លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា?»

«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា?»

«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា?»

«‹តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា ដើម្បី​អាច​ណែនាំ​លោក​បាន?› តែ​យើង​មាន​ចិត្ត​គំនិត​របស់​គ្រិស្ត​វិញ»។—១កូ. ២:១៦

១, ២. (ក) តើ​មនុស្ស​ជា​ច្រើន​ប្រឈម​មុខ​ការ​ពិបាក​អ្វី? (ខ) តើ​យើង​ត្រូវ​ចាំ​អ្វី​ខ្លះ​ស្តី​អំពី​គំនិត​របស់​យើង​និង​គំនិត​របស់​ព្រះ​យេហូវ៉ា?

តើ​អ្នក​ធ្លាប់​ពិបាក​យល់​ពី​មូលហេតុ​ដែល​អ្នក​ឯ​ទៀត​គិត​ធ្វើ​អ្វី​មួយ​ឬ​ទេ? ឧទាហរណ៍ ប្រហែល​អ្នក​ទើប​តែ​រៀប​ការ ហើយ​ធ្លាប់​និយាយ​ថា៖ «ខ្ញុំ​មិន​យល់​សោះ​អំពី​មូលហេតុ​ដែល​គូ​របស់​ខ្ញុំ​គិត​ដូច្នោះ»។ ពិត​មែន បុរស​និង​ស្ត្រី​គិត ថែម​ទាំង​មាន​របៀប​បញ្ចេញ​មតិ​យោបល់​ផ្សេង​ពី​គ្នា។ នៅ​ប្រទេស​ខ្លះ សូម្បី​តែ​មាន​ភាសា​តែ​មួយ​ក្ដី បុរស​និង​ស្ត្រី​ប្រើ​ពាក្យ​ពេចន៍​ខុស​ពី​គ្នា! បន្ថែម​ទៅ​ទៀត ភាព​ខុស​គ្នា​រវាង​វប្បធម៌​និង​ភាសា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ខុស​ៗ​គ្នា​ដែរ។ ក៏​ប៉ុន្តែ កាល​ណា​យើង​ស្គាល់​អ្នក​ឯ​ទៀត​កាន់​តែ​ច្បាស់ យើង​មាន​ឱកាស​កាន់​តែ​ច្រើន​ដើម្បី​ចាប់​ផ្ដើម​យល់​គំនិត​របស់​គាត់។

ហេតុ​នេះ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ​ដោយ​ដឹង​ថា គំនិត​របស់​យើង​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​គំនិត​របស់​ព្រះ​យេហូវ៉ា។ តាម​រយៈ​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​របស់​លោក ព្រះ​យេហូវ៉ា​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា៖ «គំនិត​អញ​មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ»។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​លើក​ឧទាហរណ៍​ដើម្បី​បញ្ជាក់​ចំណុច​នេះ ដោយ​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ»។—អេ. ៥៥:៨, ៩

៣. យើង​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​យេហូវ៉ា​តាម​វិធី​ពីរ​យ៉ាង តើ​វិធី​ពីរ​នោះ​គឺ​ជា​អ្វី?

ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​យើង​មិន​គួរ​ខំ​ប្រឹង​យល់​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទេ។ ទោះ​បី​យើង​មិន​អាច​យល់​យ៉ាង​ពេញ​លេញ​នូវ​គំនិត​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ គម្ពីរ​នៅ​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន«សេចក្ដី​មេត្រី​មិត្ត»ឬ​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​យេហូវ៉ា។ (សូម​អាន ទំនុក​តម្កើង ២៥:១៤; សុភាសិត ៣:៣២) វិធី​មួយ​ដែល​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​គឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​សកម្មភាព​របស់​លោក ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (ទំនុក. ២៨:៥) វិធី​មួយ​ទៀត​គឺ​ដោយ​ស្គាល់«ចិត្ត​គំនិត​របស់​គ្រិស្ត»ដែល‹មាន​លក្ខណៈ​ដូច​គ្នា​ទាំង​ស្រុង​នឹង​ព្រះ​ដែល​យើង​មើល​មិន​ឃើញ›។ (១កូ. ២:១៦; កូឡ. ១:១៥) បើ​យើង​ចំណាយ​ពេល​សិក្សា​កំណត់​ហេតុ​គម្ពីរ ហើយ​រំពឹង​គិត​អំពី​កំណត់​ហេតុ​ទាំង​នោះ យើង​អាច​ចាប់​ផ្ដើម​យល់​អំពី​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា និង​អំពី​របៀប​គិត​គូរ​របស់​លោក។

ប្រយ័ត្ន​មិន​ឲ្យ​មាន​ទំនោរ​ចិត្ត​មួយ​ដែល​មិន​ត្រឹម​ត្រូវ

៤, ៥. (ក) តើ​យើង​មិន​ត្រូវ​មាន​ទំនោរ​ចិត្ត​អ្វី? សូម​ពន្យល់។ (ខ) តើ​ជន​ជាតិ​អ៊ីស្រាអែល​គិត​ខុស​យ៉ាង​ណា?

កាល​ដែល​យើង​រំពឹង​គិត​អំពី​សកម្មភាព​របស់​ព្រះ​យេហូវ៉ា យើង​មិន​ត្រូវ​មាន​ទំនោរ​ចិត្ត​វិនិច្ឆ័យ​ព្រះ​តាម​ខ្នាត​តម្រា​របស់​មនុស្ស​ទេ។ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ទំនោរ​ចិត្ត​នេះ នៅ​ទំនុក​តម្កើង ៥០:២១ ដោយ​ថា៖ «ឯង​បាន​គិត​ស្មានថា អញ​ដូច​ឯង»។ នេះ​គឺ​ដូច​នឹង​អ្វី​ដែល​បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​បាន​ពោល​ជាង​១៧៥​ឆ្នាំ​មុន ដែល​ថា៖ «មនុស្ស​មាន​ទំនោរ​ចិត្ត​វិនិច្ឆ័យ​ព្រះ​តាម​ខ្នាត​តម្រា​របស់​ខ្លួន ហើយ​ច្បាប់​ដែល​គេ​គិត​ថា​មនុស្ស​ត្រូវ​ធ្វើ​តាម គេ​ស្មានថា​ព្រះ​ត្រូវ​ធ្វើ​តាម​ច្បាប់​នោះ​ដែរ»។

យើង​ត្រូវ​ប្រយ័ត្ន​មិន​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​និង​ខ្នាត​តម្រា​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​ប្រយ័ត្ន​មិន​ធ្វើ​ដូច្នេះ? ពី​ព្រោះ​ពេល​យើង​សិក្សា​បទ​គម្ពីរ យើង​ប្រហែល​ជា​គិត​ថា ការ​ប្រព្រឹត្ត​ខ្លះ​របស់​ព្រះ​យេហូវ៉ា​មិន​សូវ​ត្រឹម​ត្រូវ​ទេ។ នេះ​ដោយ​សារ​ទស្សនៈ​របស់​យើង​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ការ​យល់​ដឹង​របស់​យើង​មាន​កម្រិត។ ជន​ជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ធ្លាប់​មាន​គំនិត​បែប​នេះ ហើយ​បាន​សន្និដ្ឋាន​ខុស​ស្តី​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​គេ។ សូម​កត់​សម្គាល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់គ្នា​ពោល​ថា ‹ព្រះ​អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!›។ ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ»។—អេគ. ១៨:២៥, ខ.ស.

៦. តើ​យ៉ូប​បាន​រៀន​មេ​រៀន​អ្វី? តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​បទ​ពិសោធន៍​របស់​គាត់?

អ្វី​មួយ​ដែល​អាច​ជួយ​យើង​មិន​ឲ្យ​វិនិច្ឆ័យ​ព្រះ​យេហូវ៉ា​តាម​ខ្នាត​តម្រា​របស់​យើង គឺ​ឲ្យ​យើង​ទទួល​ស្គាល់​ថា​ការ​យល់​ដឹង​របស់​យើង​មាន​កម្រិត ហើយ​ជួន​កាល​យើង​មាន​ទស្សនៈ​ខុស​ឆ្ងាយ​ពី​ការ​ពិត។ យ៉ូប​បាន​រៀន​មេ​រៀន​នេះ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​រង​ទុក្ខ យ៉ូប​អស់​សង្ឃឹម ហើយ​បាន​ចាប់​គិត​អំពី​ខ្លួន​គាត់​វិញ។ គាត់​លែង​គិត​អំពី​រឿង​ដែល​សំខាន់​ជាង​បញ្ហា​របស់​គាត់​ទៀត។ ប៉ុន្តែ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​មាន​ទស្សនៈ​ទូលំ​ទូលាយ​វិញ។ លោក​បាន​សួរ​យ៉ូប​នូវ​សំណួរ​ជាង​៧០​ខុស​ៗ​ពី​គ្នា​ដែល​យ៉ូប​មិន​អាច​ឆ្លើយ​បាន​មួយ​ទេ ហើយ​ដោយ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា ការ​យល់​ដឹង​របស់​យ៉ូប​មាន​កម្រិត។ ក្រោយ​ពី​នេះ យ៉ូប​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​រាប​ទាប ហើយ​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់។—សូម​អាន យ៉ូប ៤២:១​-​៦

ការ​មាន«ចិត្ត​គំនិត​របស់​គ្រិស្ត»

៧. បើ​យើង​ពិនិត្យ​មើល​សកម្មភាព​របស់​លោក​យេស៊ូ ហេតុ​អ្វី​នេះ​ជួយ​យើង​ឲ្យ​យល់​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា?

ក្នុង​ការ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​និង​ប្រព្រឹត្ត លោក​បាន​យក​តម្រាប់​តាម​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (យ៉ូន. ១៤:៩) ហេតុ​នេះ ការ​ពិនិត្យ​មើល​សកម្មភាព​របស់​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​យល់​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា។ (រ៉ូម ១៥:៥; ភី. ២:៥) ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​កំណត់​ហេតុ​ពីរ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ដំណឹង​ល្អ។

៨, ៩. ដូច​បាន​កត់​ទុក​នៅ​យ៉ូហាន ៦:១​-​៥ តើ​មាន​បញ្ហា​អ្វី​ដែល​បណ្ដាល​ឲ្យ​លោក​យេស៊ូ​សួរ​សំណួរ​មួយ​ទៅ​ភីលីព? ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​សួរ​សំណួរ​នោះ?

សូម​នឹក​គិត​ក្នុង​ចិត្ត​ថា ជិត​ដល់​ពេល​ធ្វើ​បុណ្យ​រំលង នា​ឆ្នាំ​៣២ គ.ស.។ ពួក​សាវ័ក​របស់​លោក​យេស៊ូ​ទើប​នឹង​ត្រឡប់​មក​ពី​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ពាស​ពេញ​ស្រុក​កាលីឡេ។ ដោយ​សារ​ពួក​គេ​អស់​កម្លាំង លោក​យេស៊ូ​បាន​យក​ពួក​គេ​ទៅ​កន្លែង​ដាច់​ស្រយាល​មួយ​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ។ ប៉ុន្តែ​មនុស្ស​រាប់​ពាន់​នាក់​បាន​តាម​ពួក​គាត់​ទៅ​ទី​នោះ។ ដូច្នេះ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ជា​សះ​ស្បើយ ហើយ​បង្រៀន​ពួក​គេ​នូវ​អ្វី​ៗ​ជា​ច្រើន តែ​ក្រោយ​មក​ពួក​គេ​ជួប​ប្រទះ​បញ្ហា​មួយ។ តើ​មនុស្ស​រាប់​ពាន់​នាក់​ទាំង​នេះ​នឹង​បាន​អ្វី​បរិភោគ​នៅ​កន្លែង​ដែល​ដាច់​ស្រយាល​នោះ? លោក​យេស៊ូ​បាន​កត់​សម្គាល់​អំពី​សេចក្ដី​ត្រូវ​ការ​នេះ ហើយ​សួរ​ភីលីព​ដែល​ធ្លាប់​រស់​នៅ​តំបន់​នោះ​ថា៖ «តើ​យើង​នឹង​ទិញ​នំ​ប៉័ង​ពី​កន្លែង​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ?»។—យ៉ូន. ៦:១​-​៥

ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​សួរ​ភីលីព​សំណួរ​នេះ? តើ​លោក​បារម្ភ​ដោយ​មិន​ដឹង​ថា​លោក​ត្រូវ​ធ្វើ​អ្វី​ឬ? មិន​មែន​ទេ។ បើ​ដូច្នេះ តើ​លោក​បាន​គិត​អំពី​អ្វី​ខ្លះ​ពេល​លោក​សួរ​សំណួរ​នោះ? សាវ័ក​យ៉ូហាន​ដែល​មាន​វត្តមាន​នៅ​ទី​នោះ បាន​ពន្យល់​ថា៖ «លោក[យេស៊ូ]មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​សាក​ល្បង​គាត់ ព្រោះ​លោក​ដឹង​រួច​ហើយ​ថា​លោក​ហៀប​នឹង​ធ្វើ​អ្វី»។ (យ៉ូន. ៦:៦) ក្នុង​ករណី​នេះ លោក​យេស៊ូ​បាន​សាក​ល្បង​ជំនឿ​របស់​អ្នក​កាន់​តាម​លោក​ដើម្បី​ឲ្យ​ដឹង​ថា ជំនឿ​របស់​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ណា។ ដោយ​សួរ​សំណួរ​នេះ លោក​បាន​ដាស់​សតិ​ពួក​គេ ហើយ​ហុច​ឱកាស​ឲ្យ​ពួក​គេ​បង្ហាញ​ជំនឿ​ទៅ​លើ​សមត្ថភាព​របស់​លោក។ ប៉ុន្តែ ពួក​គេ​មិន​បាន​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​បង្ហាញ​ជំនឿ​នោះ​ទេ ហើយ​ពួក​គេ​បាន​បង្ហាញ​ថា ការ​យល់​ដឹង​របស់​ពួក​គេ​ពិត​ជា​មាន​កម្រិត​មែន។ (សូម​អាន យ៉ូហាន ៦:៧​-​៩) ក្រោយ​មក លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​នឹក​ស្មាន​មិន​ដល់។ លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ដោយ​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់​ទាំង​នោះ​ដែល​ឃ្លាន។—យ៉ូន. ៦:១០​-​១៣

១០​-​១២. (ក) លោក​យេស៊ូ​មិន​បាន​ធ្វើ​តាម​ភ្លាម​ៗ​នូវ​សំណូម​ពរ​របស់​ស្ត្រី​ជន​ជាតិ​ក្រិច​ទេ តើ​ប្រហែល​ជា​មាន​មូលហេតុ​អ្វី? សូម​ពន្យល់។ (ខ) ឥឡូវ​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

១០ កំណត់​ហេតុ​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​គំនិត​របស់​លោក​យេស៊ូ​ក្នុង​ករណី​ផ្សេង​ទៀត។ មិន​យូរ​ប៉ុន្មាន​ក្រោយ​លោក​ផ្ដល់​អាហារ​ដល់​មនុស្ស​មួយ​ក្រុម​ធំ​នោះ លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ហួស​ព្រំ​ដែន​អ៊ីស្រាអែល​រហូត​ដល់​ជាយ​ក្រុង​ទីរ៉ុស​និង​ស៊ីដូន។ នៅ​ក្រុង​នោះ ពួក​គេ​បាន​ជួប​ស្ត្រី​ជន​ជាតិ​ក្រិច​ម្នាក់​ដែល​អង្វរ​សុំ​លោក​យេស៊ូ​ធ្វើ​ឲ្យ​កូន​ស្រី​គាត់​ជា​សះ​ស្បើយ។ ដំបូង លោក​យេស៊ូ​មិន​អើពើ​នឹង​គាត់​ទេ។ ប៉ុន្តែ​ពេល​គាត់​សុំ​ម្ដង​ហើយ​ម្ដង​ទៀត នោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ត្រូវ​ឲ្យ​កូន​ក្មេង​បរិភោគ​ឆ្អែត​ជា​មុន​សិន ព្រោះ​គឺ​មិន​ត្រឹម​ត្រូវទេ បើ​យក​នំ​ប៉័ង​របស់​កូន​ក្មេង ហើយ​បោះ​ទៅ​ឲ្យ​ឆ្កែ​តូច​ៗ​វិញ»។—ម៉ាក. ៧:២៤​-​២៧

១១ ហេតុ​អ្វី​នៅ​ដើម​ដំបូង​លោក​យេស៊ូ​មិន​ព្រម​ជួយ​ស្ត្រី​នេះ? ដូច​លោក​បាន​សាក​ល្បង​ភីលីព តើ​លោក​យេស៊ូ​ចង់​សាក​ល្បង​ស្ត្រី​នេះ​ដើម្បី​ដឹង​ថា​គាត់​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ឬ? តើ​លោក​ចង់​ហុច​ឱកាស​ឲ្យ​គាត់​បង្ហាញ​ជំនឿ​របស់​គាត់​ឬ? របៀប​ដែល​លោក​មាន​ប្រសាសន៍​ទៅ​គាត់​មិន​បាន​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត​ឡើយ ទោះ​ជា​បទ​គម្ពីរ​មិន​បាន​បញ្ជាក់​ក៏​ដោយ។ លោក​បាន​ធ្វើ​ឲ្យ​ការ​ប្រៀប​ធៀប​របស់​លោក​មិន​ខ្លាំង​ពេក​ដោយ​ប្រើ​ពាក្យ«ឆ្កែ​តូច​ៗ»។ ដូច្នេះ​លោក​យេស៊ូ​បាន​ធ្វើ​ដូច​ឪពុក​ម្ដាយ​ដែល​ចង់​ធ្វើ​តាម​សំណូម​ពរ​របស់​កូន តែ​ធ្វើ​មិន​ឲ្យ​កូន​ដឹង​ថា​ពួក​គាត់​ចង់​ធ្វើ​ដូច្នោះ​ទេ ដើម្បី​សាក​ល្បង​ថា​កូន​ពិត​ជា​ចង់​បាន​ឬ​មិន​ចង់​បាន​អ្វី​ដែល​កូន​សុំ។ ទោះ​បី​លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​សារ​មូលហេតុ​ណា​ក៏​ដោយ នៅ​ពេល​ដែល​គាត់​បាន​សម្ដែង​ជំនឿ​របស់​គាត់ លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។—សូម​អាន ម៉ាកុស ៧:២៨​-​៣០

១២ កំណត់​ហេតុ​ទាំង​ពីរ​នេះ​នៅ​សៀវភៅ​ដំណឹង​ល្អ​ជួយ​យើង​ឲ្យ​យល់​ធ្លុះ​នូវ«ចិត្ត​គំនិត​របស់​គ្រិស្ត»។ ឥឡូវ​ចូរ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​កំណត់​ហេតុ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​នូវ​គំនិត​របស់​ព្រះ​យេហូវ៉ា។

ការ​សន្ទនា​រវាង​ព្រះ​យេហូវ៉ា​និង​ម៉ូសេ

១៣. តើ​ការ​យល់​ដឹង​អំពី​របៀប​គិត​គូរ​របស់​លោក​យេស៊ូ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៣ ការ​យល់​ដឹង​អំពី​របៀប​គិត​គូរ​របស់​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​យល់​ខ​គម្ពីរ​ដែល​ប្រហែល​ជា​ពិបាក​យល់។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​ម៉ូសេ ក្រោយ​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​កូន​គោ​មាស​មួយ​ដើម្បី​គោរព​បូជា។ ព្រះ​បាន​មាន​ប្រសាសន៍​ថា៖ «អញ​ឃើញ​បណ្ដា​ជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង ដូច្នេះ​ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្ដៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ»។—និក្ខ. ៣២:៩, ១០

១៤. តើ​ម៉ូសេ​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​ពាក្យ​សម្ដី​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​គាត់?

១៤ កំណត់​ហេតុ​នោះ​បន្ត​ចែង​ថា៖ «ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ​យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្ដៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ ហើយ​ដោយ​ព្រះ​ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​តំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ​ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ​ហឫទ័យ​ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រាហាំ អ៊ីសាក​ហើយ​នឹង​អ៊ីស្រាអែល​ជា​អ្នក​បំរើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ​អង្គ​ទ្រង់​ថា‹អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង​ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង​រាប​ត​ទៅ› នោះ​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ​ហឫទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​អន្តរាយ​ចេញ​ទៅ»។—និក្ខ. ៣២:១១​-​១៤ *

១៥, ១៦. (ក) ដោយ​សារ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ តើ​នេះ​ផ្ដល់​ឱកាស​ឲ្យ​គាត់​ធ្វើ​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា«ប្រែ​ព្រះ​ហឫទ័យ»ក្នុង​ន័យ​អ្វី?

១៥ តើ​ពិត​ជា​ចាំ​បាច់​ឲ្យ​ម៉ូសេ​កែ​តម្រង់​គំនិត​របស់​ព្រះ​យេហូវ៉ា​ឬ? មិន​ចាំ​បាច់​ទេ! ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពី​អ្វី​ដែល​លោក​ទំនង​ជា​ធ្វើ​ក៏​ដោយ តែ​នេះ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​លោក​ឡើយ។ តាម​ពិត ក្នុង​ករណី​នេះ ព្រះ​យេហូវ៉ា​បាន​សាក​ល្បង​ម៉ូសេ ដូច​លោក​យេស៊ូ​បាន​ធ្វើ​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​លោក​សាក​ល្បង​ភីលីព​និង​ស្ត្រី​ជន​ជាតិ​ក្រិច។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឱកាស​ឲ្យ​ម៉ូសេ​ប្រាប់​ពី​ទស្សនៈ​របស់​គាត់។ * ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ម៉ូសេ​ជា​អ្នក​សម្រុះ​សម្រួល​រវាង​បណ្ដា​ជន​អ៊ីស្រាអែល​និង​លោក ហើយ​លោក​ចង់​ធ្វើ​តាម​ការ​តែង​តាំង​នោះ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ចង់​ដឹង​ថា តើ​ការ​ក្ដៅ​ចិត្ត​របស់​ម៉ូសេ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​គាត់​ឬ​ទេ? តើ​គាត់​នឹង​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​បំភ្លេច​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ឲ្យ​លោក​បង្កើត​ឲ្យ​មាន​ប្រជាជាតិ​ដ៏​ខ្លាំង​ក្លា​មួយ​ពី​កូន​ចៅ​របស់​គាត់​ឬ​ទេ?

១៦ ការ​តប​ឆ្លើយ​របស់​ម៉ូសេ​បង្ហាញ​ជំនឿ​និង​ទំនុក​ចិត្ត​របស់​គាត់​ទៅ​លើ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។ ប្រតិកម្ម​របស់​គាត់​បង្ហាញ​ថា គាត់​មិន​មែន​គិត​តែ​ពី​ប្រយោជន៍​របស់​ខ្លួន​ទេ តែ​គាត់​ខ្វល់​ខ្វាយ​អំពី​នាម​របស់​ព្រះ​យេហូវ៉ា​វិញ។ គាត់​មិន​ចង់​ឲ្យ​គេ​បង្ខូច​នាម​របស់​លោក​ឡើយ។ ហេតុ​នេះ ម៉ូសេ​បង្ហាញ​ថា​គាត់​យល់«គំនិត​របស់​ព្រះ​យេហូវ៉ា»ស្តី​អំពី​រឿង​នេះ។ (១កូ. ២:១៦) តើ​មាន​លទ្ធផល​អ្វី? ដោយ​សារ​ព្រះ​យេហូវ៉ា​មិន​បាន​តាំង​ចិត្ត​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​សម្រេច​ចិត្ត​ណា​មួយ​ទេ នោះ​គម្ពីរ​ចែង​ថា​លោក​បាន«ប្រែ​ព្រះ​ហឫទ័យ»។ នៅ​ភាសា​ហេប្រឺ ឃ្លា​នេះ​គ្រាន់​តែ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​ចោល​ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​មូល ដូច​លោក​បាន​ប្រាប់​ថា​លោក​ទំនង​ជា​ធ្វើ​នោះ​ទេ។

ការ​សន្ទនា​រវាង​ព្រះ​យេហូវ៉ា​និង​អាប្រាហាំ

១៧. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដ៏​អស្ចារ្យ​យ៉ាង​ដូច​ម្ដេច​ចំពោះ​កង្វល់​របស់​អាប្រាហាំ?

១៧ សំណូម​ពរ​របស់​អាប្រាហាំ​ស្តី​អំពី​ក្រុង​សូដុម​ជា​ឧទាហរណ៍​មួយ​ទៀត ដែល​ជួយ​យើង​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​អ្នក​បម្រើ​របស់​លោក​បង្ហាញ​ជំនឿ​និង​ទំនុក​ចិត្ត​របស់​ខ្លួន។ ក្នុង​កំណត់​ហេតុ​នោះ ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដ៏​អស្ចារ្យ​ដោយ​ឲ្យ​អាប្រាហាំ​សួរ​សំណួរ​៨​បន្ត​បន្ទាប់​គ្នា។ ក្នុង​អំឡុង​ពេល​សួរ​សំណួរ​ទាំង​នោះ អាប្រាហាំ​បាន​អង្វរ​សុំ​ព្រះ​អស់​ពី​ចិត្ត​ថា៖ «មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ត​ដូច្នោះ នឹង​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ យ៉ាង​នោះ​ឈ្មោះ​ថា​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាន​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​កុំ​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​ឡើយ ឯ​ព្រះ​ដ៏​ជា​ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ទេ​ឬ​អី?»។—លោ. ១៨:២២​-​៣៣

១៨. តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប្រាហាំ?

១៨ ស្តី​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? តើ​ព្រះ​យេហូវ៉ា​ត្រូវ​ការ​ឲ្យ​អាប្រាហាំ​ជជែក​វែក​ញែក​រក​ហេតុ​ផល​ជា​មួយ​លោក ទើប​លោក​អាច​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​ឬ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​អាច​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​របស់​លោក​តាំង​ពី​ដំបូង​ម្ល៉េះ តែ​លោក​មិន​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ទុក​ពេល​វេលា​ឲ្យ​អាប្រាហាំ​ទទួល​យក​ការ​សម្រេច​ចិត្ត​នោះ ហើយ​ឲ្យ​គាត់​យល់​គំនិត​របស់​លោក ដោយ​ឲ្យ​អាប្រាហាំ​សួរ​សំណួរ​ទាំង​នោះ។ ម្យ៉ាង​ទៀត នេះ​ក៏​អនុញ្ញាត​ឲ្យ​អាប្រាហាំ​យល់​ផង​ដែរ​អំពី​ជម្រៅ​នៃ​សេចក្ដី​មេត្ដា​ករុណា​និង​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប្រាហាំ​ដូច​ជា​សម្លាញ់​របស់​លោក។—អេ. ៤១:៨; យ៉ា. ២:២៣

មេ​រៀន​សម្រាប់​យើង

១៩. តើ​យើង​អាច​យក​តម្រាប់​តាម​យ៉ូប​យ៉ាង​ដូច​ម្ដេច?

១៩ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី«គំនិត​របស់​ព្រះ​យេហូវ៉ា»? យើងបាន​រៀន​ថា យើង​ត្រូវ​ឲ្យ​បណ្ដាំ​របស់​ព្រះ​កែ​តម្រង់​ការ​យល់​ដឹង​របស់​យើង​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា។ យើង​មិន​គួរ​វិនិច្ឆ័យ​ព្រះ​យេហូវ៉ា​តាម​ទស្សនៈ ខ្នាត​តម្រា​និង​គំនិត​របស់​យើង​ដែល​មាន​កម្រិត​ឡើយ។ យ៉ូប​បាន​ស្រដី​ថា៖ «ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ទ្រង់ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្ដី​នោះ​ទេ»។ (យ៉ូប ៩:៣២) ដូច​យ៉ូប កាល​ដែល​យើង​ចាប់​ផ្ដើម​យល់​គំនិត​របស់​ព្រះ​យេហូវ៉ា នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ឧទាន​ថា៖ «មើល! ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវ​ៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ​ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន?»។—យ៉ូប ២៦:១៤

២០. តើ​គប្បី​ឲ្យ​យើង​ធ្វើ​អ្វី​បើ​យើង​អាន​ខ​គម្ពីរ​ដែល​ពិបាក​យល់?

២០ ពេល​យើង​អាន​បទ​គម្ពីរ តើ​គប្បី​ឲ្យ​យើង​ធ្វើ​អ្វី​បើ​យើង​ប្រទះ​ខ​គម្ពីរ​ដែល​ពិបាក​យល់ ជា​ពិសេស​ស្តី​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា? យើង​ត្រូវ​ស្រាវ​ជ្រាវ​ព័ត៌មាន​នោះ ហើយ​ក្រោយ​មក បើ​យើង​នៅ​តែ​មិន​យល់​ច្បាស់​អំពី​រឿង​នោះ យើង​អាច​ចាត់​ទុក​ថា​នេះ​ជា​ការ​ល្បង​ល​មួយ​ចំពោះ​ការ​ទុក​ចិត្ត​របស់​យើង​លើ​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា ជួន​កាល​ខ​គម្ពីរ​ខ្លះ​ធ្វើ​ឲ្យ​យើង​មាន​ឱកាស​បង្ហាញ​ជំនឿ​របស់​យើង​ទៅ​លើ​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​យើង​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា យើង​មិន​អាច​យល់​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ព្រះ​បាន​ឡើយ។ (សាស្ដ. ១១:៥) ដូច្នេះ យើង​នឹង​យល់​ស្រប​នឹង​ពាក្យ​ទាំង​នេះ​របស់​សាវ័ក​ប៉ូល​ដែល​ថា៖ «ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ! ព្រោះ‹តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា? ឬ​អ្នក​ណា​ជា​ទី​ប្រឹក្សា​របស់​លោក?› ឬ‹តើ​អ្នក​ណា​បាន​ជូន​អ្វី​មួយ​ទៅ​លោក​មុន ដើម្បី​ឲ្យ​លោក​ត្រូវ​សង​អ្នក​នោះ​វិញ?› ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​កើត​មក​ពី​លោក មាន​នៅ​ដោយ​សារ​លោក ហើយ​គឺ​សម្រាប់​លោក។ សូម​ឲ្យ​លោក​មាន​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន»។—រ៉ូម ១១:៣៣​-​៣៦

[កំណត់​សម្គាល់]

^ វគ្គ 14 សៀវភៅ​ជន​គណនា ១៤:១១​-​២០ មាន​កំណត់​ហេតុ​ដែល​ស្រដៀង​គ្នា​នឹង​កំណត់​ហេតុ​នេះ។

^ វគ្គ 15 ប្រយោគ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«ទុក​ឲ្យ​អញ»នៅ​និក្ខមនំ ៣២:១០ ជា​ប្រយោគ​មួយ​ដែល​ពិបាក​បក​ប្រែ​ណាស់។ ប៉ុន្តែ​យោង​ទៅ​តាម​បណ្ឌិត​ខ្លះ ប្រយោគ​នេះ​អាច​យល់​ថា ជា​សេចក្ដី​អញ្ជើញ​ឬ​ការ​ណែនាំ​ឲ្យ​ម៉ូសេ​អង្វរ​ព្រះ​យេហូវ៉ា​ឬ​ឲ្យ«ឈរ​នៅ​ចន្លោះ»រវាង​ព្រះ​យេហូវ៉ា​និង​ប្រជាជាតិ​នោះ។ (ទំនុក. ១០៦:២៣; អេស. ២២:៣០) ទោះ​ជា​យ៉ាង​នោះ​ក្ដី ម៉ូសេ​ពិត​ជា​មាន​អារម្មណ៍​ស្រួល​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​លោក​ត្រង់​ៗ​អំពី​ទស្សនៈ​របស់​គាត់។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​អ្វី​នឹង​ជួយ​យើង​មិន​ឲ្យ​មាន​ទំនោរ​ចិត្ត​វិនិច្ឆ័យ​ព្រះ​យេហូវ៉ា​តាម​ខ្នាត​តម្រា​របស់​យើង?

• តើ​ការ​យល់​ដឹង​អំពី​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​យេហូវ៉ា?

• តើ​អ្នក​បាន​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​សន្ទនា​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​ម៉ូសេ​និង​ជា​មួយ​អាប្រាហាំ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៦]

ស្តី​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ការ​សន្ទនា​របស់​លោក​ជា​មួយ​ម៉ូសេ​និង​ជា​មួយ​អាប្រាហាំ?