តើការស្គាល់នាមរបស់ព្រះជាប់ទាក់ទងនឹងអ្វីខ្លះ?
តើការស្គាល់នាមរបស់ព្រះជាប់ទាក់ទងនឹងអ្វីខ្លះ?
តើឈ្មោះរបស់លោកអ្នកមានអត្ថន័យពិសេសឬទេ? នៅកន្លែងខ្លះក្នុងពិភពលោកនេះ មនុស្សមានទម្លាប់ដាក់ឈ្មោះឲ្យកូនដែលពិតជាមានន័យ។ ឈ្មោះដែលឪពុកម្ដាយបានដាក់ឲ្យកូន ឆ្លុះបញ្ចាំងនូវការជឿជាក់និងគោលការណ៍សីលធម៌ ឬសេចក្ដីសង្ឃឹមនិងការស្រមៃរបស់ពួកគេចំពោះអនាគតរបស់កូន។
ទម្លាប់ដាក់ឈ្មោះឲ្យកូនដែលមានអត្ថន័យគឺមានជាយូរយារមកហើយ។ នៅសម័យគម្ពីរ គេដាក់ឈ្មោះឲ្យមនុស្សដោយសារឈ្មោះនោះមានអត្ថន័យជ្រាលជ្រៅ។ ឈ្មោះអាចបង្ហាញឲ្យឃើញថាបុគ្គលនោះនឹងមានតួនាទីណាមួយក្នុងជីវិតរបស់គាត់។ ជាឧទាហរណ៍ ពេលព្រះយេហូវ៉ាប្រាប់ដាវីឌអំពីតួនាទីរបស់បុត្រគាត់ឈ្មោះសាឡូម៉ូនដែលនឹងមាននៅថ្ងៃអនាគត លោកបានមានប្រសាសន៍ថា៖ «វានឹងមានឈ្មោះថាសាឡូម៉ូន[ដែលមកពីឫសពាក្យដែលមានន័យថា«សេចក្ដីសុខសាន្តឬសន្ដិភាព»] ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្ដីសុខសាន្ត នឹងសេចក្ដីស្រាកស្រាន្ត»។—របាក្សត្រទី១ ២២:៩
ជួនកាលព្រះយេហូវ៉ាដាក់ឈ្មោះថ្មីឲ្យបុគ្គលម្នាក់ដែលនឹងមានតួនាទីថ្មី។ ភរិយាដែលគ្មានកូនរបស់អាប្រាហាំបានទទួលឈ្មោះថាសារ៉ាដែលមានន័យថា«ម្ចាស់ក្សត្រី»។ ហេតុអ្វី? ព្រះយេហូវ៉ាបានពន្យល់ថា៖ «អញនឹងឲ្យពរដល់នាង ហើយនឹងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្ដាយនៃនគរផ្សេងៗ ហើយនឹងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក»។ (លោកុប្បត្តិ ១៧:១៦) ពិតមែនហើយ ដើម្បីយល់ពីមូលហេតុដែលសារ៉ាទទួលឈ្មោះថ្មី យើងក៏ត្រូវយល់អំពីតួនាទីថ្មីរបស់នាងដែរ។
តើឈ្មោះយេហូវ៉ាដែលជាឈ្មោះសំខាន់ជាងគេ មានន័យអ្វី? ពេលដែលម៉ូសេសួរព្រះយេហូវ៉ាអំពីនាមរបស់លោក នោះលោកឆ្លើយតបថា៖ «ខ្ញុំនឹងក្លាយទៅជាអ្វីដែលខ្ញុំនឹងក្លាយទៅជា»។ (និក្ខមនំ ៣:១៤, ព.ថ.) សេចក្ដីបកប្រែរបស់លោករ៉ូថឺរ៉ាមបកប្រែខនេះថា៖ «ខ្ញុំនឹងក្លាយទៅជាអ្វីក៏ដោយដែលខ្ញុំពេញចិត្ត»។ ឈ្មោះយេហូវ៉ា សឲ្យឃើញថា លោកជាព្រះដែលមានតួនាទីច្រើនឥតគណនា។ ដើម្បីស្រួលយល់អំពីចំណុចនេះ សូមគិតអំពីតួនាទីរបស់ម្ដាយម្នាក់។ រៀងរាល់ថ្ងៃ គាត់ប្រហែលត្រូវបំពេញតួនាទីជាច្រើន ដូចជាគិលានុបដ្ឋាយិកា ជាចុងភៅ និងជាអ្នកគ្រូស្របតាមតម្រូវការក្នុងការថែទាំកូនរបស់គាត់។ ព្រះយេហូវ៉ាក៏មានតួនាទីស្រដៀងគ្នាដែរ តែតួនាទីរបស់លោកគឺសំខាន់ជាង។ លោកអាចក្លាយទៅជាអ្វីក៏ដោយតាមដែលលោកពេញចិត្ត ហើយធ្វើអ្វីក៏ដោយដែលចាំបាច់ ដើម្បីបំពេញគោលដៅដ៏ប្រសើររបស់លោកចំពោះមនុស្សជាតិ។ ដូច្នេះ ការស្គាល់នាមព្រះយេហូវ៉ាជាប់ទាក់ទងនឹងការយល់ដឹងអំពីតួនាទីជាច្រើនរបស់លោក ព្រមទាំងការបង្ហាញកតញ្ញុតាធម៌ចំពោះតួនាទីនោះ។
គួរឲ្យស្ដាយណាស់ អ្នកដែលមិនស្គាល់ឈ្មោះព្រះមិនអាចយល់អំពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់លោកឡើយ។ ក៏ប៉ុន្តែ តាមរយៈការសិក្សាគម្ពីរ លោកអ្នកអាចយល់អំពីតួនាទីរបស់ព្រះយេហូវ៉ា ជាទីប្រឹក្សាដែលមានប្រាជ្ញា ជាអ្នកសង្គ្រោះដែលមានឫទ្ធានុភាពខ្លាំងក្លា និងជាអ្នកផ្គត់ផ្គង់ដែលមានចិត្តទូលាយជាដើម។ អត្ថន័យជ្រាលជ្រៅនៃនាមរបស់ព្រះយេហូវ៉ាពិតជាគួរឲ្យស្ញប់ស្ញែងមែន។
ក៏ប៉ុន្តែ ការស្គាល់នាមព្រះមិនតែងតែស្រួលទេ។ អត្ថបទបន្ទាប់នឹងពន្យល់ពីមូលហេតុដែលការស្គាល់នាមព្រះគឺជាការពិបាកមួយ។