លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកកំពុងធ្វើតាមគ្រិស្តអស់ពីសមត្ថភាពឬទេ?

តើអ្នកកំពុងធ្វើតាមគ្រិស្តអស់ពីសមត្ថភាពឬទេ?

តើ​អ្នក​កំពុង​ធ្វើ​តាម​គ្រិស្ត​អស់​ពី​សមត្ថភាព​ឬ​ទេ?

«[ចូរ]បន្ត​ធ្វើ​ដូច្នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត»។—១ថែ. ៤:១

១, ២. (ក) តើ​មនុស្ស​នៅ​សម័យ​លោក​យេស៊ូ​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​ខ្លះ? (ខ) ហេតុ​អ្វី​សម័យ​បច្ចុប្បន្ន​នេះ​ក៏​សំខាន់​ដែរ?

តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បើ​អ្នក​រស់​នៅ​សម័យ​លោក​យេស៊ូ​គឺ​ល្អ​យ៉ាង​ណា​ទៅ? អ្នក​ប្រហែល​ជា​គិត​អំពី​លោក​យេស៊ូ​ថា លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ ហើយ​យ៉ាង​នេះ​អ្នក​មិន​មាន​ការ​ឈឺ​ចាប់​ដែល​មក​ពី​ជំងឺ​ខាង​រាង​កាយ​ឡើយ។ ឬ​ក៏​អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​រំភើប​ចិត្ត​ខ្លាំង​ប៉ុណ្ណា​បើ​អាច​ឃើញ​និង​ស្ដាប់​សំឡេង​របស់​លោក​យេស៊ូ ហើយ​អាច​រៀន​ពី​លោក ឬ​ឃើញ​លោក​ធ្វើ​ការ​អស្ចារ្យ​ខ្លះ​ៗ។ (ម៉ាក. ៤:១, ២; លូក. ៥:៣​-​៩; ៩:១១) បើ​យើង​ឃើញ​ការ​អស្ចារ្យ​ទាំង​នោះ​ដែល​លោក​យេស៊ូ​បាន​ធ្វើ នេះ​ពិត​ជា​អ្វី​ដ៏​វិសេស​វិសាល​ណាស់! (លូក. ១៩:៣៧) តាំង​ពី​ពេល​នោះ​មក គ្មាន​មនុស្ស​ជំនាន់​ណា​ទៀត​បាន​ឃើញ​ការ​អស្ចារ្យ​បែប​នោះ​ទេ ហើយ​អ្វី​ដែល​លោក​យេស៊ូ​បាន​សម្រេច​នៅ​ផែនដី«ដោយ​ប្រគល់​ខ្លួន​ជា​គ្រឿង​បូជា» នោះ​មិន​មាន​ម្ដង​ទៀត​ឡើយ។—ហេ. ៩:២៦; យ៉ូន. ១៤:១៩

ប៉ុន្តែ សម័យ​បច្ចុប្បន្ន​នេះ​ក៏​សំខាន់​ដែរ ហេតុ​អ្វី? ពី​ព្រោះ​យើង​កំពុង​រស់​នៅ​គ្រា​ដែល​បទ​គម្ពីរ​ទាយ​ថា​ជា«គ្រា​ចុង​បំផុត»និង«គ្រា​ចុង​ក្រោយ​បង្អស់»។ (ដាន. ១២:១​-​៤, ៩; ២ធី. ៣:១) ក្នុង​អំឡុង​គ្រា​នោះ សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ ហើយ​បន្ដិច​ទៀត វា​នឹង​ត្រូវ​លោក​យេស៊ូ​ចង ហើយ​បោះ​ទៅ«ក្នុង​ទី​ជ្រៅ​បំផុត»។ (បប. ១២:៧​-​៩, ១២; ២០:១​-​៣) ក្នុង​អំឡុង​គ្រា​ដដែល​នេះ យើង​ក៏​មាន​ឯកសិទ្ធិ​ប្រកាស‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›នៅ​ទូទាំង​ពិភព​លោក ហើយ​ប្រាប់​មនុស្ស​អំពី​សួន​ឧទ្យាន​ដែល​នឹង​មាន​នៅ​អនាគត ហើយ​កិច្ច​ការ​នេះ​មិន​មាន​ទៀត​ទេ។—ម៉ាថ. ២៤:១៤

៣. មុន​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ តើ​លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​អ្វី? ហើយ​តើ​កិច្ច​ការ​នេះ​រួម​បញ្ចូល​អ្វី?

មុន​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា៖ «អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូតដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី»។ (សកម្ម. ១:៨) ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​ជា​កិច្ច​ការ​មួយ​ដែល​នឹង​រួម​បញ្ចូល​ការ​បង្រៀន​ដែល​ធ្វើ​ឡើង​នៅ​ទូទាំង​ពិភព​លោក។ តើ​កិច្ច​ការ​នោះ​មាន​គោល​ដៅ​អ្វី? គឺ​បង្រៀន​មនុស្ស​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត មុន​ទី​បញ្ចប់​មក​ដល់។ (ម៉ាថ. ២៨:១៩, ២០) តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​យើង​ចង់​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​គ្រិស្ត?

៤. (ក) នៅ​ពេត្រុស​ទី​២ ៣:១១, ១២ តើ​ការ​ដាស់​តឿន​របស់​សាវ័ក​ពេត្រុស​ដៅ​បញ្ជាក់​ថា​យើង​ត្រូវ​ធ្វើ​អ្វី? (ខ) តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី?

សូម​កត់​សម្គាល់​ការ​ដាស់​តឿន​របស់​សាវ័ក​ពេត្រុស​ដែល​ថា៖ «ចូរ​ពិចារណា​ថា អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា។ អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ ដោយ​ទន្ទឹង​ហើយ​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា!»។ (២ពេ. ៣:១១, ១២) ពាក្យ​របស់​ពេត្រុស​ដៅ​បញ្ជាក់​ថា ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​នេះ យើង​ត្រូវ​ចាំ​យាម​ដើម្បី​ប្រាកដ​ថា​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​ជីវិត​របស់​យើង។ ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ដូច្នេះ យើង​ពិត​ជា​មាន​អំណរ​មែន! ពេល​ឃើញ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក​កំពុង​ខ្នះ​ខ្នែង​ធ្វើ​តាម​បង្គាប់​របស់​គ្រិស្ត​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ដំណាល​គ្នា​ដែរ យើង​ដឹង​ថា​យើង​មាន​ការ​បង្ខិត​បង្ខំ​ជា​រៀង​រាល់​ថ្ងៃ​ពី​ពិភព​លោក​របស់​សាថាន និង​ពី​ទំនោរ​ចិត្ត​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​ដែល​យើង​ទទួល​ពី​អាដាម​និង​អេវ៉ា ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​មិន​ឲ្យ​អ្វី​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​លែង​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ព្រះ។ សូម​ឲ្យ​យើង​ពិចារណា​របៀប​ដែល​យើង​អាច​ប្រាកដ​ថា​យើង​បន្ត​ធ្វើ​តាម​គ្រិស្ត។

ចូរ​ទទួល​យក​ភារកិច្ច ដែល​ព្រះ​ផ្ដល់​ឲ្យ​ដោយ​ចិត្ត​រីករាយ

៥, ៦. (ក) តើ​ប៉ូល​បាន​សរសើរ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​យេរូសាឡិម​អំពី​អ្វី? ហើយ​តើ​គាត់​ព្រមាន​ពួក​គេ​អំពី​អ្វី? (ខ) ហេតុ​អ្វី​យើង​មិន​ត្រូវ​មើល​ស្រាល​ភារកិច្ច​ដែល​ព្រះ​ផ្ដល់​ឲ្យ?

ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​យេរូសាឡិម គាត់​បាន​សរសើរ​បង​ប្អូន​រួម​ជំនឿ​អំពី​ការ​ស៊ូ​ទ្រាំ​ដ៏​ស្មោះ​ត្រង់​ដែល​ពួក​គេ​ធ្លាប់​បាន​បង្ហាញ ទោះ​ជា​មាន​ការ​បៀត​បៀន​ក៏​ដោយ។ គាត់​បាន​និយាយ​ថា៖ «ចូរ​ចាំ​ពី​គ្រា​មុន​ជា​និច្ច នៅ​គ្រា​នោះ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ត្រូវ​បំភ្លឺ នោះ​អ្នក​រាល់​គ្នា​បាន​ស៊ូ​ទ្រាំ​ក្នុង​ការ​ត​យុទ្ធ​ដ៏​ធំ​ដោយ​រង​ទុក្ខ​លំបាក​ផ្សេង​ៗ»។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ចាំ​អំពី​ការ​ប្រព្រឹត្ត​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ។ (ហេ. ៦:១០; ១០:៣២​-​៣៤) ពាក្យ​សរសើរ​ដ៏​កក់​ក្ដៅ​របស់​ប៉ូល​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ពួក​គ្រិស្ត​សាសនិក​ជាតិ​ហេប្រឺ​ខ្លាំង​ណាស់។ ក៏​ប៉ុន្តែ នៅ​ក្នុង​សំបុត្រ​ដដែល​នោះ ប៉ូល​ក៏​បាន​ព្រមាន​អំពី​ទំនោរ​ចិត្ត​មួយ​ដែល​យើង​មាន ហើយ​បើ​យើង​មិន​កាន់​កាប់​វា​ទេ នោះ​វា​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ។ គាត់​បាន​ពោល​ថា​គ្រិស្ត​សាសនិក​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន«រក​លេស»មិន​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ។—ហេ. ១២:២៥

ការ​ព្រមាន​នោះ​អំពី​ទំនោរ​ចិត្ត«រក​លេស»មិន​ទទួល​យក​ភារកិច្ច​ដែល​ព្រះ​ផ្ដល់​ឲ្យ​ដោយ​ចិត្ត​រីករាយ​ក៏​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ​ដែរ។ យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​តាំង​ចិត្ត​មិន​មើល​ស្រាល​ភារកិច្ច​របស់​យើង​ជា​គ្រិស្ត​សាសនិក ឬ​មិន​ឲ្យ​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​ចុះ​ខ្សោយ​ឡើយ។ (ហេ. ១០:៣៩) យ៉ាង​ណា​មិញ ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជា​រឿង​ស្លាប់​រស់។—១ធី. ៤:១៦

៧, ៨. (ក) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ? (ខ) បើ​យើង​លែង​មាន​ចិត្ត​ខ្នះ​ខ្នែង​ដែល​យើង​ធ្លាប់​មាន​ពី​មុន តើ​យើង​ត្រូវ​ចាំ​អ្វី​ស្តី​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​មិន​រក​លេស​មិន​បំពេញ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ព្រះ? វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ប្រយុទ្ធ​នឹង​ទំនោរ​ចិត្ត​នោះ គឺ​ដោយ​រំពឹង​គិត​យ៉ាង​ទៀង​ទាត់​អំពី​អត្ថន័យ​នៃ​សម្បថ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ។ បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា យើង​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង ហើយ​យើង​ចង់​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ។ (សូម​អាន ម៉ាថាយ ១៦:២៤) ហេតុ​នេះ ជួន​កាល​យើង​ត្រូវ​រក​ពេល ហើយ​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា៖ ‹តើ​ខ្ញុំ​នៅ​តែ​មាន​ការ​តាំង​ចិត្ត​ធ្វើ​តាម​ការ​ប្រគល់​ខ្លួន​ខ្ញុំ​ជូន​ព្រះ​ដូច​ខ្ញុំ​ធ្លាប់​មាន ពេល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ឬ​តើ​ឆ្នាំ​ក្រោយ​ៗ​មក ខ្ញុំ​លែង​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​ពី​ដើម?›។

ប្រសិន​បើ​យើង​គិត​ពិចារណា​ស្ថានភាព​របស់​យើង​ដោយ​ស្មោះ​ត្រង់ ហើយ​ឃើញ​ថា​យើង​មិន​សូវ​មាន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា នោះ​ជា​ការ​ល្អ​ឲ្យ​យើង​នឹក​ឃើញ​ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​របស់សេផានា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ គាត់​បាន​និយាយ​ថា៖ «កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ​ឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​មាន​សេចក្ដី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង»។ (សេផ. ៣:១៦, ១៧) ពាក្យ​ដែល​ពង្រឹង​ទំនុក​ចិត្ត​ទាំង​នេះ មុន​ដំបូង​ទាក់​ទង​នឹង​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ដែល​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ​ក្រោយ​ពី​បាន​ត្រូវ​នាំ​ជា​ឈ្លើយ​ទៅ​ក្រុង​បាប៊ីឡូន។ ក៏​ប៉ុន្តែ ពាក្យ​ទាំង​នេះ​ក៏​ជាប់​ទាក់​ទង​នឹង​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​នេះ​ដែរ។ ដោយ​ហេតុ​ថា​កិច្ចការ​ដែល​យើង​ធ្វើ​ជា​កិច្ច​ការ​របស់​ព្រះ នោះ​យើង​ត្រូវ​ចាំ​មិន​ភ្លេច​ថា​ទាំង​ព្រះ​យេហូវ៉ា​ទាំង​បុត្រ​របស់​លោក​គាំទ្រ​យើង ហើយ​ពង្រឹង​កម្លាំង​យើង​ឲ្យ​បំពេញ​ភារកិច្ច​ដែល​លោក​ផ្ដល់​ឲ្យ។ (ម៉ាថ. ២៨:២០; ភី. ៤:១៣) បើ​យើង​ខំ​ប្រឹង​បន្ត​ធ្វើ​កិច្ច​ការ​របស់​ព្រះ​ដោយ​ចិត្ត​ខ្នះ​ខ្នែង លោក​នឹង​ឲ្យ​ពរ​ដល់​យើង ហើយ​ជួយ​យើង​ឲ្យ​បន្ត​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត។

‹ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន› ដោយ​ចិត្ត​ខ្នះ​ខ្នែង

៩, ១០. ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ពិធី​ពិសា​ភោជនាហារ​ដ៏​ធំ តើ​លោក​ចង់​សំដៅ​ទៅ​លើ​អ្វី? ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ?

កាល​ដែល​លោក​យេស៊ូ​ពិសា​អាហារ​នៅ​ផ្ទះ​អ្នក​គ្រប់​គ្រង​ម្នាក់​នៃ​ពួក​ផារិស៊ី លោក​បាន​លើក​ឧទាហរណ៍​មួយ​អំពី​ពិធី​ពិសា​ភោជនាហារ​ដ៏​ធំ​មួយ។ ក្នុង​ឧទាហរណ៍​នោះ លោក​បាន​រៀប​រាប់​អំពី​ឯកសិទ្ធិ​ដែល​មនុស្ស​ផ្សេង​ៗ​អាច​ទទួល ដើម្បី​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌។ លោក​ក៏​បាន​លើក​ឧទាហរណ៍​ដែល​បញ្ជាក់​ពី​ការ«ដោះ​សា»ដែរ។ (សូម​អាន លូកា ១៤:១៦​-​២១) ភ្ញៀវ​ដែល​បាន​ត្រូវ​អញ្ជើញ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​បាន​ដោះ​សា​ដើម្បី​មិន​ចូល​រួម​ក្នុង​ពិធី​នោះ។ ភ្ញៀវ​ម្នាក់​បាន​និយាយ​ថា​គាត់​ត្រូវ​ទៅ​ពិនិត្យ​មើល​ចម្ការ​ដែល​គាត់​ទើប​នឹង​ទិញ។ ភ្ញៀវ​ម្នាក់​ទៀត​ពោល​ថា​គាត់​ទើប​នឹង​ទិញ​គោ​ប៉ុន្មាន​ក្បាល ហើយ​គាត់​ចង់​ទៅ​ពិនិត្យ​មើល​វា។ រីឯ​ភ្ញៀវ​ម្នាក់​ទៀត​និយាយ​ថា‹ខ្ញុំ​ទើប​តែ​រៀប​ការ​ថ្មី​ៗ​នេះ ដូច្នេះ​ខ្ញុំ​ទៅ​មិន​បាន​ទេ›។ ការ​ដោះ​សា​ទាំង​នោះ​មិន​សម​ត្រឹម​ត្រូវ​ឡើយ។ ធម្មតា​បុគ្គល​ដែល​ទិញ​ចម្ការ​ឬ​សត្វ​ពាហនៈ​ពិនិត្យ​មើល​អ្វី​ទាំង​នោះ​មុន​គាត់​ទិញ។ ដូច្នេះ​គ្មាន​ការ​ប្រញាប់​ឲ្យ​គាត់​ទៅ​ពិនិត្យ​មើល​ចម្ការ​និង​សត្វ​នោះ​ក្រោយ​គាត់​បាន​ទិញ​ទេ។ ហើយ​ក៏​គ្មាន​មូលហេតុ​ឲ្យ​អ្នក​ទើប​រៀប​ការ​ថ្មី​បដិសេធ​សេចក្ដី​អញ្ជើញ​ដ៏​សំខាន់​នេះ​ដែរ។ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ម្ចាស់​ពិធី​នោះ​ខឹង​ខ្លាំង!

១០ រាស្ត្រ​ទាំង​ឡាយ​របស់​ព្រះ​អាច​ទាញ​មេ​រៀន​មួយ​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ។ តើ​មេ​រៀន​នោះ​ជា​អ្វី? យើង​មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ដូច​បាន​រៀប​រាប់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ សំខាន់​ជាង​ការ​បម្រើ​ព្រះ​ឡើយ។ បើ​រឿង​ផ្ទាល់​ខ្លួន​របស់​គ្រិស្ត​សាសនិក​ម្នាក់​សំខាន់​ជាង​កិច្ច​បម្រើ​ព្រះ នោះ​ចិត្ត​ខ្នះ​ខ្នែង​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នឹង​ចុះ​ខ្សោយ​បន្ដិច​ម្ដង​ៗ។ (សូម​អាន លូកា ៨:១៤) ដើម្បី​កុំ​ឲ្យ​អ្វី​នេះ​កើត​ឡើង យើង​រស់​នៅ​សម​ស្រប​នឹង​ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ដែល​ថា៖ «ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន»។ (ម៉ាថ. ៦:៣៣) ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន ពេល​យើង​ឃើញ​អ្នក​បម្រើ​ព្រះ​ទាំង​ចាស់​ទាំង​ក្មេង​កំពុង​អនុវត្ត​តាម​ឱវាទ​ដ៏​សំខាន់​បំផុត​នោះ! អ្នក​បម្រើ​ព្រះ​ជា​ច្រើន​នាក់​បាន​ចាត់​វិធានការ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​សាមញ្ញ ហើយ​យ៉ាង​នេះ ពួក​គេ​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពួក​គេ​ពិសោធ​ដោយ​ផ្ទាល់​ថា ការ​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​នាំ​មក​នូវ​សុភមង្គល​ពិត​ប្រាកដ និង​ការ​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង។

១១. តើ​កំណត់​ហេតុ​ណា​ក្នុង​គម្ពីរ​ដែល​បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​បម្រើ​ព្រះ​ដោយ​អស់​ពី​ចិត្ត​និង​ដោយ​ខ្នះ​ខ្នែង?

១១ ដើម្បី​បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ សូម​កត់​សម្គាល់​ព្រឹត្ដិការណ៍​មួយ​ដែល​កើត​ឡើង​ដល់​យ៉ូអាស​ដែល​ជា​ស្តេច​អ៊ីស្រាអែល។ ដោយ​សារ​យ៉ូអាស​ខ្វល់​ខ្វាយ​ថា​ស្រុក​ស៊ីរី​នឹង​ដណ្ដើម​យក​ស្រុក​អ៊ីស្រាអែល គាត់​មក​ជួប​អេលីសេ​ដោយ​យំ។ អេលីសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​បង្គាប់​គាត់​ឲ្យ​បាញ់​ព្រួញ​ចេញ​ពី​បង្អួច​តម្រង់​ទៅ​ពួក​ស៊ីរី ដែល​នេះ​បញ្ជាក់​ពី​ជ័យ​ជម្នះ​លើ​សាសន៍​នោះ ជា​ជ័យ​ជម្នះ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​គាត់។ អ្វី​ទាំង​នេះ​គួរ​ធ្វើ​ឲ្យ​យ៉ូអាស​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ បន្ទាប់​មក អេលីសេ​បាន​ប្រាប់​យ៉ូអាស​ឲ្យ​យក​ព្រួញ​វាយ​លើ​ដី។ យ៉ូអាស​បាន​វាយ​ដី​បី​ដង។ ពេល​ឃើញ​យ៉ូអាស​ធ្វើ​ដូច្នេះ អេលីសេ​ខឹង​ខ្លាំង​ណាស់​ដោយ​សារ​ការ​វាយ​ដី​ប្រាំ​ឬ​ប្រាំ​មួយ​ដង​នឹង​បញ្ជាក់​ថា​ជា​ការ«វាយ​ពួក​ស៊ីរី​ទាល់​តែ​បាន​បំផ្លាញ​គេ​ឲ្យ​សូន្យ​បាត់​ទៅ»។ ដូច្នេះ យ៉ូអាស​នឹង​បាន​ជ័យ​ជម្នះ​តែ​បី​ដង​ប៉ុណ្ណោះ។ ដោយ​សារ​យ៉ូអាស​មិន​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ខ្នះ​ខ្នែង គាត់​មាន​ជ័យ​ជម្នះ​តែ​មួយ​កម្រិត​ទេ។ (២ព. ១៣:១៤​-​១៩) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? ព្រះ​យេហូវ៉ា​នឹងឲ្យ​ពរ​យ៉ាង​ច្រើន​ដល់​យើង លុះ​ត្រា​តែ​យើង​ធ្វើ​កិច្ច​ការ​របស់​លោក​ដោយ​អស់​ពី​ចិត្ត​និង​ដោយ​ខ្នះ​ខ្នែង។

១២. (ក) កាល​ដែល​យើង​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​ក្នុង​ជីវិត តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ? (ខ) ចំពោះ​អ្នក​ផ្ទាល់ តើ​អ្នក​កំពុង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ដោយ​សារ​អ្នក​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១២ ការ​លំបាក​ក្នុង​ជីវិត​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ចិត្ត​ខ្នះ​ខ្នែង​និង​រក្សា​ភក្ដី​ភាព​ចំពោះ​កិច្ច​បម្រើ​ព្រះ។ បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​កំពុង​ស៊ូ​ទ្រាំ​ដោយ​សារ​មាន​វិបត្ដិ​សេដ្ឋកិច្ច។ បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត​មួម៉ៅ​ចិត្ត​ដោយ​សារ​មាន​ជំងឺ​ធ្ងន់​ដែល​ដាក់​កម្រិត​លើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ម្នាក់​ៗ​អាច​ចាត់​វិធានការ​ដើម្បី​ប្រាកដ​ថា យើង​រក្សា​ចិត្ត​ខ្នះ​ខ្នែង ហើយ​បន្ត​ធ្វើ​តាម​គ្រិស្ត​អស់​ពី​សមត្ថភាព​របស់​យើង។ សូម​កត់​សម្គាល់​យោបល់​និង​បទ​គម្ពីរ​ខ្លះ​ៗ​ដែល​មាន​ក្នុង​ប្រអប់«តើ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​ធ្វើ​តាម​គ្រិស្ត?»។ សូម​ពិចារណា​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​យោបល់​និង​បទ​គម្ពីរ​ទាំង​នោះ​អស់​ពី​សមត្ថភាព​របស់​អ្នក។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ប្រយោជន៍​ពិត​ប្រាកដ។ ការ​ជាប់​រវល់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អាច​ជួយ​ឲ្យ​យើង​មាន​ជំហរ​រឹង​មាំ មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ ហើយ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​និង​សុភមង្គល​កាន់​តែ​ច្រើន។ (១កូ. ១៥:៥៨) ម្យ៉ាង​ទៀត ដោយ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​អស់​ពី​ចិត្ត នោះ​អាច​ជួយ​យើង​ឲ្យ«ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា»។—២ពេ. ៣:១២

ចូរ​គិត​ពិចារណា​ស្ថានភាព​របស់​អ្នក ដោយ​ស្មោះ​ត្រង់

១៣. តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ការ​បម្រើ​ព្រះ​អស់​ពី​ចិត្ត​មាន​ន័យ​អ្វី​សម្រាប់​យើង​ផ្ទាល់?

១៣ ប៉ុន្តែ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​អស់​ពី​ចិត្ត មិន​គ្រាន់​តែ​ទាក់​ទង​នឹង​ចំនួន​ម៉ោង​ដែល​យើង​ចំណាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ប៉ុណ្ណោះ​ឡើយ។ បង​ប្អូន​រួម​ជំនឿ​មាន​ស្ថានភាព​ខុស​ពី​គ្នា។ បង​ប្អូន​ដែល​ចំណាយ​ពេល​មួយ​ឬ​ពីរ​ម៉ោង​ប៉ុណ្ណោះ​រាល់​ខែ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ប្រហែល​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ណាស់ បើ​សុខភាព​របស់​គាត់​ឲ្យ​គាត់​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​មែន។ (សូម​ពិនិត្យ​បន្ថែម ម៉ាកុស ១២:៤១​-​៤៤) ហេតុ​នេះ ដើម្បី​ដឹង​ថា​ការ​បម្រើ​ព្រះ​អស់​ពី​ចិត្ត​មាន​ន័យ​អ្វី​សម្រាប់​យើង​ផ្ទាល់ យើង​ត្រូវ​គិត​ពិចារណា​ស្ថានភាព​និង​សមត្ថភាព​របស់​ខ្លួន​ដោយ​ស្មោះ​ត្រង់។ ក្នុង​នាម​ជា​អ្នក​ធ្វើ​តាម​គ្រិស្ត យើង​ក៏​ចង់​មាន​ទស្សនៈ​ដូច​លោក​ដែរ។ (សូម​អាន រ៉ូម ១៥:៥; ១កូ. ២:១៦) តើ​លោក​យេស៊ូ​ចាត់​ទុក​អ្វី​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​លោក? លោក​បាន​ប្រាប់​មនុស្ស​មួយ​ក្រុម​ធំ​ពី​ក្រុង​កាពើណិម​ថា៖ «ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ . . . ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក»។ (លូក. ៤:៤៣; យ៉ូន. ១៨:៣៧) ដោយ​ចាំ​អំពី​ចិត្ត​ខ្នះ​ខ្នែង​ដែល​លោក​យេស៊ូ​មាន​ចំពោះ​កិច្ច​បម្រើ​ផ្សាយ សូម​គិត​ពិចារណា​ស្ថានភាព​របស់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​អាច​ឬ​មិន​អាច​ធ្វើ​ឲ្យ​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង។—១កូ. ១១:១

១៤. តើ​យើង​អាច​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​តាម​វិធី​ណា​ខ្លះ?

១៤ ការ​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ស្ថានភាព​របស់​យើង ប្រហែល​ជា​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា​យើង​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (ម៉ាថ. ៩:៣៧, ៣៨) ជា​ឧទាហរណ៍ ប្អូន​ៗ​រួម​ជំនឿ​ជា​ច្រើន​ដែល​ទើប​រៀន​ចប់​នៅ​សាលា​បាន​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ឥឡូវ​ពួក​គេ​កំពុង​មាន​អំណរ​ដែល​មក​ពី​ការ​ខ្នះ​ខ្នែង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ តើ​អ្នក​ចង់​មាន​អំណរ​នោះ​ដែរ​ឬ​ទេ? បង​ប្អូន​រួម​ជំនឿ​ខ្លះ​បាន​ពិចារណា​អំពី​ស្ថានភាព​របស់​ខ្លួន ហើយ​បាន​សម្រេច​ចិត្ត​ថា​ពួក​គេ​អាច​រើ​ទៅ​តំបន់​ណា​មួយ​នៅ​ក្នុង​ឬ​ក្រៅ​ប្រទេស ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ បង​ប្អូន​ឯ​ទៀត​បាន​រៀន​ភាសា​មួយ​ទៀត​ដើម្បី​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​នោះ។ ប្រហែល​ជា​ពិបាក​មែន​ឲ្យ​យើង​បង្កើន​កិច្ច​បម្រើ​ផ្សាយ តែ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន ហើយ​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ជា​ច្រើន​ឲ្យ«មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត»។—១ធី. ២:៣, ៤; ២កូ. ៩:៦

គំរូ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​យើង​គួរ​ធ្វើ​តាម

១៥, ១៦. ក្នុង​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដោយ​ចិត្ត​ខ្នះ​ខ្នែង តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​នរណា​ខ្លះ?

១៥ តើ​មនុស្ស​ខ្លះ​ដែល​ក្លាយ​ទៅ​ជា​សាវ័ក​បាន​តប​ឆ្លើយ​យ៉ាង​ណា​ពេល​គ្រិស្ត​ហៅ​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក? កំណត់​ហេតុ​ក្នុង​គម្ពីរ​ចែង​អំពី​ម៉ាថាយ​ថា៖ «គាត់​ទុក​អ្វី​ៗ​ទាំង​អស់​ចោល ហើយ​ក្រោក​ឡើង​ទៅ​តាម​លោក»។ (លូក. ៥:២៧, ២៨) ស្តី​អំពី​ពេត្រុស​និង​អនទ្រេ​ដែល​កំពុង​បង់​សំណាញ់​ចាប់​ត្រី គម្ពីរ​ចែង​ថា៖ «ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ក៏​ទៅ​តាម​លោក»។ ក្រោយ​មក​លោក​យេស៊ូ​បាន​ឃើញ​យ៉ាកុប​និង​យ៉ូហាន ដែល​កំពុង​ជួស​ជុល​សំណាញ់​ជា​មួយ​ឪពុក​របស់​ពួក​គាត់។ តើ​ពួក​គាត់​បាន​តប​ឆ្លើយ​យ៉ាង​ណា​ពេល​លោក​អញ្ជើញ​ពួក​គាត់? «នោះ​ពួក​គាត់​បាន​ចាក​ចេញ​ពី​ឪពុក​និង​ទូក ហើយ​បាន​ទៅ​តាម​លោក​ភ្លាម»។—ម៉ាថ. ៤:១៨​-​២២

១៦ គំរូ​ដ៏​ល្អ​មួយ​ទៀត​គឺ​សូល ដែល​បាន​ក្លាយ​ជា​សាវ័ក​ប៉ូល។ ទោះ​ជា​គាត់​ធ្លាប់​ជា​អ្នក​បៀត​បៀន​យ៉ាង​សាហាវ​ទៅ​លើ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ក៏​ដោយ គាត់​បាន​កែ​ប្រែ ហើយ​បាន​ក្លាយ​ជា​បុរស​ដែល‹ប្រៀប​ដូច​ជា​ភាជនៈ​ដែល​បាន​ត្រូវ​ជ្រើស​រើស›ដើម្បី​ជា​តំណាង​ឈ្មោះ​គ្រិស្ត។ ប៉ូល​បាន«ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ​ក្នុង​សាលា​ប្រជុំ​នានា​អំពី​លោក​យេស៊ូ​ថា លោក​ជា​បុត្រ​ព្រះ»។ (សកម្ម. ៩:៣​-​២២) មួយ​វិញ​ទៀត ថ្វី​បើ​គាត់​ត្រូវ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​និង​ការ​បៀត​បៀន​ជា​ច្រើន​ក៏​ដោយ តែ​ប៉ូល​នៅ​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង។—២កូ. ១១:២៣​-​២៩; ១២:១៥

១៧. (ក) ស្តី​អំពី​ការ​ធ្វើ​តាម​គ្រិស្ត តើ​អ្នក​មាន​បំណង​ធ្វើ​អ្វី? (ខ) ដោយ​សារ​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​អស់​ពី​ចិត្ត​និង​អស់​ពី​កម្លាំង​របស់​យើង តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ?

១៧ យើង​ពិត​ជា​ចង់​យក​តម្រាប់​តាម​គំរូ​ដ៏​ល្អ​របស់​ពួក​អ្នក​កាន់​តាម​ទាំង​នោះ ហើយ​តប​ឆ្លើយ​ភ្លាម​ៗ​ដោយ​ឥត​បង្អែ​បង្អង់​ចំពោះ​សេចក្ដី​អញ្ជើញ​របស់​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។ (ហេ. ៦:១១, ១២) ពេល​យើង​បន្ត​ព្យាយាម​ធ្វើ​តាម​គ្រិស្ត​ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ដោយ​អស់​ពី​សមត្ថភាព តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ? យើង​ពិត​ជា​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​មាន​ចិត្ត​ស្កប់​ស្កល់​ដោយ​សារ​យើង​ទទួល​យក​ឯកសិទ្ធិ​និង​ភារកិច្ច​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ។ (ទំនុក. ៤០:៨; សូម​អាន ថែស្សាឡូនិច​ទី​១ ៤:១) ប្រាកដ​ហើយ កាល​ដែល​យើង​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​តាម​គ្រិស្ត យើង​ទទួល​ពរ​ដ៏​វិសេស ហើយ​យូរ​អង្វែង ដូច​ជា​សេចក្ដី​សុខ​សាន្ត ការ​ស្កប់​ចិត្ត ការ​ពេញ​ចិត្ត​ពី​ព្រះ និង​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—១ធី. ៤:១០

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​កិច្ច​ការ​ដ៏​សំខាន់​អ្វី​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​យើង? ហើយ​តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​នោះ?

• តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ទំនោរ​ចិត្ត​បែប​ណា? ហើយ​ហេតុ​អ្វី?

• តើ​យើង​ត្រូវ​គិត​ពិចារណា​យ៉ាង​ស្មោះ​ត្រង់​អំពី​អ្វី?

• តើ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​យើង​ឲ្យ​បន្ត​ធ្វើ​តាម​គ្រិស្ត?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​៣១]

តើ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​អ្នក ឲ្យ​បន្ត​ធ្វើ​តាម​គ្រិស្ត?

▪ អាន​បណ្ដាំ​របស់​ព្រះ​រាល់​ថ្ងៃ ហើយ​សញ្ជឹង​គិត​អ្វី​ដែល​អ្នក​អាន។—ទំនុក. ១:១​-​៣; ១ធី. ៤:១៥

▪ អធិដ្ឋាន​រឿយ​ៗ​ដើម្បី​សុំ​ការ​គាំទ្រ​និង​ការ​ណែនាំ​ពី​សកម្មពល​ព្រះ។—សាក. ៤:៦; លូក. ១១:៩, ១៣

▪ សេព​គប់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ចិត្ត​ខ្នះ​ខ្នែង​ដ៏​ស្មោះ​ពី​ចិត្ត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។—សុភ. ១៣:២០; ហេ. ១០:២៤, ២៥

▪ ចូរ​ទទួល​ស្គាល់​ថា​គ្រា​ដែល​យើង​កំពុង​រស់​នៅ​ជា​គ្រា​បន្ទាន់។—អេភ. ៥:១៥, ១៦

▪ ចូរ​ដឹង​ច្បាស់​អំពី​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​មក​ពី​ការ«ដោះ​សា»។—លូក. ៩:៥៩​-​៦២

▪ ចូរ​សញ្ជឹង​គិត​ឲ្យ​បាន​ទៀង​ទាត់​អំពី​សម្បថ​ប្រគល់​ខ្លួន​អ្នក និង​ពរ​ជា​ច្រើន​ដែល​មក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​និង​ការ​ធ្វើ​តាម​គ្រិស្ត​ស្មោះ​អស់​ពី​ចិត្ត។—ទំនុក. ១១៦:១២​-​១៤; ១៣៣:៣; សុភ. ១០:២២