ចូរបន្តស្វែងរក«សេចក្ដីសុចរិតរបស់ព្រះ»ជាមុន
ចូរបន្តស្វែងរក«សេចក្ដីសុចរិតរបស់ព្រះ»ជាមុន
«ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។—ម៉ាថ. ៦:៣៣
១, ២. តើសេចក្ដីសុចរិតរបស់ព្រះជាអ្វី? ហើយតើសេចក្ដីសុចរិតនោះមានមូលដ្ឋានលើអ្វី?
សព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាស្គាល់ច្បាស់នូវការដាស់តឿនរបស់លោកយេស៊ូគ្រិស្ត ពេលលោកថ្លែងសុន្ទរកថានៅលើភ្នំ។ ការដាស់តឿននោះគឺ «ចូរបន្តស្វែងរករាជាណាចក្រ . . . ជាមុន»។ (ម៉ាថ. ៦:៣៣) ក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង យើងព្យាយាមបង្ហាញថាយើងស្រឡាញ់រាជាណាចក្ររបស់ព្រះដែលជារដ្ឋាភិបាលមួយ ហើយយើងចង់មានភក្ដីភាពចំពោះរាជាណាចក្រនោះ។ ប៉ុន្តែយើងក៏ត្រូវចាំដែរនូវផ្នែកទី២នៃឃ្លានេះដែលថា«និងសេចក្ដីសុចរិតរបស់ព្រះ»។ តើសេចក្ដីសុចរិតរបស់ព្រះជា អ្វី? ហើយតើការស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុនមានន័យយ៉ាងណា?
២ សេចក្ដីសុចរិតរបស់ព្រះគឺជាសេចក្ដីសុចរិតដែលស្របតាមខ្នាតតម្រានិងគោលការណ៍របស់លោកផ្ទាល់។ ក្នុងនាមជាអ្នកបង្កើត ព្រះយេហូវ៉ាមានសិទ្ធិកំណត់ខ្នាតតម្រាចំពោះអ្វីដែលល្អនិងអ្វីដែលអាក្រក់ ព្រមទាំងអ្វីដែលត្រូវនិងអ្វីដែលខុស។ (បប. ៤:១១) ក៏ប៉ុន្តែ សេចក្ដីសុចរិតរបស់ព្រះមិនមែនជាច្បាប់តឹងរ៉ឹងមួយចំនួន ឬជាបញ្ជីដែលមានច្បាប់មិនចេះអស់មិនចេះហើយទេ។ ផ្ទុយទៅវិញ សេចក្ដីសុចរិតរបស់ព្រះមានមូលដ្ឋានលើបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា និងលើយុត្ដិធម៌ដែលជាគុណសម្បត្ដិសំខាន់ចម្បងមួយរបស់លោក ដែលគួបផ្សំជាមួយគុណសម្បត្ដិសំខាន់ចម្បងឯទៀតរបស់លោក ដូចជាសេចក្ដីស្រឡាញ់ ប្រាជ្ញានិងឫទ្ធានុភាព។ ដូច្នេះ សេចក្ដីសុចរិតរបស់ព្រះជាប់ទាក់ទងនឹងបំណងប្រាថ្នានិងគោលបំណងរបស់លោក។ សេចក្ដីសុចរិតនេះរួមបញ្ចូលអ្វីៗដែលលោកតម្រូវឲ្យអ្នកដែលចង់បម្រើលោកធ្វើ។
៣. (ក) តើការស្វែងរកសេចក្ដីសុចរិតជាមុនមានន័យយ៉ាងណា? (ខ) ហេតុអ្វីយើងគាំទ្រខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ា?
៣ តើការស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុនមានន័យយ៉ាងណា? បើនិយាយឲ្យស្រួលយល់ នេះមានន័យថា យើងធ្វើតាមបំណងប្រាថ្នារបស់ព្រះដើម្បីធ្វើឲ្យលោកពេញចិត្តនឹងយើង។ ការស្វែងរកសេចក្ដីសុចរិតរបស់លោករួមបញ្ចូលការខំប្រឹងរស់នៅសមស្របតាមគោលការណ៍និងខ្នាតតម្រាដ៏ល្អឥតខ្ចោះរបស់លោក ជាជាងតាមគោលការណ៍និងខ្នាតតម្រារបស់យើង។ (សូមអាន រ៉ូម ១២:២) របៀបរស់នៅបែបនេះជាប់ពាក់ព័ន្ធនឹងចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ យើងមិនធ្វើតាមច្បាប់របស់ព្រះដោយសារយើងខ្លាចទទួលទណ្ឌកម្មទេ តែសេចក្ដីស្រឡាញ់ចំពោះព្រះជំរុញយើងឲ្យព្យាយាមធ្វើឲ្យលោកពេញចិត្តដោយគាំទ្រខ្នាតតម្រារបស់លោក ជាជាងបង្កើតខ្នាតតម្រារបស់យើង។ យើងទទួលស្គាល់ថាការធ្វើដូចនេះគឺជាអ្វីដែលត្រឹមត្រូវ ហើយថាព្រះបានបង្កើតយើងមកឲ្យធ្វើដូច្នេះ។ យើងត្រូវស្រឡាញ់សេចក្ដីសុចរិតដូចលោកយេស៊ូគ្រិស្តដែលជាស្តេចនៃរាជាណាចក្ររបស់ព្រះ។—ហេ. ១:៨, ៩
៤. ហេតុអ្វីសំខាន់ម្ល៉េះឲ្យយើងស្វែងរកសេចក្ដីសុចរិតរបស់ព្រះ?
៤ តើការស្វែងរកសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាសំខាន់យ៉ាងណា? សូមពិចារណាហេតុការណ៍នេះ។ នៅសួនអេដែន ការល្បងលដំបូងមានមូលដ្ឋានលើចំណុចដែលថា អាដាមនិងអេវ៉ាទទួលស្គាល់ឬមិនទទួលស្គាល់ថាព្រះយេហូវ៉ាមានសិទ្ធិកំណត់ខ្នាតតម្រា។ (លោ. ២:១៧; ៣:៥) ដោយសារពួកគេមិនទទួលស្គាល់ថាព្រះមានសិទ្ធិកំណត់ខ្នាតតម្រា នេះបាននាំឲ្យយើងដែលជាកូនចៅរបស់ពួកគេ មានទុក្ខលំបាកនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១២) ផ្ទុយទៅវិញ បណ្ដាំរបស់ព្រះចែងថា៖ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្ដិសព្ទ»។ (សុភ. ២១:២១, យើងកែជាអក្សរទ្រេត) ត្រូវហើយ ការស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុននាំមកនូវទំនាក់ទំនងដ៏សុខដុមជាមួយព្រះយេហូវ៉ា ហើយនេះនឹងនាំឲ្យយើងទទួលសេចក្ដីសង្គ្រោះ។—រ៉ូម ៣:២៣, ២៤
ចូរប្រយ័ត្នកុំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការខំបង្ហាញថាខ្លួនជាមនុស្សសុចរិត
៥. តើយើងត្រូវជៀសចេញពីអន្ទាក់អ្វី?
៥ ពេលសាវ័កប៉ូលបានសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម គាត់បានគូសបញ្ជាក់អំពីអន្ទាក់មួយដែលយើងទាំងអស់គ្នាត្រូវជៀសចេញ បើយើងចង់បានជោគជ័យក្នុងការស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុន។ ដោយនិយាយអំពីជនជាតិយូដាដែលជាជនរួមជាតិរបស់គាត់ ប៉ូលបានស្រដីថា៖ «ខ្ញុំជាសាក្សីបញ្ជាក់ថា ពួកគេមានចិត្តខ្នះខ្នែងក្នុងការបម្រើព្រះ តែដោយគ្មានចំណេះត្រឹមត្រូវ ព្រោះពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយសារពួកគេមិនស្គាល់សេចក្ដីសុចរិតរបស់ព្រះទេ តែខំប្រឹងបញ្ជាក់ថាខ្លួនជាអ្នកសុចរិតវិញ»។ (រ៉ូម ១០:២, ៣) យោងទៅតាមប៉ូល ពួកអ្នកគោរពប្រណិប័តន៍ទាំងនោះមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះទេ ពីព្រោះពួកគេជាប់រវល់ខំប្រឹងបញ្ជាក់ថាពួកគេជាមនុស្សសុចរិត។
៦. តើយើងមិនចង់មានគំនិតបែបណា? ហើយហេតុអ្វី?
៦ អ្វីមួយដែលអាចបណ្ដាលឲ្យយើងមានចិត្តគំនិតបែបនេះ គឺដោយគិតថា កិច្ចបម្រើព្រះគឺដូចជាការប្រកួតប្រជែងគ្នា ហើយប្រៀបធៀបខ្លួនយើងជាមួយអ្នកឯទៀត។ ចិត្តគំនិតបែបនេះងាយនាំឲ្យយើងមានទំនុកចិត្តហួសហេតុពេកលើសមត្ថភាពរបស់យើង។ ប៉ុន្តែ បើយើងមានគំនិតបែបនោះ តាមពិតនេះបង្ហាញថា យើងភ្លេចអំពីសេចក្ដីសុចរិតរបស់ព្រះហើយ។ (កាឡ. ៦:៣, ៤) បំណងចិត្តត្រឹមត្រូវដែលជំរុញយើងឲ្យធ្វើអ្វីដែលត្រឹមត្រូវ គឺជាសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ បើយើងអះអាងថាយើងស្រឡាញ់ ព្រះ តែយើងព្យាយាមបញ្ជាក់ថាយើងជាមនុស្សសុចរិត នេះធ្វើឲ្យការអះអាងរបស់យើងទៅជាអសារឥតការ។—សូមអាន លូកា ១៦:១៥
៧. តើលោកយេស៊ូបានមានប្រសាសន៍អ្វីស្តីអំពីអ្នកដែលថាខ្លួនសុចរិត?
៧ លោកយេស៊ូបានគិតអំពីពួកអ្នកដែល«ជឿជាក់ថាខ្លួនសុចរិត ហើយចាត់ទុកថាអ្នកដទៃគ្មានតម្លៃសោះ»។ ស្តីអំពីបញ្ហានេះ លោកបានលើកឧទាហរណ៍មួយដោយមានប្រសាសន៍ថា៖ «មានបុរសពីរនាក់ឡើងទៅវិហារដើម្បីអធិដ្ឋាន។ ម្នាក់គឺជាផារិស៊ី ហើយម្នាក់ទៀតជាអ្នកយកពន្ធ។ បុរសផារិស៊ីនោះបានឈរអធិដ្ឋានក្នុងចិត្តថា៖ ‹ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត ដែលជាអ្នកគំរាមយកប្រាក់ ជាអ្នកមិនសុចរិត ជាអ្នកផិតក្បត់។ ខ្ញុំក៏អរគុណលោកដែលខ្ញុំមិនដូចអ្នកយកពន្ធម្នាក់នេះដែរ។ ខ្ញុំតមអាហារពីរដងរាល់សប្ដាហ៍ ក៏ជូនមួយភាគដប់នៃរបស់ទាំងអស់ដែលខ្ញុំទទួល›។ ប៉ុន្តែអ្នកយកពន្ធដែលកំពុងឈរពីចម្ងាយ មិនទាំងហ៊ានងើបមុខមើលទៅលើមេឃផង ក៏ចេះតែគក់ទ្រូងថា៖ ‹ឱព្រះអើយ សូមប្រោសប្រណីខ្ញុំជាអ្នកប្រព្រឹត្តអំពើខុសឆ្គងផង›»។ លោកបានបញ្ចប់ឧទាហរណ៍នេះដោយមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បុរសនេះបានចុះទៅផ្ទះវិញដោយសឲ្យឃើញថាគាត់សុចរិតជាងបុរសនោះ ពីព្រោះអស់អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើងវិញ»។—លូក. ១៨:៩-១៤
ចូរប្រយ័ត្នកុំឲ្យធ្លាក់ចូលក្នុងអន្ទាក់មួយទៀត គឺការធ្វើជា«មនុស្សសុចរិតហួសល្បត់»
៨, ៩. តើការធ្វើជា«មនុស្សសុចរិតហួសល្បត់»មានន័យយ៉ាងណា? តើការមានគំនិតបែបនេះអាចនាំឲ្យយើងធ្វើអ្វី?
៨ សាស្ដា ៧:១៦រៀបរាប់អំពីអន្ទាក់មួយទៀតដែលយើងត្រូវជៀសចេញ។ បទគម្ពីរនោះចែងថា៖ ‹កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី?›។ ដូចបានឃើញនៅខ២០ អ្នកសរសេរគម្ពីរដែលបានត្រូវដឹកនាំដោយព្រះ បានពន្យល់ពីមូលហេតុដែលយើងមិនគួរមានគំនិតបែបនេះ ដោយថា៖ «ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយ»។ «មនុស្សសុចរិតហួសល្បត់»បង្កើតខ្នាតតម្រារបស់ខ្លួនស្តីអំពីសេចក្ដីសុចរិត ហើយវិនិច្ឆ័យអ្នកឯទៀតយោងទៅតាមខ្នាតតម្រានោះ។ ក៏ប៉ុន្តែ គាត់មិនបានទទួលស្គាល់ថាដោយធ្វើដូច្នេះ គាត់តម្កើងខ្នាតតម្រារបស់គាត់ខ្ពស់ជាងខ្នាតតម្រារបស់ព្រះ ហើយយ៉ាងនេះ តាមទស្សនៈរបស់ព្រះ គាត់សឲ្យឃើញថាគាត់ជាមនុស្សមិនសុចរិត។
៩ ការធ្វើជា«មនុស្សសុចរិតហួសល្បត់»អាចបណ្ដាលឲ្យយើងសង្ស័យលើរបៀបដែលព្រះយេហូវ៉ាដោះស្រាយរឿងផ្សេងៗ។ ប៉ុន្តែ យើងត្រូវចាំថា បើយើងសង្ស័យអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ព្រះយេហូវ៉ា តាមពិតយើងចាប់ផ្ដើមតម្កើងខ្នាតតម្រារបស់យើងស្តីអំពីសេចក្ដីសុចរិតខ្ពស់ជាងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ នេះគឺហាក់ដូចជាយើងចោទប្រកាន់ព្រះយេហូវ៉ា ហើយវិនិច្ឆ័យលោកតាមខ្នាតតម្រារបស់យើងស្តីអំពីអ្វីដែលត្រឹមត្រូវនិងអ្វីដែលខុស។ ប៉ុន្តែគឺព្រះយេហូវ៉ាទេដែលមានសិទ្ធិកំណត់ខ្នាតតម្រាស្តីអំពីសេចក្ដីសុចរិត មិនមែនយើងទេ!—រ៉ូម ១៤:១០
១០. ដូចក្នុងករណីរបស់យ៉ូប តើអ្វីអាចបណ្ដាលឲ្យយើងវិនិច្ឆ័យព្រះ?
១០ គ្មាននរណាក្នុងចំណោមយើងរាល់គ្នាដែលចង់វិនិច្ឆ័យព្រះដោយចេតនាទេ តែភាពមិនល្អឥតខ្ចោះរបស់យើងអាចនាំឲ្យយើងធ្វើដូច្នេះ។ គឺងាយឲ្យយើងធ្វើដូច្នេះ ពេលយើងឃើញអ្វីៗកើតឡើងដែលយើងគិតថាអយុត្ដិធម៌ ឬបើយើងរងទុក្ខលំបាក។ សូម្បីតែយ៉ូបដែលជាមនុស្សស្មោះត្រង់ម្នាក់ក៏បានយល់ច្រឡំដែរ។ នៅដើមដំបូង គម្ពីរបានពណ៌នាថាយ៉ូបជាអ្នក«គ្រប់លក្ខណ៍ ហើយទៀងត្រង់ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់»។ (យ៉ូប ១:១) ប៉ុន្តែក្រោយមក យ៉ូបឆ្លងកាត់ទុក្ខលំបាកជាបន្តបន្ទាប់ ដែលតាមគំនិតរបស់គាត់ជាអ្វីដែលអយុត្ដិធម៌។ នេះនាំឲ្យយ៉ូបប្រកាសថា‹ខ្លួនជាមនុស្សសុចរិត›ជាជាងថាព្រះសុចរិត។ (យ៉ូប ) ព្រះត្រូវកែតម្រង់ទស្សនៈរបស់យ៉ូប។ ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើលឡើយ បើជួនកាលយើងស្ថិតក្រោមកាលៈទេសៈស្រដៀងគ្នានេះ។ បើរឿងនោះកើតឡើង តើអ្វីអាចជួយយើងឲ្យកែតម្រង់គំនិតរបស់យើង? ៣២:១, ២
យើងមិនតែងតែដឹងការពិតទាំងអស់ឡើយ
១១, ១២. (ក) បើយើងគិតថាមានអំពើអយុត្ដិធម៌កើតឡើង តើយើងត្រូវចាំអំពីអ្វី? (ខ) ហេតុអ្វីអ្នកខ្លះប្រហែលជាមានអារម្មណ៍ថា ឧទាហរណ៍របស់លោកយេស៊ូស្តីអំពីកម្មករដែលធ្វើការនៅចម្ការទំពាំងបាយជូរ បង្ហាញពីរឿងមួយដែលអយុត្ដិធម៌?
១១ ចំណុចទី១ដែលយើងត្រូវចាំគឺ យើងមិនតែងតែដឹងការពិតទាំងអស់ឡើយ។ ក្នុងករណីរបស់យ៉ូបក៏ដូចគ្នាដែរ។ គាត់មិនដឹងទេថាសាថានបានចោទគាត់មិនត្រឹមត្រូវ ពេលទេវតាទាំងឡាយជួបជុំគ្នានៅស្ថានសួគ៌។ (យ៉ូប ១:៧-១២; ២:១-៦) យ៉ូបមិនដឹងទេថា សាថានជាអ្នកធ្វើឲ្យគាត់មានទុក្ខលំបាក។ តាមពិត យើងមិនអាចប្រាកដថា យ៉ូបដឹងថាសាថានជានរណាទេ! ហេតុនេះហើយបានជាគាត់គិតស្មានខុសថា ទុក្ខលំបាកដែលគាត់មានគឺបណ្ដាលមកពីព្រះ។ ត្រូវហើយ ពេលយើងមិនដឹងការពិតទាំងអស់ គឺងាយឲ្យយើងសន្និដ្ឋានខុស។
១២ ដើម្បីយល់ចំណុចនេះ សូមពិចារណាអំពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីកម្មករដែលធ្វើការនៅចម្ការទំពាំងបាយជូរ។ (សូមអាន ម៉ាថាយ ២០:៨-១៦) លោកយេស៊ូបានពណ៌នាអំពីម្ចាស់ដីម្នាក់ដែលឲ្យកម្មករទាំងអស់នូវប្រាក់ឈ្នួលស្មើៗគ្នា ទោះបីកម្មករធ្វើការពេញមួយថ្ងៃឬមួយម៉ោងក្ដី។ តើអ្នកមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ? តើនេះមើលទៅគឺត្រឹមត្រូវឬទេ? ដំបូងប្រហែលអ្នកអាណិតកម្មករដែលបានធ្វើការពេញមួយថ្ងៃទាំងហាលថ្ងៃទៀតផង។ ប្រហែលអ្នកគិតថាពួកគេពិតជាត្រូវទទួលប្រាក់ឈ្នួលច្រើនជាង! ដោយមានគំនិតដូចនេះ មើលទៅម្ចាស់ដីនោះអយុត្ដិធម៌ ហើយគ្មានសេចក្ដីស្រឡាញ់ទេ។ អ្នកខ្លះក៏ប្រហែលជាអាចគិតដែរថា យោងទៅតាមចម្លើយរបស់ម្ចាស់ដីទៅកម្មករដែលត្អូញត្អែរ ម្ចាស់ដីនោះអាងអំណាចរបស់គាត់។ ប៉ុន្តែ តើយើងដឹងអំពីការពិតទាំងអស់ឬទេ?
១៣. ចំពោះឧទាហរណ៍របស់លោកយេស៊ូអំពីកម្មករដែលធ្វើការនៅចម្ការទំពាំងបាយជូរ តើយើងអាចគិតតាមទស្សនៈមួយទៀតណា?
១៣ ចូរយើងវិភាគឧទាហរណ៍នេះតាមទស្សនៈមួយទៀត។ គឺសមហេតុសមផលឲ្យយើងសន្និដ្ឋានថា ម្ចាស់ដីក្នុងឧទាហរណ៍ដឹងថាកម្មករទាំងនោះត្រូវចិញ្ចឹមគ្រួសាររបស់ពួកគេ។ នៅសម័យលោកយេស៊ូ កម្មករទទួលប្រាក់ឈ្នួលប្រចាំថ្ងៃ។ ក្រុមគ្រួសាររបស់ពួកគេពឹងផ្អែកលើប្រាក់ឈ្នួលដែលពួកគេទទួលរាល់ថ្ងៃ។ ដោយដឹងអំពីចំណុចទាំងនេះ សូមគិតអំពីស្ថានភាពរបស់កម្មករដែលម្ចាស់ដីឃើញនៅពេលល្ងាច ហើយដែលបានធ្វើការតែមួយម៉ោងប៉ុណ្ណោះ។ ប្រហែលពួកគេមិនអាចចិញ្ចឹមគ្រួសាររបស់ពួកគេបានទេបើទទួលប្រាក់ឈ្នួលសម្រាប់មួយម៉ោង តែពួកគេចង់ធ្វើការ ហើយបានរង់ចាំពេញមួយថ្ងៃឲ្យគេជួលពួកគេ។ (ម៉ាថ. ២០:១-៧) បើគេមិនបានជួលពួកគេឲ្យធ្វើការពេញមួយថ្ងៃ នេះមិនមែនជាកំហុសរបស់ពួកគេទេ។ គ្មានអ្វីដែលបង្ហាញឲ្យដឹងថាពួកគេខំគេចវេះពីការងារឡើយ។ សូមស្រមៃគិតក្នុងចិត្តថា អ្នកនឹងមានអារម្មណ៍យ៉ាងណាបើអ្នកត្រូវចាំពេញមួយថ្ងៃ ដោយដឹងថាក្រុមគ្រួសាររបស់អ្នកពឹងផ្អែកទៅលើប្រាក់ដែលអ្នកអាចរកបានក្នុងថ្ងៃនោះ។ អ្នកពិតជាដឹងគុណម្ចាស់ដីនោះណាស់ដែលឲ្យអ្នកមានការងារធ្វើ ហើយអ្នកពិតជាភ្ញាក់ផ្អើលណាស់ពេលទទួលប្រាក់ឈ្នួលគ្រប់គ្រាន់ដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់អ្នក!
១៤. តើយើងទាញមេរៀនសំខាន់អ្វីពីឧទាហរណ៍អំពីកម្មករដែលធ្វើការនៅចម្ការទំពាំងបាយជូរ?
១៤ ឥឡូវចូរយើងគិតម្ដងទៀតអំពីការប្រព្រឹត្តរបស់ម្ចាស់ដី។
គាត់មិនបានឲ្យប្រាក់ឈ្នួលមិនពេញតម្លៃទៅកម្មករណាម្នាក់ឡើយ។ ផ្ទុយទៅវិញ របៀបដែលគាត់បានប្រព្រឹត្តទៅលើកម្មករទាំងនោះ បង្ហាញថាគាត់គោរពសិទ្ធិរបស់ពួកគេក្នុងការចិញ្ចឹមខ្លួននិងក្រុមគ្រួសាររបស់ពួកគេ ដូចអ្នកឯទៀតដែរ។ ដោយមានកម្មករជាច្រើន ម្ចាស់ដីប្រហែលជាអាចឆ្លៀតយកឱកាសនោះដើម្បីជួលកម្មករដោយឲ្យប្រាក់ឈ្នួលថោកជាង។ ប៉ុន្តែគាត់មិនបានធ្វើដូច្នេះឡើយ។ កម្មករទាំងអស់ដែលគាត់ជួលបានទទួលប្រាក់ឈ្នួលគ្រប់គ្រាន់ដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេ។ ដោយគិតអំពីចំណុចបន្ថែមដូចនេះ ប្រហែលជានាំឲ្យយើងផ្លាស់ប្ដូរទស្សនៈរបស់យើងចំពោះការប្រព្រឹត្តរបស់ម្ចាស់ដី។ ការសម្រេចចិត្តរបស់គាត់គឺប្រកបដោយសេចក្ដីស្រឡាញ់ មិនមែនដោយអាងអំណាចរបស់គាត់ឡើយ។ តើយើងអាចទាញមេរៀនអ្វីខ្លះ? គឺការពិចារណាតែការពិតខ្លះៗប៉ុណ្ណោះអាចនាំឲ្យយើងសន្និដ្ឋានខុស។ ប្រាកដហើយ ឧទាហរណ៍នេះគូសបញ្ជាក់ភាពខ្ពង់ខ្ពស់នៃសេចក្ដីសុចរិតរបស់ព្រះ ដែលមិនមានមូលដ្ឋានលើច្បាប់ ឬលើចំណុចដែលថាមនុស្សសមឬមិនសមទទួលប៉ុណ្ណោះឡើយ។ទស្សនៈរបស់យើងប្រហែលជាមិនត្រឹមត្រូវឬមានកម្រិត
១៥. ហេតុអ្វីទស្សនៈរបស់យើងស្តីអំពីអ្វីដែលអយុត្ដិធម៌ ប្រហែលជាមិនត្រឹមត្រូវឬមានកម្រិត?
១៥ ចំណុចទី២ដែលយើងត្រូវចាំពេលយើងជួបប្រទះស្ថានការណ៍ដែលមើលទៅដូចជាអយុត្ដិធម៌ គឺថាទស្សនៈរបស់យើងប្រហែលជាមិនត្រឹមត្រូវឬមានកម្រិត។ ភាពមិនល្អឥតខ្ចោះ ការប្រកាន់ពូជសាសន៍ឬវប្បធម៌អាចនាំឲ្យយើងមានទស្សនៈមិនត្រឹមត្រូវ។ ម្យ៉ាងទៀត ទស្សនៈរបស់យើងមានកម្រិតដោយសារយើងគ្មានសមត្ថភាពយល់បំណងចិត្តនិងដឹងអ្វីៗដែលពិតប្រាកដក្នុងចិត្តរបស់មនុស្សទេ។ ផ្ទុយទៅវិញ ទស្សនៈរបស់ព្រះយេហូវ៉ានិងលោកយេស៊ូគ្មានកម្រិតបែបនោះឡើយ។—សុភ. ២៤:១២; ម៉ាថ. ៩:៤; លូក. ៥:២២
១៦, ១៧. ពេលដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងជាមួយនាងបាតសេបា ហេតុអ្វីព្រះយេហូវ៉ាប្រហែលជាមិនបានអនុវត្តច្បាប់របស់លោកស្តីអំពីការផិតក្បត់?
១៦ សូមយើងពិនិត្យមើលកំណត់ហេតុអំពីការផិតក្បត់របស់ដាវីឌជាមួយនាងបាតសេបា។ (២សាំ. ១១:២-៥) យោងទៅតាមច្បាប់ម៉ូសេ ពួកគេទាំងពីរនាក់សមនឹងស្លាប់។ (លេវី. ២០:១០; ចោ. ២២:២២) ទោះជាព្រះយេហូវ៉ាបានដាក់ទណ្ឌកម្មលើពួកគេក៏ដោយ លោកមិនបានអនុវត្តច្បាប់របស់លោកឡើយ។ តើព្រះយេហូវ៉ាប្រព្រឹត្តដោយអយុត្ដិធម៌ឬ? តើលោកលម្អៀងទៅលើដាវីឌ ហើយបំពានខ្នាតតម្រាសុចរិតរបស់លោកឬ? អ្នកខ្លះដែលអានគម្ពីរមានអារម្មណ៍ដូច្នោះ។
១៧ ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានផ្ដល់ច្បាប់អំពីការផិតក្បត់ទៅពួកចៅក្រមដែលមិនអាចមើលធ្លុះចិត្តរបស់មនុស្សទេ។ ថ្វីបើទស្សនៈរបស់ពួកគេមានកម្រិតក៏ដោយ ច្បាប់នេះបានជួយពួកគេឲ្យវិនិច្ឆ័យទោសរឿងនេះដូចគ្នារាល់ដង។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាអាចមើលធ្លុះចិត្តរបស់មនុស្ស។ (លោ. ១៨:២៥; ១រប. ២៩:១៧) ដូច្នេះ មិនគប្បីឲ្យយើងគិតថា ព្រះយេហូវ៉ាស្ថិតនៅក្រោមច្បាប់ដែលលោកបានបង្កើតសម្រាប់ចៅក្រមដែលមិនល្អឥតខ្ចោះឡើយ។ បើយើងធ្វើដូច្នេះ គឺហាក់ដូចជាយើងបង្ខំអ្នកដែលមើលឃើញច្បាស់ឲ្យពាក់វ៉ែនតាដែលបានត្រូវបង្កើតសម្រាប់អ្នកដែលមើលឃើញមិនច្បាស់ មែនទេ? ព្រះយេហូវ៉ាអាចមើលធ្លុះចិត្តរបស់ដាវីឌនិងបាតសេបា ហើយឃើញថាពួកគេបានប្រែចិត្តយ៉ាងស្មោះ។ ដោយពិចារណាអំពីការប្រែចិត្តរបស់ពួកគេ លោកបានវិនិច្ឆ័យពួកគេដោយសេចក្ដីស្រឡាញ់និងដោយសេចក្ដីមេត្ដាករុណាស្របតាមការប្រែចិត្តនោះ។
បន្តស្វែងរកសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា
១៨, ១៩. តើអ្វីនឹងជួយយើងមិនឲ្យវិនិច្ឆ័យព្រះយេហូវ៉ាតាមខ្នាតតម្រារបស់យើងស្តីអំពីសេចក្ដីសុចរិត?
១៨ ដូច្នេះ បើជួនកាលយើងគិតថាព្រះយេហូវ៉ាប្រព្រឹត្តដោយអយុត្ដិធម៌ ទោះជាដោយសារអ្វីដែលយើងអានក្នុងគម្ពីរឬបានឆ្លងកាត់ក្នុងជីវិតយើងផ្ទាល់ក៏ដោយ សូមកុំឲ្យយើងវិនិច្ឆ័យព្រះតាមខ្នាតតម្រារបស់យើងស្តីអំពីសេចក្ដីសុចរិត។ សូមចាំថាយើងមិនតែងតែដឹងការពិតទាំងអស់ឡើយ ហើយចាំថាទស្សនៈរបស់យើងប្រហែលជាមិនត្រឹមត្រូវ ថែមទាំងមានកម្រិត។ កុំឲ្យយើងភ្លេចថាយ៉ា. ១:១៩, ២០) តាមវិធីនេះ យើងនឹងមិនដែល«ខឹងព្រះយេហូវ៉ា»ឡើយ។—សុភ. ១៩:៣, ព.ថ.
«កំហឹងរបស់មនុស្សមិននាំឲ្យបានសេចក្ដីសុចរិតរបស់ព្រះទេ»។ (១៩ ដូចលោកយេស៊ូ សូមយើងទទួលស្គាល់ជានិច្ចថា មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិបង្កើតខ្នាតតម្រាចំពោះអ្វីៗដែលសុចរិតនិងអ្វីៗដែលល្អ។ (ម៉ាក. ១០:១៧, ១៨) ចូរព្យាយាមទទួល«ចំណេះត្រឹមត្រូវ»អំពីខ្នាតតម្រារបស់លោក។ (រ៉ូម ១០:២; ២ធី. ៣:៧) ដោយទទួលយកខ្នាតតម្រាទាំងនេះ ហើយរស់នៅសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា យើងបង្ហាញថាយើងកំពុងស្វែងរក«សេចក្ដីសុចរិតរបស់ព្រះ»ជាមុន។—ម៉ាថ. ៦:៣៣
តើអ្នកចាំឬទេ?
• ហេតុអ្វីសំខាន់ឲ្យយើងស្វែងរកសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា?
• តើអន្ទាក់ពីរដែលយើងត្រូវជៀសចេញគឺជាអ្វី?
• តើយើងអាចស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុនយ៉ាងដូចម្ដេច?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២០]
តើយើងទាញមេរៀនអ្វីពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីបុរសពីរនាក់ដែលបានអធិដ្ឋាននៅវិហារ?
[រូបភាពនៅទំព័រ២១]
អ្នកដែលធ្វើការមួយម៉ោងនិងអ្នកដែលធ្វើការពេញមួយថ្ងៃទទួលប្រាក់ឈ្នួលស្មើគ្នា តើនេះត្រឹមត្រូវឬទេ?