តើបុគ្គលវិញ្ញាណមានឥទ្ធិពលលើយើងយ៉ាងណា?
តើយើងរៀនអ្វីខ្លះពីលោកយេស៊ូ?
តើបុគ្គលវិញ្ញាណមានឥទ្ធិពលលើយើងយ៉ាងណា?
លោកយេស៊ូធ្លាប់រស់នៅក្នុងពិភពរបស់ពួកវិញ្ញាណជាមួយបិតារបស់លោកនៅស្ថានសួគ៌«កាលមិនទាន់មានពិភពលោកនៅឡើយ»។ (យ៉ូហាន ១៧:៥) ហេតុនេះ លោកមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីឆ្លើយសំណួរដែលមាននៅខាងក្រោមនេះ។
តើបណ្ដាទេវតាយកចិត្តទុកដាក់នឹងយើងឬទេ?
▪ យើងរៀនពីលោកយេស៊ូថាបណ្ដាទេវតាយកចិត្តទុកដាក់នឹងមនុស្សខ្លាំងណាស់។ លោកមានប្រសាសន៍ថា៖ «បណ្ដាទេវតារបស់ព្រះមានអំណរ ពេលដែលអ្នកប្រព្រឹត្តអំពើខុសឆ្គង សូម្បីតែម្នាក់ប្រែចិត្ត»។—លូកា ១៥:១០
លោកយេស៊ូបានបង្ហើបឲ្យដឹងថាទេវតាមានភារកិច្ចជួយអ្នកបម្រើព្រះឲ្យរក្សាចំណងមិត្តភាពរបស់ពួកគេជាមួយព្រះឲ្យបានរឹងមាំ។ ដូច្នេះ ពេលដែលលោកយេស៊ូបានព្រមានពួកអ្នកកាន់តាមលោកកុំធ្វើឲ្យអ្នកឯទៀតជំពប់ដួល នោះលោកមានប្រសាសន៍ថា៖ «ចូរប្រយ័ត្ន កុំឲ្យមើលងាយអ្នកតូចបែបនេះឡើយ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់អ្នកទាំងនោះ ដែលនៅស្ថានសួគ៌តែងតែឃើញមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌»។ (ម៉ាថាយ ១៨:១០) លោកមិនចង់មានន័យថាអ្នកកាន់តាមម្នាក់ៗរបស់លោកមានទេវតារៀងៗខ្លួនដែលមានភារកិច្ចការពារពួកគាត់ឡើយ។ ប៉ុន្តែ លោកយេស៊ូបានបង្ហាញថាទេវតាដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះ យកចិត្តទុកដាក់ទៅលើសមាជិកក្នុងក្រុមជំនុំគ្រិស្តសាសនិក។
តើមេកំណាចអាចធ្វើទុក្ខយើងយ៉ាងដូចម្ដេច?
▪ លោកយេស៊ូបានព្រមានពួកអ្នកកាន់តាមលោកថាសាថានខំរារាំងមនុស្សមិនឲ្យរៀនសេចក្ដីពិតអំពីព្រះ។ លោកមានប្រសាសន៍ថា៖ «ពេលអ្នកណាម្នាក់ឮបណ្ដាំស្តីអំពីរាជាណាចក្រ ប៉ុន្តែមិនយល់អត្ថន័យ នោះមេកំណាចមក ហើយឆក់យកអ្វីដែលបានត្រូវសាបព្រោះក្នុងចិត្តរបស់អ្នកនោះ»។—ម៉ាថាយ ១៣:១៩
លោកយេស៊ូបានលាតត្រដាងឲ្យយើងដឹងវិធីមួយដែលសាថានបំភាន់មនុស្ស ពេលលោកប្រាប់ឧទាហរណ៍មួយស្តីអំពីបុរសម្នាក់ដែលសាបព្រោះពូជស្រូវសាលីក្នុងវាលស្រែរបស់គាត់។ បុរសនោះតំណាងលោកយេស៊ូ ហើយស្រូវសាលីតំណាងពួកគ្រិស្តសាសនិកពិតដែលព្រះបានរើសតាំងឲ្យគ្រប់គ្រងជាមួយលោកយេស៊ូនៅស្ថានសួគ៌។ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថាសត្រូវម្នាក់បានមក ហើយ«សាបព្រោះស្រងែលើស្រូវសាលី»។ ស្រងែសំដៅទៅពួកគ្រិស្តសាសនិកមិនពិត។ «សត្រូវដែលបានសាបព្រោះនោះ គឺជាមេកំណាច»។ (ម៉ាថាយ ១៣:២៥, ៣៩) ពេលដើមស្រងែនិងដើមស្រូវសាលីនៅតូច វាមានរូបរាងដូចគ្នា។ ស្រដៀងគ្នាដែរ ពួកអ្នកដែលអះអាងថាជាគ្រិស្តសាសនិកប្រហែលជាមើលទៅមានសភាពដូចពួកអ្នកគោរពប្រណិប័តន៍ពិត។ សាសនាដែលបង្រៀនមនុស្សនូវសេចក្ដីបង្រៀនមិនពិត បំភាន់ពួកគេមិនឲ្យស្ដាប់បង្គាប់ព្រះ។ សាថានប្រើសាសនាមិនពិតដើម្បីធ្វើឲ្យមនុស្សលែងមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។
តើតាមរបៀបណាដែលយើងអាចបញ្ឈប់សាថានមិនឲ្យ ធ្វើទុក្ខយើង?
▪ លោកយេស៊ូបានហៅសាថានថាជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។ (យ៉ូហាន ១៤:៣០) ក្នុងការអធិដ្ឋានរបស់លោកទៅព្រះ លោកយេស៊ូបានប្រាប់យើងឲ្យដឹងអំពីរបៀបដែលយើងអាចការពារខ្លួនពីសាថាន។ ស្តីអំពីពួកអ្នកកាន់តាមលោក លោកយេស៊ូបានអធិដ្ឋានទៅបិតារបស់លោកនៅស្ថានសួគ៌ថា៖ «ខ្ញុំសុំលោកការពារពួកគាត់ ឲ្យរួចពីមេកំណាច។ ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ។ សូមញែកពួកគាត់ចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិត។ ឯបណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូហាន ១៧:១៥-១៧) ចំណេះអំពីបណ្ដាំរបស់ព្រះអាចការពារយើងមិនឲ្យទទួលឥទ្ធិពលពីមនុស្សក្នុងពិភពលោកនេះដែលសាថានគ្រប់គ្រង។
សព្វថ្ងៃ តើទេវតាមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច?
▪ លោកយេស៊ូបានមានប្រសាសន៍ថា៖ «នៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ . . . បណ្ដាទេវតានឹងចេញទៅញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត»។ (ម៉ាថាយ ១៣:៤៩) បច្ចុប្បន្ននេះ យើងកំពុងរស់នៅក្នុង«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក» ហើយមនុស្សរាប់លាននាក់កំពុងស្ដាប់ដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ។—ម៉ាថាយ ២៤:៣, ១៤
ប៉ុន្តែ មនុស្សទាំងអស់ដែលចាប់ផ្ដើមរៀនបណ្ដាំរបស់ព្រះ មិនទទួលការពេញចិត្តពីលោកទេ។ ទេវតាណែនាំអ្នកបម្រើរបស់ព្រះយេហូវ៉ាក្នុងកិច្ចការផ្សព្វផ្សាយ ហើយមនុស្សដែលពិតជាស្រឡាញ់ព្រះបានត្រូវញែកចេញពីមនុស្សដែលមិនចង់ធ្វើតាមអ្វីដែលពួកគេបានរៀន។ ស្តីអំពីពួកអ្នកដែលព្រះពេញចិត្ត លោកយេស៊ូមានប្រសាសន៍ថា៖ «[មនុស្សទាំង]នោះសំដៅទៅអ្នកដែលមានចិត្តល្អដែលប្រកបដោយគុណធម៌។ ក្រោយពីអ្នកទាំងនោះឮបណ្ដាំ ពួកគេក៏រក្សាទុកក្នុងចិត្ត ហើយស៊ូទ្រាំព្រមទាំងបង្កើតផល»។—លូកា ៨:១៥
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលជំពូកទី១០នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយ ដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៣០]
បណ្ដាទេវតាជួយប្រមូល មនុស្សដែលមានចិត្តស្មោះ ឲ្យចូលក្នុងក្រុមជំនុំគ្រិស្តសាសនិក