លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូនៗវ័យក្មេង ចូរទប់ទល់នឹងការបង្ខិតបង្ខំពីមនុស្សអាយុស្រករប្អូន

ប្អូនៗវ័យក្មេង ចូរទប់ទល់នឹងការបង្ខិតបង្ខំពីមនុស្សអាយុស្រករប្អូន

ប្អូន​ៗ​វ័យ​ក្មេង ចូរ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​ប្អូន

«ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា . . . ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ»។—កូឡ. ៤:៦

១, ២. តើ​ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា​ការ​ដែល​ប្អូន​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត? ហេតុ​អ្វី​ពួក​គេ​មាន​អារម្មណ៍​បែប​នេះ?

 ប្អូន​ប្រាកដ​ជា​មិន​គ្រាន់​តែ​បាន​ឮ​អំពី«ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា»ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ឆ្លង​កាត់​បញ្ហា​នោះ​ដោយ​ផ្ទាល់​ផង​ដែរ។ ជួន​កាល ប្រហែល​មាន​គេ​ជំរុញ​ប្អូន​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ប្អូន​ដឹង​ថា​ខុស។ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​រឿង​នោះ​កើត​ឡើង? ប្អូន​ប្រុស​ឈ្មោះ​គ្រិស្តតូហ្វើ​អាយុ​១៤​ឆ្នាំ​និយាយ​ថា៖ «ជួន​កាល​ខ្ញុំ​ចង់​ទៅ​ឲ្យ​បាត់ ឬ​ធ្វើ​ដូច​សិស្ស​រួម​ថ្នាក់​ឯ​ទៀត​ទាំង​អស់​ដើម្បី​មិន​ឲ្យ​ខុស​គេ»។

តើ​មនុស្ស​អាយុ​ស្រករ​ប្អូន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្អូន​ឬ​ទេ? បើ​មាន​មែន ហេតុ​អ្វី? តើ​នេះ​ប្រហែល​ជា​ដោយ​សារ​ប្អូន​ចង់​ឲ្យ​គេ​ចូល​ចិត្ត​ប្អូន​ឬ? ការ​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​ប្អូន​គឺ​មិន​តែង​តែ​ខុស​ទេ។ តាម​ពិត មនុស្ស​ពេញ​វ័យ​ក៏​ចង់​ឲ្យ​មនុស្ស​អាយុ​ស្រករ​គ្នា​ចូល​ចិត្ត​ពួក​គេ​ដែរ។ ទោះ​ជា​យើង​ក្មេង​ឬ​ចាស់​ក្ដី យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​រាប់​អាន​យើង។ ប៉ុន្តែ មនុស្ស​ខ្លះ​នឹង​មិន​ពេញ​ចិត្ត​ទេ ពេល​ប្អូន​មិន​ព្រម​ធ្វើ​អ្វី​ដែល​ខុស។ សូម្បី​តែ​លោក​យេស៊ូ​ក៏​បាន​ជួប​ប្រទះ​បញ្ហា​នេះ​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​យេស៊ូ​តែង​តែ​ធ្វើ​អ្វី​ៗ​ដែល​ត្រឹម​ត្រូវ។ មនុស្ស​ខ្លះ​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក រីឯ​អ្នក​ខ្លះ​ទៀត​បាន​មើល​ងាយ​បុត្រ​របស់​ព្រះ ហើយ‹មិន​បាន​រាប់​អាន​លោក​សោះ›។—អេ. ៥៣:៣

តើ​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​អាយុ​ស្រករ​គ្នា​គឺ​ខ្លាំង​យ៉ាង​ណា?

៣. ហេតុ​អ្វី​ការ​ធ្វើ​តាម​គំរូ​របស់​មនុស្ស​ស្រករ​ប្អូន​ជា​ការ​ខុស?

ជួន​កាល ដោយ​មិន​ចង់​ឲ្យ​មនុស្ស​ស្រករ​គ្នា​ស្អប់​ប្អូន ប្អូន​ប្រហែល​ជា​មាន​ចិត្ត​ចង់​ធ្វើ​តាម​គំរូ​របស់​ពួក​គេ។ ការ​ធ្វើ​ដូច្នេះ​គឺ​ជាការ​ខុស។ គ្រិស្ត​សាសនិក​មិន​គួរ«ជា​កូន​ក្មេង . . . ក៏​មិន​ត្រូវ​មាន​គំនិត​រេ​ចុះ​រេ​ឡើង​ដូច​របស់​ដែល​យោល​តាម​រលក​សមុទ្រ»។ (អេភ. ៤:១៤) កូន​ក្មេង​ប្រហែល​ជា​ងាយ​ស្រួល​ទទួល​ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត។ ប៉ុន្តែ​ជា​មនុស្ស​វ័យ​ក្មេង មិន​យូរ​មិន​ឆាប់​ប្អូន​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ។ ដូច្នេះ បើ​ប្អូន​ជឿ​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ប្អូន​ទទួល​ប្រយោជន៍ ជា​ការ​ល្អ​ឲ្យ​ប្អូន​រស់​នៅ​សម​ស្រប​តាម​ជំនឿ​របស់​ប្អូន។ (ចោ. ១០:១២, ១៣) បើ​ប្អូន​ធ្វើ​ផ្ទុយ​ពី​នេះ នោះ​មាន​ន័យ​ថា ប្អូន​លែង​កាន់​កាប់​ទៅ​លើ​ជីវិត​របស់​ប្អូន​ទៀត​ហើយ។ តាម​ពិត ពេល​ប្អូន​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ​របស់​អ្នក​ឯ​ទៀត ប្អូន​ក្លាយ​ទៅ​ជា​អា​យ៉ង​របស់​ពួក​គេ។—សូម​អាន ពេត្រុស​ទី​២ ២:១៩

៤, ៥. (ក) តើ​អេរ៉ុន​បាន​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គាត់​យ៉ាង​ដូច​ម្ដេច? តើ​ប្អូន​អាច​ទាញ​មេ​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​អេរ៉ុន? (ខ) តើ​មនុស្ស​ស្រករ​ប្អូន​អាច​បង្ខិត​បង្ខំ​ប្អូន​ដោយ​របៀប​ណា​ខ្លះ?

នៅ​ពេល​មួយ បង​ប្រុស​របស់​ម៉ូសេ​ឈ្មោះ​អេរ៉ុន បាន​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គាត់។ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​បង្ខំ​គាត់​ឲ្យ​ធ្វើ​រូប​ព្រះ​មួយ​ឲ្យ​ពួក​គេ អេរ៉ុន​បាន​ធ្វើ​ដូច្នោះ។ អេរ៉ុន​មិន​មែន​ជា​មនុស្ស​ទន់​ខ្សោយ​ទេ។ មុន​នេះ គាត់​នៅ​ជា​មួយ​ម៉ូសេ​ពេល​ពួក​គាត់​និយាយ​ត​ទល់​នឹង​ផារ៉ូ ដែល​ជា​បុគ្គល​មាន​អំណាច​ខ្លាំង​បំផុត​នៅ​ប្រទេស​អេស៊ីប។ នៅ​ពេល​នោះ អេរ៉ុន​បាន​និយាយ​ដោយ​ក្លាហាន ហើយ​ប្រាប់​ផារ៉ូ​អំពី​ដំណឹង​របស់​ព្រះ។ ប៉ុន្តែ ពេល​ជន​រួម​ជាតិ​អ៊ីស្រាអែល​បង្ខិត​បង្ខំ​គាត់ គាត់​ព្រម​ធ្វើ​តាម​ពួក​គេ​វិញ។ ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់! ចំពោះ​អេរ៉ុន ការ​ទប់​ទល់​នឹង​ស្តេច​អេស៊ីប​គឺ​ស្រួល​ជាង​ទប់​ទល់​នឹង​មនុស្ស​អាយុ​ស្រករ​គាត់។—និក្ខ. ៧:១, ២; ៣២:១​-​៤

ដូច​ឧទាហរណ៍​របស់​អេរ៉ុន​បាន​បង្ហាញ មិន​ត្រឹម​តែ​ពួក​អ្នក​ដែល​ចង់​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​ឬ​មនុស្ស​វ័យ​ក្មេង​ប៉ុណ្ណោះ​ទេ​ដែល​មាន​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា។ ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​អ្នក​ដែល​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ រួម​ទាំង​ប្អូន​ដែរ។ មនុស្ស​ស្រករ​ប្អូន​ប្រហែល​ជា​ព្យាយាម​បង្ខំ​ប្អូន​ឲ្យ​ធ្វើ​ខុស​ដោយ​បបួល​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ឬ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ចោទ​ប្រកាន់ ឬ​ដោយ​ប្រើ​ពាក្យ​សម្ដី​ចំអក​ឡកឡឺយ។ ការ​បង្ខិត​បង្ខំ​បែប​ណា​ក៏​ដោយ​ពី​មនុស្ស​ស្រករ​ប្អូន​គឺ​ពិបាក​ប្រឈម​មុខ​ណាស់។ ប្អូន​អាច​មាន​ជោគ​ជ័យ​ក្នុង​ការ​ទប់​ទល់​ការ​បង្ខិត​បង្ខំ​ដោយ​ចាប់​ផ្ដើម​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​ប្អូន​ជឿ។

«ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា»

៦, ៧. (ក) ហេតុ​អ្វី​សំខាន់​ឲ្យ​ប្អូន​ជឿ​ជាក់​ថា​ជំនឿ​របស់​ប្អូន​គឺ​ត្រឹម​ត្រូវ? តើ​ប្អូន​អាច​បណ្ដុះ​ឲ្យ​មាន​ការ​ជឿ​ជាក់​នោះ​យ៉ាង​ដូច​ម្ដេច? (ខ) ដើម្បី​ពង្រឹង​ការ​ជឿ​ជាក់​របស់​ប្អូន តើ​ប្អូន​អាច​សួរ​ខ្លួន​ប្អូន​នូវ​សំណួរ​អ្វី​ខ្លះ?

ដើម្បី​ទប់​ទល់​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន ប្អូន​ត្រូវ​ជឿ​ជាក់​ជា​មុន​ថា ជំនឿ​និង​ខ្នាត​តម្រា​របស់​ប្អូន​គឺ​ត្រឹម​ត្រូវ។ (សូម​អាន កូរិនថូស​ទី​២ ១៣:៥) ការ​ជឿ​ជាក់​អាច​ជួយ​ប្អូន​ឲ្យ​មាន​សេចក្ដី​ក្លាហាន ទោះ​ជា​ប្អូន​ជា​មនុស្ស​អៀន​ប្រៀន​ក៏​ដោយ។ (២ធី. ១:៧, ៨) ប៉ុន្តែ ថ្វី​បើ​បុគ្គល​ម្នាក់​ធម្មតា​មាន​ចិត្ត​ក្លាហាន​ក្ដី តែ​ប្រហែល​ជា​ពិបាក​ណាស់​ឲ្យ​គាត់​គាំទ្រ​ឬ​ធ្វើ​តាម​អ្វី​ដែល​គាត់​មិន​សូវ​ជឿជាក់។ ហេតុ​នេះ ជា​ការ​ល្អ​ឲ្យ​ប្អូន​បញ្ជាក់​ឲ្យ​ខ្លួន​ប្អូន​ជឿ​ថា អ្វី​ៗ​ដែល​ប្អូន​បាន​រៀន​ពី​គម្ពីរ ប្រាកដ​ជា​ការ​ពិត។ មុន​ដំបូង សូម​ចាប់​ផ្ដើម​ពិនិត្យ​មើល​បឋម​ជំនឿ។ ជា​ឧទាហរណ៍ ប្អូន​ជឿ​ថា​មាន​ព្រះ ហើយ​ប្អូន​ឮ​អ្នក​ឯ​ទៀត​ប្រាប់​ពី​មូលហេតុ​ដែល​ពួក​គេ​ជឿ​ថា​ពិត​ជា​មាន​ព្រះ។ ដូច្នេះ សូម​សួរ​ខ្លួន​ប្អូន​ថា‹តើ​អ្វី​នាំ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​មាន​ព្រះ?›។ ការ​សួរ​សំណួរ​នេះ​គឺ​ក្នុង​បំណង​ពង្រឹង​ជំនឿ​របស់​ប្អូន មិន​មែន​ធ្វើ​ឲ្យ​ប្អូន​សង្ស័យ​ទេ។ ស្រដៀង​គ្នា​ដែរ សូម​ដណ្ដឹង​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ?›។ (២ធី. ៣:១៦) ‹ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជឿ​ជាក់​ថា​យើង​រស់​នៅ«គ្រា​ចុង​ក្រោយ​បង្អស់»?›។ (២ធី. ៣:១​-​៥) ‹តើ​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​ដើម្បី​ប្រយោជន៍​ខ្ញុំ?›។—អេ. ៤៨:១៧, ១៨

ប្អូន​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ដណ្ដឹង​សួរ​ខ្លួន​ប្អូន​នូវ​សំណួរ​បែប​នេះ ដោយ​សារ​ប្អូន​ខ្លាច​ថា​ប្អូន​មិន​ចេះ​ឆ្លើយ។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​គឺ​ដូច​ជា​អ្នក​បើក​បរ​រថយន្ត ស្ទាក់​ស្ទើរ​ឆែក​មើល​ថា​មាន​ឬ​មិន​មាន​សាំង​គ្រប់​គ្រាន់ ដោយ​គាត់​ខ្លាច​ថា​ទ្រនិច​នាឡិកា​វាស់​សាំង​នឹង​បញ្ជាក់​ថា​អស់​សាំង​ហើយ! បើ​គ្មាន​សាំង អ្នក​បើក​បរ​ត្រូវ​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ ស្រដៀង​គ្នា​ដែរ ជា​ការ​ល្អ​ឲ្យ​ប្អូន​ទទួល​ស្គាល់​ថា​ប្អូន​ខ្វះ​ការ​ជឿ​ជាក់​ត្រង់​ចំណុច​ណា​ខ្លះ ហើយ​ខំ​ប្រឹង​ពង្រឹង​ចំណុច​នោះ។—សកម្ម. ១៧:១១

៨. សូម​ពន្យល់​របៀប​ដែល​ប្អូន​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្អូន​ថា ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ឲ្យ​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា។

សូម​ពិចារណា​ឧទាហរណ៍​មួយ។ គម្ពីរ​ដាស់​តឿន​ប្អូន​ឲ្យ«រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ»។ សូម​សួរ​ខ្លួន​ប្អូន​ថា‹ហេតុ​អ្វី​ការ​ធ្វើ​តាម​បង្គាប់​នេះ​ជា​ទង្វើ​ដែល​ប្រកប​ដោយ​ប្រាជ្ញា?›។ សូម​គិត​អំពី​មូលហេតុ​ទាំង​អស់​ដែល​មនុស្ស​ស្រករ​ប្អូន​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​បែប​នោះ។ ម្យ៉ាង​ទៀត សូម​គិត​អំពី​មូលហេតុ​ផ្សេង​ៗ​ដែល​ថា អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ«កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន»។ (១កូ. ៦:១៨) ឥឡូវ​សូម​វិភាគ​មូលហេតុ​ទាំង​នោះ ហើយ​សូម​សួរ​ខ្លួន​ប្អូន​ថា‹តើ​ទង្វើ​ណា​គឺ​ល្អ​បំផុត? តើ​ពិត​ជា​មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ខាង​ផ្លូវ​ភេទ​ឬ​ទេ?›។ សូម​គិត​អំពី​រឿង​នេះ​ថែម​ទៀត​ដោយ​សួរ​ខ្លួន​ប្អូន​ថា‹បើ​ខ្ញុំ​ចុះ​ចាញ់​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?›។ នៅ​ដើម​ដំបូង មនុស្ស​ស្រករ​ប្អូន​ខ្លះ​ប្រហែល​ជា​ពេញ​ចិត្ត​នឹង​ប្អូន តែ​ក្រោយ​មក តើ​ប្អូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ប្អូន​នៅ​សាល​ប្រជុំ​ជា​មួយ​ឪពុក​ម្ដាយ​ឬ​បង​ប្អូន​រួម​ជំនឿ? តើ​ប្អូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ប្អូន​អធិដ្ឋាន​ទៅ​ព្រះ? តើ​ប្អូន​ពិត​ជា​សុខ​ចិត្ត​លះ​បង់​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ​ដើម្បី​ផ្គាប់​ចិត្ត​សិស្ស​រួម​ថ្នាក់​ឬ​ទេ?

៩, ១០. បើ​ប្អូន​មាន​ទំនុក​ចិត្ត​ថា​ជំនឿ​របស់​ប្អូន​គឺ​ត្រឹម​ត្រូវ តើ​នេះ​នឹង​ជួយ​ប្អូន​យ៉ាង​ណា​ដើម្បី​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង ពេល​នៅ​ជា​មួយ​មនុស្ស​ស្រករ​ប្អូន?

ប្រសិន​បើ​ប្អូន​ជា​ក្មេង​ជំទង់ ប្អូន​ស្ថិត​ក្នុង​វ័យ​ដែល«សមត្ថភាព​រិះ​គិត»របស់​ប្អូន​កំពុង​លូត​លាស់​ខ្លាំង។ (សូម​អាន រ៉ូម ១២:១, ២) សូម​ប្រើ​ពេល​វេលា​នៅ​វ័យ​នេះ​ដើម្បី​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​មូលហេតុ​ដែល​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​គឺ​សំខាន់​ចំពោះ​ប្អូន។ ការ​រំពឹង​គិត​បែប​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​ថា​ជំនឿ​របស់​ប្អូន​គឺ​ត្រឹម​ត្រូវ។ ក្រោយ​មក ពេល​ប្អូន​ឆ្លង​កាត់​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន ប្អូន​អាច​តប​ឆ្លើយ​ដោយ​ឥត​ស្ទាក់​ស្ទើរ​និង​ដោយ​មាន​ទំនុក​ចិត្ត។ ប្អូន​នឹង​មាន​អារម្មណ៍​ដូច​ប្អូន​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​ដែល​បាន​ពោល​ថា៖ «ពេល​ខ្ញុំ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ខ្ញុំ ខ្ញុំ​មិន​ធ្វើ​អ្វី​ខុស​ប្លែក​ទេ ខ្ញុំ​គ្រាន់​តែ​ប្រាប់​អ្នក​ឯ​ទៀត​ថា​ខ្ញុំ​ជា​មនុស្ស​ប្រភេទ​ណា។ នេះ​មិន​គ្រាន់​តែ​ជា​រឿង‹សាសនា›ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​មូលដ្ឋាន​នៃ​គំនិត គោល​ដៅ សីលធម៌ និង​ជីវិត​របស់​ខ្ញុំ»។

១០ ប្រាកដ​ហើយ ប្អូន​ត្រូវ​ព្យាយាម​ដើម្បី​ឲ្យ​ប្អូន​នៅ​តែ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​អ្វី​ដែល​ប្អូន​ដឹង​ថា​ត្រឹម​ត្រូវ។ (លូក. ១៣:២៤) ប្អូន​ប្រហែល​ជា​ឆ្ងល់​ថា​ការ​ធ្វើ​ដូច្នេះ​មាន​ឬ​មិន​មាន​ប្រយោជន៍។ ប៉ុន្តែ សូម​ចាំ​ថា បើ​ប្អូន​បង្ហាញ​ថា​ប្អូន​ខ្មាស​គេ​ឬ​សុំ​ឲ្យ​គេ​អភ័យ​ទោស​ប្អូន​ដោយ​សារ​គោល​ជំហរ​របស់​ប្អូន នោះ​អ្នក​ឯ​ទៀត​នឹង​ដឹង ហើយ​ពួក​គេ​ប្រហែល​ជា​បង្ខិត​បង្ខំ​ប្អូន​ថែម​ទៀត។ ប៉ុន្តែ បើ​ប្អូន​និយាយ​ដោយ​បង្ហាញ​ការ​ជឿ​ជាក់ ប្អូន​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ថា​មនុស្ស​ស្រករ​ប្អូន​នឹង​ឈប់​បង្ខិត​បង្ខំ​ប្អូន​យ៉ាង​ឆាប់​រហ័ស។—សូម​ពិនិត្យ​បន្ថែម លូកា ៤:១២, ១៣

‹រំពឹង​គិត​ជា​មុន ដើម្បី​ឆ្លើយ›

១១. តើ​ការ​ត្រៀម​ខ្លួន​មុន​ជួប​ប្រទះ​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន​មាន​ប្រយោជន៍​យ៉ាង​ណា?

១១ វិធានការ​សំខាន់​មួយ​ទៀត​ដើម្បី​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា គឺ​ការ​ត្រៀម​ខ្លួន។ (សូម​អាន សុភាសិត ១៥:២៨) ការ​ត្រៀម​ខ្លួន​មាន​ន័យ​ថា​គិត​គូរ​ទុក​ជា​មុន​អំពី​ស្ថានការណ៍​ដែល​ទំនង​ជា​កើត​ឡើង។ ជួន​កាល​ការ​ធ្វើ​ដូច្នេះ ក៏​អាច​ជួយ​បង្ការ​មិន​ឲ្យ​មាន​បញ្ហា​ធំ​ៗ​កើត​ឡើង​ដែរ។ ឧបមា​ថា​ប្អូន​ដើរ​ឆ្ពោះ​ទៅ​សិស្ស​រួម​ថ្នាក់​មួយ​ក្រុម​ដែល​កំពុង​ជក់​បារី។ តើ​ពួក​គេ​ទំនង​ជា​បង្ខំ​ឲ្យ​ប្អូន​ជក់​បារី​ដែរ​ឬ​ទេ? ដោយ​គិត​ទុក​ជា​មុន​អំពី​បញ្ហា​ដែល​ប្អូន​អាច​ជួប​ប្រទះ តើ​ប្អូន​អាច​ធ្វើ​អ្វី? សុភាសិត ២២:៣ ចែង​ថា៖ «មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ»។ ដូច្នេះ ប្អូន​អាច​ជៀស​ផុត​ពី​បញ្ហា​នេះ​ដោយ​សម្រេច​ចិត្ត​ដើរ​តាម​ផ្លូវ​ផ្សេង។ នេះ​មិន​បាន​សេចក្ដី​ថា​ប្អូន​ភ័យ​ខ្លាច​គេ​ទេ តែ​ជា​ការ​ប្រព្រឹត្ត​ប្រកប​ដោយ​ប្រាជ្ញា។

១២. តើ​ប្អូន​អាច​តប​ឆ្លើយ​យ៉ាង​ណា​ពេល​ប្អូន​ជួប​ប្រទះ​ស្ថានការណ៍​ពិបាក​មួយ?

១២ ចុះ​យ៉ាង​ណា​បើ​ប្អូន​មិន​អាច​គេច​ផុត​ពី​ស្ថានការណ៍​ដូច​បាន​រៀប​រាប់​នៅ​វគ្គ​មុន? ឧបមា​ថា​មនុស្ស​ស្រករ​ប្អូន​សួរ​ថា៖ ‹តើ​ឯង​មាន​សង្សារ​ហើយ​នៅ?›។ អ្វី​ដែល​សំខាន់​គឺ​ឲ្យ​ប្អូន​ធ្វើ​តាម​ការ​ដាស់​តឿន​នៅ​កូឡុស ៤:៦​ដែល​ថា៖ «ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ»។ ដូច​ខ​គម្ពីរ​នេះ​បង្ហើប​ឲ្យ​ដឹង ចម្លើយ​របស់​ប្អូន​ចំពោះ​សំណួរ​នេះ​អាស្រ័យ​ទៅ​លើ​ស្ថានការណ៍។ ប្អូន​ប្រហែល​ជា​មិន​ចាំ​បាច់​ពន្យល់​យ៉ាង​យូរ​ពី​គម្ពីរ​ទេ តែ​ចម្លើយ​យ៉ាង​ខ្លី​មួយ​ប្រហែល​ជា​គ្រប់​គ្រាន់។ ជា​ឧទាហរណ៍ ពេល​គេ​សួរ​ថា៖ ‹តើ​ឯង​មាន​សង្សារ​ហើយ​នៅ?› ប្អូន​អាច​គ្រាន់​តែ​ឆ្លើយ​ថា៖ «នៅ» ឬ«នេះ​ជា​រឿង​ខ្ញុំ​តើ!»។

១៣. ហេតុ​អ្វី​សមត្ថភាព​វែក​ញែក​គឺ​សំខាន់​ចាំ​បាច់ ពេល​ឆ្លើយ​តប​ទៅ​មនុស្ស​ស្រករ​ប្អូន​ដែល​ចំអក​ឲ្យ​ប្អូន?

១៣ ជា​ញឹក​ញយ លោក​យេស៊ូ​បាន​តប​ឆ្លើយ​យ៉ាង​ខ្លី ពេល​ដឹង​ថា​គ្មាន​ប្រយោជន៍​បើ​និយាយ​ច្រើន។ តាម​ពិត ពេល​ហេរ៉ូឌ​សួរ​លោក​យេស៊ូ លោក​មិន​បាន​ឆ្លើយ​តប​សោះ។ (លូក. ២៣:៨, ៩) ការ​នៅ​ស្ងៀម​ច្រើន​តែ​ជា​វិធី​ល្អ​មួយ ពេល​មាន​គេ​សួរ​ដោយ​គំរោះ​គំរើយ។ (សុភ. ២៦:៤, សាស្ដ. ៣:១,) ផ្ទុយ​ទៅ​វិញ ប្អូន​ប្រហែល​ជា​សម្គាល់​ថា​បុគ្គល​ម្នាក់​សួរ​ដោយ​ស្មោះ​អំពី​ជំនឿ​របស់​ប្អូន ស្តី​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​ដើម ទោះ​ជា​បុគ្គល​នោះ​និយាយ​ប្រមាថ​ប្អូន​នៅ​ដើម​ដំបូង​ក្ដី។ (១ពេ. ៤:៤) ក្នុង​ករណី​នោះ ប្អូន​ប្រហែល​ជា​ត្រូវ​ពន្យល់​យ៉ាង​ល្អិត​ល្អន់​អំពី​គោល​ជំហរ​របស់​ប្អូន ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ បើ​ប្អូន​ត្រូវ​ធ្វើ​ដូច្នេះ​មែន កុំ​ឲ្យ​ការ​ភ័យ​ខ្លាច​ធ្វើ​ឲ្យ​ប្អូន​ស្ទាក់​ស្ទើរ​ឡើយ។ ចូរ«ប្រុង​ប្រៀប»ជា​និច្ច«ដើម្បី​និយាយ​ការ​ពារ»ជំនឿ។—១ពេ. ៣:១៥

១៤. នៅ​ស្ថានការណ៍​ខ្លះ តើ​តាម​របៀប​ណា​ដែល​ប្អូន​អាច​បង្ខំ​មនុស្ស​ស្រករ​ប្អូន​ដោយ​មិន​ធ្វើ​ឲ្យ​គេ​ប្រកាន់?

១៤ នៅ​ស្ថានការណ៍​ខ្លះ ប្អូន​ប្រហែល​ជា​អាច​បង្ខិត​បង្ខំ​មនុស្ស​ស្រករ​ប្អូន​វិញ តែ​ប្អូន​ត្រូវ​ព្យាយាម​ធ្វើ​ដូច្នេះ​ដោយ​មិន​ធ្វើ​ឲ្យ​គេ​ប្រកាន់។ ជា​ឧទាហរណ៍ បើ​សិស្ស​រួម​ថ្នាក់​បបួល​ប្អូន​ឲ្យ​យក​បារី​ពី​គាត់ ប្អូន​អាច​និយាយ​ថា៖ «ខ្ញុំ​មិន​យក​ទេ» រួច​ថា៖ «ខ្ញុំ​ស្មានថា​ឯង​ជា​មនុស្ស​ឆ្លាត! ហេតុ​អី​ឯង​ជក់​បារី​អីចឹង?»។ តើ​ប្អូន​ឃើញ​ថា​ការ​បង្ខិត​បង្ខំ​នេះ​បែរ​ជា​ត្រឡប់​ទៅ​គាត់​វិញ​ឬ​ទេ? ជា​ជាង​ប្អូន​ត្រូវ​ពន្យល់​មូលហេតុ​ដែល​ប្អូន​មិន​ជក់​បារី តែ​គឺ​មនុស្ស​ស្រករ​ប្អូន​វិញ​ទេ​ដែល​ត្រូវ​បង្ខំ​ចិត្ត គិត​អំពី​មូលហេតុ​ដែល​គាត់​ជក់​បារី។

១៥. ពេល​ដែល​មនុស្ស​ស្រករ​ប្អូន​បង្ខិត​បង្ខំ​ប្អូន តើ​ពេល​ណា​ជា​ពេល​ត្រឹម​ត្រូវ​ដែល​ប្អូន​គួរ​ដើរ​ចេញ? ហើយ​ហេតុ​អ្វី?

១៥ ចុះ​យ៉ាង​ណា​វិញ បើ​មនុស្ស​ស្រករ​ប្អូន​នៅ​តែ​បង្ខិត​បង្ខំ​ប្អូន ទោះ​ជា​ប្អូន​ខំ​ប្រឹង​យ៉ាង​ណា​ក្ដី? ក្នុង​ករណី​នោះ ជា​ការ​ល្អ​ឲ្យ​ប្អូន​ដើរ​ចេញ​ពី​ពួក​គេ។ បើ​ប្អូន​នៅ​ទី​នោះ​កាន់​តែ​យូរ នោះ​លទ្ធភាព​ដែល​ប្អូនធ្វើ​តាម​ការ​បង្ខិត​បង្ខំ​របស់​ពួក​គេ​នឹង​មាន​កាន់​តែ​ច្រើន។ ដូច្នេះ ចូរ​ចាក​ចេញ​ពី​ទី​នោះ​ទៅ។ ប្អូន​មិន​គួរ​មាន​អារម្មណ៍​ថា​ប្អូន​ចាញ់​ពួក​គេ​ទេ ពី​ព្រោះ​ប្អូន​បាន​កាន់​កាប់​លើ​ស្ថានការណ៍​នោះ។ ប្អូន​មិន​បាន​ក្លាយ​ទៅ​ជា​អា​យ៉ង​របស់​មនុស្ស​ស្រករ​ប្អូន​ឡើយ ហើយ​ប្អូន​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ។—សុភ. ២៧:១១

ការ​មាន‹គម្រោង​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍›

១៦. តើ​តាម​របៀប​ណា​ដែល​ការ​បង្ខិត​បង្ខំ​អាច​មក​ពី​ពួក​អ្នក​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក?

១៦ ជួន​កាល ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ ប្រហែល​ជា​មក​ពី​ប្អូន​ៗ​វ័យ​ក្មេង​ឯ​ទៀត​ដែល​អះអាង​ថា​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ចុះ​បើ​ប្អូន​ទៅ​ដល់​កន្លែង​ជប់​លៀង​ដែល​បាន​ត្រូវ​រៀបចំ​ដោយ​បុគ្គល​បែប​នោះ ហើយ​ស្រាប់​តែ​ដឹង​ថា​គ្មាន​មនុស្ស​ពេញ​វ័យ​មើល​ការ​ខុស​ត្រូវ? ឬ​ចុះ​បើ​មាន​ស្រា​ច្រើន​នៅ​ពិធី​នោះ ហើយ​មាន​គេ​ចាប់​ផ្ដើម​ផឹក​ស្រា​ហួស​ប្រមាណ? មាន​ស្ថានការណ៍​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​ដែល​ប្អូន​ត្រូវ​ធ្វើ​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​ប្អូន​ដែល​បាន​ត្រូវ​អប់រំ​ពី​គម្ពីរ។ ប្អូន​ស្រី​អាយុ​១៦​ឆ្នាំ​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​បាន​និយាយ​ថា៖ «ប្អូន​ស្រី​ខ្ញុំ​និង​ខ្ញុំ​បាន​ដើរ​ចេញ​ពី​រោង​កុន​ដោយ​សារ​កុន​នោះ​មាន​ពាក្យ​អសុរោះ​ជា​ច្រើន។ អ្នក​ឯ​ទៀត​ដែល​មក​ជា​មួយ​យើង​នៅ​តែ​មើល​កុន​នោះ​ត​ទៅ​ទៀត។ ឪពុក​ម្ដាយ​យើង​បាន​សរសើរ​យើង​ដែល​យើង​បាន​ធ្វើ​ដូច្នេះ។ ប៉ុន្តែ អ្នក​ឯ​ទៀត​ដែល​មក​ជា​មួយ​យើង ពួក​គេ​ខឹង​យើង​ដោយ​សារ​យើង​ធ្វើ​ឲ្យ​គេ​គិត​ថា​ពួក​គេ​ជា​មនុស្ស​មិន​ល្អ»។

១៧. ពេល​ទៅ​ពិធី​ជប់​លៀង តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ?

១៧ ដូច​បទ​ពិសោធន៍​ខាង​លើ​នេះ​បាន​បង្ហាញ ការ​ធ្វើ​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​ប្អូន​ដែល​ទទួល​ការ​អប់រំ​ពី​គម្ពីរ អាច​នាំ​ឲ្យ​ប្អូន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក។ ប៉ុន្តែ ចូរ​ខំ​ធ្វើ​អ្វី​ដែល​ប្អូន​ដឹង​ថា​ត្រឹម​ត្រូវ។ ចូរ​ត្រៀម​ខ្លួន​ទុក​ជា​មុន។ បើ​ប្អូន​នឹង​ទៅ​ពិធី​ជប់​លៀង សូម​រៀបចំ​គម្រោង​ជា​ស្រេច​ដើម្បី​ចេញ​ពី​ពិធី​នោះ បើ​មាន​អ្វី​មិន​ល្អ​កើត​ឡើង។ ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​សន្មត​ជា​មួយ​ឪពុក​ម្ដាយ​ថា បើ​ពួក​គេ​ទូរស័ព្ទ​មក​ពួក​គាត់ នោះ​ឪពុក​ម្ដាយ​អាច​ទៅ​យក​ពួក​គេ​ពី​ទី​នោះ​មុន​ពិធី​ចប់។ (ទំនុក. ២៦:៤, ៥) ការ​មាន«គម្រោង»បែប​នេះ«នាំ​ឲ្យ​មាន​ប្រយោជន៍»។—សុភ. ២១:៥, ព.ថ.

‹ចូរ​ឲ្យ​មាន​ចិត្ត​រីករាយ​ក្នុង​យុវវ័យ​របស់​ប្អូន›

១៨, ១៩. (ក) ហេតុ​អ្វី​ប្អូន​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​មាន​សុភមង្គល? (ខ) តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា?

១៨ ព្រះ​យេហូវ៉ា​បង្កើត​ប្អូន​មក​ឲ្យ​សប្បាយ​នឹង​ជីវិត ហើយ​ចង់​ឲ្យ​ប្អូន​មាន​សុភមង្គល។ (សូម​អាន សាស្ដា ១១:៩) សូម​ចាំ​ថា អ្វី​ដែល​មនុស្ស​ជា​ច្រើន​ដែល​មាន​អាយុ​ស្រករ​ប្អូន​កំពុង​ធ្វើ គឺ​គ្រាន់​តែ​ជា​ការ«សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង»ប៉ុណ្ណោះ។ (ហេ. ១១:២៥) ព្រះ​ដ៏​ពិត​ចង់​ឲ្យ​ប្អូន​ទទួល​អ្វី​ដែល​ល្អ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត។ លោក​ចង់​ឲ្យ​ប្អូន​សប្បាយ​ជា​រៀង​រហូត។ ហេតុ​នេះ ពេល​គេ​ល្បួង​ប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ប្អូន​ដឹង​ថា​មិន​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ សូម​ប្អូន​ចាំ​ថា​នៅ​ទី​បំផុត អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​ធ្វើ​គឺ​តែង​តែ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ប្អូន។

១៩ ក្នុង​នាម​ជា​មនុស្ស​វ័យ​ក្មេង ប្អូន​ត្រូវ​ទទួល​ស្គាល់​ថា សូម្បី​តែ​មនុស្ស​ស្រករ​ប្អូន​ពេញ​ចិត្ត​នឹង​ប្អូន​នៅ​ឥឡូវ​នេះ​ក៏​ដោយ តែ​ច្រើន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ភាគ​ច្រើន​ទំនង​ជា​មិន​ទាំង​ចាំ​សូម្បី​តែ​ឈ្មោះ​របស់​ប្អូន​ផង។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​កត់​សម្គាល់ ពេល​ប្អូន​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន ហើយ​លោក​នឹង​មិន​ភ្លេច​ប្អូន​ឬ​ភាព​ស្មោះ​ត្រង់​របស់​ប្អូន​ឡើយ។ លោក​នឹង‹បើក​ទ្វារ​ស្ថាន​សួគ៌ ដើម្បី​ចាក់​ព្រះ​ពរ​មក​លើ​ប្អូន ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ›។ (ម៉ាឡ. ៣:១០) ម្យ៉ាង​ទៀត លោក​នឹង​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដោយ​ចិត្ត​ទូលាយ​ដើម្បី​ពង្រឹង​គោល​ជំហរ​របស់​ប្អូន ពេល​ប្អូន​ទន់​ខ្សោយ។ ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​អាច​ជួយ​ប្អូន​ឲ្យ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន!

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា?

• តើ​ការ​ជឿ​ជាក់​របស់​ប្អូន​ជួយ​ប្អូន​យ៉ាង​ណា​ក្នុង​ការ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន?

• តើ​ប្អូន​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​ដើម្បី​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន?

• តើ​ប្អូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​ប្អូន?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៥]

ហេតុ​អ្វី​អេរ៉ុន​ព្រម​ធ្វើ​រូប​កូន​គោ​មាស?

[រូប​ភាព​នៅ​ទំព័រ​១៧]

ចូរ​ត្រៀម​ខ្លួន​ទុក​ជា​មុន​អំពី​អ្វី​ដែល​ប្អូន​ត្រូវ​និយាយ