លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោក ជាប់ទាក់ទងនឹងលោកអ្នកយ៉ាងដូចម្ដេច?
លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោក ជាប់ទាក់ទងនឹងលោកអ្នកយ៉ាងដូចម្ដេច?
«ខ្ញុំបានមកដើម្បីឲ្យពួកគេមានជីវិត ហើយឲ្យពួកគេមានជីវិតយូរអង្វែង»។—យ៉ូហាន ១០:១០
លោកយេស៊ូបានមកផែនដីដើម្បីផ្ដល់ជាប្រយោជន៍ដល់មនុស្សជាតិមិនមែនដើម្បីទទួលប្រយោជន៍ទេ។ តាមរយៈកិច្ចបម្រើផ្សាយរបស់លោក លោកបានផ្ដល់អំណោយដែលកាត់ថ្លៃពុំបានដល់មនុស្សជាតិ ពោលគឺសេចក្ដីបង្រៀនដែលសឲ្យឃើញសេចក្ដីពិតអំពីព្រះនិងបំណងប្រាថ្នារបស់លោក។ ពួកអ្នកដែលធ្វើតាមសេចក្ដីបង្រៀននោះអាចមានជីវិតប្រសើរជាងនៅពេលឥឡូវនេះ ដូចពួកគ្រិស្តសាសនិកពិតរាប់លាននាក់បានបង្ហាញឲ្យឃើញ។ * ប៉ុន្តែ ចំណុចសំខាន់នៃសេចក្ដីបង្រៀនដែលលោកយេស៊ូបានផ្សព្វផ្សាយ បញ្ជាក់អំពីអំណោយដែលមានតម្លៃបំផុត ពោលគឺជីវិតដ៏ល្អឥតខ្ចោះដែលលោកលះបង់ដើម្បីប្រយោជន៍យើង។ ប្រយោជន៍ដែលយើងទទួលជារៀងរហូតអាស្រ័យទៅលើយើងធ្វើតាមចំណុចសំខាន់នេះនៃសេចក្ដីបង្រៀនរបស់លោក។
អ្វីដែលព្រះនិងគ្រិស្តផ្ដល់ឲ្យមនុស្សជាតិ លោកយេស៊ូជ្រាបថាលោកនឹងត្រូវស្លាប់យ៉ាងឈឺចាប់ក្នុងកណ្ដាប់ដៃនៃសត្រូវរបស់លោក។ (ម៉ាថាយ ២០:១៧-១៩) ក៏ប៉ុន្តែ ក្នុងខគម្ពីរល្បីមួយនៅយ៉ូហាន ៣:១៦ លោកមានប្រសាសន៍ថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ លោកយេស៊ូក៏បានមានប្រសាសន៍ដែរថា លោកបានមក«ដើម្បី . . . ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថាយ ២០:២៨) ហេតុអ្វីបានជាលោកមានប្រសាសន៍ថាជីវិតរបស់លោកបានត្រូវផ្ដល់ឲ្យជាជាងបានត្រូវគេយក?
ព្រះមានសេចក្ដីស្រឡាញ់ដ៏លើសលប់ចំពោះមនុស្សជាតិ ហេតុនេះបានជាលោករៀបចំឲ្យមនុស្សទទួលសេចក្ដីសង្គ្រោះពីភាពខុសឆ្គងដែលបានឆ្លងពីអាដាមនិងអេវ៉ា ព្រមទាំងផលវិបាកដែលមកពីអំពើខុសឆ្គងនោះ ពោលគឺភាពមិនល្អឥតខ្ចោះនិងសេចក្ដីស្លាប់។ ព្រះបានធ្វើដូច្នេះដោយចាត់ឲ្យបុត្រតែមួយរបស់លោកមកផែនដីដើម្បីបូជាជីវិតទុកជាគ្រឿងបូជា។ លោកយេស៊ូស្ម័គ្រចិត្តធ្វើតាមព្រះ ហើយបានផ្ដល់ជីវិតដ៏ល្អឥតខ្ចោះរបស់លោកដើម្បីយើង។ ការរៀបចំនេះ ដែលបានត្រូវហៅថាថ្លៃលោះ ជាអំណោយដ៏វិសេសបំផុតរបស់ព្រះចំពោះមនុស្សជាតិ។ * នេះជាអំណោយដែលអាចនាំឲ្យមនុស្សទទួលជីវិតដែលគ្មានទីបញ្ចប់។
អ្វីដែលលោកអ្នកត្រូវធ្វើ តើព្រះបានរៀបចំថ្លៃលោះជាអំណោយសម្រាប់លោកអ្នកផ្ទាល់ឬ? នេះគឺស្រេចទៅលើលោកអ្នក។ ឧបមាថា បុគ្គលម្នាក់ហុចកាដូដែលគាត់បានខ្ចប់យ៉ាងស្អាតឲ្យលោកអ្នក។ កាដូនោះមិនទាន់ជារបស់លោកអ្នកទេ ទាល់តែលោកអ្នកលូកដៃទទួលយកកាដូនោះ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាផ្ដល់ថ្លៃលោះឲ្យលោកអ្នក ប៉ុន្តែអំណោយនេះមិនទាន់ជារបស់លោកអ្នកផ្ទាល់ទេ លុះត្រាតែលោកអ្នកលូកដៃទទួលយកអំណោយនោះ។ តើលោកអ្នកអាចទទួលយកអំណោយនោះយ៉ាងដូចម្ដេច?
លោកយេស៊ូបានមានប្រសាសន៍ថា ពួកអ្នកដែល«បង្ហាញជំនឿ»លើលោកនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ ជំនឿគឺជាប់ទាក់ទងនឹងរបៀបដែលលោកអ្នកប្រព្រឹត្តក្នុងជីវិត។ (យ៉ាកុប ២:២៦) ការបង្ហាញជំនឿលើលោកយេស៊ូមានន័យថាលោកអ្នកនឹងរស់នៅសមស្របតាមអ្វីដែលលោកមានប្រសាសន៍និងអ្វីដែលលោកធ្វើ។ ដើម្បីធ្វើដូច្នេះ លោកអ្នកត្រូវស្គាល់លោកយេស៊ូនិងបិតារបស់លោកឲ្យបានច្បាស់។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។—យ៉ូហាន ១៧:៣
ប្រហែលជា២.០០០ឆ្នាំមុន លោកយេស៊ូគ្រិស្តបានបង្រៀនអ្វីដែលបានកែប្រែជីវិតរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ តើលោកអ្នកចង់ដឹងថែមទៀតអំពីសេចក្ដីបង្រៀននោះឬទេ? តើលោកអ្នកចង់ដឹងឬទេអំពីរបៀបដែលលោកអ្នកនិងមនុស្សជាទីស្រឡាញ់របស់លោកអ្នកអាចទទួលប្រយោជន៍ពីសេចក្ដីបង្រៀននោះ មិនគ្រាន់តែឥឡូវ តែជារៀងរហូត? សាក្សីព្រះយេហូវ៉ាសប្បាយចិត្តជួយពន្យល់អំពីសេចក្ដីបង្រៀននោះដល់លោកអ្នក។
[កំណត់សម្គាល់]
^ វគ្គ 3 មនុស្សទាំងអស់ដែលអះអាងថាជាគ្រិស្តសាសនិកមិនមែនជាអ្នកកាន់តាមពិតរបស់គ្រិស្តទេ។ ពួកអ្នកកាន់តាមពិតប្រាកដរបស់លោកយេស៊ូគឺពួកអ្នកដែលរស់នៅសមស្របតាមសេចក្ដីពិតដែលលោកបានបង្រៀនអំពីព្រះនិងបំណងប្រាថ្នារបស់លោក។—ម៉ាថាយ ៧:២១-២៣
^ វគ្គ 5 ដើម្បីទទួលព័ត៌មានបន្ថែមអំពីសេចក្ដីបង្រៀនដែលមានមូលដ្ឋានលើបទគម្ពីរស្តីអំពីថ្លៃលោះ សូមមើលជំពូកទី៥ «តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ» ដែលមានក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។