លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើគេអាចមើលឃើញបុគ្គលវិញ្ញាណឬទេ?

តើគេអាចមើលឃើញបុគ្គលវិញ្ញាណឬទេ?

តើ​គេ​អាច​មើល​ឃើញ​បុគ្គល​វិញ្ញាណ​ឬ​ទេ?

ទោះ​ជា​លោក​អ្នក​សម្លឹង​មើល​មេឃ​យូរ​ប៉ុន្មាន​ក៏​ដោយ លោក​អ្នក​នឹង​មិន​ឃើញ​បុគ្គល​វិញ្ញាណ​ឡើយ។ បើ​លោក​អ្នក​ខំ​ស្ដាប់ ក៏​លោក​អ្នក​មិន​ឮ​សំឡេង​ពួក​គេ​ដែរ។ ក៏​ប៉ុន្តែ លោក​អ្នក​អាច​ប្រាកដ​ថា​មាន​បុគ្គល​វិញ្ញាណ​មែន។ ពួក​គេ​មាន​បញ្ញា​ខ្ពង់​ខ្ពស់ ហើយ​មាន​ឫទ្ធានុភាព ថែម​ទាំង​មាន​ឈ្មោះ​ជាក់​លាក់ និង​បុគ្គលិក​លក្ខណៈ​ផ្សេង​ៗ។ ពួក​បុគ្គល​វិញ្ញាណ​ទាំង​អស់​ចាប់​អារម្មណ៍​នឹង​យើង។ ពួក​គេ​ខ្លះ​ជួយ​យើង ខ្លះ​ទៀត​ចង់​ធ្វើ​បាប​យើង។

ព្រះ​ពិត​ផ្ទាល់​គឺជា​វិញ្ញាណ។ (​យ៉ូហាន ៤:២៤​) ឈ្មោះ​លោក​គឺ​យេហូវ៉ា​ដែល​ជា​ឈ្មោះ​មួយ​ខុស​ប្លែក​ពី​ព្រះ​មិន​ពិត​ជា​ច្រើន។ (​ទំនុក​តម្កើង ៨៣:១៨​) អ្នក​តែង​ទំនុកតម្កើង​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ​ហើយ​ក៏​គួរ​សរសើរ​ណាស់ ទ្រង់​ជា​ទី​គួរ​កោត​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ពីព្រោះ​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ សុទ្ធតែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ​យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។ កិត្ដិយស នឹង​តេជានុភាព​នៅ​ចំពោះ​ទ្រង់ ឥទ្ធិ​ឫទ្ធិ នឹង​ភាព​លំអ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​»។—ទំនុកតម្កើង ៩៦:៤​-​៦

ការ​ឃើញ​ព្រះ​ពិត​នៅ​ក្នុង​គំនិត

គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឃើញ​ព្រះ​ម្ដង​ណា​ឡើយ​»។ (​យ៉ូហាន ១:១៨​) យើង​មិន​អាច​យល់​អំពី​លក្ខណៈ​និង​ភាព​រុងរឿង​របស់​លោក​បាន​ទេ ដូច​មនុស្ស​ងងឹត​ភ្នែក​ពី​កំណើត​មិន​អាច​ដឹង​ពណ៌​បាន​ឡើយ។ ប៉ុន្តែ ដូច​គ្រូ​ដ៏​ល្អ​ម្នាក់​ពន្យល់​រឿង​ស្មុគ​ស្មាញ​ដោយ​ប្រើ​វិធី​ដែល​សិស្ស​អាច​យល់ តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ព្រះ​ពណ៌​នា​អ្វី​ដែល​យើង​មិន​អាច​មើល​ឃើញ​តាម​រយៈ​អ្វី​ដែល​យើង​អាច​ឃើញ។ ដោយ​បើក​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​នា​សម័យ​បុរាណ​ឃើញ​ក្នុង​គំនិត ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​គិត​ឃើញ​អំពី​ទី​ធ្លា​នៅ​ស្ថាន​សួគ៌ ហើយ​ឲ្យ​យល់​អំពី​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ពួក​អ្នក​ដែល​រស់​នៅ​ទី​នោះ។

ជា​ឧទាហរណ៍ ការ​បើក​ឲ្យ​ឃើញ​ក្នុង​គំនិត​របស់​អេសេគាល​បាន​ប្រដូច​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​ភ្លើង ពន្លឺ ត្បូង​កណ្ដៀង​និង​ឥន្ទធនូ។ ក្នុង​ការ​បើក​ឲ្យ​ឃើញ​មួយ​ទៀត​ក្នុង​គំនិត សាវ័ក​យ៉ូហាន​សង្កេត​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក ហើយ​ប្រាប់​ថា​លោក​«​មាន​លក្ខណៈ​ដូច​ត្បូង​យ៉ាស្បា និង​ត្បូង​វិសេស​ពណ៌​ក្រហម​»​ ហើយ​គាត់​បន្ថែម​ថា​«​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ​មាន​ឥន្ទធនូ​ដែល​មាន​លក្ខណៈ​ដូច​ត្បូង​មរកត​»។ ការ​ពណ៌​នា​បែប​នេះ​ធ្វើ​ឲ្យ​យើង​ដឹង​ថា​វត្តមាន​របស់​ព្រះ​យេហូវ៉ា​មាន​សោភណភាព គួរ​ឲ្យ​ស្រឡាញ់​និង​មាន​ភាព​ស្ងប់​ស្ងៀម​ដែល​កម្រ​មាន។—ការ​បើក​បង្ហាញ ៤:២, ៣; អេសេគាល ១:​២៦​-​២៨

ដានីយ៉ែល​ជា​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ឃើញ​ក្នុង​គំនិត​អំពី​ព្រះ​យេហូវ៉ា ហើយ​ឃើញ​ទេវតា​«​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង​ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​[​ព្រះ​យេហូវ៉ា​]​»។ (​ដានីយ៉ែល ៧:១០​) នេះ​ជា​ទស្សនីយភាព​មួយ​គួរ​ឲ្យ​អស្ចារ្យ​មែន! ការ​មើល​ឃើញ​ទេវតា​មួយ​គួរ​ឲ្យ​ស្ញប់​ស្ញែង​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ឃើញ​ទេវតា​ល្អ​ឥត​ខ្ចោះ​រាប់​ម៉ឺន​ពិត​ជា​គួរ​ឲ្យ​ស្ញប់​ស្ញែង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត!

គម្ពីរ​បាន​រៀប​រាប់​អំពី​ពួក​ទេវតា​ជិត​៤០០​ដង ហើយ​ពួក​គេ​មាន​ឋានៈ​ផ្សេង​ៗ​ដូច​ជា​សេរភីម​និង​ចេរូប៊ីន។ ក្នុង​គម្ពីរ ពាក្យ​ភាសា​ក្រិច​និង​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​ទេវតា​»​មាន​ន័យ​ថា​«​អ្នក​នាំ​ពាក្យ​»។ ដូច្នេះ ពួក​ទេវតា​អាច​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​អតីតកាល ពួក​គេ​ក៏​ធ្លាប់​ទាក់​ទង​នឹង​មនុស្ស​ដែរ។ ពួក​ទេវតា​មិន​មែន​ជា​មនុស្ស​ដែល​ធ្លាប់​រស់​នៅ​ផែនដី​ទេ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ទាំង​នេះ​ជា​យូរ​មុន​លោក​បង្កើត​មនុស្ស​ទៅ​ទៀត។—យ៉ូប ៣៨:៤​-​៧

ក្នុង​ការ​បើក​ឲ្យ​ឃើញ​ក្នុង​គំនិត ដានីយ៉ែល​បាន​ឃើញ​ទេវតា​ជា​ច្រើន​បាន​មក​ប្រជុំ​គ្នា​ដើម្បី​ឃើញ​ព្រឹត្ដិការណ៍​មួយ​គួរ​ឲ្យ​អស្ចារ្យ។ ដានីយ៉ែល​បាន​ឃើញ​‹១​អង្គ​ដូច​កូន​មនុស្ស›​ចូល​ទៅ​ជិត​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​«​អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់​»។ (​ដានីយ៉ែល ៧:​១៣, ១៤​) ‹កូន​មនុស្ស›​នោះ​ដែល​មាន​តួនាទី​សំខាន់​នៅ​ពិភព​ពួក​វិញ្ញាណ​គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។ បន្ដិច​ទៀត ការ​គ្រប់​គ្រង​របស់​លោក​នឹង​ជំនួស​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​នឹង​បំបាត់​ចោល​ជំងឺ ទុក្ខ​ព្រួយ ការ​ជិះ​ជាន់ ភាព​ក្រី​ក្រ​និង​សេចក្ដី​ស្លាប់។—ដានីយ៉ែល ២:៤៤

ពួក​ទេវតា​ស្មោះ​ត្រង់​ច្រើន​កុះករ​ដែល​ចង់​ឲ្យ​មនុស្ស​ទទួល​ប្រយោជន៍ ប្រាកដជា​មាន​អំណរ​ពេល​ឃើញ​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ បុគ្គល​វិញ្ញាណ​ទាំង​អស់​មិន​មាន​អារម្មណ៍​ដូច្នេះ​ទេ។

សត្រូវ​របស់​ព្រះ​និង​របស់​មនុស្ស

តាំង​ពី​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស ទេវតា​មួយ​ដែល​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ជា​ខ្លាំង​ចង់​ឲ្យ​គេ​គោរព​ប្រណិប័តន៍​ខ្លួន បាន​ប្រឆាំង​ព្រះ​យេហូវ៉ា ហើយ​បាន​តាំង​ខ្លួន​ជា​សាថាន​ដែល​ជា​ឈ្មោះ​មួយ​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»។ សាថាន​គឺជា​បុគ្គល​អាក្រក់​បំផុត​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បុគ្គល​ដែល​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​បំផុត។ ពួក​ទេវតា​ឯ​ទៀត​បាន​ចូល​រួម​ជា​មួយ​សាថាន​ក្នុង​ការ​បះបោរ​របស់​វា ហើយ​គម្ពីរ​ហៅ​ពួក​វា​ថា​ពួក​វិញ្ញាណ​កំណាច។ ដូច​សាថាន​ដែរ ពួក​វិញ្ញាណ​កំណាច​បាន​ក្លាយ​ទៅ​ជាស​ត្រូវ​ដ៏​ឥត​មេត្ដា​របស់​មនុស្ស​ជាតិ។ ពួក​វា​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា​ជា​ច្រើន​នៅ​លើ​ផែនដី អំពើ​អយុត្ដិធម៌ ជំងឺ ភាព​ក្រី​ក្រ​និង​សង្គ្រាម។

ទោះ​ជា​វិហារ​ជា​ច្រើន​នៃ​ពិភព​គ្រិស្ត​សាសនា​មិន​សូវ​និយាយ​អំពី​សាថាន​ដូច​ពី​មុន​ក៏​ដោយ គម្ពីរ​នៅ​សៀវភៅ​យ៉ូប​ជួយ​យើង​ឲ្យ​ដឹង​អំពី​បុគ្គលិក​លក្ខណៈ​និង​បំណង​ចិត្ត​របស់​ទេវតា​បះបោរ​នោះ ដោយ​ចែង​ថា​៖ ​«​រីឯ​មាន​កាល​១​ថ្ងៃ ដែល​ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​អារក្ស​សាតាំង​ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ​»។ ក្នុង​ការ​សន្ទនា​ដែល​មាន​ជា​បន្ទាប់​មក សាថាន​បាន​ចោទ​យ៉ាង​ព្រហើន​ថា បុរស​ឈ្មោះ​យ៉ូប​បាន​បម្រើ​ព្រះ​ក្នុង​បំណង​ចង់​បាន​ប្រយោជន៍​ពី​ព្រះ​ប៉ុណ្ណោះ។ ដើម្បី​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​របស់​វា​ថា​ត្រឹម​ត្រូវ នោះ​សាថាន​បាន​បៀតបៀន​យ៉ូប​ជា​ខ្លាំង ដោយ​សម្លាប់​ហ្វូង​សត្វ​និង​កូន​ទាំង​១០​នាក់​របស់​គាត់។ បន្ទាប់​មក វា​បាន​ធ្វើ​ឲ្យ​យ៉ូប​កើត​ដំបៅ​ដ៏​អាក្រក់​ពេញ​ខ្លួន។ ការ​វាយ​ប្រហារ​ទាំង​អស់​របស់​សាថាន​មិន​បាន​បញ្ជាក់​ការ​ចោទ​ប្រកាន់​របស់​វា​ថា​ត្រឹម​ត្រូវ​ឡើយ។—យ៉ូប ១:៦​-​១៩; ២:៧

មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​ព្រះ​យេហូវ៉ា​ប្រណី​សាថាន ប៉ុន្តែ​លោក​នឹង​មិន​ត្រា​ប្រណី​វា​ជា​រៀង​រហូត​ទេ។ មិន​យូរ​ទៀត មេកំណាច​នឹង​ត្រូវ​បំផ្លាញ​ចោល។ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដំបូង​ដើម្បី​បំផ្លាញ​វា ហើយ​វិធានការ​នោះ​បាន​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​ដែល​ចែង​ថា​មាន​ព្រឹត្ដិការណ៍​សំខាន់​មួយ​ទៀត​ដែល​យើង​មើល​មិន​ឃើញ​តែ​បាន​កើត​ឡើង​ក្នុង​ពិភព​ពួក​វិញ្ញាណ។ កំណត់​ហេតុ​នោះ​ចែង​ថា​៖ ​«​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ស្ថាន​សួគ៌​៖ មី​កែ​ល​[​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​] និង​បណ្ដា​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​នាគ​[​សាថាន​]​និង​បណ្ដា​ទេវតា​របស់​វា ប៉ុន្តែ​វា​មិន​បាន​ឈ្នះ​ទេ ហើយ​មិន​មាន​កន្លែង​សម្រាប់​ពួក​វា​នៅ​ស្ថាន​សួគ៌​ទៀត​ឡើយ។ ដូច្នេះ នាគ​ដ៏​ធំ​បាន​ត្រូវ​បោះ​ទម្លាក់ គឺ​ពស់​ដំបូង​បង្អស់ ជា​អ្នក​ដែល​ត្រូវ​ហៅ​ថា​មេកំណាច​និង​សាថាន និង​ជា​អ្នក​ដែល​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល វា​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែនដី ហើយ​បណ្ដា​ទេវតា​របស់​វា​ក៏​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ជា​មួយ​នឹង​វា​ដែរ​»។—ការ​បើក​បង្ហាញ ១២:៧​-​៩

សូម​កត់​សម្គាល់​ថា គម្ពីរ​ប្រាប់​ថា​សាថាន​«​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល​»។ វា​បាន​បំភាន់​មនុស្ស​ដោយ​លើក​ស្ទួយ​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា​ក្នុង​បំណង​បំបែរ​ពួក​គេ​ចេញ​ពី​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក។ ពាក្យ​ភូតភរ​មួយ​គឺ ពេល​មនុស្ស​ស្លាប់ គេ​ទៅ​ពិភព​ពួក​វិញ្ញាណ។ មាន​ទស្សនៈ​ជា​ច្រើន​ខុស​ៗ​គ្នា​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ នៅ​ទ្វីប​អាហ្វ្រិក​និង​ទ្វីប​អាស៊ី មនុស្ស​ជា​ច្រើន​ជឿ​ថា​ពេល​មនុស្ស​ស្លាប់​ទៅ គេ​ទៅ​នៅ​ពិភព​ពួក​វិញ្ញាណ​ជា​មួយ​ដូន​តា​របស់​គេ។ សេចក្ដី​បង្រៀន​អំពី​ស្ថាន​នរក​និង​ស្ថាន​មួយ​ដែល​មិន​មែន​ជា​ស្ថាន​សួគ៌​និង​មិន​មែន​ជា​ស្ថាន​នរក ផ្អែក​លើ​ជំនឿ​ដែល​ថា​មនុស្ស​បន្ត​រស់​ក្រោយ​ពី​បាន​ស្លាប់។

ក្រោយ​ពេល​មនុស្ស​ស្លាប់ តើ​គេ​ទៅ​រស់​នៅ​ស្ថាន​សួគ៌​ឬ?

ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ជំនឿ​ដែល​មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ជឿ​ថា​មនុស្ស​ល្អ​ទាំង​អស់​ទៅ​ស្ថាន​សួគ៌? ជា​ការ​ពិត​មែន​ដែល​ថា​មនុស្ស​ល្អ​ខ្លះ​ទៅ​ស្ថាន​សួគ៌ តែ​ពួក​គេ​មាន​ចំនួន​តិច​បើ​ប្រៀប​នឹង​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​បាន​ស្លាប់។ គម្ពីរ​បង្ហាញ​ថា​មនុស្ស​១៤៤​.​០០០​នាក់​នឹង​បាន​ត្រូវ​«​ទិញ​ពី​ផែនដី​»​ ហើយ​នឹង​បម្រើ​ជា​«​សង្ឃ​»​និង​ជា​«​ស្តេច​គ្រប់​គ្រង​លើ​ផែនដី​»។ (​ការ​បើក​បង្ហាញ ៥:៩, ១០; ១៤:១,​) ពួក​គេ​រួម​គ្នា​ជា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌​នៃ​រាជាណាចក្រ​ព្រះ​ជា​មួយ​កូន​មនុស្ស ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។ រដ្ឋាភិបាល​នោះ​នឹង​បំផ្លាញ​ចោល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា ហើយ​នឹង​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន។ មនុស្ស​ភាគ​ច្រើន​ដែល​បាន​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​មួយ​នា​អនាគត​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​សួន​ឧទ្យាន​នោះ​លើ​ផែនដី។—លូកា ២៣:៤៣

ដូច្នេះ សរុប​សេចក្ដី​មក មាន​បុគ្គល​វិញ្ញាណ​រាប់​លាន​រូប​នៅ​ពិភព​ពួក​វិញ្ញាណ។ ក្នុង​ចំណោម​ពួក​គេ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​ជីវិត​ទាំង​អស់​គឺជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ទេវតា​ស្មោះ​ត្រង់​រាប់​ម៉ឺន​រូប​កំពុង​បម្រើ​លោក។ ទេវតា​ឯ​ទៀត​ដែល​ដឹក​នាំ​ដោយ​សាថាន​បាន​ប្រឆាំង​ព្រះ​យេហូវ៉ា ហើយ​ខំ​ប្រឹង​បំភាន់​មនុស្ស។ បន្ថែម​ទៅ​ទៀត មនុស្ស​មួយ​ចំនួន​តិច​បាន​ត្រូវ​«​ទិញ​»​ឬ​ជ្រើស​រើស​ពី​ផែនដី​ឲ្យ​ទទួល​ភារកិច្ច​ពិសេស​នៅ​ស្ថាន​សួគ៌។ ដោយ​គិត​អំពី​ចំណុច​នេះ ឥឡូវ​ចូរ​យើង​ពិចារណា​ថា​យើង​អាច​ទាក់​ទង​នឹង​អ្នក​ណា​ក្នុង​ពិភព​ពួក​វិញ្ញាណ ហើយ​យើង​ត្រូវ​ទាក់​ទង​តាម​របៀប​ណា។