លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោកមានអានុភាពខ្លាំងយ៉ាងណា?
លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោកមានអានុភាពខ្លាំងយ៉ាងណា?
«សក្ខីភាពដែលបានស្ថិតស្ថេរយូរបំផុតហើយបញ្ជាក់អានុភាពរបស់អ្នកប្រាជ្ញក្រុងកាពើណិមមួយរូបនេះ គឺថា លោកនៅតែមានឥទ្ធិពលល្អទៅលើចិត្តគំនិតមនុស្ស»។ *—អ្នកនិពន្ធឈ្មោះ ហ្គ្រេក អ៊ីស្ទឺប៊្រុក
ពាក្យសម្ដីមានឥទ្ធិពល។ ឯពាក្យសម្ដីដែលផុសចេញពីប្រាជ្ញាឈ្លាសវៃអាចជំរុញចិត្ត ធ្វើឲ្យមានសេចក្ដីសង្ឃឹម ហើយកែប្រែជីវិត។ មិនដែលមានអ្នកណាម្នាក់ពោលពាក្យដែលមានឥទ្ធិពលខ្លាំងជាងពាក្យសម្ដីរបស់លោកយេស៊ូគ្រិស្តឡើយ។ មនុស្សម្នាក់ដែលធ្លាប់ឮលោកយេស៊ូថ្លែងសុន្ទរកថាដ៏ល្បីមួយបានសរសេរថា៖ «ពេលដែលលោកយេស៊ូមានប្រសាសន៍ចប់ហើយ នោះបណ្ដាជនបានកោតស្ងើចក្រៃលែងនឹងសេចក្ដីបង្រៀនរបស់លោក»។—ម៉ាថាយ ៧:២៨
រហូតដល់សព្វថ្ងៃនេះ ពាក្យជាច្រើនរបស់លោកយេស៊ូត្រូវគេស្គាល់នៅទូទាំងពិភពលោក។ សូមពិចារណាពាក្យខ្លះរបស់លោកដែលមានន័យជ្រាលជ្រៅ។
«អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។—ម៉ាថាយ ៦:២៤
«ម្ល៉ោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថាយ ៧:១២
«អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។—ម៉ាថាយ ២២:២១
«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
លោកយេស៊ូមិនត្រឹមតែបានពោលពាក្យដែលគេនឹកចាំមិនភ្លេចប៉ុណ្ណោះទេ។ សេចក្ដីបង្រៀនរបស់លោកមានឥទ្ធិពលពីព្រោះលោកបង្រៀនសេចក្ដីពិតអំពីព្រះ អំពីរបៀបធ្វើឲ្យជីវិតមានន័យខ្លឹមសារពិតប្រាកដ ហើយក៏បានបញ្ជាក់ច្បាស់ថារាជាណាចក្ររបស់ព្រះនឹងដោះស្រាយបញ្ហារបស់មនុស្សជាតិ។ ពេលដែលយើងពិចារណាសេចក្ដីបង្រៀនទាំងនេះក្នុងអត្ថបទបន្តបន្ទាប់ យើងនឹងយល់មូលហេតុដែលលោកយេស៊ូ«នៅតែមានឥទ្ធិពលល្អទៅលើចិត្តគំនិតមនុស្ស»រាប់លាននាក់។
[កំណត់សម្គាល់]
^ វគ្គ 2 ក្រុងកាពើណិមត្រូវគេចាត់ទុកជាក្រុងដែលលោកយេស៊ូស្នាក់នៅ នៅតំបន់កាលីឡេ។—ម៉ាកុស ២:១