លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំធ្វើឲ្យសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាកើតទុក្ខឡើយ

កុំធ្វើឲ្យសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាកើតទុក្ខឡើយ

កុំ​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​កើត​ទុក្ខ​ឡើយ

«កុំ​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​ព្រះ​បាន​បិទ​ត្រា​លើ​អ្នក​រាល់​គ្នា . . . កើត​ទុក្ខ​ឡើយ»។—អេភ. ៤:៣០

១. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​សម្រាប់​មនុស្ស​រាប់​លាន​នាក់? ហើយ​តើ​ពួក​គេ​មាន​កាតព្វកិច្ច​អ្វី?

ព្រះ យេហូវ៉ា​បាន​ធ្វើ​អ្វី​ដ៏​ពិសេស​មួយ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​ច្របូក​ច្របល់​នេះ។ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ចូល​ទៅ​ជិត​លោក​តាម​រយៈ​បុត្រ​តែ​មួយ​របស់​លោក ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។ (យ៉ូន. ៦:៤៤) អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ បើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​កំពុង​រស់​នៅ​សម​ស្រប​តាម​ការ​ប្រគល់​ខ្លួន​នោះ។ ដោយ​សារ​អ្នក​ជា​បុគ្គល​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​សកម្មពល​បរិសុទ្ធ អ្នក​មាន​កាតព្វកិច្ច​ប្រព្រឹត្ត​ស្រប​តាម​សកម្មពល​នោះ។—ម៉ាថ. ២៨:១៩

២. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

យើង​ដែល«សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ» យើង​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។ (កាឡ. ៦:៨; អេភ. ៤:១៧​-​២៤) ប៉ុន្តែ​សាវ័ក​ប៉ូល​បាន​ឲ្យ​ដំបូន្មាន ហើយ​ព្រមាន​យើង​កុំ​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​កើត​ទុក្ខ។ (សូម​អាន អេភេសូរ ៤:២៥​-​៣២) ឥឡូវ​យើង​នឹង​ពិនិត្យ​មើល​ដំបូន្មាន​របស់​សាវ័ក​ប៉ូល។ តើ​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​គាត់​និយាយ​អំពី​ការ​ធ្វើ​ឲ្យ​សកម្មពល​របស់​ព្រះ​កើតទុក្ខ? តើ​តាម​របៀប​ណា​ដែល​បុគ្គល​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​សកម្មពល​លោក​កើត​ទុក្ខ? ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ធ្វើ​ឲ្យ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​កើត​ទុក្ខ?

តើ​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា?

៣. តើ​ពាក្យ​ដែល​បាន​កត់​ទុក​នៅ​អេភេសូរ ៤:៣០​មាន​ន័យ​យ៉ាង​ណា? សូម​ពន្យល់។

មុន​ដំបូង សូម​កត់​សម្គាល់​ពាក្យ​របស់​ប៉ូល​ដែល​បាន​កត់​ទុក​នៅ​អេភេសូរ ៤:៣០។ គាត់​បាន​សរសេរ​ថា៖ «កុំ​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​ព្រះ​បាន​បិទ​ត្រា​លើ​អ្នក​រាល់​គ្នា​សម្រាប់​ថ្ងៃ​លោះ កើត​ទុក្ខ​ឡើយ»។ ប៉ូល​មិន​ចង់​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់​របស់​គាត់ ធ្វើ​អ្វី​ដែល​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​ពួក​គេ​និង​ធ្វើ​ឲ្យ​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​ប្រេះ​ឆា។ គឺ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ដែល​បាន«បិទ​ត្រា»លើ​ពួក​គេ«សម្រាប់​ថ្ងៃ​លោះ»។ សកម្មពល​បរិសុទ្ធ​ធ្លាប់​ជា​ត្រា ហើយ​នៅ​តែ​ជា​ត្រា​ឬ«ជា​ការ​បញ្ចាំ​ចិត្ត»ទុក​ជា​មុន ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ។ (២កូ. ១:២២) ត្រា​នេះ​បញ្ជាក់​ថា​ពួក​គាត់​ជា​របស់​ផង​ព្រះ ហើយ​នឹង​ទទួល​ជីវិត​នៅ​ស្ថាន​សួគ៌។ ចំនួន​ពួក​អ្នក​ដែល​បាន​ត្រូវ​បោះ​ត្រា​គឺ​១៤៤.០០០​នាក់។—បប. ៧:២​-​៤

៤. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​មិន​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ?

ប្រសិន​បើ​គ្រិស្ត​សាសនិក​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ នេះ​ជា​ដំណាក់​កាល​ដំបូង​ដែល​អាច​នាំ​ឲ្យ​សកម្មពល​ព្រះ​លែង​មាន​ឥទ្ធិពល​ក្នុង​ជីវិត​គាត់​ទៀត។ នេះ​អាច​កើត​ឡើង​ពិត​មែន ដូច​អ្វី​ដែល​ដាវីឌ​បាន​ពោល​ក្រោយ​គាត់​ធ្វើ​អំពើ​ខុស​ឆ្គង​ជា​មួយ​នាង​បាតសេបា។ ដាវីឌ​បាន​ប្រែ​ចិត្ត​ហើយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ថា៖ «សូម​កុំ​ចោល​ទូល​បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ឡើយ»។ (ទំនុក. ៥១:១១) មាន​តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល«រក្សា​សេចក្ដី​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់»ប៉ុណ្ណោះ ដែល​នឹង​ទទួល«មកុដ»នៃ​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌។ (បប. ២:១០; ១កូ. ១៥:៥៣) គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​ក៏​ត្រូវ​ការ​សកម្មពល​បរិសុទ្ធ​ដែរ ទើប​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ ហើយ​ទទួល​ជីវិត​ដែល​ជា​អំណោយ​ពី​លោក ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​ថ្លៃ​លោះ​ដែល​ជា​គ្រឿង​បូជា​របស់​គ្រិស្ត។ (យ៉ូន. ៣:៣៦; រ៉ូម ៥:៨; ៦:២៣) ហេតុ​នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​កើត​ទុក្ខ​ឡើយ។

តើ​តាម​របៀប​ណា​ដែល​គ្រិស្ត​សាសនិក​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ?

៥, ៦. តើ​តាម​របៀប​ណា​ដែល​គ្រិស្ត​សាសនិក​ធ្វើ​ឲ្យ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​កើត​ទុក្ខ?

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ។ យើង​អាច​ជៀស​ចេញ​បាន បើ​យើង‹បន្ត​រស់​នៅ​និង​ប្រព្រឹត្ត​ស្រប​តាម​ការ​ដឹក​នាំ​នៃ​សកម្មពល​របស់​ព្រះ› ពី​ព្រោះ​នេះ​នឹង​ជួយ​យើង​មិន​ឲ្យ​ចុះ​ចាញ់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​រូប​កាយ ហើយ​យើង​នឹង​មិន​មាន​ចរិត​លក្ខណៈ​អាក្រក់​ឡើយ។ (កាឡ. ៥:១៦, ២៥, ២៦) ប៉ុន្តែ​ស្ថានភាព​នេះ​អាច​ផ្លាស់​ប្ដូរ។ យើង​អាច​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ​មួយ​កម្រិត ពេល​យើង​រសាត់​បន្ដិច​ម្ដង​ៗ​ដោយ​មិន​បាន​ចាប់​អារម្មណ៍ ទៅ​ប្រព្រឹត្ត​អំពើ​ដែល​គម្ពីរ​បាន​ផ្ដន្ទា​ទោស។

បើ​យើង​បន្ត​ប្រព្រឹត្ត​អំពើ​ដែល​ខុស​ពី​ការ​ណែនាំ​នៃ​សកម្មពល​បរិសុទ្ធ យើង​នឹង​ធ្វើ​ឲ្យ​សកម្មពល​នោះ និង​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សកម្មពល​នោះ កើត​ទុក្ខ។ ការ​ពិនិត្យ​មើល​អេភេសូរ ៤:២៥​-​៣២ នឹង​បង្ហាញ​យើង​នូវ​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត ហើយ​នេះ​អាច​ជួយ​យើង​មិន​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ។

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ?

៧, ៨. ហេតុ​អ្វី​យើង​ត្រូវ​និយាយ​ពាក្យ​ពិត? សូម​ពន្យល់។

យើង​ត្រូវ​និយាយ​ពាក្យ​ពិត។ យោង​ទៅ​តាម​អេភេសូរ ៤:២៥ ប៉ូល​បាន​សរសេរ​ថា៖ «ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ពាក្យ​មិន​ពិត​ហើយ ចូរ​ម្នាក់​ៗ​និយាយ​សេចក្ដី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ»។ ដោយ​សារ​យើង​រួប​រួម​ជា«អវយវៈ​នៃ​រូប​កាយ​តែ​មួយ» យើង​ពិត​ជា​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​វៀច​វេរ​ទេ ឬ​ខំ​បំភាន់​បង​ប្អូន​រួម​ជំនឿ​ដោយ​ចេតនា ពី​ព្រោះ​នេះ​គឺ​ដូច​ជា​យើង​កុហក​ពួក​គាត់។ បុគ្គល​ណា​ដែល​បន្ត​ធ្វើ​ដូច្នេះ នោះ​នៅ​ទី​បំផុត នឹង​លែង​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ។—សូម​អាន សុភាសិត ៣:៣២

ពាក្យ​មិន​ពិត​និង​ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​វៀច​វេរ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ។ ដូច្នេះ គប្បី​ឲ្យ​យើង​ធ្វើ​ដូច​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដែល​គ្មាន​នរណា​អាច​ចាប់​ទោស​កំហុស​គាត់​បាន​ឡើយ។ (ដាន. ៦:៤) មួយ​វិញទៀត យើង​គួរ​ចាំ​ដំបូន្មាន​របស់​ប៉ូល​ទៅ​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ថា សមាជិក​ម្នាក់​ៗ​នៃ«រូប​កាយ​របស់​គ្រិស្ត»ជា​របស់​ផង​សមាជិក​ឯ​ទៀត​ទាំង​អស់ ហើយ​ត្រូវ​នៅ​ជាប់​ជា​និច្ច​ជា​មួយ​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​បាន​ត្រូវ​រើស​តាំង ដែល​និយាយ​ពាក្យ​ពិត។ (អេភ. ៤:១១, ១២) បើ​យើង​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី នោះ​យើង​ក៏​ត្រូវ​និយាយ​ពាក្យ​ពិត​ដែរ ហើយ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​រវាង​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក។

៩. ហេតុ​អ្វី​សំខាន់​ចាំ​បាច់​ឲ្យ​យើង​ធ្វើ​តាម​អេភេសូរ ៤:២៦, ២៧?

យើង​ត្រូវ​ត​ស៊ូ​នឹង​មេ​កំណាច ហើយ​មិន​ឲ្យ​វា​មាន​ឱកាស​ធ្វើ​ឲ្យ​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​ព្រះ​ប្រេះ​ឆា។ (យ៉ា. ៤:៧) សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​សាថាន។ ជា​ឧទាហរណ៍ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ប្រយ័ត្ន​មិន​ឲ្យ​មាន​កំហឹង​ដែល​ទប់​មិន​បាន។ ប៉ូល​បាន​សរសេរ​ថា៖ «ពេល​ដែល​អ្នក​រាល់​គ្នា​ខឹង កុំ​ធ្វើ​ខុស។ កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ ហើយ​កុំ​ឲ្យ​មេ​កំណាច​មាន​ឱកាស»។ (អេភ. ៤:២៦, ២៧) ប្រសិន​បើ​យើង​ខឹង​ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ ការ​អធិដ្ឋាន​ភ្លាម​ៗ​ដោយ​ស្ងាត់​ស្ងៀម​អាច​ជួយ​យើង​ឲ្យ​មាន«ចិត្ត​ត្រជាក់» ដោយ​ចេះ​ទប់​ចិត្ត​ជា​ជាង​ប្រព្រឹត្ត​តាម​របៀប​ដែល​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ។ (សុភ. ១៧:២៧) ដូច្នេះ កុំ​ឲ្យ​យើង​ទុក​កំហឹង ហើយ​ឲ្យ​ឱកាស​សាថាន​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ (ទំនុក. ៣៧:៨, ៩) របៀប​មួយ​ដែល​យើង​អាច​ទប់​ទល់​នឹង​វា​បាន​គឺ​ដោយ​ដោះ​ស្រាយ​ទំនាស់​ឲ្យ​បាន​ឆាប់​រហ័ស​ស្រប​តាម​ដំបូន្មាន​របស់​លោក​យេស៊ូ។—ម៉ាថ. ៥:២៣, ២៤; ១៨:១៥​-​១៧

១០, ១១. ហេតុ​អ្វី​យើង​មិន​ត្រូវ​លួច​ឬ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់?

១០ យើង​មិន​ត្រូវ​ចុះ​ចាញ់​នឹង​ការ​ល្បួង​ឲ្យ​លួច​ឬ​ឲ្យ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​ទេ។ ប៉ូល​បាន​សរសេរ​អំពី​ការ​លួច​ថា៖ «អ្នក​ដែល​លួច​ត្រូវ​ឈប់​លួច​ត​ទៅ​ទៀត តែ​ត្រូវ​ឲ្យ​អ្នក​នោះ​ធ្វើ​ការ​ទៀង​ត្រង់​យ៉ាង​នឿយ​ហត់​ដោយ​ដៃ​ខ្លួន​ឯង ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត»។ (អេភ. ៤:២៨) បើ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ លួច​គេ នោះ​តាម​ពិត​គាត់‹ធ្វើ​ឲ្យ​គេ​មើល​ងាយ​នាម​របស់​ព្រះ›។ (សុភ. ៣០:៧​-​៩) ថ្វី​បើ​គាត់​ក្រ​ក៏​ដោយ នេះ​មិន​មែន​ជា​មូលហេតុ​ឲ្យ​គាត់​លួច​ទេ។ ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង​យល់​ថា​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​លួច​គេ​ឡើយ។—ម៉ាក. ១២:២៨​-​៣១

១១ ប៉ូល​មិន​គ្រាន់​តែ​រៀប​រាប់​អំពី​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ​ប៉ុណ្ណោះ​ទេ គាត់​ក៏​បាន​ប្រាប់​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ដែរ។ បើ​យើង​កំពុង​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​យើង ហើយ​កំពុង​រស់​នៅ​សម​ស្រប​នឹង​ការ​ដឹក​នាំ​នៃ​សកម្មពល​បរិសុទ្ធ នោះ​យើង​នឹង​ខំ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ ហើយ​ក៏​មាន«អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត»ដែរ។ (១ធី. ៥:៨) លោក​យេស៊ូ​និង​ពួក​សាវ័ក​បាន​ទុក​ប្រាក់​ខ្លះ​ដើម្បី​ជួយ​ជន​ក្រី​ក្រ ប៉ុន្តែ​យូដាស​អ៊ីស្ការីយ៉ុត ដែល​ជា​អ្នក​ក្បត់​លោក បាន​លួច​ប្រាក់​នោះ​ខ្លះ។ (យ៉ូន. ១២:៤​-​៦) សកម្មពល​បរិសុទ្ធ​ពិត​ជា​មិន​បាន​ដឹក​នាំ​គាត់​ទេ។ យើង​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​របស់​ព្រះ«ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់»ដូច​ប៉ូល​ដែរ។ (ហេ. ១៣:១៨) យ៉ាង​នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​កើត​ទុក្ខ​ឡើយ។

អ្វី​ៗ​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​កុំ​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ

១២, ១៣. (ក) ដូច​បាន​រៀប​រាប់​នៅ​អេភេសូរ ៤:២៩ តើ​យើង​គួរ​ជៀស​វាង​ពាក្យ​សម្ដី​បែប​ណា? (ខ) តើ​យើង​គួរ​មាន​ពាក្យ​សម្ដី​បែប​ណា?

១២ យើង​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្ដី​របស់​យើង។ ប៉ូល​បាន​ប្រកាស​ថា៖ «កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​តាម​កាលៈទេសៈ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់»។ (អេភ. ៤:២៩) ម្ដង​ទៀត ប៉ូល​បាន​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ ជា​ជាង​គ្រាន់​តែ​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ​ប៉ុណ្ណោះ។ ដោយ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​នៃ​សកម្មពល​ព្រះ នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ‹ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់›។ ម្យ៉ាង​ទៀត មិន​គប្បី​ឲ្យ«ពាក្យ​អាក្រក់»ណា​មួយ​ចេញ​ពី​មាត់​យើង​ឡើយ។ ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«អាក្រក់» បាន​ត្រូវ​ប្រើ​ដើម្បី​ពណ៌នា​អំពី​ផ្លែ​ឈើ ត្រី​ឬ​សាច់​ដែល​រលួយ។ អាហារ​ដែល​រលួយ​ធ្វើ​ឲ្យ​យើង​ខ្ពើម ដូច​គ្នា​ដែរ​យើង​ស្អប់​ពាក្យ​សម្ដី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​អាក្រក់។

១៣ ពាក្យ​សម្ដី​របស់​យើង​គួរ​សម​រម្យ សប្បុរស ហើយ«បង់​អំបិល»។ (កូឡ. ៣:៨​-​១០; ៤:៦) ពេល​មនុស្ស​ឮ​យើង​និយាយ គេ​គួរ​កត់​សម្គាល់​ថា​យើង​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត។ ដូច្នេះ សូម​ឲ្យ​យើង​ពោល​ពាក្យ​ដែល«ល្អ​សម្រាប់​ពង្រឹង»អ្នក​ឯ​ទៀត​ជា​និច្ច ហើយ​យើង​នឹង​មាន​អារម្មណ៍​ដូច​អ្នក​តែង​បទ​ទំនុក​តម្កើង​ដែល​ច្រៀង​ថា៖ «ឱ​ព្រះ​យេហូវ៉ា ជា​ថ្ម​ដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃ​ទូល​បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូល​បង្គំ នឹង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល​បង្គំ បាន​គួរ​គាប់​នៅ​ព្រះ​នេត្រ​ទ្រង់»។—ទំនុក. ១៩:១៤

១៤. យោង​ទៅ​តាម​អេភេសូរ ៤:៣០, ៣១ តើ​យើង​ត្រូវ​បោះ​បង់​ចោល​អ្វី​ខ្លះ?

១៤ យើង​ត្រូវ​បោះ​បង់​ចោល​គំនុំ ចិត្ត​ក្ដៅ​ក្រហាយ ពាក្យ​ប្រមាថ​មើល​ងាយ​និង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង។ បន្ទាប់​ពី​ប៉ូល​បាន​ព្រមាន​យើង​កុំ​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ គាត់​បាន​សរសេរ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​មួយ​នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង»។ (អេភ. ៤:៣០, ៣១) ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ យើង​ទាំង​អស់​គ្នា​ត្រូវ​ខំ​ប្រឹង​កាន់​កាប់​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង។ បើ​យើង​មិន​គ្រប់​គ្រង​លើ«គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ»ទេ នោះ​យើង​នឹង​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ។ ដូច​គ្នា​ដែរ បើ​យើង​ទុក​ក្នុង​ចិត្ត​នូវ​អំពើ​ខុស​ឆ្គង​ដែល​គេ​ប្រព្រឹត្ត​មក​លើ​យើង មាន​ចិត្ត​ខឹង ហើយ​មិន​ព្រម​ផ្សះ​ផ្សា​ជា​មួយ​នឹង​អ្នក​ដែល​ធ្វើ​ខុស នោះ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ​ដែរ។ ប្រសិន​បើ​យើង​ចាប់​ផ្ដើម​មិន​អើពើ​នឹង​ដំបូន្មាន​ក្នុង​គម្ពីរ ប្រហែល​ជា​យើង​បណ្ដុះ​នូវ​ចរិត​លក្ខណៈ​ដែល​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​សកម្មពល​ព្រះ ហើយ​យើង​ក៏​អាច​ទទួល​ផល​វិបាក​អាក្រក់​ក្រៃ​លែង​ដែរ។

១៥. បើ​គេ​ធ្វើ​ខុស​មក​លើ​យើង តើ​យើង​គួរ​ធ្វើ​អ្វី?

១៥ យើង​ត្រូវ​មាន​ចិត្ត​សប្បុរស មេត្ដា​ករុណា ហើយ​អភ័យ​ទោស។ ប៉ូល​បាន​សរសេរ​ថា៖ «ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្ដា ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដូច​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ដែរ»។ (អេភ. ៤:៣២) ទោះ​ជា​យើង​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយ​សារ​គេ​បាន​ធ្វើ​ខុស​ចំពោះ​យើង​ក៏​ដោយ ចូរ​យើង​អភ័យ​ទោស​ឲ្យ​គេ ដូច​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​យើង​ដែរ។ (លូក. ១១:៤) ឧបមា​ថា​បង​ប្អូន​រួម​ជំនឿ​ម្នាក់​បាន​និយាយ​អ្វី​មិន​ល្អ​អំពី​យើង។ យើង​ទៅ​រក​គាត់​ដើម្បី​ខំ​ដោះ​ស្រាយ​បញ្ហា​នោះ។ គាត់​ប្រាប់​ថា​គាត់​ពិត​ជា​សោក​ស្ដាយ​ណាស់ ហើយ​សុំ​អភ័យ​ទោស។ យើង​អភ័យ​ទោស​ឲ្យ​គាត់ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​អ្វី​ច្រើន​ជាង​នេះ។ លេវីវិន័យ ១៩:១៨​ចែង​ថា៖ «មិន​ត្រូវ​សង​សឹក ឬ​ចង​គំនុំ​គុំ​គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​ឯង​ឡើយ​គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ អញ​នេះ​ជា​ព្រះ​យេហូវ៉ា»។

ត្រូវ​ប្រុង​ប្រយ័ត្ន

១៦. សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​យើង​ប្រហែល​ត្រូវ​កែ​ប្រែ​ដើម្បី​មិន​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​យេហូវ៉ា​កើត​ទុក្ខ។

១៦ សូម្បី​តែ​ពេល​យើង​នៅ​ម្នាក់​ឯង ក៏​អាច​មាន​សេចក្ដី​ល្បួង​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​មិន​ពេញ​ចិត្ត​ដែរ។ ជា​ឧទាហរណ៍ ប្អូន​ប្រុស​ម្នាក់​ប្រហែល​ជា​បាន​ស្ដាប់​បទ​ភ្លេង​ដែល​គ្រិស្ត​សាសនិក​មិន​គួរ​ស្ដាប់។ នៅ​ទី​បំផុត ដោយ​សារ​គាត់​មិន​អើពើ​នឹង​ដំបូន្មាន​គម្ពីរ​ដែល​មាន​ក្នុង​សៀវភៅ​ផ្សេង​ៗ​ដែល​មក​ពី«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា» នោះ​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​ធ្វើ​ទុក្ខ​គាត់។ (ម៉ាថ. ២៤:៤៥) គាត់​ប្រហែល​អធិដ្ឋាន​អំពី​រឿង​នេះ ហើយ​ទំនង​ជា​នឹក​ឃើញ​ពាក្យ​របស់​ប៉ូល​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេភេសូរ ៤:៣០។ ដោយ​សារ​គាត់​បាន​តាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ នោះ​គាត់​សម្រេច​ចិត្ត​ជៀស​វាង​បទ​ភ្លេង​ដែល​គ្រិស្ត​សាសនិក​មិន​គួរ​ស្ដាប់ ចាប់​តាំង​ពី​ពេល​នោះ​មក។ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​ប្អូន​ប្រុស​នោះ ពេល​គាត់​បង្ហាញ​ចិត្ត​គំនិត​បែប​នោះ។ ហេតុ​នេះ ចូរ​យើង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​មិន​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ។

១៧. បើ​យើង​មិន​ប្រុង​ប្រយ័ត្ន និង​មិន​អធិដ្ឋាន តើ​អាច​មាន​អ្វី​កើត​ឡើង​ដល់​យើង?

១៧ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ថែម​ទាំង​អធិដ្ឋាន បើ​យើង​មិន​ចង់​ចុះ​ចាញ់​នឹង​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឬ​ស្មោក​គ្រោក ដែល​ធ្វើ​ឲ្យ​សកម្មពល​កើត​ទុក្ខ។ សកម្មពល​បរិសុទ្ធ​ជា​អ្វី​ដែល​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ប្រើ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក ហេតុ​នេះ យើង​ប្រាកដ​ជា​មិន​ចង់​ធ្វើ​ឲ្យ​សកម្មពល​នោះ​កើត​ទុក្ខ​ឬ​ព្រួយ​ឡើយ ពី​ព្រោះ​ការ​ធ្វើ​ដូច្នេះ​គឺ​ដូច​ជា​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​កើត​ទុក្ខ។ (អេភ. ៤:៣០) នៅ​សតវត្សរ៍​ទី​១ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចោទ​ថា លោក​យេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ​ដោយ​ទទួល​ឫទ្ធានុភាព​ពី​សាថាន។ (សូម​អាន ម៉ាកុស ៣:២២​-​៣០) ពួក​សត្រូវ​ទាំង​នោះ​របស់​គ្រិស្ត​បាន«ពោល​ពាក្យ​ប្រមាថ​សកម្មពល​របស់​ព្រះ» ហើយ​យ៉ាង​នេះ បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ព្រះ​មិន​អភ័យ​ទោស​ឲ្យ​ឡើយ។ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​ដូច្នោះ!

១៨. តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា យើង​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ព្រះ​មិន​អភ័យ​ទោស​ឲ្យ?

១៨ យើង​ពិត​ជា​មិន​ចង់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ព្រះ​មិន​អភ័យ​ទោស​ឲ្យ​ទេ ហេតុ​នេះ​យើង​ត្រូវ​ចាំ​អ្វី​ដែល​ប៉ូល​បាន​រៀប​រាប់​អំពី​ការ​មិន​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? បើ​យើង​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ យើង​អាច​សន្និដ្ឋាន​ថា​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​យើង ហើយ​ថា​យើង​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​សកម្មពល​បរិសុទ្ធ​ទេ។ ដោយ​មាន​ជំនួយ​ពី​ព្រះ យើង​ក៏​អាច​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ​ម្ដង​ទៀត​ដែរ។

១៩, ២០. (ក) តើ​យើង​ត្រូវ​ជៀស​វាង​ពី​អ្វី​ខ្លះ? (ខ) តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ព្រះ​បាន​ប្រើ​សកម្មពល​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ អំណរ​និង​សាមគ្គីភាព​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។ (ទំនុក. ១៣៣:១​-​៣) អាស្រ័យ​ហេតុ​នេះ យើង​មិន​គួរ​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ​ដោយ​និយាយ​ដើម​គេ​ឬ​និយាយ​អ្វី​ដែល​នឹង​នាំ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​មិន​សូវ​គោរព​គង្វាល​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​ព្រះ។ (សកម្ម. ២០:២៨; យូ. ៨) ផ្ទុយ​ទៅ​វិញ យើង​គួរ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ក្រុម​ជំនុំ។ ច្បាស់​ណាស់ យើង​មិន​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​បក្ខ​ពួក​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ឡើយ។ ប៉ូល​បាន​សរសេរ​ថា៖ «បង​ប្អូន​អើយ តាម​រយៈ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​និយាយ​ដូច​គ្នា​ទាំង​អស់ ហើយ​មិន​ត្រូវ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​មាន​គំនិត​ឯកភាព និង​មាន​របៀប​គិត​គូរ​តែ​មួយ»។—១កូ. ១:១០

២០ ព្រះ​យេហូវ៉ា​មាន​បំណង​និង​មាន​សមត្ថភាព​ជួយ​យើង​មិន​ធ្វើ​ឲ្យ​សកម្មពល​របស់​លោក​កើត​ទុក្ខ។ ចូរ​យើង​បន្ត​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ ហើយ​តាំង​ចិត្ត​មិន​ធ្វើ​ឲ្យ​សកម្មពល​នោះ​កើត​ទុក្ខ​ឡើយ។ សូម​ឲ្យ​យើង​បន្ត«សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ» ថែម​ទាំង​ខំ​ឲ្យ​សកម្មពល​នោះ​ដឹក​នាំ​យើង​នៅ​ពេល​ឥឡូវ​នេះ​និង​ជា​រៀង​រហូត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ការ​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ​មាន​ន័យ​អ្វី?

• តើ​តាម​របៀប​ណា​ដែល​បុគ្គល​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ហើយ អាច​ធ្វើ​ឲ្យ​សកម្មពល​ព្រះ​កើត​ទុក្ខ?

• តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឲ្យ​សកម្មពល​បរិសុទ្ធ​កើត​ទុក្ខ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​៣០]

ដោះ​ស្រាយ​ទំនាស់​ឲ្យ​បាន​ឆាប់​រហ័ស

[រូប​ភាព​នៅ​ទំព័រ​៣១]

តើ​ពាក្យ​សម្ដី​របស់​អ្នក​ប្រៀប​បាន​នឹង​ផ្លែ​ឈើ​បែប​ណា?