តើយើងអាចស្កប់ចិត្តបានឬទេ?
តើយើងអាចស្កប់ចិត្តបានឬទេ?
«ការស្កប់ចិត្តធ្វើឲ្យអ្នកក្រទៅជាអ្នកមាន តែការមិនស្កប់ចិត្តធ្វើឲ្យអ្នកមានទៅជាអ្នកក្រ»។—លោកបិនយ៉ាមិន ហ្វ្រាងលិន
ស្របតាមសុភាសិតនេះ មនុស្សជាច្រើនបានយល់ដឹងថា ការស្កប់ចិត្តមិនមែនដូចជាទំនិញដែលយើងអាចទិញដូរបានទេ។ ហេតុនេះហើយបានជាមនុស្សជាច្រើនពិបាកស្កប់ចិត្តក្នុងពិភពលោកដែលលើកទឹកចិត្តមនុស្សឲ្យចង់បានទ្រព្យសម្បត្ដិកាន់តែច្រើន សម្រេចកិច្ចការកាន់តែធំ ឬចង់បានរបៀបរស់នៅហ៊ឺហាដូចអ្នកឯទៀត! តើអ្វីដូចខាងក្រោមនេះបានប៉ះពាល់ដល់ចិត្តគំនិតរបស់លោកអ្នកឬទេ?
• ពួកអ្នកផ្សាយពាណិជ្ជកម្មផ្សាយដោយឥតឈប់ឈរថាលោកអ្នកអាចស្កប់ចិត្តបានបើទិញរបស់តែមួយទៀតប៉ុណ្ណោះ។
• ការប្រកួតប្រជែងគ្នានៅឯកន្លែងធ្វើការឬនៅសាលារៀន ជំរុញឲ្យលោកអ្នកគិតថា លោកអ្នកមានតម្លៃឲ្យតែលោកអ្នកធ្វើអ្វីៗឲ្យបានដូចអ្នកឯទៀត។
• មនុស្សមិនដឹងគុណចំពោះអ្វីដែលលោកអ្នកបានធ្វើដើម្បីពួកគេ។
• មិត្តភក្ដិធ្វើឲ្យលោកអ្នកច្រណែនចង់បានរបស់ដែលពួកគេមាន។
• សំណួរសំខាន់ៗដែលលោកអ្នកឆ្ងល់អំពីជីវិត គ្មានអ្នកណាអាចឆ្លើយបានទេ។
ដោយមានការពិបាកទាំងនេះ តើយើងពិតជាអាចស្កប់ចិត្តបានឬទេ? សាវ័កម្នាក់របស់លោកយេស៊ូឈ្មោះប៉ូលបានសំដៅទៅ«អាថ៌កំបាំងអំពីរបៀបស្កប់ចិត្ត»។ ជួនកាល គាត់រស់នៅដោយមានបរិបូរ តែជួនកាលគាត់មានតែបន្ដិចបន្តួច។ មិត្តភក្ដិសរសើរគាត់ តែអ្នកឯទៀតមើលងាយគាត់។ ប៉ុន្តែ គាត់បានស្រដីថា គាត់«បានរៀនឲ្យចេះស្កប់ចិត្ត ទោះជា[គាត់]នៅក្នុងកាលៈទេសៈណាក៏ដោយ»។—ភីលីព ៤:១១, ១២
ការស្កប់ចិត្តជាអាថ៌កំបាំងចំពោះពួកអ្នកដែលមិនធ្លាប់ចាត់វិធានការដើម្បីមានចិត្តស្កប់ ប៉ុន្តែដូចសម្ដីរបស់ប៉ូល យើងអាចរៀនឲ្យចេះស្កប់ចិត្ត។ ឥឡូវយើងអញ្ជើញលោកអ្នកឲ្យពិចារណាអាថ៌កំបាំងប្រាំយ៉ាងនៃការស្កប់ចិត្ត ដូចមានក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ។