លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំគួរជូនវិភាគទានប៉ុន្មាន?

តើខ្ញុំគួរជូនវិភាគទានប៉ុន្មាន?

សំណួរ​ពី​អ្នក​អាន

តើ​ខ្ញុំ​គួរ​ជូន​វិភាគទាន​ប៉ុន្មាន?

«ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ»។ (កូរិនថូស​ទី​២ ៩:៧) មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក​ធ្លាប់​ឮ​ពាក្យ​ទាំង​នេះ។ ក៏​ប៉ុន្តែ មនុស្ស​ខ្លះ​ដែល​ទៅ​វិហារ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​មាន​កាតព្វកិច្ច​ជូន​វិភាគទាន​លើស​ពី​លទ្ធភាព​របស់​ពួក​គេ។ តាម​ពិត សាសនា​ខ្លះ​តម្រូវ​ឲ្យ​សមាជិក​ជូន​លុយ​តាម​ចំនួន​ដែល​សាសនា​កំណត់។ ការ​ធ្វើ​ដូច​នេះ បាន​ត្រូវ​ហៅ​ថា​ការ​ជូន​មួយ​ភាគ​ដប់​នៃ​ចំណូល​របស់​ខ្លួន​ទៅ​សាសនា​នោះ។

តើ​គម្ពីរ​ពិត​ជា​តម្រូវ​ឲ្យ​យើង​ជូន​វិភាគទាន​តាម​ចំនួន​កំណត់​ឬ​ទេ? ចំពោះ​ខ្ញុំ​វិញ តើ​ខ្ញុំ​គួរ​ជូន​វិភាគទាន​ប៉ុន្មាន?

ការ​ជូន​វិភាគទាន​តាម​តម្រូវ​ការ​ដែល​បាន​ត្រូវ​កំណត់​និង​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​សម័យ​គម្ពីរ

ចំពោះ​ប្រជាជាតិ​អ៊ីស្រាអែល គម្ពីរ​មាន​ការ​ណែនាំ​ច្បាស់​លាស់​ស្តី​អំពី​ចំនួន​វិភាគទាន​ដែល​ព្រះ​តម្រូវ​ឲ្យ​ពួក​គេ​ជូន។ (លេវីវិន័យ ២៧:៣០​-​៣២; ជន​គណនា ១៨:២១, ២៤; ចោទិយកថា ១២:៤​-​៧, ១១, ១៧, ១៨; ១៤:២២​-​២៧) តម្រូវ​ការ​ទាំង​នេះ​មិន​ហួស​ពី​លទ្ធភាព​របស់​បណ្ដា​ជន​ឡើយ។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា បើ​ប្រជាជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​ច្បាប់​របស់​លោក នោះ​លោក​នឹង‹ចំរើន​ឲ្យ​ពួក​គេ​មាន​ជា​បរិបូរ​ឡើង›។—ចោទិយកថា ២៨:១, ២, ១១, ១២

ក្នុង​ករណី​ផ្សេង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​អាច​ជូន​វិភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត ច្រើន​ឬ​តិច​តាម​ចិត្ត​របស់​ខ្លួន។ ជា​ឧទាហរណ៍ ពេល​ដែល​ស្តេច​ដាវីឌ​គ្រោង​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា បណ្ដា​រាស្ត្រ​របស់​គាត់​បាន​ជូន​វិភាគទាន​ជា«មាស​៥​ពាន់»ថាលិន។ * (របាក្សត្រ​ទី​១ ២៩:៧) សូម​ប្រៀប​ធៀប​ចំនួន​មាស​ប្រាំ​ពាន់​ថាលិន​នេះ​ទៅ​នឹង​អ្វី​ដែល​លោក​យេស៊ូ​បាន​សង្កេត​ឃើញ ពេល​លោក​រស់​នៅ​ផែនដី។ លោក​បាន​ឃើញ«ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ដាក់​កាក់​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់»ក្នុង​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់​របស់​វិហារ។ តើ​កាក់​ពីរ​នោះ​មាន​តម្លៃ​ប៉ុណ្ណា? គឺ​ស្មើ​តែ​១,៥​ភាគ​រយ​នៃ​ប្រាក់​ដែល​គេ​រក​បាន​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​កាក់​ដែល​មាន​តម្លៃ​តិច​តួច​នេះ​ក៏​ប្រពៃ​ដែរ។—លូកា ២១:១​-​៤

តើ​គ្រិស្ត​សាសនិក​ត្រូវ​ជូន​វិភាគទាន​តាម​ចំនួន​ដែល​បាន​កំណត់​ឬ​ទេ?

គ្រិស្ត​សាសនិក​មិន​ស្ថិត​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ ដូច្នេះ ពួក​គេ​មិន​មាន​កាតព្វកិច្ច​ជូន​វិភាគទាន​តាម​ចំនួន​កំណត់​ទៅ​ព្រះ​ទេ។ ក៏​ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ពិត ការ​ជូន​វិភាគទាន​នាំ​ឲ្យ​មាន​អំណរ​ក្រៃ​លែង។ លោក​យេស៊ូ​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា៖ «ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល»។—សកម្មភាព ២០:៣៥

សាក្សី​ព្រះ​យេហូវ៉ា​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​ពួក​គេ​ធ្វើ​ទូទាំង​ពិភព​លោក​តាម​រយៈ​វិភាគទាន​ស្ម័គ្រ​ចិត្ត។ វិភាគទាន​ទាំង​នេះ​បាន​ត្រូវ​ប្រើ​សម្រាប់​បោះ​ពុម្ព​សៀវភៅ​ផ្សេង​ៗ​ដូច​ជា​ទស្សនាវដ្ដី​ដែល​លោក​អ្នក​កំពុង​អាន ហើយ​សម្រាប់​សង់​និង​ថែ​ទាំ​កន្លែង​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ដែល​ហៅ​ថា​សាល​ប្រជុំ។ ប៉ុន្តែ​ពួក​គេ​មិន​ប្រើ​វិភាគទាន​ទាំង​នោះ​សម្រាប់​ផ្ដល់​ជា​ប្រាក់​ខែ​ឡើយ។ អ្នក​ខ្លះ​ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​ពេញ​ពេល​ក្នុង​កិច្ច​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ទទួល​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បង់​ថ្លៃ​ការ​ធ្វើ​ដំណើរ​និង​ចំណាយ​ឯ​ទៀត​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​នោះ​ទេ។ តាម​ពិត សាក្សី​ព្រះ​យេហូវ៉ា​ស្ទើរ​តែ​ទាំង​អស់​មិន​ទទួល​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កិច្ច​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ភាគ​ច្រើន​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន ដូច​សាវ័ក​ប៉ូល​ដែល​ធ្វើ​ការ​ជា​អ្នក​ធ្វើ​ត្រសាល។—កូរិនថូស​ទី​២ ១១:៩; ថែស្សាឡូនិច​ទី​១ ២:៩

ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ចង់​ធ្វើ​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ចការ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ តើ​គាត់​គួរ​ជូន​វិភាគទាន​ប៉ុន្មាន? សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ»។—កូរិនថូស​ទី​២ ៨:១២; ៩:៧

[កំណត់​សម្គាល់]

^ វគ្គ 7 នៅ​ឆ្នាំ​២០០៨ តម្លៃ​មធ្យម​នៃ​មាស​គឺ​៨៧១​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តម្លឹង។ ដូច្នេះ​វិភាគទាន​នេះ​មាន​តម្លៃ​ស្មើ​នឹង​៤.៧៩៤.៨៥៥.០០០​ដុល្លារ​អាម៉េរិក។