លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំប្រៀបធៀបខ្លួនលោកអ្នកទៅនឹងអ្នកឯទៀត

កុំប្រៀបធៀបខ្លួនលោកអ្នកទៅនឹងអ្នកឯទៀត

អាថ៌​កំបាំង​ទី​២

កុំ​ប្រៀប​ធៀប​ខ្លួន​លោក​អ្នក​ទៅ​នឹង​អ្នក​ឯ​ទៀត

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា? «ចូរ​ឲ្យ​ម្នាក់​ៗ​ពិសោធ​ឲ្យ​ដឹង​ថា​ការ​របស់​ខ្លួន​គឺ​យ៉ាង​ណា រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ការ​របស់​ខ្លួន​ផ្ទាល់ ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត»។—កាឡាទី ៦:៤

តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ? យើង​ប្រហែល​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នក​ឯ​ទៀត ជួន​កាល​ទៅ​នឹង​ពួក​អ្នក​ដែល​មាន​អ្វី​ៗ​តិច​ជាង​យើង តែ​ជា​ញឹក​ញយ​ទៅ​នឹង​ពួក​អ្នក​ដែល​ខ្លាំង​ជាង ស្តុកស្តម្ភ​ជាង ឬ​ប៉ិន​ប្រសប់​ជាង​យើង។ ទោះ​ជា​មាន​មូលហេតុ​អ្វី​ក៏​ដោយ ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នក​ឯ​ទៀត​មិន​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ទេ។ យើង​យល់​ខុស​ថា​តម្លៃ​របស់​បុគ្គល​ម្នាក់​គឺ​ផ្អែក​ទៅ​លើ​អ្វី​ដែល​គាត់​មាន​ឬ​អ្វី​ដែល​គាត់​អាច​ធ្វើ។ យើង​ក៏​ប្រហែល​បង្ក​ឲ្យ​មាន​ចិត្ត​ច្រណែន និង​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ។—សាស្ដា ៤:៤

តើ​លោក​អ្នក​អាច​ធ្វើ​អ្វី? សូម​ព្យាយាម​មាន​ទស្សនៈ​ចំពោះ​ខ្លួន​លោក​អ្នក​ដូច​ទស្សនៈ​របស់​ព្រះ​ចំពោះ​លោក​អ្នក។ អនុញ្ញាត​ឲ្យ​ទស្សនៈ​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ឲ្យ​តម្លៃ​ខ្លួន​លោក​អ្នក។ «មនុស្ស​លោក​តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ​យេហូវ៉ា *ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។ (សាំយូអែល​ទី​១ ១៦:៧) ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​លោក​អ្នក មិន​មែន​ដោយ​ប្រៀប​ធៀប​លោក​អ្នក​ទៅ​នឹង​មនុស្ស​ឯ​ទៀត​ទេ តែ​ដោយ​ពិនិត្យ​មើល​ចិត្ត គំនិត អារម្មណ៍ និង​បំណង​របស់​លោក​អ្នក​វិញ។ (ហេប្រឺ ៤:១២, ១៣) ព្រះ​យេហូវ៉ា​ដឹង​ថា​សមត្ថភាព​របស់​លោក​អ្នក​មាន​កម្រិត ហើយ​ក៏​ចង់​ឲ្យ​លោក​អ្នក​រស់​នៅ​ស្រប​តាម​កម្រិត​នៃ​សមត្ថភាព​នោះ​ដែរ។ ប្រសិន​បើ​លោក​អ្នក​ឲ្យ​តម្លៃ​ខ្លួន​ដោយ​ប្រៀប​ធៀប​ខ្លួន​លោក​អ្នក​ទៅ​នឹង​អ្នក​ឯ​ទៀត នោះ​នៅ​ទី​បំផុត លោក​អ្នក​នឹង​មាន​ចិត្ត​ក្រអឺត​ក្រទម​ឬ​មិន​ស្កប់​ស្កល់​សោះ។ ដូច្នេះ ចូរ​មាន​ចិត្ត​រាប​ទាប ហើយ​ទទួល​ស្គាល់​ថា​លោក​អ្នក​មិន​អាច​ពូកែ​គ្រប់​ផ្នែក​បាន​ទេ។—សុភាសិត ១១:២

តើ​លោក​អ្នក​ត្រូវ​ធ្វើ​អ្វី​ទើប​ព្រះ​ឲ្យ​តម្លៃ​លោក​អ្នក? ព្រះ​បាន​ដឹក​នាំ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​មីកា​សរសេរ​ថា៖ «ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ។ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ?»។ (មីកា ៦:៨) បើ​លោក​អ្នក​ធ្វើ​តាម​ការ​ណែនាំ​នោះ ព្រះ​រមែង​គិត​អំពី​លោក​អ្នក។ (ពេត្រុស​ទី​១ ៥:៦,៧) គ្មាន​មូលហេតុ​ល្អ​ជាង​នេះ​ដែល​ឲ្យ​លោក​អ្នក​ស្កប់​ចិត្ត​ទេ មែន​ទេ?

[កំណត់​សម្គាល់]

^ វគ្គ 5 ឈ្មោះ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។

[រូប​ភាព​នៅ​ទំព័រ​៥]

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យើង អាស្រ័យ​ទៅ​លើ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​យើង