លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស្តីអំពីការលើកកិត្ដិយសបងប្អូនរួមជំនឿ តើអ្នកលើកកិត្ដិយសគេមុនឬទេ?

ស្តីអំពីការលើកកិត្ដិយសបងប្អូនរួមជំនឿ តើអ្នកលើកកិត្ដិយសគេមុនឬទេ?

ស្តី​អំពី​ការ​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ តើ​អ្នក​លើក​កិត្ដិយស​គេ​មុន​ឬ​ទេ?

«ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន»។—រ៉ូម ១២:១០

១, ២. (ក) ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម តើ​គាត់​បាន​ផ្ដល់​ការ​ដាស់​តឿន​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​បាន​ដៅ​បញ្ជាក់​ថា ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​គឺ​សំខាន់​ណាស់​ចំពោះ​យើង​ដែល​ជា​គ្រិស្ត​សាសនិក។ គាត់​បាន​រំលឹក​យើង​ថា យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ«គ្មាន​ពុត​ត្បុត»។ មួយ​វិញ​ទៀត គាត់​ក៏​រៀប​រាប់​ដែរ​អំពី​ការ«ស្រឡាញ់​គ្នា​ជា​បង​ប្អូន» ហើយ​បាន​កត់​សម្គាល់​ថា យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ដោយ«មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ»។—រ៉ូម ១២:៩, ១០​ក

ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​មិន​គ្រាន់​តែ​មាន​ន័យ​ថា យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ចំពោះ​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវ​បង្ហាញ​អារម្មណ៍​នោះ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង។ តាម​ពិត បើ​យើង​មិន​ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​និង​មនោសញ្ចេតនា​របស់​យើង​ឡើយ។ ហេតុ​នេះ ប៉ូល​បាន​បន្ថែម​ការ​ដាស់​តឿន​នេះ​ដែល​ថា៖ «ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន»។ (រ៉ូម ១២:១០​ខ) តើ​ការ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​រួម​បញ្ចូល​អ្វី​ខ្លះ? ស្តី​អំពី​ការ​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​លើក​កិត្ដិយស​គេ​មុន? តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ការ​គោរព​និង​ការ​លើក​កិត្ដិយស

៣. យោង​ទៅ​តាម​ភាសា​ដើម​នៃ​គម្ពីរ តើ​ពាក្យ«កិត្ដិយស»មាន​ន័យ​យ៉ាង​ណា?

ក្នុង​ន័យ​ត្រង់ ពាក្យ​ភាសា​ហេប្រឺ​សម្រាប់«កិត្ដិយស»មាន​ន័យ​ថា«ធ្ងន់»។ ដូច្នេះ បុគ្គល​ដែល​គេ​លើក​កិត្ដិយស បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​ធំ​ឬ​ជា​មនុស្ស​សំខាន់ ដែល​ហាក់​ដូច​ជា​គាត់​ធ្ងន់។ ពាក្យ​ភាសា​ហេប្រឺ​ដដែល​នោះ​ក៏​ច្រើន​តែ​បាន​ត្រូវ​បក​ប្រែ​ក្នុង​បទ​គម្ពីរ​ថា «សេចក្ដី​រុង​រឿង» ហើយ​នេះ​បញ្ជាក់​ថែម​ទៀត​ថា អ្នក​ដែល​មាន​កិត្ដិយស​ជា​អ្នក​ដែល​គេ​គោរព​យ៉ាង​ខ្ពង់​ខ្ពស់។ (លោ. ៤៥:១៣) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ក្នុង​គម្ពីរ​ថា«កិត្ដិយស» សំដៅ​ទៅ​លើ​ការ​កោត​សរសើរ ការ​ឲ្យ​តម្លៃ​និង​ភាព​មាន​តម្លៃ។ (លូក. ១៤:១០) ត្រូវ​ហើយ ពួក​អ្នក​ដែល​យើង​លើក​កិត្ដិយស​មាន​តម្លៃ​ណាស់​ចំពោះ​យើង។

៤, ៥. តើ​ការ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​ទាក់​ទង​នឹង​ការ​គោរព​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។

តើ​ការ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​រួម​បញ្ចូល​អ្វី? ការ​លើក​កិត្ដិយស​ចាប់​ផ្ដើម​ដោយ​ការ​គោរព​អ្នក​ឯ​ទៀត។ តាម​ពិត គេ​ច្រើន​តែ​ប្រើ​ពាក្យ«កិត្ដិយស»និង​ពាក្យ«គោរព»ជា​មួយ​គ្នា ពី​ព្រោះ​ពាក្យ​ទាំង​ពីរ​នេះ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង។ ការ​លើក​កិត្ដិយស​ជា​ការ​សម្ដែង​ការ​គោរព។ បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​គោរព​សំដៅ​ជា​បឋម​ទៅ​លើ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​រួម​ជំនឿ ហើយ​ការ​លើក​កិត្ដិយស​សំដៅ​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គាត់។

ប្រសិន​បើ​គ្រិស្ត​សាសនិក​ម្នាក់​មិន​គោរព​បង​ប្អូន​រួម​ជំនឿ​របស់​គាត់ តើ​គាត់​អាច​លើក​កិត្ដិយស​បង​ប្អូន​នោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​យ៉ាង​ដូច​ម្ដេច​បាន? (៣យ៉ូន. ៩, ១០) យើង​អាច​ពន្យល់​ចំណុច​នេះ​ដោយ​លើក​ឧទាហរណ៍​ដូច​ត​ទៅ​នេះ។ រុក្ខជាតិ​អាច​លូត​លាស់​ដុះ​ដាល ហើយ​នៅ​បាន​យូរ លុះ​ត្រា​តែ​រុក្ខជាតិ​នោះ​ចាក់​ឫស​ក្នុង​ដី​ល្អ។ ដូច​គ្នា​ដែរ យើង​ត្រូវ​គោរព​អ្នក​ឯ​ទៀត​ដោយ​ស្មោះ​ពី​ចិត្ត​ដែល​ប្រៀប​ដូច​ជា​ចាក់​ឫស​ក្នុង​ដី ទើប​យើង​អាច​លើក​កិត្ដិយស​ពួក​គេ​រហូត​បាន។ ការ​លើក​កិត្ដិយស​មិន​ស្មោះ​ពី​ចិត្ត គឺ​មិន​ផុស​ចេញ​ពី​ការ​គោរព​ពិត​ប្រាកដ​ទេ ហើយ​មិន​យូរ​មិន​ឆាប់ ការ​លើក​កិត្ដិយស​នោះ​នឹង​លែង​មាន​ទៀត។ ម្ល៉ោះ​ហើយ មុន​ប៉ូល​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ឲ្យ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​គ្មាន​ពុត​ត្បុត»។ ឥឡូវ​យើង​យល់​ពី​មូលហេតុ​ដែល​គាត់​បាន​ពោល​ពាក្យ​ទាំង​នេះ​មុន​ផ្ដល់​ការ​ដាស់​តឿន​នោះ។—រ៉ូម ១២:៩; សូម​អាន ពេត្រុស​ទី​១ ១:២២

លើក​កិត្ដិយស​ពួក​អ្នក​ដែល​បាន​ត្រូវ​បង្កើត​មក​ដោយ«មាន​ភាព​ដូច​ព្រះ»

៦, ៧. ហេតុ​អ្វី​យើង​ត្រូវ​គោរព​អ្នក​ឯ​ទៀត?

ដោយ​សារ​ការ​គោរព​ជា​លក្ខណៈ​សំខាន់​មួយ​ដើម្បី​ជួយ​យើង​ឲ្យ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត យើង​មិន​គួរ​ភ្លេច​អំពី​មូលហេតុ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​បញ្ជាក់​ថា យើង​ត្រូវ​គោរព​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​របស់​យើង។ ដូច្នេះ ចូរ​យើង​ពិចារណា​មូលហេតុ​ពីរ​ក្នុង​ចំណោម​មូលហេតុ​ទាំង​នោះ។

មនុស្សជាតិ​បាន​ត្រូវ​បង្កើត​មក​ដោយ«មាន​ភាព​ដូច​ព្រះ» ហើយ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ខុស​ប្លែក​ពី​អ្វី​ៗ​ទាំង​អស់​ឯ​ទៀត​ដែល​ព្រះ​បាន​បង្កើត។ (យ៉ា. ៣:៩) ហេតុ​នេះ យើង​មាន​គុណសម្បត្ដិ​ដូច​ព្រះ ដូច​ជា​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា​និង​យុត្ដិធម៌។ សូម​កត់​សម្គាល់​អ្វី​ផ្សេង​ទៀត​ដែល​យើង​ទទួល​ពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។ អ្នក​តែង​ទំនុក​តម្កើង​ពោល​ថា៖ «ឱ​ព្រះ​យេហូវ៉ា . . . ទ្រង់​បាន​ដំ​កល់​សិរី​ល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថាន​សួគ៌! . . . ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ[មនុស្ស]ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ទេ ក៏​បាន​បំពាក់​សិរី​ល្អ នឹង​កេរ្ដិ៍​ឈ្មោះ[ឬ«កិត្ដិយស»]ឲ្យ​ទុក​ជា​មកុដ»។ (ទំនុក. ៨:១, ៤, ៥; ព.ថ.; ១០៤:១) * ជា​ទូទៅ ព្រះ​ឲ្យ​មនុស្ស​នូវ​មកុដ​ឬ​ឲ្យ​មនុស្ស​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ សិរី​រុង​រឿង និង​កិត្ដិយស​មួយ​កម្រិត។ យ៉ាង​នេះ ពេល​យើង​ឲ្យ​កិត្ដិយស​អ្នក​ឯ​ទៀត យើង​ទទួល​ស្គាល់​អ្នក​ដែល​ឲ្យ​កិត្ដិយស​មនុស្ស​ទាំង​ឡាយ​ពោល​គឺ ព្រះ​យេហូវ៉ា។ ដូច្នេះ បើ​យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​លើក​កិត្ដិយស​មនុស្ស​ទូទៅ ចុះ​ទម្រាំ​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង យើង​ប្រាកដ​ជា​ត្រូវ​គោរព​ពួក​គាត់​កាន់​តែ​ខ្លាំង​ជាង​ទៅ​ទៀត!—យ៉ូន. ៣:១៦; កាឡ. ៦:១០

យើង​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​តែ​មួយ

៨, ៩. តើ​ប៉ូល​បាន​រៀប​រាប់​អំពី​មូលហេតុ​អ្វី​ដែល​យើង​គោរព​បង​ប្អូន​រួម​ជំនឿ?

ប៉ូល​បាន​រៀប​រាប់​អំពី​មូលហេតុ​មួយ​ទៀត​ដែល​យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ មុន​គាត់​ដាស់​តឿន​ឲ្យ​យើង​លើក​កិត្ដិយស​គ្នា គាត់​បាន​ស្រដី​ថា៖ «ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ»។ ឃ្លា​ជា​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ»សំដៅ​ទៅ​លើ​អារម្មណ៍​ជិត​ស្និទ្ធ​ដែល​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ស្រឡាញ់​គ្នា​ស្អិត​ល្មួត ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ដោយ​ប្រើ​ឃ្លា​នោះ ប៉ូល​គូស​បញ្ជាក់​ថា​បង​ប្អូន​រួម​ជំនឿ​ក្នុង​ក្រុម​ជំនុំ​គួរ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កក់​ក្ដៅ ដូច​ក្រុម​គ្រួសារ​ដ៏​ជិត​ស្និទ្ធ​មួយ។ (រ៉ូម ១២:៥) ម្យ៉ាង​ទៀត សូម​ចាំ​ថា​ប៉ូល​បាន​សរសេរ​ពាក្យ​ទាំង​នោះ​ទៅ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​ដែល​ទាំង​អស់​គ្នា​បាន​ត្រូវ​ទទួល​យក​ជា​កូន​ដោយ​បិតា​តែ​មួយ ពោល​គឺ​ព្រះ​យេហូវ៉ា។ ដូច្នេះ តាម​ពិត​ពួក​គេ​ជា​ក្រុម​គ្រួសារ​ដ៏​ជិត​ស្និទ្ធ​មួយ។ អាស្រ័យ​ហេតុ​នេះ ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើសតាំង​នៅ​សម័យ​ប៉ូល ប្រាកដ​ជា​មាន​មូលហេតុ​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ពួក​គេ ដែល​ជំរុញ​ពួក​គេ​ឲ្យ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ក៏​ដូច​គ្នា​ដែរ។

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក«ចៀម​ឯ​ទៀត»? (យ៉ូន. ១០:១៦) ថ្វី​បើ​ព្រះ​មិន​ទាន់​ទទួល​យក​ពួក​គេ​ជា​កូន​របស់​លោក​ក៏​ដោយ តែ​ពួក​គេ​អាច​ហៅ​គ្នា​យ៉ាង​ត្រឹម​ត្រូវ​ថា បង​ប្រុស​ឬ​បង​ស្រី ប្អូន​ប្រុស​ឬ​ប្អូន​ស្រី ពី​ព្រោះ​ពួក​គេ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​នៅ​ទូទាំង​ពិភព​លោក​ដែល​ឯកភាព​គ្នា។ (១ពេ. ២:១៧; ៥:៩) យ៉ាង​នេះ ពេល​ពួក​អ្នក​ដែល​នៅ​ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត​ប្រើ​ពាក្យ«បង​ប្រុស​ឬ​បង​ស្រី»ឬ​ក៏«ប្អូន​ប្រុស​ឬ​ប្អូន​ស្រី» ហើយ​យល់​យ៉ាង​ពេញ​លេញ​នូវ​ពាក្យ​ទាំង​នោះ ពួក​គេ​ក៏​មាន​មូលហេតុ​មួយ​ដែរ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ពួក​គេ​ដើម្បី​គោរព​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ស្មោះ​ពី​ចិត្ត។—សូម​អាន ពេត្រុស​ទី​១ ៣:៨

ហេតុ​អ្វី​ការ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​គឺ​សំខាន់​ម្ល៉េះ?

១០, ១១. ហេតុ​អ្វី​ការ​គោរព​និង​ការ​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​គឺ​សំខាន់​ម្ល៉េះ?

១០ ហេតុ​អ្វី​ការ​គោរព​និង​ការ​លើក​កិត្ដិយស​សំខាន់​ម្ល៉េះ? ពី​ព្រោះ​កាល​ណា​យើង​លើក​កិត្ដិយស​បង​ប្អូន​ប្រុស​ស្រី​របស់​យើង យើង​ជួយ​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​សេចក្ដី​សុខ ថែម​ទាំង​មាន​សាមគ្គីភាព។

១១ យើង​ដឹង​ថា​ប្រភព​នៃ​កម្លាំង​ដ៏​ខ្លាំង​ក្លា​បំផុត​សម្រាប់​គ្រិស្ត​សាសនិក​ពិត គឺ​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា និង​ជំនួយ​ពី​សកម្មពល​របស់​លោក។ (ទំនុក. ៣៦:៧; យ៉ូន. ១៤:២៦) ដំណាល​គ្នា​ដែរ ពេល​បង​ប្អូន​រួម​ជំនឿ​បង្ហាញ​ថា​យើង​មាន​តម្លៃ​ចំពោះ​ពួក​គាត់ នេះ​លើក​ទឹក​ចិត្ត​យើង។ (សុភ. ២៥:១១) យើង​សប្បាយ​ចិត្ត ពេល​បង​ប្អូន​រួម​ជំនឿ​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ថា​ពួក​គាត់​គោរព​យើង។ នេះ​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​បម្រើ​ព្រះ​ដោយ​មាន​អំណរ ហើយ​តាំង​ចិត្ត​បម្រើ​ព្រះ​ត​ទៅ​ទៀត​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ អ្នក​ប្រាកដ​ជា​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​មែន។

១២. តើ​យើង​ម្នាក់​ៗ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​បរិយាកាស​ល្អ​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១២ តាំង​ពី​កំណើត​មក យើង​មាន​សេចក្ដី​ត្រូវ​ការ​ឲ្យ​គេ​គោរព​យើង។ ព្រះ​យេហូវ៉ា​ជ្រាប​អំពី​សេចក្ដី​ត្រូវ​ការ​នេះ ហេតុ​នេះ​តាម​រយៈ​បណ្ដាំ​របស់​លោក លោក​បាន​ជំរុញ​យើង​ឲ្យ«លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព»។ (រ៉ូម ១២:១០, ខ.ស.; សូម​អាន ម៉ាថាយ ៧:១២) គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ធ្វើ​តាម​ដំបូន្មាន​ដែល​មិន​ប្រែ​ប្រួល ជួយ​ធ្វើ​ឲ្យ​មាន​បរិយាកាស​ល្អ​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ទូទាំង​ពិភព​លោក។ អាស្រ័យ​ហេតុ​នេះ ជា​ការ​ល្អ​ឲ្យ​យើង​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា‹នៅ​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ តើ​ខ្ញុំ​បាន​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ?›។—រ៉ូម ១៣:៨

យើង​ទាំង​អស់​គ្នា​គួរ​លើក​កិត្ដិយស​គេ​មុន

១៣. (ក) ស្តី​អំពី​ការ​លើក​កិត្ដិយស​គ្នា តើ​អ្នក​ណា​គួរ​លើក​កិត្ដិយស​គេ​មុន? (ខ) តើ​ពាក្យ​របស់​ប៉ូល​នៅ​រ៉ូម ១:៧​បញ្ជាក់​អំពី​អ្វី?

១៣ ស្តី​អំពី​ការ​លើក​កិត្ដិយស​គ្នា តើ​អ្នក​ណា​គួរ​លើក​កិត្ដិយស​គេ​មុន? ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​គ្រិស្ត​សាសនិក​ជនជាតិ​ហេប្រឺ គាត់​ពណ៌នា​អំពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ថា​ជា«ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា»។ (ហេ. ១៣:១៧) ពិត​មែន ពួក​អ្នក​ចាស់​ទុំ​នាំ​មុខ​ក្នុង​កិច្ច​ការ​ជា​ច្រើន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គាត់​ជា​គង្វាល​នៃ​ហ្វូង​ចៀម ហើយ​ក្នុង​ការ​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ រួម​ទាំង​ពួក​អ្នក​ចាស់​ទុំ ពួក​គាត់​ប្រាកដ​ជា​ត្រូវ​លើក​កិត្ដិយស​គេ​មុន។ ជា​ឧទាហរណ៍ ពេល​ពួក​អ្នក​ចាស់​ទុំ​ជួប​គ្នា​ដើម្បី​ពិចារណា​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​ជំនុំ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ ពួក​គាត់​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្ដាប់​យោបល់​របស់​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដោយ​យក​ចិត្ត​ទុក​ដាក់។ បន្ថែម​ទៅ​ទៀត ពួក​គាត់​លើក​កិត្ដិយស​គ្នា​ដោយ​យក​ទស្សនៈ​និង​មតិ​របស់​អ្នក​ចាស់​ទុំ​ទាំង​ឡាយ​មក​ពិចារណា ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​ណា​មួយ។ (សកម្ម. ១៥:៦​-​១៥) ប៉ុន្តែ យើង​គួរ​ចាំ​ថា សំបុត្រ​របស់​ប៉ូល​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គឺ​មិន​គ្រាន់​តែ​សម្រាប់​ពួក​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ក្រុម​ជំនុំ​ទាំង​មូល។ (រ៉ូម ១:៧) ដូច្នេះ ការ​ដាស់​តឿន​ឲ្យ​លើក​កិត្ដិយស​គេ​មុន គឺ​សម្រាប់​យើង​ទាំង​អស់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ។

១៤. (ក) សូម​លើក​ឧទាហរណ៍​ដើម្បី​បញ្ជាក់​ភាព​ខុស​គ្នា​រវាង​ការ​លើក​កិត្ដិយស និង​ការ​លើក​កិត្ដិយស​គេ​មុន? (ខ) តើ​យើង​គួរ​សួរ​ខ្លួន​យើង​សំណួរ​អ្វី?

១៤ សូម​កត់​សម្គាល់​លក្ខណៈ​មួយ​ទៀត​នៃ​ដំបូន្មាន​របស់​ប៉ូល។ គាត់​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​រ៉ូម មិន​ត្រឹម​តែ​ឲ្យ​លើក​កិត្ដិយស​គ្នា​ប៉ុណ្ណោះ​ទេ តែ​ឲ្យ​លើក​កិត្ដិយស​គេ​មុន។ តើ​នេះ​ខុស​គ្នា​យ៉ាង​ណា? សូម​គិត​អំពី​ឧទាហរណ៍​នេះ។ បើ​សិស្ស​ចេះ​អាន​និង​ចេះ​សរសេរ​អក្សរ​រួច​ទៅ​ហើយ តើ​គ្រូ​នឹង​ដាស់​តឿន​ពួក​គេ​ឲ្យ​រៀន​អាន​ឬ​ទេ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ គ្រូ​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ចេះ​អាន​កាន់​តែ​ប្រសើរ​ជាង។ ស្រដៀង​គ្នា​ដែរ ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ជំរុញ​យើង​ឲ្យ​លើក​កិត្ដិយស​គ្នា ជា​ទី​សម្គាល់​ហើយ​ថា​យើង​ជា​គ្រិស្ត​សាសនិក​ពិត។ (យ៉ូន. ១៣:៣៥) ក៏​ប៉ុន្តែ ដូច​សិស្ស​ដែល​ចេះ​អាន​អាច​ជឿន​ទៅ​មុខ​ដោយ​រៀន​ឲ្យ​ចេះ​អាន​កាន់​តែ​ប្រសើរ​ជាង យើង​ក៏​អាច​ជឿន​ទៅ​មុខ​ដែរ​ដោយ​លើក​កិត្ដិយស​គេ​មុន។ (១ថែ. ៤:៩, ១០) យើង​ម្នាក់​ៗ​មាន​ភារកិច្ច​លើក​កិត្ដិយស​គេ​មុន។ យើង​អាច​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា‹ក្នុង​ក្រុម​ជំនុំ តើ​ខ្ញុំ​កំពុង​ចាត់​វិធានការ​ដើម្បី​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​មុន​ឬ​ទេ?›។

លើក​កិត្ដិយស«មនុស្ស​ទន់​ទាប»

១៥, ១៦. (ក) ពេល​លើក​កិត្ដិយស​អ្នក​ឯ​ទៀត តើ​យើង​មិន​គួរ​ភ្លេច​នរណា​ក្នុង​ក្រុម​ជំនុំ? ហើយ​ហេតុ​អ្វី? (ខ) តើ​អ្វី​អាច​ស​ឲ្យ​ឃើញ​ថា​យើង​គោរព​បង​ប្អូន​ប្រុស​ស្រី​របស់​យើង?

១៥ ពេល​លើក​កិត្ដិយស​អ្នក​ឯ​ទៀត តើ​យើង​មិន​គួរ​ភ្លេច​នរណា​ក្នុង​ក្រុម​ជំនុំ? បណ្ដាំ​របស់​ព្រះ​ចែង​ថា៖ «អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ»។ (សុភ. ១៩:១៧) តើ​គោល​ការណ៍​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង កាល​ដែល​យើង​ព្យាយាម​លើក​កិត្ដិយស​គេ​មុន?

១៦ លោក​អ្នក​ក៏​យល់​ស្រប​ដែរ​ថា មនុស្ស​ភាគ​ច្រើន​ចង់​លើក​កិត្ដិយស​ពួក​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​ពួក​គេ តែ​ចំពោះ​ពួក​អ្នក​ដែល​ពួក​គេ​ចាត់​ទុក​ថា​មាន​ឋានៈ​ទាប​ជាង​ពួក​គេ​វិញ ពួក​គេ​ប្រហែល​ជា​បង្ហាញ​ការ​គោរព​បន្ដិច​បន្តួច​ប៉ុណ្ណោះ​ឬ​មិន​គោរព​ពួក​គេ​តែ​ម្ដង។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​គឺ​មិន​ដូច្នេះ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «អស់​អ្នក​ណា​ដែល​លើក​ដំកើង[ឬ«លើក​កិត្ដិយស»]អញ នោះ​អញ​នឹង​ដំកើង[ឬ«លើក​កិត្ដិយស»]អ្នក​នោះ​ឡើង​ដែរ»។ (១សាំ. ២:៣០; ព.ថ.; ទំនុក. ១១៣:៥​-​៧) ព្រះ​យេហូវ៉ា​លើក​កិត្ដិយស​អស់​អ្នក​ដែល​បម្រើ​លោក​និង​អស់​អ្នក​ដែល​លើក​កិត្ដិយស​លោក។ លោក​យក​ចិត្ត​ទុក​ដាក់​នឹង«មនុស្ស​ទន់​ទាប»។ (សូមអាន អេសាយ ៥៧:១៥; ២រប. ១៦:៩) យើង​ប្រាកដ​ជា​ចង់​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា។ ហេតុ​នេះ បើ​យើង​ចង់​ដឹង​ថា យើង​លើក​កិត្ដិយស​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​ស្មោះ​បាន​ល្អ​ដល់​កម្រិត​ណា ជា​ការ​ល្អ​ឲ្យ​យើង​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា‹តើ​ខ្ញុំ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ដែល​មិន​សូវ​លេច​ធ្លោ​ឬ​មិន​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ?›។ (យ៉ូន. ១៣:១៤, ១៥) ចម្លើយ​ចំពោះ​សំណួរ​នោះ​ស​ឲ្យ​ឃើញ​ថា យើង​គោរព​អ្នក​ឯ​ទៀត​ដល់​កម្រិត​ណា។—សូម​អាន ភីលីព ២:៣, ៤

លើក​កិត្ដិយស​អ្នក​ឯ​ទៀត​ដោយ​លះ​បង់​ពេល​ដើម្បី​ពួក​គេ

១៧. តើ​អ្វី​ជា​វិធី​សំខាន់​មួយ​ដែល​យើង​អាច​លើក​កិត្ដិយស​គេ​មុន? ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​ធ្វើ​ដូច្នេះ?

១៧ ស្តី​អំពី​ការ​លើក​កិត្ដិយស​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ តើ​អ្វី​ជា​វិធី​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​លើក​កិត្ដិយស​គេ​មុន? គឺ​ដោយ​លះ​បង់​ពេល​វេលា​របស់​យើង។ ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​យើង​លើក​កិត្ដិយស​អ្នក​ឯ​ទៀត? ជា​គ្រិស្ត​សាសនិក យើង​រវល់​ណាស់ ហើយ​ការ​បំពេញ​កិច្ច​ការ​សំខាន់​ៗ​ជា​ច្រើន​របស់​ក្រុម​ជំនុំ តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​ច្រើន។ ម្ល៉ោះ​ហើយ ជា​ការ​ធម្មតា​ទេ​ដែល​យើង​ចាត់​ទុក​ពេល​វេលា​របស់​យើង​ថា​មាន​តម្លៃ​ណាស់។ ហេតុ​នេះ យើង​ក៏​ទទួល​ស្គាល់​ដែរ​ថា​យើង​មិន​គួរ​តម្រូវ​ឲ្យ​បង​ប្អូន​រួម​ជំនឿ លះ​បង់​ពេល​វេលា​របស់​ពួក​គាត់​ច្រើន​ហួស​ហេតុ​ពេក​ដើម្បី​យើង​ឡើយ។ ដូច​គ្នា​ដែរ យើង​ពេញ​ចិត្ត ពេល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​យល់​ថា​ពួក​គាត់​មិន​គួរ​ទាម​ទារ​ពេល​វេលា​របស់​យើង​ច្រើន​ពេក​ទេ។

១៨. ដូច​រូប​ភាព​នៅ​ទំព័រ​២៥​បាន​បង្ហាញ តើ​យើង​អាច​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា យើង​សុខ​ចិត្ត​លះ​បង់​ពេល​វេលា​ខ្លះ​ដើម្បី​បង​ប្អូន​រួម​ជំនឿ?

១៨ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ក៏​ទទួល​ស្គាល់​ថា (ជា​ពិសេស​ពួក​អ្នក​ដែល​បម្រើ​ជា​គង្វាល​ក្នុង​ក្រុម​ជំនុំ) ពេល​យើង​សុខ​ចិត្ត​ផ្អាក​កិច្ច​ការ​របស់​យើង​ដើម្បី​លះ​បង់​ពេល​វេលា​ខ្លះ​ឲ្យ​បង​ប្អូន​រួម​ជំនឿ នេះ​បង្ហាញ​ថា​យើង​គោរព​ពួក​គាត់។ តើ​ការ​លះបង់​ពេល​វេលា​ខ្លះ​ឲ្យ​បង​ប្អូន​រួម​ជំនឿ បង្ហាញ​ថា​យើង​គោរព​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? ពេល​យើង​ផ្អាក​កិច្ច​ការ​របស់​យើង​ដើម្បី​លះ​បង់​ពេល​វេលា​ខ្លះ​ឲ្យ​បង​ប្អូន​រួម​ជំនឿ គឺ​ហាក់​ដូច​ជា​យើង​និយាយ​ទៅ​កាន់​ពួក​គាត់​ថា‹បង​ប្អូន​មាន​តម្លៃ​ណាស់​ចំពោះ​ខ្ញុំ ហើយ​គឺ​សំខាន់​ជាង​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន ជា​ជាង​បន្ត​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​ធ្វើ›។ (ម៉ាក. ៦:៣០​-​៣៤) ប៉ុន្តែ បើ​យើង​ផ្អាក​កិច្ច​ការ​របស់​យើង​ទាំង​ទើស​ទាល់​ដើម្បី​លះ​បង់​ពេល​វេលា​ខ្លះ​ឲ្យ​បង​ប្អូន​រួម​ជំនឿ យើង​ប្រហែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា ពួក​គាត់​មិន​សូវ​មាន​តម្លៃ​ចំពោះ​យើង​ទេ។ យើង​ក៏​យល់​ដែរ​ថា ជួន​កាល​យើង​មិន​អាច​ផ្អាក​កិច្ច​ការ​បន្ទាន់​បាន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ដែល​យើង​លះ​បង់​ពេល​វេលា​ខ្លះ​របស់​យើង​ដោយ​ស្ម័គ្រ​ចិត្ត​ឬ​ដោយ​ទើស​ទាល់​ដើម្បី​បង​ប្អូន​ប្រុស​ស្រី​របស់​យើង នេះ​ពិត​ជា​ស​ឲ្យ​ឃើញ​ថា​យើង​គោរព​ពួក​គាត់​ដល់​កម្រិត​ណា។—១កូ. ១០:២៤

ចូរ​តាំង​ចិត្ត​លើក​កិត្ដិយស​គេ​មុន

១៩. ក្រៅ​ពី​ការ​លះបង់​ពេល​វេលា​របស់​យើង តើ​យើង​អាច​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ណា​ទៀត?

១៩ មាន​វិធី​សំខាន់​ឯ​ទៀត​ដែល​យើង​អាច​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ។ ជា​ឧទាហរណ៍ ពេល​យើង​លះ​បង់​ពេល​វេលា​របស់​យើង​ដើម្បី​ពួក​គាត់ គប្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គាត់​ដែរ។ ស្តី​អំពី​រឿង​នេះ ព្រះ​យេហូវ៉ា​ក៏​ទុក​គំរូ​ឲ្យ​យើង​ដែរ។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង បាន​ពោល​ថា៖ «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំរែ​ក​របស់​គេ»។ (ទំនុក. ៣៤:១៥) យើង​ព្យាយាម​ធ្វើ​តាម​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​ភ្នែក​និង​ត្រចៀក​របស់​យើង ពោល​គឺ​ប្រមូល​អារម្មណ៍​ទាំង​ស្រុង​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​ប្រុស​ស្រី​របស់​យើង ជា​ពិសេស​បង​ប្អូន​ដែល​មក​សុំ​ជំនួយ​ពី​យើង។ ដោយ​ធ្វើ​ដូច្នេះ យើង​លើក​កិត្ដិយស​ពួក​គាត់។

២០. ស្តី​អំពី​ការ​លើក​កិត្ដិយស​គ្នា តើ​យើង​ចង់​ចាំ​ការ​រំលឹក​អ្វី?

២០ ដូច​យើង​បាន​ពិចារណា​រួច​ហើយ យើង​ចង់​ចាំ​ការ​រំលឹក​អំពី​មូលហេតុ​ដែល​យើង​គួរ​គោរព​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ បន្ថែម​ទៅ​ទៀត ក្នុង​ការ​លើក​កិត្ដិយស​មនុស្ស​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ដែល​ទន់​ទាប យើង​រក​ឱកាស​ដើម្បី​លើក​កិត្ដិយស​ពួក​គេ​មុន។ ដោយ​ចាត់​វិធានការ​ទាំង​នេះ យើង​នឹង​ពង្រឹង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ជា​បង​ប្អូន ថែម​ទាំង​ពង្រឹង​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ។ អាស្រ័យ​ហេតុ​នេះ យើង​មិន​គ្រាន់​តែ​បន្ត​លើក​កិត្ដិយស​គ្នា​ប៉ុណ្ណោះ​ទេ តែ​ជា​ពិសេស ចូរ​យើង​បន្ត​លើក​កិត្ដិយស​គេ​មុន។ តើ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​ដូច្នេះ​ឬ​ទេ?

[កំណត់​សម្គាល់]

^ វគ្គ 7 ពាក្យ​របស់​ដាវីឌ​នៅ​ទំនុក​ទី​៨​ក៏​ជា​ទំនាយ​មួយ​ដែរ ដែល​សំដៅ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុរស​ដ៏​ល្អ​ឥត​ខ្ចោះ។—ហេ. ២:៦​-​៩

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​ការ​លើក​កិត្ដិយស​និង​ការ​គោរព​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា?

• តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ?

• ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក?

• តើ​យើង​អាច​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ណា​ខ្លះ?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៥]

តើ​យើង​អាច​លើក​កិត្ដិយស​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?