លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះកំពុងធ្វើអ្វី?

តើព្រះកំពុងធ្វើអ្វី?

តើ​ព្រះ​កំពុង​ធ្វើ​អ្វី?

«ឱ​ព្រះ​យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​គង់​នៅ​ឆ្ងាយ​ម្ល៉េះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ពួន​ព្រះ​អង្គ នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​លំបាក​ដូច្នេះ?»។ *ទំនុក​តម្កើង ១០:១

ការ​មើល​ត្រួស​ៗ​នូវ​ចំណង​ជើង​ព័ត៌មាន​ផ្សេង​ៗ​បញ្ជាក់​ថា​យើង​រស់​នៅ​ក្នុង«គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​លំបាក»។ ហើយ​ពេល​មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង​នៅ​ក្នុង​គ្រួសារ ពោល​គឺ​ពេល​ខ្លួន​យើង​ផ្ទាល់​រង​គ្រោះ​ដោយ​សារ​ឧក្រិដ្ឋកម្ម មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ឬ​មាន​ទុក្ខ​សោក​ដោយ​សារ​បុគ្គល​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ នោះ​យើង​ប្រហែល​ឆ្ងល់​ថា​តើ​ព្រះ​ឃើញ​អ្វី​ៗ​ដែល​កើត​ឡើង​ឬ​ទេ? តើ​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ឬ​ទេ? តើ​ពិត​ជា​មាន​ព្រះ​ឬ​ទេ?

ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​អ្នក​គិត​ថា​យើង​អាច​ប៉ាន់​ស្មាន​ខុស​ចំពោះ​អ្វី​ដែល​យើង​សង្ឃឹម​ថា​ព្រះ​នឹង​ធ្វើ​ឬ? ជា​ឧទាហរណ៍ សូម​នឹក​គិត​ថា​ក្មេង​តូច​ម្នាក់​មិន​សប្បាយ​ចិត្ត​ទេ ពី​ព្រោះ​ឪពុក​វា​បាន​ចេញ​ទៅ​ធ្វើ​ការ។ ក្មេង​នោះ​នឹក​ឪពុក​វា ហើយ​ចង់​ឲ្យ​គាត់​មក​ផ្ទះ​វិញ។ ក្មេង​នោះ​មាន​អារម្មណ៍​ថា​ឪពុក​បាន​បោះ​បង់​វា។ ពេញ​មួយ​ថ្ងៃ វា​សួរ​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «តើ​ប៉ា​នៅ​ឯ​ណា?»។

យើង​អាច​ដឹង​ភ្លាម​ថា​ក្មេង​នោះ​គិត​ខុស។ តាម​ពិត នៅ​ពេល​នោះ​ឪពុក​វា​កំពុង​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​ទាំង​មូល។ ស្រដៀង​គ្នា​ដែរ តើ​ការ​គិត​គូរ​របស់​យើង​អាច​ខុស​ឬ​ទេ ពេល​ដែល​យើង​ស្រែក​សួរ​ថា៖ «តើ​ព្រះ​នៅ​ឯ​ណា?»។

ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រហែល​ចង់​ឲ្យ​ព្រះ​ធ្វើ​ជា​ពេ​ជ្ឈ​ឃា​ដដែល​មុខ​ងារ​សំខាន់​របស់​លោក​គឺ​ដាក់​ទណ្ឌកម្ម​យ៉ាង​ឆាប់​រហ័ស​ដល់​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ។ អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​គិត​ថា​ព្រះ​គឺ​ដូច​ជា​តា​ណូអែល​ប៉ុណ្ណោះ ក្នុង​ន័យ​ថា​ព្រះ​មាន​តួ​នាទី​ផ្ដល់​អំណោយ​ដូច​ជា ការងារ ប្ដី​ឬ​ប្រពន្ធ ឬ​សូម្បី​តែ​ឲ្យ​ត្រូវ​ឆ្នោត​ផង។

ទស្សនៈ​ទាំង​ពីរ​នោះ​អះអាង​ថា​ប្រសិន​បើ​ព្រះ​មិន​ធ្វើ​ឲ្យ​មាន​យុត្ដិធម៌​ភ្លាម​ៗ​ទេ ឬ​បើ​លោក​មិន​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​ទេ នេះ​បាន​សេចក្ដី​ថា​លោក​មិន​អើពើ​នឹង​ទុក្ខ​លំបាក​របស់​យើង ហើយ​មិន​ដឹង​ពី​សេចក្ដី​ត្រូវ​ការ​របស់​យើង​ឡើយ។ នេះ​ខុស​ពី​ការ​ពិត​ឆ្ងាយ​ណាស់! តាម​ពិត ឥឡូវ​នេះ​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​មនុស្សជាតិ​ទាំង​មូល ទោះ​ជា​មិន​តាម​របៀប​ដែល​មនុស្ស​ជា​ច្រើន​ចង់​បាន​ក៏​ដោយ។

បើ​ដូច្នេះ តើ​ព្រះ​កំពុង​ធ្វើ​អ្វី? ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​ត្រូវ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស ពេល​ដែល​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​ប្រេះ​ឆា តែ​អាច​ផ្សះ​ផ្សា​ឡើង​វិញ​បាន។

ផល​វិបាក​ដែល​មក​ពី​ភាព​ខុស​ឆ្គង

សូម​នឹក​គិត​អំពី​ផ្ទះ​មួយ​ដែល​មាន​សភាព​រយីក​រយាក​អស់​ជា​ច្រើន​ឆ្នាំ។ ដំបូល​ផ្ទះ​នោះ​ស្រុត​ចុះ ទ្វារ​ធ្លាក់​ចេញ​ពី​ត្រចៀក ហើយ​សម្បក​ផ្ទះ​បាន​ត្រូវ​គេ​បំផ្លិច​បំផ្លាញ។ ផ្ទះ​នេះ​លែង​មាន​សភាព​ល្អ ដូច​កាល​ពី​ដើម។ ដោយ​មាន​ការ​ខូច​ខាត​ច្រើន នោះ​ត្រូវ​ការ​ពេល​វេលា​និង​កិច្ច​ការ​ជា​ច្រើន​ដើម្បី​ជួស​ជុល​ធ្វើ​ឲ្យ​ល្អ​ដូច​ដើម។

ឥឡូវ សូម​គិត​អំពី​ការ​ខូច​ខាត​ដែល​មនុស្សជាតិ​បាន​ទទួល​រង​ប្រហែល​៦.០០០​ឆ្នាំ​កន្លង​ទៅ​នេះ ពេល​បុគ្គល​វិញ្ញាណ​មួយ​រូប​ដែល​យើង​មើល​មិន​ឃើញ ពោល​គឺ​សាថាន​បាន​បណ្ដាល​ឲ្យ​អាដាម​និង​អេវ៉ា​បះ​បោរ​ប្រឆាំង​ព្រះ។ មុន​មាន​រឿង​នេះ​កើត​ឡើង គូ​ស្វាមីភរិយា​ដំបូង​នេះ​មាន​សុខភាព​យ៉ាង​សុក្រឹត​ព្រម​ទាំង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូតជា​មួយ​នឹង​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​របស់​ពួក​គេ។ (លោកុប្បត្តិ ១:២៨) ក៏​ប៉ុន្តែ ពេល​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នេះ​ហាក់​ដូច​ជា​ពួក​គេ​បាន​បំផ្លិច​បំផ្លាញ​មនុស្ស​ទាំង​អស់​ដែល​នឹង​កើត​មក។

សូម​កុំ​មើល​ស្រាល​ឥទ្ធិពល​ដែល​បណ្ដាល​ឲ្យ​ខូច​ខាត​ដែល​មក​ពី​ការ​បះ​បោរ​នោះ។ គម្ពីរ​ចែង​ថា៖ «ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់[អាដាម] ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង»។ (រ៉ូម ៥:១២) ក្រៅ​ពី​នាំ​មក​នូវ​សេចក្ដី​ស្លាប់ ភាព​ខុស​ឆ្គង​បាន​ធ្វើ​ឲ្យ​ប្រេះ​ឆា​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​របស់​យើង​ដែល​ជា​អ្នក​បង្កើត ហើយ​បាន​ជះ​ឥទ្ធិពល​មក​លើ​យើង​ខាង​រូប​កាយ ខាង​ផ្លូវ​ចិត្ត​និង​ខាង​អារម្មណ៍។ ជា​លទ្ធផល ស្ថានភាព​របស់​យើង​គឺ​ស្រដៀង​គ្នា​នឹង​សភាព​នៃ​ផ្ទះ​ទ្រុឌ​ទ្រោម​មួយ។ បុរស​សុចរិត​ឈ្មោះ​យ៉ូប​បាន​សង្ខេប​ស្ថានភាព​របស់​យើង ពេល​គាត់​ពណ៌នា​អំពី​មនុស្ស​ថា«សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា​និច្ច​ផង»។—យ៉ូប ១៤:១

ប៉ុន្តែ បន្ទាប់​ពី​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តើ​ព្រះ​បាន​បោះ​បង់​មនុស្សជាតិ​ឬ? លោក​មិន​ធ្វើ​ដូច្នោះ​ទេ! តាម​ពិត តាំង​ពី​ពេល​នោះ​មក​ដល់​ឥឡូវ បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​កំពុង​ធ្វើ​ការ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​មនុស្ស។ ដើម្បី​ដឹង​គុណ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​អ្វី​ៗ​ដែល​លោក​កំពុង​ធ្វើ​សម្រាប់​យើង សូម​ពិចារណា​ដំណាក់​កាល​ចាំ​បាច់​បី​យ៉ាង​ដើម្បី​ជួស​ជុល​ធ្វើ​ឲ្យ​ផ្ទះ​ល្អ​ដូច​ដើម ហើយ​ពិចារណា​របៀប​ដែល​ដំណាក់​កាល​ទាំង​បី​នោះ​ជាប់​ទាក់​ទង​នឹង​អ្វី​ៗ​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។

១ បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ផ្ទះ​ដែល​ខូច​ខាត ម្ចាស់​ផ្ទះ​ត្រូវ​សម្រេច​ចិត្ត​ថា​ជួស​ជុល​ធ្វើ​ឲ្យ​ល្អ​ដូច​ដើម​ឬ​រុះ​ចោល។

ភ្លាម​ៗ​ក្រោយ​ការ​បះ​បោរ​នៅ​សួន​ច្បារ​អេដែន ព្រះ​យេហូវ៉ា​បាន​ប្រកាស​អំពី​គោល​បំណង​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។ លោក​បាន​មាន​ប្រសាសន៍​ទៅ​បុគ្គល​វិញ្ញាណ​ដែល​ជា​ដើម​ហេតុ​នៃ​ការ​បះ​បោរ​នោះ​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។—លោកុប្បត្តិ ៣:១៥

ដោយ​ពោល​ពាក្យ​ដូច​ខាង​លើ​នេះ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នឹង​បំផ្លាញ​អ្នក​ដែល​ញុះញង់​ឲ្យ​មាន​ការ​បះ​បោរ​នៅ​សួន​ច្បារ​អេដែន។ (រ៉ូម ១៦:២០; ការ​បើក​បង្ហាញ ១២:៩) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ទាយ​ថា​នឹង​មាន«ពូជ»ដែល​នឹង​លោះ​មនុស្សជាតិ​ពី​អំពើ​ខុស​ឆ្គង។ * (យ៉ូហាន​ទី​១ ៣:៨) សេចក្ដី​សន្យា​ទាំង​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​បំផុត​មួយ ពោល​គឺ​ព្រះ​នឹង​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​នូវ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត មិន​មែន​បំផ្លាញ​ចោល​ឡើយ។ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ​គឺ​ត្រូវ​ការ​ពេល​វេលា។

២ អ្នក​គូរ​ប្លង់​ម្នាក់​រៀបចំ​ប្លង់​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​អ្វី​ៗ​ដែល​ត្រូវ​ជួស​ជុល​ធ្វើ​ឲ្យ​ផ្ទះ​ល្អ​ដូច​ដើម។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បាន​រៀបចំ​ប្លង់​វិហារ​មួយ​ដើម្បី​ពួក​គេ​គោរព​ប្រណិប័តន៍​លោក​នៅ​ទី​នោះ។ គម្ពីរ​ចែង​ថា៖ «ការ​ទាំង​នោះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វី​ៗ​ដែល​នឹង​មក»។ (កូឡុស ២:១៧) ប្លង់​តំណាង​អ្វី​មួយ​ដែល​ធំ​ជាង ឯ​ច្បាប់​និង​វិហារ​ក៏​ដូច​គ្នា​ដែរ។

ជា​ឧទាហរណ៍ ជន​ជាតិ​អ៊ីស្រាអែល​បាន​ជូន​សត្វ​ជា​គ្រឿង​បូជា​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង។ (លេវីវិន័យ ១៧:១១) ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​គ្រឿង​បូជា​ដែល​ឧត្តុង្គ​ឧត្តម​ជាង​ដែល​នឹង​ត្រូវ​ជូន​រាប់​រយ​ឆ្នាំ​ក្រោយមក ជា​គ្រឿង​បូជា​មួយ​ដែល​នឹង​ពិត​ជា​លោះ​មនុស្សជាតិ។ * ទ្រង់​ទ្រាយ​នៃ​ត្រសាល​និង​វិហារ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​តំណាង​អ្វី​ៗ​ដែល​មេស្ស៊ី​នឹង​ធ្វើ ចាប់​តាំង​ពី​មរណភាព​របស់​លោក​ជា​គ្រឿង​បូជា​ដល់​ពេល​លោក​ឡើង​ទៅ​ស្ថាន​សួគ៌ (សូម​មើល​រូប​ភាព​នៅ​ទំព័រ​៧)។

៣ ម្ចាស់​ផ្ទះ​ជ្រើស​រើស​អ្នក​សង់​ម្នាក់​ដែល​នឹង​ធ្វើ​តាម​ប្លង់ ហើយ​ដែល​ជួស​ជុល​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ល្អ​ដូច​ដើម។

លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ដែល​នឹង​ធ្វើ​ជា​គ្រឿង​បូជា​ដូច​គ្រឿង​បូជា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជូន ហើយ​លោក​នឹង​លះ​បង់​ជីវិត​លោក​ដើម្បី​លោះ​មនុស្សជាតិ។ ពិត​មែន​ហើយ យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ហៅ​លោក​យេស៊ូ​ថា​ជា«កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ»។ (យ៉ូហាន ១:២៩) លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ទទួល​ភារកិច្ច​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក មិន​មែន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ»។—យ៉ូហាន ៦:៣៨

បំណង​ប្រាថ្នា​របស់​ព្រះ​ចំពោះ​លោក​យេស៊ូ​គឺ​ឲ្យ​លោក«ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន» ហើយ​ក៏​ឲ្យ​លោក​ធ្វើ​កិច្ច​ព្រម​ព្រៀង​សម្រាប់​រាជាណាចក្រ​មួយ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​ដែរ។ (ម៉ាថាយ ២០:២៨; លូកា ២២:២៩, ៣០) រាជាណាចក្រ​នោះ​គឺ​ជា​មធ្យោបាយ​ដែល​ព្រះ​នឹង​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ។ ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ហៅ​ថា«ដំណឹង​ល្អ» ពី​ព្រោះ​ដំណឹង​នោះ​ពន្យល់​ថា​ព្រះ​បាន​តាំង​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌​ដើម្បី​គ្រប់​គ្រង​កិច្ច​ការ​នៅ​ផែនដី។—ម៉ាថាយ ២៤:១៤; ដានីយ៉ែល ២:៤៤ *

សព្វ​ថ្ងៃ​នៅ​តែ​មាន​កិច្ច​ការ​ធ្វើ​ឲ្យ​ល្អ​ដូច​ដើម

មុន​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ថា៖ «ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក . . . មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ»។—ម៉ាថាយ ២៨:១៩, ២០

ដូច្នេះ ការ​ធ្វើ​ឲ្យ​មនុស្សជាតិ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ​មិន​ចប់​ពេល​លោក​យេស៊ូ​ទទួល​មរណភាព​ទេ តែ​នឹង​បន្ត​រហូត​ដល់«គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក» ពោល​គឺ​ពេល​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​ផែនដី។ យើង​កំពុង​រស់​នៅ​គ្រា​នោះ ពី​ព្រោះ​សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​បាន​ទាយ​អំពី«គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក»កំពុង​សម្រេច​ឥឡូវ​នេះ។ *ម៉ាថាយ ២៤:៣​-​១៤; លូកា ២១:៧​-​១១; ធីម៉ូថេ​ទី​២ ៣:១​-​៥

សព្វ​ថ្ងៃ​នៅ​២៣៦​ប្រទេស សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ តាម​ពិត ទស្សនាវដ្ដី​ដែល​លោក​អ្នក​កំពុង​អាន​បាន​ត្រូវ​រៀបចំ​ដើម្បី​ជួយ​លោក​អ្នក​រៀន​ថែម​ទៀត​អំពី​រាជាណាចក្រ​ព្រះ ព្រម​ទាំង​អំពី​អ្វី​ៗ​ដែល​រាជាណាចក្រ​នោះ​នឹង​សម្រេច។ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ទំព័រ​ទី​២​នៃ​លេខនី​មួយ​ៗ លោក​អ្នក​នឹង​ឃើញ​ឃ្លា​ដូច​ត​ទៅ​នេះ៖ «ទស្សនាវដ្ដី​នេះ . . . ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដើម្បី​ជួយ​សម្រាល​ទុក្ខ​មនុស្ស​គ្រប់​រូប។ រាជាណាចក្រ​របស់​ព្រះ​ជា​រាជរដ្ឋាភិបាល​មួយ​នៅ​ឯ​ស្ថាន​សួគ៌ ដែល​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​ដក​អំពើ​អាក្រក់​ទាំង​អស់​ចេញ ហើយ​នាំ​ឲ្យ​មាន​សួន​ឧទ្យាន​នៅ​ពេញ​ផែនដី។ ទស្សនាវដ្ដី​នេះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ​មាន​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​លោក​ជា​ស្តេច​ដែល​កំពុង​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ»។

អ្នក​ប្រហែល​នៅ​តែ​ឮ​អំពី​ការ​វាយ​ប្រហារ​របស់​ពួក​ភេរវជន ឬ​មហន្តរាយ​ធម្មជាតិ ឬ​ក៏​ខ្លួន​អ្នក​ផ្ទាល់​ប្រហែល​ជា​ជួប​ប្រទះ​រឿង​ខ្លោច​ផ្សា​ណា​មួយ​ដែរ។ ប៉ុន្តែ ការ​សិក្សា​គម្ពីរ​នឹង​ជួយ​លោក​អ្នក​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​មិន​បាន​បោះ​បង់​មនុស្សជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ «លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ»ទេ។ (សកម្មភាព ១៧:២៧) មួយ​វិញ​ទៀត សេចក្ដី​សន្យា​របស់​លោក​ដែល​ថា​លោក​នឹង​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ​នូវ​អ្វី​ៗ​ដែល​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​បាត់​បង់ នោះ​នឹង​សម្រេច​ជាក់​ជា​ពុំ​ខាន។—អេសាយ ៥៥:១១

[កំណត់​សម្គាល់]

^ វគ្គ 2 យេហូវ៉ា​ជា​នាម​របស់​ព្រះ​ដែល​គម្ពីរ​បាន​បើក​បង្ហាញ។

^ វគ្គ 16 ដើម្បី​ដឹង​ការ​ពន្យល់​ល្អិត​ល្អន់​អំពី​លោកុប្បត្តិ ៣:១៥ សូម​មើល​ជំពូក​ទី​១៩​នៃ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 19 ដើម្បី​បាន​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​៥​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 22 ដើម្បី​បាន​ព័ត៌មាន​បន្ថែម​អំពី​រាជាណាចក្រ​របស់​ព្រះ សូម​មើល​ជំពូក​ទី​៨​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?

[តារាង/រូប​ភាព​នៅ​ទំព័រ​៧]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

«គំរូ​តាម​អ្វី​ដែល​ពិត​ប្រាកដ» តើ​រោង​ឧបោសថ​ឬ​ត្រសាល​តំណាង​អ្វី?

ទី​បូជា

ការ​ពេញ​ចិត្ត​របស់​ព្រះ ក្នុង​ការ​ទទួល​យក​គ្រឿង​បូជា​របស់​លោក​យេស៊ូ។—ហេប្រឺ ១៣:១០​-​១២

សម្ដេច​សង្ឃ

លោក​យេស៊ូ។—ហេប្រឺ ៩:១១

នៅ​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង សម្ដេច​សង្ឃ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន។—លេវីវិន័យ ១៦:១៥, ២៩​-​៣១

នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​បូជា​ជីវិត​របស់​លោក​ដើម្បី​យើង។—ហេប្រឺ ១០:៥​-​១០; យ៉ូហាន​ទី​១ ២:១, ២

កន្លែង​បរិសុទ្ធ

ស្ថានភាព​របស់​លោក​យេស៊ូ​កាល​ដែល ព្រះ​បាន​តែង​តាំង​លោក​ដោយ​សកម្មពល ពេល​នៅ​ផែនដី។—ម៉ាថាយ ៣:១៦, ១៧; រ៉ូម ៨:១៤​-​១៧; ហេប្រឺ ៥:៤​-​៦

វាំងនន

រូប​កាយ​របស់​លោក​យេស៊ូ ជា​របាំង​ដែល ខណ្ឌ​ជីវិត​នៅ​ផែនដី​និង​ជីវិត​នៅ​ស្ថាន​សួគ៌។—កូរិនថូស​ទី​១ ១៥:៤៤, ៥០; ហេប្រឺ ៦:១៩, ២០; ១០:១៩, ២០

សម្ដេច​សង្ឃ​ឆ្លង​កាត់​វាំងនន​ដែល​ខណ្ឌ​កន្លែង​បរិសុទ្ធ​និង​កន្លែង​បរិសុទ្ធ​បំផុត។

ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លោក​បាន‹ឆ្លង​កាត់​វាំងនន›ដោយ​ឡើង​ទៅ​ស្ថាន​សួគ៌«ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​ផ្ទាល់ ដើម្បី​យើង»។—ហេប្រឺ ៩:២៤​-​២៨

កន្លែង​បរិសុទ្ធ​បំផុត

ស្ថាន​សួគ៌។—ហេប្រឺ ៩:២៤

ពេល​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​បំផុត សម្ដេច​សង្ឃ​ប្រោះ​ឈាម​ខ្លះ​នៃ​គ្រឿង​បូជា​នៅ​មុខ​ហឹប នៃ​កិច្ច​ព្រម​ព្រៀង។—លេវីវិន័យ ១៦:១២​-​១៤

លោក​យេស៊ូ​បាន​ជម្រះ អំពើ​ខុស​ឆ្គង​របស់ យើង​យ៉ាង​ពិត​ប្រាកដ ដោយ​ជូន​ព្រះ​នូវ​តម្លៃ នៃ​ឈាម​របស់​លោក ដែល​បាន​ត្រូវ​បង្ហូរ។—ហេប្រឺ ៩:១២, ២៤; ពេត្រុស​ទី​១ ៣:២១, ២២