លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សម្ដីសប្បុរសនាំឲ្យមានទំនាក់ទំនងល្អ

សម្ដីសប្បុរសនាំឲ្យមានទំនាក់ទំនងល្អ

សម្ដី​សប្បុរស​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ

«ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស»។—កូឡ. ៤:៦

១, ២. តើ​សម្ដី​សប្បុរស​របស់​បង​ប្រុស​ម្នាក់​បាន​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

បង​ប្រុស​ម្នាក់​ប្រាប់​ថា៖ «មាន​ថ្ងៃ​មួយ ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​ជួប​បុរស​ម្នាក់​ដែល​ចាប់​ផ្ដើម​ខឹង​ដល់​ម្ល៉េះ បាន​ជា​គាត់​ញ័រ​សព្វ​សារពាង្គកាយ។ ខ្ញុំ​ខំ​បញ្ជាក់​ហេតុ​ផល និយាយ​តាម​សម្រួល​ជា​មួយ​នឹង​គាត់ តែ​គាត់​ខឹង​កាន់​តែ​ខ្លាំង​ឡើង។ ប្រពន្ធ​និង​កូន​របស់​គាត់​ក៏​ចាប់​ផ្ដើម​ជេរ​ប្រមាថ​ខ្ញុំ​ដែរ។ ពេល​នោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​គួរ​ចេញ​ពី​កន្លែង​នោះ។ ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​បាន​មក​ក្នុង​ផ្លូវ​ល្អ ហើយ​ចង់​ទៅ​ដោយ​គ្មាន​រឿង​ហេតុ។ ខ្ញុំ​បង្ហាញ​ពួក​គេ​កាឡាទី ៥:២២​និង២៣ ដែល​ចែង​អំពី​សេចក្ដី​ស្រឡាញ់ ចិត្ត​ស្លូត​បូត ការ​ចេះ​ទប់​ចិត្ត សេចក្ដី​សុខ​សាន្ត។ រួច​មក ខ្ញុំ​ដើរ​ចេញ។

«ក្រោយ​មក ពេល​ដែល​ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ម្ខាង​ផ្លូវ ខ្ញុំ​ឃើញ​ក្រុម​គ្រួសារ​នោះ​អង្គុយ​នៅ​លើ​ជណ្ដើរ​នៅ​មុខ​ផ្ទះ។ ពួក​គេ​ហៅ​ខ្ញុំ​ទៅ​ទី​នោះ។ ខ្ញុំ​សួរ​ខ្លួន​ថា‹ពួក​គេ​ចង់​និយាយ​អ្វី​ទៀត​ឥឡូវ?›។ បុរស​នោះ​មាន​ទឹក​ត្រជាក់​មួយ​ថូ ហើយ​ចាក់​មួយ​កែវ​ឲ្យ​ខ្ញុំ។ គាត់​សុំ​អភ័យ​ទោស ដោយ​សារ​បាន​និយាយ​គំរោះ​គំរើយ​ជា​មួយ​ខ្ញុំ ក៏​បាន​សរសើរ​ខ្ញុំ​ថា ខ្ញុំ​មាន​ជំនឿ​រឹង​មាំ។ ពេល​បែក​គ្នា យើង​មាន​ទំនាក់​ទំនង​ល្អ»។

៣. ហេតុ​អ្វី​យើង​ត្រូវ​ចេះ​ទប់​ចិត្ត មិន​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ខឹង?

សព្វ​ថ្ងៃ​នេះ ដោយ​សារ​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត ការ​ជួប​មនុស្ស​ដែល​មាន​កំហឹង ជា​អ្វី​ដែល​យើង​ប្រហែល​ជៀស​វាង​មិន​បាន​ទេ សូម្បី​តែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ក៏​ដោយ។ ពេល​ណា​ជួប​មនុស្ស​ដែល​មាន​កំហឹង ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​បង្ហាញ‹ចិត្ត​ស្លូត​បូត​និង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ›។ (១ពេ. ៣:១៥) ប្រសិន​បើ​បង​ប្រុស​ដែល​រៀប​រាប់​បទ​ពិសោធន៍​ខាង​លើ បាន​អនុញ្ញាត​ឲ្យ​កំហឹង​និង​សម្ដី​គំរោះ​គំរើយ​របស់​ម្ចាស់​ផ្ទះ​ធ្វើ​ឲ្យ​គាត់​ខឹង នោះ​ចិត្ត​គំនិត​របស់​ម្ចាស់​ផ្ទះ​ទំនង​ជា​មិន​បាន​ផ្លាស់​ប្ដូរ​ទេ ហើយ​គាត់​ប្រហែល​ជា​ខឹង​កាន់​តែ​ខ្លាំង​ឡើង។ ក៏​ប៉ុន្តែ ដោយ​សារ​បង​ប្រុស​នោះ​ទប់​ចិត្ត​ហើយ​ប្រើ​សម្ដី​សប្បុរស នោះ​មាន​លទ្ធផល​ល្អ។

តើ​សម្ដី​សប្បុរស​ជា​សម្ដី​បែប​ណា?

៤. ហេតុ​អ្វី​សម្ដី​សប្បុរស​គឺ​សំខាន់​ណាស់?

ទោះ​ជា​យើង​កំពុង​ទាក់​ទង​មនុស្ស​ខាង​ក្នុង​ឬ​ខាង​ក្រៅ​ក្រុម​ជំនុំ ឬ​សមាជិក​ក្រុម​គ្រួសារ​ក៏​ដោយ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​ប៉ូល​ដែល​ថា៖ «ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ»។ (កូឡ. ៤:៦) ដើម្បី​មាន​ការ​និយាយ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​និង​មាន​សន្ដិភាព ជា​ការ​ចាំ​បាច់​ដែល​យើង​ប្រើ​សម្ដី​ល្អ​និង​សម​រម្យ។

៥. តើ​ការ​និយាយ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​មិន​រួម​បញ្ចូល​អ្វី? សូម​ឲ្យ​ឧទាហរណ៍។

ការ​និយាយ​ទាក់​ទង​គ្នា​យ៉ាង​ល្អ មិន​មាន​ន័យ​ថា​យើង​និយាយ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​កំពុង​គិត​ឬ​និយាយ​ពី​អារម្មណ៍​ទាំង​អស់​ដែល​យើង​មាន​នៅ​ពេល​ណា​មួយ​ទេ ជា​ពិសេស​ពេល​យើង​មិន​សប្បាយ​ចិត្ត។ បទ​គម្ពីរ​បញ្ជាក់​ថា​អ្នក​ដែល​មិន​ទប់​កំហឹង​ជា​អ្នក​ទន់​ខ្សោយ មិន​មែន​ជា​អ្នក​ខ្លាំង​ទេ។ (សូម​អាន សុភាសិត ២៥:២៨; ២៩:១១) ម៉ូសេ​គឺ«សុភាព​ណាស់»លើស​អស់​ទាំង​មនុស្ស​នៅ​សម័យ​គាត់ តែ​មាន​ពេល​មួយ​គាត់​អនុញ្ញាត​ឲ្យ​ការ​បះ​បោរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​នាំ​ឲ្យ​គាត់​ឈប់​ទប់​កំហឹង​ហើយ​មិន​លើក​តម្កើង​ព្រះ។ ម៉ូសេ​បាន​និយាយ​ច្បាស់​អំពី​អារម្មណ៍​របស់​គាត់ តែ​ព្រះ​យេហូវ៉ា​មិន​បាន​ពេញ​ចិត្ត​ទេ។ ក្រោយ​ពី​ម៉ូសេ​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​អស់​៤០​ឆ្នាំ​នោះ គាត់​មិន​បាន​ទទួល​ឯកសិទ្ធិ​នាំ​ពួក​គេ​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឲ្យ​ទេ។—ជន. ១២:៣; ២០:១០, ១២; ទំនុក. ១០៦:៣២

៦. តើ​ការ​ពិចារណា​មុន​និយាយ​មាន​ន័យ​ដូច​ម្ដេច?

បទ​គម្ពីរ​សរសើរ​អ្នក​ដែល​ចេះ​ទប់​ចិត្ត និង​ចេះ​ពិចារណា​មុន​និយាយ។ «អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា»។ (សុភ. ១០:១៩; ១៧:២៧) ក៏​ប៉ុន្តែ ការពិចារណា​មុន​និយាយ​មិន​មាន​ន័យ​ថា​យើង​មិន​ដែល​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន​ទេ គឺ​មាន​ន័យ​ថា​យើង‹ឲ្យ​សម្ដី​របស់​យើង​ប្រកប​ដោយ​ភាព​សប្បុរស› ហើយ​និយាយ​សម្ដី​ដែល​ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ ជា​ជាង​ធ្វើ​ឲ្យ​ឈឺ​ចិត្ត។—សូម​អាន សុភាសិត ១២:១៨; ១៨:២១

«មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ»

៧. តើ​យើង​គួរ​ជៀស​វាង​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី?

យើង​មិន​គ្រាន់​តែ​ត្រូវ​ប្រើ​សម្ដី​សប្បុរស​និង​ទប់​ចិត្ត ពេល​ដែល​និយាយ​ជា​មួយ​អ្នក​រួម​ការងារ​ឬ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ​ពេល​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង។ បើ​យើង​បញ្ចេញ​កំហឹង​ដោយ​មិន​គិត​ពី​លទ្ធផល នោះ​អាច​ធ្វើ​ឲ្យ​យើង​និង​អ្នក​ឯ​ទៀត​មាន​បញ្ហា​ធំ​ខាង​ផ្លូវ​ចិត្ត ខាង​សុខភាព ឬ​ក្នុង​ការ​បម្រើ​ព្រះ។ (សុភ. ១៨:៦, ៧) អារម្មណ៍​មិន​ល្អ​ផុស​ចេញ​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ហើយ​យើង​ត្រូវ​ទប់​អារម្មណ៍​ទាំង​នោះ។ ពាក្យ​ប្រមាថ​មើល​ងាយ ការ​ចំអក និង​កំហឹង​ដែល​ផុស​ចេញ​ពី​ការ​ស្អប់​គឺ​មិន​ល្អ​ទេ។ (កូឡ. ៣:៨; យ៉ា. ១:២០) អ្វី​ៗ​ទាំង​នេះ​អាច​បំផ្លាញ​ចំណង​មិត្តភាព​ដ៏​មាន​តម្លៃ​របស់​យើង​ជា​មួយ​មនុស្ស​ឯ​ទៀត​និង​ជា​មួយ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​បង្រៀន​ថា៖ «អ្នក​ណា​ដែល​ខឹង​ងំ​នឹង​បង​ប្អូន​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ។ តែ​អ្នក​ណា​ដែល​និយាយ​ទៅ​កាន់​បង​ប្អូន​ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​មិន​គួរ​ឲ្យ​ពោល អ្នក​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​តុលាការ​កំពូល។ រីឯ​អ្នក​ដែល​ប្រើ​ពាក្យ​ថា៖ ‹អា​គម្រក់!› អាច​ទទួល​ទោស​ក្នុង​ភ្លើង​ជ្រលង​ភ្នំ​ហ៊ីណុំ»។—ម៉ាថ. ៥:២២

៨. តើ​យើង​ត្រូវ​និយាយ​ពី​អារម្មណ៍​របស់​យើង​នៅ​ពេល​ណា? ហើយ​តើ​ត្រូវ​និយាយ​ដោយ​របៀប​ណា?

ក៏​ប៉ុន្តែ មាន​រឿង​ខ្លះ​ដែល​យើង​ប្រហែល​ជា​សន្និដ្ឋាន​ថា ប្រសិន​បើ​យើង​និយាយ​ពី​អារម្មណ៍​របស់​យើង​គឺ​ល្អ​ជាង។ ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​បាន​និយាយ​ឬ​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​អន់​ចិត្ត​ខ្លាំង​រហូត​ដល់​អ្នក​មិន​អាច​បំភ្លេច​បាន សូម​កុំ​ទុក​ឲ្យ​សេចក្ដី​ស្អប់​ដុះ​ដាល​ក្នុង​ចិត្ត​អ្នក។ (សុភ. ១៩:១១) បើ​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ខឹង សូម​ខំ​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​សិន សឹម​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ប៉ូល​បាន​សរសេរ​ថា៖ «កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ»។ បើ​បញ្ហា​នោះ​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ចិត្ត សូម​ទៅ​និយាយ​ជា​មួយ​បង​ប្អូន​នោះ​នៅ​ឱកាស​ល្អ​ណា​មួយ ដោយ​ចិត្ត​សប្បុរស។ (សូម​អាន អេភេសូរ ៤:២៦, ២៧, ៣១, ៣២) សូម​និយាយ​ដោយ​ត្រង់​ជា​មួយ​បង​ប្អូន​នោះ​អំពី​រឿង​នោះ តែ​ដោយ​សម្ដី​សប្បុរស ក្នុង​បំណង​ជា​នឹង​គាត់​វិញ។—លេវី. ១៩:១៧; ម៉ាថ. ១៨:១៥

៩. ហេតុ​អ្វី​យើង​គួរ​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​សិន មុន​ទៅ​ជួប​អ្នក​ឯ​ទៀត?

ប្រាកដ​ហើយ អ្នក​ត្រូវ​ពិចារណា​ថា​ពេល​ណា​ជា​ពេល​ត្រូវ​និយាយ ពី​ព្រោះ«មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ»។ (សាស្ដ. ៣:១,) ម្យ៉ាង​ទៀត «ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ»។ (សុភ. ១៥:២៨) នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​រង់​ចាំ​ដល់​មាន​ឱកាស​ល្អ​ដើម្បី​និយាយ​គ្នា​ដោះ​ស្រាយ​បញ្ហា។ ការ​និយាយ​គ្នា​ដោះ​ស្រាយ​បញ្ហា ពេល​អ្នក​ណា​ម្នាក់​កំពុង​អន់​ចិត្ត​ខ្លាំង អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធំ​ទៅ តែ​បើ​រង់​ចាំ​យូរ​ពេក​ក៏​មិន​ល្អ​ដែរ។

អំពើ​សប្បុរស​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ

១០. តើ​អំពើ​សប្បុរស​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​គ្នា​កាន់​តែ​ប្រសើរ​ឡើង​យ៉ាង​ដូច​ម្ដេច?

១០ សម្ដី​សប្បុរស​និង​ការ​និយាយ​ទាក់​ទង​ល្អ ជួយ​បង្កើត​ទំនាក់​ទំនង​ដ៏​សុខ​សាន្ត​ហើយ​រក្សា​ទំនាក់​ទំនង​នោះ​ឲ្យ​ល្អ​ជា​និច្ច។ តាម​ពិត បើ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​កាន់​តែ​ប្រសើរ​ឡើង នោះ​អាច​ធ្វើ​ឲ្យ​ការ​និយាយ​ទាក់​ទង​ជា​មួយ​នឹង​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង​ដែរ។ ការ​ព្យាយាម​ធ្វើ​អំពើ​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ​ពី​ចិត្ត ពោល​គឺ​រក​ឱកាស​ដើម្បី​ជួយ ឬ​ផ្ដល់​អំណោយ​ឲ្យ​អ្នក​ណា​ម្នាក់​ដោយ​ចិត្ត​ស្មោះ ឬ​ទទួល​គាត់​ដោយ​រាក់​ទាក់ អាច​ជួយ​ឲ្យ​មាន​ការ​និយាយ​ទាក់​ទង​គ្នា​ដោយ​ឥត​លាក់​លៀម។ នេះ​ក៏​អាច«គរ​រងើក​ភ្លើង»នៅ​លើ​ក្បាល​បុគ្គល​ណា​ម្នាក់​ដែរ ហើយ​ប្រហែល​បណ្ដាល​ឲ្យ​គាត់​បង្ហាញ​លក្ខណៈ​ល្អ ដែល​ធ្វើ​ឲ្យ​ងាយ​ស្រួល​ពិភាក្សា​និង​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គាត់។—រ៉ូម ១២:២០, ២១

១១. តើ​យ៉ាកុប​បាន​ចាត់​វិធានការ​អ្វី​ដើម្បី​ជា​នា​នឹង​អេសាវ​វិញ? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១១ យ៉ាកុប​ជា​បុព្វ​បុរស​ជន​ជាតិ​អ៊ីស្រាអែល​បាន​យល់​អំពី​រឿង​នេះ។ អេសាវ​ដែល​ជា​បង​ប្រុស​ភ្លោះ​របស់​យ៉ាកុប​បាន​ខឹង​នឹង​គាត់​ដល់​ម្ល៉េះ​បាន​ជា​គាត់​ភៀស​ខ្លួន​ចេញ ពី​ព្រោះ​ខ្លាច​អេសាវ​សម្លាប់​គាត់។ ច្រើន​ឆ្នាំ​ក្រោយ​មក យ៉ាកុប​បាន​ត្រឡប់​មក​វិញ។ អេសាវ​បាន​ចេញ​មក​ជួប​គាត់​ដោយ​មាន​ពួក​បុរស​៤០០​នាក់​មក​ជា​មួយ​ផង។ យ៉ាកុប​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ។ បន្ទាប់​មក គាត់​បញ្ជូន​ហ្វូង​សត្វ​ជា​អំណោយ​យ៉ាង​ច្រើន​ដល់​អេសាវ។ អំណោយ​ទាំង​នោះ​បាន​ជួយ​យ៉ាកុប។ ពេល​ពួក​គាត់​ជួប​គ្នា អេសាវ​បាន​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប​យ៉ាកុប។—លោ. ២៧:៤១​-​៤៤; ៣២:៦, ១១, ១៣​-​១៥; ៣៣:៤, ១០

លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ដោយ​សម្ដី​សប្បុរស

១២. ហេតុ​អ្វី​យើង​គួរ​ប្រើ​សម្ដី​សប្បុរស​ជា​មួយ​នឹង​បង​ប្អូន​យើង?

១២ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​យើង​បម្រើ​ព្រះ មិន​មែន​បម្រើ​មនុស្ស​ឯ​ទៀត​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​ពិត​ជា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ពេញ​ចិត្ត​នឹង​យើង។ សម្ដី​សប្បុរស​របស់​យើង​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ដែល​មាន​កង្វល់ ភារកិច្ច​និង​ភាព​តាន​តឹង​ចិត្ត​បាន​ធូរ​ស្រាល​ក្នុង​ចិត្ត។ ក៏​ប៉ុន្តែ ការ​រិះ​គន់​ខ្លាំង​អាច​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​នោះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ ហើយ​ក៏​អាច​បណ្ដាល​ឲ្យ​បង​ប្អូន​ខ្លះ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​នឹង​ពួក​គាត់​ទៀត​ផង។ ដូច្នេះ ចូរ​យើង​និយាយ​ដោយ​ស្មោះ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ៗ​ដែល​លើក​ទឹក​ចិត្ត «ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​តាម​កាលៈទេសៈ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់»។—អេភ. ៤:២៩

១៣. តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ចាំ​ក្នុង​ចិត្ត​អំពី​អ្វី (ក) កាល​ណា​ពួក​គាត់​ជូន​ឱវាទ? (ខ) កាល​ណា​ពួក​គាត់​សរសេរ​សំបុត្រ?

១៣ ជា​ពិសេស ពួក​អ្នក​ចាស់​ទុំ​គួរ«ប្រព្រឹត្ត​ដោយ​ស្លូត​បូត» និង​ដោយ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ហ្វូង​ចៀម។ (១ថែ. ២:៧, ៨) កាល​ណា​មាន​ការ​ចាំ​បាច់​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ជូន​ឱវាទ ពួក​គាត់​ត្រូវ​មាន​គោល​ដៅ​ធ្វើ​ដូច្នេះ​ដោយ«ចិត្ត​ស្លូត​បូត»សូម្បី​តែ​ពេល​ណែនាំ​ពួក​អ្នក«ដែល​មិន​យល់​ស្រប​នឹង . . . [ពួក​គាត់]»ក៏​ដោយ។ (២ធី. ២:២៤, ២៥) ពួក​អ្នក​ចាស់​ទុំ​ក៏​គួរ​បង្ហាញ​ចិត្ត​សប្បុរស​ដែរ ពេល​ពួក​គាត់​សរសេរ​សំបុត្រ​ទាក់​ទង កាល​ណា​មាន​ការ​ចាំ​បាច់​ឲ្យ​ពួក​គាត់​ទាក់​ទង​ជា​មួយ​នឹង​ក្រុម​អ្នក​ចាស់​ទុំ​ផ្សេង​ទៀត ឬ​ជា​មួយ​នឹង​ការិយាល័យ​សាខា។ ពួក​គាត់​ត្រូវ​បង្ហាញ​ចិត្ត​សប្បុរស ហើយ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​ឲ្យ​បង​ប្អូន​ទាស់​ចិត្ត សម​ស្រប​នឹង​អ្វី​ដែល​ម៉ាថាយ ៧:១២​បាន​ចែង។

ប្រើ​សម្ដី​សប្បុរស​ក្នុង​ក្រុម​គ្រួសារ

១៤. តើ​ប៉ូល​ឲ្យ​ដំបូន្មាន​អ្វី​ដល់​ប្ដី​ទាំង​ឡាយ? ហើយ​ហេតុ​អ្វី?

១៤ ពាក្យ​សម្ដី ទឹក​មុខ និង​កាយ​វិការ​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត​ខ្លាំង​ជាង​យើង​នឹក​ស្មាន​ទៅ​ទៀត។ ជា​ឧទាហរណ៍ បុរស​ខ្លះ​ប្រហែល​ជា​មិន​យល់​ថា​សម្ដី​របស់​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ស្ត្រី​ខ្លាំង​យ៉ាង​ណា​ទេ។ បង​ស្រី​ម្នាក់​ប្រាប់​ថា៖ «ពេល​ដែល​ប្ដី​ខ្ញុំ​ខឹង​ហើយ​ដំឡើង​សរសៃ​ក​ដាក់​ខ្ញុំ ខ្ញុំ​ខ្លាច»។ ពាក្យ​ធ្ងន់​ប្រហែល​ជា​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ស្ត្រី​ជាង​បុរស ហើយ​នាង​ប្រហែល​ជា​ចាំ​ពាក្យ​នោះ​អស់​រយៈ​ពេល​ជា​យូរ។ (លូក. ២:១៩) ជា​ពិសេស បើ​បុរស​ដែល​ប្រើ​ពាក្យ​ធ្ងន់​នោះ​ជា​អ្នក​ដែល​នាង​ស្រឡាញ់​ហើយ​ចង់​គោរព។ ប៉ូល​ឲ្យ​ដំបូន្មាន​ដល់​ប្ដី​ទាំង​ឡាយ​ថា៖ «ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​និច្ច ហើយ​កុំ​ក្រេវ​ក្រោធ​នឹង​នាង»។—កូឡ. ៣:១៩

១៥. សូម​ពន្យល់​ពី​មូលហេតុ​ដែល​ប្ដី​ត្រូវ​ប្រព្រឹត្ត​ដោយ​ស្លូត​បូត​ចំពោះ​ប្រពន្ធ។

១៥ ស្តី​អំពី​រឿង​នេះ បង​ប្រុស​ម្នាក់​ដែល​បាន​រៀប​ការ​យូរ​ឆ្នាំ​ហើយ បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ប្ដី​ត្រូវ​ប្រព្រឹត្ត​ដោយ​ស្លូត​បូត​ចំពោះ​ប្រពន្ធ​គាត់ ព្រោះ​នាង​ជា«ភាជនៈ​ខ្សោយ​ជាង»។ គាត់​បាន​ពោល​ថា៖ «កាល​ណា​អ្នក​កាន់​ភាជនៈ​ដែល​មាន​តម្លៃ ហើយ​ងាយ​បែក អ្នក​មិន​ត្រូវ​ចាប់​កាន់​វា​ណែន​ពេក​ទេ ព្រោះ​វា​អាច​បែក​ឬ​ប្រេះ​បាន។ ទោះ​ជា​អ្នក​ខំ​បិទ​ស្នាម​ប្រេះ​នោះ​ក៏​ដោយ តែ​ស្នាម​នោះ​មិន​បាត់​ទេ។ បើ​ប្ដី​និយាយ​ពាក្យ​ធ្ងន់​ពេក​ដាក់​ប្រពន្ធ​គាត់ គាត់​ប្រហែល​ជា​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​ក្នុង​ចិត្ត។ នេះ​អាច​នាំ​ឲ្យ​ទំនាក់​ទំនង​របស់​ពួក​គាត់​ប្រេះ​ឆា​យូរ​អង្វែង»។—សូម​អាន ពេត្រុស​ទី​១ ៣:៧

១៦. តើ​ស្ត្រី​អាច​លើក​ទឹក​ចិត្ត​គ្រួសារ​របស់​នាង​យ៉ាង​ដូច​ម្ដេច?

១៦ ចំពោះ​បុរស ពាក្យ​សម្ដី​របស់​អ្នក​ណា​ម្នាក់​ទៀត រួម​ទាំង​សម្ដី​របស់​ប្រពន្ធ​គាត់ ក៏​អាច​លើក​ទឹក​ចិត្ត​គាត់​ឬ​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត​ដែរ។ «ប្រពន្ធ​ដែល​ឆ្លៀវ​ឆ្លាត»ដែល​ប្ដី​នាង​ពិត​ជា​អាច«ទុក​ចិត្ត»ទៅ​លើ​នាង ចេះ​គិត​អំពី​អារម្មណ៍​របស់​ប្ដី ដូច​នាង​ចង់​ឲ្យ​ប្ដី​គិត​អំពី​អារម្មណ៍​របស់​នាង​ដែរ។ (សុភ. ១៩:១៤; ៣១:១១) ពិត​មែន ស្ត្រី​អាច​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ក្នុង​គ្រួសារ ទាំង​ឥទ្ធិពល​ល្អ​ទាំង​ឥទ្ធិពល​អាក្រក់។ «គ្រប់​ទាំង​ស្រី​ៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី​ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ»។—សុភ. ១៤:១

១៧. (ក) តើ​មនុស្ស​មាន​វ័យ​ក្មេង​ជាង​គួរ​និយាយ​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ពួក​គេ​ដោយ​របៀប​ណា? (ខ) តើ​មនុស្ស​ពេញ​វ័យ​គួរ​និយាយ​យ៉ាង​ដូច​ម្ដេច​ទៅ​កាន់​មនុស្ស​ដែល​មាន​វ័យ​ក្មេង? ហើយ​ហេតុ​អ្វី?

១៧ ដូច​គ្នា​ដែរ ឪពុក​ម្ដាយ​និង​កូន​គួរ​និយាយ​ទាក់​ទង​គ្នា​ដោយ​ប្រើ​សម្ដី​សប្បុរស។ (ម៉ាថ. ១៥:៤) ពេល​យើង​និយាយ​ទៅ​កាន់​ក្មេង​ៗ បើ​យើង​ចេះ​គិត​អំពី​អារម្មណ៍​ពួក​គេ នោះ​នឹង​ជួយ​យើង​មិន«ធ្វើ​ឲ្យ[ពួក​គេ]ខឹង»។ (កូឡ. ៣:២១; អេភ. ៦:៤) ទោះ​ជា​កូន​ក្មេង​ត្រូវ​ទទួល​ការ​ប្រដៅ​ក៏​ដោយ ឪពុក​ម្ដាយ​និង​អ្នក​ចាស់​ទុំ​គួរ​និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​ការ​គោរព។ តាម​របៀប​នេះ ពួក​គាត់​ធ្វើ​ឲ្យ​ពួក​យុវជន​ងាយ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ជាង ហើយ​រក្សា​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ ហើយ​ក៏​ប្រសើរ​ជាង​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​អស់​សង្ឃឹម​ចំពោះ​ពួក​គេ ដែល​ក៏​អាច​នាំ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម​ចំពោះ​ខ្លួន​ពួក​គេ​ដែរ។ ក្មេង​ៗ​ប្រហែល​មិន​ចាំ​ដំបូន្មាន​ទាំង​អស់​ដែល​ពួក​គេ​បាន​ទទួល​ទេ តែ​ពួក​គេ​ចាំ​ថា​អ្នក​ឯ​ទៀត​និយាយ​យ៉ាង​ណា​ជា​មួយ​នឹង​ពួក​គេ។

និយាយ​ល្អ​ៗ​ផុស​ពី​ចិត្ត

១៨. តើ​យើង​អាច​កម្ចាត់​ចេញ​យ៉ាង​ដូច​ម្ដេច​នូវ​កំហឹង​និង​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត?

១៨ ការ​ទប់​កំហឹង​មិន​គ្រាន់​តែ​ជា​ការ​ធ្វើ​មុខ​ធម្មតា​ប៉ុណ្ណោះ​ទេ។ គោល​ដៅ​របស់​យើង​មិន​គួរ​ត្រឹម​តែ​ទប់​កំហឹង​ពុះ​ពោរ​របស់​យើង​ឡើយ។ បើ​យើង​ខំ​បង្ហាញ​អាកប្បកិរិយា​ហាក់​ដូច​ជា​យើង​មិន​ខឹង តែ​តាម​ពិត​ខាង​ក្នុង​ចិត្ត​យើង​កំពុង​ពុះ​ពោរ​ទៅ​ដោយ​កំហឹង នេះ​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត។ គឺ​ប្រៀប​ដូច​ជា​ជាន់​ហ្វ្រាំង​ម៉ូតូ​ផង មួល​បន្ថែម​ល្បឿន​ផង​ក្នុង​ពេល​ដំណាល​គ្នា។ នេះ​ធ្វើ​ឲ្យ​ម៉ូតូ​ពិបាក​ទៅ​មុខ ហើយ​អាច​បណ្ដាល​ឲ្យ​ខូច។ ដូច្នេះ កុំ​ទុក​កំហឹង​នៅ​ក្នុង​ចិត្ត​អ្នក ហើយ​ឲ្យ​កំហឹង​នោះ​ផ្ទុះ​ឡើង​នៅ​ពេល​ក្រោយ​ឡើយ។ សូម​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​កម្ចាត់​កំហឹង​ចេញ​ពី​ចិត្ត​អ្នក។ ចូរ​ឲ្យ​សកម្មពល​ព្រះ​យេហូវ៉ា​កែ​ប្រែ​ទាំង​ស្រុង​នូវ​របៀប​គិត​គូរ​និង​ចិត្ត​របស់​អ្នក​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។—សូម​អាន រ៉ូម ១២:២; អេភេសូរ ៤:២៣, ២៤

១៩. តើ​វិធានការ​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក​មិន​ឲ្យ​ឈ្លោះ​គ្នា?

១៩ សូម​ចាត់​វិធានការ​ផ្សេង​ៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​គ្រប់​គ្រង​លើ​អារម្មណ៍​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​តឹង​តែង​មួយ ហើយ​ដឹង​ថា​អ្នក​កំពុង​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​អ្នក ប្រហែល​ជា​ការ​ល្អ​បើ​អ្នក​ដក​ខ្លួន​ចេញ​មួយ​រយៈ​ពេល។ ធ្វើ​ដូច្នេះ អ្នក​ទុក​ឲ្យ​ចិត្ត​អ្នក​ត្រជាក់​សិន។ (សុភ. ១៧:១៤) បើ​មនុស្ស​ដែល​អ្នក​កំពុង​និយាយ​ជា​មួយ​ចាប់​ផ្ដើម​ខឹង សូម​ខំ​ប្រឹង​ថែម​ទៀត​ដើម្បី​និយាយ​ដោយ​ប្រើ​សម្ដី​សប្បុរស។ សូម​ចាំ​ថា៖ «ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំ​ងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ​គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ»។ (សុភ. ១៥:១) ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​ឬ​បង្ក​រឿង​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​រឹត​តែ​តឹង​តែង​ថែម​ទៀត ទោះ​ជា​និយាយ​ដោយ​សំឡេង​ថ្នម​ៗ​ក៏​ដោយ។ (សុភ. ២៦:២១) ហេតុ​នេះ កាល​ណា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណា​មួយ​ដែល​ល្បង​ល​ការ​ទប់​ចិត្ត​របស់​អ្នក សូម‹កុំ​រហ័ស​និយាយ កុំ​រហ័ស​ខឹង›។ សូម​អធិដ្ឋាន​សុំ​សកម្មពល​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​និយាយ​អ្វី​ដែល​ល្អ​ៗ មិន​មែន​អ្វី​ដែល​អាក្រក់​ទេ។—យ៉ា. ១:១៩

អភ័យ​ទោស​ដោយ​ស្មោះ​ពី​ចិត្ត

២០, ២១. តើ​អ្វី​អាច​ជួយ​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ដូច្នេះ?

២០ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​គ្រប់​គ្រង​អណ្ដាត​ខ្លួន​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ឡើយ។ (យ៉ា. ៣:២) ទោះ​ជា​ពួក​គេ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ សូម្បី​តែ​សមាជិក​គ្រួសារ​និង​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់​របស់​យើង ជួន​កាល​ប្រហែល​និយាយ​ដោយ​ឥត​គិត​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត។ ជា​ជាង​រហ័ស​អន់​ចិត្ត យើង​វិភាគ​មើល​អំពី​មូលហេតុ​ដែល​ពួក​គេ​បាន​និយាយ​ដូច្នោះ និង​អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។ (សូម​អាន សាស្ដា ៧:៨, ៩) តើ​ពួក​គេ​មាន​ការ​បង្ខិត​បង្ខំ ការ​ភ័យ​ខ្លាច មិន​សូវ​ស្រួល​ខ្លួន កំពុង​ត​ស៊ូ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​ឬ​បញ្ហា​ដែល​មក​ពី​ខាង​ក្រៅ​ឬ​ទេ?

២១ កត្ដា​ទាំង​នេះ​មិន​មែន​ជា​លេស​ឲ្យ​ផ្ទុះ​កំហឹង​ទេ។ ប៉ុន្តែ​បើ​យើង​ទទួល​ស្គាល់​វា កត្ដា​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ជួន​កាល​មនុស្ស​និយាយ​ឬ​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​គួរ​និយាយ​ឬ​ធ្វើ ហើយ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​អភ័យ​ទោស។ យើង​ទាំង​អស់​គ្នា​ធ្លាប់​ធ្វើ​ឬ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​អន់​ចិត្ត ហើយ​យើង​សង្ឃឹម​ថា​ពួក​គេ​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដោយ​ចិត្ត​សប្បុរស។ (សាស្ដ. ៧:២១, ២២) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ដើម្បី​យើង​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ យើង​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ (ម៉ាថ. ៦:១៤, ១៥; ១៨:២១, ២២, ៣៥) ហេតុ​នេះ យើង​ត្រូវ​ឆាប់​សុំ​អភ័យ​ទោស ហើយ​ឆាប់​អភ័យ​ទោស។ បើ​ធ្វើ​ដូច្នេះ យើង​រក្សា​សេចក្ដី​ស្រឡាញ់​ដែល​ជា«ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ»ក្នុង​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ​របស់​យើង។—កូឡ. ៣:១៤

២២. ហេតុ​អ្វី​បាន​ជា​ការ​ព្យាយាម​ប្រើ​សម្ដី​សប្បុរស​នាំ​ឲ្យ​មាន​ប្រយោជន៍?

២២ កាល​ដែល​របៀប​របប​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​កំហឹង​ជិត​ដល់​ទី​បញ្ចប់ ទំនង​ជា​យើង​មាន​ការ​ពិបាក​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​រក្សា​អំណរ​និង​សាមគ្គីភាព។ ការ​អនុវត្ត​គោល​ការណ៍​គម្ពីរ​នឹង​ជួយ​យើង​ឲ្យ​និយាយ​អ្វី​ដែល​ល្អ មិន​មែន​អ្វី​ដែល​អាក្រក់​ទេ។ យើង​នឹង​មាន​ទំនាក់​ទំនង​ដ៏​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ​និង​ក្នុង​គ្រួសារ ហើយ​គំរូ​ដ៏​ប្រសើរ​របស់​យើង​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​ដល់​អ្នក​ឯ​ទៀត​អំពី«ព្រះ[របស់​យើង]ដែល​មាន​សេចក្ដី​សប្បាយ»។—១ធី. ១:១១

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

• ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​ពិចារណា​ថា​ពេល​ណា​ជា​ពេល​ត្រូវ​និយាយ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា?

• ហេតុ​អ្វី​សមាជិក​គ្រួសារ​ត្រូវ​និយាយ​គ្នា​ដោយ​ប្រើ​សម្ដី​ដែល«ប្រកប​ដោយ​ភាព​សប្បុរស»ជា​និច្ច?

• តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​និយាយ​អ្វី​ដែល​នាំ​ឲ្យ​គេ​អន់​ចិត្ត?

• តើ​អ្វី​អាច​ជួយ​យើង​អភ័យ​ទោស​ឲ្យ​គេ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៣]

សូម​ទុក​ឲ្យ​ចិត្ត​អ្នក​ត្រជាក់​សិន រួច​បន្ទាប់​មក​សូម​រក​ឱកាស​ល្អ​ដើម្បី​និយាយ​គ្នា

[រូប​ភាព​នៅ​ទំព័រ​២៥]

ប្ដី​ត្រូវ​និយាយ​ដោយ​ស្លូត​បូត​ជា​មួយ​នឹង​ប្រពន្ធ​ជា​និច្ច