លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បងប្អូនប្រុសៗចូរសាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ ហើយព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំចុះ!

បងប្អូនប្រុសៗចូរសាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ ហើយព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំចុះ!

បង​ប្អូន​ប្រុស​ៗ​ចូរ​សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ ហើយ​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ​ចុះ!

«អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ អ្នក​នោះ​នឹង​ទទួល​ផល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់»។ —កាឡ. ៦:៨

១, ២. តើ​បទ​គម្ពីរ​នៅ​ម៉ាថាយ ៩:៣៧, ៣៨​កំពុង​សម្រេច​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​អ្វី​ក្នុង​ក្រុម​ជំនុំ?

សព្វ​ថ្ងៃ​នេះ អ្នក​កំពុង​ឃើញ​ព្រឹត្ដិការណ៍​ជា​ប្រវត្ដិសាស្ត្រ​ដែល​អ្នក​នឹង​ចាំ​ជា​រៀង​រហូត! កិច្ចការ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ កំពុង​រីក​ចម្រើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​កិច្ច​ការ​របស់​លោក»។ (ម៉ាថ. ៩:៣៧, ៣៨) ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​តាម​ការ​អង្វរ​សុំ​នេះ​តាម​របៀប​ដែល​មិន​ធ្លាប់​មាន​ពី​មុន។ ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០០៩​ចំនួន​ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក​បាន​កើនឡើង​២.០៣១​ក្រុម​ជំនុំ ហើយ​ឥឡូវ​មាន​ចំនួន​១០៥.២៩៨​ក្រុម​ជំនុំ។ ជា​រៀង​រាល់​ថ្ងៃ ជា​មធ្យម​មនុស្ស​៧៥៧​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក!

ការ​រីក​ចម្រើន​ដូច​នេះ​តម្រូវ​ឲ្យ​មាន​បង​ប្អូន​ប្រុស​ៗ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​នាំ​មុខ​ក្នុង​ការ​បង្រៀន​និង​ធ្វើ​ជា​គង្វាល​ក្នុង​ក្រុម​ជំនុំ។ (អេភ. ៤:១១) ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ព្រះ​យេហូវ៉ា​បាន​បង្កើត​ឲ្យ​មាន​ពួក​បុរស​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ថែ​រក្សា​ចៀម​របស់​លោក ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​បន្ត​ធ្វើ​ដូច្នោះ។ ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សៀវភៅ​មីកា ៥:៤​ធានា​យើង​ថា ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន«ពួក​អ្នក​គង្វាល​៧​នាក់» និង«ពួក​ជា​ប្រធាន​៨​នាក់» ដែល​តំណាង​បុរស​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​នាំ​មុខ​ក្នុង​ចំណោម​ពួក​គេ។

៣. តើ​ការ«សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ»មាន​ន័យ​យ៉ាង​ណា? សូម​ពន្យល់។

បើ​អ្នក​ជា​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​រួច​ហើយ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ចង់​ទទួល​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ? កត្ដា​សំខាន់​គឺ អ្នក​ត្រូវ«សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ»។ (កាឡ. ៦:៨) នេះ​រួម​បញ្ចូល​របៀប​រស់​នៅ​ដែល​អនុញ្ញាត​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក។ ចូរ​តាំង​ចិត្ត​មិន«សាប​ព្រោះ​ដោយ​គិត​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ»។ ចូរ​កុំ​ឲ្យ​អ្វី​ៗ​បែប​នេះ​ដូច​ជា​ការ​ចង់​បាន​ភាព​សុខ​ស្រួល ការ​លម្ហែ​កាយ​និង​ការ​កម្សាន្ត​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ចង់​បម្រើ​ព្រះ​អស់​ពី​សមត្ថភាព។ គ្រិស្ត​សាសនិក​ទាំង​អស់​គួរ«សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ» ហើយ​មិន​យូរ​មិន​ឆាប់ បុរស​ដែល​ធ្វើ​ដូច្នេះ​ប្រហែល​ជា​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ ដោយ​សារ​សព្វ​ថ្ងៃ​នេះ​មាន​សេចក្ដី​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​អ្នក​ចាស់​ទុំ អត្ថបទ​នេះ​បាន​ត្រូវ​រៀបចំ​សម្រាប់​ពួក​បុរស​គ្រិស្ត​សាសនិក។ ហេតុ​នេះ យើង​ដាស់​តឿន​បង​ប្អូន​ប្រុស​ៗ​ឲ្យ​អធិដ្ឋាន​ហើយ​ពិចារណា​អំពី​អត្ថបទ​នេះ។

ព្យាយាម​ឲ្យ​បាន​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ

៤, ៥. (ក) តើ​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ បាន​ត្រូវ​ដាស់​តឿន​ឲ្យ​ព្យាយាម​ឲ្យ​បាន​ឯកសិទ្ធិ​អ្វី​ក្នុង​ក្រុម​ជំនុំ? (ខ) តើ​បុរស​អាច​ព្យាយាម​ឲ្យ​បាន​ឯកសិទ្ធិ​យ៉ាង​ដូច​ម្ដេច?

បុរស​គ្រិស្ត​សាសនិក​ម្នាក់​មិន​ក្លាយ​ជា​អ្នក​ត្រួត​ពិនិត្យ​ដោយ​ស្វ័យប្រវត្ត​ឡើយ។ គាត់​ត្រូវ​ព្យាយាម​ឲ្យ​បាន«កិច្ច​ការ​ដ៏​ល្អ​ប្រសើរ»។ (១ធី. ៣:១) នេះ​រួម​បញ្ចូល​បម្រើ​បង​ប្អូន​រួម​ជំនឿ​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់​យ៉ាង​ស្មោះ​ត្រង់។ (សូម​អាន អេសាយ ៣២:១, ២) បុរស​ដែល​ព្យាយាម​ឲ្យ​បាន​ឯកសិទ្ធិ​ដោយ​បំណង​ចិត្ត​ត្រឹម​ត្រូវ​មិន​មាន​មហិច្ឆតា​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​តែង​តែ​គិត​ពី​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត​ជា​ជាង​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

បុរស​ម្នាក់​ព្យាយាម​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ ដោយ​ខំ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បទ​គម្ពីរ។ (១ធី. ៣:១​-​១០, ១២, ១៣; ទីត. ១:៥​-​៩) បើ​អ្នក​ជា​បុរស​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ហើយ សូម​ដណ្ដឹង​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​កំពុង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ឬ​ទេ? តើ​ខ្ញុំ​កំពុង​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​សុខុមាលភាព​របស់​ពួក​គាត់​ឬ? តើ​ខ្ញុំ​មាន​ឈ្មោះ​ថា​ជា​អ្នក​ឧស្សាហ៍​សិក្សា​បណ្ដាំ​របស់​ព្រះ​ឬ​ទេ? តើ​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​ចម្លើយ​របស់​ខ្ញុំ​នៅ​ឯ​កិច្ច​ប្រជុំ​កាន់​តែ​ប្រសើរ​ឡើង​ឬ? ពេល​អ្នក​ចាស់​ទុំ​ប្រគល់​ភារកិច្ច​ឲ្យ​ខ្ញុំ តើ​ខ្ញុំ​ខំ​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ?›។ (២ធី. ៤:៥) គប្បី​ឲ្យ​អ្នក​ពិចារណា​អំពី​សំណួរ​ទាំង​នោះ​ឲ្យ​បាន​ដិត​ដល់។

៦. តើ​អ្វី​ជា​កត្ដា​សំខាន់​ដែល​ជួយ​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ?

វិធី​មួយ​ទៀត​ដែល​ជួយ​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​គឺ«ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា តាម​រយៈ​សកម្មពល​របស់[ព្រះ]»។ (អេភ. ៣:១៦) គ្មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​បុរស​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ក្លាយ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ​ទេ។ អ្នក​អាច​ទទួល​ឯកសិទ្ធិ​នេះ លុះ​ត្រា​តែ​អ្នក​មាន​ជំនឿន​ក្នុង​សេចក្ដី​ពិត។ តើ​អ្នក​អាច​មាន​ជំនឿន​ក្នុង​សេចក្ដី​ពិត​តាម​វិធី​ណា? វិធី​មួយ​គឺ​ឲ្យ«សកម្មពល​របស់​ព្រះ​បន្ត​ដឹក​នាំ​អ្នក» ហើយ​បណ្ដុះ​ឲ្យ​មាន​ផល​ដែល​បង្កើត​ដោយ​សកម្មពល​នោះ។ (កាឡ. ៥:១៦, ២២, ២៣) កាល​ដែល​អ្នក​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​មាន​គុណសម្បត្ដិ​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ដើម្បី​បំពេញ​ភារកិច្ច​បន្ថែម ហើយ​កាល​ដែល​អ្នក​អនុវត្ត​តាម​ដំបូន្មាន​ស្តី​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ នោះ‹មនុស្ស​ទាំង​អស់​នឹង​ឃើញ​ថា​អ្នក​មាន​ជំនឿន›។—១ធី. ៤:១៥

ត្រូវ​មាន​ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន

៧. តើ​ការ​បម្រើ​អ្នក​ឯ​ទៀត​រួម​បញ្ចូល​អ្វី?

ការ​បម្រើ​អ្នក​ឯ​ទៀត​រួម​បញ្ចូល​ការ​ខំ​ប្រឹង​យ៉ាង​ខ្លាំង និង​តម្រូវ​ឲ្យ​មាន​ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន។ ដោយ​សារ​ពួក​អ្នក​ត្រួត​ពិនិត្យ​គ្រិស្ត​សាសនិក​បម្រើ​ជា​គង្វាល​ក្នុង​ន័យ​ធៀប ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ដែល​ហ្វូង​ចៀម​ជួប​ប្រទះ។ សូម​កត់​សម្គាល់​របៀប​ដែល​ភារកិច្ច​ជា​គង្វាល​មាន​ឥទ្ធិពល​លើ​ប៉ូល។ គាត់​បាន​ប្រាប់​បង​ប្អូន​រួម​ជំនឿ​ក្នុង​ក្រុង​កូរិនថូស​ថា៖ «ខ្ញុំ​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា​ដោយ​មាន​សេចក្ដី​វេទនា​និង​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ថែម​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ផង មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ឡើយ តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា»។ (២កូ. ២:៤) គឺ​ច្បាស់​ណាស់ ប៉ូល​បាន​បម្រើ​បង​ប្អូន​អស់​ពី​កម្លាំង​ចិត្ត​កម្លាំង​កាយ។

៨, ៩. សូម​លើក​ឧទាហរណ៍​មួយ​ក្នុង​គម្ពីរ​ដែល​បង្ហាញ​ថា​បុរស​ផ្សេង​ៗ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។

ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន​ជា​លក្ខណៈ​សម្គាល់​របស់​បុរស​ដែល​បាន​ខំ​ប្រឹង​ប្រែង​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ណូអេ​ពិត​ជា​មិន​បាន​ប្រាប់​សមាជិក​ក្រុម​គ្រួសារ​គាត់​ថា៖ ‹សូម​ប្រាប់​ខ្ញុំ​កាល​ណា​សង់​ទូក​ហើយ ខ្ញុំ​នឹង​ចូល​ក្នុង​ទូក​ជា​មួយ​ដែរ›។ ម៉ូសេ​មិន​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីប​ថា៖ ‹ចាំ​ជួប​គ្នា​នៅ​សមុទ្រ​ក្រហម ធ្វើ​យ៉ាង​ណា​ក៏​បាន​ឲ្យ​តែ​ទៅ​ដល់​ទី​នោះ›។ យ៉ូស្វេ​មិន​ដែល​និយាយ​ថា៖ ‹សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង​កាល​ណា​កំពែង​ក្រុង​យេរីខូ​រ​លំ›។ ហើយ​អេសាយ​មិន​បាន​ចង្អុល​ទៅ​នរណា​ម្នាក់​ទៀត​ថា៖ ‹គាត់​នៅ​នេះ​ហើយ! សូម​ចាត់​គាត់​ទៅ›។—អេ. ៦:៨

បុរស​ដែល​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​សម្រាប់​យើង ដែល​បាន​ឲ្យ​សកម្មពល​ព្រះ​ជំរុញ​ទឹក​ចិត្ត​លោក​គឺ​លោក​យេស៊ូ​គ្រិស្ត។ លោក​បាន​ទទួល​យក​ដោយ​ស្ម័គ្រ​ចិត្ត​នូវ​ភារកិច្ច​ដើម្បី​បម្រើ​ជា​អ្នក​លោះ​មនុស្សជាតិ។ (យ៉ូន. ៣:១៦) សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​របស់​លោក​យេស៊ូ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​លះ​បង់​ប្រយោជន៍​យើង​ដែរ មែន​ទេ? អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បាន​បម្រើ​ជា​យូរ​យារ​មក​ហើយ​បាន​រៀប​រាប់​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​ហ្វូង​ចៀម ដោយ​ពោល​ថា៖ «ពាក្យ​របស់​លោក​យេស៊ូ​ទៅ​កាន់​ពេត្រុស​ដែល​ថា‹ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ› បាន​ជំរុញ​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង។ អស់​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​ដឹង​ថា​ពាក្យ​សម្ដី​ពីរ​បី​ម៉ាត់​ដែល​ប្រកប​ទៅ​ដោយសេចក្ដី​ស្រឡាញ់​ឬ​ការ​ធ្វើ​អ្វី​មួយ​បន្ដិច​បន្តួច​ដោយ​សប្បុរស អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ។ ការ​ឃ្វាល​ចៀម​ជា​កិច្ចការ​ដែល​ខ្ញុំ​ចូល​ចិត្ត​ណាស់»។—យ៉ូន. ២១:១៦

១០. តើ​អ្វី​អាច​ជំរុញ​ទឹក​ចិត្ត​បុរស​គ្រិស្ត​សាសនិក​ឲ្យ​យក​តម្រាប់​តាម​លោក​យេស៊ូ​ស្តី​អំពី​ការ​បម្រើ​អ្នក​ឯ​ទៀត?

១០ ស្តី​អំពី​ហ្វូង​ចៀម​របស់​ព្រះ បុរស​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ពិត​ជា​ចង់​បង្ហាញ​ចិត្ត​គំនិត​ដូច​លោក​យេស៊ូ​ដែល​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ»។ (ម៉ាថ. ១១:២៨) ដោយ​សារ​បុរស​ដែល​ជា​គ្រិស្ត​សាសនិក​មាន​ជំនឿ​លើ​ព្រះ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ នេះ​ជំរុញ​ពួក​គាត់​ឲ្យ​ព្យាយាម​ឲ្យ​បាន​កិច្ច​ការ​ដ៏​ប្រសើរ​នេះ ដោយ​មិន​គិត​ថា​ការ​ធ្វើ​ដូច្នេះ​ជា​ការ​លះបង់​ច្រើន​ពេក ឬ​ថា​ជា​ការ​ទាម​ទារ​កម្លាំង​កាយ​ចិត្ត ថែម​ទាំង​ពេល​វេលា​ច្រើន​ពេក​ឡើយ។ ចុះ​យ៉ាង​ណា​បើ​បុរស​ម្នាក់​មិន​មាន​ចិត្ត​ចង់​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ? តើ​តាម​របៀប​ណា​ដែល​គាត់​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បម្រើ​ក្រុម​ជំនុំ?

បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​បម្រើ​អ្នក​ឯ​ទៀត

១១. តើ​បុរស​ម្នាក់​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បម្រើ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១១ ប្រសិន​បើ​អ្នក​មិន​បាន​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ​ដោយ​សារ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់ នោះ​គឺ​សម​រម្យ​ឲ្យ​អ្នក​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (លូក. ១១:១៣) សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ត​ស៊ូ​នឹង​កង្វល់​ណា​មួយ​ដែល​អ្នក​ប្រហែល​ជា​មាន​ស្តី​អំពី​រឿង​នេះ។ សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បម្រើ​អ្នក​ឯ​ទៀត​គឺ​មក​ពី​ព្រះ ពី​ព្រោះ​គឺ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ដែល​ជំរុញ​ទឹក​ចិត្ត​បង​ប្រុស​ម្នាក់​ឲ្យ​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ ហើយ​ផ្ដល់​កម្លាំង​ដល់​គាត់​ដើម្បី​គាត់​អាច​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ។ (ភី. ២:១៣; ៤:១៣) ហេតុ​នេះ ជា​ការ​ល្អ​ឲ្យ​អ្នក​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។—សូម​អាន ទំនុក​តម្កើង ២៥:៤, ៥

១២. តើ​បុគ្គល​ម្នាក់​អាច​ទទួល​បាន​ប្រាជ្ញា​គ្រប់​គ្រាន់​យ៉ាង​ដូច​ម្ដេច​ដើម្បី​បំពេញ​ភារកិច្ច​ដែល​បាន​ប្រគល់​ឲ្យ​គាត់?

១២ បុរស​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​សម្រេច​ចិត្ត​មិន​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ​ដោយ​សារ​គាត់​ឃើញ​ថា សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មើល​ទៅ​ស្មុគ​ស្មាញ ហើយ​ទាម​ទារ​កម្លាំង​កាយ​ចិត្ត​ច្រើន​ពេក​ពី​គាត់។ ឬ​ក៏​គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​មិន​មាន​ប្រាជ្ញា​គ្រប់​គ្រាន់​ដើម្បី​បំពេញ​ភារកិច្ច​ផ្សេង​ៗ។ បើ​ដូច្នេះ​មែន គាត់​អាច​ទទួល​ប្រាជ្ញា​ដោយ​ឧស្សាហ៍​សិក្សា​ជាង​មុន​នូវ​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ គាត់​ប្រហែល​ជា​សួរ​ខ្លួន​គាត់​ថា‹តើ​ខ្ញុំ​ទុក​ពេល​វេលា​ដើម្បី​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​ខ្ញុំ​កំពុង​អធិដ្ឋាន​សុំ​ឲ្យ​មាន​ប្រាជ្ញា​ឬ​ទេ?›។ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សរសេរ​ថា៖ «ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្តី​បន្ទោស​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន»។ (យ៉ា. ១:៥) តើ​អ្នក​គិត​ថា​ពាក្យ​នេះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ជា​ពាក្យ​ពិត​ឬ​ទេ? ព្រះ​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​សាឡូម៉ូន ដោយ​ឲ្យ​គាត់​មាន«ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​និង​យោបល់»ដើម្បី​គាត់​អាច​ដឹង​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់ ពេល​គាត់​វិនិច្ឆ័យ​សេចក្ដី។ (១ព. ៣:៧​-​១៤) ពិត​មែន ករណី​របស់​សាឡូម៉ូន​គឺ​ជា​ករណី​ពិសេស។ ក៏​ប៉ុន្តែ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​ផ្ដល់​ប្រាជ្ញា​ឲ្យ​ពួក​បុរស​ដែល​បាន​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ដើម្បី​គាត់​អាច​ថែ​រក្សា​ចៀម​ឲ្យ​បាន​ត្រឹម​ត្រូវ។—សុភ. ២:៦

១៣, ១៤. (ក) សូម​ពន្យល់​ថា​តើ«សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត»មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ប៉ូល? (ខ) តើ«សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត»គួរ​មាន​ឥទ្ធិពល​យ៉ាង​ដូច​ម្ដេច​មក​លើ​យើង?

១៣ អ្វី​មួយ​ទៀត​ដែល​ជួយ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​បម្រើ​អ្នក​ឯ​ទៀត​គឺ​ដោយ​គិត​ឲ្យ​បាន​ជ្រៅ​ជ្រះ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បាន​ធ្វើ​ដើម្បី​យើង។ ជា​ឧទាហរណ៍ សូម​ពិចារណា​បទ​គម្ពីរ​នៅ​កូរិនថូស​ទី​២ ៥:១៤, ១៥។ (សូម​អាន) តើ«សេចក្ដី​ស្រឡាញ់​ដែល​គ្រិស្ត​មាន ជំរុញ​ចិត្ត​យើង»យ៉ាង​ណា? លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដោយ​សារ​លោក​បាន​លះ​បង់​ជីវិត​ជា​ប្រយោជន៍​ដល់​យើង​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​កាល​ណា​យើង​មាន​ការ​យល់​ដឹង​និង​មាន​ចិត្ត​ដឹង​គុណ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​សេចក្ដី​ស្រឡាញ់​នេះ នោះ​ចិត្ត​យើង​បាន​ត្រូវ​ជំរុញ​យ៉ាង​ខ្លាំង។ ប៉ូល​បាន​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​មាន​ឥទ្ធិពល​លើ​ការ​ប្រព្រឹត្ត​របស់​គាត់។ សេចក្ដី​ស្រឡាញ់​នេះ​បាន​ទប់​គាត់​មិន​ឲ្យ​ប្រព្រឹត្ត​ដោយ​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បាន​ជួយ​គាត់​ឲ្យ​ចាត់​ទុក​ការ​បម្រើ​ព្រះ​និង​បម្រើ​បង​ប្អូន​ក្នុង​និង​ក្រៅ​ក្រុម​ជំនុំ​ជា​គោល​ដៅ​ចម្បង​របស់​គាត់។

១៤ ការ​សញ្ជឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​ចំពោះ​មនុស្សជាតិ នាំ​ឲ្យ​យើង​មាន​កតញ្ញុតាធម៌។ ជា​លទ្ធផល យើង​ទទួល​ស្គាល់​ថា​គឺ​មិន​សម​ត្រឹម​ត្រូវ​ទេ​ឲ្យ​យើង​បន្ត«សាប​ព្រោះ​ដោយ​គិត​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ»ដោយ​ខំ​ប្រឹង​សម្រេច​គោល​ដៅ​ដែល​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ដោយ​រស់​នៅ​ដើម្បី​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ យើង​កែ​ប្រែ​របៀប​រស់​នៅ​របស់​យើង​ដើម្បី​ឲ្យ​កិច្ចការ​ដែល​ព្រះ​ប្រគល់​ឲ្យ​យើង​ជា​កិច្ចការ​ដែល​សំខាន់​បំផុត។ យើង​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ«បម្រើ»បង​ប្អូន​យើង​ដោយ​សេចក្ដី​ស្រឡាញ់។ (សូម​អាន កាឡាទី ៥:១៣) បើ​យើង​មាន​ទស្សនៈ​ថា​យើង​ជា​ខ្ញុំ​បម្រើ​ដែល​ធ្វើ​ការ​ដោយ​ចិត្ត​រាប​ទាប​ជា​ប្រយោជន៍​ដល់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​ប្រគល់​ខ្លួន​ជូន​លោក នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ​និង​ការ​គោរព។ ច្បាស់​ណាស់ យើង​នឹង​មិន​យក​តម្រាប់​តាម​គំនិត​ដែល​ចូល​ចិត្ត​រិះ​គន់ និង​វិនិច្ឆ័យ​ដែល​ជំរុញ​ដោយ​សាថាន​ឡើយ។—បប. ១២:១០

ការ​គាំទ្រ​ពី​គ្រួសារ

១៥, ១៦. ដើម្បី​ឲ្យ​បង​ប្អូន​ប្រុស​មាន​លក្ខណៈ​គ្រប់​គ្រាន់​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ តើ​សមាជិក​គ្រួសារ​មាន​តួ​នាទី​អ្វី?

១៥ បើ​បង​ប្អូន​ប្រុស​ម្នាក់​ជា​បុរស​ដែល​បាន​រៀប​ការ ហើយ​មាន​កូន នោះ​ស្ថានភាព​ក្នុង​គ្រួសារ​របស់​គាត់​នឹង​ត្រូវ​យក​មក​ពិចារណា ដើម្បី​ដឹង​ថា​គាត់​មាន​ឬ​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ។ ពិត​មែន ចំណេះ​ដឹង​របស់​គាត់​អំពី​ទស្សនៈ​របស់​ព្រះ​ក្នុង​រឿង​ផ្សេង​ៗ​និង​កេរ្ដិ៍​ឈ្មោះ​នៃ​គ្រួសារ​គាត់​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​តែង​តាំង​គាត់។ នេះ​ដៅ​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​តួ​នាទី​របស់​គ្រួសារ​ក្នុង​ការ​គាំទ្រ​ប្ដី​និង​ឪពុក កាល​ដែល​គាត់​ចង់​បម្រើ​ផល​ប្រយោជន៍​ក្រុម​ជំនុំ ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ។—សូម​អាន ធីម៉ូថេ​ទី​១ ៣:៤, ៥, ១២

១៦ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​សមាជិក​គ្រួសារ​គ្រិស្ត​សាសនិក​សហការ​គ្នា។ (អេភ. ៣:១៤, ១៥) មេ​គ្រួសារ​ត្រូវ​មាន​តុល្យភាព​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ ហើយ​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន«យ៉ាង​ល្អ​ប្រសើរ»។ ដូច្នេះ ជា​ការ​សំខាន់​ចាំ​បាច់​ឲ្យ​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​សិក្សា​គម្ពីរ​ជា​មួយ​ប្រពន្ធ​និង​កូន​របស់​គាត់​ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ទទួល​ប្រយោជន៍​ពី​ការ​គោរព​ប្រណិប័តន៍​ជា​គ្រួសារ​រៀង​រាល់​សប្ដាហ៍។ គប្បី​ឲ្យ​គាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គេ​យ៉ាង​ទៀង​ទាត់។ ដូច​គ្នា​ដែរ គឺ​សំខាន់​ឲ្យ​សមាជិក​គ្រួសារ​សហការ​គ្នា​ជា​មួយ​មេ​គ្រួសារ​ពេល​គាត់​ខំ​ព្យាយាម​ដឹក​នាំ​ពួក​គេ។

តើ​អ្នក​នឹង​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្ដង​ទៀត​ឬ​ទេ?

១៧, ១៨. (ក) បើ​បង​ប្អូន​ប្រុស​ណា​ម្នាក់​លែង​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​គាត់​ប្រហែល​ជា​ត្រូវ​ការ​ធ្វើ​អ្វី? (ខ) តើ​បង​ប្អូន​ប្រុស​ដែល​ធ្លាប់​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ គួរ​មាន​ទស្សនៈ​យ៉ាង​ណា?

១៧ ប្រហែល​ពី​មុន​អ្នក​ធ្លាប់​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​អ្នក​ក៏​អាច​ប្រាកដ​ថា​លោក​នៅ​តែ​គិត​អំពី​អ្នក​ដែរ។ (១ពេ. ៥:៦, ៧) តើ​ពួក​អ្នក​ចាស់​ទុំ​បាន​ប្រាប់​អ្នក​ថា​អ្នក​ត្រូវ​កែ​ប្រែ​លក្ខណៈ​ខ្លះ​ៗ​ឬ​ទេ? សូម​ទទួល​ស្គាល់​កំហុស​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​ព្យាយាម​កែ​ប្រែ​ដោយ​មាន​ជំនួយ​ពី​ព្រះ។ សូម​កុំ​អន់​ចិត្ត​ឡើយ តែ​ចូរ​បង្ហាញ​ប្រាជ្ញា ហើយ​មាន​សុទិដ្ឋិនិយម​វិញ។ បង​ប្រុស​ម្នាក់​ដែល​ធ្លាប់​បម្រើ​ជា​អ្នក​ចាស់​ទុំ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ តែ​បាន​បាត់​បង់​ឯកសិទ្ធិ​នោះ​បាន​ពោល​ថា៖ «ខ្ញុំ​បាន​តាំង​ចិត្ត​ទៅ​ប្រជុំ ផ្សព្វ​ផ្សាយ និង​អាន​គម្ពីរ​ដូច​ខ្ញុំ​ធ្លាប់​ធ្វើ​ពេល​ខ្ញុំ​នៅ​បម្រើ​ជា​អ្នក​ចាស់​ទុំ ហើយ​នេះ​ជា​គោល​ដៅ​មួយ​ដែល​ខ្ញុំ​បាន​សម្រេច។ ខ្ញុំ​បាន​រៀន​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​ដោយ​សារ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​មាន​ឯកសិទ្ធិ​នោះ​វិញ​តែ​ក្នុង​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ជិត​៧​ឆ្នាំ​បាន​កន្លង​ផុត​ទៅ មុន​ខ្ញុំ​ទទួល​ឯកសិទ្ធិ​បម្រើ​ជា​អ្នក​ចាស់​ទុំ​ម្ដង​ទៀត។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​នៅ​តែ​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ ជា​ជាង​រសាយ​ចិត្ត នេះ​ពិត​ជា​ជួយ​ខ្ញុំ​ច្រើន​ណាស់»។

១៨ បើ​អ្នក​មាន​ស្ថានភាព​ដូច​បង​ប្រុស​ខាង​លើ​នេះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត។ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​ដល់​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក។ សូម​ពង្រឹង​ក្រុម​គ្រួសារ​របស់​អ្នក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ទៅ​លេង​បង​ប្អូន​ដែល​ឈឺ ហើយ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ខ្សោយ។ សំខាន់​បំផុត សូម​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​សរសើរ​តម្កើង​ព្រះ និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​លោក។—ទំនុក. ១៤៥:១, ២; អេ. ៤៣:១០​-​១២

ចូរ​ពិចារណា​អំពី​ស្ថានភាព​របស់​ខ្លួន​ឡើង​វិញ

១៩, ២០. (ក) តើ​បង​ប្អូន​ប្រុស​ៗ​ទាំង​អស់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ បាន​ត្រូវ​ដាស់​តឿន​ឲ្យ​ធ្វើ​អ្វី? (ខ) តើ​អត្ថបទ​បន្ទាប់​នឹង​ពិភាក្សា​អំពី​អ្វី?

១៩ សព្វ​ថ្ងៃ​នេះ មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​នូវ​អ្នក​ត្រួត​ពិនិត្យ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ហេតុ​នេះ យើង​ដាស់​តឿន​បង​ប្អូន​ប្រុស​ៗ​ទាំង​អស់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ឲ្យ​ពិចារណា​អំពី​ស្ថានភាព​របស់​ខ្លួន​ឡើង​វិញ ហើយ​សួរ​ខ្លួន​ថា‹តើ​មាន​មូលហេតុ​អ្វី​ខ្ញុំ​មិន​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ?›។ សូម​ឲ្យ​សកម្មពល​ព្រះ​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​រឿង​ដ៏​សំខាន់​ចាំ​បាច់​នេះ។

២០ ពេល​បង​ប្អូន​រួម​ជំនឿ​ខំ​ប្រឹង​បម្រើ​ព្រះ​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន នោះ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​នឹង​ទទួល​ប្រយោជន៍។ កាល​ណា​យើង​ប្រព្រឹត្ត​ដោយ​សប្បុរស​និង​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន យើង​មាន​អំណរ​ដែល​មក​ពី​ការ​បម្រើ​អ្នក​ឯ​ទៀត និង​ពី​ការ​សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ។ ក៏​ប៉ុន្តែ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​កើត​ទុក្ខ​ឡើយ ដូច​អត្ថបទ​បន្ទាប់​នឹង​បង្ហាញ​យើង។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​កើត​ទុក្ខ?

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ទំនាយ​នៅ​មីកា ៥:៤​ធានា​យើង​អំពី​អ្វី?

• តើ​ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន​រួម​បញ្ចូល​អ្វី​ខ្លះ? សូម​ពន្យល់។

• តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​បម្រើ​អ្នក​ឯ​ទៀត?

• បើ​បង​ប្រុស​ម្នាក់​ចង់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ តើ​ការ​សហការ​របស់​គ្រួសារ​គាត់​មាន​សារៈ​សំខាន់​យ៉ាង​ណា?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៥]

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ?