លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បំពេញសេចក្ដីត្រូវការរបស់លោកអ្នកខាងការណែនាំពីព្រះ

បំពេញសេចក្ដីត្រូវការរបស់លោកអ្នកខាងការណែនាំពីព្រះ

អាថ៌​កំបាំង​ទី​៥

បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​លោក​អ្នក​ខាង​ការ​ណែនាំ​ពី​ព្រះ

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា? «អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!»។—ម៉ាថាយ ៥:៣

តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ? មាន​សាសនា​រាប់​ពាន់​ដែល​ភាគ​ច្រើន​បង្រៀន​លោក​អ្នក​វិធី​ខុស​ៗ​គ្នា​ដែល​លោក​អ្នក​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ការ​ណែនាំ​ពី​ព្រះ។ តើ​លោក​អ្នក​អាច​ដឹង​យ៉ាង​ណា​ថា សាសនា​ណា​បង្រៀន​សេចក្ដី​ពិត ហើយ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត? អ្នក​និពន្ធ​ខ្លះ​ដែល​ល្បី​ល្បាញ​អះអាង​ថា​ជំនឿ​លើ​ព្រះ​និង​ភក្ដី​ភាព​ចំពោះ​លោក​គឺ​មិន​សម​ហេតុ​ផល​ទេ ថែម​ទាំង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផង។ ទស្សនាវដ្ដី​មួយ​សង្ខេប​ទស្សនៈ​របស់​ជន​ល្បី​ល្បាញ​ម្នាក់​ដែល​មិន​ជឿ​ថា​មាន​ព្រះ ដោយ​ចែង​ថា៖ «ទស្សនៈ​របស់​គ្រិស្ត​សាសនិក​ដែល​ថា​មាន​អ្វី​ក្រៅ​ពី​វិទ្យា​សាស្ត្រ​និង​ក្រៅ​ពី​វិញ្ញាណ​របស់​យើង . . . ធ្វើ​ឲ្យ​ជីវិត​តែ​មួយ​ដែល​យើង​មាន គ្មាន​តម្លៃ ហើយ​មាន​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ហិង្សា» (Maclean’s)។

តើ​លោក​អ្នក​អាច​ធ្វើ​អ្វី? សូម​ពិនិត្យ​មើល​ភ័ស្តុតាង​ដែល​ថា​មាន​ព្រះ​មែន។ (រ៉ូម ១:២០; ហេប្រឺ ៣:៤) កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​លោក​អ្នក​ឈប់​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ ដូច​មាន​នៅ​ខាង​ក្រោម​នេះ៖ ហេតុ​អ្វី​យើង​មាន​ជីវិត​រស់​នៅ? តើ​មាន​ជីវិត​ក្រោយ​មនុស្ស​ស្លាប់​ឬ​ទេ? ហេតុ​អ្វី​មាន​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ? តើ​ព្រះ​តម្រូវ​អ្វី​ពី​ខ្ញុំ? ការ​រក​ឃើញ​ចម្លើយ​ដែល​នាំ​ឲ្យ​គាប់​ចិត្ត​ចំពោះ​សំណួរ​ទាំង​នោះ គឺ​សំខាន់​ចាំ​បាច់​ដើម្បី​លោក​អ្នក​អាច​មាន​ការ​ស្កប់​ចិត្ត​ដែល​ស្ថិត​ស្ថេរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី សូម​កុំ​ជឿ​ដោយ​ងងឹត​ងងល់​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​ឯ​ទៀត​ប្រាប់​លោក​អ្នក។ បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ប្រើ«សមត្ថភាព​រិះ​គិត»របស់​លោក​អ្នក ដើម្បី​ពិសោធ​មើល​ដោយ​ខ្លួន​លោក​អ្នក​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ (រ៉ូម ១២:១, ២) លោក​អ្នក​នឹង​ទទួល​លទ្ធផល​ល្អ​ពី​ការ​ព្យាយាម​របស់​លោក​អ្នក។ បើ​លោក​អ្នក​រក​ពេល​សិក្សា​គម្ពីរ ហើយ​អនុវត្ត​តាម​ដំបូន្មាន​ដែល​មាន​ប្រយោជន៍​ក្នុង​គម្ពីរ លោក​អ្នក​នឹង​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត ហើយ​បង្កើន​ការ​សប្បាយ​រីករាយ​នឹង​ជីវិត​របស់​លោក​អ្នក។ នេះ​មិន​មែន​ជា​សេចក្ដី​សន្យា​ដែល​អសារ​ឥត​ការ​នោះ​ទេ។ មនុស្ស​រាប់​លាន​នាក់​ដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​ទទួល​ប្រយោជន៍​ដោយ​សារ​ពួក​គេ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​និង​គោល​បំណង​របស់​លោក។

កាល​ដែល​លោក​អ្នក​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​ឱវាទ​នៃ​គម្ពីរ នោះ​លោក​អ្នក​នឹង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​កាន់​តែ​ខ្លាំង។ សូម​អញ្ជើញ​លោក​អ្នក​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ បើ​លោក​អ្នក​ធ្វើ​ដូច្នេះ លោក​អ្នក​ទំនង​ជា​យល់​ស្រប​នឹង​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា៖ «ភក្ដី​ភាព​ចំពោះ​ព្រះ ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត នាំ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន​ក្រៃ​លែង​មែន»។—ធីម៉ូថេ​ទី​១ ៦:៦

[រូប​ភាព​នៅ​ទំព័រ​៨]

ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត