លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរបន្តឈ្នះសេចក្ដីអាក្រក់»ដោយទប់កំហឹង

«ចូរបន្តឈ្នះសេចក្ដីអាក្រក់»ដោយទប់កំហឹង

«ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់»ដោយ​ទប់​កំហឹង

«បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ . . . តែ​ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ»។—រ៉ូម ១២:១៩, ២១

១, ២. តើ​អ្នក​ដំណើរ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ល្អ​យ៉ាង​ណា?

សាក្សី​ព្រះ​យេហូវ៉ា​៣៤​នាក់​កំពុង​ជិះ​យន្ត​ហោះ​ទៅ​ចូល​រួម​ពិធី​សម្ពោធ​ការិយាល័យ​សាខា​មួយ តែ​ពួក​គេ​មិន​បាន​ទៅ​ដល់​ពិធី​នោះ​ទាន់​ពេល​ទេ។ យន្ត​ហោះ​នោះ​ត្រូវ​ចុះ​ដើម្បី​ចាក់​សាំង ហើយ​ធម្មតា ត្រូវ​ការ​ចាំ​មួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​មាន​បញ្ហា​គ្រឿង​យន្ត អ្នក​ដំណើរ​ត្រូវ​ចាំ​៤៤​ម៉ោង​នៅ​អាកាសយានដ្ឋាន​ដាច់​ស្រយាល​មួយ ដែល​មិន​មាន​អាហារ ទឹក ឬ​បន្ទប់​ទឹក​គ្រប់​គ្រាន់។ អ្នក​ដំណើរ​ជា​ច្រើន​ចាប់​ផ្ដើម​ខឹង ហើយ​សម្លុត​អ្នក​ធ្វើ​ការ​នៅ​អាកាសយានដ្ឋាន​នោះ។ ប៉ុន្តែ បង​ប្អូន​យើង​បាន​រក្សា​ចិត្ត​ស្ងប់។

នៅ​ទី​បំផុត បង​ប្អូន​យើង​បាន​ទៅ​ដល់​ការិយាល័យ​សាខា ពេល​ពិធី​សម្ពោធ​ជិត​ចប់។ ថ្វី​បើ​ពួក​គេ​អស់​កម្លាំង​ក៏​ដោយ ពួក​គេ​បាន​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត​ពេល​ពិធី​នោះ​ចប់។ ក្រោយ​មក ពួក​គេ​បាន​ដឹង​ថា​អ្នក​ឯ​ទៀត​បាន​កត់​សម្គាល់​នូវ​សេចក្ដី​អត់​ធ្មត់​និង​ការ​ទប់​ចិត្ត​ដែល​ពួក​គេ​បាន​បង្ហាញ។ អ្នក​ដំណើរ​ម្នាក់​បាន​ប្រាប់​ក្រុម​ហ៊ុន​អាកាសចរណ៍​នោះ​ថា៖ «បើ​គ្មាន​គ្រិស្ត​សាសនិក​៣៤​នាក់​នោះ​ទេ នឹង​មាន​អំពើ​ហិង្សា​នៅ​អាកាសយានដ្ឋាន​ជា​មិន​ខាន»។

យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​ពោរ​ពេញ​ដោយ​មនុស្ស​មាន​កំហឹង

៣, ៤. (ក) តើ​មនុស្ស​បាន​រង​កំហឹង​និង​អំពើ​ឃោរឃៅ​យ៉ាង​ដូច​ម្ដេច? ហើយ​តាំង​ពី​ពេល​ណា​មក? (ខ) តើ​កាអ៊ីន​អាច​ទប់​កំហឹង​របស់​គាត់​បាន​ឬ​ទេ? សូម​ពន្យល់។

ជីវិត​ក្នុង​របៀប​របប​ដ៏​អាក្រក់​នេះ​មាន​ការ​បង្ខិត​បង្ខំ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ខឹង។ (សាស្ដ. ៧:៧) ជា​ញឹក​ញយ កំហឹង​នេះ​នាំ​ឲ្យ​មាន​ការ​ស្អប់​គ្នា និង​អំពើ​ហិង្សា។ មាន​សង្គ្រាម​រវាង​ប្រទេស​ផ្សេង​ៗ និង​សង្គ្រាម​ស៊ី​វិល ហើយ​ក្រុម​គ្រួសារ​ជា​ច្រើន​ក៏​មាន​ទំនាស់​ដែរ។ កំហឹង​និង​អំពើ​ឃោរឃៅ​បែប​នេះ​ធ្លាប់​កើត​មាន​ឡើង​យូរ​យារ​មក​ហើយ។ កាអ៊ីន​ដែល​ជា​កូន​ច្បង​របស់​អាដាម​និង​អេវ៉ា បាន​សម្លាប់​ប្អូន​ប្រុស​គាត់​ឈ្មោះ​អេបិល​ដោយ​សារ​ចិត្ត​ច្រណែន​និង​កំហឹង។ កាអ៊ីន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នេះ សូម្បី​តែ​ព្រះ​យេហូវ៉ា​បាន​ដាស់​តឿន​គាត់​ឲ្យ​កាន់​កាប់​លើ​អារម្មណ៍​របស់​គាត់ ហើយ​លោក​បាន​សន្យា​ថា​នឹង​ឲ្យ​ពរ​ដល់​គាត់​បើ​គាត់​ធ្វើ​ដូច្នេះ។—សូម​អាន លោកុប្បត្តិ ៤:៦​-​៨

ទោះ​ជា​កាអ៊ីន​បាន​ឆ្លង​ភាព​ខុស​ឆ្គង​ពី​អាដាម​និង​អេវ៉ា​ក៏​ដោយ តែ​ក្នុង​ករណី​នេះ គាត់​មាន​ជម្រើស។ គាត់​អាច​ទប់​កំហឹង​របស់​គាត់​បាន។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​អំពើ​ដ៏​ឃោរ​ឃៅ​របស់​គាត់។ ស្រដៀង​គ្នា​ដែរ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ នោះ​គឺ​ពិបាក​ជាង​ឲ្យ​យើង​ទប់​កំហឹង ហើយ​ជៀស​វាង​ការ​បញ្ចេញ​កំហឹង។ ម្យ៉ាង​ទៀត ក្នុង«គ្រា​ចុង​ក្រោយ​បង្អស់»នេះ បញ្ហា​ធ្ងន់​ធ្ងរ​ឯ​ទៀត​បន្ថែម​ភាព​តាន​តឹង។ (២ធី. ៣:១) ជា​ឧទាហរណ៍ វិបត្ដិ​សេដ្ឋកិច្ច​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​យើង។ ប៉ូលិស​និង​អង្គការ​ដែល​ផ្ដល់​ជំនួយ​ដល់​ក្រុម​គ្រួសារ​បាន​បញ្ជាក់​ថា វិបត្ដិ​សេដ្ឋកិច្ច​ជាប់​ទាក់​ទង​នឹង​ការ​កើន​ឡើង​នៃ​ការ​ផ្ទុះ​កំហឹង​និង​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ។

៥, ៦. ស្តី​អំពី​កំហឹង តើ​មនុស្ស​ក្នុង​ពិភព​លោក​មាន​ចិត្ត​គំនិត​បែប​ណា​ដែល​អាច​ជះ​ឥទ្ធិពល​លើ​យើង?

បន្ថែម​ទៅ​ទៀត មនុស្ស​ជា​ច្រើន​ដែល​យើង​ជួប «ស្រឡាញ់​តែ​ខ្លួន​ឯង» «ក្រអឺត​ក្រទម» ហើយ​ក៏«កាច​សាហាវ»ដែរ។ គឺ​ងាយ​ឲ្យ​លក្ខណៈ​អាក្រក់​ទាំង​នេះ​មាន​ឥទ្ធិពល​លើ​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​កំហឹង។ (២ធី. ៣:២​-​៥) តាម​ពិត ភាពយន្ត​និង​កម្ម​វិធី​ទូរទស្សន៍​ច្រើន​តែ​បង្ហាញ​ការ​សង​សឹក​ជា​អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ ហើយ​បង្ហាញ​ថា​អំពើ​ឃោរឃៅ​ជា​ដំណោះ​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ​និង​ជា​ធម្មតា​នូវ​បញ្ហា​ផ្សេង​ៗ។ ធម្មតា សាច់​រឿង​ក្នុង​ភាពយន្ត​ធ្វើ​ឲ្យ​អ្នក​មើល​ទន្ទឹង​រង់​ចាំ​ពេល​ដែល​តួ​អាក្រក់«ទទួល​អ្វី​ដែល​គាត់​សម​ទទួល» ពោល​គឺ​ត្រូវ​តួ​ល្អ​សម្លាប់​គាត់​យ៉ាង​ឃោរ​ឃៅ។

ការ​ឃោសនា​បែប​នេះ​មិន​លើក​តម្កើង​ការ​ប្រព្រឹត្ត​របស់​ព្រះ​ទេ តែ​លើក​តម្កើង«ចិត្ត​គំនិត​របស់​ពិភព​លោក» និង​អ្នក​គ្រប់​គ្រង​របស់​ពិភព​លោក​នេះ ពោល​គឺ​សាថាន​ដែល​មាន​កំហឹង។ (១កូ. ២:១២; អេភ. ២:២; បប. ១២:១២) ចិត្ត​គំនិត​នោះ​បំពេញ​បំណង​ប្រាថ្នា​របស់​រូប​កាយ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ប្រឆាំង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ និង​ផល​ដែល​ត្រូវ​បាន​បង្កើត​ដោយ​សកម្មពល​នោះ។ ប្រាកដ​មែន សេចក្ដី​បង្រៀន​សំខាន់​ៗ​នៃ​គ្រិស្ត​សាសនា​គឺ​មិន​ឲ្យ​សង​សឹក​ពេល​គេ​ធ្វើ​ឲ្យ​យើង​ខឹង។ (សូម​អាន ម៉ាថាយ ៥:៣៩, ៤៤, ៤៥) បើ​ដូច្នេះ តើ​យើង​អាច​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ពេញ​លេញ​ជាង​យ៉ាង​ដូច​ម្ដេច?

គំរូ​ល្អ​និង​គំរូ​អាក្រក់

៧. តើ​មាន​លទ្ធផល​អ្វី ពេល​ស៊ីម្មាន​និង​លេវី​មិន​បាន​កាន់​កាប់​លើ​កំហឹង​របស់​ពួក​គាត់?

គម្ពីរ​សម្បូរ​ទៅ​ដោយ​ដំបូន្មាន​ស្តី​អំពី​ការ​កាន់​កាប់​លើ​កំហឹង ហើយ​ក៏​មាន​គំរូ​ដែល​អាច​ជួយ​យើង​ដឹង​អំពី​អ្វី​ដែល​អាច​កើត​ឡើង​កាល​ណា​យើង​ទប់​និង​មិន​ទប់​កំហឹង។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ស៊ីម្មាន​និង​លេវី​ដែល​ជា​កូន​ប្រុស​របស់​យ៉ាកុប​បាន​សង​សឹក​ស៊ីគឹម​ដែល​បាន​រំលោភ​ប្អូន​ស្រី​ពួក​គាត់។ ពួក​គាត់«មាន​សេចក្ដី​ឈឺ​ចិត្ត​ហើយ​ខឹង​ជា​ខ្លាំង»។ (លោ. ៣៤:៧) បន្ទាប់​មក កូន​ប្រុស​ឯ​ទៀត​របស់​យ៉ាកុប​បាន​វាយ​ប្រហារ​ក្រុង​ស៊ីគឹម ហើយ​ប្លន់​ក្រុង​នោះ​ព្រម​ទាំង​បាន​ចាប់​យក​ស្រី​ៗ​និង​កូន​ក្មេង​ជា​ឈ្លើយ។ ពួក​គាត់​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ មិន​គ្រាន់​តែ​ដោយ​សារ​នាង​ឌីណា​ប៉ុណ្ណោះ​ទេ តែ​ទំនង​ជា​ដោយ​សារ​រឿង​នេះ​ក៏​ប៉ះ​ពាល់​ដល់​កេរ្ដិ៍​ឈ្មោះ​របស់​ពួក​គាត់​ដែរ។ ពួក​គាត់​គិត​ថា​ស៊ីគឹម​មើល​ងាយ​ពួក​គាត់​និង​យ៉ាកុប​ដែល​ជា​ឪពុក​របស់​ពួក​គាត់។ ប៉ុន្តែ តើ​យ៉ាកុប​បាន​គិត​យ៉ាង​ណា​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់?

៨. តើ​កំណត់​ហេតុ​អំពី​ស៊ីម្មាន​និង​លេវី​បង្ហាញ​អ្វី​អំពី​ការ​សង​សឹក?

រឿង​ខ្លោច​ផ្សា​ដែល​នាង​ឌីណា​បាន​ឆ្លង​កាត់​ពិត​ជា​បាន​ធ្វើ​ឲ្យ​យ៉ាកុប​កើត​ទុក្ខ​ខ្លាំង​ណាស់ ក៏​ប៉ុន្តែ​គាត់​បាន​ផ្ដន្ទា​ទោស​ការ​សង​សឹក​របស់​កូន​ប្រុស​ៗ​គាត់។ ស៊ីម្មាន​និង​លេវី​នៅ​តែ​ខំ​ដោះ​សា​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់​ដោយ​ពោល​ថា៖ «តើ​គួរ​គប្បី​ដែរ​ឬ ឲ្យ​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​យើង​ដូច​ជា​ស្រី​សំផឹង​ដូច្នេះ?»។ (លោ. ៣៤:៣១) ប៉ុន្តែ រឿង​នោះ​មិន​ចប់​ត្រឹម​នេះ​ទេ ពី​ព្រោះ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​សោះ។ ច្រើន​ឆ្នាំ​ក្រោយ​មក យ៉ាកុប​បាន​ទាយ​ថា​ដោយ​សារ​ស៊ីម្មាន​និង​លេវី​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ កូន​ចៅ​របស់​ពួក​គាត់​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ក្នុងចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល។ (សូម​អាន លោកុប្បត្តិ ៤៩:៥​-​៧) ប្រាកដ​ហើយ ដោយ​សារ​ពួក​គាត់​មិន​បាន​ទប់​កំហឹង នោះ​ទាំង​ព្រះ​យេហូវ៉ា​ទាំង​ឪពុក​ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង​ពួក​គាត់​ទេ។

៩. តើ​ដាវីឌ​ហៀប​នឹង​ទប់​កំហឹង​មិន​បាន​នៅ​ពេល​ណា?

នេះ​ផ្ទុយ​ស្រឡះ​ពី​ស្តេច​ដាវីឌ។ គាត់​មាន​ឱកាស​ជា​ច្រើន​ដើម្បី​សង​សឹក តែ​គាត់​មិន​បាន​ធ្វើ​ទេ។ (១សាំ. ២៤:៣​-​៧) ក៏​ប៉ុន្តែ នៅ​ពេល​មួយ គាត់​ហៀប​នឹង​ទប់​កំហឹង​មិន​បាន។ បុរស​អ្នក​មាន​ស្តុកស្តម្ភ​ម្នាក់​ឈ្មោះ​ណាបាល​បាន​ស្រែក​ជេរ​ពួក​បុរស​របស់​ដាវីឌ ថ្វី​បើ​ពួក​គេ​បាន​ការ​ពារ​ហ្វូង​សត្វ​និង​ពួក​គង្វាល​របស់​ណាបាល​ក៏​ដោយ។ ប្រហែល​ដាវីឌ​គិត​ថា​ណាបាល​បាន​មើល​ងាយ​ពួក​បុរស​របស់​គាត់ នោះ​គាត់​បម្រុង​នឹង​សង​សឹក​យ៉ាង​ឃោរ​ឃៅ។ កាល​ដែល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​កំពុង​ចេញ​ទៅ​វាយ​ប្រហារ​ណាបាល​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ប្រាប់​អ័ប៊ីកែល​ជា​ប្រពន្ធ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ណាបាល​អំពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ដាស់​តឿន​នាង​ឲ្យ​ចាត់​វិធានការ។ ភ្លាម​នោះ នាង​រៀបចំ​អំណោយ​យ៉ាង​ច្រើន ហើយ​ចេញ​ទៅ​ជួប​ដាវីឌ។ នាង​បាន​សុំ​អភ័យ​ទោស​ដោយ​ចិត្ត​រាប​ទាប​ចំពោះ​ភាព​ព្រហើន​របស់​ណាបាល ហើយ​រំលឹក​ដាវីឌ​ឲ្យ​ចាំ​អំពី​ការ​កោត​ខ្លាច​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​ភ្ញាក់​ខ្លួន ហើយ​បាន​និយាយ​ទៅ​នាង​ថា៖ «សូម​ពរ . . . ដល់​ខ្លួន​អ្នក​ផង ដោយ​ព្រោះ​អ្នក​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​កំចាយ​ឈាម . . . នៅ​ថ្ងៃ​នេះ»។—១សាំ. ២៥:២​-​៣៥

ទស្សនៈ​របស់​គ្រិស្ត​សាសនិក​ចំពោះ​ការ​សង​សឹក

១០. តើ​គ្រិស្ត​សាសនិក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​សង​សឹក?

១០ ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​ប្រឆាំង​ការ​មិន​ទប់​កំហឹង​និង​អំពើ​ឃោរឃៅ​ដែល​ស៊ីម្មាន​និង​លេវី​បាន​ប្រព្រឹត្ត ហើយ​លោក​ឲ្យ​ពរ​ដល់​ការ​ព្យាយាម​របស់​ដាវីឌ​និង​អ័ប៊ីកែល​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​ចំពោះ​អំពើ​ខុស​ឆ្គង ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ›។ ប៉ុន្តែ‹ប្រសិន​បើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​អាហារ​គាត់​បរិភោគ ហើយ​ប្រសិន​បើ​គាត់​ស្រេក ចូរ​ឲ្យ​គាត់​ផឹក​ចុះ ព្រោះ​បើ​ធ្វើ​ដូច្នេះ អ្នក​នឹង​គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​គាត់›។ កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ»។—រ៉ូម ១២:១៨​-​២១ *

១១. តើ​បង​ស្រី​ម្នាក់​បាន​រៀន​ទប់​កំហឹង​យ៉ាង​ដូច​ម្ដេច?

១១ យើង​អាច​ធ្វើ​តាម​ដំបូន្មាន​នោះ​បាន។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​បាន​ត្អូញត្អែរ​ប្រាប់​អ្នក​ចាស់​ទុំ​ម្នាក់​អំពី​នាយក​ថ្មី​របស់​គាត់។ គាត់​ប្រាប់​ថា​នាយក​នោះ​កាច ហើយ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌។ បង​ស្រី​នោះ​ខឹង​នាយក​គាត់ ហើយ​ចង់​ឈប់​ធ្វើ​ការ​នៅ​ទី​នោះ។ អ្នក​ចាស់​ទុំ​បាន​លើក​ទឹក​ចិត្ត​គាត់​កុំ​ឲ្យ​ធ្វើ​អ្វី​ដោយ​មិន​គិត​វែង​ឆ្ងាយ។ ម្យ៉ាង​ទៀត អ្នក​ចាស់​ទុំ​បាន​យល់​ឃើញ​ថា​បង​ស្រី​នោះ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធំ​ពី​ព្រោះ​គាត់​ប្រព្រឹត្ត​ដោយ​កំហឹង។ (ទីត. ៣:១​-​៣) អ្នក​ចាស់​ទុំ​ក៏​បាន​ពន្យល់​ដែរ​ថា ទោះ​ជា​បង​ស្រី​រក​ការងារ​ថ្មី​ក៏​ដោយ ក៏​គាត់​នៅ​តែ​ត្រូវ​កែ​ប្រែ​អាកប្បកិរិយា​របស់​គាត់ ពេល​ដែល​មាន​គេ​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស​មក​លើ​គាត់។ អ្នក​ចាស់​ទុំ​នោះ​ជូន​យោបល់​គាត់​ឲ្យ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ដោយ​ប្រព្រឹត្ត​ទៅ​លើ​នាយក​ដូច​គាត់​ចង់​ឲ្យ​នាយក​ប្រព្រឹត្ត​ទៅ​លើ​គាត់​វិញ។ (សូម​អាន លូកា ៦:៣១) បង​ស្រី​ព្រម​ធ្វើ​តាម​យោបល់​នោះ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ក្រោយ​មក នាយក​ក្លាយ​ទៅ​ជា​ស្លូត​វិញ ហើយ​ថែម​ទាំង​បាន​អរគុណ​បង​ស្រី​ដោយ​សារ​គាត់​ខំ​ព្យាយាម​ធ្វើ​ការ។

១២. ពេល​ណា​មាន​បញ្ហា​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​រួម​ជំនឿ ហេតុ​អ្វី​នេះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ជាង​ពេល​មាន​បញ្ហា​ជា​មួយ​អ្នក​មិន​ជឿ?

១២ ពេល​ណា​មាន​បញ្ហា​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​មែន​ជា​គ្រិស្ត​សាសនិក យើង​ប្រហែល​ជា​មិន​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ។ យើង​ដឹង​ថា​ជីវិត​ក្នុង​របៀប​របប​របស់​សាថាន ច្រើន​មាន​លក្ខណៈ​អយុត្ដិធម៌ ក៏​ដឹង​ថា​យើង​ត្រូវ​ខំ​ប្រឹង​ទប់​ចិត្ត​មិន​ឲ្យ​មនុស្ស​អាក្រក់​ធ្វើ​ឲ្យ​យើង​ខឹង​ឡើយ។ (ទំនុក. ៣៧:១​-​១១; សាស្ដ. ៨:១២, ១៣; ១២:១៣, ១៤) ក៏​ប៉ុន្តែ ពេល​ណា​យើង​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់ នោះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ខ្លាំង​ជាង។ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ប្រាប់​ថា៖ «ពេល​ដែល​ខ្ញុំ​កំពុង​រៀន​សេចក្ដី​ពិត បញ្ហា​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ល្អ​ឥត​ខ្ចោះ​ទេ»។ យើង​ចេញ​ពី​ពិភព​លោក​នេះ​ដែល​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ ហើយ​ចូល​ក្នុង​ក្រុម​ជំនុំ​វិញ ដោយ​សង្ឃឹម​ថា​បង​ប្អូនទាំង​អស់​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ប្រសិន​បើ​គ្រិស្ត​សាសនិក​រួម​ជំនឿ​ម្នាក់ ជា​ពិសេស​អ្នក​ដែល​មាន​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ ប្រព្រឹត្ត​មក​លើ​យើង​ដោយ​មិន​គិត​សោះ ឬ​ធ្វើ​អ្វី​ដែល​គ្រិស្ត​សាសនិក​មិន​គួរ​ប្រព្រឹត្ត នោះ​អាច​ធ្វើ​ឲ្យ​យើង​ខឹង​ឬ​ពិបាក​ចិត្ត។ យើង​ប្រហែល​ជា​ឆ្ងល់​ថា‹តើ​រឿង​បែប​នេះ​អាច​កើត​ឡើង​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​យេហូវ៉ា​ដូច​ម្ដេច​បាន?›។ តាម​ពិត នៅ​សម័យ​ពួក​សាវ័ក រឿង​បែប​នោះ​ក៏​ធ្លាប់​កើត​ឡើង​ក្នុង​ចំណោម​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែរ។ (កាឡ. ២:១១​-​១៤; ៥:១៥; យ៉ា. ៣:១៤, ១៥) តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ដែល​មាន​គេ​ប្រព្រឹត្ត​មក​លើ​យើង​ដូច្នោះ?

១៣. ហេតុ​អ្វី​យើង​គួរ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​បង​ប្អូន? តើ​យើង​គួរ​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

១៣ បង​ស្រី​ម្នាក់​ប្រាប់​ថា៖ «ពេល​ខ្ញុំ​អធិដ្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត នោះ​តែង​តែ​ជួយ​ខ្ញុំ»។ យើង​បាន​អាន​ហើយ​ថា លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​បៀត​បៀន​យើង។ (ម៉ាថ. ៥:៤៤) បើ​ដូច្នេះ យើង​ប្រាកដ​ជា​គួរ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែរ! ដូច​ឪពុក​តែង​ចង់​ឲ្យ​កូន​ស្រឡាញ់​គ្នា នោះ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​នៅ​ផែនដី​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា។ យើង​ទន្ទឹង​រង់​ចាំ​ដោយ​ចិត្ត​រំភើប​នៅ​ពេល​ដែល​យើង​អាច​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​មាន​សុភមង្គល​ជា​និច្ច ហើយ​ព្រះ​យេហូវ៉ា​កំពុង​បង្រៀន​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ឥឡូវ​នេះ។ លោក​ចង់​ឲ្យ​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សម្រេច​កិច្ច​ការ​ដ៏​សំខាន់​របស់​លោក។ ដូច្នេះ ចូរ​យើង​ដោះ​ស្រាយ​បញ្ហា ឬ​គ្រាន់​តែ​មិន«ប្រកាន់​ទោស» ហើយ​បន្ត​ជឿន​ទៅ​មុខ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព។ (សូម​អាន សុភាសិត ១៩:១១) ជា​ជាង​ដក​ខ្លួន​ចេញ​ពី​បង​ប្អូន​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង យើង​គួរ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ហើយ​មាន​សុវត្ថិភាព​ក្នុង​រង្វង់‹ព្រះ​ពាហុ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច›របស់​ព្រះ​យេហូវ៉ា។—ចោ. ៣៣:២៧

ការ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ

១៤. តើ​យើង​អាច​ទប់​ទល់​ឥទ្ធិពល​អាក្រក់​របស់​សាថាន​យ៉ាង​ដូច​ម្ដេច?

១៤ ដើម្បី​រា​រាំង​យើង​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​កំពុង​ព្យាយាម​ឥត​ឈប់​ឈរ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​និង​ក្រុម​គ្រួសារ​ដែល​មាន​សុភមង្គល មិន​ស្រុះ​ស្រួល​គ្នា។ ពួក​វា​ខំ​បង្ក​ទំនាស់ ពី​ព្រោះ​វា​ចង់​ឲ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង។ (ម៉ាថ. ១២:២៥) ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​អាក្រក់​របស់​ពួក​វា យើង​គួរ​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ូល​ដែល​ថា៖ «ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់»។ (២ធី. ២:២៤) សូម​ចាំ​ថា​យើង​មិន​មែន«ប្រយុទ្ធ​នឹង​សាច់​ឈាម​ទេ តែ​ប្រយុទ្ធ​នឹង . . . ពួក​វិញ្ញាណ​ទុច្ចរិត»។ ដើម្បី​ប្រយុទ្ធ​ឈ្នះ​ពួក​វា យើង​ត្រូវ​តែ​ប្រើ​គ្រឿង​សឹក​ពី​ព្រះ ដែល​រួម​ទាំង«មាន​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ស្បែក​ជើង»។—អេភ. ៦:១២​-​១៨

១៥. តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​មាន​គេ​ខាង​ក្រៅ​ក្រុម​ជំនុំ​វាយ​ប្រហារ​មក​លើ​យើង?

១៥ ពី​ខាង​ក្រៅ​ក្រុម​ជំនុំ សត្រូវ​របស់​ព្រះ​យេហូវ៉ា​វាយ​ប្រហារ​យ៉ាង​សាហាវ​ទៅ​លើ​រាស្ត្រ​របស់​លោក​ដែល​ស្រឡាញ់​សន្ដិភាព។ សត្រូវ​ខ្លះ​ប្រើ​ហិង្សា​ទៅ​លើ​សាក្សី​ព្រះ​យេហូវ៉ា។ អ្នក​ឯ​ទៀត​បង្កាច់​បង្ខូច​យើង​តាម​រយ:សារ​ព័ត៌មាន​ឬ​ក្នុង​តុលាការ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ទុក​ជា​មុន​ថា​នឹង​មាន​បញ្ហា​នេះ។ (ម៉ាថ. ៥:១១, ១២) តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា? យើង​មិន​ត្រូវ«តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់»ឲ្យ​សោះ ទោះ​ជា​ដោយ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ។—រ៉ូម ១២:១៧; សូម​អាន ពេត្រុស​ទី​១ ៣:១៦

១៦, ១៧. តើ​ក្រុម​ជំនុំ​មួយ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី?

១៦ ទោះ​ជា​មេ​កំណាច​ធ្វើ​អ្វី​ក៏​ដោយ​មក​លើ​យើង យើង​នៅ​តែ​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ល្អ​ប្រសើរ​បើ​យើង«ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ»។ ជា​ឧទាហរណ៍ ក្រុម​ជំនុំ​មួយ​នៅ​កោះ​មួយ​នៅ​មហា​សមុទ្រ​ប៉ាស៊ីភិច​បាន​ជួល​សាល​ដើម្បី​ធ្វើ​ពិធី​រំលឹក។ ពេល​ដែល​ពួក​មេ​និកាយ​គ្រិស្ត​សាសនា​នៅ​តំបន់​នោះ​ដឹង​អំពី​រឿង​នេះ ពួក​គេ​ប្រាប់​សមាជិក​វិហារ​របស់​ពួក​គេ​ឲ្យ​ទៅ​ជួប​ជុំ​គ្នា​ធ្វើ​កម្ម​វិធី​សាសនា​ក្នុង​សាល​នោះ​នៅ​ម៉ោង​ដែល​យើង​ត្រូវ​ធ្វើ​ពិធី​រំលឹក។ ក៏​ប៉ុន្តែ​មេ​ប៉ូលិស​បាន​បង្គាប់​ពួក​មេ​និកាយ​ថា​ត្រូវ​ចេញ​ពី​សាល​នោះ​ឲ្យ​បាន​មុន​ដើម្បី​ទុក​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ដល់​ម៉ោង​ដែល​ពួក​សាក្សី​ត្រូវ​ជួប​ជុំ​គ្នា សាល​នោះ​បាន​ពេញ​ទៅ​ដោយ​សមាជិក​វិហារ​នោះ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​កម្ម​វិធី។

១៧ ពេល​ដែល​ប៉ូលិស​កំពុង​រៀបចំ​បណ្ដេញ​ពួក​គេ​ចេញ​ដោយ​ប្រើ​កម្លាំង​បាយ នោះ​ប្រធាន​វិហារ​បាន​មក​សួរ​អ្នក​ចាស់​ទុំ​ម្នាក់​របស់​យើង​ថា៖ «តើ​អ្នក​មាន​កម្ម​វិធី​ពិសេស​យប់​នេះ​ទេ?»។ បង​ប្រុស​យើង​ប្រាប់​អំពី​ពិធី​រំលឹក រួច​បុរស​នោះ​និយាយ​ថា៖ «អូ៎! ខ្ញុំ​មិន​បាន​ដឹង​ទេ!»។ ឮ​ដូច្នេះ ប៉ូលិស​ឧទាន​ថា៖ «យើង​បាន​ប្រាប់​អ្នក​ព្រឹក​មិញ​ហើយ​តើ!»។ បន្ទាប់​មក ប្រធាន​វិហារ​នោះ​បែរ​មក​សើច​ឌឺដង​និយាយ​ប្រាប់​អ្នក​ចាស់​ទុំ​ថា៖ «តើ​អ្នក​នឹង​ធ្វើ​អ្វី​ឥឡូវ? សមាជិក​យើង​បាន​មក​ពេញ​សាល។ តើ​អ្នក​នឹង​ឲ្យ​ប៉ូលិស​បណ្ដេញ​យើង​ចេញ​ឬ?»។ បុរស​នោះ​បាន​ប្រើ​ឧបាយ​កល​ដើម្បី​ឲ្យ​មើល​ទៅ​ដូច​ជា​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​បៀត​បៀន​គេ! តើ​បង​ប្អូន​របស់​យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា?

១៨. តើ​បង​ប្អូន​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​មាន​អ្នក​បង្ក​រឿង? តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៨ សាក្សី​ព្រះ​យេហូវ៉ា​ប្រាប់​ថា​ពួក​គេ​អាច​ធ្វើ​កម្ម​វិធី​សាសនា​កន្លះ​ម៉ោង​បាន បន្ទាប់​មក​បង​ប្អូន​យើង​នឹង​ធ្វើ​ពិធី​រំលឹក។ កម្ម​វិធី​នោះ​បាន​បន្ត​លើស​ម៉ោង ប៉ុន្តែ​ក្រោយ​ពី​សមាជិក​សាសនា​នោះ​បាន​ចេញ​អស់​ហើយ នោះ​បង​ប្អូន​បាន​ធ្វើ​ពិធី​រំលឹក។ ស្អែក​ឡើង​រដ្ឋាភិបាល​បាន​បង្កើត​គណ:កម្មការ​ស៊ើប​អង្កេត​មួយ។ លុះ​គណ:កម្មការ​ពិចារណា​ហេតុ​ការណ៍​សព្វ​គ្រប់​ហើយ ពួក​គេ​តម្រូវ​ឲ្យ​សាសនា​នោះ​ប្រកាស​ថា​ប្រធាន​វិហារ​ជា​អ្នក​បង្កើត​បញ្ហា មិន​មែន​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ គណ:កម្មការ​ក៏​បាន​អរគុណ​សាក្សី​ព្រះ​យេហូវ៉ា​ដោយ​សារ​ពួក​គេ​បាន​អត់​ធ្មត់​ពេល​មាន​បញ្ហា​ពិបាក​នោះ។ សាក្សី​ព្រះ​យេហូវ៉ា​បាន​លទ្ធផល​ល្អ​ដោយ​សារ​បាន«ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់»។

១៩. តើ​អ្វី​ទៀត​អាច​ជួយ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​អ្នក​ឯ​ទៀត?

១៩ ចំណុច​សំខាន់​មួយ​ទៀត​ដែល​ជួយ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​អ្នក​ឯ​ទៀត​គឺ​សម្ដី​សប្បុរស។ អត្ថបទ​បន្ទាប់​នឹង​ពន្យល់​ថា សម្ដី​សប្បុរស​ជា​សម្ដី​បែប​ណា ហើយ​នឹង​បញ្ជាក់​ពី​របៀប​ដែល​យើង​អាច​ទម្លាប់​ខ្លួន​ប្រើ​សម្ដី​សប្បុរស។

[កំណត់​សម្គាល់]

^ វគ្គ 10 ពាក្យ​ថា«គរ​រងើក​ភ្លើង»សំដៅ​ទៅ​វិធី​ដែល​គេ​ស្ល​ដែក​នៅ​សម័យ​បុរាណ​ដោយ​កម្ដៅ​វា​ពី​លើ​និង​ពី​ក្រោម​ដើម្បី​ចម្រាញ់​យក​លោហធាតុ។ បើ​យើង​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​មនុស្ស​ដែល​មិន​សប្បុរស នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត ហើយ​បណ្ដាល​ឲ្យ​ពួក​គេ​បង្ហាញ​លក្ខណៈ​ល្អ​វិញ។

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

• សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​មនុស្ស​ក្នុង​ពិភព​លោក​មាន​កំហឹង​ខ្លាំង​ម្ល៉េះ?

• តើ​គំរូ​អ្វី​ខ្លះ​ក្នុង​គម្ពីរ​ដែល​បង្ហាញ​នូវ​លទ្ធផល​ដែល​មក​ពី​ការ​ទប់​ឬ​ការ​មិន​ទប់​កំហឹង?

• តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា បើ​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត?

• តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​មាន​ការ​វាយ​ប្រហារ​ដែល​មក​ពី​ខាង​ក្រៅ​ក្រុម​ជំនុំ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៨]

ស៊ីម្មាន​និង​លេវី​បាន​ត្រឡប់​មក​វិញ ក្រោយ​ពី​បាន​បញ្ចេញ​កំហឹង

[រូប​ភាព​នៅ​ទំព័រ​២០]

ការ​បង្ហាញ​ចិត្ត​សប្បុរស អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត