ពួកគាត់លែងភ័យខ្លាចទីបញ្ចប់ទៀតហើយ
ពួកគាត់លែងភ័យខ្លាចទីបញ្ចប់ទៀតហើយ
នៅចុងទសវត្សរ៍៧០ ហ្គារីនិងខារ៉ិនបានជឿជាក់ថាទីបញ្ចប់នៃពិភពលោកគឺជិតដល់ហើយ។ ហេតុនេះ ពួកគាត់បានរើផ្ទះចេញពីទីក្រុងទៅនៅជនបទ ហើយសម្រេចចិត្តបំពេញសេចក្ដីត្រូវការរបស់ពួកគាត់ដោយខ្លួនគាត់។ ពួកគាត់ចង់រួចជីវិតពីទីបញ្ចប់នៃពិភពលោក។
ដើម្បីចេះជំនាញដែលពួកគាត់ត្រូវការ ពួកគាត់បានយកសៀវភៅជាច្រើន រៀនមុខវិជ្ជាផ្សេងៗ ព្រមទាំងចូលរួមសិក្ខាសាលានានា ហើយបានសួរយោបល់មនុស្សជាច្រើនតាមដែលពួកគាត់អាចធ្វើបាន។ ពួកគាត់បានដាំដំណាំនិងដាំដើមឈើ៥០ដើមជាដើមតឿៗដែលមានផ្លែ។ ពួកគាត់ស្តុកទុកនូវគ្រាប់ពូជនិងប្រដាប់ប្រដាផ្សេងៗ។ ពួកគាត់បានរៀនដាំ ហើយរៀនរក្សាស្បៀងអាហារឲ្យបានយូរ។ មិត្តភក្ដិម្នាក់បានបង្រៀនពួកគាត់ឲ្យចេះសម្លាប់សត្វយកសាច់និងរក្សាសាច់ឲ្យបានយូរ។ ខារ៉ិនបានរៀនសម្គាល់រុក្ខជាតិនិងមើមឈើដើម្បីពួកគាត់អាចបរិភោគបាន ពេលអស់ស្បៀងអាហារ។ ហ្គារីបានរៀនធ្វើប្រេងឥន្ធនៈពីពោត ធ្វើចង្ក្រានដែកដុតអុស ហើយសង់ផ្ទះមួយដែលគ្មានភ្លើងអគ្គិសនីនិងគ្មានទឹកម៉ាស៊ីនទេ។
ខារ៉ិនស្រដីថា៖ «ដោយសារស្ថានភាពដ៏គួរឲ្យភ័យខ្លាចរបស់ពិភពលោកនៅពេលនោះ ខ្ញុំមានអារម្មណ៍ថាអារ្យធម៌នឹងដល់ទីបញ្ចប់នៅពេលឆាប់ៗនេះ»។ ហ្គារីពន្យល់ថា៖ «ដូចយុវជនឯទៀត ខ្ញុំសកម្មក្នុងការព្យាយាមបំបាត់ចោលនូវការប្រកាន់ពូជសាសន៍ សង្គ្រាមនៅវៀតណាមនិងអំពើពុករលួយ។ ប៉ុន្តែ ខ្ញុំបានខកចិត្តយ៉ាងឆាប់រហ័ស ពីព្រោះចំពោះខ្ញុំ មនុស្សជាតិកំពុងធ្វើឲ្យខ្លួនអន្តរាយ»។
ហ្គារីនិយាយថា៖ «នៅយប់មួយ ខ្ញុំមានពេលទំនេរ ដូច្នេះខ្ញុំអានគម្ពីរពីសៀវភៅម៉ាថាយទៅការបើកបង្ហាញ។ អស់បួនយប់ជាប់ៗគ្នាក្រោយយប់នោះ ខ្ញុំអានគម្ពីរពីសៀវភៅម៉ាថាយទៅការបើកបង្ហាញម្ដងទៀត។ លុះដល់ព្រឹកថ្ងៃទី៥ ខ្ញុំប្រាប់ខារ៉ិនថា៖ ‹យើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់។ មិនយូរទៀត ព្រះនឹងចាត់វិធានការសម្អាតផែនដី។ យើងត្រូវរកពួកអ្នកដែលនឹងរួចជីវិតពីទីបញ្ចប់នោះ›»។ ហ្គារីនិងខារ៉ិនចាប់ផ្ដើមទៅប្រជុំសាសនាផ្សេងៗ ដើម្បីខំរកពួកអ្នកដែលចង់ត្រៀមខ្លួនសម្រាប់ទីបញ្ចប់។
មិនយូរក្រោយមក សាក្សីព្រះយេហូវ៉ាម្នាក់បានផ្សាយដល់ផ្ទះរបស់ពួកគាត់ ហើយបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយពួកគាត់។ ខារ៉ិននឹកចាំថា៖ «ខ្ញុំរំភើបចិត្តណាស់ពីព្រោះពួកគេបានពន្យល់ខ្ញុំយ៉ាងច្បាស់នូវបទគម្ពីរ។ ខ្ញុំខំស្វះស្វែងរកសេចក្ដីពិតអំពីទីបញ្ចប់ ហើយនៅពេលនោះ ខ្ញុំបានរកឃើញសេចក្ដីពិតនោះ។ ខ្ញុំមានសេចក្ដីសង្ឃឹមពិតប្រាកដអំពីអនាគត។ ប៉ុន្តែប្រសើរជាងនេះទៀត ខ្ញុំចាប់ផ្ដើមមានចំណងមេត្រីភាពជាមួយបិតារបស់ខ្ញុំនៅស្ថានសួគ៌ ដែលជាអ្នកបង្កើតនិងជាព្រះនៃសកលលោក»។
ហ្គារីបានស្រដីថា៖ «ជីវិតរបស់ខ្ញុំមានន័យខ្លឹមសារ។ ពេលខ្ញុំចាប់ផ្ដើមរៀនគម្ពីរ ខ្ញុំជក់រៀនយ៉ាងខ្លាំង។ ខ្ញុំអានទំនាយគម្ពីរ ពិនិត្យមើលភ័ស្តុតាងដែលបញ្ជាក់ថាទំនាយទាំងនោះកំពុងសម្រេច ហើយបានជឿជាក់ថាព្រះនឹងចាត់វិធានការនៅពេលឆាប់ៗខាងមុខនេះ។ ខ្ញុំបានគិតថា‹មនុស្សគួរត្រៀមខ្លួន មិនមែនសម្រាប់ពេលមានមហន្តរាយទេ តែសម្រាប់ជីវិតដែលព្រះចង់ឲ្យយើងមាន›»។ ហ្គារីនិងខារ៉ិនបានបណ្ដុះឲ្យមានទស្សនៈល្អចំពោះអនាគត។ ជាជាងព្រួយបារម្ភអំពីទីបញ្ចប់នៃពិភពលោក ពួកគាត់មានទំនុកចិត្តថាព្រះនឹងបំបាត់ចោលបញ្ហាដែលកំពុងយាយីមនុស្សជាតិ ហើយនឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យានឡើងវិញ។
ជាង២៥ឆ្នាំក្រោយមក តើហ្គារីនិងខារ៉ិនកំពុងធ្វើអ្វីឥឡូវ? ខារ៉ិនបានពោលថា៖ «ខ្ញុំខំពង្រឹងសេចក្ដីស្រឡាញ់និងជំនឿរបស់ខ្ញុំចំពោះព្រះយេហូវ៉ា ហើយខ្ញុំខំប្រឹងជួយអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ ហ្គារីនិងខ្ញុំជួយគ្នាដើម្បីធ្វើឲ្យគ្រួសារយើងជិតស្និទ្ធគ្នា និងមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ព្រះ។ យើងខំរៀបចំកាលវិភាគត្រឹមត្រូវ ហើយយើងព្យាយាមរក្សាជីវភាពរស់នៅសាមញ្ញដើម្បីយើងអាចគិតអំពីអ្នកឯទៀតនិងសេចក្ដីត្រូវការរបស់ពួកគេ»។
ហ្គារីនិយាយបន្ថែមថា៖ «ខ្ញុំអធិដ្ឋានយ៉ាងទៀងទាត់ឲ្យរាជាណាចក្ររបស់ព្រះមកដល់ ដើម្បីធ្វើឲ្យមនុស្សរាប់លាននាក់លែងរងទុក្ខទៀត។ រាល់ដងដែលខ្ញុំផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ខ្ញុំអធិដ្ឋានសុំព្រះឲ្យខ្ញុំអាចផ្ដល់សេចក្ដីសង្ឃឹមខ្លះពីគម្ពីរយ៉ាងហោចណាស់ឲ្យមនុស្សម្នាក់។ ជាង២៥ឆ្នាំ ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់ខ្ញុំដោយសប្បុរស។ ខារ៉ិននិងខ្ញុំជឿថា នៅពេលឆាប់ៗខាងមុខនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំនៅផែនដី។ ប៉ុន្តែយើងលែងភ័យខ្លាចទីបញ្ចប់ទៀតហើយ»។—ម៉ាថាយ ៦:៩, ១០; ពេត្រុសទី២ ៣:១១, ១២
[រូបភាពនៅទំព័រ៩]
ឥឡូវហ្គារីនិងខារ៉ិនសប្បាយជួយអ្នកឯទៀតឲ្យមានសេចក្ដីសង្ឃឹមពីសារក្នុងគម្ពីរ