លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររួមចំណែកអស់ពីសមត្ថភាពក្នុងការប្រមូលមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ

ចូររួមចំណែកអស់ពីសមត្ថភាពក្នុងការប្រមូលមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ

ចូរ​រួម​ចំណែក​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រមូល​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ

«ចូរ​ជាប់​រវល់​ក្នុង​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់»។—១កូ. ១៥:៥៨

១. តើ​លោក​យេស៊ូ​បាន​អញ្ជើញ​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​អ្វី?

កាល​ដែល​លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​សាម៉ារី​នា​ចុង​ឆ្នាំ​៣០ គ.ស. លោក​បាន​សម្រាក​នៅ​អណ្ដូង​ទឹក​ជិត​ក្រុង​ស៊ីខា។ នៅ​ទី​នោះ លោក​បាន​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ»។ (យ៉ូន. ៤:៣៥) លោក​យេស៊ូ​មិន​សំដៅ​ទៅ​លើ​ចម្រូត​មែន​ទែន​ទេ តែ​សំដៅ​ទៅ​ការ​ប្រមូល​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ តាម​ពិត លោក​បាន​អញ្ជើញ​អ្នក​កាន់​តាម​លោក​ឲ្យ​ចូល​រួម​ក្នុង​ចម្រូត​នោះ។ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ តែ​មាន​ពេល​តិច​តួច​ប៉ុណ្ណោះ​ដើម្បី​បំពេញ​កិច្ច​ការ​នោះ!

២, ៣. (ក) តើ​អ្វី​បញ្ជាក់​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចម្រូត? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ពាក្យ​របស់​លោក​យេស៊ូ​អំពី​ចម្រូត​មាន​អត្ថន័យ​ពិសេស​នៅ​សម័យ​យើង​នេះ។ មនុស្ស​ដែល​កំពុង​រស់​នៅ​គ្រា​នេះ គឺ​ប្រៀប​ដូច​ជា​វាល​ស្រូវ​ដែល«ទុំ​ល្មម​ច្រូត»។ រាល់​ឆ្នាំ មនុស្ស​រាប់​លាន​នាក់​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​រៀន​សេចក្ដី​ពិត​ដែល​នាំ​ឲ្យ​មាន​ជីវិត ហើយ​មនុស្ស​រាប់​ពាន់​នាក់​បាន​ត្រូវ​ជ្រមុជ​ទឹក​ជា​អ្នក​កាន់​តាម​ថ្មី​របស់​លោក​យេស៊ូ។ យើង​មាន​ឯកសិទ្ធិ​រួម​ចំណែក​ក្នុង​ចម្រូត​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ។ តើ​អ្នក​កំពុង«ជាប់​រវល់»ក្នុង​ចម្រូត​នេះ​ឬ​ទេ?—១កូ. ១៥:៥៨

ក្នុង​អំឡុង​បី​ឆ្នាំ​កន្លះ​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ លោក​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ច្រូត​កាត់។ អត្ថបទ​នេះ​នឹង​ពិចារណា​មេ​រៀន​បី​ក្នុង​ចំណោម​មេ​រៀន​សំខាន់​ៗ​ជា​ច្រើន​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក។ មេ​រៀន​នី​មួយ​ៗ​គូស​បញ្ជាក់​គុណសម្បត្ដិ​មួយ​ដែល​មាន​តម្លៃ​ណាស់​ចំពោះ​យើង កាល​ដែល​យើង​ខំ​ប្រឹង​រួម​ចំណែក​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រមូល​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​គុណសម្បត្ដិ​ទាំង​នេះ​ម្ដង​មួយ​ៗ។

ចិត្ត​រាប​ទាប​គឺ​សំខាន់​ចាំ​បាច់

៤. តើ​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ចិត្ត​រាប​ទាប​គឺ​សំខាន់​ចាំ​បាច់?

អ្នក​កាន់​តាម​លោក​យេស៊ូ​ទើប​នឹង​បាន​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ។ ទឹក​មុខ​របស់​ពួក​គាត់​ទំនង​ជា​បង្ហាញ​ថា​ពួក​គាត់​ខឹង​ហើយ​មិន​ទុក​ចិត្ត​គ្នា​ទេ។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ទិដ្ឋភាព​នេះ​ឬ​ទេ? ក្រោយ​មក លោក​យេស៊ូ​បាន​ហៅ​កូន​ក្មេង​ម្នាក់​ឲ្យ​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គាត់។ ដោយ​ផ្ចង់​ស្មារតី​ទៅ​លើ​កូន​ក្មេង លោក​មាន​ប្រសាសន៍​ថា៖«អ្នក​ណា​ដែល​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប[ឬ«អ្នក​ណា​ដែល​ដាក់​ខ្លួន​ជា​អ្នក​តូច»]ដូច​កូន​ក្មេង​នេះ អ្នក​នោះ​គឺ​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌»។ (សូម​អាន​ម៉ាថាយ ១៨:១​-​៤; Byington) ជា​ជាង​គិត​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ ដែល​ឲ្យ​តម្លៃ​មនុស្ស​ដោយ​ផ្អែក​លើ​អំណាច ទ្រព្យ​សម្បត្ដិ និង​ឋានៈ​ដែល​គេ​មាន នោះ​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​យល់​ថា ការ​ធ្វើ​ជា​អ្នក​ធំ​គឺ​អាស្រ័យ​ទៅ​លើ​ការ«ដាក់​ខ្លួន​ជា​អ្នក​តូច»នៅ​ចំពោះ​អ្នក​ឯ​ទៀត។ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​ពួក​គាត់ ហើយ​នឹង​ប្រើ​ពួក​គាត់ លុះ​ត្រា​ពួក​គាត់​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ។

៥, ៦. ហេតុ​អ្វី​អ្នក​ត្រូវ​មាន​ចិត្ត​រាប​ទាប​ទើប​អាច​រួម​ចំណែក​អស់​ពី​សមត្ថភាព​ក្នុង​ចម្រូត? សូម​លើក​ឧទាហរណ៍។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​បាន​អំណាច ទ្រព្យ​សម្បត្ដិ និង​ឋានៈ។ ហេតុ​នេះ ពួក​គេ​មិន​សូវ​មាន​ពេល​ឬ​គ្មាន​ពេល​សោះ​ដើម្បី​រៀន​អំពី​ព្រះ ហើយ​បម្រើ​លោក។ (ម៉ាថ. ១៣:២២) ផ្ទុយ​ទៅ​វិញ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត«ដាក់​ខ្លួន​ជា​អ្នក​តូច»ចំពោះ​អ្នក​ឯ​ទៀត ដើម្បី​ទទួល​ពរ​និង​ទទួល​ការ​គាប់​ចិត្ត​ពី​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ។—ម៉ាថ. ៦:២៤; ២កូ. ១១:៧; ភី. ៣:៨

សូម​គិត​អំពី​គំរូ​របស់​ហ្វ្រែនស៊ីស្កូ ដែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ ពេល​គាត់​នៅ​ក្មេង គាត់​ឈប់​រៀន​នៅ​មហា​វិទ្យាល័យ​ដើម្បី​ត្រួស​ត្រាយ​ពេញ​ពេល។ គាត់​ចាំ​ថា៖ «ក្រោយ​ខ្ញុំ​ភ្ជាប់​ពាក្យ ខ្ញុំ​អាច​រក​ការងារ​ដែល​អាច​ឲ្យ​ខ្ញុំ​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​ស្រួល។ ផ្ទុយ​ទៅ​វិញ យើង​សម្រេច​ចិត្ត​មាន​ជីវិត​សាមញ្ញ ហើយ​បន្ត​បម្រើ​ព្រះ​ពេញ​ពេល​ជា​មួយ​គ្នា។ ក្រោយ​មក យើង​មាន​កូន ហើយ​ការ​ពិបាក​មាន​កាន់​តែ​ច្រើន។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​នៅ​តែ​មាន​ជីវិត​សាមញ្ញ»។ បង​ហ្វ្រែនស៊ីស្កូ​បាន​បញ្ចប់​សេចក្ដី​ថា៖ «ជាង​៣០​ឆ្នាំ​ហើយ ខ្ញុំ​មាន​ឯកសិទ្ធិ​បម្រើ​ជា​អ្នក​ចាស់​ទុំ ថែម​ទាំង​មាន​ភារកិច្ច​ពិសេស​ៗ​ឯ​ទៀត​ដែរ។ យើង​មិន​ដែល​ស្ដាយ​ក្រោយ​ឡើយ​សូម្បី​តែ​បន្ដិច​បន្តួច​ក៏​ដោយ ដែល​យើង​មាន​ជីវិត​សាមញ្ញ»។

៧. តើ​អ្នក​ធ្លាប់​សាក​ល្បង​អនុវត្ត​តាម​ដំបូន្មាន​នៅ​សៀវភៅ រ៉ូម ១២:១៦ ឬ​ទេ? ហើយ​តើ​មាន​លទ្ធផល​អ្វី?

ប្រសិន​បើ​អ្នក​មិន​ព្រម​ទទួល​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​ដែល​នាំ​ឲ្យ​អ្នក​មាន«គំនិត​អួត​ខ្លួន» ហើយ​ឲ្យ«គំនិត​រាប​ទាប​ដឹក​នាំ»អ្នក​វិញ នោះ​អ្នក​អាច​សង្ឃឹម​ថា​អ្នក​នឹង​ទទួល​ពរ​និង​ឯកសិទ្ធិ​ជា​ច្រើន​ថែម​ទៀត​ក្នុង​កិច្ច​ការ​ចម្រូត​នេះ។—រ៉ូម ១២:១៦; ម៉ាថ. ៤:១៩, ២០; លូក. ១៨:២៨​-​៣០

ការ​ព្យាយាម​នាំ​ឲ្យ​បាន​រង្វាន់

៨, ៩. (ក) សូម​សង្ខេប​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ថាលិន។ (ខ) ជា​ពិសេស តើ​ឧទាហរណ៍​នេះ​អាច​លើក​ទឹក​ចិត្ត​អ្នក​ណា?

គុណសម្បត្ដិ​មួយ​ទៀត​ដែល​យើង​ត្រូវ​មាន​ដើម្បី​អាច​រួម​ចំណែក​ក្នុង​កិច្ច​ការ​ចម្រូត គឺ​ការ​ព្យាយាម។ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​គុណសម្បត្ដិ​នេះ​ដោយ​លើក​ឧទាហរណ៍​អំពី​ថាលិន។ * ឧទាហរណ៍​នោះ​គឺ​អំពី​បុរស​ម្នាក់​ដែល​បាន​ផ្ដាំ​ខ្ញុំ​បម្រើ​បី​នាក់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​របស់​គាត់ មុន​គាត់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ ខ្ញុំ​បម្រើ​ទី​១​ទទួល​ប្រាំ​ថាលិន ខ្ញុំ​បម្រើ​ទី​២​ទទួល​ពីរ​ថាលិន ហើយ​ខ្ញុំ​បម្រើ​ទី​៣​ទទួល​មួយ​ថាលិន។ ក្រោយ​ពី​ម្ចាស់​ចាក​ចេញ ខ្ញុំ​បម្រើ​ទី​១​និង​ទី​២​បាន​ប្រព្រឹត្ត​ដោយ​បង្ហាញ​ថា​ពួក​គេ​មាន​ការ​ព្យាយាម ហើយ​ភ្លាម​ៗ​ពួក​គេ​យក​ថាលិន​នោះ«ធ្វើ​ដើម​ទុន​រក​ស៊ី»។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បម្រើ​ទី​៣«ខ្ជិល​ច្រអូស»។ គាត់​បាន​កប់​ថាលិន​របស់​គាត់​ក្នុង​ដី។ ពេល​ម្ចាស់​ត្រឡប់​មក​វិញ ម្ចាស់​ឲ្យ​រង្វាន់​ដល់​ខ្ញុំ​បម្រើ​ទី​១​និង​ទី​២ ដោយ​តែង​តាំង​ពួក​គេ​ឲ្យ​មើល​ការ​ខុស​ត្រូវ«លើ​របស់​ជា​ច្រើន»។ ចំណែក​ឯ​ខ្ញុំ​បម្រើ​ទី​៣​វិញ ម្ចាស់​បាន​យក​ថាលិន​ពី​គាត់ ហើយ​បណ្ដេញ​គាត់​ចេញ​ពី​ផ្ទះ។—ម៉ាថ. ២៥:១៤​-​៣០

អ្នក​ពិត​ជា​ចង់​យក​តម្រាប់​តាម​ខ្ញុំ​បម្រើ​ដែល​មាន​ការ​ព្យាយាម​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ហើយ​ចង់​រួម​ចំណែក​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ស្ថានភាព​ផ្សេង​ៗ​នាំ​ឲ្យ​អ្នក​មិន​អាច​ធ្វើ​បាន​ដូច​មុន? ប្រហែល​វិបត្ដិ​ធ្ងន់​ធ្ងរ​ខាង​សេដ្ឋកិច្ច​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។ ឬ​ប្រហែល​អ្នក​លែង​មាន​កម្លាំង​ដូច​កាល​នៅ​ក្មេង ឬ​លែង​មាន​សុខភាព​ល្អ។ បើ​នេះ​ជា​កាលៈទេសៈ​របស់​អ្នក ឧទាហរណ៍​អំពី​ថាលិន​មាន​មេ​រៀន​ដែល​លើក​ទឹក​ចិត្ត​អ្នក។

១០. តើ​ម្ចាស់​ក្នុង​ឧទាហរណ៍​អំពី​ថាលិន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ជា​មនុស្ស​សម​ហេតុ​ផល? ហើយ​ហេតុ​អ្វី​នេះ​លើក​ទឹក​ចិត្ត​អ្នក?

១០ ម្ចាស់​ក្នុង​ឧទាហរណ៍​ដឹង​ថា​ខ្ញុំ​បម្រើ​ម្នាក់​ៗ​មាន​លទ្ធភាព​ផ្សេង​ៗ​ពី​គ្នា។ គាត់​បញ្ជាក់​ថា​គាត់​ដឹង​ចំណុច​នេះ ពេល​គាត់​ប្រគល់​ថាលិន​ឲ្យ​ខ្ញុំ​បម្រើ«តាម​សមត្ថភាព​របស់​ពួក​គេ​រៀង​ៗ​ខ្លួន»។ (ម៉ាថ. ២៥:១៥) ខ្ញុំ​បម្រើ​ទី​១​បាន​ចំណេញ​ច្រើន​ជាង​ខ្ញុំ​បម្រើ​ទី​២ ដូច​ម្ចាស់​គាត់​សង្ឃឹម។ ក៏​ប៉ុន្តែ ម្ចាស់​ទទួល​ស្គាល់​ការ​ព្យាយាម​របស់​ខ្ញុំ​បម្រើ​ទាំង​ពីរ​នោះ​ដោយ​ប្រកាស​ថា ពួក​គេ«ល្អ​ហើយ​ស្មោះ​ត្រង់» ហើយ​បាន​ឲ្យ​រង្វាន់​ដូច​គ្នា​ដល់​ពួក​គេ។ (ម៉ាថ. ២៥:២១, ២៣) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ​ជ្រាប​ថា កាលៈទេសៈ​របស់​អ្នក​អាច​ប៉ះ​ពាល់​អ្វី​ដែល​អ្នក​អាច​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក។ លោក​នឹង​ទទួល​ស្គាល់​ថា​អ្នក​ព្យាយាម​អស់​ពី​ចិត្ត​ដើម្បី​បម្រើ​លោក ហើយ​ឲ្យ​រង្វាន់​អ្នក។—ម៉ាក. ១៤:៣​-​៩; សូម​អាន លូកា ២១:១​-​៤

១១. សូម​លើក​ឧទាហរណ៍​ដែល​បង្ហាញ​ថា​ការ​ព្យាយាម​អាច​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន ទោះ​ជា​មាន​កាលៈទេសៈ​ពិបាក​ក៏​ដោយ។

១១ គំរូ​របស់​សែលមីរ៉ា ដែល​ជា​បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល បង្ហាញ​ថា​ការ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ព្រះ មិន​អាស្រ័យ​ទៅ​លើ​ការ​មាន​កាលៈទេសៈ​ល្អ​ក្នុង​ជីវិត​យើង​ទេ។ ម្ភៃ​ឆ្នាំ​មុន ចោរ​ប្លន់​បាន​បាញ់​សម្លាប់​ប្ដី​របស់​សែលមីរ៉ា ហើយ​គាត់​ត្រូវ​ចិញ្ចឹម​កូន​បី​នាក់​ដែល​មាន​វ័យ​ក្មេង។ គាត់​មាន​ការងារ​ជា​អ្នក​បម្រើ​នៅ​ផ្ទះ​គេ ហើយ​នេះ​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​ច្រើន​ម៉ោង ថែម​ទាំង​ធ្វើ​ដំណើរ​យ៉ាង​នឿយ​ហត់​ដោយ​យាន​ជំនិះ​ដែល​មាន​មនុស្ស​ច្រើន​ណែនណាន់។ ថ្វី​បើ​មាន​ការ​ពិបាក​ទាំង​នេះ​ក៏​ដោយ គាត់​បាន​រៀបចំ​កិច្ច​ការ​របស់​គាត់​ដើម្បី​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ម្យ៉ាង​ទៀត កូន​ពីរ​ក្នុង​ចំណោម​កូន​ទាំង​បី​របស់​គាត់ ក្រោយ​មក​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដែរ។ គាត់​បាន​រៀប​រាប់​ថា៖ «ច្រើន​ឆ្នាំ​កន្លង​មក ខ្ញុំ​បាន​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ជាង​២០​នាក់ ហើយ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​សមាជិក​គ្រួសារ​របស់​ខ្ញុំ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​រីករាយ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​បង្ហាញ និង​មិត្តភាព​របស់​ពួកគេ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន»។ ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ​ពិត​ជា​បាន​ឲ្យ​រង្វាន់​ដល់​ការ​ព្យាយាម​របស់​សែលមីរ៉ា​មែន!

១២. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ព្យាយាម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

១២ ប្រសិន​បើ​កាលៈទេសៈ​ក្នុង​ជីវិត​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ពេល​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ទេ នោះ​អ្នក​នៅ​តែ​អាច​ព្យាយាម​បង្កើន​ការ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ចម្រូត​ដោយ​ធ្វើ​ឲ្យ​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​មាន​ប្រសិទ្ធភាព​ជាង។ កាល​ណា​អ្នក​ធ្វើ​តាម​យោបល់​ល្អ​ៗ​ដែល​មាន​នៅ​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ប្រចាំ​សប្ដាហ៍ នោះ​សមត្ថភាព​ផ្សព្វ​ផ្សាយ​របស់​អ្នក​នឹង​កាន់​តែ​ប្រសើរ​ឡើង ហើយ​នឹង​ជួយ​អ្នក​ឲ្យ​ចង់​ផ្សព្វ​ផ្សាយ​តាម​វិធី​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន។ (២ធី. ២:១៥) ម្យ៉ាង​ទៀត បើ​អាច​ធ្វើ​បាន អ្នក​អាច​ឈប់​ធ្វើ​កិច្ចការ​ដែល​មិន​សូវ​សំខាន់ ឬ​ធ្វើ​នៅ​ពេល​ផ្សេង​ដើម្បី​អ្នក​អាច​គាំទ្រ​ជា​ទៀង​ទាត់​នូវ​ការ​រៀបចំ​របស់​ក្រុម​ជំនុំ​សម្រាប់​ផ្សព្វ​ផ្សាយ។—កូឡ. ៤:៥

១៣. តើ​អ្វី​ជា​កត្ដា​សំខាន់​បំផុត​ដើម្បី​បណ្ដុះ​និង​រក្សា​ការ​ព្យាយាម?

១៣ សូម​ចាំ​ថា​ការ​ព្យាយាម​គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​និង​ការ​ដឹង​គុណ​ដែល​យើង​មាន​ចំពោះ​ព្រះ។ (ទំនុក. ៤០:៨) ខ្ញុំ​បម្រើ​ទី​៣​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ បាន​ភ័យ​ខ្លាច​ម្ចាស់​គាត់ ដោយ​ចាត់​ទុក​ម្ចាស់​ជា​មនុស្ស​មិន​សម​ហេតុ​សម​ផល ហើយ​ដែល​តម្រូវ​ច្រើន​ពេក​ពី​អ្នក​ឯ​ទៀត។ អាស្រ័យ​ហេតុ​នេះ បុរស​នោះ​បាន​កប់​ថាលិន​ក្នុង​ដី ជា​ជាង​យក​វា​ទៅ​រក​ស៊ី​ដើម្បី​បង្កើន​ទ្រព្យ​សម្បត្ដិ​របស់​ម្ចាស់​គាត់។ ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​ខ្ញុំ​បម្រើ​ទី​៣ យើង​ត្រូវ​បណ្ដុះ ហើយ​រក្សា​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ។ ចូរ​លៃ​ពេល​ដើម្បី​សិក្សា​និង​សញ្ជឹង​គិត​អំពី​គុណសម្បត្ដិ​របស់​លោក​ដែល​ទាក់​ទាញ​ចិត្ត​យើង ដូច​ជា​សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​មេត្ដា​ករុណា។ ដោយ​ធ្វើ​ដូច្នោះ អ្នក​នឹង​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។—លូក. ៦:៤៥; ភី. ១:៩​-​១១

«អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ»

១៤. តើ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ច្រូត​កាត់​ត្រូវ​បំពេញ​តម្រូវ​ការ​ដ៏​សំខាន់​អ្វី?

១៤ ដោយ​ដក​ស្រង់​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ សាវ័ក​ពេត្រុស​ប្រាប់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​អ្នក​បម្រើ​លោក​នៅ​ផែនដី ដោយ​ថា៖ «ចូរ​ក្លាយ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់ ដូច​ព្រះ​ដ៏​បរិសុទ្ធ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ ‹អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ពី​ព្រោះ​ខ្ញុំ​បរិសុទ្ធ›»។ (១ពេ. ១:១៥, ១៦; លេវី. ១៩:២; ចោ. ១៨:១៣) ពាក្យ​ទាំង​នេះ​គូស​បញ្ជាក់​ថា អ្នក​ច្រូត​កាត់​ត្រូវ​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ យើង​អាច​បំពេញ​តម្រូវ​ការ​ដ៏​សំខាន់​នោះ​ដោយ​ចាត់​វិធានការ​ជម្រះ​សម្អាត​ខ្លួន​ក្នុង​ន័យ​ធៀប។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​មាន​ជំនួយ​ពី​សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ។

១៥. តើ​សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព​ធ្វើ​អ្វី​ដើម្បី​យើង?

១៥ សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​គឺ​ដូច​ទឹក​ដែល​អាច​ជម្រះ​សម្អាត​អ្វី​ៗ​ដែល​កខ្វក់។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​សរសេរ​ថា ព្រះ​ចាត់​ទុក​ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​ស្អាត​ស្អំ ដូច​កូន​ក្រមុំ​បរិសុទ្ធ​សម្រាប់​គ្រិស្ត ដែល​លោក​បាន​សម្អាត«ជា​មួយ​នឹង​ទឹក​ដែល​ជា​បណ្ដាំ​របស់​ព្រះ . . . ដើម្បី​ឲ្យ​បាន​បរិសុទ្ធ ឥត​សៅហ្មង»។ (អេភ. ៥:២៥​-​២៧) មុន​នេះ លោក​យេស៊ូ​ក៏​បាន​រៀប​រាប់​អំពី​ឥទ្ធិពល​ជម្រះ​សម្អាត​នៃ​បណ្ដាំ​របស់​ព្រះ ដែល​លោក​បាន​ប្រកាស​ផ្សាយ។ លោក​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា៖ «អ្នក​រាល់​គ្នា​គឺ​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា»។ (យ៉ូន. ១៥:៣) អាស្រ័យ​ហេតុ​នេះ សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព​ធ្វើ​ឲ្យ​មនុស្ស​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ព្រះ​នឹង​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង លុះ​ត្រា​តែ​យើង​ឲ្យ​សេចក្ដី​ពិត​របស់​ព្រះ​ជម្រះ​សម្អាត​យើង​តាម​វិធី​នេះ។

១៦. តើ​យើង​អាច​រក្សា​ខ្លួន​យើង​ជា​មនុស្ស​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ខាង​សីលធម៌​យ៉ាង​ដូច​ម្ដេច?

១៦ យ៉ាង​នេះ យើង​ត្រូវ​កម្ចាត់​ចោល​ការ​ប្រព្រឹត្ត​ទាំង​អស់​ដែល​ព្រះ​ចាត់​ទុក​ថា​ស្មោក​គ្រោក ទើប​អាច​ធ្វើ​ជា​អ្នក​ច្រូត​កាត់​ក្នុង​ចម្រូត​របស់​លោក​បាន។ ត្រូវ​ហើយ ដើម្បី​មាន​គុណសម្បត្ដិ​គ្រប់​គ្រាន់ ដើម្បី​មាន​ឯកសិទ្ធិ​នេះ​ត​ទៅ​ទៀត យើង​ត្រូវ​ជា​គំរូ​ល្អ​ក្នុង​ការ​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​លោក។ (សូម​អាន ពេត្រុស​ទី​១ ១:១៤​-​១៦) ដូច​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាម័យ​រូប​កាយ​របស់​យើង​ជា​ទៀង​ទាត់ យើង​ក៏​ត្រូវ​ឲ្យ​សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​ជម្រះ​សម្អាត​ចិត្ត​គំនិត​យើង​ជា​និច្ច​ដែរ។ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​អាន​គម្ពីរ​និង​ទៅកិច្ច​ប្រជុំ ហើយ​ខំ​ប្រឹង​យ៉ាង​ស្មោះ​ដើម្បី​ធ្វើ​តាម​សេចក្ដី​រំលឹក​របស់​ព្រះ​ក្នុង​ជីវិត​យើង។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ឲ្យ​ប្រយុទ្ធ​នឹង​ទំនោរ​ចិត្ត​របស់​យើង​ទៅ​រក​អំពើ​ខុស​ឆ្គង ហើយ​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​ពិភព​លោក​នេះ​ដែល​បង្ខូច​ចិត្ត​គំនិត​យើង។ (ទំនុក. ១១៩:៩; យ៉ា. ១:២១​-​២៥) យើង​ពិត​ជា​ធូរ​ស្រាល​ក្នុង​ចិត្ត​ដោយ​ដឹង​ថា សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​អាច​ជួយ«លាង​សម្អាត»យើង​ពី​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ!—១កូ. ៦:៩​-​១១

១៧. ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ស្អាត​ស្អំ តើ​យើង​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​អ្វី​ក្នុង​គម្ពីរ?

១៧ ស្តី​អំពី​សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​ដែល​មាន​ឥទ្ធិពល​ជម្រះ​សម្អាត តើ​អ្នក​ព្រម​ឲ្យ​សេចក្ដី​ពិត​នោះ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​អ្នក​ឬ​ទេ? ជា​ឧទាហរណ៍ ពេល​អ្នក​ទទួល​ការ​រំលឹក​ពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​កម្សាន្ត​មិន​ល្អ​របស់​ពិភព​លោក​នេះ តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា? (ទំនុក. ១០១:៣) តើ​អ្នក​ជៀស​វាង​ការ​សេព​គប់​ដែល​មិន​ចាំ​បាច់​ជា​មួយ​សិស្ស​រួម​ថ្នាក់ និង​អ្នក​រួម​ការងារ​ដែល​មិន​មែន​ជា​អ្នក​រួម​ជំនឿ​ឬ​ទេ? (១កូ. ១៥:៣៣) តើ​អ្នក​ព្យាយាម​យ៉ាង​ស្មោះ​ដើម្បី​យក​ឈ្នះ​ចំណុច​ខ្សោយ​របស់​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​ឬ​ទេ? (កូឡ. ៣:៥) តើ​អ្នក​រក្សា​ខ្លួន​មិន​ចូល​រួម​ក្នុង​ជម្លោះ​ខាង​នយោបាយ​នៃ​ពិភព​លោក​នេះ និង​គំនិត​ជាតិ​និយម​ដែល​មាន​ក្នុង​ការ​ប្រកួត​កីឡា​ជា​ច្រើន​ឬ?—យ៉ា. ៤:៤

១៨. តើ​ការ​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​ការ​គោរព​ប្រណិប័តន៍​ព្រះ ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច​ឲ្យ​ធ្វើ​ជា​អ្នក​ច្រូត​កាត់​ដែល​មាន​ផល​ផ្លែ​ច្រើន?

១៨ ប្រសិន​បើ​អ្នក​ធ្វើ​តាម​យ៉ាង​ស្មោះ​ត្រង់​នូវ​ដំបូន្មាន​គម្ពីរ​ស្តី​ពី​រឿង​ខាង​លើ​ទាំង​នេះ នោះ​នឹង​នាំ​ឲ្យ​អ្នក​មាន​លទ្ធផល​ល្អ​ប្រសើរ។ ដោយ​បាន​ប្រៀប​ធៀប​អ្នក​កាន់​តាម​លោក​ដែល​បាន​ត្រូវ​រើស​តាំង​ទៅ​នឹង​មែក​នៃ​វល្លិ​ទំពាំង​បាយ​ជូរ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «មែក​ណា​របស់​ខ្ញុំ​ដែល​មិន​មាន​ផល​ផ្លែ មែក​នោះ​នឹង​ត្រូវ[បិតា​របស់​ខ្ញុំ]យក​ចេញ ឯ​មែក​ណា​ដែល​មាន​ផល​ផ្លែ មែក​នោះ​នឹង​ត្រូវ​លោក​សម្អាត ដើម្បី​អាច​មាន​ផល​ផ្លែ​ថែម​ទៀត»។ (យ៉ូន. ១៥:២) ពេល​អ្នក​ព្រម​ឲ្យ​សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​ជម្រះ​សម្អាត​អ្នក នោះ​អ្នក​នឹង​មាន​ផល​ផ្លែ​កាន់​តែ​ច្រើន។

ពរ​ដែល​មាន​នៅ​ឥឡូវ​នេះ​និង​នៅ​អនាគត

១៩. តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​ទទួល​ពរ​យ៉ាង​ណា​ក្នុង​ការ​ខំ​ប្រឹង​ធ្វើ​ជា​អ្នក​ច្រូត​កាត់?

១៩ នៅ​បុណ្យ​ថ្ងៃ​ទី​៥០​នា​ឆ្នាំ​៣៣ គ.ស. ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ​ដែល​បាន​អនុវត្ត​តាម​ការ​បង្ហាត់​បង្រៀន​របស់​លោក បាន​ទទួល​ឫទ្ធានុភាព​ពី​សកម្មពល​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់«រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី»។ (សកម្ម. ១:៨) ក្រោយ​មក ពួក​គេ​បាន​បម្រើ​ជា​សមាជិក​នៃ​គណៈ​អភិបាល សាសនទូត និង​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ហើយ​ពួក​គេ​ក៏​មាន​តួ​នាទី​សំខាន់​ដែរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ«ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ»។ (កូឡ. ១:២៣) ពួក​គេ​ពិត​ជា​ទទួល​ពរ​ច្រើន ហើយ​ពិត​ជា​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អំណរ​ច្រើន​ណាស់​ដែរ!

២០. (ក) ដោយ​សារ​អ្នក​រួម​ចំណែក​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រមូល​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ តើ​អ្នក​បាន​ទទួល​ពរ​អ្វី​ខ្លះ? (ខ) តើ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ពិត​មែន ដោយ​មាន​ចិត្ត​រាប​ទាប មាន​ការ​ព្យាយាម ហើយ​កាន់​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​នៃ​បណ្ដាំ​របស់​ព្រះ នោះ​យើង​នឹង​នៅ​តែ​រួម​ចំណែក​អស់​ពី​សមត្ថភាព ថែម​ទាំង​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​ដែល​កំពុង​ធ្វើ​ឥឡូវ​នេះ ពោល​គឺ​ការ​ប្រមូល​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ មនុស្ស​ជា​ច្រើន​រង​ការ​ឈឺ​ចាប់​និង​មាន​ការ​មួម៉ៅ​ក្នុង​ចិត្ត​ដែល​មក​ពី​របៀប​រស់​នៅ​ដែល​ផ្ដោត​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​និង​គិត​តែ​ពី​ការ​សប្បាយ តែ​យើង​វិញ យើង​មាន​អំណរ​ពិត​និង​ចិត្ត​ស្កប់​ស្កល់​ពិត​ប្រាកដ។ (ទំនុក. ១២៦:៦) សំខាន់​បំផុត ‹ការ​ដែល​យើង​ខំ​ប្រឹង​ធ្វើ​ទាំង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ›។ (១កូ. ១៥:៥៨) ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ នឹង​ឲ្យ​រង្វាន់​យើង​ជា​និច្ច​ចំពោះ‹ការ​ដែល​យើង​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក›។—ហេ. ៦:១០​-​១២

[កំណត់​សម្គាល់]

^ វគ្គ 8 ឧទាហរណ៍​អំពី​ថាលិន​ចែង​ជា​បឋម​អំពី​ទំនាក់​ទំនង​រវាង​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក ដែល​បាន​ត្រូវ​រើស​តាំង តែ​ក៏​មាន​គោល​ការណ៍​ដែល​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ទាំង​អស់​ដែរ។

តើ​អ្នក​ចាំ​ឬ​ទេ?

កាល​ដែល​អ្នក​រួម​ចំណែក​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រមូល​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ . . .

• ហេតុ​អ្វី​ជា​ការ​សំខាន់​ចាំ​បាច់​ឲ្យ​អ្នក​បង្ហាញ​ចិត្ត​រាប​ទាប?

• តើ​អ្នក​អាច​បណ្ដុះ ហើយ​រក្សា​ការ​ព្យាយាម​តាម​របៀប​ណា?

• ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ស្រប​តាម​ទស្សនៈ​របស់​ព្រះ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៤]

ចិត្ត​រាប​ទាប​ជួយ​យើង​ឲ្យ​មាន​របៀប​រស់​នៅ​សាមញ្ញ​ដែល​ផ្ដោត​ទៅ​លើ​ការ​បម្រើ​ព្រះ ហើយ​គាំទ្រ​រាជាណាចក្រ​របស់​លោក