លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានកម្លាំងចិត្តឡើងវិញតាមរយៈសកម្មភាពខាងការគោរពប្រណិប័តន៍ព្រះ

ចូរមានកម្លាំងចិត្តឡើងវិញតាមរយៈសកម្មភាពខាងការគោរពប្រណិប័តន៍ព្រះ

ចូរ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​តាម​រយៈ​សកម្មភាព​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ

«ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា . . . នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ»។—ម៉ាថ. ១១:២៩

១. នៅ​ភ្នំ​ស៊ីណាយ តើ​ព្រះ​បាន​រៀបចំ​ឲ្យ​មាន​អ្វី? ហើយ​ហេតុ​អ្វី?

នៅ​ភ្នំ​ស៊ីណាយ ពេល​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ត្រូវ​ចាប់​ផ្ដើម​ប្រើ ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​រៀង​រាល់​សប្ដាហ៍​ដែរ។ តាម​រយៈ​ម៉ូសេ​ដែល​ជា​អ្នក​នាំ​ពាក្យ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ប្រជាជាតិ​អ៊ីស្រាអែល​ថា៖ «ក្នុង​៦​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​ឯង ហើយ​ដល់​ថ្ងៃ​ទី​៧​ត្រូវ​ឈប់​សំរាក​វិញ ដើម្បី​ឲ្យ​គោ នឹង​លា​របស់​ឯង បាន​សំរាក​ផង ហើយ​ដើម្បី​ឲ្យ​កូន​របស់​បាវ​ស្រី​ឯង នឹង​អ្នក​ប្រទេស​ក្រៅ​បាន​ឈប់​ដក​ដង្ហើម​សិន»។ (និក្ខ. ២៣:១២) ត្រូវ​ហើយ ដោយ​សារ​ព្រះ​យេហូវ៉ា​យល់​អារម្មណ៍​របស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់ លោក​បាន​រៀបចំ​ដោយ​សេចក្ដី​ស្រឡាញ់​នូវ​ថ្ងៃ​សម្រាក​មួយ​ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក«ឈប់​ដក​ដង្ហើម​សិន»ឬ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

២. តើ​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ដោយ​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក?

តើ​ថ្ងៃ​ឈប់​សម្រាក​គ្រាន់​តែ​ជា​ថ្ងៃ​សម្រាប់​លម្ហែ​កាយ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ ថ្ងៃ​នោះ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ចំពោះ​ព្រះ​យេហូវ៉ា។ ការ​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​អនុញ្ញាត​ឲ្យ​មេ​គ្រួសារ​មាន​ពេល​បង្រៀន​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ«កាន់​ខ្ជាប់​តាម​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​សេចក្ដី​សុចរិត»។ (លោ. ១៨:១៩) ម្យ៉ាង​ទៀត ថ្ងៃ​នោះ​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ជួប​ជុំ​គ្នា​ដើម្បី​សញ្ជឹង​គិត​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា ហើយ​សប្បាយ​នៅ​ជា​មួយ​គ្នា។ (អេ. ៥៨:១៣, ១៤) សំខាន់​ជាង​នេះ​ទៅ​ទៀត ថ្ងៃ​ឈប់​សម្រាក​បង្ហាញ​ទុក​ជា​មុន​អំពី​គ្រា​ដែល​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ​ពិត​ប្រាកដ ក្រោម​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ (រ៉ូម ៨:២១) ចុះ​សព្វ​ថ្ងៃ​យ៉ាងណា​វិញ? តើ​គ្រិស្ត​សាសនិក​ពិត​ដែល​ចង់​ដឹង​អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា អាច​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​នៅ​ឯ​ណា ហើយ​ដោយ​របៀប​ណា?

ការ​សេព​គប់​បង​ប្អូន​គ្រិស្ត​សាសនិក​នាំ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ

៣. តើ​តាម​របៀប​ណា​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

សាវ័ក​ប៉ូល​បាន​ពណ៌នា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ថា​ជា«សសរ​ទ្រូង និង​ជា​កំពែង​ការ​ពារ​សេចក្ដី​ពិត»។ (១ធី. ៣:១៥) គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ដោយ​លើក​ទឹក​ចិត្ត​គ្នា​និង​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។ (អេភ. ៤:១១, ១២, ១៦) កាល​ដែល​ប៉ូល​នៅ​ក្រុង​អេភេសូរ គាត់​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​សមាជិក​នៃ​ក្រុម​ជំនុំ​កូរិនថូស​មក​លេង​គាត់។ សូម​កត់​សម្គាល់​ឥទ្ធិពល​ដែល​អ្វី​នេះ​មាន​ទៅ​លើ​ប៉ូល។ គាត់​បាន​និយាយ​ថា៖ «ខ្ញុំ​អរ​សប្បាយ​ដោយ​សារ​ស្ទេផាណាស ភ័រទូណាតុស និង​អាខេកុស​មាន​វត្តមាន . . . ដោយ​សារ​ពួក​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ . . . មាន​កម្លាំង​ចិត្ត​ឡើង​វិញ»។ (១កូ. ១៦:១៧, ១៨) ស្រដៀង​គ្នា​ដែរ ពេល​ទីតុស​ទៅ​បម្រើ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​កូរិនថូស នោះ​ក្រោយ​មក​ប៉ូល​បាន​សរសេរ​ទៅ​ក្រុម​ជំនុំ​នោះ​ថា៖ «អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ»។ (២កូ. ៧:១៣) សព្វ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ សាក្សី​ព្រះ​យេហូវ៉ា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ពិត​ប្រាកដ តាម​រយៈ​ការ​សេព​គប់​ដែល​លើក​ទឹក​ចិត្ត​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។

៤. តើ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

អ្នក​ធ្លាប់​ពិសោធ​ដោយ​ផ្ទាល់​ថា​អ្នក​មាន​អំណរ​យ៉ាង​ខ្លាំង​ពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ នៅ​ទី​នោះ​យើង«ម្នាក់​ៗ​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​របស់​យើង»។ (រ៉ូម ១:១២) បង​ប្អូន​ប្រុស​ស្រី​គ្រិស្ត​សាសនិក​មិន​គ្រាន់​តែ​ជា​មនុស្ស​ដែល​យើង​ស្គាល់​ប៉ុណ្ណោះ​ទេ។ ពួក​គេ​ជា​មិត្ត​ពិត​ប្រាកដ ជា​មនុស្ស​ដែល​យើង​ស្រឡាញ់ ហើយ​គោរព។ យើង​ទទួល​អំណរ​និង​ការ​សម្រាល​ទុក្ខ​ជា​ច្រើន​ដោយ​ជួប​ជុំ​ជា​មួយ​ពួក​គេ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​យើង។—ភីលេ. ៧

៥. នៅ​សន្និបាត​និង​មហា​សន្និបាត តើ​យើង​អាច​ផ្ដល់​កម្លាំង​ចិត្ត​គ្នា​ឡើង​វិញ​តាម​វិធី​ណា?

វិធី​មួយ​ទៀត​ដែល​យើង​អាច​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​គឺ​តាម​រយៈ​សន្និបាត​និង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ។ ក្រៅ​ពី​ផ្ដល់​សេចក្ដី​ពិត​ក្នុងគម្ពីរ​ដែល​ប្រៀប​ដូច​ជា​ទឹក​ដែល​ផ្ដល់​ជីវិត នោះ​កិច្ច​ប្រជុំ​ធំ​ៗ​ទាំង​នេះ​ផ្ដល់​ឱកាស​ឲ្យ​យើង«បើក​ចិត្ត​ឲ្យ​ទូលាយ»ក្នុង​ការ​សេព​គប់​របស់​យើង។ (២កូ. ៦:១២, ១៣) ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​យើង​អៀន ហើយ​ការ​ជួប​មនុស្ស​ផ្សេង​ៗ​ជា​អ្វី​ដែល​ពិបាក​សម្រាប់​យើង? វិធី​មួយ​ដែល​យើង​អាច​ស្គាល់​បង​ប្អូន​ប្រុស​ស្រី​គឺ​ស្ម័គ្រ​ចិត្ត​ជួយ​ធ្វើ​ការ​នៅ​មហា​សន្និបាត។ ប្អូន​ស្រី​ម្នាក់​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ​នៅ​ឯ​មហា​សន្និបាត​អន្តរជាតិ​មួយ ហើយ​ក៏​បាន​ជួយ​សម្អាត​កន្លែង​នោះ​ដែរ។ ក្រោយ​មក​គាត់​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​សូវ​ស្គាល់​មនុស្ស​ច្រើន​ទេ​ទៅ​ទី​នោះ លើក​លែង​តែ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​បួន​ប្រាំ​នាក់​របស់​ខ្ញុំ។ ប៉ុន្តែ​ពេល​ខ្ញុំ​ជួយ​សម្អាត ខ្ញុំ​បាន​ជួប​បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន! ពេល​នោះ ខ្ញុំ​សប្បាយ​ណាស់!»។

៦. តើ​អ្វី​ជា​វិធី​មួយ​ដែល​យើង​អាច​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​ពេល​ទៅ​វិស្សមកាល?

បណ្ដា​ជន​អ៊ីស្រាអែល​មាន​ទម្លាប់​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​ពិធី​បុណ្យ​បី​ដង​ក្នុង​មួយ​ឆ្នាំ។ (និក្ខ. ៣៤:២៣) ជា​ញយ​ដង នេះ​មាន​ន័យ​ថា​ពួក​គេ​ទុក​ចោល​ស្រែ​ចម្ការ​និង​បិទ​ហាង ហើយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​អស់​ច្រើន​ថ្ងៃ​តាម​ផ្លូវ​ដែល​មាន​ដី​ហុយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ធ្វើ​ដំណើរ​ទៅ​វិហារ​នាំ​មក​នូវ«សេចក្ដី​រីករាយ​ជា​ខ្លាំង» កាល​ដែល​ពួក​គេ​ឃើញ​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ«សរសើរ​ថ្វាយ​ព្រះ​យេហូវ៉ា»។ (២រប. ៣០:២១) សព្វ​ថ្ងៃ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​យល់​ឃើញ​ថា​ការ​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​គ្រួសារ​ទៅ​លេង​បេតអែល ដែល​ជា​ការិយាល័យ​និង​អគារ​ផ្សេង​ៗ​នៃ​សាក្សី​ព្រះ​យេហូវ៉ា នាំ​ឲ្យ​ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង។ តើ​អ្នក​អាច​ទៅ​លេង​បេតអែល​ជា​ក្រុម​គ្រួសារ ពេល​ទៅ​វិស្សមកាល​លើក​ក្រោយ​ឬ​ទេ?

៧. (ក) តើ​ការ​ជួប​ជុំ​គ្នា​អាច​ផ្ដល់​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្វី​អាច​ជួយ​ឲ្យ​ការ​ជួប​ជុំ​គ្នា​ទៅ​ជា​ឱកាស​ដែល​លើក​ទឹក​ចិត្ត​និង​ដែល​ធ្វើ​ឲ្យ​យើង​ចាំ​មិន​ភ្លេច?

ការ​ជួប​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ក៏​អាច​លើក​ទឹក​ចិត្ត​យើង​ដែរ។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​បាន​ប្រកាស​ថា៖ «គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី​ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីករាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង»។ (សាស្ដ. ២:២៤) ការ​ជួប​ជុំ​គ្នា​មិន​គ្រាន់​តែ​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ពង្រឹង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​គ្រិស្ត​សាសនិក កាល​ដែល​យើង​ស្គាល់​ពួក​គាត់​កាន់​តែ​ច្បាស់។ ដើម្បី​ជួយ​ឲ្យ​ការ​ជួប​ជុំ​គ្នា​ជា​ឱកាស​ដែល​លើក​ទឹក​ចិត្ត​និង​ដែល​ធ្វើ​ឲ្យ​យើង​ចាំ​មិន​ភ្លេច ជា​ការ​ល្អ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​តូច ហើយ​មាន​ការ​មើល​ខុស​ត្រូវ​ឲ្យ​បាន​ល្អ ជា​ពិសេស​បើ​មាន​ស្រា។

កិច្ច​បម្រើ​ផ្សាយ​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ

៨, ៩. (ក) តើ​អ្វី​ដែល​លោក​យេស៊ូ​និង​ពួក​ផារិស៊ី​បង្រៀន​ខុស​គ្នា​យ៉ាង​ណា? (ខ) តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ក្នុង​គម្ពីរ?

លោក​យេស៊ូ​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​លោក​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ នេះ​ស​ឲ្យ​ឃើញ​ក្នុង​ពាក្យ​របស់​លោក​ដែល​ថា៖ «ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​កិច្ច​ការ​របស់​លោក»។ (ម៉ាថ. ៩:៣៧, ៣៨) អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ពិត​ជា​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ ព្រោះ​ជា«ដំណឹង​ល្អ»។ (ម៉ាថ. ៤:២៣; ២៤:១៤) នេះ​ខុស​ស្រឡះ​ពី​ច្បាប់​ដែល​ជា​បន្ទុក​ធ្ងន់​ដែល​ពួក​ផារិស៊ី​បាន​ដាក់​លើ​បណ្ដា​ជន។—សូម​អាន ម៉ាថាយ ២៣:៤, ២៣, ២៤

ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​អ្នក​ឯ​ទៀត យើង​ផ្ដល់​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​ដំណាល​គ្នា​ដែរ យើង​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ដ៏​វិសេស​វិសាល​ក្នុង​គម្ពីរ​ជ្រាប​ចូល​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង។ អ្នក​តែង​ទំនុក​តម្កើង​បាន​ពោល​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ដ្បិត​ការ​ដែល​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង»។ (ទំនុក. ១៤៧:១) តើ​អ្នក​អាច​បង្កើន​អំណរ​ដែល​មក​ពី​ការ​សរសើរ​ព្រះ​យេហូវ៉ា​ប្រាប់​អ្នក​ជិត​ខាង​ឬ​ទេ?

១០. តើ​ជោគ​ជ័យ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​អាស្រ័យ​ទៅ​លើ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ចំពោះ​ដំណឹង​ល្អ​ឬ​ទេ? សូម​ពន្យល់។

១០ ពិត​មែន ក្នុង​តំបន់​ផ្សាយ​ខ្លះ​មនុស្ស​ចាប់​អារម្មណ៍​នឹង​ដំណឹង​ល្អ​ខ្លាំង​ជាង​តំបន់​ឯ​ទៀត។ (សូម​អាន សកម្មភាព ១៨:១, ៥​-​៨) បើ​អ្នក​រស់​នៅ​តំបន់​ដែល​មិន​សូវ​មាន​មនុស្ស​ច្រើន​ចាប់​អារម្មណ៍​នឹង​ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ សូម​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ល្អ​ដែល​អ្នក​កំពុង​សម្រេច​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ សូម​ចាំ​ថា ការ​ព្យាយាម​ឥត​ឈប់​របស់​អ្នក​ដើម្បី​ប្រកាស​នាម​របស់​ព្រះ​យេហូវ៉ា​មិន​មែនអសារ​ឥត​ការ​ទេ។ (១កូ. ១៥:៥៨) ម្យ៉ាង​ទៀត ជោគ​ជ័យ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​មិន​អាស្រ័យ​ទៅ​លើ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ចំពោះ​ដំណឹង​ល្អ​ឡើយ។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា អ្នក​ណា​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ នោះ​ព្រះ​យេហូវ៉ា​នឹង​បើក​ឱកាស​ឲ្យ​ពួក​គេ​ឮ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​លោក។—យ៉ូន. ៦:៤៤

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ

១១. តើ​ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​អ្វី​ដល់​ឪពុក​ម្ដាយ? ហើយ​តើ​ពួក​គេ​អាច​បំពេញ​ភារកិច្ច​នោះ​បាន​យ៉ាង​ដូច​ម្ដេច?

១១ ឪពុក​ម្ដាយ​ដែល​កោត​ខ្លាច​ព្រះ​មាន​ភារកិច្ច​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា​និង​ផ្លូវ​របស់​លោក។ (ចោ. ១១:១៨, ១៩) បើ​អ្នក​ជា​ឪពុក​ម្ដាយ តើ​អ្នក​កំណត់​ពេល​ដើម្បី​បង្រៀន​កូន​របស់​អ្នក​អំពី​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ​តាម​រយៈ​សៀវភៅ ទស្សនាវដ្ដី វីដេអូ និង​ការ​ថត​សំឡេង ដើម្បី​ជួយ​អ្នក​ឲ្យ​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ​និង​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​អ្នក។

១២, ១៣. (ក) តើ​ក្រុម​គ្រួសារ​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ? (ខ) តើ​ឪពុក​ម្ដាយ​អាច​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ថា​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ?

១២ មួយ​វិញ​ទៀត ក្រុម​នៃ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​រៀបចំ​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ។ គឺ​ជា​ល្ងាច​ដែល​ទុក​រាល់​សប្ដាហ៍​សម្រាប់​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ។ បង​ប្អូន​ជា​ច្រើន​នាក់​ទទួល​ស្គាល់​ថា​ការ​រៀបចំ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សាមគ្គីភាព ហើយ​ជួយ​ពួក​គាត់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើង ព្រម​ទាំង​ពង្រឹង​ចំណង​មេត្រី​ភាព​របស់​ពួក​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា។ តើ​ឪពុក​ម្ដាយ​អាច​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ថា​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ?

១៣ ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ​មិន​គួរ​ធ្វើ​ឲ្យ​គ្រួសារ​ធុញ​ដោយ​សារ​ខ្វះ​ការ​សប្បាយ​រីករាយ​ឡើយ។ យ៉ាង​ណា​មិញ យើង​គោរព​ប្រណិប័តន៍«ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ» ហើយ​លោក​ចង់​ឲ្យ​យើង​អរ​សប្បាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។ (១ធី. ១:១១; ភី. ៤:៤) ការ​មាន​ល្ងាច​មួយ​ទៀត​ដើម្បី​ពិភាក្សា​សេចក្ដី​ពិត​ដ៏​ថ្លៃ​ថ្លា​ក្នុង​គម្ពីរ​ពិត​ជា​នាំ​ឲ្យ​មាន​ពរ​មែន។ ឪពុក​ម្ដាយ​អាច​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​បង្រៀន​កូន ហើយ​ដោយ​ប្រើ​គំនិត​ច្នៃ​ប្រឌិត។ ជា​ឧទាហរណ៍ គ្រួសារ​មួយ​មាន​កូន​ប្រុស​ឈ្មោះ​ប្រានដឹន​ដែល​មាន​អាយុ​១០​ឆ្នាំ ដែល​ស្រឡាញ់​សត្វ​ពស់​ណាស់។ ប៉ុន្តែ​ប្រានដឹន​អន់​ចិត្ត​ដោយ​សារ​សត្វ​ពស់​បាន​ត្រូវ​ប្រើ​ដើម្បី​តំណាង​សាថាន។ ដូច្នេះ ឪពុក​ម្ដាយ​គាត់​បាន​ឲ្យ​គាត់​ស្រាវ​ជ្រាវ ហើយ​ពន្យល់​អំពី​ប្រធានបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា«ហេតុ​អ្វី​គម្ពីរ​យក​សត្វ​ពស់​ជា​តំណាង​សាថាន?»។ គ្រួសារ​ខ្លះ​ជួន​កាល​ធ្វើ​ឈុត​សម្ដែង​ខ្លី​ៗ​ក្នុង​គម្ពីរ ដោយ​មាន​សមាជិក​ម្នាក់​ៗ​ដើរ​តួ​ផ្សេង​ៗ អាន​ពាក្យ​សម្ដី​របស់​តួ​អង្គ​ក្នុង​គម្ពីរ ឬ​ក្រុម​គ្រួសារ​អាច​សម្ដែង​រឿង​ណា​មួយ។ វិធី​បង្រៀន​ទាំង​នេះ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ចាប់​អារម្មណ៍ ហើយ​នេះ​ធ្វើ​ឲ្យ​គោល​ការណ៍​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ។ *

ជៀស​វាង​អ្វី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ចិត្ត

១៤, ១៥. (ក) តើ​កង្វល់​និង​ការ​តាន​តឹង​ចិត្ត​មាន​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ដូច​ម្ដេច​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់? (ខ) តើ​យើង​ប្រហែល​មាន​ការ​តាន​តឹង​ចិត្ត​ថែម​ទៀត​ដោយ​សារ​អ្វី?

១៤ កង្វល់​និង​ការ​តាន​តឹង​ចិត្ត​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។ មនុស្ស​រាប់​លាន​នាក់​គ្មាន​ការងារ​ធ្វើ ហើយ​មាន​ការ​ពិបាក​ខាង​ថវិកា។ សូម្បី​តែ​ពួក​អ្នក​ដែល​មាន​ការងារ​ធ្វើ ពួក​គេ​មាន​អារម្មណ៍​ថា​លុយ​ដែល​ពួក​គេ​រក​បាន​មិន​សល់​សោះ​ហាក់​ដូច​ជា​ដាក់​ក្នុង​ហោប៉ៅ​ដែល​ធ្លុះ ហេតុ​នេះ​គ្រួសារ​របស់​ពួក​គេ​បាន​ទទួល​ប្រយោជន៍​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ (សូម​ពិនិត្យ​បន្ថែម ហាកាយ ១:៤​-​៦) អ្នក​នយោបាយ​និង​អ្នក​ដឹក​នាំ​ឯ​ទៀត​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​សមត្ថភាព​បំបាត់​ចោល​ភេរវកម្ម​និង​ដើម​ហេតុ​នៃ​អំពើ​អាក្រក់​ផ្សេង​ៗ ទោះ​ជា​ពួក​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​ខូច​ចិត្ត​ដោយ​សារ​កំហុស​របស់​ខ្លួន។—ទំនុក. ៣៨:៤

១៥ គ្រិស្ត​សាសនិក​ពិត​ក៏​មាន​បញ្ហា​និង​ការ​បង្ខិត​បង្ខំ​ដែល​មក​ពី​របៀប​របប​ពិភព​លោក​របស់​សាថាន​ដែរ។ (១យ៉ូន. ៥:១៩) ក្នុង​ករណី​ខ្លះ អ្នក​កាន់​តាម​គ្រិស្ត​ប្រហែល​មាន​ការ​តាន​តឹង​ចិត្ត​ថែម​ទៀត កាល​ដែល​ពួក​គេ​ព្យាយាម​រក្សា​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ពួក​គេ​បាន​បៀត​បៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀត​បៀន​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ូន. ១៥:២០) ក៏​ប៉ុន្តែ សូម្បី​តែ​ពេល​ដែល«យើង​ត្រូវ​គេ​បៀត​បៀន»ក៏​ដោយ តែ​យើង«មិន​បាន​ត្រូវ​ចោល​ឲ្យ​នៅ​តែ​ឯង​ឡើយ»។ (២កូ. ៤:៩) ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

១៦. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​រក្សា​អំណរ​របស់​យើង?

១៦ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ»។ (ម៉ាថ. ១១:២៨) ដោយ​មាន​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ថ្លៃ​លោះ​របស់​គ្រិស្ត​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ ហាក់​ដូច​ជា​យើង​ឲ្យ​ព្រះ​យេហូវ៉ា​ដឹក​នាំ​យើង។ តាម​វិធី​នេះ​យើង​ទទួល«ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា»។ (២កូ. ៤:៧) «អ្នក​ជួយ»ដែល​ជា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ពង្រឹង​ជំនឿ​របស់​យើង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​យើង​អាច​ស៊ូ​ទ្រាំ​ការ​ល្បង​ល​និង​ទុក្ខ​លំបាក​ផ្សេង​ៗ​ដែល​យើង​ប្រឈម​មុខ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​នៅ​មាន​អំណរ​ដែរ។—យ៉ូន. ១៤:២៦; យ៉ា. ១:២​-​៤

១៧, ១៨. (ក) តើ​យើង​ត្រូវ​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ទទួល​ឥទ្ធិពល​អ្វី? (ខ) បើ​ការ​បរិភោគ​អាហារ ការ​ពិសា​ស្រា និង​ការ​ចូល​រួម​ក្នុង​ការ​កម្សាន្ត​ល្អ ទៅ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត តើ​អាច​មាន​លទ្ធផល​អ្វី?

១៧ គ្រិស្ត​សាសនិក​ពិត​សព្វ​ថ្ងៃ​ត្រូវ​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ដែល​វក់​នឹង​ការ​សប្បាយ។ (សូម​អាន អេភេសូរ ២:២​-​៥) ពុំ​នោះ​សោត យើង​ប្រហែល​ជា​ជាប់​អន្ទាក់​ដោយ«សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន»។ (១យ៉ូន. ២:១៦) ឬ​ក៏​យើង​ប្រហែល​ជា​យល់​ខុស​ថា​ការ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​នឹង​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ (រ៉ូម ៨:៦) ជា​ឧទាហរណ៍ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​រំភើប​ញាប់​ញ័រ មនុស្ស​ខ្លះ​ប្រើ​ថ្នាំ​ញៀន​និង​ផឹក​ស្រា​ហួស​ប្រមាណ មើល​រូប​អាសអាភាស លេង​កីឡា​ដែល​ប្រថុយ​ជីវិត ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ឯ​ទៀត​ជា​ដើម។ សាថាន​មាន​បំណង​ប្រើ«កលល្បិច​ទាំង​ប៉ុន្មាន»របស់​វា​ដើម្បី​បំភាន់​មនុស្ស​ឲ្យ​មាន​ទស្សនៈ​ខុស​ស្តី​អំពី​អ្វី​ដែល​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។—អេភ. ៦:១១

១៨ ពិត​មែន បើ​យើង​ចេះ​ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ ការ​ពិសា​ស្រា និង​ការ​ចូល​រួម​ក្នុង​ការ​កម្សាន្ត​ល្អ នោះ​គ្មាន​អ្វី​ខុស​ទេ។ ប៉ុន្តែ យើង​មិន​ឲ្យ​អ្វី​ៗ​ទាំង​នោះ​ក្លាយ​ទៅ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ទេ។ ដោយ​គិត​អំពី​គ្រា​ដែល​យើង​រស់​នៅ គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​មាន​តុល្យភាព​និង​ចេះ​ទប់​ចិត្ត។ ការ​ខំ​បំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​យើង​អាច​ពង្វក់​ចិត្ត​យើង​ដល់​ម្ល៉េះ​ដែល​យើង​ក្លាយ​ទៅ​ជា‹អសកម្ម​ឬ​ឥត​ផល​ក្នុង​របៀប​ដែល​យើង​ប្រើ​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង›។—២ពេ. ១:៨

១៩, ២០. តើ​យើង​អាច​ទទួល​កម្លាំង​ចិត្ត​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច?

១៩ ពេល​យើង​យល់​ស្រប​នឹង​ច្បាប់​របស់​ព្រះ​យេហូវ៉ា យើង​ទទួល​ស្គាល់​ថា​ការ​សប្បាយ​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ គឺ​បណ្ដោះ​អាសន្ន។ ម៉ូសេ​បាន​ទទួល​ស្គាល់​ចំណុច​នេះ ហើយ​យើង​ក៏​ដូច​គ្នា​ដែរ។ (ហេ. ១១:២៥) ការ​ពិត​ជាក់​ស្តែង​គឺ​ការ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ពិត​ប្រាកដ ដែល​នាំ​ឲ្យ​មាន​អំណរ​និង​ចិត្ត​ស្កប់​ដែល​ស្ថិត​ស្ថេរ​យូរ​អង្វែង នោះ​មក​ពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​នៅ​ស្ថាន​សួគ៌។—ម៉ាថ. ៥:៦

២០ សូម​ឲ្យ​យើង​បន្ត​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​តាម​រយៈ​សកម្មភាព​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ យើង«បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ . . . បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ . . . កាល​ដែល​យើង​រង់​ចាំ​អ្វី​ដ៏​គួរ​ឲ្យ​សប្បាយ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន ហើយ​រង់​ចាំ​ការ​លេច​មក​ដ៏​រុង​រឿង​របស់​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម​និង​គ្រិស្ត​យេស៊ូ​ជា​អ្នក​សង្គ្រោះ​យើង»។ (ទីត. ២:១២, ១៣) ហេតុ​នេះ សូម​ឲ្យ​យើង​តាំង​ចិត្ត​នៅ​ក្រោម​នឹម​របស់​លោក​យេស៊ូ​រហូត ដោយ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​និង​ការ​ណែនាំ​របស់​លោក។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​សុភមង្គល​និង​កម្លាំង​ចិត្ត​ឡើង​វិញ​ពិត​ប្រាកដ!

[កំណត់​សម្គាល់]

^ វគ្គ 13 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​បាន​សប្បាយ​និង​មាន​ប្រយោជន៍ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៩ ទំព័រ​២៩​-​៣១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• សព្វ​ថ្ងៃ​នេះ តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​តាម​វិធី​ណា​ខ្លះ?

• តើ​កិច្ច​បម្រើ​ផ្សាយ​ធ្វើ​ឲ្យ​យើង​និង​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ដោយ​របៀប​ណា?

• តើ​មេ​គ្រួសារ​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​ជា​គ្រួសារ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ?

• តើ​មាន​អ្វី​ខ្លះ​ដែល​អាច​ពង្វក់​ចិត្ត​យើង?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៨]

ដោយ​យក​នឹម​របស់​លោក​យេស៊ូ មក​ដាក់​លើ​យើង នោះ​យើង ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​តាម​វិធី​ជា​ច្រើន