លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរច្រៀងជូនព្រះយេហូវ៉ា!

ចូរច្រៀងជូនព្រះយេហូវ៉ា!

ចូរ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា!

«ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ខ្ញុំ​ក្នុង​កាល​ដែល​នៅ​មាន​ជីវិត​ត​ទៅ»។—ទំនុក. ១៤៦:២

១. តើ​អ្វី​ជំរុញ​ចិត្ត​យុវជន​ដាវីឌ​ឲ្យ​តែង​ទំនុក​ខ្លះ​ៗ?

កាល​នៅ​យុវវ័យ ដាវីឌ​បាន​ចំណាយ​ពេល​ច្រើន​រាប់​មិន​អស់​នៅ​ឯ​វាល​ជិត​ក្រុង​បេថ្លេហិម​ដើម្បី​ថែ​រក្សា​ហ្វូង​ចៀម​របស់​ឪពុក​គាត់។ ពេល​ដែល​គាត់​មើល​ថែ​ចៀម ដាវីឌ​អាច​ឃើញ​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​ដួង​តារា​នៅ​លើ​មេឃ «សត្វ​ព្រៃ» និង«សត្វ​ហើរ​លើ​អាកាស»។ អ្វី​ៗ​ដែល​គាត់​ឃើញ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​គាត់​រហូត​ដល់​ជំរុញ​ចិត្ត​គាត់​ឲ្យ​តែង​ចម្រៀង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត ដើម្បី​សរសើរ​អ្នក​ដែល​បង្កើត​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​នោះ។ ចម្រៀង​និង​ភ្លេង​ជា​ច្រើន​ដែល​ដាវីឌ​បាន​តែង​មាន​នៅ​ក្នុង​សៀវភៅ​ទំនុក​តម្កើង។ *—សូម​អាន ទំនុក​តម្កើង ៨:៣, ៤, ៧​-​៩

២. (ក) តើ​ភ្លេង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស? សូម​លើក​ឧទាហរណ៍​មួយ។ (ខ) ដូច​បាន​បង្ហាញ​នៅ​ទំនុក​តម្កើង ៣៤:៧, ៨ និង​ទំនុក​តម្កើង ១៣៩:២​-​៨ តើ​យើង​អាច​រៀន​អ្វី​អំពី​ទំនាក់​ទំនង​រវាង​ដាវីឌ​និង​ព្រះ​យេហូវ៉ា?

ទំនង​ជា​ក្នុង​អំឡុង​គ្រា​នោះ​ដែល​ដាវីឌ​បាន​ធ្វើ​ឲ្យ​ជំនាញ​របស់​គាត់​ខាង​លេង​ភ្លេង​កាន់​តែ​ប្រសើរ​ឡើង។ តាម​ពិត គាត់​ជំនាញ​ខាង​លេង​ភ្លេង​ដល់​ម្ល៉េះ​បាន​ជា​គេ​អញ្ជើញ​គាត់​ឲ្យ​ទៅ​លេង​ពិណ​ជូន​ស្តេច​សូល។ (សុភ. ២២:២៩) ភ្លេង​របស់​ដាវីឌ​បាន​បន្ធូរ​អារម្មណ៍​របស់​ស្តេច​ដែល​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត។ សព្វ​ថ្ងៃ​នេះ ភ្លេង​ល្អ​ៗ​ច្រើន​តែ​មាន​ឥទ្ធិពល​បែប​នេះ​ទៅ​លើ​មនុស្ស​ដែរ។ កាល​ណា​ដាវីឌ​លេង​ពិណ​របស់​គាត់ នោះ«សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើង​វិញ»។ (១សាំ. ១៦:២៣) ចម្រៀង​ដែល​ដាវីឌ​ជា​អ្នក​កោត​ខ្លាច​ព្រះ បាន​តែង​នៅ​តែ​មាន​ប្រយោជន៍​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សូម​គិត​អំពី​ចំណុច​នេះ! សព្វ​ថ្ងៃ ជាង​៣០០០​ឆ្នាំ​ក្រោយ​កំណើត​របស់​ដាវីឌ មនុស្ស​រាប់​លាន​នាក់​ដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ដែល​រស់​នៅ​ពាស​ពេញ​ផែនដី តែង​តែ​អាន​ទំនុក​របស់​ដាវីឌ​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម។—២រប. ៧:៦; សូម​អាន ទំនុក​តម្កើង ៣៤:៧, ៨; ១៣៩:២​-​៨; អេ​ម. ៦:៥

សារៈ​សំខាន់​នៃ​ភ្លេង​និង​ចម្រៀង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត

៣, ៤. នៅ​សម័យ​ដាវីឌ តើ​មាន​ការ​រៀបចំ​អ្វី​ដើម្បី​លេង​ភ្លេង​និង​ច្រៀង​ចម្រៀង​ពិសិដ្ឋ?

ដាវីឌ​មាន​ការ​ប៉ិន​ប្រសប់ ហើយ​គាត់​បាន​ប្រើ​ការ​ប៉ិន​ប្រសប់​នោះ​តាម​វិធី​ល្អ​បំផុត ពោល​គឺ​ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ ក្រោយ​គាត់​បាន​ក្លាយ​ទៅ​ជា​ស្តេច​នៃ​អ៊ីស្រាអែល ដាវីឌ​បាន​រៀបចំ​ឲ្យ​មាន​ភ្លេង​និង​ចម្រៀង​ពីរោះ​ៗ​ក្នុង​ពិធី​ផ្សេង​ៗ​នៅ​ត្រសាល។ ជាង​មួយ​ភាគ​ដប់​នៃ​ពួក​លេវី​ទាំង​អស់​ដែល​បម្រើ​នៅ​ទី​នោះ ពោល​គឺ​ជាង​៤.០០០​នាក់ បាន​ទទួល​ភារកិច្ច​ជា«អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ​យេហូវ៉ា» ហើយ​អ្នក«ហាត់​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា គឺ​អស់​អ្នក​ដែល​ប្រសប់» នោះ​មាន​ចំនួន​២៨៨​នាក់។—១រប. ២៣:៣, ៥; ២៥:៧

ដាវីឌ​ផ្ទាល់​បាន​តែង​ចម្រៀង​ជា​ច្រើន​ដែល​ពួក​លេវី​បាន​ច្រៀង​និង​លេង​ភ្លេង។ ជន​ជាតិ​អ៊ីស្រាអែល​ណា​ដែល​មាន​ឯកសិទ្ធិ​មាន​វត្តមាន​ក្នុង​ឱកាស​ដែល​ពួក​លេវី​បាន​ច្រៀង​ទំនុក​របស់​ដាវីឌ ប្រាកដ​ជា​រំភើប​ចិត្ត​ជា​ខ្លាំង​ពេល​ឮ​ចម្រៀង​នោះ។ ក្រោយ​មក ពេល​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​បាន​ត្រូវ​ជញ្ជូន​មក​ក្រុង​យេរូសាឡិម «ដាវីឌ . . . [បាន]ប្រាប់​ឲ្យ​មេ​ពួក​លេវី​ដំ​រូ​វ​ឲ្យ​ពួក​ចំ​រៀង ជា​បង​ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង នឹង​ឈិង លេង​ឲ្យ​ឮ​សូរ​ក្រ​លួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ»។—១រប. ១៥:១៦

៥, ៦. (ក) ហេតុ​អ្វី​បាន​ជា​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ម្ល៉េះ​ទៅ​លើ​ភ្លេង​និង​ចម្រៀង​នៅ​សម័យ​ដាវីឌ? (ខ) នៅ​ប្រទេស​អ៊ីស្រាអែល​នា​សម័យ​បុរាណ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ភ្លេង​និង​ចម្រៀង​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត?

ហេតុ​អ្វី​បាន​ជា​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ម្ល៉េះ​ទៅ​លើ​ភ្លេង​និង​ចម្រៀង​នៅ​សម័យ​ដាវីឌ? តើ​ដោយ​សារ​ស្តេច​គឺ​ជា​អ្នក​លេង​ភ្លេង​ឬ? មិន​មែន​ទេ មាន​មូលហេតុ​ផ្សេង​ទៀត ដែល​បាន​ត្រូវ​បើក​បង្ហាញ​រាប់​រយ​ឆ្នាំ​ក្រោយ​មក​ពេល​ហេសេគា​ដែល​ជា​ស្តេច​សុចរិត​ម្នាក់ បាន​ធ្វើ​ឲ្យ​មាន​កិច្ច​បម្រើ​ព្រះ​ឡើង​វិញ​នៅ​ឯ​វិហារ។ របាក្សត្រ​ទី​២ ២៩:២៥ ចែង​ថា៖ «[ហេសេគា]ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈិង ពិណ នឹង​ស៊ុង​នៅ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា តាម​បង្គាប់​ដាវីឌ នឹង​កាឌ់ ជា​អ្នក​មើលឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​ហោរា​ទ្រង់»។

ពិត​មែន តាម​រយៈ​ពួក​ហោរា​ឬ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្នក​គោរព​ប្រណិប័តន៍​លោក​ឲ្យ​សរសើរ​លោក​ដោយ​ចម្រៀង។ ពួក​អ្នក​ចម្រៀង​ពី​កុលសម្ព័ន្ធ​ដែល​ជា​សង្ឃ​ក៏​បាន​រួច​ពី​ភារកិច្ច​ដែល​ពួក​លេវី​ឯ​ទៀត​ត្រូវ​ធ្វើ ដើម្បី​ពួក​គេ​អាច​មាន​ពេល​គ្រប់​គ្រាន់​តែង​បទ​ភ្លេង ហើយ​ហាត់​ច្រៀង​ដែរ។—១រប. ៩:៣៣

៧, ៨. ស្តី​អំពី​ការ​ច្រៀង​ចម្រៀង​រាជាណាចក្រ​របស់​យើង តើ​អ្វី​គឺ​សំខាន់​ជាង​ការ​ប៉ិន​ប្រសប់?

ប្រហែល​ជា​អ្នក​និយាយ​ថា៖ «បើ​គិត​អំពី​ចម្រៀង ខ្ញុំ​ប្រាកដ​ជា​មិន​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​ប្រសប់​ដែល​បាន​ច្រៀង​នៅ​ត្រសាល​ទេ!»។ ប៉ុន្តែ មិន​មែន​ពួក​តន្ត្រីករ​លេវី​ទាំង​អស់​ជា​អ្នក​ប្រសប់​ឡើយ។ យោង​ទៅ​តាម របាក្សត្រ​ទី​១ ២៥:៨ ក៏​មាន‹សិស្ស›ផង​ដែរ។ យើង​ក៏​គួរ​ចាំ​ដែរ​ថា ប្រហែល​ជា​មាន​តន្ត្រីករ​និង​អ្នក​ច្រៀង​ពូកែ​ៗ​ក្នុង​កុលសម្ព័ន្ធ​ឯ​ទៀត​នៃ​អ៊ីស្រាអែល តែ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​តែ​ពួក​លេវី​ប៉ុណ្ណោះ​ឲ្យ​ច្រៀង​និង​លេង​ភ្លេង​នោះ។ យើង​អាច​ប្រាកដ​ថា ទោះ​ជា​ពួក​គេ​ជា​អ្នក‹ប្រសប់›ឬ​ជា‹សិស្ស›ដែល​កំពុង​រៀន​ក៏​ដោយ ពួក​លេវី​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​នោះ​បាន​លេង​ភ្លេង​និង​ច្រៀង​ជូន​ព្រះ​ដោយ​ខំ​ប្រឹង​អស់​ពី​ចិត្ត!

ដាវីឌ​ស្រឡាញ់​បទ​ភ្លេង ហើយ​គាត់​ក៏​ប្រសប់​លេង​ភ្លេង​ដែរ។ ប៉ុន្តែ តើ​ព្រះ​ពេញ​ចិត្ត​តែ​អ្នក​ដែល​មាន​ការ​ប៉ិន​ប្រសប់​ប៉ុណ្ណោះ​ឬ? នៅ​កូឡុស ៣:២៣ ប៉ូល​បាន​សរសេរ​ថា៖ «ទោះ​ជា​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ទុក​ដូច​ជា​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា មិន​មែន​ដើម្បី​មនុស្ស​ទេ»។ គឺ​ច្បាស់​ណាស់ អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត គឺ​ឲ្យ​យើង​ច្រៀង​សរសើរ​លោក«អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត»។

តួ​នាទី​នៃ​ចម្រៀង​និង​ភ្លេង​ក្រោយ​សម័យ​ដាវីឌ

៩. បើ​អ្នក​បាន​ទៅ​ពិធី​សម្ពោធ​វិហារ​ក្នុង​អំឡុង​រជ្ជកាល​សាឡូម៉ូន សូម​រៀប​រាប់​អ្វី​ដែល​អ្នក​ប្រហែល​ជា​ឃើញ ហើយ​ឮ​នៅ​ទី​នោះ។

ក្នុង​អំឡុង​រជ្ជកាល​សាឡូម៉ូន ភ្លេង​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ។ នៅ​ពិធី​សម្ពោធ​វិហារ មាន​ក្រុម​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ ហើយ​មាន​ឧបករណ៍​ភ្លេង​ធ្វើ​ពី​ស្ពាន់​ដែល​មាន​អ្នក​ផ្លុំ​ត្រែ​១២០​នាក់! (សូម​អាន របាក្សត្រ​ទី​២ ៥:១២) គម្ពីរ​ចែង​ថា៖ «ពួក​ផ្លុំ​ត្រែ​នឹង​ពួក​ចំ​រៀង[ដែល​ទាំង​អស់​ជា​ពួក​សង្ឃ] គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​១ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា . . . ដោយ​ពាក្យ​ថា‹ទ្រង់​ប្រកប​ដោយ​ករុណា​គុណ សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់​កល្ប​ជា​និច្ច›»។ ពេល​ចាប់​ផ្ដើម​លេង​ភ្លេង​និង​ច្រៀង​ចម្រៀង «ស្រាប់​តែ​ព្រះ​វិហារ . . . មាន​ពេញ​ដោយ​ពពក»ដែល​នេះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ពិត​ជា​គួរ​ឲ្យ​អស្ចារ្យ​និង​គួរ​ឲ្យ​ស្ញប់​ស្ញែង​មែន! ដោយ​ឮ​សំឡេង​ត្រែ​ទាំង​អស់​នោះ​និង​សំឡេង​អ្នក​ច្រៀង​រាប់​ពាន់​នាក់​ស៊ី​ចង្វាក់​គ្នា។—២រប. ៥:១៣

១០, ១១. តើ​អ្វី​បង្ហាញ​ថា​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ បាន​ប្រើ​ភ្លេង​និង​ចម្រៀង​ក្នុង​ការ​គោរព​ប្រណិប័តន៍?

១០ ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ក៏​បាន​ប្រើ​ភ្លេង​និង​ចម្រៀង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដែរ។ ពួក​គេ​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​មិន​មែន​នៅ​ត្រសាល​ឬ​នៅ​វិហារ​ទេ។ ដោយ​សារ​មាន​ការ​បៀត​បៀន​និង​កត្ដា​ឯ​ទៀត ពួក​គេ​តែង​តែ​ជួប​ជុំ​គ្នា​ក្រោម​ស្ថានភាព​ពិបាក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រិស្ត​សាសនិក​ទាំង​នោះ​នៅ​តែ​ច្រៀង​សរសើរ​ព្រះ។

១១ សាវ័ក​ប៉ូល​បាន​បំផុស​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​កូឡុស​ថា៖ «ចូរ​បន្ត . . . ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ពាក្យ​សរសើរ​ព្រះ ចម្រៀង​គោរព​ប្រណិប័តន៍​ដ៏​ពីរោះ»។ (កូឡ. ៣:១៦) ម្យ៉ាង​ទៀត ក្រោយ​ពី​ប៉ូល​និង​ស៊ីឡាស​បាន​ជាប់​គុក ពួកគាត់​ចាប់​ផ្ដើម«អធិដ្ឋាន​និង​ច្រៀង​សរសើរ​ព្រះ» ទោះ​ជា​ពួក​គាត់​គ្មាន​សៀវភៅ​ចម្រៀង​មើល​ក៏​ដោយ។ (សកម្ម. ១៦:២៥) ប្រសិន​បើ​អ្នក​ជាប់​គុក តើ​អ្នក​អាច​ចាំ​ចម្រៀង​រាជាណាចក្រ​ប៉ុន្មាន​បទ?

១២. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ឲ្យ​តម្លៃ​ដល់​ចម្រៀង​រាជាណាចក្រ​របស់​យើង?

១២ ដោយ​សារ​ភ្លេង​និង​ចម្រៀង​មាន​សារ:សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង ជា​ការ​ល្អ​ឲ្យ​យើង​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា៖ ‹តើ​ខ្ញុំ​ឲ្យ​តម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​ភ្លេង​និង​ចម្រៀង​ឬ​ទេ? តើ​ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​មក​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​ឲ្យ​បាន​ទាន់​ពេល​ដើម្បី​ច្រៀង​ចម្រៀង​ដំបូង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ? ពេល​ខ្ញុំ​ច្រៀង តើ​ខ្ញុំ​ច្រៀង​អស់​ពី​ចិត្ត​ឬ? ស្តី​អំពី​ចម្រៀង​រវាង​សាលា​កិច្ច​បម្រើ​ផ្សាយ​និង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ ឬ​ចម្រៀង​រវាង​សុន្ទរកថា​សាធារណៈ​និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម តើ​ខ្ញុំ​លើក​ទឹក​ចិត្ត​កូន​ខ្ញុំ​មិន​ឲ្យ​គិត​ថា​នេះ​ជា​ពេល​ផ្អាក ដែល​កូន​អាច​ចេញ​ពី​កៅអី​ដោយ​មិន​ចាំ​បាច់​ឬ​ទេ ប្រហែល​គ្រាន់​តែ​ដើរ​ចុះ​ឡើង​មួយ​ស្របក់​ប៉ុណ្ណោះ?› ការ​ច្រៀង​ចម្រៀង​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ ត្រូវ​ហើយ ទោះ​ជា​យើង​ជា​អ្នក‹ប្រសប់›ឬ‹សិស្ស›ក្ដី យើង​ទាំង​អស់​គ្នា​អាច ហើយ​គួរ​ច្រៀង​រួម​គ្នា​សរសើរ​ព្រះ​យេហូវ៉ា។—សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី​២ ៨:១២

សេចក្ដី​ត្រូវ​ការ​របស់​យើង​ផ្លាស់​ប្ដូរ​ស្រប​តាម​កាលៈទេសៈ

១៣, ១៤. តើ​ការ​ច្រៀង​ចម្រៀង​អស់​ពី​ចិត្ត​នៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ​មាន​សារៈ​សំខាន់​យ៉ាង​ណា? សូម​លើក​ឧទាហរណ៍។

១៣ ជាង​១០០​ឆ្នាំ​កន្លង​ទៅ​នេះ ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​ជា​ភាសា​អង់គ្លេស​បាន​ពន្យល់​ពី​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ឯ​ទៀត​ដែល​ចម្រៀង​រាជាណាចក្រ​របស់​យើង​គឺ​សំខាន់​ម្ល៉េះ។ ទស្សនាវដ្ដី​នោះ​ចែង​ថា៖«ការ​ច្រៀង​អំពី​សេចក្ដី​ពិត​ជា​វិធី​ល្អ​មួយ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ពិត​នោះ​ចូល​ទៅ​ក្នុង​ចិត្ត​និង​គំនិត​របស់​រាស្ត្រ​ព្រះ»។ ទំនុក​ជា​ច្រើន​នៃ​ចម្រៀង​របស់​យើង​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ។ ដូច្នេះ ការ​រៀន​យ៉ាង​ហោច​ណាស់​ទំនុក​ខ្លះ​នៃ​ចម្រៀង​គឺ​ជា​វិធី​ដ៏​ប្រសើរ​មួយ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ចូល​ទៅ​ក្នុង​ចិត្ត​យើង។ ជា​ញឹក​ញយ មនុស្ស​ដែល​មក​កិច្ច​ប្រជុំ​យើង​ជា​លើក​ទី​១ មាន​ចិត្ត​រំភើប​ជា​ខ្លាំង​ដោយ​សារ​ក្រុម​ជំនុំ​ច្រៀង​ចម្រៀង​អស់​ពី​ចិត្ត។

១៤ នៅ​ល្ងាច​មួយ​នា​ឆ្នាំ​១៨៦៩ ពេល​ឆាល្ស​ថេហ្ស​រ៉ាសិល​កំពុង​ចេញ​ពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​បាន​ឮ​គេ​ច្រៀង​ក្នុង​សាល​មួយ​នៃ​អគារ​ជាន់​ក្រោម​បំផុត។ ក្នុង​ជីវិត​គាត់ នៅ​រយៈ​ពេល​នោះ គាត់​អស់​សង្ឃឹម​ថា​នឹង​រក​ឃើញ​សេចក្ដី​ពិត​អំពី​ព្រះ។ ហេតុ​នេះ​គាត់​បាន​សម្រេច​ចិត្ត​ចំណាយ​ពេល​និង​កម្លាំង​ក្នុង​ការ​រក​ស៊ី ដោយ​គិត​ថា​បើ​គាត់​មាន​លុយ​ខ្លះ យ៉ាង​ហោច​ណាស់​គាត់​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ខាង​សម្ភារៈ ទោះ​ជា​គាត់​មិន​អាច​ជួយ​ពួក​គេ​ឲ្យ​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​ក៏​ដោយ។ បង​ប្រុស​រ៉ាសិល​បាន​ចូល​ទៅ​ក្នុង​សាល​ចាស់​និង​មិន​ស្អាត​នោះ ហើយ​គាត់​ឃើញ​គេ​ប្រជុំ​ខាង​សាសនា​នៅ​ទី​នោះ។ គាត់​អង្គុយ​ចុះ ហើយ​ស្ដាប់។ គាត់​បាន​សរសេរ​ក្រោយ​មក​ថា «ដោយ​សារ​មាន​ជំនួយ​ពី​ព្រះ» អ្វី​ដែល​គាត់​បាន​ឮ​នៅ​យប់​នោះ​គឺ«គ្រប់​គ្រាន់​ដើម្បី​ពង្រឹង​ជំនឿ​ដែល​ចុះ​ខ្សោយ[របស់​គាត់]ទៅ​លើ​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ»។ សូម​កត់​សម្គាល់​ថា​អ្វី​ដំបូង​ដែល​ទាក់​ទាញ​ចិត្ត​បង​ប្រុស​រ៉ាសិល​ឲ្យ​ទៅ​ប្រជុំ​នោះ គឺ​ការ​ច្រៀង​ចម្រៀង។

១៥. ហេតុ​អ្វី​យើង​ត្រូវ​មាន​សៀវភៅ​ចម្រៀង​ថ្មី?

១៥ ខណៈ​ដែល​ពេល​វេលា​កន្លង​ទៅ ការ​យល់​ដឹង​របស់​យើង​អំពី​បទ​គម្ពីរ​គឺ​កាន់​តែ​ច្បាស់​ឡើង​ៗ។ សុភាសិត ៤:១៨​ចែង​ថា៖«ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង»។ ពន្លឺ​ដែល​កាន់​តែ​ភ្លឺ​ឡើង​បាន​នាំ​ឲ្យ​មាន​ការ​កែ​ប្រែ​ពាក្យ​ខ្លះ​ដែល​យើង​ប្រើ​ក្នុង​ចម្រៀង​អំពី​សេចក្ដី​ពិត។ អស់​រយៈ​ពេល​២៥​ឆ្នាំ​កន្លង​ទៅ​នេះ សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ជា​ច្រើន​បាន​រីករាយ​ប្រើ​សៀវភៅ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ចូរ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។ * ច្រើន​ឆ្នាំ​ក្រោយ​មក តាំង​ពី​សៀវភៅ​នោះ​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ ពន្លឺ​បាន​ភ្លឺ​កាន់​តែ​ច្បាស់​ឡើង​ទៅ​លើ​ប្រធានបទ​ផ្សេង​ៗ ហើយ​ពាក្យ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ចម្រៀង​នោះ​គឺ​ហួស​សម័យ​ហើយ។ ច្បាស់​ណាស់ បើ​គិត​អំពី​សេចក្ដី​បង្រៀន យើង​ពិត​ជា​ត្រូវ​មាន​សៀវភៅ​ចម្រៀង​មួយ​ដែល​បញ្ជាក់​ពី​ការ​យល់​ដឹង​ថ្មី​ៗ។

១៦. តើ​សៀវភៅ​ចម្រៀង​ថ្មី​នឹង​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល​នៅ​អេភេសូរ ៥:១៩?

១៦ ដោយ​ផ្អែក​លើ​មូលហេតុ​នោះ​និង​មូលហេតុ​ឯ​ទៀត គណៈ​អភិបាល​បាន​អនុម័ត​ឲ្យ​មាន​សៀវភៅ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ចូរ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា។ ឥឡូវ សៀវភៅ​ចម្រៀង​ថ្មី​របស់​យើង​មាន​តែ​៥៥​បទ​ប៉ុណ្ណោះ។ ដោយ​សារ​មាន​ចម្រៀង​តិច​ជាង​មុន យើង​អាច​ទន្ទេញ​ចាំ​យ៉ាង​ហោច​ណាស់​នូវ​ទំនុក​នៃ​ចម្រៀង​ថ្មី​ខ្លះ។ នេះ​គឺ​ស្រប​នឹង​ឱវាទ​របស់​ប៉ូល​នៅ​អេភេសូរ ៥:១៩—សូម​អាន

ចូរ​ឲ្យ​តម្លៃ​ចំពោះ​ចម្រៀង​រាជាណាចក្រ

១៧. ស្តី​អំពី​ការ​ច្រៀង​ចម្រៀង​នៅ​កិច្ច​ប្រជុំ តើ​ការ​គិត​បែប​ណា​ដែល​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​អៀន​ខ្មាស?

១៧ តើ​យើង​គួរ​ឲ្យ​ការ​អៀន​ខ្មាស​រា​រាំង​យើង​មិន​ឲ្យ​ច្រៀង​ឮ​ៗ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​គ្រិស្ត​សាសនិក​ឬ​ទេ? សូម​គិត​ដូច​ត​ទៅ​នេះ៖ «យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ»ដោយ​សារ​ពាក្យ​សម្ដី​របស់​យើង មែន​ទេ? (យ៉ា. ៣:២) ប៉ុន្តែ ទោះ​ជា​យើង​មាន​ពាក្យ​សម្ដី​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​មិន​អនុញ្ញាត​ឲ្យ​នេះ​បញ្ឈប់​យើង​ពី​ការ​សរសើរ​ព្រះ​យេហូវ៉ា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។ បើ​ដូច្នេះ ទោះ​ជា​យើង​ច្រៀង​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ នេះ​មិន​គួរ​រា​រាំង​យើង​មិន​ឲ្យ​ច្រៀង​សរសើរ​ព្រះ​ទេ មែន​ទេ? ព្រះ​យេហូវ៉ា​ដែល​បាន«បង្កើត​មាត់​មនុស្ស» ពេញ​ចិត្ត​ស្ដាប់​កាល​ដែល​យើង​ច្រៀង​សរសើរ​លោក។—និក្ខ. ៤:១១

១៨. តើ​អ្វី​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ចេះ​ច្រៀង​ចម្រៀង​ថ្មី?

១៨ ស៊ីឌី​ដែល​មាន​ភ្លេង​សុទ្ធ​សម្រាប់​សៀវភៅ​ចម្រៀង​ថ្មី​របស់​យើង បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​នាក់​ឲ្យ​ចេះ​ច្រៀង​ចម្រៀង​ថ្មី។ (Sing to Jehovah—Piano Accompaniment) ការ​ស្ដាប់​បទ​ភ្លេង​នាំ​ឲ្យ​យើង​រីករាយ​មែន។ បើ​អ្នក​ស្ដាប់​បទ​ភ្លេង​ជា​ញឹក​ញយ​នៅ​ផ្ទះ ហើយ​យក​សៀវភៅ​ចម្រៀង​មក​ច្រៀង​តាម នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចាំ​ទំនុក និង​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ពេល​ច្រៀង​នៅ​ឯ​សាល​ប្រជុំ។

១៩. តើ​មាន​ការ​រៀបចំ​អ្វី​ខ្លះ​មុន​ថត​ចម្រៀង​រាជាណាចក្រ​យើង?

១៩ គឺ​ងាយ​ឲ្យ​យើង​គិត​ថា​បទ​ភ្លេង​ដែល​មាន​នៅ​សន្និបាត​ពិសេស សន្និបាត​ប្រចាំ​មណ្ឌល​និង​មហា​សន្និបាត មិន​មែន​ជា​អ្វី​ដ៏​អស្ចារ្យ​ទេ។ មាន​កិច្ច​ការ​ច្រើន​ណាស់​ដែល​បង​ប្អូន​បាន​ធ្វើ​ដើម្បី​រៀបចំ​បទ​ភ្លេង​ទាំង​នោះ។ បន្ទាប់​ពី​បាន​ជ្រើស​រើស​បទ​ភ្លេង គេ​ត្រូវ​តែង​ភ្លេង​យ៉ាង​ហ្មត់​ចត់​សម្រាប់​សមាជិក​ទាំង​៦៤​នាក់​នៃ​វង់​ភ្លេង​ប៉ម​យាម។ បន្ទាប់​មក ពួក​អ្នក​លេង​ភ្លេង​ចំណាយ​ពេល​រាប់​មិន​អស់​ពិនិត្យ​បទ​ភ្លេង​នោះ​ដែល​ពួក​គាត់​នឹង​ហាត់ ហើយ​នៅ​ទី​បំផុត​ថត​នៅ​ស្ទូឌីយ៉ូ​នៅ​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក។ បង​ប្អូន​១០​នាក់​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី​ទាំង​នោះ​មិន​រស់​នៅ​សហរដ្ឋ​អាម៉េរិក​ទេ។ ពួក​គាត់​ទាំង​អស់​គ្នា​ចាត់​ទុក​ការ​រួម​ចំណែក​រៀបចំ​បទ​ភ្លេង​ពីរោះ​ៗ​សម្រាប់​ការ​ប្រជុំ​នានា​ជា​ឯកសិទ្ធិ​មួយ។ យើង​អាច​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ការ​ព្យាយាម​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់។ នៅ​សន្និបាត​និង​មហា​សន្និបាត​របស់​យើង កាល​ណា​អ្នក​បើក​កម្ម​វិធី​អញ្ជើញ​យើង ចូរ​យើង​ប្រញាប់​អង្គុយ ហើយ​ស្ដាប់​យ៉ាង​ស្ងៀម​ស្ងាត់​នូវ​បទ​ភ្លេង​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់។

២០. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចម្រៀង​ដែល​យើង​ច្រៀង​សរសើរ​លោក។ ចម្រៀង​ទាំង​នោះ​គឺ​សំខាន់​ណាស់​ចំពោះ​លោក។ យើង​អាច​ធ្វើ​ឲ្យ​ចិត្ត​លោក​រីករាយ​ដោយ​ច្រៀង​អស់​ពី​ចិត្ត​កាល​ណា​យើង​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ប្រាកដ​ហើយ ទោះ​ជា​យើង​ជា​អ្នក​ប្រសប់​ច្រៀង​ឬ​ជា​អ្នក​រៀន​ច្រៀង​ក្ដី ចូរ​យើង‹ច្រៀង​ជូន​ព្រះ​យេហូវ៉ា›!—ទំនុក. ១០៤:៣៣

[កំណត់​សម្គាល់]

^ វគ្គ 1 គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ១០​សតវត្សរ៍​ក្រោយ​ដាវីឌ​ស្លាប់ បណ្ដា​ទេវតា​ជា​ច្រើន​បាន​ប្រកាស​ពី​កំណើត​នៃ​មេស្ស៊ី​ដល់​ពួក​គង្វាល​ចៀម ដែល​បាន​មើល​ថែ​ចៀម​នៅ​ឯ​វាល​ជិត​ក្រុង​បេថ្លេហិម។—លូក. ២:៤, ៨, ១៣, ១៤

^ វគ្គ 15 សៀវភៅ​នេះ​មាន​ចម្រៀង​២២៥​បទ មាន​ជាង​១០០​ភាសា។ ក៏​ប៉ុន្តែ​សៀវភៅ​ចម្រៀង​ភាសា​ខ្មែរ​មាន​តែ​១០០​បទ។

តើ​អ្នក​គិត​យ៉ាង​ណា?

• តើ​គំរូ​របស់​អ្នក​ណា​ខ្លះ​នៅ​សម័យ​គម្ពីរ​ដែល​បង្ហាញ​ថា​ភ្លេង​និង​ចម្រៀង​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ?

• តើ​ការ​ធ្វើ​តាម​បញ្ញត្ដិ​លោក​យេស៊ូ​នៅ​ម៉ាថាយ ២២:៣៧​និង​ការ​ចូល​រួម​ច្រៀង​អស់​ពី​ចិត្ត​នូវ​ចម្រៀង​រាជាណាចក្រ​ទាក់​ទង​គ្នា​យ៉ាង​ណា?

• តើ​តាម​របៀប​ណា​ខ្លះ​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ដល់​ចម្រៀង​រាជាណាចក្រ​របស់​យើង?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៧]

ក្នុង​អំឡុង​ពេល​ច្រៀង​ចម្រៀង តើ​អ្នក​មិន​អនុញ្ញាត​ឲ្យ​កូន​អ្នក​ចេញ​ពី​កៅអី​បើ​មិន​ចាំ​បាច់​ឬ​ទេ?

[រូប​ភាព​នៅ​ទំព័រ​២៩]

តើ​អ្នក​កំពុង​រៀន ទំនុក​នៃ​ចម្រៀង​ថ្មី​របស់​យើង​នៅ​ផ្ទះ​ឬ​ទេ?