លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទទួលបាននូវសុវត្ថិភាពនិងការការពារក្នុងចំណោមរាស្ត្ររបស់ព្រះ

ទទួលបាននូវសុវត្ថិភាពនិងការការពារក្នុងចំណោមរាស្ត្ររបស់ព្រះ

ទទួល​បាន​នូវ​សុវត្ថិភាព​និង​ការ​ការ​ពារ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ

«ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់​នៅ​ក្នុង​ពួក​ជំនុំ​ធំ»។—ទំនុក. ៣៥:១៨

១​-​៣. (ក) តើ​អ្វី​ដែល​អាច​នាំ​ឲ្យ​គ្រិស្ត​សាសនិក​ខ្លះ​ធ្វើ​ឲ្យ​ចំណង​មេត្រី​ភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ប្រេះ​ឆា? (ខ) តើ​រាស្ត្រ​របស់​ព្រះ​អាច​ទទួល​បាន​នូវ​ការ​ការ​ពារ​នៅ​កន្លែង​ណា?

កាល​នៅ​វិស្សមកាល ជោ​និង​ប្រពន្ធ​របស់​គាត់​កំពុង​មុជ​ទឹក​ដោយ​ប្រើ​ប្រដាប់​មើល​ផ្កា​ថ្ម​ដែល​នៅ​ប៉ប្រះ​ទឹក​នៅ​កន្លែង​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ត្រី​តូច​ធំ​គ្រប់​ពណ៌។ ពួក​គាត់​ហែល​ឆ្ងាយ​បន្ដិច​ទៀត​ដើម្បី​មើល​យ៉ាង​សប្បាយ​នូវ​ផ្កា​ថ្ម​ប៉ប្រះ​ទឹក។ ពេល​ពួក​គាត់​ហែល​ទៅ​ដល់​កន្លែង​មួយ​ដែល​មាន​ទឹក​ជ្រៅ​ជាង​ដោយ​មិន​ដឹង​ខ្លួន ប្រពន្ធ​របស់​ជោ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​យើង​ទៅ​ឆ្ងាយ​ពេក​ហើយ​បង»។ ជោ​តប​ឆ្លើយ​ថា៖ «កុំ​ភ័យ​អី គ្មាន​បញ្ហា​ទេ​អូន»។ បន្ដិច​ក្រោយ​មក ជោ​ចាប់​ផ្ដើម​ឆ្ងល់​ថា‹ត្រី​ទៅ​ណា​អស់​ហើយ?›។ ដោយ​ភ័យ​រន្ធត់ គាត់​យល់​ពី​មូលហេតុ​នោះ ពី​ព្រោះ​ត្រី​ឆ្លាម​មួយ​ចេញ​ពី​កន្លែង​ទឹក​ជ្រៅ​នោះ​សំដៅ​មក​រក​គាត់។ នៅ​ទី​នោះ គាត់​មិន​អាច​ធ្វើ​អ្វី​សោះ តែ​ពេល​ត្រី​ឆ្លាម​នៅ​សល់​តែ​មួយ​ម៉ែត្រ​ជាង​ពី​គាត់ វា​បែរ​ចេញ​ហើយ​ហែល​ទៅ​ឆ្ងាយ​វិញ។

ក្នុង​ន័យ​ធៀប គ្រិស្ត​សាសនិក​ក៏​អាច​ហែល​ទឹក​នៅ​កន្លែង​ដែល​គ្មាន​សុវត្ថិភាព​ដែរ បើ​គាត់​ជក់​ចិត្ត​នឹង​អ្វី​ក្នុង​របៀប​របប​ពិភព​លោក​របស់​សាថាន​ដែល​ទាក់​ទាញ​ចិត្ត ដូច​ជា​ការ​កំសាន្ត ការងារ និង​ទ្រព្យ​សម្បត្ដិ​ដល់​ម្ល៉េះ​បាន​ជា​គាត់​មិន​ដឹង​ថា​ខ្លួន​កំពុង​ឆ្ពោះ​ទៅ​រក​ស្ថានភាព​មួយ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ជោ​ដែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​ឆ្លង​កាត់​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​មនុស្ស​ដែល​យើង​សេព​គប់​ជា​មួយ។ កន្លែង​ដែល​យើង​អាច​មាន​ការ​សេព​គប់​ល្អ​បំផុត​គឺ​នៅ​ក្នុង​ក្រុម​ជំនុំ ដែល​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​ដែល​សប្បាយ!»។ សូម​កុំ​ហែល​ទៅ​ទឹក​ជ្រៅ ក្នុង​ន័យ​ថា​កុំ​ឲ្យ​អ្វី​ៗ​ក្នុង​ពិភព​លោក​បង្វែរ​អារម្មណ៍​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​នៅ​ដាច់​ពី​ក្រុម​ជំនុំ ដែល​នឹង​នាំ​ឲ្យ​អ្នក​មាន​គ្រោះ​ថ្នាក់។ បើ​អ្នក​ឃើញ​ថា​អ្នក​នៅ​ដាច់​ពី​ក្រុម​ជំនុំ សូម​ត្រឡប់​មក​វិញ​ភ្លាម​ៗ។ ពុំ​នោះ​សោត អ្នក​អាច​ធ្វើ​ឲ្យ​ចំណង​មេត្រី​ភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ប្រេះ​ឆា។

សព្វ​ថ្ងៃ ពិភព​លោក​នេះ​ជា​កន្លែង​មួយ​ដែល​គ្មាន​សុវត្ថិភាព​សម្រាប់​គ្រិស្ត​សាសនិក។ (២ធី. ៣:១​-​៥) សាថាន​ដឹង​ថា​វា​មាន​ពេល​តិច​ណាស់ ហើយ​វា​ខំ​លេប​ត្របាក់​ពួក​អ្នក​ដែល​មិន​សូវ​មាន​បទ​ពិសោធន៍។ (១ពេ. ៥:៨; បប. ១២:១២, ១៧) ក៏​ប៉ុន្តែ យើង​មាន​អ្វី​ដែល​ការ​ពារ​យើង។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​កន្លែង​មួយ​ដល់​យើង​ដែល​អាច​ជួយ​យើង​ឲ្យ​ការ​ពារ​ខ្លួន​យើង ព្រម​ទាំង​ការ​ពារ​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​លោក ពោល​គឺ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។

៤, ៥. តើ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អនាគត​របស់​ពួក​គេ? ហើយ​ហេតុ​អ្វី?

សង្គម​ក្រៅ​សាសនា​ផ្ដល់​សន្ដិសុខ​ខាង​រូប​កាយ​និង​សេចក្ដី​សុខ​ខាង​ផ្លូវ​ចិត្ត​តែ​មួយ​កម្រិត​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ពួក​គេ​លែង​មាន​សន្ដិសុខ​ខាង​រូប​កាយ​ដោយ​សារ​ឧក្រិដ្ឋកម្ម អំពើ​ឃោរឃៅ ចំណាយ​ច្រើន​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ និង​បញ្ហា​ខាង​បរិស្ថាន។ មនុស្ស​គ្រប់​រូប​មាន​បញ្ហា​ដែល​មក​ពី​ជរា​ភាព​និង​សុខភាព​មិន​ល្អ។ ចំណែក​ឯ​ពួក​អ្នក​ដែល​មាន​ការងារ​ធ្វើ មាន​ផ្ទះ មាន​លុយ​កាក់​គ្រប់​គ្រាន់​និង​មាន​សុខភាព​ល្អ​មួយ​កម្រិត ប្រហែល​ជា​ចង់​ដឹង​ថា​ពួក​គេ​នឹង​មាន​អ្វី​ទាំង​នោះ​យូរ​ប៉ុន្មាន​ទៀត។

មនុស្ស​ជា​ច្រើន​ក៏​មិន​មាន​សេចក្ដី​សុខ​ខាង​ផ្លូវ​ចិត្ត​ដែរ។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែល​មនុស្ស​ច្រើន​អនេក​ដែល​សង្ឃឹម​ថា​នឹង​មាន​សេចក្ដី​សុខ​សាន្ត​និង​ចិត្ត​ស្កប់​ក្នុង​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ បាន​ឃើញ​ថា​សេចក្ដី​សង្ឃឹម​នោះ​មិន​បាន​សម្រេច​ទេ។ បើ​និយាយ​អំពី​ការ​មាន​ចំណង​មេត្រី​ភាព​ដ៏​រឹង​មាំ​ជា​មួយ​ព្រះ អ្នក​ដែល​ទៅ​វិហារ​យ៉ាង​ទៀង​ទាត់​ច្របូក​ប្រប​ល់​ក្នុង​ចិត្ត ហើយ​សង្ស័យ​អំពី​តម្លៃ​នៃ​ការ​ណែនាំ​ដែល​ពួក​គេ​ទទួល​នៅ​ទី​នោះ។ ពួក​គេ​មាន​អារម្មណ៍​ដូច្នេះ​ដោយ​សារ​អ្នក​ដឹក​នាំ​សាសនា​របស់​ពួក​គេ​មាន​ការ​ប្រព្រឹត្ត​មិន​សម​រម្យ ហើយ​បង្រៀន​ផ្ទុយ​ពី​គម្ពីរ។ នេះ​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​សង្ឃឹម​លើ​វិទ្យា​សាស្ត្រ ឬ​សុច្ឆន្ទៈ និង​សុភនិច្ឆ័យ​របស់​មនុស្ស​ឯ​ទៀត​តែ​ប៉ុណ្ណោះ។ ដូច្នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​មាន​អារម្មណ៍​ថា ពួក​គេ​មិន​អាច​មាន​អនាគត​ល្អ​ឬ​មិន​ចង់​គិត​ច្រើន​ពេក​ទេ​អំពី​អនាគត​សោះ​ឡើយ។

៦, ៧. (ក) ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បម្រើ​ព្រះ​និង​ពួក​អ្នក​មិន​បម្រើ​លោក​មាន​ទស្សនៈ​ខុស​គ្នា​ស្តី​អំពី​អនាគត? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី?

ពួក​អ្នក​ដែល​រួម​ចំណែក​និង​ពួក​អ្នក​ដែល​មិន​រួម​ចំណែក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​មាន​ទស្សនៈ​ខុស​គ្នា​ស្តី​អំពី​អនាគត! ទោះ​ជា​យើង​ដែល​ជា​រាស្ត្រ​របស់​ព្រះ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ដូច​អ្នក​ឯ​ទៀត​ក៏​ដោយ តែ​ប្រតិកម្ម​របស់​យើង​ចំពោះ​បញ្ហា​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ (សូម​អាន អេសាយ ៥:១៣, ១៤; ម៉ាឡាគី ៣:១៨) ហេតុ​អ្វី? ពី​ព្រោះ​យើង​រក​ឃើញ​ក្នុង​គម្ពីរ​នូវ​ការ​ពន្យល់​មួយ​គួរ​ឲ្យ​ស្កប់​ចិត្ត​ស្តី​អំពី​ស្ថានភាព​ដែល​មនុស្សជាតិ​មាន​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​យើង​មាន​អ្វី​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​និង​ការ​ពិបាក​ក្នុង​ជីវិត។ ជា​លទ្ធផល យើង​មិន​បារម្ភ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​ទេ​អំពី​អនាគត។ ដោយ​សារ​យើង​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា នេះ​ការ​ពារ​យើង​ពី​របៀប​ត្រិះរិះ​មិន​ត្រឹម​ត្រូវ​ដែល​ផ្ទុយ​ពី​គម្ពីរ ការ​ប្រព្រឹត្ត​ដែល​ប្រាស​ចាក​សីលធម៌ និង​ផល​វិបាក​ដែល​មក​ពី​អ្វី​នោះ។ ដូច្នេះ សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​មាន​សេចក្ដី​សុខ​សាន្ត​ដែល​អ្នក​ឯ​ទៀត​មិន​មាន។—អេ. ៤៨:១៧, ១៨; ភី. ៤:៦, ៧

គំរូ​ខ្លះ​អាច​ជួយ​យើង​ឲ្យ​សញ្ជឹង​គិត​អំពី​សេចក្ដី​សុខ​ដែល​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន ដែល​ផ្ទុយ​ស្រឡះ​ពី​ពួក​អ្នក​ដែល​មិន​បម្រើ​លោក។ គំរូ​ទាំង​នេះ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ពិនិត្យ​មើល​របៀប​ត្រិះរិះ​និង​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​ឲ្យ​ពិចារណា​ថា​យើង​អាច​ឬ​មិន​អាច​អនុវត្ត​ដំបូន្មាន​ព្រះ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ដែល​ជា​ដំបូន្មាន​សម្រាប់​ការ​ពារ​យើង។—អេ. ៣០:២១

«ជំហាន​នៃ​ទូល​បង្គំ​បាន​ហៀប​នឹង​រអិល​ភ្លាត់​ទៅ»

៨. តាំង​ពី​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​ធ្វើ​អ្វី​ជា​និច្ច?

តាំង​ពី​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ ពួក​អ្នក​ដែល​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ស្ដាប់​បង្គាប់​លោក​ខំ​ជៀស​វាង​ការ​សេព​គប់​ជិត​ស្និទ្ធ​ជា​មួយ​ពួក​អ្នក​ដែល​មិន​បម្រើ​លោក។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​នឹង​មាន​សេចក្ដី​ខ្មាំង​ឬ​ការ​ប្រឆាំង​គ្នា​រវាង​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​និង​ពួក​អ្នក​ស្ដាប់​បង្គាប់​សាថាន។ (លោ. ៣:១៥) ដោយ​សារ​រាស្ត្រ​របស់​ព្រះ​ប្រកាន់​ជំហរ​មាំ​មួន​ចំពោះ​គោល​ការណ៍​ដែល​មក​ពី​លោក នោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​គ្នា​ពីពួក​អ្នក​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ (យ៉ូន. ១៧:១៥, ១៦; ១យ៉ូន. ២:១៥​-​១៧) ការ​ប្រកាន់​ជំហរ​បែប​នេះ​មិន​តែង​តែ​ស្រួល​ទេ។ ប្រាកដ​ហើយ អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ជួន​កាល​បាន​សង្ស័យ​ថា​ការ​លះបង់​ប្រយោជន៍​ខ្លួន​ជា​គន្លង​ជីវិត​ដែល​ប្រសើរ​បំផុត​ឬ​មិន​មែន។

៩. សូម​ពណ៌នា​ថា តើ​អ្នក​តែង​ទំនុក​ទី​៧៣​បាន​ត​ស៊ូ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី?

អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ចាប់​ផ្ដើម​សង្ស័យ​ថា​គាត់​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ គឺ​អ្នក​តែង​ទំនុក​ទី​៧៣ ដែល​ទំនង​ជា​កូន​ចៅ​របស់​អេសាភ។ អ្នក​តែង​ទំនុក​តម្កើង​បាន​សួរ​ថា ហេតុ​អ្វី​ជា​រឿយ​ៗ មនុស្ស​អាក្រក់​ហាក់​ដូច​ជា​មាន​ជោគ​ជ័យ សប្បាយ និង​ចម្រុង​ចម្រើន ខណៈ​ដែល​អ្នក​ខ្លះ​ដែល​ខំ​បម្រើ​ព្រះ​រង​ទុក្ខ​វេទនា​និង​ការ​ពិបាក​ផ្សេង​ៗ។—សូម​អាន ទំនុក​តម្កើង ៧៣:១​-​១៣

១០. ហេតុ​អ្វី​រឿង​ដែល​អ្នក​តែង​ទំនុក​តម្កើង​បាន​លើក​ឡើង​គឺ​សំខាន់​ចំពោះ​អ្នក?

១០ តើ​អ្នក​ធ្លាប់​សួរ​សំណួរ​ដូច​អ្នក​តែង​ទំនុក​តម្កើង​នេះ​ឬ​ទេ? បើ​ធ្លាប់ អ្នក​មិន​ចាំ​បាច់​មាន​អារម្មណ៍​ដោយ​ហួស​ហេតុ​ពេក​ទេ​ថា​ខ្លួន​អ្នក​មាន​កំហុស ឬ​គិត​ថា​ជំនឿ​របស់​អ្នក​លែង​មាំ​មួន​ហើយ។ តាម​ពិត អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មួយ​ចំនួន​បាន​ធ្លាប់​សួរ​សំណួរ​ដូច្នោះ​ដែរ រួម​ទាំង​អ្នក​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​សរសេរ​គម្ពីរ។ (យ៉ូប ២១:៧​-​១៣; ទំនុក. ៣៧:១; យេ. ១២:១; ហាប. ១:១​-​៤, ១៣) ពិត​មែន អស់​អ្នក​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់​ចត់​ហើយ​ទទួល​យក​ចម្លើយ​នៃ​សំណួរ​នេះ​ដែល​ថា តើ​ការ​បម្រើ​និង​ការ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្វី​ដែល​ប្រសើរ​បំផុត​ឬ​ទេ? សំណួរ​នេះ​ជាប់​ទាក់​ទង​នឹង​រឿង​ដែល​សាថាន​បាន​លើក​ឡើង​នៅ​សួន​ច្បារ​អេដែន ព្រម​ទាំង​ជាប់​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​លើ​សកល​លោក។ (លោ. ៣:៤, ៥) ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​ទាំង​អស់​គ្នា​គិត​ពិចារណា​អំពី​រឿង​ដែល​អ្នក​តែង​ទំនុក​តម្កើង​បាន​លើក​ឡើង។ តើ​យើង​គួរ​ច្រណែន​មនុស្ស​អាក្រក់​ដែល​មាន​អំណួត ដែល​ហាក់​ដូច​ជា​មាន​ជីវិត​ដែល​គ្មាន​បញ្ហា​ឬ​ទេ? តើ​គប្បី​ឲ្យ​យើង​លែង​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ពួក​គេ​ឬ​ទេ? តាម​ពិត នេះ​ជា​អ្វី​ដែល​សាថាន​ចង់​ឲ្យ​យើង​ធ្វើ។

១១, ១២. (ក) តើ​អ្នក​តែង​ទំនុក​តម្កើង​បាន​យក​ឈ្នះ​ការ​សង្ស័យ​របស់​គាត់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី? (ខ) តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​សន្និដ្ឋាន​ដូច​អ្នក​តែង​ទំនុក​តម្កើង?

១១ តើ​អ្វី​បាន​ជួយ​អ្នក​តែង​ទំនុក​តម្កើង​ឲ្យ​យក​ឈ្នះ​ការ​សង្ស័យ​របស់​គាត់? ទោះ​ជា​គាត់​បាន​សារភាព​ថា​គាត់​ហៀប​នឹង​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ក៏​ដោយ តែ​គាត់​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់​ពេល​គាត់​ចូល​ក្នុង«ទី​បរិសុទ្ធ​របស់​ព្រះ» ពោល​គឺ​ពេល​គាត់​សេព​គប់​ជា​មួយ​អ្នក​ឯ​ទៀត​ក្នុង​វិហារ​របស់​ព្រះ​ដែល​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ហើយ​ពេល​គាត់​បាន​សញ្ជឹង​គិត​អំពី​គោល​បំណង​របស់​ព្រះ។ ក្រោយ​មក អ្នក​តែង​ទំនុក​តម្កើង​បាន​ឃើញ​ច្បាស់​ថា​គាត់​មិន​ចង់​ទទួល​លទ្ធផល​ដូច​អ្នក​ដែល​ធ្វើ​អាក្រក់​ឡើយ។ គាត់​បាន​ឃើញ​ថា​វិថី​ជីវិត​និង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​នាំ​ឲ្យ​ពួក​គេ«ឈរ​នៅ​កន្លែង​ដ៏​រអិល»។ អ្នក​តែង​ទំនុក​តម្កើង​យល់​ថា អស់​អ្នក​ដែល​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​ដោយ​ផិត​ក្បត់ នោះ​នៅ​ទី​បំផុត​នឹង​ជួប​ទី​បញ្ចប់​របស់​ខ្លួន​ដោយ«ហេតុ​គួរ​ស្ញែង​ខ្លាច» រីឯ​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​វិញ លោក​នឹង​គាំទ្រ​ពួក​គេ។ (សូម​អាន ទំនុក​តម្កើង ៧៣:១៦​-​១៩, ២៧, ២៨) អ្នក​ប្រាកដ​ជា​ឃើញ​សច្ចភាព​នៃ​ឃ្លា​នោះ។ ការ​រស់​នៅ​ដើម្បី​ប្រយោជន៍​ខ្លួន និង​ការ​រស់​នៅ​ដែល​គ្មាន​ការ​គោរព​ចំពោះ​ច្បាប់​របស់​ព្រះ​ប្រហែល​ជា​ទាក់​ទាញ​ចិត្ត​មនុស្ស​ជា​ច្រើន តែ​ពួក​គេ​មិន​អាច​គេច​ផុត​ពី​ផល​វិបាក​ដែល​មក​ពី​ការ​ធ្វើ​ដូច្នោះ​ឡើយ។—កាឡ. ៦:៧​-​៩

១២ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ទៀត​ពី​បទ​ពិសោធន៍​របស់​អ្នក​តែង​ទំនុក​តម្កើង? គាត់​ទទួល​បាន​សុវត្ថិភាព​និង​ការ​ការ​ពារ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ ហើយ​គាត់​ក៏​យល់​ឃើញ​ថា​ការ​ស្ថិត​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ជួយ​គាត់​ឲ្យ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។ គាត់​ចាប់​ផ្ដើម​គិត​ត្រិះរិះ​យ៉ាង​ច្បាស់​និង​យ៉ាង​សម​ហេតុ​ផល​ពេល​គាត់​ទៅ​កន្លែង​ដែល​គេ​គោរព​បូជា​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ យើង​ទទួល​យោបល់​ពី​អ្នក​ជូន​ឱវាទ​ដែល​មាន​ប្រាជ្ញា និង​ទទួល​សេចក្ដី​បង្រៀន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ហេតុ​នេះ​បាន​ជា​ព្រះ​យេហូវ៉ា​ប្រាប់​អ្នក​បម្រើ​របស់​លោក​ឲ្យ​ទៅ​កិច្ច​ប្រជុំ ពី​ព្រោះ​នៅ​ទី​នោះ ពួក​គេ​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត និង​ការ​បំផុស​ទឹក​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។—អេ. ៣២:១, ២; ហេ. ១០:២៤, ២៥

ចូរ​ជ្រើស​រើស​ការ​សេព​គប់​របស់​អ្នក ដោយ​គិត​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ

១៣​-​១៥. (ក) តើ​នាង​ឌីណា​បាន​ឆ្លង​កាត់​អ្វី? តើ​នេះ​បញ្ជាក់​អ្វី​ខ្លះ? (ខ) ហេតុ​អ្វី​ការ​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ជា​ការ​ការ​ពារ?

១៣ កូន​ស្រី​របស់​យ៉ាកុប​ឈ្មោះ​ឌីណា​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដោយ​សារ​នាង​សេព​គប់​ជា​មួយ​មនុស្ស​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា។ កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​បាន​ប្រាប់​យើង​ថា នាង​មាន​ទម្លាប់​សេព​គប់​ជាមួយ​ស្ត្រី​វ័យ​ក្មេង​ជន​ជាតិ​កាណាន​នៅ​តំបន់​ដែល​គ្រួសារ​នាង​រស់​នៅ។ ជន​ជាតិ​កាណាន​មិន​មាន​ខ្នាត​តម្រា​សីលធម៌​ខ្ពង់​ខ្ពស់​ដូច​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ៗ​ដែល​បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​បង្ហាញ​ថា របៀប​រស់​នៅ​របស់​ជន​ជាតិ​កាណាន​នាំ​ឲ្យ​មាន​ពាស​ពេញ​ប្រទេស​នូវ​ការ​គោរព​បូជា​រូប​ព្រះ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​រួម​ដំណេក​ដ៏​ខូច​អាក្រក់​ក្នុង​ការ​គោរព​បូជា និង​អំពើ​ឃោរឃៅ។ (និក្ខ. ២៣:២៣; លេវី. ១៨:២​-​២៥; ចោ. ១៨:៩​-​១២) សូម​នឹក​ចាំ​លទ្ធផល​ដែល​មក​ពី​នាង​ឌីណា​បាន​សេព​គប់​ជា​មួយ​មនុស្ស​បែប​នេះ។

១៤ បុរស​ម្នាក់​នៅ​ស្រុក​នោះ​ឈ្មោះ​ស៊ីគែម បាន​ឃើញ​ឌីណា​ហើយ«ក៏​នាំ​យក​ទៅ​ដេក​បង្ខូច» ទោះ​ជា​គាត់«ជា​មនុស្ស​ដែល​គេ​រាប់​អាន​លើស​ជាង​ទាំង​អស់​នៅ​ក្នុង​ពួក​ដំណាក់​បិតា​ទ្រង់»។ (លោ. ៣៤:១, ២, ១៩) ពិត​ជា​គួរ​ឲ្យ​ខ្លោច​ផ្សា​មែន! តើ​អ្នក​គិត​ថា​ឌីណា​ធ្លាប់​នឹក​ក្នុង​ចិត្ត​ថា​នេះ​អាច​កើត​ឡើង​ដល់​នាង​ឬ​ទេ? ប្រហែល​នាង​គ្រាន់​តែ​ចង់​រាប់​អាន​មនុស្ស​វ័យ​ក្មេង​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ ជា​អ្នក​ដែល​នាង​គិត​ថា​ជា​មនុស្ស​ល្អ។ ក៏​ប៉ុន្តែ ឌីណា​បាន​យល់​ច្រឡំ​ខ្លាំង​ណាស់។

១៥ តើ​កំណត់​ហេតុ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ? គឺ​ថា​យើង​មិន​អាច​សេព​គប់​ជា​មួយ​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា ហើយ​សង្ឃឹម​ថា​មិន​មាន​ផល​វិបាក​អ្វី​នោះ​ឡើយ។ បទ​គម្ពីរ​បាន​ចែង​ថា«ការ​សេព​គប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ»។ (១កូ. ១៥:៣៣) ម្យ៉ាង​ទៀត ការ​សេព​គប់​ជា​មួយ​អ្នក​ដែល​មាន​ជំនឿ មាន​ខ្នាត​តម្រា​សីលធម៌​ខ្ពស់ និង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ដូច​អ្នក នោះ​ជា​ការ​ការ​ពារ។ ការ​សេព​គប់​ល្អ​បែប​នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។—សុភ. ១៣:២០

‹អ្នក​បាន​ត្រូវ​លាង​សម្អាត›

១៦. តើ​សាវ័ក​ប៉ូល​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​បង​ប្អូន​រួម​ជំនឿ​ខ្លះ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស?

១៦ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​សម្អាត​ខ្លួន​ពី​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក។ ពេល​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទី​១​ទៅ​ក្រុម​ជំនុំ​កូរិនថូស គាត់​បាន​រៀប​រាប់​អំពី​ការ​កែ​ប្រែ​ដែល​គ្រិស្ត​សាសនិក​នៅ​ទី​នោះ​បាន​ធ្វើ​ដើម្បី​រស់​នៅ​សម​ស្រប​នឹង​ខ្នាត​តម្រា​របស់​ព្រះ។ អ្នក​ខ្លះ​ធ្លាប់​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​ដែល​គោរព​បូជា​រូប​ព្រះ អ្នក​ផិត​ក្បត់ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត ពួក​ចោរ អ្នក​ប្រមឹក​ស្រា​ជា​ដើម។ ប៉ុន្តែ​ប៉ូល​បាន​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ត្រូវ​លាង​សម្អាត»។—សូម​អាន កូរិនថូស​ទី​១ ៦:៩​-​១១

១៧. តើ​ការ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​កែ​ប្រែ​ជីវិត​យ៉ាង​ដូច​ម្ដេច?

១៧ មនុស្ស​ដែល​មិន​មាន​ជំនឿ​មិន​មាន​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ឡើយ។ ពួក​គេ​រស់​នៅ​តាម​ចិត្ត​ខ្លួន ឬ​ប្រហែល​ជា​បណ្ដោយ​ខ្លួន​ធ្វើ​តាម​អំពើ​ប្រាស​ចាក​សីលធម៌​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​ពួក​គេ ដូច​អ្នក​ខ្លះ​នៅ​ក្រុង​កូរិនថូស​នៅ​សម័យ​បុរាណ​ធ្លាប់​ធ្វើ មុន​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ (អេភ. ៤:១៤) ប៉ុន្តែ ចំណេះ​ត្រឹម​ត្រូវ​អំពី​បណ្ដាំ​និង​គោល​បំណង​របស់​ព្រះ​មាន​ឫទ្ធានុភាព​កែ​ប្រែ​ជីវិត​ឲ្យ​បាន​ប្រសើរ​ជាង​ចំពោះ​អស់​អ្នក​ដែល​អនុវត្ត​តាម​បទ​គម្ពីរ។ (កូឡ. ៣:៥​-​១០; ហេ. ៤:១២) បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​នាក់​សព្វ​ថ្ងៃ​នេះ ធ្លាប់​រស់​នៅ​ដោយ​គ្មាន​គោល​ការណ៍​សីលធម៌ មុន​ពួក​គេ​បាន​រៀន ហើយ​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត។ ប៉ុន្តែ​ពួក​គេ​មិន​ស្កប់​ចិត្ត​ហើយ​មិន​សប្បាយ​ដែរ។ ពេល​ពួក​គេ​ចាប់​ផ្ដើម​សេព​គប់​ជា​មួយ​រាស្ត្រ​របស់​ព្រះ ហើយ​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ ទើប​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត។

១៨. តើ​ប្អូន​ស្រី​ម្នាក់​បាន​ឆ្លង​កាត់​អ្វី? ហើយ​តើ​នេះ​បញ្ជាក់​អំពី​អ្វី?

១៨ ផ្ទុយ​ទៅ​វិញ អ្នក​ខ្លះ​ដែល​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​ជំនុំ​ដែល​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព នោះ​ឥឡូវ​ស្ដាយ​ក្រោយ​ខ្លាំង។ ប្អូន​ស្រី​ម្នាក់​ដែល​យើង​នឹង​ហៅ​ថា​ថាន់យ៉ា ពន្យល់​ថា​គាត់«ធំ​ឡើង​ដោយ​សេព​គប់​ជា​មួយ​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ពិត ថែម​ទាំង​ទៅ​កិច្ច​ប្រជុំ​និង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ»ដែរ តែ​ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ គាត់​ចាក​ចេញ​ពី​ក្រុម​ជំនុំ​ដើម្បី«ដេញ​តាម​អ្វី​ក្នុង​ពិភព​លោក​ដែល​ទាក់​ទាញ​ចិត្ត»គាត់។ ក្នុង​ចំណោម​លទ្ធផល​ដែល​គាត់​មាន​គឺ​ការ​មាន​ផ្ទៃ​ពោះ​ដែល​គាត់​មិន​ចង់​មាន និង​ការ​ពន្លូត​កូន។ គាត់​បាន​ពោល​ថា៖ «បី​ឆ្នាំដែល​ខ្ញុំ​ចាក​ចេញ​ពី​ក្រុម​ជំនុំ​បាន​បន្សល់​ទុក​នូវ​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត​ដែល​នៅ​ជាប់​ជា​និច្ច។ អ្វី​មួយ​ដែល​ខ្ញុំ​បំភ្លេច​មិន​បាន​គឺ​ថា​ខ្ញុំ​បាន​សម្លាប់​កូន​របស់​ខ្ញុំ​ដែល​មិន​ទាន់​កើត . . . ខ្ញុំ​ចង់​ប្រាប់​ប្អូន​ៗ​ទាំង​អស់​ដែល​ចង់​ភ្លក់​អ្វី​ក្នុង​ពិភព​លោក​សូម្បី​តែ​មួយ​ភ្លែត​ក៏​ដោយ​ថា៖ ‹កុំ​ធ្វើ​ដូច្នេះ!›។ នៅ​ដើម​ដំបូង អ្វី​ៗ​ក្នុង​ពិភព​លោក​ប្រហែល​ជា​នាំ​ឲ្យ​សប្បាយ តែ​នៅ​ទី​បំផុត​នឹង​មាន​លទ្ធផល​អាក្រក់។ ពិភព​លោក​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ទុក្ខ​វេទនា​ទេ។ ខ្ញុំ​ដឹង ហើយ​ធ្លាប់​ភ្លក់​ដែរ។ សូម​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ទៅ! នេះ​ជា​របៀប​រស់​នៅ​តែ​មួយ​គត់​ដែល​អាច​នាំ​ឲ្យ​មាន​សុភមង្គល»។

១៩, ២០. តើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ផ្ដល់​ការ​ការ​ពារ​អ្វី? ហើយ​ដោយ​របៀប​ណា?

១៩ សូម​គិត​ទៅ​មើល​ថា តើ​អ្នក​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា បើ​អ្នក​បោះ​បង់​ចោល​ក្រុម​ជំនុំ​ដែល​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព? បង​ប្អូន​ជា​ច្រើន​មិន​ហ៊ាន​គិត​ដូច្នោះ​ទេ ពេល​ពួក​គាត់​នឹក​ឃើញ​អំពី​វិថី​ជីវិត​ដែល​អសារ​ឥត​ការ មុន​ពួក​គាត់​ទទួល​យក​សេចក្ដី​ពិត។ (យ៉ូន. ៦:៦៨, ៦៩) អ្នក​អាច​ទទួល​បាន​នូវ​សុវត្ថិភាព​និង​ការ​ការ​ពារ​ត​ទៅ​ទៀត​ពី​ទុក្ខ​វេទនា​ដែល​មាន​ជា​ទូទៅ​ក្នុង​ពិភព​លោក​របស់​សាថាន ដោយ​នៅ​ជាប់​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​គ្រិស្ត​សាសនិក​ប្រុស​ស្រី​របស់​អ្នក។ ការ​សេព​គប់​ជា​មួយ​ពួក​គាត់ និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ​យ៉ាង​ទៀង​ទាត់​នឹង​រំលឹក​អ្នក​ជា​និច្ច​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា ហើយ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​នោះ។ អ្នក​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី‹សរសើរ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ពួក​ជំនុំ​ធំ›ដូច​អ្នក​តែង​ទំនុក​តម្កើង​បាន​ធ្វើ។—ទំនុក. ៣៥:១៨

២០ ពិត​មែន ដោយ​មាន​មូលហេតុ​ផ្សេង​ៗ គ្រិស្ត​សាសនិក​ទាំង​អស់​ឆ្លង​កាត់​ពេល​វេលា​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ជា​គ្រិស្ត​សាសនិក។ ពួក​គាត់​ប្រហែល​ជា​ត្រូវ​ការ​អ្នក​ណា​ម្នាក់​បង្ហាញ​ពួក​គាត់​ពី​អ្វី​ដែល​ពួក​គាត់​ត្រូវ​ធ្វើ។ ពេល​បង​ប្អូន​រួម​ជំនឿ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​នោះ តើ​អ្នក​និង​បង​ប្អូន​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គាត់? អត្ថបទ​បន្ទាប់​នឹង​ពិគ្រោះ​អំពី​របៀប​ដែល​អ្នក​អាច«បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក»។—១ថែ. ៥:១១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​អ្នក​តែង​ទំនុក​ទី​៧៣?

• តើ​អ្វី​ដែល​នាង​ឌីណា​បាន​ឆ្លង​កាត់​ផ្ដល់​មេ​រៀន​អ្វី​ដល់​យើង?

• ហេតុ​អ្វី​អ្នក​អាច​ទទួល​បាន​នូវ​សុវត្ថិភាព​និង​ការ​ការ​ពារ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​៩]

ចូរ​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រៀប​ដូច​ជា​ហែល​ទឹក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព!