លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តួនាទីនៃសកម្មពលបរិសុទ្ធក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា

តួនាទីនៃសកម្មពលបរិសុទ្ធក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា

តួ​នាទី​នៃ​សកម្មពល​បរិសុទ្ធ​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា

‹ពាក្យ​អញ​ដែល​ចេញ​ពី​មាត់​អញ​ទៅ នឹង​ធ្វើ​ឲ្យ​សំរេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ›។—អេ. ៥៥:១១

១. សូម​ពន្យល់​ភាព​ខុស​គ្នា​រវាង​គម្រោង​និង​គោល​បំណង។

សូម​នឹក​គិត​ថា បុរស​ពីរ​នាក់​កំពុង​រៀបចំ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​មួយ​ដោយ​រថយន្ត។ បុរស​ម្នាក់​បាន​គ្រោង​ទុក​យ៉ាង​ល្អិត​ល្អន់​អំពី​ផ្លូវ​ដែល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ដើម្បី​ទៅ​ដល់​កន្លែង​ដែល​គាត់​ចង់​ទៅ។ រីឯ​បុរស​ម្នាក់​ទៀត​មិន​បាន​គ្រោង​ទុក​យ៉ាង​ល្អិត​ល្អន់​អំពី​ផ្លូវ​ដែល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទេ តែ​គាត់​ដឹង​ច្បាស់​កន្លែង​ដែល​គាត់​ចង់​ទៅ ហើយ​គាត់​ក៏​ស្គាល់​ផ្លូវ​ជា​ច្រើន​ដែល​គាត់​អាច​ធ្វើ​ដំណើរ​ដើម្បី​ទៅ​ដល់​កន្លែង​នោះ​ដែរ។ គាត់​បាន​ត្រៀម​ខ្លួន​ថា​បើ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង គាត់​នឹង​ទៅ​ផ្លូវ​ផ្សេង។ វិធី​ផ្សេង​ពី​គ្នា​ដែល​បុរស​ទាំង​ពីរ​នេះ​បាន​ជ្រើស​រើស​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​ភាព​ខុស​គ្នា​រវាង​គម្រោង​និង​គោល​បំណង។ គម្រោង​អាច​ប្រៀប​ទៅ​នឹង​ការ​រៀបចំ​ដ៏​ជាក់​លាក់​មួយ រីឯ​គោល​បំណង​វិញ​ប្រហែល​ជា​ទាក់​ទង​នឹង​ការ​មាន​គោល​ដៅ​មួយ តែ​មិន​ចាំ​បាច់​មាន​វិធី​ជាក់​លាក់​ដើម្បី​សម្រេច​គោល​ដៅ​នោះ​ទេ។

២, ៣. (ក) តើ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី? ហើយ​តើ​លោក​បាន​ធ្វើ​អ្វី​ពេល​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង? (ខ) ហេតុ​អ្វី​យើង​ត្រូវ​ដឹង​របៀប​ដែល​ព្រះ​សម្រេច​គោល​បំណង​របស់​លោក ហើយ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​គោល​បំណង​នោះ?

ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​លោក ព្រះ​យេហូវ៉ា​មិន​មាន​គម្រោង​ដែល​លោក​កំណត់​ជាក់​លាក់​ជា​មុន​ទេ តែ​លោក​មាន​គោល​បំណង​ដែល​នឹង​សម្រេច​បន្ដិច​ម្ដង​ៗ​វិញ។ (អេភ. ៣:១១) គោល​បំណង​នេះ​រួម​បញ្ចូល​គោល​ដៅ​របស់​លោក​នៅ​ដើម​ដំបូង​សម្រាប់​មនុស្សជាតិ​និង​ផែនដី ពោល​គឺ​ផែនដី​ត្រូវ​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដែល​មនុស្ស​ល្អ​ឥត​ខ្ចោះ​អាច​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ​សាន្ត​និង​សុភមង្គល​ជា​រៀង​រហូត។ (លោ. ១:២៨) ពេល​អាដាម​និង​អេវ៉ា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ព្រះ​យេហូវ៉ា​មិន​នៅ​ស្ងៀម​ទេ តែ​បាន​ចាត់​វិធានការ​ដើម្បី​ប្រាកដ​ថា​គោល​បំណង​របស់​លោក​នឹង​សម្រេច។ (សូម​អាន លោកុប្បត្តិ ៣:១៥) ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ថា ស្ត្រី​ក្នុង​ន័យ​ធៀប​របស់​លោក​នឹង​បង្កើត«ពូជ»ឬ​បុត្រ​មួយ ដែល​នៅ​ទី​បំផុត​នឹង​បំផ្លាញ​ចោល​សាថាន​ដែល​បាន​នាំ​ឲ្យ​អាដាម​និង​អេវ៉ា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​បំបាត់​ចោល​អន្តរាយ​ទាំង​អស់​ដែល​វា​បាន​បង្ក​ឡើង។—ហេ. ២:១៤; ១យ៉ូន. ៣:៨

គ្មាន​អ្វី​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​អាច​រា​រាំង​ព្រះ​យេហូវ៉ា​មិន​ឲ្យ​សម្រេច​អ្វី​ដែល​លោក​បាន​សន្យា​ឡើយ។ (អេ. ៤៦:៩​-​១១) ហេតុ​អ្វី​យើង​អាច​ថា​ដូច្នេះ? ពី​ព្រោះ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ជាប់​ទាក់​ទង​នឹង​រឿង​នេះ។ កម្លាំង​នេះ​ដែល​គ្មាន​នរណា​អាច​ទប់​ទល់​បាន ធានា​ថា​គោល​បំណង​របស់​ព្រះ‹នឹង​សំរេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា›របស់​លោក។ (អេ. ៥៥:១០, ១១) យើង​ត្រូវ​ដឹង​របៀប​ដែល​ព្រះ​សម្រេច​គោល​បំណង​របស់​លោក ហើយ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​គោល​បំណង​នោះ។ សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​នៅ​ថ្ងៃ​អនាគត​ពឹង​ផ្អែក​លើ​ការ​សម្រេច​នៃ​គោល​បំណង​នោះ។ បន្ថែម​ទៅ​ទៀត ដោយ​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ នេះ​ពិត​ជា​ពង្រឹង​ជំនឿ​យើង​មែន។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​តួ​នាទី​នៃ​សកម្មពល​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល នៅ​សព្វ​ថ្ងៃ​នេះ និង​នៅ​អនាគត។

តួ​នាទី​នៃ​សកម្មពល​បរិសុទ្ធ​នៅ​អតីតកាល

៤. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គោល​បំណង​របស់​លោក​បន្ដិច​ម្ដង​ៗ​យ៉ាង​ដូច​ម្ដេច?

នៅ​សម័យ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គោល​បំណង​របស់​លោក​បន្ដិច​ម្ដង​ៗ។ នៅ​ដើម​ដំបូង អត្តសញ្ញាណ​នៃ​ពូជ​ដែល​បាន​ត្រូវ​សន្យា​គឺ​ជា«អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ»។ (១កូ. ២:៧) ព្រះ​យេហូវ៉ា​មិន​បាន​មាន​ប្រសាសន៍​អំពី​ពូជ រហូត​ដល់​ប្រហែល​ពីរ​ពាន់​ឆ្នាំ​ក្រោយ​មក។ (សូម​អាន លោកុប្បត្តិ ១២:៧; ២២:១៥​-​១៨) ព្រះ​យេហូវ៉ា​មាន​សន្យា​មួយ​ជា​មួយ​អាប្រាហាំ​ដែល​នឹង​មាន​ការ​សម្រេច​ធំ​ជាង។ ពាក្យ​របស់​ព្រះ​ទៅ​កាន់​អាប្រាហាំ​ថា«ដោយ​សារ​ពូជ​ឯង» បញ្ជាក់​ច្បាស់​ថា​ពូជ​នោះ​នឹង​កើត​មក​ជា​មនុស្ស ជា​កូន​ចៅ​របស់​អាប្រាហាំ។ (លោ. ១២:៧; ២២:១៥​-​១៨) យើង​អាច​ប្រាកដ​ថា​សាថាន​សង្កេត​មើល​ដោយ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង កាល​ដែល​អត្តសញ្ញាណ​នៃ​ពូជ​បាន​ត្រូវ​បើក​បង្ហាញ។ សត្រូវ​នោះ​ពិត​ជា​ចង់​បំផ្លាញ​ចោល​វង្ស​ត្រកូល​របស់​អាប្រាហាំ ឬ​រា​រាំង​មិន​ឲ្យ​ពូជ​នោះ​កើត​ក្នុង​វង្ស​ត្រកូល​នោះ ហើយ​យ៉ាង​នេះ​នឹង​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​មិន​បាន​សម្រេច។ ប៉ុន្តែ អ្វី​នេះ​មិន​អាច​កើត​ឡើង​បាន​ទេ ពី​ព្រោះ​សកម្មពល​របស់​ព្រះ​ដែល​មនុស្ស​មើល​មិន​ឃើញ​កំពុង​មាន​សកម្មភាព។ តើ​កំពុង​មាន​សកម្មភាព​តាម​របៀប​ណា​ខ្លះ?

៥, ៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​របស់​លោក​ដើម្បី​ការ​ពារ​បុគ្គល​ផ្សេង​ៗ​ដែល​ជា​វង្ស​ត្រកូល​ដែល​ពូជ​នោះ​ត្រូវ​កើត​មក?

ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​របស់​លោក​ដើម្បី​ការ​ពារ​បុគ្គល​ផ្សេង​ៗ​ដែល​ជា​វង្ស​ត្រកូល​ដែល​ពូជ​នោះ​ត្រូវ​កើត​មក។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប់រ៉ាម(អាប្រាហាំ)ថា៖ «អញ​ជា​ខែល . . . របស់​ឯង»។ (លោ. ១៥:១) ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ពាក្យ​ដែល​គ្មាន​ន័យ​ទេ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ប្រហែល​នៅ​ឆ្នាំ​១៩១៩​មុន​គ.ស. កាល​ដែល​អាប្រាហាំ​និង​សារ៉ា​តាំង​ទី​លំនៅ​នៅ​កេរ៉ា។ ដោយ​មិន​ដឹង​ថា​សារ៉ា​ជា​ប្រពន្ធ​របស់​អាប្រាហាំ នោះ​អាប៊ីម៉ាឡិច​ជា​ស្តេច​កេរ៉ា​បាន​យក​សារ៉ា​មក​ក្នុង​បំណង​យក​ធ្វើ​ជា​ភរិយា​របស់​គាត់។ តើ​ក្នុង​រឿង​នេះ សាថាន​កំពុង​ប្រើ​កលល្បិច​ដោយ​ខំ​រា​រាំង​មិន​ឲ្យ​សារ៉ា​មាន​កូន​ដែល​ជា​ពូជ​របស់​អាប្រាហាំ​ឬ? គម្ពីរ​មិន​បាន​ប្រាប់​ថា​សាថាន​បាន​ធ្វើ​ដូច្នេះ​ឡើយ តែ​បាន​ប្រាប់​យើង​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​នេះ។ លោក​បាន​ព្រមាន​អាប៊ីម៉ាឡិច​ក្នុង​សុបិន​មិន​ឲ្យ​ប៉ះ​ពាល់​សារ៉ា​ទេ។—លោ. ២០:១​-​១៨

ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ពួក​គាត់​មិន​មែន​តែ​មួយ​ដង​ទេ។ លោក​បាន​សង្គ្រោះ​អាប្រាហាំ​និង​ក្រុម​គ្រួសារ​របស់​គាត់​ជា​ច្រើន​លើក​មក​ហើយ។ (លោ. ១២:១៤​-​២០; ១៤:១៣​-​២០; ២៦:២៦​-​២៩) ដូច្នេះ អ្នក​តែង​ទំនុក​តម្កើង​អាច​ពោល​អំពី​អាប្រាហាំ​និង​កូន​ចៅ​របស់​គាត់​ថា៖ «ទ្រង់[ព្រះ​យេហូវ៉ា]មិន​បើក​ឲ្យ​អ្នក​ណា​សង្កត់​សង្កិន​គេ​ឡើង អើ ទ្រង់​បាន​ផ្ចាល​ទាំង​ពួក​ស្តេច​ដោយ​យល់​ដល់​គេ ដោយ​ថា កុំ​ឲ្យ​ប៉ះ​ពាល់​នឹង​អ្នក​ដែល​អញ​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​កុំ​ឲ្យ​ប្រទូសរ៉ាយ​ដល់​ពួក​ហោរា​របស់​អញ​ឡើយ»។—ទំនុក. ១០៥:១៤, ១៥

៧. តើ​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ប្រជាជាតិ​អ៊ីស្រាអែល​តាម​របៀប​ណា​ខ្លះ?

តាម​រយៈ​សកម្មពល​របស់​លោក ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ប្រជាជាតិ​អ៊ីស្រាអែល​ពី​បុរាណ ជា​ប្រជាជាតិ​ដែល​ពូជ​ដែល​លោក​សន្យា​ថា​នឹង​កើត​មក។ តាម​រយៈ​សកម្មពល​របស់​លោក ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជួយ​ពួក​គេ​ឲ្យ​រក្សា​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​ការ​ពារ​ជនជាតិ​យូដា​ពី​ភាព​មិន​ស្អាត​ស្អំ​ខាង​សីលធម៌ ខាង​រូប​កាយ និង​ខាង​ចំណង​មេត្រី​ភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (និក្ខ. ៣១:១៨; ២កូ. ៣:៣) នៅ​សម័យ​ពួក​ចៅ​ក្រម សកម្មពល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ឲ្យ​បុរស​ខ្លះ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​សត្រូវ​របស់​ពួក​គេ។ (ចៅ. ៣:៩, ១០) ក្នុង​អំឡុង​ជា​ច្រើន​សតវត្សរ៍​រហូត​ដល់​កំណើត​លោក​យេស៊ូ ដែល​ជា​បុគ្គល​សំខាន់​ជាង​គេ​នៃ​ពូជ​អាប្រាហាំ សកម្មពល​បរិសុទ្ធ​ពិត​ជា​បាន​ចូល​រួម​ការ​ពារ​ក្រុង​យេរូសាឡិម បេថ្លេហិម និង​វិហារ។ អ្វី​ៗ​ទាំង​នោះ​មាន​តួ​នាទី​ក្នុង​ការ​សម្រេច​ទំនាយ​អំពី​លោក​យេស៊ូ។

៨. តើ​អ្វី​បង្ហាញ​ថា​សកម្មពល​បរិសុទ្ធ​បាន​ជួយ​បុត្រ​របស់​ព្រះ​ក្នុង​ជីវិត​លោក និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

សកម្មពល​បរិសុទ្ធ​បាន​ជួយ​លោក​យេស៊ូ​ក្នុង​ជីវិត​លោក និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ក្នុង​ផ្ទៃ​នាង​ម៉ារៀ​ជា​ក្រមុំ​បរិសុទ្ធ សកម្មពល​បរិសុទ្ធ​បាន​សម្រេច​អ្វី​មួយ​ដែល​មិន​ដែល​ធ្លាប់​ធ្វើ​ពី​មុន ឬ​តាំង​ពី​ពេល​នោះ​មក​ក៏​មិន​ដែល​មាន​ទៀត​ដែរ។ សកម្មពល​បរិសុទ្ធ​បាន​ជួយ​ស្ត្រី​មិន​ល្អ​ឥត​ខ្ចោះ​ម្នាក់​ឲ្យ​បង្កើត​កូន​ប្រុស​មួយ​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ឡើយ។ (លូក. ១:២៦​-​៣១, ៣៤, ៣៥) ក្រោយ​មក សកម្មពល​បរិសុទ្ធ​បាន​ការ​ពារ​កុមារ​យេស៊ូ​ពី​ការ​ស្លាប់​មុន​អាយុ។ (ម៉ាថ. ២:៧, ៨, ១២, ១៣) ពេល​ដែល​លោក​យេស៊ូ​មាន​អាយុ​៣០​ឆ្នាំ ព្រះ​បាន​រើស​តាំង​លោក​ដោយ​សកម្មពល​បរិសុទ្ធ។ តាម​រយៈ​សកម្មពល​បរិសុទ្ធ លោក​បាន​ទទួល​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ ហើយ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដែល​ទទួល​បល្ល័ង្ក​របស់​ដាវីឌ​ជា​មត៌ក។ (លូក. ១:៣២, ៣៣; ៤:១៦​-​២១) ដោយ​សារ​សកម្មពល​បរិសុទ្ធ លោក​យេស៊ូ​បាន​ទទួល​ឫទ្ធានុភាព​ឲ្យ​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ​ដែល​រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​បាន​ជា​សះ​ស្បើយ ផ្ដល់​អាហារ​ឲ្យ​ក្រុម​មនុស្ស​ជា​ច្រើន និង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ កិច្ចការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ជា​មុន​នូវ​ពរ​ដែល​យើង​អាច​ទទួល​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ។

៩, ១០. (ក) នៅ​សតវត្សរ៍​ទី​១ តើ​សកម្មពល​បរិសុទ្ធ​ច្បាស់​ជា​បាន​សណ្ឋិត​លើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (ខ) នៅ​សតវត្សរ៍​ទី​១ គ.ស. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ប្រើ​របៀប​ថ្មី​មួយ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក?

ចាប់​តាំង​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​របស់​លោក​ដើម្បី​រើស​តាំង​ផ្នែក​ទី​២​នៃ​ពូជ​របស់​អាប្រាហាំ ដែល​ពួក​គេ​ជា​ច្រើន​នាក់​មិន​មែន​ជា​កូន​ចៅ​របស់​អាប្រាហាំ​ទេ។ (រ៉ូម ៨:១៥​-​១៧; កាឡ. ៣:២៩) សកម្មពល​បរិសុទ្ធ​ច្បាស់​ជា​បាន​សណ្ឋិត​លើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១ ដោយ​បាន​ជួយ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ហើយ​បាន​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​ពួក​គេ​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ។ (សកម្ម. ១:៨; ២:១​-​៤; ១កូ. ១២:៧​-​១១) ដោយ​សារ​ពួក​គេ​បាន​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ការ​អស្ចារ្យ នេះ​បង្ហាញ​ឲ្យ​ឃើញ​របៀប​ថ្មី​មួយ​ដែល​ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​របស់​លោក។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​មនុស្ស​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដដែល ដែល​លោក​បាន​រៀបចំ​ឡើង​ច្រើន​សតវត្សរ៍​មក​ហើយ​នោះ​ទៀត​ទេ ហើយ​ដែល​ជា​ការ​គោរព​ប្រណិប័តន៍​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​វិហារ​នៅ​ក្រុង​យេរូសាឡិម។ លោក​លែង​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​បែប​នោះ តែ​ពេញ​ចិត្ត​នឹង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ទើប​តែ​បាន​បង្កើត​វិញ។ តាំង​ពី​ពេល​នោះ​មក ព្រះ​យេហូវ៉ា​បាន​ប្រើ​ក្រុម​ជំនុំ​នោះ​ដែល​លោក​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ដើម្បី​បំពេញ​គោល​បំណង​របស់​លោក។

១០ ដូច្នេះ នៅ​សម័យ​គម្ពីរ វិធី​ខ្លះ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ធានា​ថា​គោល​បំណង​របស់​លោក​នឹង​សម្រេច​បាន គឺ​ដោយ​ការ​ពារ ផ្ដល់​ឫទ្ធានុភាព និង​ដោយ​រើស​តាំង។ ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ? តើ​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​សកម្មពល​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច​ដើម្បី​គាំទ្រ​គោល​បំណង​របស់​លោក? យើង​ត្រូវ​ដឹង​របៀប​ដែល​ព្រះ​កំពុង​ប្រើ​សកម្មពល​បរិសុទ្ធ ពី​ព្រោះ​យើង​ចង់ប្រព្រឹត្ត​សម​ស្រប​តាម​សកម្មពល​នោះ។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​វិធី​បួន​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​សកម្មពល​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។

តួ​នាទី​នៃ​សកម្មពល​បរិសុទ្ធ​នៅ​សព្វ​ថ្ងៃ​នេះ

១១. តើ​អ្វី​បង្ហាញ​ថា​សកម្មពល​បរិសុទ្ធ​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​មាន​ភាព​ស្អាត​ស្អំ? ហើយ​តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ឲ្យ​សកម្មពល​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

១១ ទី​១ សកម្មពល​បរិសុទ្ធ​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​មាន​ភាព​ស្អាត​ស្អំ។ ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ស្រប​តាម​គោល​បំណង​របស់​លោក​ត្រូវ​ស្អាត​ស្អំ​ខាង​សីលធម៌។ (សូម​អាន កូរិនថូស​ទី​១ ៦:៩​-​១១) អ្នក​ខ្លះ​ដែល​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត​ធ្លាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដូច​ជា អំពើ​ផិត​ក្បត់ ការ​រួម​ដំណេក​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា ឬ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង​អាច​ចាក់​ឫស​យ៉ាង​ជ្រៅ។ (យ៉ា. ១:១៤, ១៥) ក៏​ប៉ុន្តែ បុគ្គល​បែប​នោះ​បាន​ត្រូវ«លាង​សម្អាត» ហើយ​នេះ​បង្ហើប​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់​ក្នុង​ជីវិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ តើ​អ្វី​អាច​ជួយ​អ្នក​ដែល​ស្រឡាញ់​ព្រះ​ឲ្យ​ទប់​ទល់​នឹង​ការ​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ដោយ​ជោគ​ជ័យ? បទ​គម្ពីរ​នៅ​កូរិនថូស​ទី​១ ៦:១១​ចែង​ថា៖ «សកម្មពល​នៃ​ព្រះ​របស់​យើង»។ ដោយ​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ អ្នក​បង្ហាញ​ថា​អ្នក​ឲ្យ​សកម្មពល​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជីវិត​របស់​អ្នក។

១២. (ក) យោង​ទៅ​តាម​ការ​ឃើញ​ក្នុង​គំនិត​របស់​អេសេគាល តើ​ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​របស់​លោក​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​អ្នក​កំពុង​ប្រព្រឹត្ត​សម​ស្រប​តាម​សកម្មពល​របស់​លោក?

១២ ទី​២ ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​ដើម្បី​ដឹក​នាំ​អង្គការ​របស់​លោក​ទៅ​តាម​បំណង​របស់​លោក។ តាម​រយៈ​ការ​ឃើញ​ក្នុង​គំនិត​របស់​អេសេគាល អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​ពណ៌នា​ជា​រទេះ​មួយ​ដែល​កំពុង​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​អ្វី​អាច​រា​រាំង​បាន។ តើ​អ្វី​ធ្វើ​ឲ្យ​រទេះ​នេះ​ទៅ​ទិស​ណា​មួយ? គឺ​សកម្មពល​បរិសុទ្ធ។ (អេស. ១:២០, ២១) សូម​ឲ្យ​យើង​ចាំ​ថា អង្គការ​របស់​ព្រះ​មាន​ពីរ​ផ្នែក មួយ​នៅ​ស្ថាន​សួគ៌ ហើយ​មួយ​ទៀត​នៅ​ផែនដី។ បើ​អង្គការ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​បរិសុទ្ធ នោះ​អង្គការ​របស់​ព្រះ​នៅ​ផែនដី​ក៏​ដូច​គ្នា​ដែរ។ ដោយ​ស្ដាប់​បង្គាប់ ហើយ​ស្មោះ​ត្រង់​ចំពោះ​ការ​ណែនាំ​ដែល​អ្នក​ទទួល​ពី​អង្គការ​របស់​ព្រះ​នៅ​ផែនដី នោះ​អ្នក​បង្ហាញ​ថា​អ្នក​កំពុង​ជឿន​ទៅ​មុខ​ទាន់​រទេះ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​បង្ហាញ​ថា​អ្នក​កំពុង​ប្រព្រឹត្ត​សម​ស្រប​តាម​សកម្មពល​របស់​លោក​ដែរ។—ហេ. ១៣:១៧

១៣, ១៤. (ក) តើ​នរណា​ស្ថិត​ក្នុង​ចំណោម«ជំនាន់​នេះ» ដែល​លោក​យេស៊ូ​បាន​រៀប​រាប់? (ខ) សូម​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (សូម​មើល​ប្រអប់«តើ​អ្នក​ជឿន​ទៅ​មុខ​ទាន់​ការ​យល់​ដឹង​របស់​យើង​ដែល​កាន់​តែ​ច្បាស់​ឡើង​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ឬ​ទេ?»នៅ​ទំព័រ​២២)

១៣ ទី​៣ ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (សុភ. ៤:១៨) ក្រុម​នៃ«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»បាន​ប្រើ​ទស្សនាវដ្ដី​នេះ​យូរ​យារ​មក​ហើយ​ជា​ឧបករណ៍​ចម្បង​ដើម្បី​បើក​បង្ហាញ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​បន្ដិច​ម្ដង​ៗ។ (ម៉ាថ. ២៤:៤៥) ជា​ឧទាហរណ៍ សូម​ពិចារណា​ការ​យល់​ដឹង​របស់​យើង​អំពី​ពួក​អ្នក​ដែល​ស្ថិត​ក្នុង​ចំណោម«ជំនាន់​នេះ» ដែល​លោក​យេស៊ូ​បាន​រៀប​រាប់។ (សូម​អាន ម៉ាថាយ ២៤:៣២​-​៣៤) តើ​លោក​យេស៊ូ​សំដៅ​ទៅ​ជំនាន់​ណា? អត្ថបទ​ដែល​មាន​ចំណង​ជើង«សារៈ​សំខាន់​នៃ​វត្តមាន​របស់​ព្រះ​គ្រិស្ត» បាន​ពន្យល់​ថា​លោក​យេស៊ូ​សំដៅ​ទៅ​ពួក​អ្នក​កាន់​តាម​លោក ដែល​មិន​យូរ​ទៀត​នឹង​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ មិន​មែន​សំដៅ​ទៅ​មនុស្ស​ទុច្ចរិត​ឡើយ។ * ពួក​អ្នក​កាន់​តាម​ដែល​បាន​ត្រូវ​រើស​តាំង​របស់​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១ និង​នៅ​សព្វ​ថ្ងៃ​នេះ នឹង​ជា​បុគ្គល​ដែល​នឹង​ឃើញ​មិន​ត្រឹម​តែ​សញ្ញា​សម្គាល់​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​នឹង​យល់​អត្ថន័យ​នៃ​សញ្ញា​សម្គាល់​នោះ​ផង​ដែរ ដែល​ថា​លោក​យេស៊ូ«នៅ​ជិត​មាត់​ទ្វារ​ហើយ»។

១៤ តើ​ការ​ពន្យល់​នេះ​មាន​ន័យ​អ្វី​សម្រាប់​យើង? ទោះ​ជា​យើង​មិន​អាច​កំណត់​ថា«ជំនាន់​នេះ»មាន​រយៈ​ពេល​ប៉ុន្មាន​ក៏​ដោយ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ចំណុច​ខ្លះ​ៗ​អំពី​ពាក្យ«ជំនាន់»។ ធម្មតា​ពាក្យ​នេះ​សំដៅ​ទៅ​មនុស្ស​ដែល​មាន​វ័យ​ខុស​គ្នា​ដែល​រស់​នៅ​គ្រា​ណា​មួយ ដូច​ជា​ឪពុក​និង​កូន ឬ​តា​និង​ចៅ។ គ្រា​នោះ​មិន​វែង​ពេក​ទេ ហើយ​មាន​ទី​បញ្ចប់។ (និក្ខ. ១:៦) បើ​ដូច្នេះ តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​អ្វី​ពេល​លោក​មាន​ប្រសាសន៍​អំពី«ជំនាន់​នេះ»? លោក​ចង់​មាន​ន័យថា ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​បាន​ឃើញ​សញ្ញា​សម្គាល់​ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ នោះ​អ្នក​ខ្លះ​នឹង​នៅ​រស់ ពេល​ដែល​ពួក​អ្នក​រើស​តាំង​ឯ​ទៀត​ដែល​នឹង​ឃើញ​ការ​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង នឹង​កើត​មក។ ជំនាន់​នោះ​មាន​ទី​ចាប់​ផ្ដើម ហើយ​នឹង​ពិត​ជា​មាន​ទី​បញ្ចប់​ដែរ។ ការ​សម្រេច​នៃ​លក្ខណៈ​ផ្សេង​ៗ​នៃ​សញ្ញា​សម្គាល់​បង្ហាញ​ច្បាស់​ថា គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​ជិត​ដល់​ហើយ។ ដោយ​ជឿ​ជាក់​ថា​គ្រា​នោះ​ជិត​មក​ដល់ ហើយ​ខំ​ចាំ​យាម​ជា​និច្ច នោះ​អ្នក​បង្ហាញ​ថា​អ្នក​ជឿន​ទៅ​មុខ​ទាន់​ការ​យល់​ដឹង​របស់​យើង​ដែល​កាន់​តែ​ច្បាស់​ឡើង​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ ថែម​ទាំង​បង្ហាញ​ថា​អ្នក​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​អ្នក។—ម៉ាក. ១៣:៣៧

១៥. តើ​អ្វី​បង្ហាញ​ថា​យើង​ទទួល​ឫទ្ធានុភាព​ពី​សកម្មពល​បរិសុទ្ធ​ដើម្បី​ប្រកាស​ដំណឹង​ល្អ?

១៥ ទី​៤ តាម​រយៈ​សកម្មពល​បរិសុទ្ធ យើង​ទទួល​ឫទ្ធានុភាព​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ (សកម្ម. ១:៨) គ្មាន​អ្វី​ទៀត​ដែល​អាច​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក​ទេ មែន​ទេ? សូម​គិត​អំពី​ចំណុច​នេះ។ ដោយ​សារ​មាន​ការ​អៀន​ខ្មាស​ឬ​ការ​ភ័យ​ខ្លាច​ខ្លាំង អ្នក​ប្រហែល​ជា​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ធ្លាប់​គិត​ថា‹ខ្ញុំ​មិន​អាច​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទេ!›។ ក៏​ប៉ុន្តែ ឥឡូវ​អ្នក​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​នោះ។ សាក្សី​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​បាន​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​ឬ​ការ​បៀត​បៀន​ក៏​ដោយ។ មាន​តែ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​យើង​យក​ឈ្នះ​ឧបសគ្គ​ដែល​មើល​ទៅ​មិន​អាច​ឈ្នះ​បាន ហើយ​ជួយ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​បើ​ពឹង​លើ​កម្លាំង​របស់​យើង។ (មីកា ៣:៨; ម៉ាថ. ១៧:២០) បើ​អ្នក​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ផ្សព្វ​ផ្សាយ នោះ​អ្នក​បង្ហាញ​ថា​អ្នក​ឲ្យ​សកម្មពល​បរិសុទ្ធ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​អ្នក។

តួ​នាទី​នៃ​សកម្មពល​បរិសុទ្ធ​នៅ​អនាគត

១៦. ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​រាស្ត្រ​របស់​លោក​ក្នុង​អំឡុង​គ្រា​វេទនា​ដ៏​ខ្លាំង?

១៦ នៅ​ថ្ងៃ​អនាគត ព្រះ​យេហូវ៉ា​នឹង​ប្រើ​សកម្មពល​បរិសុទ្ធ​តាម​របៀប​ដ៏​អស្ចារ្យ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ មុន​ដំបូង​សូម​ពិចារណា​អំពី​ការ​ការ​ពារ។ ដូច​យើង​បាន​ឃើញ​រួច​ហើយ នៅ​អតីតកាល ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​ដើម្បី​ការ​ពារ​បុគ្គល​ផ្សេង​ៗ ព្រម​ទាំង​ការ​ពារ​ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដែរ។ ហេតុ​នេះ ក្នុង​អំឡុង​គ្រា​វេទនា​ដ៏​ខ្លាំង​ដែល​ជិត​មក​ដល់ យើង​អាច​ជឿ​ជាក់​ថា​លោក​នឹង​ប្រើ​សកម្មពល​ដ៏​ខ្លាំង​ក្លា​នោះ​ដើម្បី​ការ​ពារ​រាស្ត្រ​របស់​លោក។ យើង​មិន​ត្រូវ​ប៉ាន់​ស្មាន​អំពី​របៀប​ជាក់​លាក់​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង​នៅ​គ្រា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​មើល​ឃើញ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក ហើយ​សកម្មពល​បរិសុទ្ធនឹង​ជួយ​យើង​ទោះ​ជា​យើង​នៅ​ទី​ណា​ឬ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។—២រប. ១៦:៩; ទំនុក. ១៣៩:៧​-​១២

១៧. នៅ​ពិភព​លោក​ថ្មី តើ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​យ៉ាង​ណា?

១៧ នៅ​ពិភព​លោក​ថ្មី​ដែល​ជិត​មក​ដល់ តើ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​យ៉ាង​ណា? លោក​នឹង​ប្រើ​សកម្មពល​នោះ​ដើម្បី​បង្កើត​រមូរ​ថ្មី​ផ្សេង​ៗ​ដែល​ត្រូវ​បើក​ឡើង​នៅ​ពេល​នោះ។ (បប. ២០:១២) តើ​នឹង​មាន​អ្វី​ខ្លះ​ក្នុង​រមូរ​ថ្មី​ទាំង​នោះ? តាម​មើល​ទៅ រមូរ​ថ្មី​ទាំង​នោះ​មាន​តម្រូវ​ការ​ល្អិត​ល្អន់​របស់​ព្រះ​យេហូវ៉ា​សម្រាប់​យើង​ក្នុង​អំឡុង​គ្រា​មួយ​ពាន់​ឆ្នាំ។ តើ​អ្នក​ទន្ទឹង​រង់​ចាំ​ពិនិត្យ​មើល​ព័ត៌មាន​ក្នុង​រមូរ​ទាំង​នោះ​ឬ​ទេ? យើង​រង់​ចាំ​ពិភព​លោក​ថ្មី​នោះ​ដោយ​ចិត្ត​រំភើប។ យើង​មិន​អាច​នឹក​ក្នុង​ចិត្ត​ថា​ការ​រស់​នៅ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​គ្រា​ដ៏​អស្ចារ្យ​នោះ ពេល​ព្រះ​យេហូវ៉ា​នឹង​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​ផែនដី​និង​មនុស្សជាតិ។

១៨. តើ​អ្នក​តាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ធ្វើ​អ្វី?

១៨ សូម​ឲ្យ​យើង​ចាំ​មិន​ភ្លេច​ថា ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ដែល​នឹង​សម្រេច​បន្ដិច​ម្ដង​ៗ តែ​នៅ​ទី​បំផុត​គោល​បំណង​នោះ​នឹង​ពិត​ជា​បាន​ជោគ​ជ័យ ពី​ព្រោះ​លោក​ប្រើ​សកម្មពល​បរិសុទ្ធ ដែល​ជា​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក ដើម្បី​បំពេញ​គោល​បំណង​នោះ។ គោល​បំណង​នោះ​ជាប់​ទាក់​ទង​នឹង​រូប​អ្នក។ ដូច្នេះ សូម​ឲ្យ​អ្នក​តាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​អង្វរ​ព្រះ​យេហូវ៉ា​សុំ​សកម្មពល​របស់​លោក ហើយ​ប្រព្រឹត្ត​ស្រប​តាម​ការ​ដឹក​នាំ​របស់​សកម្មពល​នោះ។ (លូក. ១១:១៣) ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​មនុស្ស​រស់​នៅ ពោល​គឺ​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។

[កំណត់​សម្គាល់]

^ វគ្គ 13 សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០០៨ ទំព័រ​២៦​-​៣០

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ធានា​ថា​គោល​បំណង​របស់​លោក​នឹង​សម្រេច​បាន?

• សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​សកម្មពល​របស់​លោក​យ៉ាង​ដូច​ម្ដេច?

• នៅ​អនាគត តើ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​សកម្មពល​របស់​លោក​យ៉ាង​ដូច​ម្ដេច​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ប្រអប់​នៅ​ទំព័រ​២២]

តើ​អ្នក​ជឿន​ទៅ​មុខ​ទាន់​ការ​យល់​ដឹង របស់​យើង​ដែល​កាន់​តែ​ច្បាស់​ឡើង អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ឬ​ទេ?

ព្រះ​យេហូវ៉ា​បន្ត​បំភ្លឺ​សេចក្ដី​ពិត​ក្នុង​គម្ពីរ ឲ្យ​រាស្ត្រ​របស់​លោក។ តើ​មាន​សេចក្ដី​បង្រៀន ណា​ខ្លះ​ដែល​ទស្សនាវដ្ដី​ប៉ម​យាម បាន​ពន្យល់​កាន់​តែ​ច្បាស់?

▪ តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ដំបែ បង្ហាញ​មេ​រៀន​ល្អ​អ្វី​ស្តី​អំពី​របៀប​ដែល​បុគ្គល​ម្នាក់​បណ្ដុះ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? (ម៉ាថ. ១៣:៣៣) ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០៨ ទំព័រ​២៣​-​២៤

▪ តើ​មនុស្ស​១៤៤.០០០​នាក់​បាន​ត្រូវ​ប្រមូល​គ្រប់​ចំនួន​នៅ​ពេល​ណា? ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៨ ទំព័រ​២៧

▪ តើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា«ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល»មាន​ន័យ​អ្វី? (យ៉ូន. ៤:២៤) ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០២ ទំព័រ​២៣

▪ តើ​មនុស្ស​មួយ​ក្រុម​ធំ​បម្រើ​នៅ​ទី​លាន​មួយ​ណា​ក្នុង​វិហារ? (បប. ៧:១៥) ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១០ ទំព័រ​២៤

▪ តើ​ការ​ញែក​មនុស្ស​ចេញ​ពី​គ្នា ដូច​គង្វាល​ម្នាក់​ញែក​ចៀម​ចេញ​ពី​ពពែ​កើត​ឡើង​នៅ​ពេល​ណា? (ម៉ាថ. ២៥:៣១​-​៣៣) ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៩៦ ទំព័រ​២២​-​៣២