លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអំពើខុសឆ្គងជាអ្វី?

តើអំពើខុសឆ្គងជាអ្វី?

តើ​អំពើ​ខុស​ឆ្គង​ជា​អ្វី?

សាសនា​ខ្លះ​យល់​ថា​អំពើ​ខុស​ឆ្គង​សំដៅ​ទៅ​ការ​ប្រព្រឹត្ត​ដ៏​ធ្ងន់​ធ្ងរ​ទៅ​លើ​មនុស្ស​ម្នាក់​ឬ​សត្វ ដូច​ជា​ធ្វើ​ឃាតកម្ម ចាប់​រំលោភ សម្លាប់​សត្វ​និង​សត្វ​ល្អិត​ជា​ដើម។ សេចក្ដី​បង្រៀន​របស់​សាសនា​ទាំង​នោះ​បញ្ជាក់​អំពី​អ្វី​ៗ​ដែល​ពួក​គេ​ចាត់​ទុក​ជា​អំពើ​ខុស​ឆ្គង ហើយ​បង្រៀន​ថា​អំពើ​ខុស​ឆ្គង​មិន​អាច​ឆ្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​ទេ តែ​បុគ្គល​ម្នាក់​គ្រាន់​តែ​ទទួល​ផល​វិបាក​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​ធម្មតា​ជា​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​កាល​ពី​ជាតិ​មុន។

ក៏​ប៉ុន្តែ តើ​អ្នក​បង្កើត​មនុស្សជាតិ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​អំពើ​ខុស​ឆ្គង? យោង​ទៅ​តាម​បណ្ដាំ​របស់​លោក ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​អំពើ​ខុស​ឆ្គង មាន​ន័យ​ចំ​ៗ​ថា​ការ​ធ្វើ​ខុស​ពី​គោល​ដៅ។ អ្នក​បង្កើត​មនុស្សជាតិ​បាន​កំណត់​ដោយ​ផ្ទាល់​ខ្លួន​លោក​នូវ​គោល​ដៅ​ដែល​មនុស្ស​និង​ទេវតា​ត្រូវ​សម្រេច។ ការ​ធ្វើ​ខុស​ពី​គោល​ដៅ​នោះ​គឺ​ជា​អំពើ​ខុស​ឆ្គង ដែល​ក៏​ជា​ការ​ប្រព្រឹត្ត​មិន​សុចរិត​ឬ​ការ​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់។ (រ៉ូម ៣:២៣; យ៉ូហាន​ទី​១ ៣:៤; ៥:១៧) អំពើ​ខុស​ឆ្គង​សំដៅ​ទៅ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ។ នេះ​អាច​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ មិន​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ ពាក្យ​សម្ដី​អាក្រក់ គំនិត​ស្មោក​គ្រោក ឬ​សេចក្ដី​ប៉ង​ប្រាថ្នា​ឬ​បំណង​ចិត្ត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន។

អំពើ​ខុស​ឆ្គង​មាន​ពីរ​ប្រភេទ ប្រភេទ​ទី​១​គឺ​ភាព​ខុស​ឆ្គង​ដែល​យើង​ឆ្លង​ពី​ឪពុក​ម្ដាយ​ដំបូង​របស់​មនុស្សជាតិ ហើយ​ប្រភេទ​ទី​២​គឺ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​យើង​ផ្ទាល់។ អំពើ​ខុស​ឆ្គង​ប្រភេទ​ទី​១​ជា​អ្វី​មួយ​ដែល​យើង​មាន​តាំង​ពី​កំណើត ហើយ​អំពើ​ខុស​ឆ្គង​ប្រភេទ​ទី​២​ជា​អ្វី​ដែល​យើង​ប្រព្រឹត្ត​ដោយ​ចេតនា។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពើ​ខុស​ឆ្គង​ទាំង​ពីរ​ប្រភេទ​ម្ដង​មួយ​ៗ។

តើ​អំពើ​ខុស​ឆ្គង​របស់​ឪពុក​ម្ដាយ​ដំបូង​របស់​មនុស្សជាតិ​ពិត​ជា​ជះ​ឥទ្ធិពល​លើ​យើង​ឬ​ទេ?

គម្ពីរ​ចែង​ថា អំពើ​ខុស​ឆ្គង​ដំបូង​ឬ​អំពើ​ខុស​ឆ្គង​ដែល​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ បាន​ឆ្លង​មក​មនុស្សជាតិ​ទាំង​អស់។ ជា​លទ្ធផល យើង​ទាំង​អស់​បាន​កើត​មក​ដោយ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​ប្រៀប​ដូច​ជា​ស្នាម​ប្រឡាក់។ គម្ពីរ​ចែង​ថា៖ «ការ​ទាំង​អស់​ដែល​មិន​សុចរិត ជា​ការ​ខុស​ឆ្គង»។—យ៉ូហាន​ទី​១ ៥:១៧

ប៉ុន្តែ ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ទៅ​វិហារ ការ​ពន្យល់​ដែល​ថា​មនុស្ស​ទាំង​អស់​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដោយ​សារ​កំហុស​ណា​មួយ​ដែល​ពួក​គេ​មិន​បាន​ធ្វើ នោះ​ពួក​គេ​មិន​អាច​យល់​ឬ​មិន​អាច​ទទួល​យក​បាន​ទេ។ សាស្ដ្រាចារ្យ​ខាង​សាសន​វិទ្យា​ម្នាក់​ឈ្មោះ​អេដវើត អូក បាន​ស្រដី​ថា ពេល​មនុស្ស​ឮ​ទ្រឹស្តី​នេះ ពួក​គេ«ខ្មាស ឬ​បដិសេធ ឬ​ក៏​យ៉ាង​ហោច​ណាស់​ពួក​គេ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ថា​ពួក​គេ​ជឿ តែ​ជំនឿ​នេះ​មិន​មាន​ឥទ្ធិពល​លើ​ជីវិត​ពួក​គេ​ឡើយ»។

មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ជឿ​អំពី​អំពើ​ខុស​ឆ្គង​ដំបូង គឺ​ដោយ​សារ​អ្វី​ដែល​សាសនា​គ្រិស្ត​បាន​បង្រៀន​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ នៅ​សន្និបាត​គណៈ​សង្ឃ​នៅ​ក្រុង​ត្រឹន ប្រទេស​អ៊ីតាលី (ឆ្នាំ​១៥៤៥​-​១៥៦៣) សាសនា​កាតូលិក​ផ្ដន្ទា​ទោស​អ្នក​ណា​ដែល​មិន​ជឿ​ថា ទារក​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក ទើប​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​បាន។ ពួក​សាសនវិទូ​ប្រកាស​ថា បើ​ទារក​ស្លាប់​ដោយ​មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក នោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ដែល​មិន​ទាន់​បាន​ជម្រះ នឹង​រា​រាំង​ពួក​គេ​ជា​រៀង​រហូត​មិន​ឲ្យ​ចូល​ទៅ​ជិតព្រះ​នៅ​ស្ថាន​សួគ៌។ លោក​ខាលវិន ដែល​ជា​សាសនវិទូ​ដ៏​ល្បី​ម្នាក់ បាន​បង្រៀន​បន្ថែម​ថា ទារក‹បាន​ទទួល​ការ​ផ្ដន្ទា​ទោស​តាំង​ពី​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក›។ គាត់​ពន្យល់​ថា ‹ព្រះ​ស្អប់ ហើយ​ខ្ពើម​ឆ្អើម›អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ដែល​មាន​ពី​កំណើត​មក។

ធម្មតា មនុស្ស​ភាគ​ច្រើន​គិត​ថា​ពេល​ទារក​កើត​មក ទារក​នោះ​គ្មាន​កំហុស​ទេ ហើយ​គិត​ថា បើ​ទារក​ត្រូវ​រង​ទុក្ខ​ដោយ​សារ​អំពើ​ខុស​ឆ្គង​ដែល​ឆ្លង​ពី​ឪពុក​ម្ដាយ​ដំបូង​របស់​មនុស្សជាតិ នោះ​គឺ​ផ្ទុយ​ពី​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស។ គឺ​មិន​ពិបាក​ទេ​ឲ្យ​យើង​យល់​មូលហេតុ​ដែល​សេចក្ដី​បង្រៀន​បែប​នេះ​របស់​គ្រិស្ត​សាសនា​បាន​ធ្វើ​ឲ្យ​មនុស្ស​លែង​ជឿ​ទៅ​លើ​លទ្ធិ​អំពី​អំពើ​ខុស​ឆ្គង​ដំបូង។ តាម​ពិត ចំពោះ​ទារក​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ដឹក​នាំ​ខ្លះ​ខាង​សាសនា​មិន​អាច​ផ្ដន្ទា​ទោស​ទារក​នោះ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន​ទេ។ ចំពោះ​ពួក​គេ វាសនា​របស់​ទារក​ទាំង​នេះ គឺ​ស្រេច​ទៅ​លើ​លទ្ធិ​សាសនា។ ទោះ​ជា​ចំណុច​នេះ​មិន​បាន​ក្លាយ​ទៅ​ជា​លទ្ធិ​នៃ​សាសនា​កាតូលិក​ក៏​ដោយ តែ​សេចក្ដី​បង្រៀន​របស់​សាសនា​កាតូលិក​ដែល​មាន​រាប់​រយ​ឆ្នាំ​មក​ហើយ​គឺ​ថា ព្រលឹង​នៃ​ទារក​ដែល​មិន​ទទួល​ការ​ជ្រមុជ​ទឹក នោះ​នឹង​ស្ថិត​នៅ​ស្ថាន​មួយ​ដែល​មិន​មែន​ជា​ស្ថាន​សួគ៌ ហើយ​ក៏​មិន​មែន​ជា​ស្ថាន​នរក​ដែរ។ *

មូលហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​លែង​ជឿ​អំពី​អំពើ​ខុស​ឆ្គង​ដំបូង​គឺ​ដោយ​សារ​ទស្សនវិទូ អ្នក​វិទ្យា​សាស្ត្រ និង​សាសនវិទូ​នៅ​សតវត្សរ៍​ទី​១៩​ចាប់​ផ្ដើម​សង្ស័យ​ថា កំណត់​ហេតុ​គម្ពីរ​មិន​ត្រឹម​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ​ទេ។ ចំពោះ​មនុស្ស​ជា​ច្រើន ទ្រឹស្តី​របស់​លោក​ឆាល​ដាវីន​អំពី​ការ​វិវត្តន៍​បាន​ធ្វើ​ឲ្យ​គេ​ជឿ​ថា រឿង​អំពី​អាដាម​និង​អេវ៉ា​ជា​រឿង​មិន​ពិត។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​គិត​ថា គម្ពីរ​បរិសុទ្ធ​គ្រាន់​តែ​ជា​គំនិត​និង​ជំនឿ​របស់​អ្នក​សរសេរ​ប៉ុណ្ណោះ​ជា​ជាង​ការ​បើក​បង្ហាញ​ពី​ព្រះ។

ដូច្នេះ តើ​លទ្ធិ​អំពី​អំពើ​ខុស​ឆ្គង​ដំបូង​ទៅ​ជា​យ៉ាង​ណា​វិញ? ច្បាស់​ហើយ បើ​មនុស្ស​ដែល​ទៅ​វិហារ​ជឿ​ថា​មិន​មាន​អាដាម​និង​អេវ៉ា​ទេ នោះ​ការ​សន្និដ្ឋាន​សម​ហេតុ​ផល​គឺ​ថា មិន​ដែល​មាន​អំពើ​ខុស​ឆ្គង​ដំបូង​ឡើយ។ សូម្បី​តែ​ពួក​អ្នក​ដែល​ព្រម​ទទួល​ស្គាល់​ថា​មនុស្សជាតិ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក៏​ដោយ ពួក​គេ​គ្រាន់​តែ​ជឿ​ថា​សេចក្ដី​បង្រៀន​អំពី​អំពើ​ខុស​ឆ្គង​ដំបូង ជា​ការ​ពន្យល់​មួយ​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្សជាតិ​ប៉ុណ្ណោះ។

ដូច្នេះ បើ​មិន​មាន​អំពើ​ខុស​ឆ្គង​ដំបូង​មែន ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​យើង​ប្រព្រឹត្ត?

តើ​អំពើ​ទាំង​នេះ​ពិត​ជា​អំពើ​ខុស​ឆ្គង​មែន​ឬ?

ពេល​គេ​សួរ​មនុស្ស​ជា​ច្រើន​អំពី​អ្វី​ដែល​ពួក​គេ​គិត​ថា​ជា​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ផ្ទាល់ ពួក​គេ​គិត​ដល់​ច្បាប់​១០​ប្រការ​ក្នុង​គម្ពីរ ដូច​ជា​ការ​ហាម​មិន​ឲ្យ​ធ្វើ​ឃាតកម្ម ផិត​ក្បត់ កាម​តណ្ហា រួម​ដំណេក​មុន​រៀប​ការ លួច​ជា​ដើម។ សាសនា​គ្រិស្ត​បាន​បង្រៀន​ជា​យូរ​យារ​មក​ហើយ​ថា អ្នក​ណា​ដែល​ស្លាប់​តែ​មិន​បាន​កែ​ប្រែ​ចិត្ត​ចំពោះ​កំហុស​បែប​នោះ នឹង​រង​ទុក្ខ​ទារុណកម្ម​ជា​រៀង​រហូត​ក្នុង​ភ្លើង​នរក។ *

បើ​បុគ្គល​ម្នាក់​មិន​ចង់​មាន​វាសនា​បែប​នេះ សាសនា​កាតូលិក​តម្រូវ​ឲ្យគាត់​សារភាព​អំពើ​ខុស​ឆ្គង​នោះ​ទៅ​សង្ឃ​ម្នាក់ ដែល​សាសនា​នោះ​អះអាង​ថា​សង្ឃ​មាន​អំណាច​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។ ក៏​ប៉ុន្តែ ចំពោះ​អ្នក​កាន់​តាម​ភាគ​ច្រើន​នៃ​សាសនា​កាតូលិក ការ​សារភាព​អំពើ​ខុស​ឆ្គង ការ​អភ័យ​ទោស និង​ការ​កែ​ប្រែ​ចិត្ត​ជា​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា​ហួស​សម័យ​ហើយ។ ជា​ឧទាហរណ៍ ការ​ស្ទង់​មតិ​ថ្មី​ៗ​មួយ​បាន​បង្ហាញ​ថា ជាង​៦០​ភាគ​រយ​នៃ​អ្នក​កាន់​តាម​សាសនា​កាតូលិក​នៅ​ប្រទេស​អ៊ីតាលី លែង​ទៅ​វិហារ​ដើម្បី​សារភាព​អំពើ​ខុស​ឆ្គង​ទៀត​ហើយ។

ច្បាស់​ហើយ ការ​ពន្យល់​របស់​សាសនា​គ្រិស្ត​អំពី​អំពើ​ខុស​ឆ្គង​របស់​មនុស្ស​ម្នាក់​ៗ និង​ផល​វិបាក​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​នោះ មិន​បាន​ជួយ​មនុស្ស​ឲ្យ​បោះ​បង់​ចោល​ទម្លាប់​ធ្វើ​អំពើ​ខុស​ឆ្គង​ទេ។ មនុស្ស​ជា​ច្រើន​ដែល​ទៅ​វិហារ​លែង​ជឿ​ថា អ្វី​ៗ​ទាំង​នេះ​ជា​អំពើ​ខុស​ឆ្គង​ទៀត​ហើយ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​គិត​ថា បើ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​ស្ម័គ្រ​ចិត្ត​រួម​ដំណេក​ជា​មួយ​គ្នា ហើយ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ណា​ម្នាក់​ទៀត តើ​នេះ​ខុស​អ្វី?

ពួក​គេ​ប្រហែល​ជា​គិត​បែប​នេះ ដោយ​សារ​ពួក​គេ​មិន​ជឿ​ជាក់​ក្នុង​ចិត្ត​អំពី​ការ​ពន្យល់​អំពី​អំពើ​ខុស​ឆ្គង។ មនុស្ស​ជា​ច្រើន​ពិបាក​ជឿ​ថា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ធ្វើ​ទារុណកម្ម​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត។ ការ​សង្ស័យ​បែប​នេះ ប្រហែល​ជា​ជួយ​ឲ្យ​យើង​ដឹង​អំពី​មូលហេតុ​ដែល​មនុស្ស​មិន​សូវ​ខ្វល់​អំពី«អំពើ​ខុស​ឆ្គង»។ ប៉ុន្តែ មាន​កត្ដា​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មនុស្ស​មាន​ទស្សនៈ​ខុស​ពី​មុន​អំពី​អំពើ​ខុស​ឆ្គង។

ការ​បដិសេធ​គោល​ការណ៍​សីលធម៌​ដែល​មាន​ជា​យូរ​យារ​មក​ហើយ

ពីរ​បី​រយ​ឆ្នាំ​កន្លង​មក​នេះ មាន​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​សង្គម និង​របៀប​គិត​គូរ​របស់​មនុស្ស។ សង្គ្រាម​លោក​ទាំង​ពីរ​លើក សង្គ្រាម​តូច​ៗ​ឥត​គណនា និង​ការ​សម្លាប់​រង្គាល​ផ្សេង​ៗ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សង្ស័យ​អំពី​ប្រយោជន៍​នៃ​គោល​ការណ៍​សីលធម៌។ ពួក​គេ​សួរ​ថា៖ ‹ក្នុង​សម័យ​ដែល​ជឿន​លឿន​ខាង​បច្ចេកវិជ្ជា តើ​សម​ហេតុ​សម​ផល​ឬ​ទេ​ឲ្យ​យើង​រស់​នៅ​តាម​ខ្នាត​តម្រា​ដែល​បង្កើត​ឡើង​រាប់​រយ​ឆ្នាំ​មុន ហើយ​ដែល​មិន​ស៊ី​គ្នា​សោះ​នឹង​សម័យ​ទំនើប​នេះ?›។ អ្នក​ស​និទាន​និយម​និង​អ្នក​សីលធម៌​និយម​បាន​សន្និដ្ឋាន​ថា គឺ​មិន​សម​ហេតុ​សម​ផល​ទេ។ ពួក​គេ​ជឿ​ថា​មនុស្សជាតិ​មិន​ចាំ​បាច់​យក​ចិត្ត​ទុក​ដាក់​នឹង​ជំនឿ​ចាស់​ៗ​នោះ​ទេ តែ​គួរ​បង្ហាត់​បង្រៀន​ខ្លួន​ដើម្បី​ទទួល​លទ្ធផល​ឲ្យ​បាន​ច្រើន​បំផុត។

របៀប​គិត​គូរ​បែប​នេះ​បាន​បំបែរ​មនុស្ស​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ។ នៅ​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប មនុស្ស​តិច​ណាស់​ទៅ​វិហារ។ ជា​ពិសេស មនុស្ស​កាន់​តែ​ច្រើន​មិន​ជឿ​លើ​អ្វី​ទាំង​អស់ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​ប្រឆាំង​នឹង​គោល​ជំនឿ​របស់​វិហារ​ដែល​ពួក​គេ​ចាត់​ទុក​ថា មិន​សម​ហេតុ​សម​ផល។ ប្រសិន​បើ​មនុស្ស​កើត​មក​ពី​ការ​វិវត្តន៍ ហើយ​គ្មាន​ព្រះ​ទេ ដូច្នេះ ពិត​ជា​គ្មាន​រឿង​ដូច​ជា​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​បំពាន​ខ្នាត​តម្រា​សីលធម៌​នោះ​ទេ។

នៅ​សតវត្សរ៍​ទី​២០ ការ​អាប់​ឱន​ខាង​សីលធម៌​ដែល​មាន​ជា​ទូទៅ​នៅ​បស្ចិម​ប្រទេស បាន​នាំ​ឲ្យ​មាន​អ្វី​មួយ​ដែល​គេ​ហៅ​ថា​បដិវត្តន៍​ខាង​ផ្លូវ​ភេទ។ បាតុកម្ម​របស់​និស្សិត ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​របៀប​របប​ក្នុង​សង្គម និង​ថ្នាំ​ពន្យារ​កំណើត អ្វី​ៗ​ទាំង​អស់​នោះ​បាន​នាំ​ឲ្យ​មនុស្ស​បដិសេធ​អ្វី​ដែលត្រឹម​ត្រូវ​តាម​សីលធម៌។ មិន​យូរ​ប៉ុន្មាន មនុស្ស​ជា​ច្រើន​បាន​បោះ​បង់​ចោល​គោល​ការណ៍​គម្ពីរ។ មនុស្ស​ជំនាន់​ថ្មី​គាំទ្រ​គោល​ការណ៍​សីលធម៌​ថ្មី ហើយ​មាន​ឥរិយាបថ​ថ្មី​ចំពោះ​អំពើ​ខុស​ឆ្គង។ អ្នក​និពន្ធ​ម្នាក់​បាន​ស្រដី​ថា តាំង​ពី​ពេល​នោះ​មក មនុស្ស​ចាត់​ទុក«ស្នេហា​បែប​បំពេញ​ចំណង់​ខាង​ផ្លូវ​ភេទ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ»។ បើ​និយាយ​ឲ្យ​ចំ​ទៅ​នេះ​មាន​ន័យ​ថា ពួក​គេ​ចាត់​ទុក​ការ​រួម​ដំណេក​ខុស​ច្បាប់​ទម្លាប់​ជា​អ្វី​ដែល​ធម្មតា។

របៀប​របប​សាសនា​ដែល​សមាជិក​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន

ទស្សនាវដ្ដី​មួយ​បាន​រៀប​រាប់​អំពី​ស្ថានភាព​នៅ​សហរដ្ឋ​អាម៉េរិក​ថា៖ «បព្វជិត​ជា​ច្រើន​ដែល​ខំ​ទាក់​ទាញ​ចិត្ត​មនុស្ស​ឲ្យ​ចូល​វិហារ​របស់​ពួក​គេ មាន​អារម្មណ៍​ថា​ពួក​គេ​មិន​អាច​បង្រៀន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទើស​ចិត្ត​ទេ»។ (Newsweek) ពួក​គេ​ខ្លាច​ថា​បើ​ពួក​គេ​សុំ​អ្នក​ស្ដាប់​ឲ្យ​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​ខ្លាំង​ពេក នោះ​ពួក​គេ​នឹង​បាត់​បង់​សមាជិក​វិហារ។ មនុស្ស​មិន​ចង់​ឲ្យ​គេ​ប្រាប់​ថា​ខ្លួន​គួរ​បណ្ដុះ​ចិត្ត​រាប​ទាប គុណធម៌ និង​សមត្ថភាព​គ្រប់​គ្រង​ការ​ប្រព្រឹត្ត​របស់​ខ្លួន ឬ​ថា​ខ្លួន​ត្រូវ​ធ្វើ​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន ហើយ​កែ​ប្រែ​ចិត្ត​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។ អាស្រ័យ​ហេតុ​នេះ យោង​ទៅ​តាម​ទស្សនាវដ្ដី​មួយ សាសនា​ជា​ច្រើន​បាន«ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​សេចក្ដី​បង្រៀន​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​សាសនិក ប៉ុន្តែ​តាម​ពិត​ជា​អ្វី​ដែល​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន​វិញ» (Chicago Sun​-​Times)។

ជា​លទ្ធផល នេះ​នាំ​ឲ្យ​សាសនា​ពន្យល់​អំពី​ព្រះ​ទៅ​តាម​គំនិត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​នាំ​ឲ្យ​សាសនា​ផ្ដោត​អារម្មណ៍​ទៅ​លើ​មនុស្ស​និង​អ្វី​ដែល​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​និង​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ។ គោល​ដៅ​តែ​មួយ​គត់​របស់​សាសនា​ទាំង​នោះ​គឺ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​សមាជិក។ នេះ​នាំ​ឲ្យ​មាន​សាសនា​ដែល​គ្មាន​លទ្ធិ។ ទស្សនាវដ្ដី​មួយ​បាន​សួរ​ថា៖ «តើ​គេ​យក​អ្វី​មក​ជំនួស​គោល​ការណ៍​សីលធម៌​ដែល​គេ​បោះ​បង់​ចោល? គឺ​គ្រាន់​តែ​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​កុំ​ប្រកាន់​ទោស​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ» (The Wall Street Journal)។

នេះ​នាំ​ឲ្យ​មនុស្ស​មាន​ទស្សនៈ​ដែល​ថា​សាសនា​ណា​ដែល​ឲ្យ​សមាជិក​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន នោះ​ជា​សាសនា​ល្អ។ ទស្សនាវដ្ដី​ខាង​លើ​បាន​សង្កេត​ឃើញ​ថា អ្នក​ណា​ដែល​មាន​ទស្សនៈ​បែប​នេះ«អាច​កាន់​សាសនា​ណា​ក៏​បាន ឲ្យ​តែ​សាសនា​នោះ​មិន​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​គោល​ការណ៍​សីលធម៌ ហើយ​ជា​សាសនា​ដែល​សម្រាល​ទុក្ខ​មនុស្ស ជា​ជាង​វិនិច្ឆ័យ​ទោស​វិញ»។ (The Wall Street Journal) រីឯ​សាសនា​វិញ​ក៏​ព្រម​ទទួល​យក​មនុស្ស​ដែល«មាន​ចរិត​បែប​ណា​ក៏​ដោយ» ដោយ​មិន​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​ណា​មួយ​ទេ។

អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ប្រហែល​ជា​រំលឹក​អ្នក​អាន​គម្ពីរ​បរិសុទ្ធ​អំពី​ទំនាយ​មួយ​ដែល​សាវ័ក​ប៉ូល​បាន​កត់​ទុក​នៅ​សតវត្សរ៍​ទី​១ គ.ស.។ គាត់​មាន​វាចា​ថា៖ «នឹង​មាន​គ្រា​ដែល​ពួក​គេ​នឹង​មិន​ទ្រាំ​ស្ដាប់​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍​ទេ ប៉ុន្តែ​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន នោះ​ពួក​គេ​នឹង​ប្រមូល​អ្នក​បង្រៀន​សម្រាប់​ខ្លួន ដើម្បី​ឮ​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត​ស្ដាប់ ហើយ​ពួក​គេ​នឹង​ឈប់​ស្ដាប់​សេចក្ដី​ពិត»។—ធីម៉ូថេ​ទី​២ ៤:៣, ៤

អ្នក​ដឹក​នាំ​សាសនា​ដែល​ដោះ​សា​អំពី​អំពើ​ខុស​ឆ្គង មិន​ជឿ​ថា​មាន​អំពើ​ខុស​ឆ្គង​ទេ ហើយ​ប្រាប់​អ្វី​ដែល​សមាជិក«ពេញ​ចិត្ត​ស្ដាប់»ឬ​អ្វី​ដែល​សមាជិក​ចង់​ឮ ជា​ជាង​ប្រាប់​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន យ៉ាង​នេះ​ពួក​គេ​ធ្វើ​ឲ្យ​សមាជិក​ទទួល​ផល​អាក្រក់។ ការ​បង្រៀន​បែប​នេះ​គឺ​ខុស ហើយ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ សេចក្ដី​បង្រៀន​បែប​នេះ​នាំ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​សេចក្ដី​បង្រៀន​ដ៏​សំខាន់​ៗ​នៃ​គ្រិស្ត​សាសនា។ អំពើ​ខុស​ឆ្គង​និង​ការ​អភ័យ​ទោស​ជា​សេចក្ដី​បង្រៀន​ដ៏​ចម្បង​ក្នុង​ដំណឹង​ល្អ​ដែល​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​បាន​បង្រៀន។ ដើម្បី​យល់​ថែម​ទៀត​អំពី​រឿង​នេះ យើង​សូម​អញ្ជើញ​លោក​អ្នក​អាន​ត​ទៅ​ទៀត។

[កំណត់​សម្គាល់]

^ វគ្គ 9 ជំនឿ​នេះ​ជា​សេចក្ដី​បង្រៀន​មួយ​ដែល​មនុស្ស​ពិបាក​យល់​និង​មិន​មាន​ក្នុង​គម្ពីរ​ទេ ហើយ​នេះ​ប្រហែល​ជា​មូលហេតុ​មួយ​ដែល​គេ​ដក​សេចក្ដី​បង្រៀន​នេះ​ចេញ​ពី​សាសនា​កាតូលិក។ សូម​មើល​ប្រអប់«ជំនឿ​មួយ​ដែល​គេ​លុប​ចោល»នៅ​ទំព័រ​១០។

^ វគ្គ 14 គម្ពីរ​បរិសុទ្ធ​មិន​គាំទ្រ​សេចក្ដី​បង្រៀន​អំពី​ការ​ធ្វើ​ទារុណកម្ម​ជា​រៀង​រហូត​ក្នុង​ភ្លើង​នរក​ទេ។ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ជំពូក​ទី​៦ «តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា?» ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៧]

របៀប​របប​សាសនា​ដែល​សមាជិក​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​បង្កើត​ផល​អាក្រក់

[ប្រអប់​នៅ​ទំព័រ​៦]

«យើង​លែង​ខ្វល់​ពី​អំពើ​ខុស​ឆ្គង​ទៀត​ហើយ»

▪ «សព្វ​ថ្ងៃ អំពើ​ខុស​ឆ្គង​គឺ​ជា​បញ្ហា​ពិបាក​មួយ​ក្នុង​ចំណោម​បញ្ហា​ពិបាក​ធំ​ៗ​របស់​សាសនា​គ្រិស្ត។ យើង​លែង​គិត​ថា យើង​ជា‹អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង›ដែល​ត្រូវ​ទទួល​ការ​អភ័យ​ទោស​ទៀត​ហើយ។ អំពើ​ខុស​ឆ្គង​ប្រហែល​ធ្លាប់​ជា​បញ្ហា​មួយ តែ​ឥឡូវ​យើង​លែង​ខ្វល់​ពី​អំពើ​ខុស​ឆ្គង​ទៀត​ហើយ។ ដូច្នេះ កាល​ដែល​សាសនា​គ្រិស្ត​មាន​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​អំពី​អំពើ​ខុស​ឆ្គង តែ​ចំពោះ​ជន​ជាតិ​អាម៉េរិក​ភាគ​ច្រើន នេះ​មិន​មែន​ជា​បញ្ហា​ធំ​មួយ​ទេ» (អ្នក​និពន្ធ​ខាង​សាសនា ឈ្មោះ​យ៉ន ស្ទូតដេបេឃើ)។

▪ «មនុស្ស​ខ្លះ​និយាយ​ថា៖ ‹ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​និង​អ្នក​ឯ​ទៀត​នឹង​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​ខ្ពង់​ខ្ពស់ តែ​ខ្ញុំ​ដឹង​ថា​យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស។ ហេតុ​នេះ ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ល្អ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ប៉ុណ្ណោះ›។ យើង​មាន​គោល​ការណ៍​សីលធម៌​មួយ​ដែល​ស្រួល​ធ្វើ​តាម ដែល​ជា​គោល​ការណ៍​មធ្យម​ដែល​ជួយ​ឲ្យ​យើង​គិត​ថា​យើង​ជា​មនុស្ស​ល្អ។ យើង​ធ្វើ​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ​ម្នាក់ តែ​យើង​មិន​ឈឺ​ក្បាល​អំពី​រឿង​អំពើ​ខុស​ឆ្គង​ទេ (ប្រធាន​សិក្ខាសាលា​នៃ​សាសនា​បាប់ទីស្ទ​ខាង​ត្បូង​ឈ្មោះ​អាល​ប៊ើ​ត ម៉ូឡើ)។

▪ មនុស្ស​ឥឡូវ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្លាប់​គិត​ថា​ជា​រឿង​គួរ​អៀន​ខ្មាស [ដូច​ជា​អ្វី​ដែល​គេ​ហៅ​ថា​អំពើ​ខុស​ឆ្គង​៧​យ៉ាង​ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់]។ ឪពុក​ម្ដាយ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​មាន​អំណួត​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​កូន។ ក្រុម​ចុង​ភៅ​ជន​ជាតិ​បារាំង​បាន​ទទូច​សុំ​វ៉ាទីកង់​ដែល​ជា​មជ្ឈមណ្ឌល​នៃ​សាសនា​កាតូលិក​ថា ការ​ល្មោភ​ស៊ី​មិន​មែន​ជា​អំពើ​ខុស​ឆ្គង​ទេ។ ការ​ច្រណែន​ចង់​បាន ធ្វើ​ឲ្យ​មនុស្ស​ជក់​មើល​បណ្ដាញ​ព័ត៌មាន​ដែល​គេ​និយម។ តណ្ហា​គឺ​ជា​យុទ្ធវិធី​មួយ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម។ បើ​គេ​ធ្វើ​ឲ្យ​យើង​ខឹង យើង​អាច​បញ្ចេញ​កំហឹង​បាន។ ជួន​កាល ខ្ញុំ​ក៏​ចង់​ខ្ជិល​ដែរ (អ្នក​និពន្ធ​នៃ​ទស្សនាវដ្ដី Time ឈ្មោះ​ណេនស៊ី ហ្គីប)។

[រូប​ភាព​នៅ​ទំព័រ​៥]

សព្វ​ថ្ងៃ មនុស្ស​ជា​ច្រើន​ចាត់​ទុក រឿង​អំពី​អាដាម​និង​អេវ៉ា​ជា​រឿង​មិន​ពិត