លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយល់ពីកម្រិតសមត្ថភាពរបស់យើង

ព្រះយល់ពីកម្រិតសមត្ថភាពរបស់យើង

ចូរ​ចូល​ទៅ​ជិត​ព្រះ

ព្រះ​យល់​ពី​កម្រិត​សមត្ថភាព​របស់​យើង

លេវីវិន័យ ៥:២​-​១១

ស្ត្រី​ម្នាក់​បាន​និយាយ​អំពី​ការ​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ដោយ​ថា៖ «ខ្ញុំ​ខំ​ប្រឹង​ខ្លាំង​ណាស់ តែ​មាន​អារម្មណ៍​ថា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ»។ តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ឬ​ទេ? តើ​លោក​គិត​ដល់​សមត្ថភាព​និង​កាលៈទេសៈ​របស់​ពួក​គេ​ឬ? ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ពិចារណា​អំពី​អ្វី​ដែល​ច្បាប់​ម៉ូសេ​ចែង​ស្តី​អំពី​គ្រឿង​បូជា​ផ្សេង​ៗ ដូច​បាន​កត់​ទុក​នៅ​លេវីវិន័យ ៥:២​-​១១

យោង​ទៅ​តាម​ច្បាប់​នោះ ព្រះ​តម្រូវ​ឲ្យ​ជូន​គ្រឿង​បូជា​ផ្សេង​ៗ​ដើម្បី​លោះ​អំពើ​ខុស​ឆ្គង។ ក្នុង​ករណី​ដែល​បាន​រៀប​រាប់​នៅ​លេវីវិន័យ ៥:២​-​១១ មនុស្ស​ម្នាក់​បាន​ធ្វើ​ខុស​ដោយ​អចេតនា​ឬ​ដោយ​មិន​បាន​ដឹង។ (ខ​២​-​៤) ពេល​គាត់​ដឹង​ថា​ខ្លួន​ធ្វើ​ខុស គាត់​ត្រូវ​សារភាព​កំហុស​របស់​គាត់ ហើយ​ជូន​គ្រឿង​បូជា​សម្រាប់​លោះ​អំពើ​ខុស​ឆ្គង ពោល​គឺ«ជា​សត្វ​ញី​១​ពី​ហ្វូង​ចៀម​ឬ​ពពែ»។ (ខ​៥, ៦) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​គាត់​ជា​ជន​ក្រី​ក្រ ហើយ​មិន​មាន​ចៀម​ឬ​ពពែ​ដើម្បី​ជូន​ជា​គ្រឿង​បូជា? តើ​ច្បាប់​តម្រូវ​ឲ្យ​គាត់​ខ្ចី​សត្វ​នេះ​ពី​គេ ហើយ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​គាត់​ជំពាក់​បំណុល​គេ​ឬ? តើ​គាត់​ត្រូវ​ធ្វើ​ការ​រហូត​ដល់​គាត់​មាន​លទ្ធភាព​ទិញ​សត្វ​នោះ ហើយ​យ៉ាង​នេះ​ពន្យារ​ពេល​លោះ​អំពើ​ខុស​ឆ្គង​របស់​គាត់​ឬ​ទេ?

ច្បាប់​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​របស់​ព្រះ​យេហូវ៉ា ដោយ​ចែង​ថា៖ «បើ​សិន​ជា​អ្នក​នោះ​ខ្វះ​ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​មក​ថ្វាយ​ព្រះ​យេហូវ៉ា ទុក​ជា​ដង្វាយ​សំរាប់​ការ​រំលង​របស់​ខ្លួន»។ (ខ​៧) ឃ្លា​ដែល​ថា«បើ​សិន​ជា​អ្នក​នោះ . . . គ្មាន​ល្មម» ក៏​អាច​បក​ប្រែ​ថា«បើ​សិន​ជា​អ្នក​នោះ . . . គ្មាន​លទ្ធភាព»ដែរ។ បើ​ជន​ជាតិ​អ៊ីស្រាអែល​ក្រ​ពេក​មិន​អាច​ទិញ​ចៀម នោះ​ព្រះ​ពេញ​ចិត្ត​ទទួល​យក​អ្វី​ដែល​គាត់​មាន​លទ្ធភាព​ទិញ គឺ​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ។

ចុះ​បើ​គាត់​មិន​មាន​លទ្ធភាព​ទិញ​សូម្បី​តែ​សត្វ​ស្លាប​ពីរ​នោះ? ច្បាប់​ចែង​ថា គាត់«ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ដ​១​ខ្ញឹង[ជិត​មួយ​គីឡូ​ក្រាម]មក​ទុក​ជា​ដង្វាយ​លោះ​បាប»។ (ខ​១១) ចំពោះ​ជន​ក្រ​ខ្សត់​ខ្លាំង ព្រះ​យេហូវ៉ា​សម្រេច​ធ្វើ​ការ​លើក​លែង ហើយ​ព្រម​ទទួល​គ្រឿង​បូជា​ដែល​មិន​មាន​ឈាម​ដើម្បី​លោះ​អំពើ​ខុស​ឆ្គង។ * នៅ​ប្រទេស​អ៊ីស្រាអែល មនុស្ស​ទាំង​អស់​អាច​ទទួល​ប្រយោជន៍​ពី​ការ​លោះ​អំពើ​ខុស​ឆ្គង និង​មាន​ឱកាស​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​ព្រះ សូម្បី​តែ​ពួក​គេ​ក្រី​ក្រ​ក៏​ដោយ។

តាម​រយៈ​ច្បាប់​ស្តី​អំពី​គ្រឿង​បូជា​លោះ​អំពើ​ខុស​ឆ្គង តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា? យើង​រៀន​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សេចក្ដី​មេត្ដា​ករុណា​និង​យោគ​យល់ ដោយ​គិត​ដល់​កម្រិត​សមត្ថភាព​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ (ទំនុក​តម្កើង ១០៣:១៤) លោក​ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក ហើយ​បណ្ដុះ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ដ៏​ល្អ​ជា​មួយ​លោក ទោះ​ជា​យើង​មាន​ការ​ពិបាក ដូច​ជា​មាន​វ័យ​ចាស់ សុខភាព​មិន​ល្អ មាន​កាតព្វកិច្ច​គ្រួសារ​ឬ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ។ យើង​អាច​មាន​អារម្មណ៍​ធូរ​ស្រាល ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​ខំ​ធ្វើ​អស់​ពី​សមត្ថភាព។

[កំណត់​សម្គាល់]

^ វគ្គ 7 តម្លៃ​នៃ​ការ​ជម្រះ​អំពើ​ខុស​ឆ្គង​គឺ​ឈាម​នៃ​សត្វ​ដែល​ផ្ដល់​ជា​គ្រឿង​បូជា ដែល​ព្រះ​ចាត់​ទុក​ឈាម​នោះ​ជា​អ្វី​ពិសិដ្ឋ។ (លេវីវិន័យ ១៧:១១) តើ​នេះ​បាន​សេចក្ដី​ថា ការ​ផ្ដល់​គ្រឿង​បូជា​ជា​ម្សៅ​របស់​ជន​ក្រី​ក្រ​គ្មាន​តម្លៃ​ឬ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​ឲ្យ​តម្លៃ​ចំពោះ​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប ហើយ​ផ្ដល់​គ្រឿង​បូជា​នោះ​ដោយ​ស្ម័គ្រ​ចិត្ត។ បន្ថែម​ទៅ​ទៀត នៅ​ប្រទេស​អ៊ីស្រាអែល រៀង​រាល់​ឆ្នាំ​មាន​ថ្ងៃ​ជម្រះ​អំពើ​ខុស​ឆ្គង ដែល​នៅ​ថ្ងៃ​នោះ​គេ​ផ្ដល់​សត្វ​ជា​គ្រឿង​បូជា​ជូន​ព្រះ។ ឈាម​នៃ​សត្វ​ទាំង​នោះ គឺ​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​ប្រជាជាតិ​ទាំង​មូល រួម​ទាំង​ជន​ក្រី​ក្រ​ផង​ដែរ។—លេវីវិន័យ ១៦:២៩, ៣០