ឯកភាពរបស់គ្រិស្តសាសនិកធ្វើឲ្យគេសរសើរតម្កើងព្រះ
ឯកភាពរបស់គ្រិស្តសាសនិកធ្វើឲ្យគេសរសើរតម្កើងព្រះ
«ព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ»។—អេភ. ៤:៣
១. តើគ្រិស្តសាសនិកនាសតវត្សរ៍ទី១នៅក្រុងអេភេសូរបានធ្វើឲ្យគេសរសើរតម្កើងព្រះយ៉ាងដូចម្ដេច?
ឯកភាព របស់ក្រុមជំនុំគ្រិស្តសាសនិកនៅក្រុងអេភេសូរនាសម័យបុរាណបានសរសើរតម្កើងព្រះយេហូវ៉ាដែលជាព្រះពិត។ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ចម្រុងចម្រើននោះ ច្បាស់ជាមានបងប្អូនគ្រិស្តសាសនិកខ្លះជាម្ចាស់ទាសករដ៏ស្តុកស្តម្ភ ចំណែកឯបងប្អូនឯទៀតជាទាសករ ហើយទំនងជាក្រីក្រណាស់។ (អេភ. ៦:៥, ៩) បងប្អូនខ្លះជាជនជាតិយូដាដែលបានរៀនសេចក្ដីពិតក្នុងអំឡុងពេលបីខែដែលសាវ័កប៉ូលបាននិយាយនៅសាលាប្រជុំរបស់ពួកគេ។ បងប្អូនឯទៀតធ្លាប់គោរពបូជាព្រះអាតេមីស ហើយចេះវេទមន្ត។ (សកម្ម. ១៩:៨, ១៩, ២៦) ច្បាស់ណាស់ គ្រិស្តសាសនាពិតបានទាក់ទាញមនុស្សពីមជ្ឈដ្ឋានផ្សេងៗឲ្យមករួបរួមគ្នា។ ប៉ូលបានទទួលស្គាល់ថាឯកភាពរបស់ក្រុមជំនុំបានធ្វើឲ្យគេសរសើរតម្កើងព្រះយេហូវ៉ា។ សាវ័កប៉ូលបានសរសេរថា៖ «សូមឲ្យលោកទទួលការសរសើរតម្កើងតាមរយៈក្រុមជំនុំ»។—អេភ. ៣:២១
២. តើអ្វីដែលអាចធ្វើឲ្យក្រុមជំនុំនៅក្រុងអេភេសូរលែងមានឯកភាព?
២ ក៏ប៉ុន្តែ មានអ្វីផ្សេងៗដែលអាចធ្វើឲ្យក្រុមជំនុំអេភេសូរលែងមានឯកភាព។ ប៉ូលបានព្រមានពួកអ្នកចាស់ទុំនៃក្រុមជំនុំនោះថា៖ «ពីចំណោមអ្នករាល់គ្នានឹងមានបុរសខ្លះក្រោកឡើងនិយាយបំភ្លៃសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ»។ (សកម្ម. ២០:៣០) ម្យ៉ាងទៀត បងប្អូនខ្លះនៅតែបង្ហាញចិត្តគំនិតដែលបណ្ដាលឲ្យបែកបាក់គ្នាដែលប៉ូលបានព្រមានហើយ ពោលគឺចិត្តគំនិត«ដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។—អេភ. ២:២; ៤:២២
សំបុត្រមួយដែលគូសបញ្ជាក់អំពីឯកភាព
៣, ៤. តើសំបុត្ររបស់ប៉ូលទៅក្រុមជំនុំនៅក្រុងអេភេសូរគូសបញ្ជាក់យ៉ាងណាអំពីឯកភាព?
៣ ប៉ូលបានដឹងថាប្រសិនបើពួកគ្រិស្តសាសនិកបន្តសហការគ្នាដោយសុខដុម ពួកគេម្នាក់ៗត្រូវខំប្រឹងអស់ពីចិត្តដើម្បីជួយឲ្យមានឯកភាព។ ព្រះបានដឹកនាំប៉ូលឲ្យសរសេរសំបុត្រមួយទៅក្រុមជំនុំនៅក្រុងអេភេសូរដែលគូសបញ្ជាក់អំពីឯកភាព។ ជាឧទាហរណ៍ ប៉ូលបានសរសេរអំពីគោលបំណងរបស់ព្រះ«ដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់ម្ដងទៀតក្នុងគ្រិស្ត»។ (អេភ. ១:១០) គាត់ក៏បានប្រៀបគ្រិស្តសាសនិកទៅនឹងថ្មផ្សេងៗដែលជាផ្នែកនៃសំណង់មួយ។ «សំណង់ទាំងមូលកំពុងក្លាយទៅជាវិហារបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា ដោយមានផ្នែកនីមួយៗជាប់គ្នាយ៉ាងមាំ»។ (អេភ. ២:២០, ២១) ម្យ៉ាងទៀត ប៉ូលបានដៅបញ្ជាក់អំពីឯកភាពរវាងគ្រិស្តសាសនិកដែលជាជនជាតិយូដានិងជាជនជាតិដទៃ ហើយក៏បានរំលឹកបងប្អូនដែរថាព្រះបានបង្កើតពួកគេទាំងអស់គ្នា។ គាត់បានសំដៅទៅព្រះយេហូវ៉ាថាជា«បិតានៅស្ថានសួគ៌ ដែលគ្រប់គ្រួសារនៅស្ថានសួគ៌និងនៅផែនដីមាននាមត្រកូលពីលោកមក»។—អេភ. ៣:៥, ៦, ១៤, ១៥
៤ កាលដែលយើងពិនិត្យមើលជំពូកទី៤នៃសំបុត្រទៅកាន់ក្រុមជំនុំនៅក្រុងអេភេសូរ យើងនឹងដឹងអំពីមូលហេតុដែលឯកភាពតម្រូវឲ្យមានការខំប្រឹងប្រែង មូលហេតុដែលព្រះយេហូវ៉ាជួយយើងឲ្យមានឯកភាព និងអំពីចិត្តគំនិតបែបណាដែលនឹងជួយយើងឲ្យនៅតែមានឯកភាព។ សូមអានជំពូកទី៤ទាំងមូលដើម្បីទទួលប្រយោជន៍ថែមទៀតពីការសិក្សានេះ។
មូលហេតុដែលសាមគ្គីភាពតម្រូវឲ្យមានការខំប្រឹងអស់ពីចិត្ត
៥. ហេតុអ្វីទេវតារបស់ព្រះបម្រើលោកដោយមានឯកភាព? ប៉ុន្តែហេតុអ្វីយើងប្រហែលជាពិបាកមានឯកភាពជាងពួកគេ?
៥ ប៉ូលបានអង្វរបងប្អូននៅក្រុងអេភេសូរឲ្យ«ព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ»។ (អេភ. ៤:៣) ដើម្បីដឹងថាយើងត្រូវខំប្រឹងដើម្បីឲ្យមានឯកភាព សូមពិចារណាអំពីករណីរបស់ពួកទេវតា។ គ្មានភាវៈរស់ពីរនៅលើផែនដីដែលដូចគ្នា បេះបិទទេ ហេតុនេះយើងអាចសន្និដ្ឋានយ៉ាងសមហេតុផលថា ព្រះយេហូវ៉ាបានបង្កើតទេវតានីមួយៗខុសៗគ្នាក្នុងបណ្ដាទេវតារាប់លានរូបរបស់លោក។ (ដាន. ៧:១០) ទោះជាយ៉ាងនេះក្ដី ពួកគេអាចបម្រើព្រះយេហូវ៉ាដោយមានសាមគ្គីភាព ពីព្រោះពួកគេទាំងអស់ស្ដាប់លោក ហើយធ្វើតាមបំណងប្រាថ្នារបស់លោក។ (សូមអាន ទំនុកតម្កើង ១០៣:២០, ២១) ទេវតាស្មោះត្រង់មានគុណសម្បត្ដិផ្សេងពីគ្នា រីឯគ្រិស្តសាសនិកវិញមិនគ្រាន់តែមានគុណសម្បត្ដិខុសៗគ្នាប៉ុណ្ណោះទេ តែក៏មានភាពមិនល្អឥតខ្ចោះខុសពីគ្នាដែរ។ នេះអាចនាំឲ្យយើងពិបាកមានឯកភាព។
៦. តើចិត្តគំនិតបែបណាដែលនឹងជួយយើងឲ្យរីករាយនឹងសហការគ្នាជាមួយនឹងបងប្អូនដែលមានភាពមិនល្អឥតខ្ចោះផ្សេងពីយើង?
៦ ពេលដែលមនុស្សមិនល្អឥតខ្ចោះខំសហការគ្នា ពួកគេងាយមានការពិបាក។ ជាឧទាហរណ៍ បើបងប្រុសស្លូតបូតម្នាក់ដែលតែងតែមកយឺត បម្រើព្រះយេហូវ៉ាជាមួយនឹងបងប្រុសដែលទៀងពេល ប៉ុន្តែឆាប់ខឹង តើនឹងទៅជាយ៉ាងណាវិញ? ម្នាក់ៗប្រហែលជាគិតថាការប្រព្រឹត្តរបស់បងប្រុសម្នាក់ទៀតនោះ គឺមិនសមត្រឹមត្រូវទេ តែម្នាក់ៗប្រហែលភ្លេចថាការប្រព្រឹត្តរបស់គាត់ក៏មិនសមត្រឹមត្រូវដែរ។ តើបងប្អូនពីរនាក់ដូចនេះអាចបម្រើព្រះជាមួយគ្នាដោយសុខដុមយ៉ាងដូចម្ដេច? សូមកត់សម្គាល់ពីរបៀបដែលចិត្តគំនិតដែលប៉ូលបានផ្ដែផ្ដាំក្នុងពាក្យបន្ទាប់របស់គាត់នឹងជួយពួកគាត់។ រួចមក សូមសញ្ជឹងគិតថាតាមរបៀបណាដែលយើងអាចជួយឲ្យមានឯកភាពដោយបណ្ដុះនូវចិត្តគំនិតដែលប៉ូលផ្ដែផ្ដាំ។ ប៉ូលបានសរសេរថា៖ «ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យប្រព្រឹត្ត . . . ដោយមានចិត្តរាបទាបនិងចិត្តស្លូតបូតជានិច្ច ថែមទាំងមានចិត្តធ្ងន់ ហើយទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ ព្រមទាំងព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។—អេភ. ៤:១-៣
៧. ហេតុអ្វីជាការសំខាន់ចាំបាច់ឲ្យយើងខំប្រឹងឲ្យមានឯកភាពជាមួយនឹងគ្រិស្តសាសនិកឯទៀតដែលមិនល្អឥតខ្ចោះ?
៧ ការចេះបម្រើព្រះដោយមានសាមគ្គីភាពជាមួយនឹងមនុស្សឯទៀតដែលមិនល្អឥតខ្ចោះគឺសំខាន់ចាំបាច់ ពីព្រោះពួកអ្នកគោរពប្រណិប័តន៍ពិតរួមគ្នាដូចជារូបកាយតែមួយ ដូចគម្ពីរចែងថា៖ «មានរូបកាយតែមួយ ហើយសកម្មពលតែមួយ ដូចអ្នករាល់គ្នាបានត្រូវហៅដើម្បីឲ្យមានសេចក្ដីសង្ឃឹមតែមួយ។ មានលោកម្ចាស់តែមួយ ជំនឿតែមួយ ការជ្រមុជទឹកតែមួយ ព្រះតែមួយនិងបិតាតែមួយរបស់មនុស្សទាំងអស់»។ (អេភ. ៤:៤-៦) ពរនិងសកម្មពលរបស់ព្រះយេហូវ៉ាគឺជាប់ទាក់ទងនឹងបងប្អូនរួមជំនឿដែលព្រះកំពុងប្រើ។ សូម្បីតែបើបងប្អូនណាម្នាក់ក្នុងក្រុមជំនុំធ្វើឲ្យយើងអន់ចិត្ត តើមានកន្លែងណាដែលប្រសើរជាងនេះ? គឺគ្មានកន្លែងណាទៀតទេដែលប្រសើរជាងនេះ ដែលយើងអាចឮប្រសាសន៍ដែលនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់។—យ៉ូន. ៦:៦៨
«អំណោយជាមនុស្ស»ជួយឲ្យមានឯកភាពគ្នា
៨. តើគ្រិស្តប្រើអ្នកណាដើម្បីពង្រឹងយើងកុំឲ្យទទួលឥទ្ធិពលដែលនាំឲ្យបែកបាក់គ្នា?
៨ ប៉ូលបានរៀបរាប់អំពីទម្លាប់មួយរបស់ពួកទាហាននៅសម័យបុរាណ ដើម្បីបញ្ជាក់នូវរបៀបដែលលោកយេស៊ូបានផ្ដល់«អំណោយជាមនុស្ស»ដើម្បីជួយឲ្យក្រុមជំនុំមានឯកភាពគ្នា។ ទាហានដែលមានជ័យជម្នះ ប្រហែលយកឈ្លើយម្នាក់ធ្វើជាខ្ញុំបម្រើដើម្បីជួយប្រពន្ធគាត់ក្នុងកិច្ចការផ្ទះ។ (ទំនុក. ៦៨:១, ១២, ១៨) ស្រដៀងគ្នាដែរ ជ័យជម្នះរបស់លោកយេស៊ូលើពិភពលោកបាននាំឲ្យលោកមានខ្ញុំបម្រើ ជាច្រើនដែលស្ម័គ្រចិត្តបម្រើលោក។ (សូមអាន អេភេសូរ ៤:៧, ៨) ក្នុងន័យធៀប តើលោកបានប្រើពួកឈ្លើយទាំងនោះតាមរបៀបណា? «លោកបានផ្ដល់អ្នកខ្លះឲ្យធ្វើជាសាវ័ក ខ្លះឲ្យធ្វើជាអ្នកប្រកាសទំនាយ ខ្លះឲ្យធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អ ខ្លះឲ្យធ្វើជាគង្វាលនិងអ្នកបង្រៀន ដើម្បីកែតម្រង់ពួកអ្នកបរិសុទ្ធ ដើម្បីបំពេញកិច្ចបម្រើ ដើម្បីធ្វើឲ្យរូបកាយរបស់គ្រិស្តបានមាំមួនឡើង រហូតដល់យើងទាំងអស់គ្នាមានឯកភាពក្នុងជំនឿ»។—អេភ. ៤:១១-១៣
៩. (ក) តើ«អំណោយជាមនុស្ស»ជួយយើងឲ្យរក្សាឯកភាពរបស់យើងយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីសមាជិកម្នាក់ៗគួរជួយឲ្យមានឯកភាពក្នុងក្រុមជំនុំ?
៩ ក្នុងនាមជាគង្វាលដែលប្រកបដោយសេចក្ដីស្រឡាញ់ «អំណោយជាមនុស្ស»ទាំងនេះជួយយើងឲ្យរក្សាឯកភាពរបស់យើង។ ជាឧទាហរណ៍ បើអ្នកចាស់ទុំម្នាក់ឃើញថាបងប្អូនរួមជំនឿពីរនាក់កំពុង«បង្កើតឲ្យមានការប្រកួតប្រជែងគ្នា» គាត់អាចជួយក្រុមជំនុំឲ្យមានឯកភាពគ្នាដោយជូនដំបូន្មានដល់ពួកគាត់ ដើម្បី«កែតម្រង់[ពួកគាត់]ដោយចិត្តស្លូតបូត»។ (កាឡ. ៥:២៦–៦:១) ក្នុងនាមជាអ្នកបង្រៀន «អំណោយជាមនុស្ស»ទាំងនេះជួយយើងឲ្យពង្រឹងជំនឿរឹងមាំដែលមានមូលដ្ឋានលើសេចក្ដីបង្រៀនក្នុងគម្ពីរ។ យ៉ាងនេះពួកគាត់ជួយឲ្យមានឯកភាពគ្នា ហើយជួយយើងឲ្យមានភាពចាស់ទុំជាគ្រិស្តសាសនិក។ ប៉ូលបានសរសេរថា នេះគឺ«ដើម្បីកុំឲ្យយើងនៅជាកូនក្មេងទៀត ក៏មិនត្រូវមានគំនិតរេចុះរេឡើងដូចរបស់ដែលយោលតាមរលកសមុទ្រ ឬត្រូវបក់ផាត់ទៅនេះទៅនោះដោយខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង ដោយស្ដាប់មនុស្សដែលជាអ្នកបោកបញ្ឆោត ហើយប្រើកលល្បិចដើម្បីប្រឌិតរឿងមិនពិត»។ (អេភ. ៤:១៣, ១៤) គ្រិស្តសាសនិកម្នាក់ៗគួរជួយឲ្យបងប្អូនរួមជំនឿមានឯកភាពគ្នា ដូចអវយវៈនីមួយៗនៃរូបកាយពង្រឹងអវយវៈឯទៀតដោយផ្ដល់អ្វីៗដែលអវយវៈនោះត្រូវការ។—សូមអាន អេភេសូរ ៤:១៥, ១៦
បណ្ដុះនូវចិត្តគំនិតថ្មី
១០. តើការប្រព្រឹត្តអំពើប្រាសចាកសីលធម៌អាចធ្វើឲ្យយើងលែងមានឯកភាពគ្នាយ៉ាងដូចម្ដេច?
១០ តើអ្នកកត់សម្គាល់ឬទេថាជំពូកទី៤នៃសំបុត្ររបស់ប៉ូលទៅក្រុមជំនុំនៅក្រុងអេភេសូរបញ្ជាក់ថា ការបង្ហាញសេចក្ដីស្រឡាញ់ជាគន្លឹះដែលនាំឲ្យមានឯកភាពគ្នាជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ? បន្ទាប់មក ជំពូកនោះបញ្ជាក់ថាសេចក្ដីស្រឡាញ់រួមបញ្ចូលអ្វីខ្លះ។ ជាឧទាហរណ៍ ការប្រព្រឹត្តដោយសេចក្ដីស្រឡាញ់មិនឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬមានសីលធម៌ធូររលុងទេ។ ប៉ូលបានដាស់តឿនបងប្អូនរួមជំនឿឲ្យឈប់«ដើរដូចជនជាតិដទៃ» ពីព្រោះពួកគេ«លែងស្គាល់ល្អស្គាល់អាក្រក់» ហើយ«បណ្ដោយខ្លួនទៅតាមសីលធម៌ធូររលុង»។ (អេភ. ៤:១៧-១៩) ពិភពលោកនេះដែលគ្មានសីលធម៌អាចធ្វើឲ្យយើងលែងមានឯកភាពគ្នា។ គេច្រៀងឬនិយាយកំប្លែងអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ មើលរឿងបែបនោះ ហើយប្រព្រឹត្តអំពើនោះដោយចំហឬដោយលួចលាក់។ ប៉ុន្តែ ការចែចង់ជាការធ្វើដូចជាយើងឈ្លក់នឹងសម្រស់របស់អ្នកណាម្នាក់ដោយគ្មានបំណងរៀបការជាមួយគាត់ ក៏អាចធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ានិងក្រុមជំនុំដែរ។ ហេតុអ្វី? ពីព្រោះការចែចង់អាចនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទយ៉ាងងាយស្រួល។ ម្យ៉ាងទៀត ការចែចង់ដែលនាំឲ្យបុគ្គលដែលរៀបការហើយ ផិតក្បត់ អាចធ្វើឲ្យកូនបែកពីឪពុកម្ដាយយ៉ាងឈឺចាប់ ហើយធ្វើឲ្យអ្នកដែលគ្មានកំហុសនិងគូរបស់គាត់ចែកផ្លូវគ្នា។ នេះពិតជានាំឲ្យបែកបាក់គ្នាមែន! ហេតុនេះហើយបានជាប៉ូលសរសេរថា៖ «អ្នកមិនបានរៀនថាគ្រិស្តគឺជាបុគ្គលដូច្នោះទេ»!—អេភ. ៤:២០, ២១
១១. តើគម្ពីរលើកទឹកចិត្តគ្រិស្តសាសនិកឲ្យផ្លាស់ប្ដូរអ្វី?
១១ ប៉ូលបានគូសបញ្ជាក់ថាយើងគួរបោះបង់ចោលរបៀបគិតគូរដែលនាំឲ្យបែកបាក់គ្នា ហើយផ្ទុយទៅវិញ បណ្ដុះនូវចិត្តគំនិតដែលជួយឲ្យយើងរស់នៅដោយសុខដុមជាមួយអ្នកឯទៀត។ គាត់បានស្រដីថា៖ «អ្នករាល់គ្នាត្រូវដោះចេញនូវបុគ្គលិកលក្ខណៈចាស់ ដែលស្របគ្នានឹងការប្រព្រឹត្តរបស់អ្នកពីមុន ហើយដែលកំពុងត្រូវបង្ខូចតាមសេចក្ដីប៉ងប្រាថ្នាដែលបញ្ឆោតចិត្តរបស់អ្នក[បុគ្គលិកលក្ខណៈចាស់] ហើយត្រូវឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់អ្នករាល់គ្នាវិញ ហើយត្រូវពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។ (អេភ. ៤:២២-២៤) តើយើងអាច‹ឲ្យឥទ្ធិពលថ្មីកាន់កាប់គំនិតរបស់យើង›យ៉ាងដូចម្ដេច? បើយើងខំប្រឹងប្រែង ហើយរំពឹងគិតដោយមានចិត្តកតញ្ញូអំពីអ្វីដែលយើងបានរៀនពីបណ្ដាំរបស់ព្រះ និងពីគំរូដ៏ល្អរបស់គ្រិស្តសាសនិកដែលមានភាពចាស់ទុំ នោះយើងអាចបណ្ដុះឲ្យមានបុគ្គលិកលក្ខណៈថ្មី«ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ»។
បណ្ដុះនូវរបៀបនិយាយថ្មី
១២. តើការនិយាយពាក្យពិតជួយឲ្យមានឯកភាពគ្នាយ៉ាងដូចម្ដេច? ហេតុអ្វីពិបាកឲ្យអ្នកខ្លះនិយាយពាក្យពិត?
១២ ការនិយាយពាក្យពិតគឺសំខាន់ចាំបាច់សម្រាប់សមាជិកគ្រួសារឬសមាជិកក្រុមជំនុំ។ ការនិយាយត្រង់ដោយឥតលាក់លៀមនិងដោយយ៉ូន. ១៥:១៥) ប៉ុន្តែ ចុះបើបុគ្គលម្នាក់កុហកបងប្អូនគាត់? ពេលបងប្អូនគាត់ដឹងថាគាត់កុហក នេះធ្វើឲ្យបងប្អូននោះមិនសូវទុកចិត្តគាត់។ ហេតុនេះអ្នកអាចយល់មូលហេតុដែលប៉ូលសរសេរថា៖ «ចូរម្នាក់ៗនិយាយសេចក្ដីពិតទៅអ្នកជិតខាងខ្លួន ពីព្រោះយើងទាំងអស់គ្នាជាអវយវៈនៃរូបកាយតែមួយ»។ (អេភ. ៤:២៥) បុគ្គលដែលមានទម្លាប់កុហក ប្រហែលតាំងពីក្មេងមក អាចពិបាកចាប់ផ្ដើមនិយាយពាក្យពិត។ ប៉ុន្តែព្រះយេហូវ៉ានឹងពេញចិត្តចំពោះការព្យាយាមរបស់គាត់ដើម្បីកែប្រែ ហើយលោកនឹងជួយគាត់ឲ្យធ្វើដូច្នេះ។
សប្បុរសអាចធ្វើឲ្យមនុស្សរួបរួមគ្នា។ (១៣. តើការបោះបង់ចោលពាក្យប្រមាថមើលងាយរួមបញ្ចូលអ្វីខ្លះ?
១៣ ព្រះយេហូវ៉ាបង្រៀនយើងឲ្យចេះលើកស្ទួយសាមគ្គីភាពនិងការគោរពគ្នាក្នុងក្រុមជំនុំនិងក្នុងក្រុមគ្រួសារ ដោយដាក់កម្រិតតឹងរ៉ឹងទៅលើរបៀបដែលយើងនិយាយ។ គម្ពីរចែងថា៖ «កុំឲ្យពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ . . . ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយជាមួយនឹងសេចក្ដីអាក្រក់គ្រប់យ៉ាង»។ (អេភ. ៤:២៩, ៣១) វិធីមួយដែលជួយយើងមិនឲ្យប្រើពាក្យសម្ដីដែលធ្វើឲ្យអ្នកឯទៀតទាស់ចិត្ត គឺឲ្យយើងបណ្ដុះនូវចិត្តគំនិតដែលបង្ហាញការគោរពចំពោះអ្នកឯទៀតច្រើនជាងមុន។ ជាឧទាហរណ៍ បុរសដែលប្រមាថមើលងាយប្រពន្ធ គួរព្យាយាមកែប្រែចិត្តគំនិតរបស់គាត់ចំពោះនាង ជាពិសេសពេលដែលគាត់រៀនអំពីរបៀបដែលព្រះឲ្យកិត្ដិយសស្ត្រី។ ព្រះក៏បានរើសតាំងស្ត្រីខ្លះដែរដោយសកម្មពលបរិសុទ្ធរបស់លោក ហើយឲ្យពួកគេមានសេចក្ដីសង្ឃឹមគ្រប់គ្រងជាស្តេចជាមួយគ្រិស្ត។ (កាឡ. ៣:២៨; ១ពេ. ៣:៧) ស្រដៀងគ្នាដែរ ស្ត្រីដែលមានទម្លាប់ស្រែកគំហកឲ្យប្ដី គួរមានចិត្តចង់កែប្រែពេលដែលនាងរៀនអំពីរបៀបដែលលោកយេស៊ូទប់ចិត្ត ពេលគេធ្វើឲ្យលោកខឹង។—១ពេ. ២:២១-២៣
១៤. ហេតុអ្វីការសម្ដែងកំហឹងអាចនាំឲ្យមានគ្រោះថ្នាក់?
១៤ ពាក្យប្រមាថមើលងាយជាប់ទាក់ទងនឹងការមិនចេះទប់កំហឹង។ កំហឹងក៏អាចបំបែកមនុស្សដែរ ដោយសារវាដូចភ្លើងឆេះដែលងាយរាលដាល ហើយបណ្ដាលឲ្យមានអន្តរាយ។ (សុភ. ២៩:២២) បុគ្គលដែលមានហេតុសម្ដែងការមិនពេញចិត្តនឹងអ្វីមួយ ត្រូវខំប្រឹងទប់កំហឹងរបស់ខ្លួនដើម្បីមិនបង្ខូចចំណងមិត្តភាពដែលមានតម្លៃ។ គ្រិស្តសាសនិកគួរព្យាយាមអភ័យទោសគ្នា មិនចងគំនុំនិងមិននិយាយអំពីរឿងនោះម្ដងទៀត។ (ទំនុក. ៣៧:៨; ១០៣:៨, ៩; សុភ. ១៧:៩) ប៉ូលបានជូនយោបល់ឲ្យក្រុមជំនុំអេភេសូរថា៖ «ពេលដែលអ្នករាល់គ្នាខឹង កុំធ្វើខុស។ កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ ហើយកុំឲ្យមេកំណាចមានឱកាស»។ (អេភ. ៤:២៦, ២៧) ការមិនទប់កំហឹងនឹងហុចឱកាសឲ្យសាថានធ្វើឲ្យគ្មានឯកភាពក្នុងក្រុមជំនុំ ហើយក៏បង្កើតទំនាស់ក្នុងក្រុមជំនុំដែរ។
១៥. តើការយកអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់យើង អាចនាំឲ្យមានឥទ្ធិពលយ៉ាងណា?
១៥ ការគោរពកម្មសិទ្ធិរបស់អ្នកឯទៀតជួយឲ្យមានឯកភាពគ្នាក្នុងក្រុមជំនុំ។ គម្ពីរចែងថា៖ «អ្នកដែលលួចត្រូវឈប់លួចតទៅទៀត»។ (អេភ. ៤:២៨) ជាទូទៅ រាស្ត្ររបស់ព្រះយេហូវ៉ាទុកចិត្តគ្នាទៅវិញទៅមក។ បើគ្រិស្តសាសនិកម្នាក់បំពានទំនុកចិត្តនោះដោយយកអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន គាត់នឹងបង្ខូចឯកភាពដ៏ល្អនោះ។
សេចក្ដីស្រឡាញ់ចំពោះព្រះធ្វើឲ្យយើងមានឯកភាព
១៦. តើយើងអាចប្រើពាក្យសម្ដីល្អដើម្បីពង្រឹងឯកភាពរបស់យើងយ៉ាងដូចម្ដេច?
១៦ ដោយសារសមាជិកទាំងអស់ក្នុងក្រុមជំនុំមានសេចក្ដីស្រឡាញ់ចំពោះព្រះ នេះបានជំរុញពួកគេឲ្យប្រព្រឹត្តដល់អ្នកឯទៀតដោយសេចក្ដីស្រឡាញ់ដែរ ហើយជាលទ្ធផល នេះនាំឲ្យមានឯកភាពនៅក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ការមានកតញ្ញុតាធម៌ចំពោះសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាជំរុញទឹកចិត្តយើងឲ្យព្យាយាមអស់ពីចិត្តដើម្បីអនុវត្តដំបូន្មាននេះដែលថា៖ «ពោលពាក្យណាដែលល្អសម្រាប់ពង្រឹងអ្នកឯទៀតតាមកាលៈទេសៈ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់ . . . ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្ដា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ ដូចព្រះបានអភ័យទោសឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្ត ដោយគ្មានល័ក្ខខ័ណ្ឌដែរ»។ (អេភ. ៤:២៩, ៣២) ដោយចិត្តសប្បុរស ព្រះយេហូវ៉ាបានអភ័យទោសឲ្យយើងដែលជាមនុស្សមិនល្អឥតខ្ចោះ។ គប្បីឲ្យយើងអភ័យទោសឲ្យអ្នកឯទៀតពេលគេធ្វើខុស មែនទេ?
១៧. ហេតុអ្វីយើងគួរខំប្រឹងអស់ពីចិត្តដើម្បីជួយឲ្យមានឯកភាព?
១៧ ឯកភាពរបស់រាស្ត្រព្រះធ្វើឲ្យគេសរសើរតម្កើងព្រះយេហូវ៉ា។ សកម្មពលរបស់លោកជំរុញចិត្តយើងតាមវិធីផ្សេងៗដើម្បីជួយឲ្យមានឯកភាព។ យើងប្រាកដជាមិនចង់ប្រឆាំងការដឹកនាំរបស់សកម្មពលព្រះឡើយ។ ប៉ូលបានសរសេរថា៖ «កុំធ្វើឲ្យសកម្មពលបរិសុទ្ធរបស់ព្រះ . . . កើតទុក្ខឡើយ»។ (អេភ. ៤:៣០) ឯកភាពប្រៀបដូចជាទ្រព្យសម្បត្ដិមួយដែលគួរឲ្យយើងការពារ។ មនុស្សទាំងអស់ដែលរួមចំណែកក្នុងឯកភាពនេះមានអំណរ ហើយសរសើរតម្កើងព្រះយេហូវ៉ា។ «ដូច្នេះ ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់»។—អេភ. ៥:១, ២
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើចិត្តគំនិតបែបណាជួយឲ្យមានឯកភាពក្នុងចំណោមគ្រិស្តសាសនិក?
• តើការប្រព្រឹត្តរបស់យើងជួយឲ្យមានឯកភាពក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
• តើពាក្យសម្ដីរបស់យើងអាចជួយយើងយ៉ាងដូចម្ដេចឲ្យសហការជាមួយនឹងអ្នកឯទៀត?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២០]
មនុស្សពីមជ្ឈដ្ឋានផ្សេងៗមានឯកភាពគ្នា
[រូបភាពនៅទំព័រ២២]
តើអ្នកយល់ដឹងអំពីគ្រោះថ្នាក់ដែលបណ្ដាលមកពីការចែចង់ឬទេ?