លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីព្រះ?

តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីព្រះ?

តើ​លោក​យេស៊ូ​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះ?

«គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​ដែល​ជា​បិតា​ច្បាស់​ជាង​បុត្រ​របស់​លោក​ទេ។ ប៉ុន្តែ​បុត្រ​លោក​ចង់​ប្រាប់​អ្នក​ឯ​ទៀត អំពី​បិតា​របស់​លោក ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​លោក​ដែរ»។—លូកា ១០:២២, គម្ពីរ​សម័យ​បច្ចុប្បន្ន​ជា​ភាសា​អង់គ្លេស

មុន​បុត្រ​ច្បង​របស់​ព្រះ​បាន​មក​ផែនដី លោក​នៅ​ជា​មួយ​នឹង​ព្រះ​ជា​បិតា​ជា​ច្រើន​ឆ្នាំ​រាប់​មិន​អស់ ដោយ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ។ (កូឡុស ១:១៥) ហេតុ​នេះ​ហើយ លោក​ស្គាល់​ចិត្ត គំនិត និង​របៀប​បិតា​របស់​លោក​ប្រព្រឹត្ត​ក្នុង​កាលៈទេសៈ​ផ្សេង​ៗ។ ក្រោយ​មក ពេល​ដែល​បុត្រ​ព្រះ​កើត​នៅ​លើ​ផែនដី​ជា​មនុស្ស​ដែល​មាន​ឈ្មោះ​ថា​យេស៊ូ លោក​ចង់​បង្រៀន​សេចក្ដី​ពិត​អំពី​បិតា​លោក​ដល់​អ្នក​ឯ​ទៀត។ បើ​យើង​ស្ដាប់​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ យើង​អាច​រៀន​ច្រើន​អំពី​ព្រះ។

នាម​របស់​ព្រះ នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ នាម​នោះ​គឺ​ជា​អ្វី​សំខាន់​បំផុត​ចំពោះ​លោក​យេស៊ូ។ បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់ ហើយ​ប្រើ​នាម​របស់​ព្រះ។ ឈ្មោះ​យេស៊ូ​មាន​ន័យ​ថា«ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ»។ នៅ​យប់​មុន​លោក​យេស៊ូ​ទទួល​មរណភាព លោក​អធិដ្ឋាន​ជម្រាប​ព្រះ​យេហូវ៉ា​ថា៖ «ខ្ញុំ​បាន​សម្ដែង​ឲ្យ . . . ស្គាល់​នាម​របស់​លោក»។ (យ៉ូហាន ១៧:២៦) មិន​មែន​ជា​ការ​ចម្លែក​ទេ ដែល​លោក​យេស៊ូ​បាន​ប្រើ​នាម​របស់​ព្រះ ហើយ​សម្ដែង​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​នាម​នោះ​ដែរ។ យ៉ាង​ណា​មិញ មនុស្ស​ដែល​បាន​ស្ដាប់​លោក​យេស៊ូ​បង្រៀន ច្បាស់​ជា​មិន​អាច​យល់​សេចក្ដី​ពិត​អំពី​ព្រះ​បាន​ទេ បើ​ពួក​គេ​មិន​ស្គាល់​នាម​របស់​លោក។ *

ព្រះ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា៖ «បិតា​អើយ . . . លោក​បាន​ស្រឡាញ់​ខ្ញុំ​មុន​កំណើត​ពិភព​លោក»។ (យ៉ូហាន ១៧:២៤) ដោយ​សារ​លោក​យេស៊ូ​ធ្លាប់​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​ពេល​ដែល​លោក​នៅ​ស្ថាន​សួគ៌ នោះ​លោក​បាន​ព្យាយាម​សម្ដែង​ឲ្យ​មនុស្ស​យល់​លក្ខណៈ​ផ្សេង​ៗ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​វិសេស​វិសាល​នោះ ពេល​លោក​នៅ​ផែនដី។

លោក​យេស៊ូ​បាន​បញ្ជាក់​ថា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គឺ​ទូលំ​ទូលាយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ»។ (យ៉ូហាន ៣:១៦) ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា«ពិភព​លោក»មិន​មាន​ន័យ​ថា«ផែនដី»ឡើយ។ ក្នុង​ខ​គម្ពីរ​នេះ ពាក្យ«ពិភព​លោក»សំដៅ​ទៅ​លើ​មនុស្សជាតិ​ទាំង​អស់។ ព្រះ​ស្រឡាញ់​មនុស្សជាតិ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​បំផុត​របស់​លោក ដើម្បី​ឲ្យ​មនុស្ស​ដែល​ស្មោះ​ត្រង់​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​មាន​លទ្ធភាព​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ យើង​មិន​អាច​វាស់​ទំហំ​ឬ​ស្ទង់​ជម្រៅ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។—រ៉ូម ៨:៣៨, ៣៩

លោក​យេស៊ូ​បាន​បញ្ជាក់​សេចក្ដី​ពិត​មួយ​ដែល​ពិត​ជា​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​មែន ពោល​គឺ ព្រះ​យេហូវ៉ា​ស្រឡាញ់​យ៉ាង​ខ្លាំង​មនុស្ស​ម្នាក់​ៗ​ដែល​គោរព​ប្រណិប័តន៍​លោក។ លោក​យេស៊ូ​បាន​បង្រៀន​ថា ព្រះ​យេហូវ៉ា​គឺ​ដូច​គង្វាល​ម្នាក់​ដែល​ចាត់​ទុក​ចៀម​នី​មួយ​ៗ​របស់​លោក​ថា​មាន​តម្លៃ​ហើយ​មាន​លក្ខណៈ​ពិសេស។ (ម៉ាថាយ ១៨:១២​-​១៤) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី​ដែល​ព្រះ​យេហូវ៉ា​មិន​ជ្រាប​ឡើយ។ លោក​ក៏​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា៖ «សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ»។ (ម៉ាថាយ ១០:២៩​-​៣១) ព្រះ​យេហូវ៉ា​ជ្រាប​ពេល​ដែល​មាន​ចាប​មួយ​បាត់​ពី​សម្បុក​របស់​វា បើ​ដូច្នេះ​លោក​ច្បាស់​ជា​ចាប់​អារម្មណ៍ ហើយ​ចង់​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ដែល​គោរព​ប្រណិប័តន៍​លោក​ខ្លាំង​ជាង​នោះ​ទៅ​ទៀត មែន​ទេ? ប្រសិន​បើ​ព្រះ​យេហូវ៉ា​ជ្រាប​អំពី​ចំនួន​សរសៃ​សក់​របស់​យើង នោះ​លោក​ក៏​ជ្រាប​យ៉ាង​ល្អិត​ល្អន់​អំពី​សេចក្ដី​ត្រូវ​ការ ទុក្ខ​លំបាក និង​កង្វល់​ដែល​យើង​មាន​ក្នុង​ជីវិត​ដែរ មែន​ទេ?

បិតា​ដែល​នៅ​ស្ថាន​សួគ៌ អត្ថបទ​មុន​បាន​បញ្ជាក់​ថា លោក​យេស៊ូ​ជា​បុត្រ​តែ​មួយ​របស់​ព្រះ​ដែល​លោក​បាន​បង្កើត​ដោយ​ផ្ទាល់។ ហេតុ​នេះ មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូ​វ៉ា​ច្រើន​តែ​រៀប​រាប់ ហើយ​ហៅ​លោក​ថា«បិតា»។ លើក​ដំបូង​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ក្នុង​គម្ពីរ គឺ​ពេល​លោក​មាន​អាយុ​១២​ឆ្នាំ​នៅ​ឯ​វិហារ ហើយ​ពេល​នោះ​លោក​ហៅ​ព្រះ​យេហូវ៉ា​ថា‹បិតា​ខ្ញុំ›។ (លូកា ២:៤៩) ពាក្យ«បិតា»មាន​ជិត​១៩០​ដង​ក្នុង​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។ លោក​យេស៊ូ​ធ្លាប់​ប្រើ​ពាក្យ​ផ្សេង​ៗ​ដើម្បី​សំដៅ​ទៅ​ព្រះ​យេហូវ៉ា​ដូច​ជា​ពាក្យ«បិតា​របស់​អ្នក» «បិតា​របស់​យើង» និង«បិតា​របស់​ខ្ញុំ»។ (ម៉ាថាយ ៥:១៦; ៦:៩; ៧:២១) ដោយ​ពោល​ពាក្យ​នេះ​ច្រើន​ដង លោក​យេស៊ូ​បញ្ជាក់​ថា​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង​និង​មិន​ល្អ​ឥត​ខ្ចោះ​អាច​មាន​ចំណង​មិត្តភាព​ដ៏​កក់​ក្ដៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ក៏​អាច​ទុក​ចិត្ត​លោក​ដូច​កូន​ទុក​ចិត្ត​ឪពុក។

ព្រះ​មាន​សេចក្ដី​មេត្ដា​ករុណា ហើយ​ពេញ​ចិត្ត​អភ័យ​ទោស លោក​យេស៊ូ​ជ្រាប​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ត្រូវ​ការ​សេចក្ដី​មេត្ដា​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា។ ពេល​ដែល​លោក​យេស៊ូ​រៀប​រាប់​ឧទាហរណ៍​អំពី​កូន​បង្ហិន​ទ្រព្យ លោក​បាន​ប្រៀប​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​បិតា​ដែល​ទទួល​ស្វាគមន៍​កូន​យ៉ាង​កក់​ក្ដៅ ពេល​កូន​ប្រែ​ចិត្ត​ហើយ​ត្រឡប់​មក​រក​ឪពុក​វិញ។ (លូកា ១៥:១១​-​៣២) ដូច្នេះ ពាក្យ​របស់​លោក​យេស៊ូ​ធានា​ថា​ព្រះ​យេហូវ៉ា​រង់​ចាំ​ឱកាស​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ពេល​មនុស្ស​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​ប្រែ​ចិត្ត សូម្បី​តែ​បន្ដិច​ក៏​ដោយ។ ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​តែ​ប្រែ​ចិត្ត។ លោក​យេស៊ូ​ពន្យល់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ម្នាក់​ដែល​ប្រែ​ចិត្ត ខ្លាំង​ជាង​ចំពោះ​មនុស្ស​សុចរិត​កៅសិប​ប្រាំ​បួន​នាក់​ដែល​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ត»។ (លូកា ១៥:៧) នេះ​គួរ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​យ៉ាង​នេះ មែន​ទេ?

ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន មុន​លោក​យេស៊ូ​មក​ផែនដី លោក​ធ្លាប់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា ព្រះ​យេហូវ៉ា​គឺ​ជា«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» ហើយ​ថា​លោក​ពេញ​ចិត្ត​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​ដោយ​ស្មោះ​ត្រង់។ (ទំនុក​តម្កើង ៦៥:២) ដូច្នេះ ពេល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្រៀន​មនុស្ស​របៀប​អធិដ្ឋាន​និង​អ្វី​ដែល​ត្រូវ​អធិដ្ឋាន​សុំ។ លោក​ណែនាំ​ថា«កុំ​ពោល​ពាក្យ​ដដែល​ៗ»។ លោក​ដាស់​តឿន​អ្នក​ស្ដាប់​ឲ្យ​អធិដ្ឋាន​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ«បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ យើង​ក៏​អាច​អធិដ្ឋាន​សុំ​អាហារ​ប្រចាំ​ថ្ងៃ សុំ​ព្រះ​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង ហើយ​សុំ​ជំនួយ​ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង។ (ម៉ាថាយ ៦:៥​-​១៣) លោក​យេស៊ូ​បាន​បង្រៀន​ថា ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ដូច​ឪពុក​ប្រព្រឹត្ត​ទៅ​លើ​កូន ពេល​ដែល​អ្នក​បម្រើ​លោក​អធិដ្ឋាន ហើយ​ក៏​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ​ដែល​សុំ​ដោយ​ស្មោះ​និង​ដោយ​មាន​ជំនឿ។—ម៉ាថាយ ៧:៧​-​១១

លោក​យេស៊ូ​ពិត​ជា​បាន​ព្យាយាម​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​ដឹង​ថា​លោក​ជា​ព្រះ​បែប​ណា។ ប៉ុន្តែ​លោក​យេស៊ូ​ចង់​ប្រាប់​ចំណុច​មួយ​ទៀត​អំពី​ព្រះ​យេហូវ៉ា គឺ​វិធី​ដែល​ព្រះ​យេហូវ៉ា​នឹង​កែ​ប្រែ​ពិភព​លោក​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​ផែនដី​និង​មនុស្សជាតិ។ តាម​ពិត នេះ​ជា​ចំណុច​សំខាន់​បំផុត​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ។

[កំណត់​សម្គាល់]

^ វគ្គ 4 នាម​យេហូវ៉ា​មាន​ជិត​៧.០០០​ដង​ក្នុង​ឯកសារ​ដើម​នៃ​គម្ពីរ​បរិសុទ្ធ។ អត្ថន័យ​នៃ​នាម​នោះ​គឺ«ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា»។ (និក្ខមនំ ៣:១៤, ព.ថ.) ព្រះ​អាច​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​លោក​យល់​ថា​គឺ​ចាំ​បាច់​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ ដូច្នេះ នាម​របស់​ព្រះ​ធានា​ថា​លោក​តែង​គោរព​គោល​ការណ៍​របស់​លោក ហើយ​អ្វី​ក៏​ដោយ​ដែល​លោក​សន្យា​នឹង​បាន​សម្រេច។