លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអធិដ្ឋានអំពីអ្វី?

តើអធិដ្ឋានអំពីអ្វី?

ក្នុង​ចំណោម​ការ​អធិដ្ឋាន​ទាំង​អស់​របស់​គ្រិស្ត​សាសនិក មាន​ការ​អធិដ្ឋាន​មួយ​ដែល​គេ​ពោល​ម្ដង​ហើយ​ម្ដង​ទៀត​ច្រើន​ជាង​គេ។ ទោះ​ជា​នេះ​ពិត​ឬ​មិន​ពិត​ក៏​ដោយ មនុស្ស​ជា​ច្រើន​យល់​ខុស​អំពី​សេចក្ដី​អធិដ្ឋាន​គំរូ​ដែល​លោក​យេស៊ូ​បាន​ថ្លែង ដែល​ជួន​កាល​គេ​ហៅ​ថា​ជា​សេចក្ដី​អធិដ្ឋាន​លោក​ម្ចាស់​ឬ​សេចក្ដី​អធិដ្ឋាន​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ មនុស្ស​រាប់​លាន​នាក់​បាន​សូត្រ​រត់​មាត់​ពាក្យ​អធិដ្ឋាន​នោះ​រៀង​រាល់​ថ្ងៃ ប្រហែល​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​លោក​យេស៊ូ​មិន​ដែល​មាន​បំណង​ឲ្យ​មនុស្ស​អធិដ្ឋាន​បែប​នេះ​ទេ។ ហេតុ​អ្វី​យើង​ដឹង?

មុន​លោក​យេស៊ូ​រៀប​រាប់​អំពី​សេចក្ដី​អធិដ្ឋាន​នោះ លោក​មាន​ប្រសាសន៍​ថា៖«ពេល​ដែល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ»។ (ម៉ាថាយ ៦:៧) បន្ទាប់​ពី​នេះ លោក​បាន​រៀប​រាប់​អំពី​របៀប​ដែល​យើង​គួរ​អធិដ្ឋាន។ តើ​លោក​យេស៊ូ​និយាយ​ផ្ទុយ​នឹង​សម្ដី​របស់​លោក​ឬ? ប្រាកដ​ជា​មិន​មែន​ទេ! ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​យើង​គួរ​អធិដ្ឋាន​អំពី​អ្វី​ខ្លះ ហើយ​ប្រាប់​យើង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​សំខាន់​ជាង​គេ​ដែល​យើង​ត្រូវ​ចាំ​ពេល​អធិដ្ឋាន។ ចូរ​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ។ សេចក្ដី​អធិដ្ឋាន​នេះ​មាន​នៅ​សៀវភៅ​ម៉ាថាយ ៦:៩​-​១៣

«ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ»

លោក​យេស៊ូ​បាន​រំលឹក​ពួក​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​ត្រូវ​អធិដ្ឋាន​ទៅ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពោល​គឺ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​តើ​លោក​អ្នក​ដឹង​ទេ​ថា​ហេតុ​អ្វី​ឈ្មោះ​របស់​ព្រះ​សំខាន់​ម្ល៉េះ? ហើយ​ហេតុ​អ្វី​ព្រះ​ត្រូវ​ធ្វើ​ឲ្យ​ឈ្មោះ​របស់​លោក​បាន​បរិសុទ្ធ?

តាំង​ពី​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ ឈ្មោះ​ដ៏​ពិសិដ្ឋ​របស់​ព្រះ​បាន​ត្រូវ​គេ​បង្កាច់​បង្ខូច។ សាថាន​ដែល​ជា​សត្រូវ​របស់​ព្រះ​បាន​ចោទ​ព្រះ​យេហូវ៉ា​ថា លោក​ជា​អ្នក​គ្រប់​គ្រង​ដែល​ភូត​កុហក​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ វា​ក៏​ចោទ​ដែរ​ថា​លោក​គ្មាន​សិទ្ធិ​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង​លើ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​ទេ។ (លោកុប្បត្តិ ៣:១​-​៦) មនុស្ស​ជា​ច្រើន​យល់​ស្រប​នឹង​សាថាន ហើយ​ពួក​គេ​បង្រៀន​ថា​ព្រះ​គ្មាន​សេចក្ដី​ស្រឡាញ់ គ្មាន​មេត្ដា ហើយ​ចូល​ចិត្ត​សង​សឹក ឬ​ពួក​គេ​មិន​ទទួល​ស្គាល់​ថា​លោក​ជា​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឡើយ។ អ្នក​ខ្លះ​ទៀត​បាន​ប្រឆាំង​ការ​ប្រើ​ឈ្មោះ​របស់​ព្រះ​ដោយ​ដក​នាម​យេហូវ៉ា​ចេញ​ពី​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​នៃ​គម្ពីរ​បរិសុទ្ធ ហើយ​ហាម​មិន​ឲ្យ​គេ​ប្រើ​ឈ្មោះ​នោះ​ទៀត។

គម្ពីរ​បង្ហាញ​ថា​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​យុត្ដិធម៌​ឡើង​វិញ។ (អេសេគាល ៣៩:៧) ដោយ​ធ្វើ​ដូច្នោះ លោក​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាំង​អស់​របស់​លោក​អ្នក ហើយ​ក៏​នឹង​បំបាត់​ចោល​បញ្ហា​ទាំង​អស់​របស់​លោក​អ្នក​ដែរ។ តើ​តាម​របៀប​ណា? ឃ្លា​បន្ទាប់​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​នឹង​ឆ្លើយ​សំណួរ​នេះ។

«សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់»

សព្វ​ថ្ងៃ​នេះ ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ មាន​ការ​យល់​ច្រឡំ​ជា​ច្រើន​ក្នុង​ចំណោម​អ្នក​បង្រៀន​ខាង​សាសនា។ ប៉ុន្តែ​ដូច​មនុស្ស​ដែល​បាន​ស្ដាប់​លោក​យេស៊ូ​បាន​ដឹង អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​ទាយ​ជា​យូរ​ណាស់​មក​ហើយ​ថា​មេស្ស៊ី​ជា​អ្នក​សង្គ្រោះ​ដែល​ព្រះ​បាន​ជ្រើស​រើស នឹង​គ្រប់​គ្រង​លើ​រាជាណាចក្រ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​ពិភព​លោក​ផ្លាស់​ប្ដូរ។ (អេសាយ ៩:៦, ៧; ដានីយ៉ែល ២:៤៤) រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​របស់​ព្រះ​បរិសុទ្ធ​ដោយ​លាត​ត្រដាង​ពាក្យ​ភូត​កុហករបស់​សាថាន ហើយ​បន្ទាប់​មក​នឹង​បំផ្លាញ​សាថាន​និង​កិច្ចការ​ទាំង​អស់​របស់​វា។ រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​លែង​មាន​សង្គ្រាម ជំងឺ ការ​អត់​ឃ្លាន និង​សេចក្ដី​ស្លាប់។ (ទំនុក​តម្កើង ៤៦:៩; ៧២:១២​-​១៦; អេសាយ ២៥:៨; ៣៣:២៤) កាល​ណា​លោក​អ្នក​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ នោះ​លោក​អ្នក​កំពុង​អធិដ្ឋាន​សុំ​ឲ្យ​ពាក្យ​សន្យា​ទាំង​នោះ​បាន​សម្រេច។

«សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»

ពាក្យ​របស់​លោក​យេស៊ូ​ខាង​លើ​នេះ​បង្ហើប​ឲ្យ​ដឹង​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​ប្រាកដ​ជា​នឹង​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថាន​សួគ៌​ដែល​ជា​ទី​អាស្រ័យ​នៅ​របស់​ព្រះ។ គ្មាន​អ្វី​អាច​រា​រាំង​បំណង​ប្រាថ្នា​របស់​ព្រះ​មិន​ឲ្យ​សម្រេច​នៅ​ស្ថាន​សួគ៌​ឡើយ​ព្រោះ​នៅ​ទី​នោះ​បុត្រ​របស់​ព្រះ​បាន​ធ្វើ​សង្គ្រាម​នឹង​សាថាន​និង​ទេវតា​របស់​វា ហើយ​បាន​បោះ​ទម្លាក់​ពួក​វា​មក​ផែនដី។ (ការ​បើក​បង្ហាញ ១២:៩​-​១២) ដូច​សំណូម​ពរ​ទី​១​និង​ទី​២​ដែរ សំណូម​ពរ​ទី​៣​នេះ​នៃ​សេចក្ដី​អធិដ្ឋាន​គំរូ ជួយ​យើង​ឲ្យ​ផ្ដោត​ការ​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​សំខាន់​បំផុត គឺ​បំណង​ប្រាថ្នា​របស់​ព្រះ មិន​មែន​បំណង​ប្រាថ្នា​របស់​យើង​ទេ។ គឺ​បំណង​ប្រាថ្នា​របស់​លោក​ដែល​នាំ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ ហេតុ​នេះ សូម្បី​តែ​លោក​យេស៊ូ​ដែល​ជា​បុរស​ល្អ​ឥត​ខ្ចោះ​ក៏​មាន​ប្រសាសន៍​ទៅ​បិតា​របស់​លោក​ថា៖ «សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ»។—លូកា ២២:៤២

«សូម​ផ្ដល់​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ»

បន្ទាប់​មក លោក​យេស៊ូ​បាន​បង្ហាញ​ថា​យើង​ក៏​អាច​អធិដ្ឋាន​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង​ដែរ។ ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​អធិដ្ឋាន​ទៅ​ព្រះ​អំពី​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង។ តាម​ពិត ការ​ធ្វើ​ដូច​នេះ​រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក«ដែល​ផ្ដល់​ជីវិត ដង្ហើម និង​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​គ្រប់​រូប»។ (សកម្មភាព ១៧:២៥) គម្ពីរ​បង្ហាញ​ថា​លោក​ជា​បិតា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​សប្បាយ​ចិត្ត​ឲ្យ​កូន​ៗ​លោក​នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ។ ក៏​ប៉ុន្តែ​ដូច​ឪពុក​ល្អ​ម្នាក់ លោក​មិន​ធ្វើ​តាម​សំណូម​ពរ​ណា​ដែល​គ្មាន​ប្រយោជន៍​ដល់​ពួក​គេ​ទេ។

«សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង»

តើ​លោក​អ្នក​ពិត​ជា​ត្រូវ​ការ​ឲ្យ​ព្រះ​អភ័យ​ទោស​ឲ្យ​លោក​អ្នក​ឬ​ទេ? សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លែង​យល់​ថា​អ្វី​ទៅ​ជា​អំពើ​ខុស​ឆ្គង ហើយ​លែង​យល់​ថា​អំពើ​ខុស​ឆ្គង​នោះ​ជា​រឿង​ធ្ងន់​ធ្ងរ​ទៀត​ហើយ។ ប៉ុន្តែ​គម្ពីរ​បង្រៀន​ថា​អំពើ​ខុស​ឆ្គង​ជា​ដើម​ហេតុ​នៃ​បញ្ហា​ធំ​បំផុត​របស់​យើង​ព្រោះ​អំពើ​ខុស​ឆ្គង​នាំ​ឲ្យ​មនុស្ស​ស្លាប់។ ដោយ​ហេតុ​ថា​យើង​កើត​មក​មាន​ភាព​ខុស​ឆ្គង ជា​រឿយ​ៗ​យើង​ទាំង​អស់​គ្នា​ធ្វើ​ខុស ហើយ​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​យើង​សម្រាប់​អនាគត​យូរ​អង្វែង អាស្រ័យ​លើ​ព្រះ​អភ័យ​ទោស​ឲ្យ​យើង។ (រ៉ូម ៣:២៣; ៥:១២; ៦:២៣) គម្ពីរ​ចែង​ពី​ព្រះ​យេហូវ៉ា​ថា៖ «ឱ​ព្រះ​អម្ចាស់​អើយ ទ្រង់​ល្អ​ទ្រង់​បំរុង​តែ​នឹង​អត់​ទោស»។ យើង​ពិត​ជា​ធូរ​ស្រាល​ក្នុង​ចិត្ត​ដោយ​ដឹង​អំពី​នេះ។—ទំនុក​តម្កើង ៨៦:៥

«សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច»

តើ​លោក​អ្នក​ដឹង​ឬ​ទេ​ថា​លោក​អ្នក​ត្រូវ​ការ​ជា​ចាំ​បាច់​និង​ជា​បន្ទាន់​យ៉ាង​ណា​ទៅ​នូវ​ការ​ការ​ពារ​ពី​ព្រះ? មនុស្ស​ជា​ច្រើន​មិន​ព្រម​ជឿ​សោះ​ថា​មាន«មេ​កំណាច»សាថាន​ទេ។ ប៉ុន្តែ​លោក​យេស៊ូ​បាន​បង្រៀន​ថា​សាថាន​មាន​ពិត​មែន ថែម​ទាំង​បាន​ហៅ​វា​ថា​ជា«អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ»។ (យ៉ូហាន ១២:៣១; ១៦:១១) សាថាន​បាន​បំពុល​ចិត្ត​គំនិត​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ដែល​វា​គ្រប់​គ្រង ហើយ​វា​ក៏​ចង់​បំពុល​ចិត្ត​គំនិត​របស់​លោក​អ្នក​ដែរ​ក្នុង​បំណង​រា​រាំង​លោក​អ្នក​មិន​ឲ្យ​បណ្ដុះ​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ (ពេត្រុស​ទី​១ ៥:៨) ប៉ុន្តែ​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​សាថាន​ឆ្ងាយ​ណាស់ ហើយ​លោក​ពេញ​ចិត្ត​ការ​ពារ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។

ការ​សង្ខេប​ខាង​លើ​នេះ​នៃ​ចំណុច​សំខាន់​ៗ​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ​របស់​លោក​យេស៊ូ មិន​រៀប​រាប់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​អធិដ្ឋាន​ឡើយ។ សូម​ចាំ​ថា​យ៉ូហាន​ទី​១ ៥:១៤​ប្រាប់​យើង​អំពី​ព្រះ​ថា៖ «អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង»។ ដូច្នេះ​សូម​កុំ​គិត​ថា​បញ្ហា​របស់​លោក​អ្នក​គឺ​ជា​រឿង​តូច​តាច​ណាស់ មិន​សម​លើក​មក​អធិដ្ឋាន​ទៅ​ព្រះ​ឡើយ។—ពេត្រុស​ទី​១ ៥:៧

ប៉ុន្តែ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​ការ​អធិដ្ឋាន​មាន​ប្រយោជន៍​ទេ។ ដូច្នេះ​លោក​អ្នក​ប្រហែល​ជា​សួរ​ថា‹តើ​ព្រះ​នឹង​ស្ដាប់ ហើយ​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ឬ​ទេ?›។