លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស្ត្រីទាំងឡាយ ហេតុអ្វីអ្នកគួរចុះចូលនឹងប្រមុខរបស់អ្នក?

ស្ត្រីទាំងឡាយ ហេតុអ្វីអ្នកគួរចុះចូលនឹងប្រមុខរបស់អ្នក?

ស្ត្រី​ទាំង​ឡាយ ហេតុ​អ្វី​អ្នក​គួរ​ចុះ​ចូល​នឹង​ប្រមុខ​របស់​អ្នក?

«ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស»។—១កូ. ១១:៣

១, ២. (ក) ស្តី​អំពី​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​អំពី​ប្រមុខ​និង​ការ​ចុះ​ចូល តើ​សាវ័ក​ប៉ូល​បាន​សរសេរ​អ្វី? (ខ) តើ​អត្ថបទ​នេះ​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​លំដាប់​ថ្នាក់ ដែល​សាវ័ក​ប៉ូល​រៀប​រាប់​ពេល​គាត់​សរសេរ​ថា៖«ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត» ហើយ«ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ»។ (១កូ. ១១:៣) អត្ថបទ​មុន​បាន​បង្ហាញ​ថា​លោក​យេស៊ូ​ចាត់​ទុក​ការ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ជា​ប្រមុខ ជា​ឯកសិទ្ធិ​និង​ជា​អ្វី​ដែល​នាំ​ឲ្យ​លោក​មាន​អំណរ ហើយ​ក៏​បង្ហាញ​ថា​បុរស​ដែល​ជា​គ្រិស្ត​សាសនិក​មាន​គ្រិស្ត​ជា​ប្រមុខ។ គ្រិស្ត​បាន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដោយ​សេចក្ដី​សប្បុរស ដោយ​សម្លូត យោគ​យល់ និង​ដោយ​មិន​គិត​អំពី​ប្រយោជន៍​ខ្លួន​លោក។ បុរស​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ​ទៅ​លើ​អ្នក​ឯ​ទៀត ជា​ពិសេស​ប្រពន្ធ​របស់​ខ្លួន។

ចុះ​ចំពោះ​ស្ត្រី​វិញ? តើ​អ្នក​ណា​ជា​ប្រមុខ​របស់​ស្ត្រី? ប៉ូល​បាន​សរសេរ​ថា៖ «ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស»។ តើ​ស្ត្រី​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពាក្យ​នេះ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ? តើ​គោល​ការណ៍​នេះ​សម្រាប់​តែ​ស្ត្រី​ដែល​មាន​ប្ដី​ជា​អ្នក​រួម​ជំនឿ​ឬ? តើ​ការ​ចុះ​ចូល​ប្ដី​ជា​ប្រមុខ​តម្រូវ​ឲ្យ​ប្រពន្ធ​ធ្វើ​ជា​ដៃ​គូ​ដែល​គ្មាន​តួ​នាទី​និង​សិទ្ធិ​ក្នុង​អាពាហ៍ពិពាហ៍ ហើយ​មិន​អាច​ឲ្យ​យោបល់​ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ទេ? តើ​ស្ត្រី​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​គាត់?

«អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ សម្រាប់​ជួយ​វា»

៣, ៤. ហេតុ​អ្វី​ការ​រៀបចំ​ឲ្យ​មាន​ប្រមុខ​ក្នុង​អាពាហ៍ពិពាហ៍​នាំ​ឲ្យ​មាន​ប្រយោជន៍?

ព្រះ​បាន​កំណត់​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​ប្រមុខ​លើ​អ្នក​ឯ​ទៀត។ ក្រោយ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម លោក​បាន​មាន​ប្រសាសន៍​ថា៖«មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា»។ បន្ទាប់​ពី​ព្រះ​បាន​បង្កើត​នាង​អេវ៉ា អាដាម​សប្បាយ​ចិត្ត​ណាស់​ដោយ​សារ​គាត់​មាន​ដៃ​គូ​និង​ជំនួយ ហេតុ​នេះ​គាត់​បាន​និយាយ​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ»។ (លោ. ២:១៨​-​២៤) អាដាម​និង​អេវ៉ា​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​ឪពុក​ម្ដាយ​នៃ​មនុស្សជាតិ​ទាំង​មូល​ដែល​ល្អ​ឥត​ខ្ចោះ ដែល​នឹង​រស់​ជា​រៀង​រហូត​ដោយ​មាន​សុភមង្គល​ក្នុង​សួន​ឧទ្យាន​នៅ​ទូទាំង​ផែនដី។

ដោយ​សារ​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​បះ​បោរ​ប្រឆាំង​ព្រះ នោះ​ស្ថានភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​សួន​អេដែន​លែង​មាន​ទៀត។ (សូម​អាន រ៉ូម ៥:១២) ប៉ុន្តែ​ព្រះ​នៅ​តែ​មាន​ទស្សនៈ​ថា​ប្ដី​ជា​ប្រមុខ​របស់​ប្រពន្ធ។ ពេល​ប្ដី​និង​ប្រពន្ធ​ធ្វើ​តាម​ការ​រៀបចំ​នោះ ពួក​គេ​ទទួល​ប្រយោជន៍​ច្រើន ហើយ​ថែម​ទាំង​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍​ផង។ ជា​លទ្ធផល ពួក​គេ​នឹង​មាន​អារម្មណ៍​ស្រដៀង​នឹង​អារម្មណ៍​ដែល​លោក​យេស៊ូ​មាន ពេល​លោក​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា​ជា​ប្រមុខ។ មុន​ពេល​លោក​យេស៊ូ​មាន​កំណើត​ជា​មនុស្ស លោក​មាន«សេចក្ដី​រីករាយ​នៅ​ចំពោះ[ព្រះ​យេហូវ៉ា]ជា​និច្ច»។ (សុភ. ៨:៣០) ដោយសារ​ភាព​មិន​ល្អ​ឥត​ខ្ចោះ បុរស​មិន​អាច​ធ្វើ​ជា​ប្រមុខ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៀត​ទេ ហើយ​ស្ត្រី​ក៏​មិន​អាច​បង្ហាញ​ការ​ចុះ​ចូល​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ដែរ។ ប៉ុន្តែ ពេល​ប្ដី​និង​ប្រពន្ធ​ខំ​ធ្វើ​តាម​របៀប​រៀបចំ​នេះ​អស់​ពី​សមត្ថភាព ពួក​គេ​នឹង​បាន​ស្កប់​ចិត្ត​ច្រើន​បំផុត​ដែល​ពួក​គេ​អាច​មាន ក្នុង​អាពាហ៍ពិពាហ៍​នា​សម័យ​នេះ។

៥. ហេតុ​អ្វី​គូ​អាពាហ៍ពិពាហ៍​គួរ​ធ្វើ​តាម​ឱវាទ​នៅ​សៀវភៅ​រ៉ូម ១២:១០?

ដើម្បី​មាន​ជោគ​ជ័យ​ក្នុង​អាពាហ៍ពិពាហ៍ ជា​ការ​សំខាន់​ចាំ​បាច់​ឲ្យ​គូ​អាពាហ៍ពិពាហ៍​អនុវត្ត​តាម​ឱវាទ​នេះ​ក្នុង​គម្ពីរ​ដែល​សម្រាប់​គ្រិស្ត​សាសនិក​ទាំង​អស់។ ឱវាទ​នេះ​ចែង​ថា៖ «ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន»។ (រ៉ូម ១២:១០) ម្យ៉ាង​ទៀត ទាំង​ប្ដី​ទាំង​ប្រពន្ធ​គួរ​ខំ​ប្រឹង«ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្ដា ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ»។—អេភ. ៤:៣២

កាល​ណា​ប្ដី​មិន​មែន​ជា​អ្នក​រួម​ជំនឿ

៦, ៧. បើ​ប្រពន្ធ​ជា​គ្រិស្ត​សាសនិក​ចុះ​ចូល​ប្ដី​ដែល​មិន​មែន​ជា​អ្នក​រួម​ជឿ តើ​នឹង​អាច​មាន​លទ្ធផល​អ្វី?

ចុះ​យ៉ាង​ណា បើ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា? ជា​រឿយ​ៗ គឺ​ជា​ប្ដី​ដែល​មិន​មែន​ជា​អ្នក​រួម​ជំនឿ។ ក្នុង​ករណី​នេះ តើ​ប្រពន្ធ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គាត់? បទ​គម្ពីរ​ឆ្លើយ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ ពី​ព្រោះ​ពួក​គេ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ​របស់​អ្នករាល់​គ្នា គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ»។—១ពេ. ៣:១, ២

បណ្ដាំ​របស់​ព្រះ​ប្រាប់​ប្រពន្ធ​ឲ្យ​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​ចុះ​ចូល​ប្ដី​ដែល​មិន​មែន​ជា​អ្នក​រួម​ជំនឿ។ ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​គាត់​អាច​នាំ​ឲ្យ​ប្ដី​ពិចារណា​អំពី​អ្វី​ដែល​ជំរុញ​ចិត្ត​ប្រពន្ធ​ឲ្យ​ប្រព្រឹត្ត​តាម​របៀប​ដ៏​ល្អ​ប្រសើរ​យ៉ាង​នេះ។ ជា​លទ្ធផល ប្ដី​អាច​ចង់​ដឹង​អំពី​ជំនឿ​របស់​ប្រពន្ធ​គាត់ ហើយ​ប្រហែល​នៅ​ទី​បំផុត​ទទួល​យក​សេចក្ដី​ពិត។

៨, ៩. ទោះ​បី​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ក៏​ដោយ តែ​បើ​ប្ដី​ដែល​មិន​មែន​ជា​អ្នក​រួម​ជំនឿ​មិន​ព្រម​ទទួល​យក​សេចក្ដី​ពិត តើ​គាត់​អាច​ធ្វើ​អ្វី?

ចុះ​យ៉ាង​ណា​វិញ បើ​ប្ដី​ដែល​មិន​មែន​ជា​អ្នក​រួម​ជំនឿ​មិន​ព្រម​ទទួល​យក​សេចក្ដី​ពិត? បទ​គម្ពីរ​លើក​ទឹក​ចិត្ត​ប្រពន្ធ​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បង្ហាញ​គុណសម្បត្ដិ​ជា​គ្រិស្ត​សាសនិក​រាល់​ពេល​វេលា ទោះ​ជា​មាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ ជា​ឧ​ទា​ហ​ណ៍​ កូរិនថូស​ទី​១ ១៣:៤​ចែង​ថា៖ «សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់»។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​បន្ត​ប្រព្រឹត្ត«ដោយ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូត​បូត​ជា​និច្ច ថែម​ទាំង​មាន​ចិត្ត​ធ្ងន់»ហើយ​ទ្រាំ​ទ្រ​ស្ថានភាព​នោះ​ដោយ​សេចក្ដី​ស្រឡាញ់។ (អេភ. ៤:២) ដោយ​មាន​ជំនួយ​ពី​សកម្មពល​ព្រះ ប្រពន្ធ​អាច​រក្សា​ឲ្យ​មាន​គុណសម្បត្ដិ​ជា​គ្រិស្ត​សាសនិក ទោះ​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ក៏​ដោយ។

ប៉ូល​បាន​សរសេរ​ថា៖ «ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ»។ (ភី. ៤:១៣) សកម្មពល​ព្រះ​អាច​ជួយ​គូ​អាពាហ៍ពិពាហ៍​ដែល​ជា​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ​អ្វី​ជា​ច្រើន​ដែល​គាត់​មិន​អាច​ធ្វើ​បាន​ទេ បើ​មិន​មាន​ជំនួយ​ពី​សកម្មពល​ព្រះ។ ជា​ឧទាហរណ៍ ពេល​គូ​របស់​យើង​ធ្វើ​បាប​យើង នោះ​ធ្វើ​ឲ្យ​យើង​ចង់​តបត​វិញ។ ក៏​ប៉ុន្តែ គម្ពីរ​ប្រាប់​គ្រិស្ត​សាសនិក​ទាំង​អស់​ថា៖ «កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ . . . ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ›»។ (រ៉ូម ១២:១៧​-​១៩) ស្រដៀង​គ្នា​ដែរ ថែស្សាឡូនិច​ទី​១ ៥:១៥​ឲ្យ​ឱវាទ​យើង​ថា៖ «កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ប៉ុន្តែ​ចូរ​រក​វិធី​ធ្វើ​អំពើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ចំពោះ​អ្នក​ឯ​ទៀត​ជា​និច្ច»។ ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា យើង​អាច​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​ទេ បើ​ពឹង​លើ​កម្លាំង​យើង​ផ្ទាល់។ ជា​ការ​សម​ត្រឹម​ត្រូវ​ណាស់​ដែល​យើង​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​មាន!

១០. ពេល​អ្នក​ឯ​ទៀត​ប្រើ​ពាក្យ​សម្ដី​ឬ​ធ្វើ​អ្វី​ដែល​មិន​ល្អ​ចំពោះ​លោក​យេស៊ូ តើ​លោក​បាន​ធ្វើ​អ្វី?

១០ លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ប្រើ​ពាក្យ​សម្ដី​ឬ​ធ្វើ​អ្វី​ដែល​មិន​ល្អ​ចំពោះ​លោក។ ពេត្រុស​ទី​១ ២:២៣​ចែង​ថា៖ «ពេល​ដែល​លោក​ត្រូវ​គេ​ជេរ​ប្រមាថ លោក​មិន​បាន​ជេរ​ប្រមាថ​គេ​វិញ​ទេ។ ពេល​ដែល​លោក​រង​ទុក្ខ នោះ​លោក​មិន​បាន​គំរាម​កំហែង​គេ​ឡើយ ប៉ុន្តែ​លោក​តែង​តែ​ផ្ញើ​ខ្លួន​ទៅ​លើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្ដិធម៌»។ យើង​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់​លោក។ កុំ​ឲ្យ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​អ្នក​ឯ​ទៀត ធ្វើ​ឲ្យ​អ្នក​ខឹង។ គ្រិស្ត​សាសនិក​ទាំង​អស់​បាន​ត្រូវ​ដាស់​តឿន​ឲ្យ«មាន​ចិត្ត​អាណិត​មេត្ដា មាន​ចិត្ត​រាប​ទាប មិន​មែន​ដោយ​ធ្វើ​អំពើ​អាក្រក់​សង​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន ឬ​ជេរ​ប្រមាថ​សង​អ្នក​ដែល​ជេរ​ប្រមាថ​ខ្លួន​ឡើយ»។—១ពេ. ៣:៨, ៩

តើ​គ្រាន់​តែ​ជា​ដៃ​គូ​ដែល​គ្មាន​តួ​នាទី​និង​សិទ្ធិ​ឬ?

១១. តើ​ស្ត្រី​ខ្លះ​អាច​រួម​ចំណែក​ក្នុង​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​អ្វី?

១១ តើ​ការ​ចុះ​ចូល​ប្ដី​ដែល​ជា​ប្រមុខ​មាន​ន័យ​ថា​ស្ត្រី​ជា​គូ​អាពាហ៍ពិពាហ៍​គ្មាន​តួ​នាទី​និង​សិទ្ធិ​ក្នុង​រឿង​ក្រុម​គ្រួសារ​ឬ​រឿង​ឯ​ទៀត​ឬ​ទេ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​ផ្ដល់​ឯកសិទ្ធិ​ជា​ច្រើន​ឲ្យ​បុរស​និង​ស្ត្រី។ សូម​គិត​អំពី​កិត្ដិយស​ដែល​មនុស្ស​១៤៤.០០០​នាក់​មាន​ដោយ​ធ្វើ​ជា​ស្តេច​និង​សង្ឃ​នៅ​ស្ថាន​សួគ៌​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត​ពេល​លោក​គ្រប់​គ្រង​លើ​ផែនដី! ក្នុង​ចំណោម​មនុស្ស​១៤៤.០០០​នាក់​ក៏​មាន​ស្ត្រី​ដែរ។ (កាឡ. ៣:២៦​-​២៩) ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ស្ត្រី​មាន​តួ​នាទី​យ៉ាង​សកម្ម​ក្នុង​របៀប​រៀបចំ​របស់​លោក។

១២, ១៣. សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​ស្ត្រី​បាន​ប្រកាស​ទំនាយ។

១២ ជា​ឧទាហរណ៍ នៅ​សម័យ​គម្ពីរ ស្ត្រី​ខ្លះ​បាន​ប្រកាស​ទំនាយ។ យ៉ូអែល ២:២៨, ២៩ បាន​ទាយ​ថា៖ «អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ . . . អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ»។

១៣ អ្នក​កាន់​តាម​លោក​យេស៊ូ ប្រហែល​១២០​នាក់​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​ក្នុង​ក្រុង​យេរូសាឡិម​នា​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣គ.ស. ក៏​មាន​ស្ត្រី​និង​បុរស​ដែរ។ ពួក​គេ​ទាំង​អស់​បាន​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ ហេតុ​នេះ​ពេត្រុស​អាច​ដក​ស្រង់​ពាក្យ​ដែល​អ្នក​ប្រកាស​ទំនាយ​យ៉ូអែល​បាន​ទាយ ហើយ​បាន​ប្រើ​ទំនាយ​នោះ​ដើម្បី​សំដៅ​ទៅ​បុរស​ក៏​ដូច​ទៅ​ស្ត្រី​ដែរ។ ពេត្រុស​បាន​ពោល​ថា៖ «នេះ​ជា​អ្វី​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​យ៉ូអែល ជា​អ្នក​ប្រកាស​ទំនាយ​ថា៖ ‹ព្រះ​មាន​ប្រសាសន៍​ថា៖ នៅ​គ្រា​ចុង​ក្រោយ ខ្ញុំ​នឹង​ចាក់​សកម្មពល​ខ្លះ​របស់​ខ្ញុំ​ទៅ​លើ​មនុស្ស​គ្រប់​ប្រភេទ ហើយ​កូន​ប្រុស​និង​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ប្រកាស​ទំនាយ . . . សូម្បី​តែ​ខ្ញុំ​បម្រើ​ប្រុស​ខ្ញុំ​បម្រើ​ស្រី​របស់​ខ្ញុំ ក៏​ខ្ញុំ​នឹង​ចាក់​សកម្មពល​ខ្លះ​របស់​ខ្ញុំ​ទៅ​លើ​ពួក​គេ​ដែរ រួច​ពួក​គេ​នឹង​ប្រកាស​ទំនាយ›»។—សកម្ម. ២:១៦​-​១៨

១៤. តើ​ស្ត្រី​មាន​តួ​នាទី​យ៉ាង​ណា​ក្នុង​ការ​ផ្សាយ​គ្រិស្ត​សាសនា​នៅ​សម័យ​ដើម?

១៤ នៅ​សតវត្សរ៍​ទី​១ ស្ត្រី​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ផ្សាយ​គ្រិស្ត​សាសនា។ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​បាន​ធ្វើ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​នោះ។ (លូក. ៨:១​-​៣) ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ហៅ​ភីបេ​ថា«ជា​អ្នក​បម្រើ​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​សង់គ្រា»។ ម្យ៉ាង​ទៀត ពេល​ប៉ូល​បាន​ផ្ដាំ​សួរ​សុខ​ទុក្ខ​បង​ប្អូន​រួម​ជំនឿ គាត់​បាន​លើក​ឈ្មោះ​ស្ត្រី​ស្មោះ​ត្រង់​មួយ​ចំនួន រួម​ទាំង«ទ្រីភេន​និង​ទ្រីផូស ជា​ពួក​ស្ត្រី​ដែល​កំពុង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់»។ គាត់​ក៏​បាន​ផ្ដាំ​សួរ​សុខ​ទុក្ខ«ពើស៊ីស​ជា​ទី​ស្រឡាញ់​របស់​យើង ព្រោះ​នាង​បាន​ធ្វើ​ការ​ជា​ច្រើន​យ៉ាង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់»។—រ៉ូម ១៦:១, ១២

១៥. នៅ​សម័យ​យើង តើ​ស្ត្រី​មាន​តួ​នាទី​អ្វី​ក្នុង​ការ​ផ្សាយ​គ្រិស្ត​សាសនា?

១៥ នៅ​សម័យ​យើង ក្នុង​ចំណោម​មនុស្ស​ជាង​៧​លាន​នាក់​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូទាំង​ផែនដី នោះ​មួយ​ចំនួន​ធំ​ជា​ស្ត្រី ដែល​មាន​គ្រប់​វ័យ។ (ម៉ាថ. ២៤:១៤) ស្ត្រី​ជា​ច្រើន​នាក់​ជា​អ្នក​បម្រើ​ព្រះ​ពេញ​ពេល សាសនទូត និង​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​បេតអែល។ ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​តម្កើង​បាន​ច្រៀង​ថា៖ «ពេល​ព្រះ​អម្ចាស់​ចេញ​បញ្ជា ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង​ទ័ព​មួយ​យ៉ាង​ធំ នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង»។ (ទំ​ន​. ៦៨:១២, ខ.ស. [ទំនុក. ៦៨:១១]) នេះ​ជា​ការ​ពិត​មែន! ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​ស្ត្រី​ដែល​មាន​តួ​នាទី​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ និង​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​លោក។ ដូច្នេះ ពេល​ព្រះ​តម្រូវ​ឲ្យ​ស្ត្រី​ចុះ​ចូល នេះ​ប្រាកដ​ជា​មិន​បាន​សេចក្ដី​ថា​ពួក​គេ​គ្មាន​តួ​នាទី​ឬ​សិទ្ធិ​នោះ​ឡើយ។

ស្ត្រី​ពីរ​នាក់​ដែល​បាន​បញ្ចេញ​មតិ និង​ចាត់​វិធានការ

១៦, ១៧. តើ​គំរូ​របស់​សារ៉ា​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ស្ត្រី​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​ដែល​គ្មាន​តួ​នាទី​និង​សិទ្ធិ​ទេ?

១៦ ដោយ​សារ​ព្រះ​យេហូវ៉ា​ផ្ដល់​ឯកសិទ្ធិ​ជា​ច្រើន​ដល់​ស្ត្រី ដូច្នេះ​ប្ដី​ទាំង​ឡាយ​គួរ​ពិគ្រោះ​ជា​មួយ​នឹង​ប្រពន្ធ​ខ្លួន​មុន​សម្រេច​ចិត្ត​អំពី​រឿង​សំខាន់​ៗ​មែន​ទេ? ជា​ការ​ល្អ​ឲ្យ​ប្ដី​ធ្វើ​ដូច្នេះ។ បទ​គម្ពីរ​រៀប​រាប់​ករណី​ខ្លះ​ដែល​ប្រពន្ធ​បាន​និយាយ​ឬ​ប្រព្រឹត្ត​ដោយ​មិន​បាន​សួរ​យោបល់​ប្ដី​ទេ។ សូម​ពិចារណា​ករណី​ពីរ។

១៧ សារ៉ា​ជា​ប្រពន្ធ​របស់​អាប្រាហាំ​បាន​បន្ត​ប្រាប់​គាត់​ឲ្យ​បណ្ដេញ​ប្រពន្ធ​ទី​២​និង​កូន​ប្រុស​របស់​ស្ត្រី​នោះ​ចេញ ដោយ​សារ​ពួក​គេ​ខ្វះ​ការ​គោរព។ «សេចក្ដី​នោះ​នាំ​ឲ្យ​អ័ប្រាហាំ​ពិបាក​ចិត្ត​ណាស់» តែ​ព្រះ​គឺ​មិន​ដូច្នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាប្រាហាំ​ថា៖ «កុំ​ឲ្យ​ឯង​ពិបាក​ចិត្ត​ដោយ​ព្រោះ​កូន​ក្មេង ហើយ​នឹង​បាវ​ស្រី​របស់​ឯង​ឡើយ ត្រូវ​ស្ដាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ»។ (លោ. ២១:៨​-​១២) អាប្រាហាំ​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា បាន​ស្ដាប់​តាម​សារ៉ា ហើយ​បាន​ធ្វើ​អ្វី​ដែល​នាង​សុំ។

១៨. តើ​អ័ប៊ីកែល​បាន​ចាត់​វិធានការ​យ៉ាង​ណា?

១៨ សូម​ពិចារណា​ដែរ​អំពី​អ័ប៊ីកែល ដែល​ជា​ប្រពន្ធ​របស់​ណាបាល។ កាល​ដែល​ដាវីឌ​បាន​រត់​ភៀស​ខ្លួន​ពី​ស្តេច​សូល​ដែល​មាន​ចិត្ត​ច្រណែន គាត់​នៅ​ក្នុង​ជំរំ​ក្បែរ​ហ្វូង​សត្វ​របស់​ណាបាល។ ដាវីឌ​និង​ពួកបុរស​របស់​គាត់​មិន​បាន​យក​ទ្រព្យ​សម្បត្ដិ​របស់​បុរស​ដែល​ជា​អ្នក​មាន​ស្តុកស្តម្ភ​នោះ​ទេ តែ​បាន​ការ​ពារ​វិញ។ ក៏​ប៉ុន្តែ ណាបាល«ជា​មនុស្ស​កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត» ហើយ​បាន«ស្តី​កិន»ដល់​ពួក​បុរស​របស់​ដាវីឌ។ ណាបាល​ជា«មនុស្ស​កំណាច» ហើយ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន«សេចក្ដី​ចំ​កួត»។ ពេល​ដែល​ពួក​បុរស​របស់​ដាវីឌ​បាន​សុំ​ស្បៀង​អាហារ​ខ្លះ​ពី​គាត់​ដោយ​ការ​គោរព នោះ​គាត់​បាន​បដិសេធ។ ពេល​អ័ប៊ីកែល​បាន​ឮ​អ្វី​ដែល​បាន​កើត​ឡើង តើ​នាង​មាន​ប្រតិកម្ម​យ៉ាង​ណា? ដោយ​ឥត​បាន​ប្រាប់​ណាបាល នាង«ប្រញឹក​ប្រញាប់​ចាត់​ចែង​នំ​ប៉័ង​២០០​ដុំ ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង​បាយ​ជូរ​២ ចៀម​រៀប​ជា​ស្រេច​៥ លាជ​៥​រង្វាល់ ផ្លែ​ទំពាំង​បាយ​ជូរ​ក្រៀម​១០០​ចង្កោម នឹង​ផ្លែ​ល្វា​ក្រៀម​២០០​ផែន» ហើយ​ឲ្យ​របស់​ទាំង​នោះ​ទៅ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់។ តើ​អ័ប៊ីកែល​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​ទេ? ព្រឹត្ដិការណ៍​ខ្លះ​ដែល​កើត​ឡើង​ក្រោយ​មក​បាន​បង្ហាញ​ថា​នាង​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ គម្ពីរ​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​វាយ​ណាបាល​ឲ្យ​ស្លាប់​ទៅ»។ ក្រោយ​មក ដាវីឌ​បាន​រៀប​ការ​ជា​មួយ​អ័ប៊ីកែល។—១សាំ. ២៥:៣, ១៤​-​១៩, ២៣​-​២៥, ៣៨​-​៤២

‹ស្ត្រី​ដែល​មាន​គេ​សរសើរ›

១៩, ២០. តើ​ស្ត្រី​ដែល​គេ​សរសើរ​មាន​លក្ខណៈ​អ្វី​ខ្លះ?

១៩ បទ​គម្ពីរ​សរសើរ​ប្រពន្ធ​ដែល​ប្រព្រឹត្ត​សម​ស្រប​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ សៀវភៅ​សុភាសិត​សរសើរ«ស្ត្រី​គ្រប់​លក្ខណ៍»ម្នាក់​ថា៖ «ស្ត្រី​យ៉ាង​នោះ​មាន​ដំឡៃ​ជា​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ នាង​នឹង​ធ្វើ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង»។ ម្យ៉ាង​ទៀត «នាង​ពោល​ដោយ​ប្រាជ្ញា​ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុរស នាង​ថែ​មើល​អស់​ទាំង​ផ្លូវ​របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្ដាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​នាង​ដែរ»។—សុភ. ៣១:១០​-​១២, ២៦​-​២៨

២០ តើ​ស្ត្រី​ដែល​គេ​សរសើរ​មាន​លក្ខណៈ​អ្វី​ខ្លះ? សុភាសិត ៣១:៣០​ចែង​ថា៖ «រូប​ឆោម​ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ»។ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ការចុះ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត​នឹង​ប្រមុខ​ដែល​លោក​បាន​រៀបចំ។ «ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស» ដូច«ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត» ហើយ«ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ»។—១កូ. ១១:៣

ចូរ​ដឹង​គុណ​ព្រះ​ចំពោះ​អំណោយ​របស់​លោក

២១, ២២. (ក) ដោយ​សារ​អាពាហ៍ពិពាហ៍​ជា​អំណោយ​ពី​ព្រះ តើ​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​ហើយ មាន​មូលហេតុ​អ្វី​ខ្លះ​ដើម្បី​ដឹង​គុណ​លោក? (ខ) ហេតុ​អ្វី​យើង​គួរ​គោរព​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​អ្នក​មាន​អំណាច​និង​ប្រមុខ? (សូម​មើល​ប្រអប់​នៅ​ទំព័រ​២២)

២១ គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​ហើយ មាន​មូលហេតុ​ច្រើន​មែន​ដើម្បី​ដឹង​គុណ​ព្រះ! ពួក​គេ​អាច​រួម​រស់​ជា​មួយ​គ្នា​ជា​គូ​ស្វាមីភរិយា​ដែល​មាន​សុភមង្គល។ ជា​ពិសេស ពួក​គេ​អាច​អរគុណ​ព្រះ​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​លោក ព្រោះ​នេះ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា ហើយ​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (រស់. ១:៩; មីកា ៦:៨) លោក​ដែល​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ជ្រាប​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​នាំ​ឲ្យ​គូ​ស្វាមីភរិយា​មាន​សុភមង្គល។ បើ​គូ​ស្វាមីភរិយា​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច នោះ‹សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា​នឹង​ជា​កំឡាំង​នៃ​ពួក​គេ› ទោះ​បី​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​ច្របូក​ច្របល់​នេះ​ក៏​ដោយ។—នេហ. ៨:១០

២២ ប្ដី​ជា​គ្រិស្ត​សាសនិក​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ដូច​ស្រឡាញ់​ខ្លួន​គាត់​នឹង​ធ្វើ​ជា​ប្រមុខ​ដែល​ចេះ​យល់​ចិត្ត​យល់​អារម្មណ៍ ហើយ​ចេះ​ថ្នាក់​ថ្នម​ប្រពន្ធ។ ប្ដី​នឹង​ស្រឡាញ់​ប្រពន្ធ​គាត់​ដែល​កោត​ខ្លាច​ព្រះ ពី​ព្រោះ​នាង​គាំទ្រ​គាត់ ហើយ​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​គាត់។ សំខាន់​បំផុត ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដែល​ជា​គំរូ​ល្អ​នឹង​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​គួរ​ឲ្យ​សរសើរ។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ប្រមុខ​និង​ការ​ចុះ​ចូល​គឺ​ជា​អ្វី?

• ហេតុ​អ្វី​គូ​អាពាហ៍ពិពាហ៍​គួរ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក?

• តើ​ប្រពន្ធ​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប្ដី​ដែល​មិន​មែន​ជា​អ្នក​រួម​ជំនឿ?

• ហេតុ​អ្វី​បាន​ជា​ប្ដី​គួរ​ពិគ្រោះ​ជា​មួយ​នឹង​ប្រពន្ធ​មុន​សម្រេច​ចិត្ត​អំពី​រឿង​សំខាន់​ៗ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[ប្រអប់​នៅ​ទំព័រ​២២]

ហេតុ​អ្វី​គោរព​អ្នក​ដែល​មាន​អំណាច?

ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​អ្នក​មាន​អំណាច​និង​ប្រមុខ​ក្នុង​ចំណោម​ពួក​ទេវតា​និង​មនុស្ស។ ការ​រៀបចំ​នេះ​មាន​ប្រយោជន៍​ទាំង​ចំពោះ​ពួក​ទេវតា​ទាំង​ចំពោះ​មនុស្ស។ នេះ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ប្រើ​ចិត្ត​សេរី និង​លើក​កិត្ដិយស​ព្រះ​ដោយ​បម្រើ​លោក​តាម​របៀប​ដែល​នាំ​ឲ្យ​មាន​សាមគ្គីភាព​និង​សុខដុមរមនា។—ទំនុក. ១៣៣:១

ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គ្រិស្ត​មាន​អំណាច​និង​ជា​ប្រមុខ​លើ​ពួក​គេ។ (អេភ. ១:២២, ២៣) ដោយ​ទទួល​ស្គាល់​អំណាច​របស់​ព្រះ​យេហូវ៉ា នោះ​នៅ​ទី​បំផុត «បុត្រ​នោះ​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​នោះ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»។ (១កូ. ១៥:២៧, ២៨) ដូច្នេះ ជា​ការ​សម​ត្រឹម​ត្រូវ​មែន ដែល​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​សហការ​ជា​មួយ​នឹង​អ្នក​ដែល​ជា​ប្រមុខ​ក្នុង​ក្រុម​ជំនុំ​និង​ក្នុង​ក្រុម​គ្រួសារ! (១កូ. ១១:៣; ហេ. ១៣:១៧) ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​ប្រយោជន៍​ដោយ​សារ​យើង​ទទួល​ការ​ពេញ​ចិត្ត​និង​ពរ​ពី​ព្រះ​យេហូវ៉ា។—អេ. ៤៨:១៧

[រូប​ភាព​នៅ​ទំព័រ​១៩]

សេចក្ដី​អធិដ្ឋាន​អាច​ជួយ​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក ឲ្យ​បង្ហាញ​គុណសម្បត្ដិ​ដែល​ព្រះ​ពេញ​ចិត្ត

[រូប​ភាព​នៅ​ទំព័រ​២១]

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ដល់​ស្ត្រី​ដែល​មាន​តួ​នាទី ធ្វើ​ឲ្យ​ចម្រើន​ផល​ប្រយោជន៍ រាជាណាចក្រ​របស់​ព្រះ