លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើទទួលការជ្រមុជទឹកក្នុងនាមអ្នកណានិងក្នុងនាមអ្វី?

តើទទួលការជ្រមុជទឹកក្នុងនាមអ្នកណានិងក្នុងនាមអ្វី?

តើ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​អ្នក​ណា​និង​ក្នុង​នាម​អ្វី?

«ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក»។—ម៉ាថ. ២៨:១៩

១, ២. (ក) នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣​គ.ស. តើ​មាន​អ្វី​កើត​ឡើង​នៅ​ទី​ក្រុង​យេរូសាឡិម? (ខ) ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?

នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣​គ.ស. ទី​ក្រុង​យេរូសាឡិម​មាន​មនុស្ស​កុះ​ករ​មក​ពី​ប្រទេស​ផ្សេង​ៗ។ បុណ្យ​នោះ​ជា​បុណ្យ​សំខាន់​មួយ​ដែល​កំពុង​ធ្វើ​ឡើង ហើយ​មនុស្ស​ជា​ច្រើន​កំពុង​ចូល​រួម។ ប៉ុន្តែ មាន​អ្វី​ដ៏​ចម្លែក​មួយ​បាន​កើត​ឡើង ហើយ​ក្រោយ​មក​សាវ័ក​ពេត្រុស​បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅ​លើ​បណ្ដា​ជន។ សុន្ទរកថា​នោះ​បាន​ជំរុញ​ទឹក​ចិត្ត​ជនជាតិ​យូដា​និង​អ្នក​ដូរ​សាសនា​ប្រហែល​៣.០០០​នាក់ ហើយ​ពួក​គេ​បាន​កែ​ប្រែ​ចិត្ត ព្រម​ទាំង​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច្នេះ ពួក​គេ​បាន​ត្រូវ​បន្ថែម​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ទើប​នឹង​បាន​បង្កើត​ឡើង។ (សកម្ម. ២:៤១) ការ​ជ្រមុជ​ទឹក​មនុស្ស​ជា​ច្រើន​ក្នុង​អាង​ទឹក​ឬ​បឹង​ក្នុង​ទី​ក្រុង​យេរូសាឡិម​ពិត​ជា​នាំ​ឲ្យ​មាន​ការ​រំជើប​រំជួល​ខ្លាំង​មែន!

តើ​មាន​អ្វី​ខ្លះ​បាន​កើត​ឡើង​មុន​មនុស្ស​ច្រើន​ដូច​នេះ​ទទួល​ការ​ជ្រមុជ​ទឹក? ព្រឹក​ថ្ងៃ​នោះ«មាន​សូរ​សំឡេង​ពី​លើ​មេឃ ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង»។ ក្នុង​ផ្ទះ​មួយ​នៅ​បន្ទប់​ខាង​លើ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រហែល​១២០​នាក់​បាន​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ។ ក្រោយ​មក មាន​បុរស​និង​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​បាន​មូល​គ្នា ហើយ​តាំង​ងឿង​ឆ្ងល់​ដោយ​ឮ​ពួក​អ្នក​កាន់​តាម​ទាំង​នោះ«និយាយ​ជា​ភាសា​ផ្សេង​ៗ»។ ពេល​បាន​ស្ដាប់​អ្វី​ដែល​ពេត្រុស​បាន​ថ្លែង រួម​ទាំង​ពាក្យ​សម្ដី​ចំ​ៗ​របស់​គាត់​ស្តី​អំពី​មរណភាព​របស់​លោក​យេស៊ូ នោះ​មនុស្ស​ជា​ច្រើន«បាន​ស្ដាយ​ជា​ខ្លាំង»។ តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី? ពេត្រុស​បាន​ឆ្លើយ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក ដោយនូវ​នាម​លោក​យេស៊ូ​គ្រិស្ត . . . រួច​អ្នក​រាល់​គ្នា​នឹង​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ជា​អំណោយ​ទាន»។—សកម្ម. ២:១​-​៤, ៣៦​-​៣៨

៣. នៅ​បុណ្យ​ថ្ងៃ​ទី​៥០ តើ​ពួក​អ្នក​ដូរ​សាសនា​និង​ជនជាតិ​យូដា​ដែល​បាន​កែ​ប្រែ​ចិត្ត​ត្រូវ​ធ្វើ​អ្វី?

សូម​គិត​អំពី​ស្ថានភាព​សាសនា​របស់​ជនជាតិ​យូដា​និង​ពួក​អ្នក​ដូរ​សាសនា​ដែល​បាន​ឮ​ពេត្រុស។ ពួក​គេ​បាន​ទទួល​យក​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ​រួច​ទៅ​ហើយ។ មួយ​វិញ​ទៀត ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ ពួក​គេ​ដឹង​អំពី​សកម្មពល​បរិសុទ្ធ​ដែល​ព្រះ​បាន​ប្រើ​ពេល​បង្កើត​អ្វី​ៗ​ទាំង​អស់ ថែម​ទាំង​នៅ​ពេល​ក្រោយ​មក​ដែរ។ (លោ. ១:២; ចៅ. ១៤:៥, ៦; ១សាំ. ១០:៦; ទំនុក. ៣៣:៦) ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​អ្វី​មួយ​ទៀត។ ពួក​គេ​ចាំ​បាច់​យល់​និង​ទទួល​យក​មធ្យោបាយ​ដែល​ព្រះ​ផ្ដល់​សេចក្ដី​សង្គ្រោះ ពោល​គឺ​លោក​យេស៊ូ ជា​មេស្ស៊ី។ ហេតុ​នេះ​បាន​ជា​ពេត្រុស​បញ្ជាក់​ថា ពួក​គេ​ត្រូវ«ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត»។ ប៉ុន្មាន​ថ្ងៃ​មុន លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​បង្គាប់​ពេត្រុស​និង​អ្នក​កាន់​តាម​ឯ​ទៀត​របស់​លោក​ឲ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស«ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក»។ (ម៉ាថ. ២៨:១៩, ២០) សេចក្ដី​បង្គាប់​នោះ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​នៅ​សតវត្សរ៍​ទី​១ ក៏​ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ តើ​សេចក្ដី​បង្គាប់​នោះ​មាន​អត្ថន័យ​អ្វី?

ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌

៤. ស្តី​អំពី​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី?

ដូច​បាន​បញ្ជាក់​ខាង​លើ ពួក​អ្នក​ដែល​បាន​ធ្វើ​តាម​អ្វី​ដែល​ពេត្រុស​បាន​ថ្លែង គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ធ្លាប់​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក។ ពួក​គេ​បាន​ខំ​ប្រឹង​ធ្វើ​តាម​ច្បាប់​របស់​ព្រះ ហើយ​នេះ​ជា​មូលហេតុ​ដែល​ពួក​អ្នក​ពី​ប្រទេស​ផ្សេង​ៗ​មក​ទី​ក្រុង​យេរូសាឡិម។ (សកម្ម. ២:៥​-​១១) ក៏​ប៉ុន្តែ ព្រះ​ទើប​នឹង​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​នូវ​របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​មនុស្សជាតិ។ លោក​លែង​ទទួល​ស្គាល់​ជនជាតិ​យូដា​ជា​ប្រជាជាតិ​ពិសេស​របស់​លោក ហើយ​ការ​កាន់​តាម​ច្បាប់​របស់​ម៉ូសេ​លែង​ជា​វិធី​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ហើយ។ (ម៉ាថ. ២១:៤៣; កូឡ. ២:១៤) ប្រសិន​បើ​ពួក​អ្នក​ស្ដាប់​ទាំង​នោះ​ចង់​បន្ត​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ពួក​គេ​ត្រូវ​ការ​អ្វី​មួយ​ទៀត។

៥, ៦. នៅ​សតវត្សរ៍​ទី​១ តើ​ជនជាតិ​យូដា​និង​ពួក​អ្នក​ដូរ​សាសនា​ច្រើន​នាក់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ?

ពួក​គេ​ពិត​ជា​មិន​គួរ​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ដែល​ផ្ដល់​ជីវិត​ទេ។ (សកម្ម. ៤:២៤) ពួក​អ្នក​ដែល​ធ្វើ​តាម​ការ​ពន្យល់​របស់​ពេត្រុស​អាច​ឃើញ​នៅ​ពេល​នោះ​ជាង​ពេល​ណា​ទាំង​អស់​ថា ព្រះ​យេហូវ៉ា​គឺ​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​សប្បុរស។ លោក​បាន​បញ្ជូន​មេស្ស៊ី​ដើម្បី​សង្គ្រោះ​ពួក​គេ ហើយ​បាន​ស្ម័គ្រ​ចិត្ត​អភ័យ​ទោស​ឲ្យ សូម្បី​តែ​ពួក​អ្នក​ដែល​ពេត្រុស​និយាយ​ទៅ​កាន់​ថា៖ «ត្រូវ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​ឡាយ​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​ដែល​អ្នក​រាល់​គ្នា​បាន​ព្យួរ​នឹង​បង្គោល​ឈើ ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ជា​លោក​ម្ចាស់​និង​ជា​គ្រិស្ត»។ ពិត​មែន​ហើយ នៅ​ពេល​នោះ ពួក​អ្នក​ដែល​ធ្វើ​តាម​ពាក្យ​របស់​ពេត្រុស​មាន​មូលហេតុ​ល្អ​ជាង​ដើម្បី​ដឹង​គុណ​បិតា​នៅ​ស្ថាន​សួគ៌​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​អស់​អ្នក​ដែល​ចង់​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក!—សូម​អាន សកម្មភាព ២:៣០​-​៣៦

ប្រាកដ​ហើយ ជនជាតិ​យូដា​និង​ពួក​អ្នក​ដូរ​សាសនា​ទាំង​នោះ​អាច​យល់​ច្បាស់​ថា ការ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ទទួល​ស្គាល់​លោក​ជា​អ្នក​ផ្ដល់​សេចក្ដី​សង្គ្រោះ​តាម​រយៈ​លោក​យេស៊ូ។ ដូច្នេះ អ្នក​អាច​យល់​ពី​មូលហេតុ​ដែល​ពួក​គេ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង ដែល​ក្នុង​នោះ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​ក្នុង​ការ​សម្លាប់​លោក​យេស៊ូ ទោះ​ជា​ពួក​គេ​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ។ ម្យ៉ាង​ទៀត ក៏​ស្រួល​ឲ្យ​យើង​យល់​ដែរ​ថា​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ពួក​គេ«បន្ត​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក»។ (សកម្ម. ២:៤២) ពួក​គេ​អាច«ចូល​ទៅ​និយាយ​ដោយ​ក្លាហាន​នៅ​មុខ​បល្ល័ង្ក​នៃ​គុណ​ដ៏​វិសេស​លើស​លប់» ហើយ​ក៏​ចង់​ធ្វើ​ដូច្នេះ​ដែរ។—ហេ. ៤:១៦

៧. តើ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច​អំពី​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​នៅ​ស្ថាន​សួគ៌?

សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ស្រទាប់​វណ្ណៈ​បាន​រៀន​ពី​គម្ពីរ​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។ (អេ. ២:២, ៣) អ្នក​ខ្លះ​ធ្លាប់​ជា​អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ​ទេ​ឬ​ក៏​ជា​អ្នក​ដែល​ជឿ​ថា​មាន​ព្រះ តែ​លោក​មិន​ខ្វល់​អំពី​មនុស្សជាតិ​ឡើយ។ ប៉ុន្តែ​ពួក​គេ​បាន​ចាប់​ផ្ដើម​ជឿ​ជាក់​ថា ពិត​ជា​មាន​ព្រះ​ដែល​ពួក​គេ​អាច​មាន​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ។ អ្នក​ឯ​ទៀត​ធ្លាប់​គោរព​បូជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​ឬ​រូប​ព្រះ​ផ្សេង​ៗ។ ពួក​គេ​បាន​រៀន​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ហើយ​ឥឡូវ​នេះ ពួក​គេ​បាន​និយាយ​ទៅ​កាន់​លោក​ដោយ​ប្រើ​នាម​លោក​ផ្ទាល់។ នេះ​គឺ​សម​ស្រប​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​ថា​ពួក​អ្នក​កាន់​តាម​លោក​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​នៅ​ស្ថាន​សួគ៌។

៨. តើ​ពួក​អ្នក​ដែល​មិន​ដឹង​អំពី​ភាព​ខុស​ឆ្គង​ដែល​យើង​ទទួល​ពី​អាដាម ត្រូវ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​បិតា​នៅ​ស្ថាន​សួគ៌?

ពួក​គេ​ក៏​បាន​រៀន​ដែរ​ថា​ពួក​គេ​បាន​ទទួល​ភាព​ខុស​ឆ្គង​ពី​អាដាម។ (រ៉ូម ៥:១២) នេះ​ជា​អ្វី​ថ្មី​មួយ​ដែល​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ថា​ជា​ការ​ពិត។ ពួក​គេ​អាច​ប្រដូច​ទៅ​នឹង​បុរស​ម្នាក់​ដែល​ឈឺ តែ​មិន​ដឹង​ថា​ខ្លួន​គាត់​មាន​ជំងឺ​ទេ។ គាត់​ប្រហែល​ជា​មាន​អាការរោគ ដូច​ជា​មាន​ការ​ឈឺ​ចាប់​ម្ដង​ម្កាល។ ប៉ុន្តែ ដោយ​សារ​គាត់​មិន​បាន​ឲ្យ​គេ​ធ្វើ​ការ​វិនិច្ឆ័យ​រោគ​ថា​គាត់​មាន​ជំងឺ​ណា​មួយ នោះ​គាត់​ប្រហែល​ជា​គិត​ថា​គាត់​មាន​សុខភាព​ល្អ។ ក៏​ប៉ុន្តែ តាម​ពិត​មិន​មែន​ដូច្នេះ​ទេ។ (សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី​១ ៤:៤) ចុះ​យ៉ាង​ណា​វិញ​បើ​គាត់​ឲ្យ​គេ​ធ្វើ​ការ​វិនិច្ឆ័យ​រោគ​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​ជំងឺ​គាត់? ជា​ការ​ល្អ​ឲ្យ​គាត់​ស្វែង​រក ហើយ​ទទួល​ការ​ព្យាបាល​ដែល​គេ​ស្គាល់​ជា​ទូទៅ ដែល​មាន​ប្រសិទ្ធភាព មែន​ទេ? ស្រដៀង​គ្នា​ដែរ ពេល​មនុស្ស​ជា​ច្រើន​បាន​រៀន​សេចក្ដី​ពិត​អំពី​ភាព​ខុស​ឆ្គង នោះ​ពួក​គេ​ទទួល​យក«ការ​វិនិច្ឆ័យ​រោគ»ដែល​មាន​ក្នុង​គម្ពីរ ហើយ​បាន​យល់​ថា​ព្រះ​កំពុង​ផ្ដល់«ការ​ព្យាបាល»។ ប្រាកដ​ហើយ អស់​អ្នក​ដែល​ឃ្លាត​ឆ្ងាយ​ពី​បិតា​នៅ​ស្ថាន​សួគ៌​ត្រូវ​ទៅ​រក​លោក​ដែល​អាច​ផ្ដល់«ការ​ព្យាបាល»ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។—អេភ. ៤:១៧​-​១៩

៩. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​យើង​អាច​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក?

ប្រសិន​បើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក​រួច​ហើយ អ្នក​ដឹង​ថា​ការ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​លោក​ជា​អ្វី​ដ៏​អស្ចារ្យ។ អ្នក​អាច​យល់​ច្បាស់​អំពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌។ (សូម​អាន រ៉ូម ៥:៨) ទោះ​ជា​អាដាម​និង​អេវ៉ា​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​ក៏​ដោយ លោក​បាន​ធ្វើ​ការ​រៀបចំ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​ពួក​គេ ដែល​រួម​ទាំង​យើង​សព្វ​ថ្ងៃ​នេះ អាច​មាន​ចំណង​មេត្រី​ភាព​ដ៏​ល្អ​ជា​មួយ​លោក។ ដោយ​ធ្វើ​ដូច្នេះ ព្រះ​ត្រូវ​ទទួល​ការ​ឈឺ​ចាប់​ដោយ​ឃើញ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​រង​ទុក្ខ​និង​ស្លាប់។ ការ​ដឹង​ព័ត៌មាន​នេះ​ជួយ​យើង​ទទួល​ស្គាល់​អំណាច​គ្រប់​គ្រង​របស់​ព្រះ ហើយ​ស្ដាប់​តាម​បញ្ញត្ដិ​របស់​លោក​ដោយ​សេចក្ដី​ស្រឡាញ់ មែន​ទេ? បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​ទេ អ្នក​មាន​មូលហេតុ​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

ក្នុង​នាម​បុត្រ​របស់​លោក

១០, ១១. (ក) តើ​អ្នក​មាន​ការ​ដឹង​គុណ​ប៉ុណ្ណា​ចំពោះ​លោក​យេស៊ូ? (ខ) ដោយ​សារ​លោក​យេស៊ូ​បាន​ស្លាប់​ជា​ថ្លៃ​លោះ​យើង តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូច​ម្ដេច?

១០ សូម​គិត​ម្ដង​ទៀត​អំពី​អ្វី​ដែល​ពេត្រុស​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន។ គាត់​បាន​ដៅ​បញ្ជាក់​ទៅ​លើ​ការ​ទទួល​យក​លោក​យេស៊ូ ដែល​ជាប់​ទាក់​ទិន​នឹង​ការ​ទទួល​ការ​ជ្រមុជ​ទឹក«ក្នុង​នាម​បុត្រ​របស់​លោក»។ ហេតុ​អ្វី​ចាំ​បាច់​នៅ​សម័យ​នោះ និង​នៅ​សម័យ​នេះ​ឲ្យ​មនុស្ស​ធ្វើ​ដូច្នេះ? ការ​ទទួល​យក​លោក​យេស៊ូ ហើយ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​លោក មាន​ន័យ​ថា​យើង​ទទួល​ស្គាល់​តួ​នាទី​របស់​លោក​ក្នុង​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត។ លោក​យេស៊ូ​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ទារុណកម្ម​ទើប​អាច​រំដោះ​ជនជាតិ​យូដា​ឲ្យ​រួច​ពី​បណ្ដាសា​នៃ​ច្បាប់ តែ​មរណភាព​របស់​លោក​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។ (កាឡ. ៣:១៣) លោក​បាន​ផ្ដល់​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ការ។ (អេភ. ២:១៥, ១៦; កូឡ. ១:២០; ១យ៉ូន. ២:១, ២) ដើម្បី​ផ្ដល់​គ្រឿង​បូជា​នេះ លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​អំពើ​អយុត្ដិធម៌ ការ​ជេរ​ប្រមាថ ទារុណកម្ម ហើយ​នៅ​ទី​បំផុត​ត្រូវ​ស្លាប់។ តើ​អ្នក​ដឹង​គុណ​ច្រើន​ប៉ុណ្ណា​ចំពោះ​គ្រឿង​បូជា​របស់​លោក? សូម​នឹក​គិត​ថា​អ្នក​ជា​ក្មេង​ប្រុស​ម្នាក់​អាយុ​១២​ឆ្នាំ​ដែល​ធ្វើ​ដំណើរ​លើ​នាវា​ថៃថានិក នៅ​ឆ្នាំ​១៩១២​ជា​នាវា​ដែល​ប៉ះ​ទង្គិច​ផ្ទាំង​ទឹក​កក​អណ្ដែត​ក្នុង​សមុទ្រ ហើយ​លិច។ អ្នក​ខំ​ឡើង​លើ​ទូក​សង្គ្រោះ តែ​ទូក​នោះ​មាន​មនុស្ស​ពេញ។ ស្រាប់​តែ​បុរស​ម្នាក់​នៅ​លើ​ទូក​សង្គ្រោះ​នោះ​ថើប​លា​ប្រពន្ធ​គាត់ ហើយ​ឡើង​លើ​នាវា​វិញ​ដែល​កំពុង​លិច រួច​លើក​អ្នក​ដាក់​ក្នុង​ទូក​សង្គ្រោះ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? អ្នក​ពិត​ជា​ដឹង​គុណ​គាត់​មែន! នេះ​ជា​បទ​ពិសោធន៍​ពិត​មួយ​របស់​ក្មេង​ប្រុស​ម្នាក់ ហើយ​អ្នក​ពិត​ជា​អាច​យល់​អារម្មណ៍​របស់​គាត់។ ប៉ុន្តែ លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ច្រើន​ជាង​នេះ​ដើម្បី​អ្នក។ លោក​បាន​ទទួល​មរណភាព​ដើម្បី​អ្នក​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

១១ ពេល​អ្នក​ដឹង​ពី​អ្វី​ដែល​បុត្រ​របស់​ព្រះ​បាន​ធ្វើ​ដើម្បី​អ្នក តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? (សូម​អាន កូរិនថូស​ទី​២ ៥:១៤, ១៥) អ្នក​ទំនង​ជា​មាន​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក។ នេះ​បាន​ជួយ​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ប្រគល់​ជីវិត​អ្នក​ជូន​ព្រះ ហើយ​ឲ្យ​អ្នក‹អាច​រស់​ដើម្បី​លោក​ដែល​បាន​ស្លាប់ . . . មិន​មែន​រស់​ដើម្បី​ខ្លួន​អ្នក​ទៀត​ទេ›។ ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​ព្រះ​មាន​ន័យ​ថា អ្នក​ទទួល​ស្គាល់​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​អ្នក ហើយ​ទទួល​ស្គាល់​អំណាច​របស់​លោក​ជា«មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត»។ (សកម្ម. ៣:១៥; ៥:៣១) ពី​មុន អ្នក​មិន​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ទេ ហើយ​តាម​ពិត​អ្នក​មិន​មាន​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ឡើយ។ ប៉ុន្តែ ដោយ​បង្ហាញ​ជំនឿ​ទៅ​លើ​ឈាម​ដែល​លោក​យេស៊ូ​គ្រិស្ត​បាន​បង្ហូរ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក នោះ​អ្នក​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​បិតា​នៅ​ស្ថាន​សួគ៌។ (អេភ. ២:១២, ១៣) សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «អ្នក​រាល់​គ្នា​ដែល​ធ្លាប់​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះនិង​ជា​សត្រូវ ព្រោះ​មាន​គំនិត​លម្អៀង​ទៅ​រក​អំពើ​ទុច្ចរិត ឥឡូវ​ជា​អ្នក​ដែល[ព្រះ]បាន​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​លោក​ឡើង​វិញ តាម​រយៈ​រូប​កាយ​សាច់​ឈាម​របស់​លោក[យេស៊ូ]ដែល​បាន​ស្លាប់ ដើម្បី​អាច​នាំ​អ្នក​រាល់​គ្នា​មក​ឲ្យ​នៅ​ចំពោះ​មុខ​លោក ដោយ​បរិសុទ្ធ ឥត​សៅហ្មង»។—កូឡ. ១:២១, ២២

១២, ១៣. (ក) តើ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​ព្រះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក ពេល​គេ​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត? (ខ) ជា​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​របស់​លោក​យេស៊ូ តើ​អ្នក​មាន​កាតព្វកិច្ច​អ្វី?

១២ ថ្វី​បើ​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​ព្រះ​ក៏​ដោយ អ្នក​ក៏​ទទួល​ស្គាល់​ថា​អ្នក​មាន​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ខុស​ឆ្គង។ ការ​ដឹង​នោះ​បាន​ជួយ​អ្នក​រាល់​ថ្ងៃ។ ជា​ឧទាហរណ៍ បើ​បុគ្គល​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត តើ​អ្នក​ចាំ​មិន​ភ្លេច​ថា​អ្នក​និង​គាត់​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឬ​ទេ? អ្នក​និង​គាត់​ត្រូវ​ការ​ការ​អភ័យ​ទោស​ពី​ព្រះ ហើយ​គប្បី​ឲ្យ​អ្នក​និង​គាត់​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ (ម៉ាក. ១១:២៥) ដើម្បី​ដៅ​បញ្ជាក់​ចំណុច​នេះ លោក​យេស៊ូ​បាន​លើក​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​ម្ចាស់​នៃ​ខ្ញុំ​បម្រើ​ម្នាក់​ដែល​បាន​លុប​ចោល​បំណុល​មួយ​ម៉ឺន​ថាលិន[ស្មើ​៦០.០០០.០០០​ឌីណារី]។ ក្រោយ​មក ខ្ញុំ​បម្រើ​នោះ​មិន​ព្រម​លុប​ចោល​បំណុល​របស់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ដែល​ជំពាក់​គាត់​១០០​ឌីណារី​ទេ។ បន្ទាប់​មក លោក​យេស៊ូ​បាន​លើក​ចំណុច​ថា ព្រះ​យេហូវ៉ា​នឹង​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​ខ្លួន​ឡើយ។ (ម៉ាថ. ១៨:២៣​-​៣៥) ត្រូវ​ហើយ ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​ព្រះ​មាន​ន័យ​ថា​ការ​ទទួល​ស្គាល់​អំណាច​របស់​លោក​យេស៊ូ ហើយ​ខំ​ប្រឹង​ធ្វើ​តាម​គំរូ​និង​សេចក្ដី​បង្រៀន​របស់​លោក ដែល​រួម​ទាំង​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​ស្ម័គ្រ​ពី​ចិត្ត។—១ពេ. ២:២១; ១យ៉ូន. ២:៦

១៣ ដោយ​សារ​អ្នក​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ អ្នក​មិន​អាច​យក​តម្រាប់​តាម​លោក​យេស៊ូ​យ៉ាង​ពេញ​លេញ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្រប​តាម​ការ​ប្រគល់​ខ្លួន​អ្នក​ជូន​ព្រះ​ដែល​អ្នក​បាន​ធ្វើ​អស់​ពី​ដួង​ចិត្ត នោះ​អ្នក​ចង់​យក​តម្រាប់​តាម​លោក​យេស៊ូ​អស់​ពី​សមត្ថភាព​របស់​អ្នក។ នេះ​រួម​បញ្ចូល​ការ​ខំ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ ហើយ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​ត​ទៅ​ទៀត។ (សូម​អាន អេភេសូរ ៤:២០​-​២៤) ពេល​ណា​អ្នក​គោរព​មិត្ត​ភក្ដិ​ណា​ម្នាក់ អ្នក​ទំនង​ជា​ខំ​រៀន​ពី​គំរូ​និង​លក្ខណៈ​ល្អ​ៗ​របស់​គាត់។ ដូច​គ្នា​ដែរ អ្នក​ចង់​រៀន​ពី​គ្រិស្ត ហើយ​យក​តម្រាប់​តាម​លោក។

១៤. តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា អ្នក​ទទួល​ស្គាល់​អំណាច​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌?

១៤ មាន​វិធី​ផ្សេង​ទៀត​ដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​យល់​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​ព្រះ។ ព្រះ«បាន​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​ក្រោម​បាត​ជើង​របស់​លោក[យេស៊ូ] ហើយ​បាន​តែង​តាំង​លោក​ជា​ប្រមុខ​នៃ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ក្រុម​ជំនុំ»។ (អេភ. ១:២២) ដូច្នេះ អ្នក​ចាំ​បាច់​គោរព​របៀប​ដែល​លោក​យេស៊ូ​ដឹក​នាំ​ពួក​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ គ្រិស្ត​កំពុង​ប្រើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្នុង​ក្រុម​ជំនុំ​ជា​ពិសេស​ពួក​បុរស​ចាស់​ទុំ ពោល​គឺ​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង។ ការ​រៀបចំ​ឲ្យ​មាន​ពួក​បុរស​ទាំង​នេះ​ដែល​បាន​ត្រូវ​តែង​តាំង​គឺ«ដើម្បី​កែ​តម្រង់​ពួក​អ្នក​បរិសុទ្ធ . . . ដើម្បី​ធ្វើ​ឲ្យ​រូប​កាយ​របស់​គ្រិស្ត​បាន​មាំ​មួន​ឡើង»។ (អេភ. ៤:១១, ១២) ទោះ​បី​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ម្នាក់​ធ្វើ​ខុស​ក៏​ដោយ តែ​លោក​យេស៊ូ​ដែល​ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ​នៅ​ស្ថាន​សួគ៌​អាច​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​និង​ពេល​កំណត់​របស់​លោក។ តើ​អ្នក​ជឿ​ដូច្នេះ​ឬ​ទេ?

១៥. បើ​អ្នក​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​រង់​ចាំ​ទទួល​ពរ​អ្វី​ខ្លះ​ក្រោយ​ពី​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក?

១៥ អ្នក​ខ្លះ​មិន​ទាន់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឡើយ​ទេ។ បើ​អ្នក​មិន​ទាន់​ធ្វើ​ទេ តើ​អ្នក​អាច​ឃើញ​នៅ​វគ្គ​ខាង​លើ​ថា​ការ​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ​គឺ​ជា​អ្វី​ដែល​សម​ហេតុ​ផល ហើយ​បង្ហាញ​ពី​ការ​ដឹង​គុណ​របស់​អ្នក​ឬ​ទេ? ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​ព្រះ នោះ​នឹង​នាំ​ឲ្យ​អ្នក​ទទួល​ពរ​យ៉ាង​ច្រើន​អនេក។—សូម​អាន យ៉ូហាន ១០:៩​-​១១

ក្នុង​នាម​សកម្មពល​បរិសុទ្ធ

១៦, ១៧. តើ​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​មាន​ន័យ​អ្វី​ចំពោះ​អ្នក?

១៦ តើ​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​មាន​ន័យ​អ្វី? ដូចបាន​រៀប​រាប់​ខាង​លើ ពួក​អ្នក​ដែល​បាន​ឮ​សម្ដី​របស់​ពេត្រុស​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ បាន​ដឹង​អំពី​សកម្មពល​បរិសុទ្ធ។ តាម​ការ​ពិត ពួក​គេ​បាន​ឃើញ​ភ័ស្តុតាង​ដោយ​ផ្ទាល់​ភ្នែក​ថា ព្រះ​បន្ត​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក។ ពេត្រុស​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល«បាន​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ហើយ[បាន]ចាប់​តាំង​និយាយ​ជា​ភាសា​ផ្សេង​ៗ»។ (សកម្ម. ២:៤,) ពាក្យ​ដែល​ថា«ក្នុង​នាម» មិន​ចាំ​បាច់​សំដៅ​ទៅ​លើ​បុគ្គល​ទេ។ សព្វ​ថ្ងៃ មាន​អ្វី​ជា​ច្រើន​ដែល​ធ្វើ​ឡើង«ក្នុង​នាម​រដ្ឋាភិបាល» ដែល​មិន​មែន​ជា​បុគ្គល​មួយ​រូប​ទេ។ អ្វី​ៗ​ទាំង​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​អំណាច​នៃ​រដ្ឋាភិបាល។ ស្រដៀង​គ្នា​ដែរ មនុស្ស​ម្នាក់​ដែល​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ ទទួល​ស្គាល់​ថា​សកម្មពល​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​ម្នាក់​ទេ តែ​ជា​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​វិញ។ ការ​ជ្រមុជ​ទឹក​នេះ​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​តួ​នាទី​ដ៏​សំខាន់​របស់​សកម្មពល​បរិសុទ្ធ​ក្នុង​គោល​បំណង​របស់​ព្រះ។

១៧ អ្នក​បាន​ដឹង​អំពី​សកម្មពល​បរិសុទ្ធ​តាម​រយ:ការ​សិក្សា​គម្ពីរ មែន​ទេ? ជា​ឧទាហរណ៍ អ្នក​ដឹង​ថា​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​សកម្មពល​បរិសុទ្ធ។ (២ធី. ៣:១៦) កាល​ដែល​អ្នក​ជឿន​ទៅ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ អ្នក​ទំនង​ជា​បាន​យល់​ច្រើន​ជាង​អំពី​ការ​ពិត​ដែល​ថា‹បិតា​នៅ​ស្ថាន​សួគ៌​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក›រួម​ទាំង​អ្នក​ផង​ដែរ។ (លូក. ១១:១៣) អ្នក​ប្រហែល​ជា​បាន​ឃើញ​ថា​សកម្មពល​បរិសុទ្ធ​កំពុង​មាន​ឥទ្ធិពល​ក្នុង​ជីវិត​អ្នក។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ទាន់​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​ទេ លោក​យេស៊ូ​ធានា​ថា បិតា​នឹង​ឲ្យ​សកម្មពល​បរិសុទ្ធ​ដល់​អ្នក នេះ​មាន​ន័យ​ថា អ្នក​នឹង​បាន​ពរ​នៅ​ថ្ងៃ​ខាង​មុខ ពេល​អ្នក​ទទួល​សកម្មពល​នោះ។

១៨. តើ​ពួក​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​ទទួល​ពរ​អ្វី​ខ្លះ?

១៨ សព្វ​ថ្ងៃ​មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ណែនាំ ហើយ​ដឹក​នាំ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​តាម​រយ:សកម្មពល​បរិសុទ្ធ។ សកម្មពល​នោះ​ក៏​ជួយ​យើង​ម្នាក់​ៗ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែរ។ ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​រួម​បញ្ចូល​ការ​ទទួល​ស្គាល់​តួ​នាទី​របស់​សកម្មពល​នោះ​ក្នុង​ជីវិត​របស់​យើង និង​ការ​សហការ​ជា​មួយ​សកម្មពល​នោះ​ដោយ​ចិត្ត​ដឹង​គុណ។ ក៏​ប៉ុន្តែ បង​ប្អូន​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា តើ​យើង​អាច​ធ្វើ​តាម​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​សកម្មពល​បរិសុទ្ធ​ជួយ​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិចារណា​អំពី​រឿង​នេះ​នៅ​អត្ថបទ​បន្ទាប់។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• ស្តី​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ តើ​អ្នក​ត្រូវ​ទទួល​ស្គាល់​អ្វី​ខ្លះ?

• តើ​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បុត្រ​របស់​ព្រះ​មាន​ន័យ​អ្វី?

• តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​និង​បុត្រ​របស់​លោក?

• តើ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​មាន​ន័យ​យ៉ាង​ណា?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​៨]

ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​គ.ស. តើ​ពួក​អ្នក​ដែល​ទើប​នឹង​កាន់​តាម​លោក​យេស៊ូ បាន​ចាប់​ផ្ដើម​មាន​ចំណង​មេត្រី​ភាព​អ្វី​ជា​មួយ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌?

[អ្នក​ផ្ដល់​សិទ្ធិ]

By permission of the Israel Museum, Jerusalem