លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបន្តពង្រឹងក្រុមជំនុំ

ចូរបន្តពង្រឹងក្រុមជំនុំ

ចូរ​បន្ត​ពង្រឹង​ក្រុម​ជំនុំ

«ចូរ​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក»។—១ថែ. ៥:១១

១. ដោយ​សារ​យើង​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក តើ​យើង​មាន​ពរ​អ្វី​ខ្លះ? ប៉ុន្តែ​តើ​យើង​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ណា​ខ្លះ?

ការ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នាំ​មក​នូវ​ពរ​ដ៏​វិសេស។ អ្នក​មាន​ចំណង​មេត្រី​ភាព​ដ៏​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។ ដោយ​សារ​អ្នក​ទុក​ចិត្ត​លើ​បណ្ដាំ​របស់​លោក​ដើម្បី​ណែនាំ​អ្នក នេះ​ជួយ​ការ​ពារ​អ្នក​ពី​ផល​វិបាក​ដែល​មក​ពី​របៀប​រស់​នៅ​ដែល​ខុស​គោល​ការណ៍​គម្ពីរ។ អ្នក​មាន​មិត្ត​ភក្ដិ​ពិត​ប្រាកដ​ជា​ច្រើន​នាក់​ដែល​ចង់​ឲ្យ​អ្នក​បាន​ល្អ។ ត្រូវ​ហើយ អ្នក​មាន​ពរ​ច្រើន​ណាស់។ ប៉ុន្តែ គ្រិស្ត​សាសនិក​ភាគ​ច្រើន​កំពុង​ត​ស៊ូ​នឹង​បញ្ហា​ផ្សេង​ៗ។ ពួក​គាត់​ខ្លះ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​យល់​សេចក្ដី​ជ្រាល​ជ្រៅ​នៃ​បណ្ដាំ​របស់​ព្រះ។ អ្នក​ខ្លះ​ទៀត​ឈឺ​ឬ​ធ្លាក់​ទឹក​ចិត្ត ឬ​ក៏​ប្រហែល​ជា​កំពុង​រង​ផល​វិបាក​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ឃ្លាត​ឆ្ងាយ​ពី​ព្រះ។

២. តើ​យើង​គួរ​ធ្វើ​អ្វី ពេល​បង​ប្អូន​យើង​រង​ការ​លំបាក? ហើយ​ហេតុ​អ្វី?

គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង ចង់​ឃើញ​បង​ប្អូន​រួម​ជំនឿ​មាន​ការ​ពិបាក​ឬ​រង​ទុក្ខ​ឡើយ។ សាវ័ក​ប៉ូល​បាន​ប្រៀប​ប្រដូច​ក្រុម​ជំនុំ​ទៅ​នឹង​រូប​កាយ ហើយ​បាន​ពោល​ថា៖ «ប្រសិន​បើ​អវយវៈ​មួយ​រង​ទុក្ខ អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​រង​ទុក្ខ​ជា​មួយ​ដែរ»។ (១កូ. ១២:១២, ២៦) ក្នុង​កាលៈទេសៈ​បែប​នេះ យើង​គួរ​ព្យាយាម​គាំ​ទ្រ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។ កំណត់​ហេតុ​មួយ​ចំនួន​ក្នុង​គម្ពីរ​ចែង​ថា​សមាជិក​ក្រុម​ជំនុំ​បាន​ជួយ​គ្នា​ប្រឈម​មុខ ហើយ​យក​ឈ្នះ​ការពិបាក​ផ្សេង​ៗ។ ឥឡូវ ពេល​យើង​ពិចារណា​ករណី​ទាំង​នោះ សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​ផ្ដល់​ជំនួយ ដែល​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​បាន​រៀប​រាប់​ក្នុង​កំណត់​ហេតុ​ទាំង​នោះ។ តើ​អ្នក​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ពង្រឹង​ក្រុម​ជំនុំ​របស់​លោក?

អាគីឡា​និង​ព្រីស៊ីល​បាន«នាំ[គាត់]ទៅ​ដោយ​ឡែក​ពី​គេ»

៣, ៤. តើ​តាម​របៀប​ណា​ដែល​អាគីឡា​និង​ព្រីស៊ីល​បាន​ជួយ​អាប៉ូឡុស?

ពេល​អាប៉ូឡុស​បាន​តាំង​ទី​លំនៅ​នៅ​ក្រុង​អេភេសូរ គាត់​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះ​ខ្នែង​រួច​ហើយ។ កំណត់​ហេតុ​នៅ​សៀវភៅ​សកម្មភាព​ចែង​ថា៖ «ដោយ​សារ​សកម្មពល​របស់​ព្រះ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ដោយ​ក្ដី​រំភើប ក៏​បាន​និយាយ​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ ប៉ុន្តែ​គាត់​ស្គាល់​តែ​ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ»។ ដោយ​សារ​អាប៉ូឡុស​មិន​ស្គាល់​ការ​ជ្រមុជ​ទឹក«ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក» នេះ​ទំនង​ជា​មាន​ន័យ​ថា​អ្នក​កាន់​តាម​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ឬ​ក៏​អ្នក​កាន់​តាម​លោក​យេស៊ូ បាន​ផ្សព្វ​ផ្សាយ​ដល់​គាត់​មុន​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ ទោះ​ជា​អាប៉ូឡុស​មាន​ចិត្ត​ខ្នះ​ខ្នែង​ក៏​ដោយ គាត់​មិន​បាន​យល់​រឿង​សំខាន់​ៗ​ខ្លះ​ទេ។ តើ​ការ​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​បាន​ជួយ​គាត់​យ៉ាង​ណា?—សកម្ម. ១:៤, ៥; ១៨:២៥; ម៉ាថ. ២៨:១៩

អាគីឡា​និង​ព្រីស៊ីល​ដែល​ជា​គូ​ស្វាមីភរិយា​គ្រិស្ត​សាសនិក​មួយ​គូ​បាន​ឮ​អាប៉ូឡុស​និយាយ​យ៉ាង​ក្លាហាន​នៅ​សាលា​ប្រជុំ ក៏​នាំ​គាត់​ទៅ​ដោយ​ឡែក​ពី​គេ ហើយ​បាន​បង្រៀន​គាត់​ថែម​ទៀត​អំពី​អ្វី​ដែល​គាត់​មិន​ដឹង។ (សូម​អាន សកម្មភាព ១៨:២៤​-​២៦) នេះ​ជា​អ្វី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​បាន​ធ្វើ។ ប្រាកដ​ហើយ អាគីឡា​និង​ព្រីស៊ីល​ពិត​ជា​បាន​និយាយ​ជា​មួយ​អាប៉ូឡុស​តាម​របៀប​ដែល​បង្ហាញ​ថា​ពួក​គាត់​ចង់​ជួយ​គាត់ និង​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​គាត់​អន់​ចិត្ត មិន​មែន​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ត្រូវ​គេ​រិះ​គន់​ទេ។ អ្វី​ដែល​អាប៉ូឡុស​មិន​បាន​ដឹង​នោះ​គឺ​ប្រវត្ដិ​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដំបូង។ អាប៉ូឡុស​ប្រាកដ​ជា​ដឹង​គុណ​ចំពោះ​គូកន​ថ្មី​របស់​គាត់​ដែល​បាន​ជួយ​គាត់​ឲ្យ​យល់​ព័ត៌មាន​សំខាន់​ទាំង​នេះ។ ដោយ​សារ​អាប៉ូឡុស​បាន​ដឹង​ព័ត៌មាន​នេះ គាត់​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំង ហើយ«បាន​ជួយ​យ៉ាង​ច្រើន»ដល់​បង​ប្អូន​រួម​ជំនឿ​នៅ​ស្រុក​អាខេយ៉ា។—សកម្ម. ១៨:២៧, ២៨

៥. ដោយ​សេចក្ដី​ស្រឡាញ់ តើ​អ្នក​ផ្សព្វ​ផ្សាយ​រាប់​ពាន់​នាក់​ផ្ដល់​ជំនួយ​យ៉ាង​ណា? ហើយ​តើ​មាន​លទ្ធផល​អ្វី?

សព្វ​ថ្ងៃ​នេះ បង​ប្អូន​ជា​ច្រើន​នៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដឹង​គុណ​ណាស់​ចំពោះ​ពួក​អ្នក​ដែល​បាន​ជួយ​ពួក​គាត់​ឲ្យ​យល់​គម្ពីរ។ អាស្រ័យ​ហេតុ​នេះ អ្នក​បង្រៀន​និង​សិស្ស​គម្ពីរ​ជា​ច្រើន​នាក់​មាន​ចំណង​មិត្តភាព​ជា​មួយ​គ្នា​ដែល​នៅ​ស្ថិត​ស្ថេរ។ ក្នុង​ករណី​ភាគ​ច្រើន ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​សេចក្ដី​ពិត​តម្រូវ​ឲ្យ​កំណត់​ពេល​សិក្សា​ជា​មួយ​គ្នា​យ៉ាង​ទៀង​ទាត់​អស់​រយៈ​ពេល​បី​បួន​ខែ។ ក៏​ប៉ុន្តែ អ្នក​ផ្សព្វ​ផ្សាយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដូច្នេះ​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន ដោយ​សារ​ពួក​គេ​ទទួល​ស្គាល់​ថា​នេះ​ទាក់​ទង​នឹង​ជីវិត​ស្លាប់​រស់។ (យ៉ូន. ១៧:៣) យើង​ប្រាកដ​ជា​មាន​អំណរ​មែន​ពេល​ឃើញ​មនុស្ស​ទទួល​យក ព្រម​ទាំង​រស់​នៅ​សម​ស្រប​នឹង​សេចក្ដី​ពិត ហើយ​ប្រើ​ជីវិត​របស់​ពួក​គេ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា!

‹បង​ប្អូន​តែង​និយាយ​ល្អ​អំពី​គាត់›

៦, ៧. (ក) ហេតុ​អ្វី​បាន​ជា​ប៉ូល​ជ្រើស​រើស​ធីម៉ូថេ​ឲ្យ​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ជា​សាសនទូត? (ខ) តើ​ប៉ូល​បាន​ជួយ​ធីម៉ូថេ​ឲ្យ​មាន​ជំនឿន​យ៉ាង​ដូច​ម្ដេច?

ក្នុង​អំឡុង​ដំណើរ​ទី​២​ជា​សាសនទូត សាវ័ក​ប៉ូល​និង​ស៊ីឡាស​បានទៅ​លេង​ក្រុង​លីស្ដ្រា ហើយ​នៅ​ទី​នោះ​ពួក​គាត់​ជួប​យុវជន​ម្នាក់​ឈ្មោះ​ធីម៉ូថេ ដែល​មាន​អាយុ​ប្រហែល​ជិត​ឬ​ជាង​២០​ឆ្នាំ។ «បង​ប្អូន​នៅ​ក្រុង​លីស្ដ្រា​និង​ក្រុង​អ៊ីកូនាម​តែង​និយាយ​ល្អ​អំពី​ធីម៉ូថេ»។ អឺនីស​ដែល​ជា​ម្ដាយ​របស់​ធីម៉ូថេ និង​ឡូអ៊ីស​ដែល​ជា​យាយ​របស់​គាត់​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ តែ​ឪពុក​របស់​គាត់​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ (២ធី. ១:៥) ប៉ូល​ប្រហែល​ជា​បាន​ស្គាល់​ក្រុម​គ្រួសារ​របស់​ធីម៉ូថេ​ពេល​គាត់​មក​លេង​តំបន់​នោះ​ជា​លើក​ដំបូង​ពីរ​បី​ឆ្នាំ​មុន។ ប៉ុន្តែ នៅ​ពេល​ជួប​គ្នា​ម្ដង​ទៀត ប៉ូល​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ធីម៉ូថេ​ពី​ព្រោះ​មើល​ទៅ​គាត់​ជា​យុវជន​ដ៏​អស្ចារ្យ​ម្នាក់។ អាស្រ័យ​ហេតុ​នេះ ដោយ​ទទួល​ការ​អនុញ្ញាត​ពី​ក្រុម​នៃ​ពួក​អ្នក​ចាស់​ទុំ​នៅ​ទី​នោះ ធីម៉ូថេ​បាន​ក្លាយ​ទៅ​ជា​ជំនួយ​ការ​របស់​ប៉ូល​ក្នុង​សកម្មភាព​ជា​សាសនទូត។—សូម​អាន សកម្មភាព ១៦:១​-​៣

ធីម៉ូថេ​មាន​អ្វី​ជា​ច្រើន​ដែល​គាត់​អាច​រៀន​ពី​គូកន​របស់​គាត់​ដែល​មាន​អាយុ​ច្រើន​ជាង​គាត់។ ប៉ុន្តែ គាត់​ពិត​ជា​បាន​រៀន​ច្រើន​មែន ហើយ​មិន​យូរ​ក្រោយ​មក ប៉ូល​មាន​ទំនុក​ចិត្ត​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​លេង​ក្រុម​ជំនុំ​នានា ហើយ​ឲ្យ​ធ្វើ​ជា​តំណាង​គាត់។ ក្នុង​រយៈ​ពេល​ជាង​១៥​ឆ្នាំ​ដែល​ធីម៉ូថេ​បាន​សេព​គប់​ជា​មួយ​ប៉ូល នោះ​បុរស​វ័យ​ក្មេង​នេះ​ដែល​មិន​មាន​បទ​ពិសោធន៍ ហើយ​ប្រហែល​ជា​អៀន​ខ្មាស បាន​មាន​ជំនឿន​រហូត​ក្លាយ​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ​ដ៏​ប្រសើរ​ម្នាក់។—ភី. ២:១៩​-​២២; ១ធី. ១:៣

៨, ៩. តើ​សមាជិក​ក្នុង​ក្រុម​ជំនុំ​អាច​លើក​ទឹក​ចិត្ត​ប្អូន​ៗ​វ័យ​ក្មេង​យ៉ាង​ណា? សូម​លើក​ឧទាហរណ៍។

សព្វ​ថ្ងៃ​នេះ យុវជន​និង​យុវតី​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​មាន​គុណសម្បត្ដិ​និង​សមត្ថភាព​ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​ជឿន​ទៅ​មុខ។ បើ​គូកន​ដែល​ទុក​គំរូ​ល្អ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា បាន​លើក​ទឹក​ចិត្ត​និង​ថែ​រក្សា​ពួក​គាត់ នោះ​ប្អូន​ៗ​វ័យ​ក្មេង​ទាំង​នេះ​អាច​ខំ​ប្រឹង​ឲ្យ​បាន​មុខ​ងារ ហើយ​ព្រម​ទទួល​ភារកិច្ច​ជា​ច្រើន​ទៀត​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ សូម​មើល​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក! តើ​មាន​ប្អូន​ៗ​វ័យ​ក្មេង​ណា​ដែល​អាច​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ក្នុង​ក្រុម​ជំនុំ ដូច​ធីម៉ូថេ​បាន​ធ្វើ​ឬ​ទេ? ដោយ​មាន​ជំនួយ​និង​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក ពួក​គាត់​អាច​ក្លាយ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ អ្នក​ធ្វើ​ការ​នៅ​បេតអែល សាសនទូត ឬ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជា​ដើម។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​ព្យាយាម​ដើម្បី​សម្រេច​គោល​ដៅ​បែប​នោះ?

ម៉ាថិន​ដែល​បាន​បម្រើ​នៅ​បេតអែល​អស់​២០​ឆ្នាំ នឹក​ចាំ​ដោយ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​គាត់​កាល​ពី​៣០​ឆ្នាំ​មុន ពេល​ដែល​គាត់​ទាំង​ពីរ​នាក់​កំពុង​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ អ្នក​ត្រួត​ពិនិត្យ​នោះ​បាន​និយាយ​ដោយ​ចិត្ត​រំភើប​អំពី​ពេល​គាត់​បម្រើ​នៅ​បេតអែល​កាល​ដែល​គាត់​នៅ​វ័យ​ក្មេង។ គាត់​បាន​លើក​ទឹក​ចិត្ត​ម៉ាថិន​ឲ្យ​គិត​អំពី​កិច្ច​បម្រើ​បែប​នេះ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ម៉ាថិន​មាន​អារម្មណ៍​ថា​ការ​ពិភាក្សា​នេះ​ដែល​គាត់​មិន​អាច​បំភ្លេច​បាន មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដែល​គាត់​បាន​ធ្វើ​នៅ​ពេល​ក្រោយ​មក។ ដោយ​និយាយ​ជា​មួយ​ប្អូន​ៗ​វ័យ​ក្មេង​អំពី​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ អ្នក​ប្រហែល​ជា​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ពួក​គាត់ ដែល​អ្នក​គិត​មិន​ដល់។

«និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត»

១០. តើ​អេប៉ាប្រូឌីត​មាន​អារម្មណ៍​យ៉ាង​ណា? ហើយ​ហេតុ​អ្វី?

១០ អេប៉ាប្រូឌីត​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ដែល​ធ្វើ​ឲ្យ​គាត់​នឿយ​ហត់ ពី​ក្រុង​ភីលីព​ទៅ​ក្រុង​រ៉ូម​ដើម្បី​ទៅ​លេង​ប៉ូល​កាល​ដែល​គាត់​ជាប់​គុក​ដោយ​សារ​ជំនឿ​គាត់។ អេប៉ាប្រូឌីត​ធ្វើ​ជា​អ្នក​នាំ​សារ​ពី​បង​ប្អូន​ក្នុង​ក្រុង​ភីលីព។ គាត់​មិន​គ្រាន់​តែ​យក​អំណោយ​ឲ្យ​សាវ័ក​ប៉ូល​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​មាន​គម្រោង​នៅ​ជា​មួយ​ប៉ូល​ដើម្បី​ជួយ​ប៉ូល​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​របស់​គាត់។ ក៏​ប៉ុន្តែ កាល​អេប៉ាប្រូឌីត​នៅ​ក្រុង​រ៉ូម គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ«រហូត​ដល់​ជិត​ស្លាប់»។ ដោយ​មាន​អារម្មណ៍​ថា​គាត់​មិន​បាន​សម្រេច​គោល​បំណង​របស់​គាត់ គាត់​ធ្លាក់​ទឹក​ចិត្ត។—ភី. ២:២៥​-​២៧

១១. (ក) ហេតុ​អ្វី​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​បើ​បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ធ្លាក់​ទឹក​ចិត្ត? (ខ) ក្នុង​ករណី​របស់​អេប៉ាប្រូឌីត តើ​ប៉ូល​ជូន​យោបល់​អ្វី?

១១ សព្វ​ថ្ងៃ​នេះ បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​បណ្ដាល​ឲ្យ​មនុស្ស​ធ្លាក់​ទឹក​ចិត្ត។ ស្ថិតិ​ពី​អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស​ប្រាំ​នាក់ មាន​ម្នាក់​ដែល​ប្រហែល​ជា​រង​ការ​ធ្លាក់​ទឹក​ចិត្ត​នៅ​ពេល​មួយ​ក្នុង​ជីវិត​របស់​គេ។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​រង​ការ​ធ្លាក់​ទឹក​ចិត្ត​ដែរ។ បញ្ហា​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ សុខភាព​មិន​ល្អ ការ​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​មិន​អាច​សម្រេច​បំណង ឬ​កត្ដា​ឯ​ទៀត​អាច​នាំ​ឲ្យ​មនុស្ស​អស់​កម្លាំង​ចិត្ត។ តើ​បង​ប្អូន​ក្នុង​ក្រុង​ភីលីព​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​អេប៉ាប្រូឌីត? ប៉ូល​បាន​សរសេរ​ថា៖ «ចូរ​ស្វាគមន៍​គាត់​តាម​របៀប​ដែល​អ្នក​រាល់​គ្នា​ស្វាគមន៍​អស់​អ្នក​កាន់​តាម​លោក​ម្ចាស់​ដោយ​មាន​អំណរ​ដ៏​ពោរ​ពេញ ហើយ​ចូរ​រក្សា​ឲ្យ​មាន​ការ​គោរព​ដ៏ជ្រាល​ជ្រៅ​ចំពោះ​បង​ប្រុស​បែប​នោះ ពី​ព្រោះ​គាត់​ជិត​បាត់​បង់​ជីវិត​ដោយ​សារ​កិច្ច​ការ​របស់​លោក​ម្ចាស់ ក៏​បាន​ប្រថុយ​ជីវិត​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ជំនួយ​ដែល​អ្នក​រាល់​គ្នា​ផ្ដល់​មិន​បាន»។—ភី. ២:២៩, ៣០

១២. តើ​អ្វី​អាច​សម្រាល​ទុក្ខ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត?

១២ យើង​ទាំង​អស់​គ្នា​ក៏​គួរ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត​ដែរ។ យើង​ពិត​ជា​អាច​និយាយ​អ្វី​ដែល​ល្អ​ៗ​ដែល​គាត់​បាន​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​គាត់​ប្រហែល​បាន​កែ​ប្រែ​ច្រើន​ក្នុង​ជីវិត​ដើម្បី​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក ឬ​ដើម្បី​បម្រើ​ពេញ​ពេល។ យើង​ទទួល​ស្គាល់​ថា​ការ​ព្យាយាម​ទាំង​នោះ​ពិត​ជា​មាន​តម្លៃ ហើយ​យើង​អាច​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា​ព្រះ​យេហូវ៉ា​ក៏​មាន​ទស្សនៈ​ដូច្នោះ​ដែរ។ ប្រសិន​បើ​វ័យ​ចាស់ ឬ​សុខភាព​មិន​ល្អ​រា​រាំង​បង​ប្អូន​ខ្លះ​ដែល​ស្មោះ​ត្រង់​មិន​ឲ្យ​ធ្វើ​អ្វី​ទាំង​អស់​ដែល​គាត់​ធ្លាប់​ធ្វើ នោះ​ពួក​គាត់​នៅ​តែ​សម​ទទួល​ការ​គោរព​ពី​យើង​ដោយ​សារ​ពួក​គាត់​បាន​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ។ ទោះ​ជា​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដំបូន្មាន​ដល់​អស់​អ្នក​ដែល​បម្រើ​ស្មោះ​ត្រង់​របស់​លោក​ថា៖ «[ចូរ]មាន​ចិត្ត​ធ្ងន់​ចំពោះ​មនុស្ស​ទាំង​អស់ . . . និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ហើយ​គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ»។—១ថែ. ៥:១៤

«អភ័យ​ទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់»

១៣, ១៤. (ក) តើ​ក្រុម​ជំនុំ​កូរិនថូស​បាន​ចាត់​វិធានការ​អ្វី? ហើយ​ហេតុ​អ្វី? (ខ) តើ​ការ​បណ្ដាច់​មិត្តភាព​មាន​លទ្ធផល​អ្វី?

១៣ ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​មាន​បញ្ហា​ពេល​បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហើយ​មិន​ប្រែ​ចិត្ត។ ការ​ប្រព្រឹត្ត​របស់​គាត់​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​ស្អាត​ស្អំ​នៃ​ក្រុម​ជំនុំ ហើយ​ទៅ​ជា​រឿង​អាស្រូវ​សូម្បី​តែ​ក្នុង​ចំណោម​អ្នក​ដែល​មិន​បម្រើ​ព្រះ។ ហេតុ​នេះ ប៉ូល​បាន​ណែនាំ​យ៉ាង​ត្រឹម​ត្រូវ​ឲ្យ​ដក​បុរស​នោះ​ចេញ​ពី​ក្រុម​ជំនុំ។—១កូ. ៥:១, ៧, ១១​-​១៣

១៤ ការ​ប្រដៅ​នោះ​មាន​លទ្ធផល​ល្អ។ ក្រុម​ជំនុំ​បាន​ត្រូវ​ការ​ពារ​ពី​ឥទ្ធិពល​អាក្រក់​ដែល​មក​ពី​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ ហើយ​គាត់​ទទួល​ស្គាល់​កំហុស​របស់​គាត់​ថែម​ទាំង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​បុរស​នោះ​បង្ហាញ​ថា​គាត់​ពិត​ជា​ប្រែ​ចិត្ត​មែន ប៉ូល​បាន​បញ្ជាក់​ក្នុង​សំបុត្រ​ទី​២​ទៅ​ក្រុម​ជំនុំ​នោះ​ថា​គួរ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ជា​សមាជិក​ក្រុម​ជំនុំ​ឡើង​វិញ។ ប៉ុន្តែ ក្រៅ​ពី​នេះ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ទៀត។ ប៉ូល​បាន​បង្គាប់​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ«មេត្ដា​អភ័យ​ទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​ត្រូវ​លេប​បាត់​ដោយ​ការ​ព្រួយ​ចិត្ត​ក្រៃ​លែង»។—សូម​អាន កូរិនថូស​ទី​២ ២:៥​-​៨

១៥. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត ហើយ​ក្លាយ​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​ឡើង​វិញ?

១៥ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? ពេល​បុគ្គល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព នោះ​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត។ ពួក​គេ​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​អាប់​ឱន​នាម​របស់​ព្រះ ហើយ​បង្ខូច​ឈ្មោះ​ក្រុម​ជំនុំ ឬ​បាន​ធ្វើ​ខុស​ដល់​យើង​ផ្ទាល់។ ប៉ុន្តែ ពេល​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ពិនិត្យ​មើល​រឿង​នោះ​បាន​សម្រេច​ចិត្ត​ស្រប​តាម​ការ​ណែ​នាំ​របស់​ព្រះ​យេហូវ៉ា​ថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​អាច​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ឡើង​វិញ នោះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់​ហើយ។ (ម៉ាថ. ១៨:១៧​-​២០) យើង​គួរយក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​មែន​ទេ? តាម​ពិត បើ​យើង​គ្មាន​មេត្ដា​ហើយ​មិន​អភ័យ​ទោស នេះ​មាន​ន័យ​ថា យើង​ប្រឆាំង​ព្រះ​យេហូវ៉ា។ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​ព្រះ​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គីភាព ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា នោះ​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​បាន​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​ឡើង​វិញ យើង​គួរ‹បញ្ជាក់​ថា​យើង​ស្រឡាញ់›ពួក​គេ មែន​ទេ?—ម៉ាថ. ៦:១៤, ១៥; លូក. ១៥:៧

«គាត់​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ»

១៦. ហេតុ​អ្វី​បាន​ជា​ប៉ូល​ខក​ចិត្ត​នឹង​ម៉ាកុស?

១៦ កំណត់​ហេតុ​មួយ​ទៀត​ក្នុង​គម្ពីរ​បង្ហាញ​ថា​យើង​មិន​គួរ​ប្រកាន់​ទោស​ជា​និច្ច​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ទេ។ ជា​ឧទាហរណ៍ យ៉ូហាន​ម៉ាកុស​បាន​ធ្វើ​ឲ្យ​សាវ័ក​ប៉ូល​ខក​ចិត្ត​ខ្លាំង។ តើ​គាត់​បាន​ធ្វើ​អ្វី? ពេល​ប៉ូល​និង​បាណាបាស​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ជា​លើក​ទី​១​ជា​សាសនទូត ម៉ាកុស​បាន​ទៅ​ជា​មួយ ហើយ​បម្រើ​ពួក​គាត់។ ប៉ុន្តែ នៅ​ពេល​មួយ ហើយ​ដោយ​មូលហេតុ​មួយ​ដែល​គម្ពីរ​មិន​បាន​បញ្ជាក់ នោះ​យ៉ូហាន​ម៉ាកុស​បាន​ចាក​ចេញ​ពី​ពួក​គាត់​ទាំង​ពីរ​នាក់ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ការ​សម្រេច​ចិត្ត​នេះ​របស់​ម៉ាកុស​ធ្វើ​ឲ្យ​ប៉ូល​ខក​ចិត្ត​ណាស់ ហេតុ​នេះ​ពេល​គាត់​និង​បាណាបាស​កំពុង​រៀបចំ​ធ្វើ​ដំណើរ​ជា​លើក​ទី​២ ពួក​គាត់​ខ្វែង​គំនិត​គ្នា​ថា​ត្រូវ​ឬ​មិន​ត្រូវ​យក​ម៉ាកុស​ទៅ​ជា​មួយ​ពួក​គាត់​ម្ដង​ទៀត។ ដោយ​គិត​អំពី​អ្វី​ដែល​ម៉ាកុស​បាន​ធ្វើ​នៅ​ដំណើរ​ជា​លើក​ទី​១ ប៉ូល​មិន​ចង់​យក​ម៉ាកុស​ទៅ​ជា​មួយ​ពួក​គាត់​ទេ។—សូម​អាន សកម្មភាព ១៣:១​-​៥, ១៣; ១៥:៣៧, ៣៨

១៧, ១៨. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា បញ្ហា​រវាង​ប៉ូល​និង​ម៉ាកុស​បាន​ត្រូវ​ដោះ​ស្រាយ? ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​អំពី​រឿង​នេះ?

១៧ ម៉ាកុស​មិន​បាន​ធ្លាក់​ទឹក​ចិត្ត​ហួស​ហេតុ​ពេក​ដោយ​សារ​ការ​បដិសេធ​របស់​ប៉ូល​ទេ ពី​ព្រោះ​គាត់​បាន​បន្ត​សកម្មភាព​របស់​គាត់​ជា​សាសនទូត​នៅ​តំបន់​ផ្សេង​ជា​មួយ​បាណាបាស។ (សកម្ម. ១៥:៣៩) តាម​រយៈ​អ្វី​ដែល​ប៉ូល​បាន​សរសេរ​អំពី​ម៉ាកុស​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក យើង​ដឹង​ថា ម៉ាកុស​បាន​បង្ហាញ​ថា​គាត់​ស្មោះ​ត្រង់ ហើយ​អាច​ទុក​ចិត្ត​បាន។ ពេល​ប៉ូល​ជាប់​គុក​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​សំបុត្រ​ទៅ​ធីម៉ូថេ​ឲ្យ​មក​ជួប​គាត់។ ក្នុង​សំបុត្រ​ដដែល​នោះ ប៉ូល​បាន​និយាយ​ថា៖ «ចូរ​យក​ម៉ាកុស​មក​ជា​មួយ​នឹង​អ្នក ព្រោះ​គាត់​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​សម្រាប់​កិច្ច​បម្រើ»។ (២ធី. ៤:១១) ពិត​មែន​ហើយ ប៉ូល​យល់​ឃើញ​ថា​ម៉ាកុស​ល្អ​ជាង​មុន។

១៨ មាន​មេ​រៀន​មួយ​ដែល​យើង​អាច​ទាញ​ពី​កំណត់​ហេតុ​នេះ។ ម៉ាកុស​បាន​បណ្ដុះ​គុណសម្បត្ដិ​ដែល​សាសនទូត​ល្អ​គួរ​មាន។ គាត់​មិន​បាន​ឲ្យ​ការ​បដិសេធ​របស់​ប៉ូល​ធ្វើ​ឲ្យ​ជំនឿ​គាត់​ចុះ​ខ្សោយ​ឡើយ។ ទាំង​គាត់ ទាំង​ប៉ូល​មាន​ចំណង​មេត្រី​ភាព​រឹង​មាំ​ជា​មួយ​ព្រះ ហើយ​ពួក​គាត់​ខ្វែង​គំនិត​គ្នា​មិន​បាន​យូរ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រោយ​មក ប៉ូល​បាន​ទទួល​ស្គាល់​ថា​ម៉ាកុស​ជា​ជំនួយ​ការ​ដ៏​មាន​ប្រយោជន៍។ ហេតុ​នេះ ពេល​បង​ប្អូន​យក​ឈ្នះ​ការ​ពិបាក ហើយ​បំភ្លេច​បញ្ហា​រវាង​គ្នា នោះ​បន្ទាប់​មក អ្វី​ដែល​ត្រឹម​ត្រូវ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​គឺ​បន្ត​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត។ ការ​ទទួល​ស្គាល់​គុណសម្បត្ដិ​របស់​អ្នក​ឯ​ទៀត នោះ​ពង្រឹង​ក្រុម​ជំនុំ។

ក្រុម​ជំនុំ​និង​អ្នក

១៩. តើ​សមាជិក​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

១៩ នៅ«គ្រា​ចុង​ក្រោយ​បង្អស់»ដែល«លំបាក​ណាស់» អ្នក​ត្រូវ​ការ​ជំនួយ​ពី​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក​ក្នុង​ក្រុម​ជំនុំ ហើយ​ពួក​គាត់​ក៏​ត្រូវ​ការ​ឲ្យ​អ្នក​ជួយ​ដែរ។ (២ធី. ៣:១) គ្រិស្ត​សាសនិក​ម្នាក់​ៗ​ប្រហែល​មិន​តែង​តែ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រឈម​មុខ​ដោយ​ជោគ​ជ័យ​នឹង​ស្ថានភាព​ផ្សេង​ៗ​ដែល​គេ​ជួប​ប្រទះ​ទេ តែ​ព្រះ​យេហូវ៉ា​ជ្រាប។ លោក​អាច​ប្រើ​សមាជិក​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ រួម​ទាំង​អ្នក​ដែរ ឲ្យ​ជួយ​អ្នក​ឯ​ទៀត​ដើរ​តាម​ផ្លូវ​ត្រូវ។ (អេ. ៣០:២០, ២១; ៣២:១, ២) ដូច្នេះ សូម​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​នូវ​ពាក្យ​ដាស់​តឿន​របស់​សាវ័ក​ប៉ូល! ចូរ​បន្ត«សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ»។—១ថែ. ៥:១១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​ចាំ​បាច់​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក?

• តើ​ការ​ពិបាក​ណា​ខ្លះ​ដែល​អ្នក​ប្រហែល​ជា​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យក​ឈ្នះ?

• ហេតុ​អ្វី​យើង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​របស់​យើង?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៣]

យើង​អាច​ផ្ដល់​ការ​គាំទ្រ​ដល់​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់ ពេល​គាត់​កំពុង​ពុះ​ពារ​នឹង​ស្ថានភាព​លំបាក

[រូប​ភាព​នៅ​ទំព័រ​១៥]

សព្វ​ថ្ងៃ​នេះ យុវជន​និង​យុវតី​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ជំនុំ​មាន​គុណសម្បត្ដិ​និង​សមត្ថភាព​ដែល​អាច​ជួយ​ពួក​គាត់​ឲ្យ​ជឿន​ទៅ​មុខ