លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត

ចូរមានចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត

ចូរ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត

«ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ»។—ម៉ាថ. ៩:៣៧

១. តើ​អ្នក​នឹង​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​ប្រញាប់?

ប្រសិន​បើ​អ្នក​មាន​ឯកសារ​មួយ​ដែល​ត្រូវ​បង្ហើយ​ឲ្យ​ចប់​មុន​ម៉ោង​ធ្វើ​ការ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​ពិត​ជា​ធ្វើ​យ៉ាង​ប្រញាប់​ប្រញាល់ មែន​ទេ? ម្យ៉ាង​ទៀត បើ​អ្នក​មាន​ការ​ណាត់​ជួប​សំខាន់​មួយ ហើយ​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​គេ តែ​អ្នក​ដឹង​ថា​អ្នក​នឹង​ទៅ​ដល់​ទី​នោះ​យឺត តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​នឹង​ប្រញាប់​ប្រញាល់​ដើរ​យ៉ាង​លឿន​មិន​បង្អង់។ ប្រាកដ​មែន ពេល​អ្នក​មាន​កិច្ច​ការ​មួយ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ចប់ ហើយ​អ្នក​ដឹង​ថា​ជិត​អស់​ពេល អ្នក​តាន​តឹង​ចិត្ត​ផង​រំភើប​ចិត្ត​ផង។ បេះ​ដូង​អ្នក​លោត​លឿន​ខុស​ធម្មតា ហើយ​អ្នក​ធ្វើ​កិច្ច​ការ​នោះ​យ៉ាង​ប្រញាប់​ប្រញាល់​និង​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​ហើយ​ជា​ការ​ប្រញាប់!

២. សព្វ​ថ្ងៃ​នេះ តើ​កិច្ច​ការ​ប្រញាប់​បំផុត​របស់​គ្រិស្ត​សាសនិក​ពិត​គឺ​ជា​អ្វី?

ចំពោះ​គ្រិស្ត​សាសនិក​ពិត​សព្វ​ថ្ងៃ​នេះ កិច្ចការ​ដែល​ប្រញាប់​ជាង​គេ​បំផុត​គឺ​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​និង​បង្រៀន​មនុស្ស​ពី​ប្រជាជាតិ​ទាំង​ឡាយ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ដោយ​ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ ម៉ាកុស​បាន​សរសេរ​ថា​កិច្ច​ការ​នេះ​ត្រូវ​ធ្វើ«ជា​មុន» ពោល​គឺ​មុន​ទី​បញ្ចប់​មក​ដល់។ (ម៉ាក. ១៣:១០) ការ​ធ្វើ​ដូច្នេះ​គឺ​ត្រឹម​ត្រូវ​មែន ព្រោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ»។ ការ​ប្រមូល​ផល​ដំណាំ​មិន​អាច​ចាំ​បាន​ទេ គេ​ត្រូវ​ប្រមូល​ផល​នោះ មុន​ហួស​រដូវ។—ម៉ាថ. ៩:៣៧

៣. ដោយ​ឃើញ​ថា​ការ​ផ្សាយ​ជា​កិច្ច​ការ​ប្រញាប់ តើ​បង​ប្អូន​ជា​ច្រើន​បាន​ធ្វើ​យ៉ាង​ណា?

ដោយ​សារ​ការ​ផ្សាយ​ជា​កិច្ច​ការ​សំខាន់​ចំពោះ​យើង នេះ​គឺ​សម​ឲ្យ​យើង​ចំណាយ​ពេល​វេលា កម្លាំង​និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​បំផុត​ចំពោះ​កិច្ច​ការ​នោះ​បើ​អាច​ធ្វើ​ទៅ​បាន។ គួរ​ឲ្យ​សរសើរ​មែន បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​នាក់​បាន​ធ្វើ​ដូច្នេះ។ បង​ប្អូន​ខ្លះ​បាន​កាត់​បន្ថយ​កិច្ច​ការ​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ដូច​ជា​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ សាសនទូត​ឬ​បម្រើ​នៅ​បេតអែល។ ជីវិត​របស់​ពួក​គេ​រវល់​ណាស់។ ពួក​គេ​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន ហើយ​ក៏​មាន​ការ​ពិបាក​ច្រើន​ដែរ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​បាន​ទទួល​ពរ​បរិបូរ​ពី​ព្រះ​យេហូវ៉ា។ យើង​ត្រេក​អរ​ជំនួស​ពួក​គេ។ (សូម​អាន លូកា ១៨:២៨​-​៣០) នៅ​ដំណាល​គ្នា​នេះ បង​ប្អូន​ខ្លះ​ទៀត​មិន​អាច​ធ្វើ​ជា​អ្នក​ផ្សាយ​ពេញ​ពេល​បាន​ទេ តែ​ពួក​គេ​ចំណាយ​ពេល​ច្រើន​បំផុត​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ក្នុង​កិច្ច​ការ​សង្គ្រោះ​ជីវិត ដែល​រួម​បញ្ចូល​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​បាន​សង្គ្រោះ។—ចោ. ៦:៦, ៧

៤. ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​ជា​លែង​ជឿ​ជាក់​ថា​ទី​បញ្ចប់​ជិត​មក​ដល់?

ដូច​យើង​បាន​ឃើញ​ហើយ យើង​ធ្វើ​អ្វី​ៗ​ដោយ​ប្រញាប់ ដោយ​សារ​យើង​ដឹង​ថា​មាន​ពេល​កំណត់ និង​មាន​ទី​បញ្ចប់។ យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់ ហើយ​មាន​ទី​សំអាង​ជា​ច្រើន​ពី​បទ​គម្ពីរ​និង​ពី​ប្រវត្ដិសាស្ត្រ​ដែល​បញ្ជាក់​ចំណុច​នេះ។ (ម៉ាថ. ២៤:៣, ៣៣; ២ធី. ៣:១​-​៥) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​នរណា​ដឹង​ពី​ថ្ងៃ​និង​ម៉ោង​ដែល​ទី​បញ្ចប់​នឹង​មក​ដល់​ទេ។ ពេល​លោក​យេស៊ូ​ប្រាប់«សញ្ញា​សម្គាល់»ដែល​បញ្ជាក់​ពី«គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក» លោក​បាន​មាន​ប្រសាសន៍​ចំ​ៗ​ថា៖ «គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប»។ (ម៉ាថ. ២៤:៣៦) បើ​ដូច្នេះ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បង​ប្អូន​រួម​ជំនឿ​ខ្លះ​ប្រហែល​ជា​ពិបាក​នៅ​តែ​ជឿ​ជាក់​ថា​ទី​បញ្ចប់​ជិត​មក​ដល់ ជា​ពិសេស​បើ​ពួក​គេ​បាន​ជឿ​ដូច្នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ (សុភ. ១៣:១២) ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ? ស្តី​អំពី​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ចង់​ឲ្យ​យើង​ធ្វើ​សព្វ​ថ្ងៃ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​និង​នៅ​តែ​មាន​ទស្សនៈ​ថា​កិច្ច​ការ​នេះ​ជា​កិច្ច​ការ​ប្រញាប់?

ចូរ​ពិចារណា​អំពី​លោក​យេស៊ូ​ដែល​ជា​គំរូ​របស់​យើង

៥. ស្តី​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​កិច្ច​ការ​នោះ​ជា​កិច្ច​ការ​ប្រញាប់?

ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ប្រញាប់​បំពេញ​កិច្ច​បម្រើ​ព្រះ លោក​យេស៊ូ​គ្រិស្ត​ប្រាកដ​ជា​គំរូ​ល្អ​បំផុត។ មូលហេតុ​មួយ​ដែល​លោក​មាន​ការ​ប្រញាប់​គឺ​ដោយ​សារ​លោក​មាន​កិច្ច​ការ​ជា​ច្រើន​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​តែ​បី​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​យេស៊ូ​បាន​សម្រេច​កិច្ចការ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត ច្រើន​ជាង​មនុស្ស​ទាំង​អស់។ លោក​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ឈ្មោះ​និង​គោល​បំណង​របស់​បិតា​លោក ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ បក​អាក្រាត​អំពើ​ពុត​ត្បុត​និង​សេចក្ដី​បង្រៀន​មិន​ពិត​នៃ​អ្នក​ដឹក​នាំ​សាសនា ហើយ​បាន​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​រហូត​ដល់​ត្រូវ​គេ​សម្លាប់។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​អ៊ីស្រាអែល​ដោយ​ឥត​សំចៃ​កម្លាំង​ដើម្បី​បង្រៀន ជួយ​និង​ធ្វើ​ឲ្យ​បណ្ដា​ជន​ជា​សះ​ស្បើយ។ (ម៉ាថ. ៩:៣៥) គ្មាន​អ្នក​ណា​បាន​សម្រេច​កិច្ច​ការ​ច្រើន​ដូច​នេះ​ក្នុង​រយៈ​ពេល​ខ្លី​ដូច​លោក​យេស៊ូ​ទេ។ លោក​បាន​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​អស់​ពី​សមត្ថភាព​របស់​លោក។—យ៉ូន. ១៨:៣៧

៦. ពេល​លោក​យេស៊ូ​នៅ​ផែនដី តើ​លោក​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី?

តើ​អ្វី​ជំរុញ​លោក​យេស៊ូ​ឲ្យ​ធ្វើ​កិច្ច​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​កិច្ច​បម្រើ​របស់​លោក? យោង​ទៅ​តាម​ទំនាយ​របស់​ដានីយ៉ែល លោក​យេស៊ូ​ប្រហែល​ជា​ដឹង​ថា​លោក​មាន​រយៈ​ពេល​ប៉ុន្មាន​ដើម្បី​សម្រេច​កិច្ច​ការ​របស់​លោក ស្រប​តាម​កាល​វិភាគ​របស់​ព្រះ​យេហូវ៉ា។ (ដាន. ៩:២៧) យ៉ាង​នេះ ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នឹង​ត្រូវ​ចប់​នៅ«ពាក់​កណ្ដាល​អាទិត្យ»ឬ​បី​ឆ្នាំ​កន្លះ។ មិន​យូរ​ក្រោយ​ពេល​បណ្ដា​ជន​មក​អបអរសាទរ​លោក​យេស៊ូ​ពេល​លោក​ចូល​ក្រុង​យេរូសាឡិម​នៅ​និទាឃ​រដូវ​ឆ្នាំ​៣៣ គ.ស. លោក​បាន​មាន​ប្រសាសន៍​ថា៖ «គឺ​ដល់​ពេល​ឲ្យ​កូន​មនុស្ស​ទទួល​សិរី​រុង​រឿង​ហើយ»។ (យ៉ូន. ១២:២៣) ទោះ​ជា​លោក​ដឹង​ថា​លោក​ជិត​ស្លាប់​ក្ដី លោក​មិន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​នេះ​ទេ ហើយ​លោក​ក៏​មិន​ធ្វើ​ឲ្យ​រឿង​នេះ​ទៅ​ជា​មូលហេតុ​សំខាន់​ជាង​គេ​ដែល​ជំរុញ​លោក​ឲ្យ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ដែរ។ ផ្ទុយ​ទៅ​វិញ នៅ​គ្រប់​ឱកាស​ទាំង​អស់​ដែល​លោក​មាន លោក​បាន​ផ្ចង់​ស្មារតី​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ឯ​ទៀត។ សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​លោក​ឲ្យ​ប្រមូល​និង​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក ថែម​ទាំង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ។ លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​សារ​ពួក​គេ​នឹង​បន្ត​ធ្វើ​កិច្ចការ​ដែល​លោក​បាន​ចាប់​ផ្ដើម ហើយ​នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​លោក​ទៅ​ទៀត។—សូម​អាន យ៉ូហាន ១៤:១២

៧, ៨. ពេល​លោក​យេស៊ូ​បាន​សម្អាត​វិហារ តើ​ពួក​អ្នក​កាន់​តាម​លោក​មាន​ប្រតិកម្ម​យ៉ាង​ណា? ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​បែប​នេះ?

មាន​ព្រឹត្ដិការណ៍​មួយ​ក្នុង​ជីវិត​របស់​លោក​យេស៊ូ ជា​ទី​សំអាង​ជាក់​លាក់​ដែល​បង្ហាញ​ថា​លោក​មាន​ចិត្ត​ខ្នះ​ខ្នែង។ ព្រឹត្ដិការណ៍​នោះ​កើត​ឡើង​ពេល​លោក​ទើប​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក នៅ​បុណ្យ​រំលង​នា​ឆ្នាំ​៣០ គ.ស.។ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​ឃើញ​មនុស្ស​នៅ​ក្នុង​វិហារ«កំពុង​លក់​គោ ចៀម​និង​ព្រាប ក៏​ឃើញ​អ្នក​ដូរ​ប្រាក់​កំពុង​អង្គុយ​នៅ​ទី​នោះ»។ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? តើ​ការ​ប្រព្រឹត្ត​របស់​លោក​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​កាន់​តាម​លោក?—សូម​អាន យ៉ូហាន ២:១៣​-​១៧

អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​និង​ធ្វើ​នៅ​ពេល​នោះ បាន​ជួយ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​នឹក​ឃើញ​អំពី​ទំនាយ​ដែល​ដាវីឌ​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​ទាយ​ដែល​ថា៖ «ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក»។ (ទំនុក. ៦៩:៩, ព.ថ.) ហេតុ​អ្វី? ពី​ព្រោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​អាច​នាំ​ឲ្យ​លោក​មាន​គ្រោះ​ថ្នាក់​និង​ប្រថុយ​ជីវិត​ផង​ដែរ។ យ៉ាង​ណា​មិញ ពួក​អាជ្ញាធរ​វិហារ​ដែល​ជា​ពួក​សង្ឃ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​អ្នក​ឯ​ទៀត បាន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​នៅ​ទី​នោះ​ដើម្បី​ពួក​គេ​បាន​ចំណេញ​កប់​ពពក។ ដើម្បី​លាត​ត្រដាង​មុខ​មាត់​ពិត និង​រា​រាំង​ផែន​ការ​របស់​ពួក​គេ លោក​យេស៊ូ​បាន​តាំង​ខ្លួន​ជា​សត្រូវ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ។ ដូច​ពួក​អ្នក​កាន់​តាម​លោក​បាន​យល់​យ៉ាង​ត្រឹម​ត្រូវ ‹សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ›ឬ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត បាន​ត្រូវ​ឃើញ​យ៉ាង​ច្បាស់។ ប៉ុន្តែ តើ​ចិត្ត​ខ្នះ​ខ្នែង​គឺ​ជា​អ្វី? តើ​ចិត្ត​ខ្នះ​ខ្នែង​ខុស​គ្នា​ពី​ការ​ប្រញាប់​ឬ​ទេ?

ការ​ប្រៀប​ធៀប​រវាង​ការ​ប្រញាប់​និង​ការ​ខ្នះ​ខ្នែង

៩. តើ​ពាក្យ​ខ្នះ​ខ្នែង​បាន​ត្រូវ​ពន្យល់​យ៉ាង​ណា?

វចនានុក្រម​មួយ​បាន​ពន្យល់​អត្ថន័យ​នៃ​ពាក្យ«ខ្នះ​ខ្នែង»ថា​ជា«ការ​មាន​ចំណង់​ខ្លាំង​និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​បាន​អ្វី​មួយ»។ ប្រាកដ​ហើយ ពាក្យ​ទាំង​នេះ​បញ្ជាក់​អំពី​លក្ខណៈ​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ ហេតុ​នេះ សេចក្ដី​បក​ប្រែ​គម្ពីរ​មួយ​បាន​បក​ប្រែ​ខ​នេះ​ថា៖«ភក្ដី​ភាព​របស់​ខ្ញុំ​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក ហាក់​ដូច​ជា​មាន​ភ្លើង​ក្នុង​ខ្លួន​ខ្ញុំ»។ (Today’s English Version) គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ដែល​ក្នុង​ភាសា​របស់​ជន​ជាតិ​អាស៊ី ពាក្យ«ខ្នះ​ខ្នែង»មាន​ពីរ​ផ្នែក​ដែល​ក្នុង​ន័យ​ត្រង់​បាន​សេចក្ដី​ថា«ចិត្ត​និង​រោល​រាល»ហាក់​ដូច​ជា​ចិត្ត​កំពុង​ត្រូវ​ភ្លើង​ឆេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹក​ឃើញ​ពាក្យ​របស់​ដាវីឌ ពេល​ដែល​ពួក​គេ​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នៅ​វិហារ។ ក៏​ប៉ុន្តែ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​លោក​យេស៊ូ​រោល​រាល ហើយ​ជំរុញ​លោក​ឲ្យ​ធ្វើ​ដូច្នេះ?

១០. តើ​ពាក្យ«ខ្នះ​ខ្នែង»ក្នុង​គម្ពីរ មាន​ន័យ​យ៉ាង​ណា?

១០ ក្នុង​គម្ពីរ​ភាសា​ហេប្រឺ​និង​ក្រិច​ដែល​ជា​ភាសា​ដើម ពាក្យ«ខ្នះ​ខ្នែង»ក៏​អាច​បក​ប្រែ​ថា«ហួងហែង»ដែរ។ (សូម​អាន កូរិនថូស​ទី​២ ១១:២) វចនានុក្រម​មួយ​ខាង​គម្ពីរ​បាន​ចែង​អំពី​ពាក្យ​នេះ​ថា៖ «ជា​ញឹក​ញយ ពាក្យ​នេះ​បាន​ត្រូវ​ប្រើ​ក្នុង​ទំនាក់​ទំនង​រវាង​ប្ដី​ប្រពន្ធ . . . ប្ដី​ឬ​ប្រពន្ធ​ហួងហែង​គូ​របស់​ខ្លួន​ដោយ​ចង់​បាន​ដាច់​ជា​របស់​ខ្លួន​តែ​ម្នាក់។ ដូច​គ្នា​ដែរ​ព្រះ​មាន​សិទ្ធិ​ផ្ដាច់​មុខ​ទទួល​ភក្ដី​ភាព​ពី​ពួក​អ្នក​ដែល​ជា​របស់​ផង​លោក ហើយ​លោក​ការ​ពារ​សិទ្ធិ​នោះ»។ ដូច្នេះ ចិត្ត​ខ្នះ​ខ្នែង​របស់​ដាវីឌ​គឺ​ជា​ការ​ហួងហែង ពោល​គឺ​គាត់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ឲ្យ​មើល​ងាយ​ឈ្មោះ​របស់​លោក ហើយ​មាន​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ការ​ពារ​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​ព្រះ ឬ​ធ្វើ​ឲ្យ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​បាន​ល្អ​ឡើង​វិញ។

១១. តើ​អ្វី​ជំរុញ​លោក​យេស៊ូ​ឲ្យ​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​យ៉ាង​ខ្នះ​ខ្នែង?

១១ ពេល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ឃើញ​អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​វិហារ ពួក​គេ​យល់​យ៉ាង​ត្រឹម​ត្រូវ​ថា​ពាក្យ​របស់​ដាវីឌ​ទាក់​ទង​នឹង​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​មិន​គ្រាន់​តែ​ដោយ​សារ​ពេល​កំណត់​របស់​លោក​ជិត​មក​ដល់​ទេ តែ​ដោយ​សារ​លោក​ខ្នះ​ខ្នែង​ឬ​ហួងហែង​ចំពោះ​ឈ្មោះ​របស់​បិតា​លោក​និង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ។ ពេល​លោក​ឃើញ​គេ​តិះ​ដៀល​និង​និយាយ​ប្រមាថ​ឈ្មោះ​របស់​ព្រះ នោះ​លោក​ខ្នះ​ខ្នែង​ឬ​ហួងហែង​យ៉ាង​ត្រឹម​ត្រូវ ហើយ​ចាត់​វិធានការ​ដើម្បី​កែ​តម្រូវ។ ពេល​លោក​យេស៊ូ​ឃើញ​មនុស្ស​រាប​ទាប​ត្រូវ​ពួក​អ្នក​ដឹក​នាំ​សាសនា​ជិះ​ជាន់​និង​កេង​ប្រវ័ញ្ច នោះ​ចិត្ត​ខ្នះ​ខ្នែង​របស់​លោក​បាន​ជំរុញ​លោក​ឲ្យ​សម្រាល​ទុក្ខ​ពួក​គេ ព្រម​ទាំង​រិះ​គន់​យ៉ាង​ខ្លាំង​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ជិះ​ជាន់​គេ។—ម៉ាថ. ៩:៣៦; ២៣:២, ៤, ២៧, ២៨, ៣៣

ចូរ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត

១២, ១៣. សព្វ​ថ្ងៃ​នេះ តើ​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​បាន​ធ្វើ​អ្វី (ក) ចំពោះ​នាម​របស់​ព្រះ? (ខ) ចំពោះ​រាជាណាចក្រ​ព្រះ?

១២ សព្វ​ថ្ងៃ​នេះ ស្ថានភាព​សាសនា​នៅ​ជុំ​វិញ​យើង​គឺ​ស្រដៀង​គ្នា​ដែរ ហើយ​ក៏​អាក្រក់​ជាង​សម័យ​លោក​យេស៊ូ​ផង។ ជា​ឧទាហរណ៍ សូម​ចាំ​ថា​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​មុន​គេ​បង្អស់ គឺ​ទាក់​ទង​នឹង​នាម​របស់​ព្រះ។ លោក​បាន​បង្រៀន​ថា៖ «សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ»។ (ម៉ាថ. ៦:៩) តើ​យើង​ឃើញ​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា ជា​ពិសេស​បព្វជិត​ពិភព​គ្រិស្ត​សាសនា​បង្រៀន​បណ្ដា​ជន​ឲ្យ​ស្គាល់​នាម​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​ឬ​លើក​តម្កើង​នាម​នោះ​ឬ​ទេ? ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ព្រះ​តាម​រយៈ​សេចក្ដី​បង្រៀន​មិន​ពិត ដូច​ជា​លទ្ធិ​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ ព្រលឹង​អមតៈ ភ្លើង​នរក ហើយ​ធ្វើ​ឲ្យ​គេ​គិត​ថា​ព្រះ​ជា​បុគ្គល​អាថ៌​កំបាំង​ដែល​គេ​មិន​អាច​យល់​និង​ស្គាល់​បាន ជា​បុគ្គល​ដែល​គ្មាន​មេត្ដា ហើយ​ថែម​ទាំង​ឃោរ​ឃៅ​ទៀត​ផង។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​គេ​តិះ​ដៀល​ព្រះ​ដោយ​សារ​រឿង​អាស្រូវ​និង​អំពើ​ពុត​ត្បុត​របស់​ពួក​គេ​ដែរ។ (សូម​អាន រ៉ូម ២:២១​-​២៤) បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​លាក់​នាម​របស់​ព្រះ ថែម​ទាំង​ដក​នាម​នោះ​ចេញ​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​ពួក​គេ​ផង។ ហេតុ​នេះ ពួក​គេ​រា​រាំង​បណ្ដា​ជន​មិន​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​និង​មិន​ឲ្យ​បណ្ដុះ​ចំណង​មេត្រី​ភាព​ជា​មួយ​លោក។—យ៉ា. ៤:៧, ៨

១៣ លោក​យេស៊ូ​ក៏​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ដែរ​ឲ្យ​អធិដ្ឋាន​អំពី​រាជាណាចក្រ​ព្រះ​ដោយ​ថា៖ «សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថ. ៦:១០) ទោះ​ជា​អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​តែង​តែ​អធិដ្ឋាន​សេចក្ដី​ទាំង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី តែ​ពួក​គេ​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​ឲ្យ​គាំទ្រ​អង្គការ​នយោបាយ​និង​ស្ថាប័ន​ឯ​ទៀត​របស់​មនុស្ស។ មួយ​វិញ​ទៀត ពួក​គេ​មើល​ងាយ​ពួក​អ្នក​ដែល​ព្យាយាម​ផ្សព្វ​ផ្សាយ​និង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​រាជាណាចក្រ​ព្រះ។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​លែង​និយាយ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ក៏​លែង​មាន​ជំនឿ​លើ​រាជាណាចក្រ​នោះ​ដែរ។

១៤. តើ​បព្វជិត​ពិភព​គ្រិស្ត​សាសនា​បាន​បន្ថែម​បន្ថយ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៤ ក្នុង​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត»។ (យ៉ូន. ១៧:១៧) មុន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​នឹង​តែង​តាំង«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ឲ្យ​បណ្ដា​រាស្ត្រ​លោក​បរិភោគ។ (ម៉ាថ. ២៤:៤៥) ទោះ​បី​ពួក​បព្វជិត​ពិភព​គ្រិស្ត​សាសនា​អះអាង​ថា​ពួក​គេ​បង្រៀន​បណ្ដាំ​របស់​ព្រះ​ក្ដី តើ​ពួក​គេ​បាន​ធ្វើ​កិច្ចការ​ដែល​ម្ចាស់​បាន​ប្រគល់​ឲ្យ​ពួក​គេ​ធ្វើ​ឬ​ទេ? អត់​ទេ។ ពួក​គេ​មាន​ទំនោរ​ចិត្ត​ពន្យល់​ថា​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ជា​រឿង​ព្រេង។ ជា​ជាង​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ហ្វូង​ចៀម ដែល​នេះ​នាំ​ឲ្យ​ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​បំភ្លឺ ពួក​បព្វជិត​ទាំង​នោះ​បាន​បង្រៀន​អ្វី​ដែល​ពួក​អ្នក​ជឿ​ពេញ​ចិត្ត​ស្ដាប់ ពោល​គឺ​ទស្សនវិជ្ជា​របស់​មនុស្ស។ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​បែរ​ចេញ​ពី​ខ្នាត​តម្រា​របស់​ព្រះ ដោយ​កាត់​បន្ថយ​ខ្នាត​តម្រា​សីលធម៌​របស់​លោក​ដើម្បី​តម្រូវ​ចិត្ត​មនុស្ស។—២ធី. ៤:៣, ៤

១៥. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​បព្វជិត​បាន​ធ្វើ​ក្នុង​នាម​របស់​ព្រះ?

១៥ ដោយ​សារ​ពួក​គេ​បាន​អះអាង​ថា​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ​ក្នុង​នាម​របស់​ព្រះ​នៃ​គម្ពីរ នោះ​មនុស្ស​ស្មោះ​ត្រង់​ជា​ច្រើន​បាន​ខក​ចិត្ត ឬ​បាត់​បង់​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​និង​គម្ពីរ។ មនុស្ស​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ចំណី​របស់​សាថាន​និង​របៀប​របប​អាក្រក់​របស់​វា។ កាល​ណា​អ្នក​ឃើញ ហើយ​ឮ​អំពី​រឿង​បែប​នេះ ដែល​កើត​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា កាល​ណា​អ្នក​ឃើញ​គេ​តិះ​ដៀល ហើយ​ប្រមាថ​នាម​របស់​ព្រះ នេះ​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​កេរ្ដិ៍​ឈ្មោះ​របស់​ព្រះ​បាន​ល្អ​ឡើង​វិញ មែន​ទេ? ពេល​ដែល​អ្នក​ឃើញ​មនុស្ស​ស្មោះ​សរ​និង​ទៀង​ត្រង់​ត្រូវ​គេ​បោក​ប្រាស់​និង​កេង​ប្រវ័ញ្ច នេះ​ជំរុញ​ឲ្យ​អ្នក​ចង់​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់ មែន​ទេ? ពេល​លោក​យេស៊ូ​ឃើញ​មនុស្ស​នៅ​សម័យ​លោក​ដែល«បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល» លោក​មិន​ត្រឹម​តែ​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​លោក​បាន«ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វី​ៗ​ជា​ច្រើន»។ (ម៉ាថ. ៩:៣៦; ម៉ាក. ៦:៣៤) យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត​ដូច​លោក​យេស៊ូ។

១៦, ១៧. (ក) តើ​អ្វី​គួរ​ជំរុញ​យើង​ឲ្យ​ប្រឹង​ប្រែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ? (ខ) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៦ កាល​ណា​យើង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ពាក្យ​របស់​សាវ័ក​ប៉ូល​នៅ​ធីម៉ូថេ​ទី​១ ២:៣, ៤​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង។ (សូម​អាន) យើង​ប្រឹង​ប្រែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ មិន​គ្រាន់​តែ​ដោយ​សារ​យើង​ដឹង​ថា​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​យើង​ដឹង​ថា​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ។ លោក​ចង់​ឲ្យ​មនុស្ស​មាន​ចំណេះ​អំពី​សេចក្ដី​ពិត​ដើម្បី​ពួក​គេ​ក៏​អាច​រៀន​គោរព​ប្រណិប័តន៍​ព្រះ​និង​បម្រើ​លោក ថែម​ទាំង​ទទួល​ពរ​ពី​លោក​ដែរ។ យើង​ចង់​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ មិន​គ្រាន់​តែ​ដោយ​សារ​ពេល​វេលា​កាន់​តែ​ខ្លី​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​យើង​ចង់​លើក​តម្កើង​ឈ្មោះ​របស់​ព្រះ​និង​ជួយ​មនុស្ស​ឲ្យ​ស្គាល់​បំណង​ប្រាថ្នា​របស់​លោក។ យើង​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។—១ធី. ៤:១៦

១៧ ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​បាន​ទទួល​ពរ​ដោយ​សារ​យើង​ដឹង​សេចក្ដី​ពិត​អំពី​គោល​បំណង​របស់​ព្រះ​ចំពោះ​មនុស្សជាតិ​និង​ផែនដី។ យើង​មាន​សមត្ថភាព​ជួយ​មនុស្ស​ឲ្យ​ទទួល​សុភមង្គល​និង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ចំពោះ​អនាគត។ យើង​អាច​បង្ហាញ​របៀប​ដែល​ពួក​គេ​អាច​មាន​សុវត្ថិភាព ពេល​របៀប​របប​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល។ (២ថែ. ១:៧​-​៩) ជា​ជាង​ខក​ចិត្ត​ឬ​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​អូស​បន្លាយ យើង​គួរ​មាន​ចិត្ត​សប្បាយ​ដោយ​សារ​នៅ​មាន​ពេល​ឲ្យ​យើង​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ (មីកា ៧:៧; ហាប. ២:៣) តើ​យើង​អាច​បណ្ដុះ​ចិត្ត​ខ្នះ​ខ្នែង​បែប​នេះ​តាម​របៀប​ណា? យើង​នឹង​ពិចារណា​ចំណុច​នេះ​នៅ​អត្ថបទ​បន្ទាប់។

តើ​អ្នក​អាច​ពន្យល់​ឬ​ទេ?

• តើ​អ្វី​បាន​ជំរុញ​លោក​យេស៊ូ​ឲ្យ​ធ្វើ​កិច្ច​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

• តើ​ពាក្យ«ខ្នះ​ខ្នែង»ក្នុង​គម្ពីរ មាន​ន័យ​យ៉ាង​ណា?

• សព្វ​ថ្ងៃ​នេះ តើ​យើង​ឃើញ​អ្វី​ខ្លះ​ដែល​គួរ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៣]

លោក​យេស៊ូ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា របស់​បិតា​លោក​និង​ទៅ​លើ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ឯ​ទៀត

[រូប​ភាព​នៅ​ទំព័រ​១៥]

យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ ដើម្បី​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត