លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុរសដែលមានឥទ្ធិពលខ្លាំងបំផុតលើមនុស្សជាតិ

បុរសដែលមានឥទ្ធិពលខ្លាំងបំផុតលើមនុស្សជាតិ

បុរស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​មនុស្សជាតិ

មនុស្ស​រាប់​ពាន់​លាន​នាក់​ធ្លាប់​រស់​នៅ​ផែនដី តែ​ពួក​គេ​ភាគ​ច្រើន​មិន​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ល្បី​ឈ្មោះ ឲ្យ​មនុស្ស​នឹក​ចាំ​ក្រោយ​ពី​ពួក​គេ​ស្លាប់​ទៅ​ឡើយ។ ក៏​ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​បាន ធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​ពិភព​លោក​ទាំង​មូល ហើយ​អ្វី​ៗ​ទាំង​នោះ​ទំនង​ជា​មាន​ប្រយោជន៍ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក។

ពេល​ណា​អ្នក​បើក​ភ្លើង​ក្នុង​ផ្ទះ ទាញ​សៀវភៅ​មក​មើល ឬ​លេប​ថ្នាំ​អង់ទីប្យូទិច អ្នក​កំពុង​ទទួល​ប្រយោជន៍​ពី​ស្នា​ដៃ​របស់​បុរស​ល្បី​ឈ្មោះ​មួយ​ចំនួន។

ម៉ៃខឺល ហ្វារ៉ា​ដេ អ្នក​ប្រាជ្ញ​ខាង​រូប​វិទ្យា​ម្នាក់​ជន​ជាតិ​អង់គ្លេស​ដែល​កើត​នៅ​ឆ្នាំ​១៧៩១ ជា​អ្នក​បង្កើត​ម៉ាស៊ីន​អគ្គិសនី​និង​ឌីណាម៉ូ​មុន​គេ។ អ្វី​ដែល​គាត់​រក​ឃើញ​និង​ស្នា​ដៃ​របស់​គាត់​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ច្រើន​ជាង​អាច​មាន​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់។

ស៊ី​លុន មន្ត្រី​នៅ​រាជវាំង​របស់​អធិរាជ​ចិន។ គាត់​មាន​ឈ្មោះ​ជា​អ្នក​បង្កើត​វិធី​ធ្វើ​ក្រដាស ប្រហែល​នៅ​ឆ្នាំ​១០៥​គ.ស. ហើយ​អ្នក​ឯ​ទៀត​បាន​ប្រើ​វិធី​នោះ​ដើម្បី​ផលិត​ក្រដាស​យ៉ាង​ច្រើន​សន្ធឹក។

យ៉ូហាន ហ្គូតេនប៊ឹក ប្រហែល​នៅ​ឆ្នាំ​១៤៥០ បុរស​ជន​ជាតិ​អាឡឺម៉ង់​មួយ​រូប​នេះ​បាន​បង្កើត​ម៉ាស៊ីន​បោះ​ពុម្ព​ដំបូង​ដែល​អាច​រៀប​អក្សរ​បាន។ តាម​រយៈ​ម៉ាស៊ីន​បោះ​ពុម្ព​នោះ មនុស្ស​ជា​ច្រើន​អាច​ទទួល​ព័ត៌មាន​អំពី​រឿង​សព្វ​បែប​យ៉ាង​ក្នុង​តម្លៃ​ថោក។

អាឡិចសានឌឺ ផ្លេមិញ នៅ​ឆ្នាំ​១៩២៨ អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ស្កត​នេះ​បាន​រក​ឃើញ​សារជាតិ​អង់ទីប្យូទិច​មួយ​ដែល​គាត់​ហៅ​ថា​ប៉េនីស៊ីល្លីន។ សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​កន្លែង​ជា​ច្រើន​ប្រើ​អង់ទីប្យូទិច​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​មេ​រោគ។

យើង​ឃើញ​ច្បាស់​ថា​អ្វី​ដែល​បុរស​បី​បួន​នាក់​បាន​រក​ឃើញ​និង​បាន​បង្កើត បាន​ជួយ​មនុស្ស​រាប់​ពាន់​លាន​នាក់​ឲ្យ​មាន​ជីវិត​ស្រួល​ជាង​ឬ​មាន​សុខភាព​ល្អ​ជាង។

ក៏​ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​ល្បី​ឈ្មោះ​ទាំង​អស់ មាន​បុរស​ម្នាក់​ដែល​លេច​ធ្លោ​ជាង​គេ។ លោក​មិន​ល្បី​ឈ្មោះ​ដោយ​សារ​បាន​រក​ឃើញ​អ្វី​ខាង​វិទ្យា​សាស្ត្រ​ឬ​ខាង​វិទ្យា​ពេទ្យ​ឡើយ តែ​បុរស​ពី​ក្រុម​គ្រួសារ​សាមញ្ញ​មួយ​រូប​នេះ​ដែល​បាន​ទទួល​មរណភាព​ជិត​២.០០០​ឆ្នាំ​មុន បាន​បន្សល់​ទុក​សេចក្ដី​បង្រៀន​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ជា​សេចក្ដី​បង្រៀន​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​និង​ការ​សម្រាល​ទុក្ខ។ ពេល​ពិចារណា​អំពី​ឥទ្ធិពល​ដែល​សេចក្ដី​បង្រៀន​របស់​លោក​មាន​លើ​ជីវិត​មនុស្ស​ទូទាំង​ពិភព​លោក មនុស្ស​ជា​ច្រើន​នឹង​យល់​ស្រប​ថា លោក​ពិត​ជា​បុរស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​មនុស្សជាតិ។

បុរស​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ តើ​លោក​ធ្លាប់​បង្រៀន​អ្វី? តើ​សេចក្ដី​បង្រៀន​នោះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជីវិត​របស់​អ្នក?