តើអធិដ្ឋានទៅអ្នកណា?
តើព្រះស្ដាប់ការអធិដ្ឋានទាំងអស់ ទោះជាមនុស្សអធិដ្ឋានទៅអ្នកណាក៏ដោយឬ? សព្វថ្ងៃនេះ មនុស្សច្រើនតែគិតថាព្រះស្ដាប់ការអធិដ្ឋានទាំងអស់។ ទស្សនៈនេះទាក់ទាញចិត្តរបស់មនុស្សជាច្រើនដែលចង់ឲ្យសាសនាទាំងឡាយចូលរួមជាមួយគ្នា ហើយចង់ឲ្យមនុស្សជាតិទទួលយកសាសនាទាំងនោះ ទោះបីសាសនានីមួយៗខុសគ្នាក៏ដោយ។ ក៏ប៉ុន្តែ តើទស្សនៈនេះត្រឹមត្រូវឬទេ?
គម្ពីរបង្រៀនថា ជាច្រើនដង មនុស្សបានអធិដ្ឋានទៅព្រះមិនពិត។ នៅគ្រាដែលគម្ពីរបានត្រូវនិពន្ធ ជាធម្មតាមនុស្សអធិដ្ឋានទៅរូបសំណាក។ ប៉ុន្តែ ព្រះបានព្រមានម្ដងហើយម្ដងទៀតថាពួកគេមិនគួរធ្វើដូច្នេះទេ។ ឧទាហរណ៍ទំនុកតម្កើង ១១៥:៤-៦ចែងអំពីរូបព្រះថា៖ «រូបទាំងនោះ . . . មានត្រចៀក តែស្ដាប់មិនឮ»។ គឺច្បាស់ណាស់ហើយ! ការអធិដ្ឋានទៅព្រះមួយដែលមិនអាចស្ដាប់យើងឮគឺគ្មានប្រយោជន៍ទេ។
កំណត់ហេតុគម្ពីរដ៏រស់រវើកមួយបានបញ្ជាក់អំពីចំណុចនេះ។ អ្នកប្រកាសទំនាយពិតម្នាក់ឈ្មោះអេលីយ៉ាបានបបួលពួកអ្នកប្រកាសទំនាយរបស់ព្រះបាល ឲ្យអធិដ្ឋានទៅព្រះរបស់ពួកគេ ហើយក្រោយមកអេលីយ៉ានឹងអធិដ្ឋានទៅព្រះរបស់គាត់ដែរ។ អេលីយ៉ាបានពោលថា ព្រះដ៏ពិតនឹងធ្វើតាមសំណូមពររបស់អ្នកសុំ តែព្រះមិនពិតនឹងធ្វើមិនបានឡើយ។ ក្រោយពីពួកអ្នកប្រកាសទំនាយរបស់ព្រះបាលបានព្រមធ្វើដូច្នេះ នោះពួកគេបានអធិដ្ឋានយ៉ាងយូរ ហើយក៏បានស្រែកយ៉ាងខ្លាំងដែរ តែគ្មានអ្វីកើតឡើងសោះ! កំណត់ហេតុនោះចែងថា៖ «គ្មាន . . . ចំឡើយណាឆ្លើយមកសោះ ក៏គ្មានអ្នកណាស្ដាប់ផង»។ (ពង្សាវតារក្សត្រទី១ ១៨:២៩) ក៏ប៉ុន្តែពេលអេលីយ៉ាអធិដ្ឋាន តើមានអ្វីកើតឡើង?
ក្រោយពីអេលីយ៉ាអធិដ្ឋាន ព្រះរបស់គាត់បានធ្វើតាមសំណូមពររបស់គាត់ភ្លាមមួយរំពេចដោយធ្វើឲ្យមានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះគ្រឿងបូជារបស់អេលីយ៉ា។ តើការអធិដ្ឋានរបស់ពួកគាត់ខុសគ្នាយ៉ាងណា? ដូចមាននៅពង្សាវតារក្សត្រទី១ ១៨:៣៦, ៣៧ សេចក្ដីអធិដ្ឋានរបស់អេលីយ៉ាមានចំណុចសំខាន់មួយ។ សេចក្ដីអធិដ្ឋានរបស់គាត់ខ្លីណាស់ ព្រោះក្នុងភាសាហេប្រឺ ប្រហែលជាមាន៣០ពាក្យ។ ទោះជាយ៉ាងនេះក្ដី ក្នុងការអធិដ្ឋានដ៏ខ្លីនោះ អេលីយ៉ាបានហៅឈ្មោះព្រះរបស់គាត់បីដង ពោលគឺព្រះយេហូវ៉ា។
ព្រះបាលជាព្រះរបស់ជនជាតិកាណាន ហើយឈ្មោះព្រះនេះមានន័យថា«ម្ចាស់»ឬ«ចៅហ្វាយ» តែមានព្រះបាលខុសៗគ្នាតាមតំបន់នីមួយៗ។ ប៉ុន្តែ ឈ្មោះយេហូវ៉ាគឺសម្រាប់លោកតែមួយគត់ក្នុងសកលលោកទាំងមូល។ ព្រះយេហូវ៉ាបានប្រាប់រាស្ត្ររបស់លោកថា៖ «អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត»ឡើយ។—អេសាយ ៤២:៨
តើព្រះបានស្ដាប់ការអធិដ្ឋានរបស់អេលីយ៉ានិងការអធិដ្ឋានរបស់ពួកអ្នកប្រកាសទំនាយរបស់ព្រះបាលឬទេ? ការគោរពបូជាព្រះបាលបានធ្វើឲ្យមនុស្សថោកទាបដោយសារមានពេស្យាចារក្នុងការគោរពបូជានិងមានការបូជាមនុស្សផងដែរ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានបង្រៀនប្រជាជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់លោក ឲ្យគោរពបូជាលោកដោយមានភាពថ្លៃថ្នូរ ហើយយ៉ាងនេះ លោកបានជួយពួកគេឲ្យគេចផុតពីអំពើថោកទាបបែបនោះ។ ដូច្នេះសូមគិតដូចតទៅនេះ៖ បើលោកអ្នកចង់ផ្ញើសំបុត្រទៅមិត្តភក្ដិដែលលោកអ្នកគោរពយ៉ាងជ្រាលជ្រៅ តើលោកអ្នកនឹងសរសេរអាសយដ្ឋានរបស់អ្នកណាផ្សេងទៀតដែលប្រឆាំងមិត្តរបស់លោកអ្នកឬ? លោកអ្នកប្រាកដជាមិនធ្វើដូច្នេះឡើយ!
ព្រះមិនស្ដាប់ការអធិដ្ឋានទាំងអស់ទេ ដូចបានឃើញក្នុងករណីរបស់អេលីយ៉ានិងពួកអ្នកប្រកាសទំនាយព្រះបាល
a អ្នកប្រកាសទំនាយម្នាក់ឈ្មោះអេសាយបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត»។ (អេសាយ ៦៣:១៦) ដូច្នេះព្រះយេហូវ៉ាជាបុគ្គលដែលលោកយេស៊ូគ្រិស្តបានសំដៅទៅលើ ពេលលោកប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ខ្ញុំនឹងឡើងទៅឯបិតារបស់ខ្ញុំនិងបិតារបស់អ្នករាល់គ្នា ហើយទៅឯព្រះរបស់ខ្ញុំនិងព្រះរបស់អ្នករាល់គ្នា»។ (យ៉ូហាន ២០:១៧) ព្រះយេហូវ៉ាជាបិតារបស់លោកយេស៊ូ។ លោកជាព្រះដែលលោកយេស៊ូបានអធិដ្ឋាន និងជាព្រះដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានដែរ។—ម៉ាថាយ ៦:៩
បើលោកអ្នកអធិដ្ឋានទៅព្រះយេហូវ៉ា លោកអ្នកកំពុងអធិដ្ឋានទៅព្រះដែលជាអ្នកបង្កើត ជាបិតានៃមនុស្សជាតិ។តើគម្ពីរបង្រៀនយើងឲ្យអធិដ្ឋានទៅលោកយេស៊ូ ទៅនាងម៉ារៀ ទៅមនុស្សដែលពិភពគ្រិស្តសាសនាចាត់ទុកថាបរិសុទ្ធ ឬទៅទេវតាឬទេ? មិនមែនទេ គម្ពីរបង្រៀនយើងឲ្យអធិដ្ឋានទៅតែព្រះយេហូវ៉ាប៉ុណ្ណោះ។ សូមពិចារណាមូលហេតុពីរ។ ទី១ ការអធិដ្ឋានជាផ្នែកមួយនៃការគោរពប្រណិប័តន៍ ហើយគម្ពីរចែងថាយើងគួរគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ (និក្ខមនំ ២០:៥) ទី២ គម្ពីរបង្ហាញថាព្រះយេហូវ៉ាមានមុខងារជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុកតម្កើង ៦៥:២) ទោះបីព្រះយេហូវ៉ាបានប្រគល់ភារកិច្ចជាច្រើនដល់អ្នកឯទៀតក៏ដោយ តែការស្ដាប់ការអធិដ្ឋានជាភារកិច្ចមួយដែលលោកមិនដែលប្រគល់ឲ្យអ្នកណាម្នាក់ឡើយ។ លោកសន្យាថាលោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងដោយខ្លួនលោកផ្ទាល់។
ហេតុនេះ បើលោកអ្នកចង់ឲ្យព្រះស្ដាប់ការអធិដ្ឋានរបស់លោកអ្នក សូមចាំការដាស់តឿនពីគម្ពីរដែលថា៖ «អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ា អ្នកនោះនឹងត្រូវសង្គ្រោះ»។ (សកម្មភាព ២:២១) ប៉ុន្តែតើព្រះយេហូវ៉ាស្ដាប់ការអធិដ្ឋានទាំងអស់ដោយគ្មានល័ក្ខខ័ណ្ឌឬទេ? ឬក៏តើលោកអ្នកត្រូវដឹងអ្វីទៀត បើលោកអ្នកចង់ឲ្យព្រះស្ដាប់ការអធិដ្ឋានរបស់លោកអ្នក?
a ទំនៀមទម្លាប់សាសនាខ្លះចាត់ទុកការហៅឈ្មោះព្រះ សូម្បីតែពេលអធិដ្ឋានក៏ដោយ ថាជាអ្វីដែលមិនត្រឹមត្រូវ។ ក៏ប៉ុន្តែ ឈ្មោះព្រះមានជិត៧.០០០ដងក្នុងគម្ពីរភាសាដើម ហើយក្នុងករណីជាច្រើន ឈ្មោះនោះមានក្នុងទំនុកផ្សេងៗនិងក្នុងសេចក្ដីអធិដ្ឋាននៃអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា។