្ដេច? វិធីមួយដែលជួយពួកគាត់ឲ្យបោះបង់ការផឹកស្រាឲ្យស្រវឹង ការជប់លៀងសប្បាយឥតបើគិត គឺដោយបណ្ដុះឲ្យមានការចេះទប់ចិត្ត ដែលជាគុណសម្បត្ដិមួយដែលបានត្រូវបណ្ដុះដោយមានជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ។ គម្ពីរចែងថា៖ «កុំស្រវឹងស្រាឡើយ ព្រោះនោះនាំឲ្យប្រព្រឹត្តអំពើអបាយមុខ តែចូរឲ្យបានពេញទៅដោយសកម្មពលរបស់ព្រះជានិច្ច»។ (អេភេសូរ ៥:១៨; កាឡាទី ៥:២១-២៣) លោកយេស៊ូគ្រិស្តបានសន្យាថា «បិតា . . . ដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។ ដូច្នេះ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល»។—លូកា ១១:៩, ១៣
ពួកអ្នកដែលប្រាថ្នាគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្ត អាចបណ្ដុះឲ្យមានការចេះទប់ចិត្តដោយអាននិងកាឡាទី ៦:៨, ៩
សិក្សាគម្ពីរ ព្រមទាំងអធិដ្ឋានអស់ពីចិត្តជារឿយៗ។ ជាជាងបណ្ដោយខ្លួនឲ្យធ្លាក់ទឹកចិត្ត ចូរទទួលសេចក្ដីសន្យាដែលមានក្នុងបណ្ដាំរបស់ព្រះដែលថា៖ «អ្នកណាដែលសាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ អ្នកនោះនឹងទទួលផលជាជីវិតដែលគ្មានទីបញ្ចប់ពីសកម្មពលរបស់ព្រះ។ ដូច្នេះ យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ ព្រោះនៅពេលកំណត់យើងនឹងទទួលផល បើយើងមិនរសាយចិត្តទេ»។—៤. ជ្រើសរើសមិត្តភក្ដិល្អ។ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) សូមប្រាប់មិត្តភក្ដិរបស់លោកអ្នកអំពីការតាំងចិត្តរបស់លោកអ្នកថាឈប់ផឹកស្រាហួសប្រមាណតទៅទៀត។ ប៉ុន្តែ បណ្ដាំរបស់ព្រះព្រមានទុកជាមុនថាពេលលោកអ្នកបោះបង់«ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត [និង]ការប្រកួតគ្នាផឹកស្រា» នោះមិត្តភក្ដិចាស់ខ្លះនឹង«ងឿងឆ្ងល់ ហើយចេះតែនិយាយប្រមាថអ្នក»។ (ពេត្រុសទី១ ៤:៣, ៤) ចូរផ្ដាច់ទំនាក់ទំនងជាមួយពួកអ្នកដែលធ្វើឲ្យរសាយការតាំងចិត្តរបស់អ្នកដើម្បីឈប់ផឹកស្រា។
៥. ដាក់កម្រិតឲ្យបានច្បាស់លាស់។ «ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។ (រ៉ូម ១២:២) បើលោកអ្នកឲ្យគោលការណ៍ក្នុងបណ្ដាំរបស់ព្រះជួយដាក់កម្រិតសម្រាប់លោកអ្នកជាជាងឲ្យមិត្តភក្ដិឬ«របៀបរបបពិភពលោកនេះ»ដាក់កម្រិត នោះលោកអ្នកនឹងមានរបៀបរស់នៅដែលព្រះពេញចិត្ត។ ប៉ុន្តែ តើលោកអ្នកអាចដាក់កម្រិតយ៉ាងត្រឹមត្រូវចំពោះខ្លួនអ្នកយ៉ាងដូចម្ដេច?
ការពិសាស្រាប៉ុន្មានក៏ដោយដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពគិតពិចារណានិងវែកញែក នោះគឺច្រើនពេកហើយសម្រាប់លោកអ្នក។ ហេតុនេះ បើលោកអ្នកសម្រេចចិត្តពិសាស្រា គប្បីឲ្យលោកអ្នកដាក់កម្រិតឲ្យបានច្បាស់លាស់។ បើលោកអ្នកមានបញ្ហានេះ សូមកុំបដិសេធមិនទទួលស្គាល់ការពិតឡើយ។ ចូរដាក់កម្រិតឲ្យបានច្បាស់លាស់មិនឲ្យលើសពីកម្រិតនៃការផឹក
ដោយចេះប្រមាណ។ កម្រិតនេះគួរជួយលោកអ្នកមិនឲ្យផឹកស្រាច្រើនជ្រុល។៦. រៀនឲ្យចេះបដិសេធ។ «គ្រាន់តែរក្សាសម្ដីប៉ុណ្ណោះ បើថា‹មែន› គឺ‹មែន› បើថា‹ទេ› គឺ‹ទេ›»។ (ម៉ាថាយ ៥:៣៧) បើម្ចាស់ផ្ទះដែលមិនយល់ពីបញ្ហារបស់លោកអ្នកខំអញ្ជើញឲ្យពិសាស្រាដោយសេចក្ដីសប្បុរស សូមរៀនឲ្យចេះបដិសេធដោយគួរសម។ «ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរស ប្រៀបដូចជាបានត្រូវបង់អំបិល។ ធ្វើដូច្នេះ អ្នកនឹងដឹងថាគួរឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ»។—កូឡុស ៤:៦
៧. ស្វែងរកជំនួយពីពួកអ្នកដែលគាំទ្រការសម្រេចចិត្តរបស់លោកអ្នក។ ចូរសុំការគាំទ្រពីមិត្តភក្ដិដែលអាចជួយលោកអ្នកឲ្យរក្សាការសម្រេចចិត្តមិនផឹកស្រាហួសប្រមាណ ហើយដែលអាចជួយលោកអ្នកក្នុងការគោរពប្រណិប័តន៍ព្រះ។ «មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ»។ (សាស្ដា ៤:៩, ១០; យ៉ាកុប ៥:១៤, ១៦) វិទ្យាស្ថានជាតិមួយនៅសហរដ្ឋអាម៉េរិកបានឲ្យឱវាទដូចគ្នាថា៖ «ជួនកាល ការបន្ថយការផឹកស្រាប្រហែលជាពិបាក។ ចូរសុំជំនួយពីក្រុមគ្រួសារនិងមិត្តភក្ដិដើម្បីជួយលោកអ្នកឲ្យធ្វើតាមការសម្រេចចិត្តរបស់លោកអ្នក» (The National Institute on Alcohol Abuse and Alcoholism)។
៨. កាន់ខ្ជាប់ការសម្រេចចិត្តរបស់លោកអ្នក «ចូរអ្នករាល់គ្នាក្លាយទៅជាអ្នកដែលប្រព្រឹត្តតាមបណ្ដាំរបស់ព្រះ មិនគ្រាន់តែជាអ្នកដែលឮបណ្ដាំរបស់ព្រះ ដោយបញ្ឆោតខ្លួនតាមការវែកញែកខុសនោះទេ។ ប៉ុន្តែអ្នកដែលពិនិត្យមើលច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព ហើយព្យាយាមធ្វើដូច្នេះជានិច្ច អ្នកនោះនឹងមានសុភមង្គលក្នុងការនោះ ពីព្រោះអ្នកនោះបានក្លាយទៅជាអ្នកដែលធ្វើការនោះ មិនមែនជាអ្នកដែលឮរួចភ្លេចទៅវិញទេ»។—យ៉ាកុប ១:២២, ២៥
ការកាត់ផ្ដាច់ពីការញៀនស្រា
មិនមែនមនុស្សទាំងអស់ដែលផឹកស្រាហួសប្រមាណក្លាយទៅជាអ្នកប្រមឹកទេ។ ប៉ុន្តែ អ្នកខ្លះចាប់ផ្ដើមផឹកស្រាច្រើនឬជាញឹកញយដល់ម្ល៉េះបានជាពួកគេក្លាយជាអ្នកញៀនស្រា។ ពួកអ្នកដែលញៀនស្រាត្រូវការស្រាដើម្បីបំពេញសេចក្ដីត្រូវការខាងផ្លូវចិត្តនិងខាងផ្លូវកាយ ហេតុនេះ ការប្ដេជ្ញាចិត្តនិងជំនួយពីគម្ពីរដើម្បីកាត់ផ្ដាច់ការញៀនស្រាប្រហែលជាមិនគ្រប់គ្រាន់ទេ។ សំអឿននឹកចាំថា៖ «ពេលខ្ញុំផ្ដាច់ស្រា ខ្លួនខ្ញុំឈឺចាប់ខ្លាំងណាស់។ ពេលនោះខ្ញុំដឹងថាក្រៅពីជំនួយពីគម្ពីរ ខ្ញុំត្រូវការការព្យាបាល»។
* ពេលមនុស្សផ្ដាច់ស្រា ពួកគេប្រហែលជាមានការធ្វើទុក្ខក្នុងខ្លួនយ៉ាងខ្លាំង ហើយពួកគេត្រូវការព្យាបាលនៅមន្ទីរពេទ្យឬត្រូវការថ្នាំដើម្បីកាត់បន្ថយចំណង់ខ្លាំងចង់ផឹកស្រា និងដើម្បីជួយកុំឲ្យផឹកស្រាតទៅទៀត។ បុត្ររបស់ព្រះដែលធ្វើកិច្ចការអស្ចារ្យបានកត់សម្គាល់ថា៖ «អ្នកដែលមានសុខភាពមាំមួនមិនត្រូវការគ្រូពេទ្យឡើយ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ»។—ម៉ាកុស ២:១៧
អ្នកផឹកស្រាជាច្រើននាក់ត្រូវការការព្យាបាលដើម្បីផ្ដាច់ស្រា ហើយឈប់ពាល់ស្រាទៀត នេះជួយពួកគាត់ឲ្យកាន់ជំហរមាំមួនក្នុងការគោរពប្រណិប័តន៍ព្រះយ៉ាងត្រឹមត្រូវ។ប្រយោជន៍ដែលមកពីការធ្វើតាមការណែនាំរបស់ព្រះ
ដំបូន្មានដ៏ល្អដែលមានក្នុងគម្ពីរស្តីអំពីស្រាគឺមកពីព្រះដ៏ពិត ដែលចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត មិនត្រឹមតែនៅឥឡូវនេះប៉ុណ្ណោះទេ តែសម្រាប់អនាគតយូរអង្វែងដែរ។ ម្ភៃបួនឆ្នាំក្រោយសំអឿនផ្ដាច់ស្រា គាត់នឹកចាំថា៖ «គឺអស្ចារ្យណាស់ដោយដឹងថាខ្ញុំអាចមានជីវិតប្រសើរជាង ហើយដោយដឹងថាព្រះយេហូវ៉ាចង់ជួយខ្ញុំកែតម្រង់អ្វីដែលមិនត្រឹមត្រូវក្នុងជីវិត ថែមទាំងដឹងថា លោក . . . »។ សំអឿនផ្អាកហើយទប់ទឹកភ្នែក ពេលដែលនឹកឃើញរឿងដើមនាំឲ្យគាត់រំជួលចិត្ត ហើយបន្តនិយាយថា៖ «អ្ហា . . . ដោយដឹងថាព្រះយេហូវ៉ាយល់ យកចិត្តទុកដាក់ និងផ្ដល់ជំនួយដែលខ្ញុំត្រូវការ នេះហើយជាអ្វីដ៏អស្ចារ្យមែន»។
ដូច្នេះ បើលោកអ្នកផឹកស្រាច្រើនជ្រុលឬញៀនស្រា កុំប្រញាប់អស់សង្ឃឹមពេក។ សំអឿននិងមនុស្សជាច្រើននាក់ទៀតធ្លាប់មានសភាពដូចលោកអ្នកកំពុងមានដែរ ហើយពួកគាត់បានបន្ថយការផឹកស្រាឬឈប់ផឹកស្រាតែម្ដង។ ពួកគាត់មិនស្ដាយក្រោយទេ ហើយលោកអ្នកក៏នឹងដូចគ្នាដែរ។
ទោះជាលោកអ្នកសម្រេចចិត្តពិសាស្រាដោយចេះប្រមាណឬក៏មិនពិសាស្រាក៏ដោយ សូមធ្វើតាមសំណូមពរដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះ ដែលថា៖ ‹ឱបើអ្នកបានស្ដាប់តាមបញ្ញត្ដិទាំងប៉ុន្មានរបស់ខ្ញុំ នោះសេចក្ដីសុខរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នក នឹងបានដូចជារលកនៃសមុទ្រហើយ›។—អេសាយ ៤៨:១៨
[កំណត់សម្គាល់]
^ វគ្គ 7 សូមមើលប្រអប់ «តើខ្ញុំឲ្យស្រាកាន់កាប់ជីវិតខ្ញុំឬទេ?» នៅទំព័រ៨។
^ វគ្គ 24 មានកន្លែងព្យាបាល មន្ទីរពេទ្យ និងការព្យាបាលជាច្រើនដែលអាចជួយពួកអ្នកដែលសម្រេចចិត្តផ្ដាច់ស្រា។ ទស្សនាវដ្ដីប៉មយាមមិនលើកតម្កើងការព្យាបាលណាមួយឡើយ។ គប្បីឲ្យបុគ្គលម្នាក់ៗគិតពិចារណាយ៉ាងដិតដល់អំពីវិធីព្យាបាល ហើយធ្វើការសម្រេចចិត្តដោយខ្លួនឯងដែលមិនខុសនឹងគោលការណ៍គម្ពីរ។
[ប្រអប់/រូបភាពនៅទំព័រ៨]
តើខ្ញុំឲ្យស្រាកាន់កាប់ជីវិតខ្ញុំឬទេ?
លោកអ្នកអាចសួរខ្លួនថា៖
• តើខ្ញុំផឹកស្រាច្រើនជាងមុនឬ?
• តើខ្ញុំផឹកស្រាញឹកញយជាងមុនឬទេ?
• តើខ្ញុំផឹកស្រាខ្លាំងជាងឬ?
• តើខ្ញុំផឹកស្រាដើម្បីបន្ធូរភាពតានតឹងចិត្តឬបំភ្លេចបញ្ហាឬទេ?
• តើមិត្តភក្ដិឬសមាជិកគ្រួសាររបស់ខ្ញុំបានប្រាប់ថា ពួកគាត់បារម្ភអំពីការផឹកស្រារបស់ខ្ញុំឬ?
• តើការផឹកស្រាបង្កឲ្យខ្ញុំមានបញ្ហានៅផ្ទះ កន្លែងធ្វើការឬពេលឈប់សម្រាកពីការងារឬទេ?
• បើខ្ញុំមិនផឹកស្រាអស់មួយសប្ដាហ៍ តើជាការពិបាកសម្រាប់ខ្ញុំឬ?
• ពេលអ្នកឯទៀតមិនផឹកស្រា តើនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ មិនស្រួលឬ?
• តើខ្ញុំលាក់មិនឲ្យគេដឹងថាខ្ញុំផឹកស្រាច្រើនប៉ុណ្ណាឬទេ?
ប្រសិនបើលោកអ្នកឆ្លើយថាមែន ចំពោះសំណួរមួយឬច្រើនជាង លោកអ្នកប្រហែលជាត្រូវការចាត់វិធានការ ដើម្បីមិនឲ្យស្រាកាន់កាប់ជីវិតលោកអ្នក។
[ប្រអប់/រូបភាពនៅទំព័រ៩]
ការសម្រេចចិត្តត្រឹមត្រូវស្តីអំពីស្រា
មុនពិសាស្រា សូមគិតពិចារណា៖
• តើខ្ញុំគួរផឹកឬមិនគួរផឹកស្រា?
យោបល់: បុគ្គលដែលមិនចេះដាក់កម្រិតលើការផឹកស្រាមិនគួរផឹកឡើយ។
• តើខ្ញុំគួរផឹកស្រាប៉ុន្មាន?
យោបល់: ចូរដាក់កម្រិតក្នុងការផឹកស្រា មុនស្រាធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពគិតពិចារណារបស់លោកអ្នក។
• តើខ្ញុំនឹងផឹកស្រានៅពេលណា?
យោបល់: កុំផឹកស្រាមុនបើកបរ មុនធ្វើកិច្ចការដែលលោកអ្នកត្រូវប្រុងស្មារតី មុនកម្មវិធីសាសនា ពេលមានផ្ទៃពោះ ឬពេលលេបថ្នាំខ្លះៗ។
• តើខ្ញុំនឹងផឹកស្រានៅកន្លែងណា?
យោបល់: នៅកន្លែងថ្លៃថ្នូរនិងល្អ មិនមែនផឹកដោយលួចលាក់ ឬមិននៅមុខពួកអ្នកដែលទើសចិត្តនឹងការផឹកស្រា។
• តើខ្ញុំនឹងផឹកស្រាជាមួយនរណា?
យោបល់: ជាមួយមិត្តនិងសមាជិកគ្រួសារដែលមានឥទ្ធិពលល្អទៅលើលោកអ្នក មិនមែនជាមួយពួកអ្នកដែលមានបញ្ហាក្នុងការផឹកស្រាទេ។
[ប្រអប់/រូបភាពនៅទំព័រ១០]
បណ្ដាំរបស់ព្រះ ជួយបុរសម្នាក់ ដែលធ្លាប់ជាអ្នកប្រមឹក
នៅប្រទេសថៃមានបុរសម្នាក់ឈ្មោះស៊ូផុត ធ្លាប់ជាអ្នកផឹកស្រាច្រើនជ្រុល។ ដំបូងឡើយ គាត់ផឹកស្រាតែនៅពេលល្ងាចប៉ុណ្ណោះ។ បន្ដិចម្ដងៗ គាត់ចាប់ផ្ដើមផឹកស្រាពេលព្រឹក ហើយក្រោយមកក៏ផឹកពេលបាយថ្ងៃត្រង់ដែរ។ គាត់ផឹកស្រាឲ្យតែស្រវឹងជារឿយៗ។ តែបន្ទាប់មក គាត់ចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ ក្រោយពីរៀនដឹងថាព្រះយេហូវ៉ាមិនពេញចិត្តនឹងការប្រមឹកស្រា នោះគាត់ក៏បានផ្ដាច់ស្រា។ ក៏ប៉ុន្តែ អស់មួយរយៈពេល គាត់បែរជាមានទម្លាប់ផឹកស្រាម្ដងទៀត។ ក្រុមគ្រួសាររបស់គាត់ពិបាកចិត្តណាស់។
ទោះជាយ៉ាងណាក៏ដោយ ស៊ូផុតនៅតែស្រឡាញ់ព្រះយេហូវ៉ា ហើយចង់គោរពប្រណិប័តន៍លោកយ៉ាងត្រឹមត្រូវ។ មិត្តភក្ដិរបស់ស៊ូផុតនៅតែជួយគាត់ ហើយលើកទឹកចិត្តក្រុមគ្រួសាររបស់គាត់ឲ្យចំណាយពេលច្រើនជាងជាមួយគាត់ និងឲ្យជួយគាត់តទៅទៀត។ បទគម្ពីរនៅកូរិនថូសទី១ ៦:១០ ដែលបានចែងយ៉ាងចំៗថា ‹អ្នកប្រមឹកស្រានឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ› នោះបានជួយគាត់ឲ្យដឹងថា គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមែន។ គាត់ទទួលស្គាល់ថា គាត់ត្រូវតាំងចិត្តយ៉ាងមោះមុតដើម្បីជម្រុះចោលនូវទម្លាប់ផឹកស្រារបស់គាត់។
លើកនេះ ស៊ូផុតបានតាំងចិត្តផ្ដាច់ស្រាទាល់តែបាន។ នៅទីបំផុត ដោយមានជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ ពីឱវាទក្នុងបណ្ដាំរបស់លោក និងជំនួយពីគ្រួសារព្រមទាំងបងប្អូនក្នុងក្រុមជំនុំ នោះបានផ្ដល់កម្លាំងចិត្តដល់ស៊ូផុត ហើយជួយគាត់ឲ្យបំបាត់ចោលចំណង់ផឹកស្រា។ គ្រួសាររបស់គាត់ត្រេកអរពន់ពេក ពេលគាត់បានទទួលការជ្រមុជទឹកដែលតំណាងការប្រគល់ខ្លួនជូនព្រះ។ ឥឡូវស៊ូផុតរីករាយដោយសារមានចំណងមេត្រីភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាដូចសេចក្ដីប្រាថ្នារបស់គាត់ ហើយគាត់ប្រើពេលវេលារបស់គាត់ដើម្បីជួយអ្នកឯទៀតឲ្យរៀនអំពីព្រះ។