ហេតុអ្វីអធិដ្ឋាន?
ការអធិដ្ឋាន គ្មានប្រធានបទណាក្នុងគម្ពីរបរិសុទ្ធដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ ហើយធ្វើឲ្យគេចង់ដឹងច្រើនជាងប្រធានបទនេះទេ។ សូមពិចារណាសំណួរប្រាំយ៉ាងអំពីការអធិដ្ឋានដែលមនុស្សធ្លាប់សួរជាទូទៅ ហើយក្រោយមកសូមពិនិត្យមើលចម្លើយដែលមានក្នុងគម្ពីរ។ អត្ថបទទាំងនេះបានត្រូវរៀបរៀងឡើងក្នុងបំណងជួយលោកអ្នកឲ្យចាប់ផ្ដើមអធិដ្ឋាន ឬដើម្បីធ្វើឲ្យការអធិដ្ឋានរបស់លោកអ្នកមានប្រសិទ្ធភាពជាង។
ទូទាំងពិភពលោក នៅគ្រប់ប្រទេសនិងគ្រប់សាសនា មនុស្សអធិដ្ឋាន។ ពួកគេអធិដ្ឋានពេលនៅតែឯង ព្រមទាំងអធិដ្ឋានជាក្រុមដែរ។ ពួកគេអធិដ្ឋាននៅវិហារសាសនាផ្សេងៗ សាលាប្រជុំសាសនាយូដា ឬទីសក្ការបូជា។ ដើម្បីអធិដ្ឋាន ពួកគេប្រហែលជាប្រើកម្រាលពិសេស ខ្សែអង្កាំ ប្រដាប់ដែលគេបង្វិលពេលអធិដ្ឋាន រូបសំណាក សៀវភៅធម៌ ឬធម៌សម្រាប់អធិដ្ឋានដែលចារលើក្ដារតូចៗដែលព្យួរលើធ្នើរ។
ដោយសារមនុស្សអធិដ្ឋាន នេះធ្វើឲ្យមនុស្សខុសប្លែកពីភាវរស់ទាំងអស់នៅផែនដី។ ពិតមែន មនុស្សមានភាពស្រដៀងគ្នានឹងសត្វ។ យើងត្រូវការអាហារ អុកស៊ីហ្ស៊ែននិងទឹកដូចសត្វដែរ។ ម្យ៉ាងទៀត ដូចសត្វ យើងកើតមក រស់នៅ ហើយស្លាប់។ (សាស្ដា ៣:១៩) ប៉ុន្តែ មានតែមនុស្សប៉ុណ្ណោះអធិដ្ឋាន។ ហេតុអ្វី?
ចម្លើយស្រួលបំផុតគឺថា ការអធិដ្ឋានជាសេចក្ដីត្រូវការរបស់យើង។ ជាទូទៅ គេយល់ថាការអធិដ្ឋានជាវិធីមួយដែលមនុស្សអាចទាក់ទងជាមួយពិភពពួកវិញ្ញាណ ជាអ្វីដែលមនុស្សចាត់ទុកថាបរិសុទ្ធឬពិសិដ្ឋ ហើយគ្មានទីបញ្ចប់។ គម្ពីរបរិសុទ្ធបង្ហាញថា យើងបានត្រូវបង្កើតមកឲ្យមានចំណង់អធិដ្ឋាន។ (សាស្ដា ៣:១១) មានពេលមួយ លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៣
ត្រូវហើយ ការ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ»ឬការស្រេកឃ្លានចំពោះការគោរពប្រណិប័តន៍ព្រះ ជាមូលហេតុដែលមនុស្សសង់អគារនិងវត្ថុសាសនាទាំងឡាយ ព្រមទាំងចំណាយពេលរាប់មិនអស់ដើម្បីអធិដ្ឋាន។ មនុស្សខ្លះពឹងផ្អែកទៅលើខ្លួនគេឬអ្នកឯទៀតដើម្បីបំពេញការស្រេកឃ្លានចំពោះការគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ មនុស្សមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការស្រេកឃ្លាននេះទេ តើលោកអ្នកយល់ឃើញដូចនេះឬទេ? យើងមានភាពទន់ខ្សោយ អាយុខ្លី ហើយមិនអាចមើលធ្លុះអំពីអនាគតទេ។ មានតែបុគ្គលដែលមានប្រាជ្ញាច្រើនជាង មានឫទ្ធានុភាពជាង ហើយរស់នៅយូរអង្វែងជាងយើង ទើបអាចផ្ដល់អ្វីដែលយើងត្រូវការបាន។ ចំពោះការគោរពប្រណិប័តន៍ព្រះ តើការស្រេកឃ្លានទាំងនេះមានអ្វីខ្លះ?
សូមពិចារណា: តើលោកអ្នកធ្លាប់ចង់បានយ៉ាងខ្លាំងនូវការណែនាំ ប្រាជ្ញា ឬចម្លើយចំពោះសំណួរដែលមើលទៅហួសពីកម្រិតយល់ដឹងរបស់មនុស្សឬទេ? ពេលលោកអ្នករងទុក្ខដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ ពេលត្រូវការជំនួយក្នុងការសម្រេចចិត្តសំខាន់ៗ ឬពេលលោកអ្នកត្រូវការការអភ័យទោសដែលមកពីកំហុសដែលធ្វើទុក្ខលោកអ្នក ក្នុងករណីទាំងនេះ តើលោកអ្នកធ្លាប់ចង់បានការសម្រាលទុក្ខឬទេ?
យោងទៅតាមគម្ពីរ នេះជាមូលហេតុត្រឹមត្រូវឲ្យលោកអ្នកអធិដ្ឋាន។ គម្ពីរជាសៀវភៅដែលគួរឲ្យទុកចិត្តបំផុតស្តីអំពីរឿងនេះ ហើយគម្ពីរបានចែងអំពីសេចក្ដីអធិដ្ឋានរបស់បុរសនិងស្ត្រីស្មោះត្រង់មួយចំនួន។ ពួកគេបានអធិដ្ឋានសុំការសម្រាលទុក្ខ ការណែនាំ ការអភ័យទោស និងចម្លើយចំពោះសំណួរពិបាកៗបំផុត។—ទំនុកតម្កើង ២៣:៣; ៧១:២១; ដានីយ៉ែល ៩:៤, ៥, ១៩; ហាបាគុក ១:៣
ទោះជាការអធិដ្ឋានទាំងនេះខុសពីគ្នាក៏ដោយ តែនៅមានអ្វីមួយដូចគ្នា។ ពួកអ្នកដែលអធិដ្ឋានមានគន្លឹះចាំបាច់មួយដែលធ្វើឲ្យព្រះស្ដាប់ការអធិដ្ឋានរបស់ពួកគេ ជាគន្លឹះដែលមនុស្សសព្វថ្ងៃច្រើនតែភ្លេចឬមិនអើពើ។ ពួកគេដឹងថាពួកគេគួរអធិដ្ឋានទៅអ្នកណា។