លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការផ្លាស់ប្ដូរទស្សនៈស្តីអំពីអំពើខុសឆ្គង

ការផ្លាស់ប្ដូរទស្សនៈស្តីអំពីអំពើខុសឆ្គង

ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ស្តី​អំពី​អំពើ​ខុស​ឆ្គង

នៅ​ពេល​កន្លង​ទៅ​មិន​យូរ​ប៉ុន្មាន​នេះ មនុស្ស​ដែល​ទៅ​វិហារ​បាន​ឮ​គ្រូ​គង្វាល​និយាយ​ខ្លាំង​ៗ​ជា​រឿយ​ៗ​អំពី​អ្វី​ៗ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា «អំពើ​ខុស​ឆ្គង​៧​យ៉ាង​ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់» ដូច​ជា​តណ្ហា ការ​ល្មោភ​ស៊ី អំណួត ការ​លោភ​លន់ កំហឹង សេចក្ដី​ខ្ជិល​ច្រអូស និង​ការ​ច្រណែន​ចង់​បាន។ គ្រូ​គង្វាល​ច្រើន​តែ​រៀប​រាប់​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ​នៃ​អំពើ​ខុស​ឆ្គង ហើយ​ដាស់​តឿន​សមាជិក​ឲ្យ​ប្រែ​ចិត្ត​ពី​អំពើ​ទាំង​នោះ។ អ្នក​និពន្ធ​ម្នាក់​បាន​សរសេរ​ថា៖ «ឥឡូវ សុន្ទរកថា​ភាគ​ច្រើន​របស់​សាសនា​មិន​ទាក់​ទង​នឹង​អំពើ​ខុស​ឆ្គង​ឡើយ តែ​ទាក់​ទង​នឹង​ប្រធានបទ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​គេ​វិញ»។

សព្វ​ថ្ងៃ សង្គម​យើង​មាន​ជាតិ​សាសន៍​ច្រើន សាសនា​ខុស​គ្នា និង​និន្នាការ​នយោបាយ​ផ្សេង​ៗ ហើយ​អ្វី​ៗ​ទាំង​នេះ​តម្រូវ​ឲ្យ​ពួក​គេ​ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។ ហេតុ​នេះ មនុស្ស​មិន​សូវ​ហ៊ាន​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ស្តី​អំពី​រឿង​សីលធម៌​ឡើយ។ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា ការ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ជា​ការ​ខ្វះ​សុជីវធម៌។ តាម​មើល​ទៅ ការ​វិនិច្ឆ័យ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត គឺ​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​បំផុត។ យ៉ាង​នេះ មនុស្ស​មាន​គំនិត​ថា ‹អ្វី​ដែល​អ្នក​ជឿ​ប្រហែល​ជា​ល្អ​សម្រាប់​អ្នក​មែន តែ​អ្នក​មិន​ត្រូវ​បង្ខំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ទស្សនៈ​ដូច​អ្នក​ទេ។ សព្វ​ថ្ងៃ​នេះ មនុស្ស​មាន​របៀប​រស់​នៅ​ដោយ​កាន់​តាម​គោល​ការណ៍​សីលធម៌​ខុស​ៗ​គ្នា។ មិន​មែន​មាន​តែ​អ្នក​ទេ​ដែល​ដឹង​អ្វី​ដែល​ត្រឹម​ត្រូវ។ គោល​ការណ៍​សីលធម៌​របស់​អ្នក​ឯ​ទៀត​ក៏​ល្អ​ដូច​គោល​ការណ៍​សីលធម៌​របស់​អ្នក​ដែរ›។

ចិត្ត​គំនិត​បែប​នេះ​បាន​នាំ​ឲ្យ​មនុស្ស​ប្រើ​ពាក្យ​ផ្សេង​ដើម្បី​ពណ៌នា​អំពើ​ទាំង​នោះ​ថា​ជា​រឿង​តូច​តាច។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ជា​ច្រើន «មនុស្ស​ផិត​ក្បត់» ឥឡូវ​គេ​ហៅ​ថា​ជា«មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ខាង​ផ្លូវ​ភេទ​ជា​មួយ​គ្នា»វិញ ហើយ«មនុស្ស​ដែល​រួម​ដំណេក​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា» ឥឡូវ​គេ​ហៅ​ថា​ជា​មនុស្ស​ដែល«មាន​របៀប​រស់​នៅ​មួយ​បែប​ផ្សេង​ទៀត»។

ពិត​មែន​ហើយ ទស្សនៈ​របស់​មនុស្ស​ស្តី​អំពី​អ្វី​ដែល​គេ​ចាត់​ទុក​ថា​ជា​រឿង«ធម្មតា»ឬ​ជា«អំពើ​ខុស​ឆ្គង» បាន​ត្រូវ​ផ្លាស់​ប្ដូរ។ ប៉ុន្តែ ហេតុ​អ្វី​មនុស្ស​មាន​ចិត្ត​គំនិត​ខុស​ពី​មុន? តើ​មាន​អ្វី​កើត​ឡើង​ដល់​អំពើ​ខុស​ឆ្គង? ហើយ​តើ​ទស្សនៈ​របស់​លោក​អ្នក​ស្តី​អំពី​រឿង​នេះ​ពិត​ជា​សំខាន់​ឬ​ទេ?