លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលអ្នកនៅលីវ ចូរប្រើគ្រានោះឲ្យមានប្រយោជន៍ច្រើនបំផុត

ពេលអ្នកនៅលីវ ចូរប្រើគ្រានោះឲ្យមានប្រយោជន៍ច្រើនបំផុត

ពេល​អ្នក​នៅ​លីវ ចូរ​ប្រើ​គ្រា​នោះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត

​«​អ្នក​ណា​ដែល​អាច​ទទួល​យក​អ្វី​បែប​នេះ​បាន ចូរ​ទទួល​យក​ចុះ​»។—ម៉ាថ. ១៩:១២

១, ២​. (​ក​) តើ​លោក​យេស៊ូ សាវ័ក​ប៉ូល​និង​អ្នក​ឯ​ទៀត​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ភាព​នៅ​លីវ? (​ខ​)​ ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​មិន​គិត​ថា​ភាព​នៅ​លីវ​ជា​អំណោយ​មួយ?

អាពាហ៍ពិពាហ៍​ពិត​ជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​បំផុត​ពី​ព្រះ​ចំពោះ​មនុស្ស​ជាតិ។ (​សុភ. ១៩:១៤​) ប៉ុន្តែ គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ក៏​អាច​មាន​ជីវិត​ដ៏​គាប់​ចិត្ត​និង​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​ដែរ។ បង​ប្រុស​ហារ៉ូល​អាយុ​៩៥​ឆ្នាំ​ដែល​មិន​ដែល​បាន​រៀប​ការ​មាន​ប្រសាសន៍​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​សប្បាយ​នៅ​ជា​មួយ​អ្នក​ឯ​ទៀត ហើយ​ទទួល​ពួក​គេ​ដោយ​រាក់​ទាក់​ក្ដី ពេល​ខ្ញុំ​នៅ​ម្នាក់​ឯង ក៏​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​កណ្ដោចកណ្ដែង​ដែរ។ ភាព​នៅ​លីវ​របស់​ខ្ញុំ​ពិត​ជា​អំណោយ​មួយ​មែន​»។

ប្រាកដ​ហើយ ទាំង​លោក​យេស៊ូ​ទាំង​សាវ័ក​ប៉ូល​បាន​សំដៅ​ទៅ​ភាព​នៅ​លីវ​ថា​ជា​អំណោយ​ពី​ព្រះ ដូច​អាពាហ៍ពិពាហ៍​ដែរ។ (​សូម​អាន ម៉ាថាយ ១៩:១១, ១២; កូរិនថូសទី១ ៧:៧) ក៏​ប៉ុន្តែ មនុស្ស​ទាំង​អស់​ដែល​មិន​បាន​រៀប​ការ មិន​មែន​ដោយ​សារ​ពួក​គេ​ចង់​នៅ​លីវ​ទេ។ ជួនកាល កាលៈទេសៈ​ផ្សេង​ៗ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​រក​គូ​ដែល​ស័ក្ដិសម​នឹង​ខ្លួន។ ឬ​ក៏​ក្រោយ​ពី​បាន​រៀប​ការ​ច្រើន​ឆ្នាំ​មក ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន អ្នក​ខ្លះ​រស់​នៅ​តែ​ម្នាក់​ឯង​ម្ដង​ទៀត​ដោយ​សារ​ពួក​គេ​លះ​លែង​គ្នា​ឬ​គូ​របស់​ពួក​គេ​បាន​ស្លាប់។ បើ​ដូច្នេះ តើ​ភាព​នៅ​លីវ​គឺជា​អំណោយ​ក្នុង​ន័យ​យ៉ាង​ណា? តើ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​អាច​ប្រើ​គ្រា​នៅ​លីវ​នោះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​យ៉ាង​ដូច​ម្ដេច?

អំណោយ​មួយ​ដ៏​ពិសេស

៣​. តើ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​តែង​តែ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

បុគ្គល​ដែល​នៅ​លីវ​តែង​តែ​មាន​ពេល​ច្រើន​ជាង ហើយ​មាន​សេរីភាព​ច្រើន​ជាង​បុគ្គល​ដែល​បាន​រៀប​ការ​ហើយ។ (​១កូ. ៧:​៣២​-​៣៥​) អ្វី​ៗ​ទាំង​នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​ពិសេស​ដែល​អាច​អនុញ្ញាត​ឲ្យ​គាត់​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ បើក​ចិត្ត​ទូលាយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ គ្រិស្ត​សាសនិក​មួយ​ចំនួន​ទទួល​ស្គាល់ ហើយ​ឲ្យ​តម្លៃ​ចំពោះ​ប្រយោជន៍​ដែល​មក​ពី​ការ​នៅ​លីវ ហើយ​បាន​សម្រេច​ចិត្ត ​«​ទទួល​យក​»​ភាព​នៅ​លីវ​នោះ​សូម្បី​តែ​មួយ​រយៈ​ពេល​ក៏​ដោយ។ អ្នក​ខ្លះ​ទៀត ដំបូង​ប្រហែល​មិន​បាន​គ្រោង​នៅ​លីវ​ទេ តែ​ពេល​ដែល​កាលៈទេសៈ​របស់​ពួក​គាត់​ផ្លាស់​ប្ដូរ ពួក​គាត់​បាន​អធិដ្ឋាន​ថែម​ទាំង​សញ្ជឹង​គិត​អំពី​ស្ថានភាព​របស់​ពួក​គាត់ ហើយ​បាន​ដឹង​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គាត់​បាន​តាំង​ចិត្ត​រឹង​មាំ។ ដូច្នេះ ពួក​គាត់​ទទួល​ស្គាល់​កាលៈទេសៈ​នោះ ហើយ​ទទួល​យក​ភាព​នៅ​លីវ។—១កូ. ៧:៣៧, ៣៨

៤​. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​អាច​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​តម្លៃ​ក្នុង​កិច្ច​បម្រើ​ព្រះ?

គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ដឹង​ថា​ពួក​គេ​មិន​ត្រូវ​រៀប​ការ ទើប​ព្រះ​យេហូវ៉ា​ឬ​អង្គការ​របស់​លោក​ទទួល​ស្គាល់ ហើយ​ឲ្យ​តម្លៃ​ពួក​គេ​នោះ​ទេ។ ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង​ម្នាក់​ៗ។ (​ម៉ាថ. ១០:២៩​-​៣១​) គ្មាន​អ្នក​ណា ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឡើយ។ (​រ៉ូម ៨:​៣៨, ៣៩​) ទោះ​ជា​យើង​បាន​រៀប​ការ​ហើយ​ឬ​នៅ​លីវ​ក្ដី យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​មាន​អារម្មណ៍​ថា​យើង​មាន​តម្លៃ​ក្នុង​កិច្ច​បម្រើ​ព្រះ។

៥​. ដើម្បី​ប្រើ​ភាព​នៅ​លីវ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត តើ​នេះ​តម្រូវ​ឲ្យ​មាន​អ្វី?

ក៏​ប៉ុន្តែ អំណោយ​នៃ​ភាព​នៅ​លីវ​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​ដើម្បី​ប្រើ​ភាព​នៅ​លីវ​នោះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត។ ដូច្នេះ សព្វ​ថ្ងៃ​នេះ ទោះ​ជា​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ជា​បង​ប្រុស​ឬ​បង​ស្រី ក្មេង​ឬ​ចាស់​ក្ដី ចង់​នៅ​លីវ​ឬ​នៅ​លីវ​ដោយ​សារ​កាលៈទេសៈ​ក្ដី តើ​តាម​របៀប​ណា​ដែល​ពួក​គេ​អាច​ប្រើ​ភាព​នៅ​លីវ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត? នៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នា​សម័យ​បុរាណ​មាន​គំរូ​ដែល​លើក​ទឹក​ចិត្ត ដូច្នេះ​ចូរ​យើង​ពិចារណា​គំរូ​ខ្លះ​ទាំង​នោះ ហើយ​ពិនិត្យ​មើល​ថា​យើង​អាច​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​គំរូ​នោះ។

នៅ​លីវ​ពេល​នៅ​ក្មេង

៦, ៧​. (​ក​) តើ​កូនក្រមុំ​របស់​ភីលីព​បាន​ទទួល​ឯកសិទ្ធិ​អ្វី​ក្នុង​កិច្ច​បម្រើ​ព្រះ? (​ខ​)​ តើ​តាម​របៀប​ណា​ដែល​ធីម៉ូថេ​បាន​ប្រើ​គ្រា​ដែល​គាត់​នៅ​លីវ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត? ហើយ​ដោយ​សារ​គាត់​សប្បាយ​ចិត្ត​បម្រើ​ព្រះ​ពេល​គាត់​នៅ​ក្មេង តើ​គាត់​បាន​ពរ​អ្វី?

ភីលីព​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ មាន​កូនក្រមុំ​បួន​នាក់​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ផ្សាយ​ដំណឹង​ល្អ​ដូច​គាត់។ (​សកម្ម. ២១:៨, ៩​) ការ​ប្រកាស​ទំនាយ​ជា​អំណោយ​មួយ​ក្នុង​ចំណោម​អំណោយ​ដ៏​អស្ចារ្យ​នៃ​សកម្មពល​បរិសុទ្ធ ហើយ​ស្ត្រី​វ័យ​ក្មេង​ទាំង​នេះ​បាន​ប្រើ​អំណោយ​នោះ​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​យ៉ូអែល ២:២៨, ២៩

ធីម៉ូថេ​ជា​យុវជន​ម្នាក់​ដែល​បាន​ប្រើ​ភាព​នៅ​លីវ​ឲ្យ​មាន​ប្រយោជន៍​ច្រើន។ តាំង​ពី​ធីម៉ូថេ​នៅ​ជា​ទារក​នៅ​ឡើយ អឺនីស​ជា​ម្ដាយ​គាត់​និង​ឡូអ៊ីស​ជា​ជីដូន​គាត់​បាន​បង្រៀន​គាត់​អំពី​«​ឯកសារ​បរិសុទ្ធ​នានា​»។ (​២ធី. ១:៥; ៣:១៤, ១៥​) ពួក​គាត់​ទំនង​ជា​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ក្នុង​អំឡុង​ទស្សនកិច្ច​លើក​ដំបូង​របស់​ប៉ូល​នៅ​ក្រុង​លីស្ដ្រា​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​គាត់ ប្រហែល​នៅ​ឆ្នាំ​៤៧ គ.ស.។ ពីរ​ឆ្នាំ​ក្រោយ​មក ក្នុង​អំឡុង​ទស្សនកិច្ច​លើក​ទី​២​របស់​ប៉ូល ធីម៉ូថេ​ប្រហែលជា​មាន​អាយុ​ជិត​២០​ឆ្នាំ​ឬ​ជាង​២០​ឆ្នាំ។ ថ្វី​បើ​ធីម៉ូថេ​នៅ​ក្មេង ហើយ​ទើប​នឹង​ចូល​ក្នុង​សេចក្ដី​ពិត​ក៏​ដោយ ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​លីស្ដ្រា​និង​ក្រុង​អ៊ីកូនាម​«​តែង​និយាយ​ល្អ​»​អំពី​គាត់។ (​សកម្ម. ១៦:១, ២​) ហេតុ​នេះ ប៉ូល​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ជា​សាសនទូត។ (​១ធី. ១:១៨; ៤:១៤​) យើង​មិន​អាច​និយាយ​យ៉ាង​ប្រាកដ​ថា​ធីម៉ូថេ​មិន​ដែល​បាន​រៀប​ការ​ឡើយ។ ប៉ុន្តែ​យើង​ដឹង​ថា​ពេល​គាត់​នៅ​ក្មេង គាត់​សប្បាយ​ចិត្ត​ទទួល​យក​ការ​អញ្ជើញ​របស់​ប៉ូល ហើយ​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​សប្បាយ​បម្រើ​ជា​សាសនទូត​និង​ជា​អ្នក​ត្រួត​ពិនិត្យ​ដែល​នៅ​លីវ។—ភី. ២:២០​-​២២

៨​. តើ​អ្វី​បាន​ជួយ​យ៉ូហាន​ម៉ាកុស​ឲ្យ​ខំ​សម្រេច​គោលដៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ? ហើយ​ដោយ​ធ្វើ​ដូច្នោះ តើ​គាត់​បាន​ទទួល​ពរ​អ្វី​ខ្លះ?

កាល​គាត់​នៅ​ក្មេង យ៉ូហាន​ម៉ាកុស​ក៏​បាន​ប្រើ​ភាព​នៅ​លីវ​របស់​គាត់​ឲ្យ​មាន​ប្រយោជន៍​ច្រើន​ដែរ។ គាត់​និង​ម៉ារៀ​ដែល​ជា​ម្ដាយ​គាត់​ព្រម​ទាំង​បាណាបាស​ដែល​ជា​បង​ប្អូន​ជីដូន​មួយ​គាត់​គឺជា​សមាជិក​ដំបូង​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម។ គ្រួសារ​របស់​ម៉ាកុស​ក៏​ប្រហែលជា​មាន​ជីវភាព​រស់​នៅ​សុខ​ស្រួល ពីព្រោះ​ពួក​គេ​មាន​ផ្ទះ​នៅ​ក្រុង ហើយ​មាន​អ្នក​បម្រើ​ម្នាក់។ (​សកម្ម. ១២:១២, ១៣​) ទោះ​ជា​គាត់​មាន​ស្ថានភាព​ល្អ​យ៉ាង​នេះ​ក្ដី តែ​ជា​យុវជន​ម្នាក់ ម៉ាកុស​មិន​រក​បំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ឬ​ក៏​មិន​គិតតែ​អំពី​ខ្លួន​គាត់​ប៉ុណ្ណោះ​ឡើយ។ គាត់​ក៏​មិន​ចង់​តែ​រៀប​ការ មាន​គ្រួសារ​មួយ ហើយ​មាន​ជីវភាព​សុខ​ស្រួល​ប៉ុណ្ណោះ​ដែរ។ ការ​សេពគប់​ដែល​គាត់​ធ្លាប់​មាន​ពី​ដើម​ជា​មួយ​ពួក​សាវ័ក​ទំនង​ជា​បាន​បណ្ដុះ​ឲ្យ​គាត់​មាន​ចិត្ត​ចង់​បម្រើ​ជា​សាសនទូត។ ហេតុ​នេះ គាត់​សប្បាយ​ចិត្ត​ចូល​រួម​ក្នុង​ដំណើរ​លើក​ទី​១​របស់​ប៉ូល​និង​បាណាបាស​ជា​សាសនទូត ហើយ​បាន​បម្រើ​ពួក​គាត់។ (​សកម្ម. ១៣:៥​) ក្រោយ​មក​គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​បាណាបាស ហើយ​ក្រោយ​មក​ទៀត យើង​ដឹង​ថា​គាត់​បាន​បម្រើ​ជា​មួយ​ពេត្រុស​នៅ​ក្រុង​បាប៊ីឡូន។ (​សកម្ម. ១៥:៣៩; ១ពេ. ៥:​១៣​) យើង​មិន​ដឹង​ថា​ម៉ាកុស​នៅ​លីវ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទេ។ ប៉ុន្តែ គាត់​មាន​កេរ្ដិ៍​ឈ្មោះ​ដ៏​ល្អ​ប្រសើរ​ជា​បុគ្គល​ម្នាក់​ដែល​ពេញ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត ហើយ​ចង់​បម្រើ​ព្រះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

៩, ១០​. សព្វ​ថ្ងៃ តើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​មាន​ឱកាស​ណាខ្លះ​ដើម្បី​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្លួន? សូម​លើក​ឧទាហរណ៍​មួយ។

សព្វ​ថ្ងៃ​នេះ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ក្នុង​ក្រុម​ជំនុំ​ក៏​សប្បាយ​ចិត្ត​ប្រើ​គ្រា​ដែល​ពួក​គេ​នៅ​លីវ​ដើម្បី​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ដូច​ម៉ាកុស​និង​ធីម៉ូថេ​ដែរ ពួក​គាត់​យល់​ថា​ភាព​នៅ​លីវ​របស់​ពួក​គេ​អនុញ្ញាត​ឲ្យ​ពួក​គេ​«​បម្រើ​លោក​ម្ចាស់​ជា​និច្ច​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍​»។ (​១កូ. ៧:៣៥​) ភាព​នៅ​លីវ​ពិត​ជា​ឱកាស​ដ៏​ល្អ​មែន។ មាន​ឱកាស​ល្អ​ជា​ច្រើន​ដូច​ជា​ត្រួស​ត្រាយ​ពេញ​ពេល បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង រៀន​ភាសា​បរទេស​មួយ ជួយ​សង់​សាល​ប្រជុំ​ឬ​ការិយាល័យ​សាខា ចូល​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ និង​បម្រើ​នៅ​បេតអែល។ បើ​ប្អូន​នៅ​ក្មេង​ឬ​មិន​ទាន់​រៀប​ការ​នៅ​ឡើយ តើ​ប្អូន​កំពុង​ប្រើ​ឱកាស​នេះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​ឬ​ទេ?

១០ បង​ប្រុស​ម្នាក់​ឈ្មោះ​ម៉ា​ក​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល កាល​ដែល​គាត់​មាន​អាយុ​ជិត​២០​ឆ្នាំ បាន​ចូល​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ ហើយ​បាន​ទទួល​ភារកិច្ច​ទៅ​បម្រើ​នៅ​កន្លែង​ផ្សេង​ៗ​នៅ​ពាស​ពេញ​ពិភព​លោក។ ដោយ​គិត​អំពី​កិច្ច​បម្រើ​ពេញ​ពេល​អស់​រយៈ​ពេល​២៥​ឆ្នាំ​មក​ហើយ គាត់​បាន​ស្រដី​ថា​៖ ​«​ខ្ញុំ​ព្យាយាម​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គេ ទៅ​ជួប​លើក​ទឹក​ចិត្ត​និង​ណែនាំ​ពួក​គេ អញ្ជើញ​ពួក​គេ​មក​បរិភោគ​អាហារ​នៅ​ផ្ទះ​ខ្ញុំ ហើយ​ថែម​ទាំង​បាន​រៀប​ចំ​ការ​ជួប​ជុំ​គ្នា​ក្នុង​បំណង​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ជំនុំ​ជិត​ស្និទ្ធ​គ្នា។ អ្វី​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ក្រៃ​លែង​»។ ដូច​បង​ប្រុស​ម៉ា​ក​បាន​រៀប​រាប់ អំណរ​ខ្លាំង​បំផុត​ក្នុង​ជីវិត​គឺ​បាន​មក​ពី​ការ​ឲ្យ​គេ ហើយ​ជីវិត​ដ៏​មមាញឹក​ក្នុង​កិច្ច​បម្រើ​ពិសិដ្ឋ​ផ្ដល់​ឱកាស​ជា​ច្រើន​ឲ្យ​យើង​ឲ្យ​អ្នក​ឯ​ទៀត។ (​សកម្ម. ២០:៣៥​) ទោះ​ជា​អ្នក​មាន​ចំណង់​ចំណូល​ចិត្ត មាន​ជំនាញ ឬ​មាន​បទ​ពិសោធន៍​បែប​ណា​ក្នុង​ជីវិត​ក៏​ដោយ បើ​សព្វ​ថ្ងៃ​នេះ អ្នក​ជា​មនុស្ស​វ័យ​ក្មេង អ្នក​មាន​អ្វី​ៗ​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​ក្នុង​កិច្ចការ​លោក​ម្ចាស់។—១កូ. ១៥:៥៨

១១​. ដោយ​សារ​ប្អូន​មិន​ប្រញាប់ប្រញាល់​រៀប​ការ តើ​ប្អូន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១១ ទោះ​ជា​ប្អូន​ៗ​វ័យ​ក្មេង​ភាគ​ច្រើន​ចង់​រៀប​ការ​នៅ​ពេល​អនាគត​ក៏​ដោយ តែ​មាន​មូលហេតុ​ជា​ច្រើន​ដែល​ពួក​គេ​មិន​គួរ​ប្រញាប់​ប្រញាល់​រៀប​ការ។ ប៉ូល​លើក​ទឹក​ចិត្ត​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​គិត​រៀប​ការ បើ​ពួក​គេ​«​មិន​ក្មេង​ពេក​»​ ព្រោះ​នៅ​ពេល​ពួក​គេ​នៅ​ក្មេង​ពេក ពួក​គេ​មាន​ចំណង់​តណ្ហា​ខ្លាំង​បំផុត។ (​១កូ. ៧:៣៦​) ប្អូន​ៗ​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ស្គាល់​អំពី​ខ្លួន​ប្អូន ហើយ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​ជីវិត​ដែល​ប្អូន​ត្រូវ​ការ​ដើម្បី​ជ្រើស​រើស​គូ​ដែល​សម​នឹង​ប្អូន។ ពាក្យ​សច្ចា​ក្នុង​អាពាហ៍ពិពាហ៍​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ដែល​ប្អូន​ត្រូវ​ធ្វើ​តាម​អស់​មួយ​ជីវិត។—សាស្ដ. ៥:២​-​៥

នៅ​លីវ​ឬ​នៅ​ម្នាក់​ឯង​ពេល​មាន​វ័យ​ចាស់

១២​. (​ក​) តើ​អាណា​ដែល​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​ស្ត្រី​មេម៉ាយ​បាន​ស៊ូ​ទ្រាំ​នឹង​ស្ថាន​ភាព​របស់​គាត់​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​គាត់​មាន​ឯកសិទ្ធិ​អ្វី?

១២ អាណា​ដែល​លូកា​បាន​រៀប​រាប់​ទំនង​ជា​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់ ពេល​ដែល​ប្ដី​គាត់​ស្លាប់​ភ្លាម​ៗ ក្រោយ​រៀប​ការ​បាន​៧​ឆ្នាំ។ យើង​មិន​ដឹង​ថា​ពួក​គាត់​មាន​ឬ​គ្មាន​កូន​ទេ ហើយ​មិន​ដឹង​ថា​អាណា​ធ្លាប់​គិត​រៀប​ការ​ម្ដង​ទៀត​ឡើយ។ ប៉ុន្តែ​គម្ពីរ​ចែង​ថា​ពេល​ដែល​អាណា​មាន​អាយុ​៨៤​ឆ្នាំ គាត់​នៅ​តែ​ជា​ស្ត្រី​មេម៉ាយ។ តាម​រយៈ​បទ​គម្ពីរ យើង​អាច​សន្និដ្ឋាន​ថា​អាណា​បាន​ប្រើ​គ្រា​ដែល​គាត់​នៅ​ជា​ស្ត្រី​មេម៉ាយ​ដើម្បី​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ គាត់​«​ពុំ​ដែល​ខាន​ទៅ​វិហារ​ឡើយ ក៏​បាន​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ​និង​អធិដ្ឋាន​អង្វរករ​»។ (​លូក. ២:៣៦, ៣៧​) ដូច្នេះ ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​គាត់។ នេះ​តម្រូវ​ឲ្យ​មាន​ការ​តាំង​ចិត្ត​និង​ការ​ព្យាយាម​ពិត​ប្រាកដ តែ​គាត់​បាន​រង្វាន់​ដ៏​វិសេស។ គាត់​មាន​ឯកសិទ្ធិ​ឃើញ​កុមារ​យេស៊ូ ហើយ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​អំពី​ការ​រំដោះ​ដែល​មេស្ស៊ី​នឹង​ធ្វើ​នៅ​ពេល​ឆាប់​ៗ​នោះ។—លូក. ២:៣៨

១៣​. (​ក​) តើ​អ្វី​បង្ហាញ​ថា​ដ័រកាស​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ក្រុម​ជំនុំ? (​ខ​)​ តើ​អំពើ​ល្អ​និង​សេចក្ដី​សប្បុរស​របស់​ដ័រកាស​នាំ​ឲ្យ​នាង​បាន​រង្វាន់​អ្វី?

១៣ ស្ត្រី​ម្នាក់​ឈ្មោះ​ដ័រកាស​ឬ​តាប៊ីថា​រស់​នៅ​ក្រុង​យ៉ុបប៉ា​ជា​កំពង់​ផែ​សមុទ្រ​នា​សម័យ​បុរាណ​ដែល​ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​កើត​ក្រុង​យេរូសាឡិម។ ដោយ​ហេតុ​ថា​គម្ពីរ​មិន​បាន​ចែង​អំពី​ប្ដី​នាង នៅ​ពេល​នោះ នាង​ទំនង​ជា​មិន​ទាន់​បាន​រៀប​ការ​ទេ។ ដ័រកាស​បាន​«​ធ្វើ​អំពើ​ល្អ​ជា​បរិបូរ​និង​ធ្វើ​ទាន​ជា​ច្រើន​»។ នាង​បាន​ដេរ​សម្លៀក​បំពាក់​ជា​ច្រើន​សម្រាប់​ពួក​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​និង​អ្នក​ឯ​ទៀត ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្រឡាញ់​នាង​ខ្លាំង​ណាស់។ ហេតុ​នេះ ពេល​នាង​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ៗ ហើយ​ស្លាប់ ក្រុម​ជំនុំ​ទាំង​មូល​បាន​ចាត់​គេ​ឲ្យ​ទៅ​អង្វរ​ពេត្រុស​ឲ្យ​មក​ប្រោស​បង​ស្រី​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ កាល​ដែល​ដំណឹង​ពី​ការ​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិញ​បាន​លេច​ឮ​ពេញ​ក្រុង​យ៉ុបប៉ា នោះ​មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ (​សកម្ម. ៩:​៣៦​-​៤២​) ដ័រកាស​ប្រហែលជា​រួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​ជួយ​អ្នក​ខ្លះ​ទាំង​នោះ​តាម​រយៈ​សេចក្ដី​សប្បុរស​ដ៏​អស្ចារ្យ​របស់​នាង។

១៤​. តើ​អ្វី​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​នៅ​លីវ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

១៤ សព្វ​ថ្ងៃ​ពេល​មាន​វ័យ​ចាស់ បង​ប្អូន​ច្រើន​នាក់​នៅ​តែ​នៅ​លីវ​ឬ​នៅ​តែ​ម្នាក់​ឯង ដូច​អាណា​និង​ដ័រកាស​ដែរ។ បង​ប្អូន​ខ្លះ​ប្រហែល​រក​មិន​បាន​គូ​ដែល​ស័ក្ដិសម។ បង​ប្អូន​ខ្លះ​ទៀត​លែង​លះ​គ្នា​ឬ​ប្ដី​ឬ​ប្រពន្ធ​ស្លាប់។ ដោយ​គ្មាន​គូ​ដើម្បី​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ឬ​នៅ​ម្នាក់​ឯង​តែង​តែ​រៀន​ឲ្យ​ចេះ​ពឹង​ផ្អែក​ខ្លាំង​ជាង​លើ​ព្រះ​យេហូវ៉ា។ (​សុភ. ១៦:៣​) ស៊ីលវៀ​ជា​បង​ស្រី​នៅ​លីវ​ម្នាក់​ដែល​បាន​បម្រើ​នៅ​បេតអែល​ជាង​៣៨​ឆ្នាំ​បាន​ចាត់​ទុក​ភាព​នៅ​លីវ​ជា​ពរ​មួយ។ គាត់​សារភាព​ថា​៖ ​«​ជួនកាល ខ្ញុំ​ត្រូវ​ការ​អ្នក​ឯ​ទៀត​ឲ្យ​លើក​ទឹក​ចិត្ត​ខ្ញុំ​ដែរ។ ខ្ញុំ​សួរ​ខ្លួន​ខ្ញុំ​ថា​‹តើ​អ្នក​ណា​នឹង​លើក​ទឹក​ចិត្ត​ខ្ញុំ?›​»។ ប៉ុន្តែ​គាត់​បន្ថែម​ពាក្យ​ថា​៖ ​«​ការ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​លើស​ជាង​ខ្ញុំ​ដឹង​ទៅ​ទៀត ជួយ​ខ្ញុំ​ឲ្យ​ចូល​ទៅ​ជិត​លោក។ ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​រាល់​ដង ជួនកាល​ពី​អ្នក​ដែល​ខ្ញុំ​មិន​បាន​រំពឹង​ថា​បាន​ទទួល​»។ ដូច្នេះ ពេល​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា លោក​តែង​តែ​ជួយ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​និង​តាម​របៀប​ដែល​ពង្រឹង​ទំនុក​ចិត្ត​យើង​ដែរ។

១៥​. តើ​តាម​របៀប​ណា​ដែល​គ្រិស្ត​សាសនិក​ដែល​មិន​ទាន់​រៀប​ការ​អាច​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ?

១៥ ភាព​នៅ​លីវ​ផ្ដល់​ឱកាស​មួយ​ដ៏​ពិសេស​ឲ្យ​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​សូម​អាន កូរិនថូសទី២ ៦:១១​-​១៣) សូឡែន​ជា​បង​ស្រី​នៅ​លីវ​ម្នាក់​ដែល​បាន​ចំណាយ​ពេល​អស់​៣៤​ឆ្នាំ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល ពោល​ថា​៖ ​«​ខ្ញុំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​មិន​ត្រឹម​តែ​ជា​មួយ​មនុស្ស​ដែល​មាន​វ័យ​ស្រករ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ជា​មួយ​មនុស្ស​គ្រប់​ប្រភេទ។ ភាព​នៅ​លីវ​ពិត​ជា​ឱកាស​មួយ​ដើម្បី​ឲ្យ​ដល់​ព្រះ​យេហូវ៉ា គ្រួសារ​យើង​និង​បង​ប្អូន​ប្រុស​ស្រី​រួម​ជំនឿ​របស់​យើង ព្រម​ទាំង​អ្នក​ជិត​ខាង​យើង​ដែរ។ កាល​ដែល​ខ្ញុំ​កាន់​តែ​ចាស់ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​សប្បាយ​អំពី​ភាព​នៅ​លីវ​របស់​ខ្ញុំ​»។ មនុស្ស​វ័យ​ចាស់ ជន​ពិការ ឪពុក​ឬ​ម្ដាយ​ដែល​គ្មាន​គូ មនុស្ស​វ័យ​ក្មេង​និង​អ្នក​ទៀត​ប្រាកដជា​ដឹង​គុណ​ចំពោះ​ការ​គាំទ្រ​ដោយ​ឥត​គិត​អំពី​ប្រយោជន៍​ខ្លួន​ដែល​ពួក​អ្នក​នៅ​លីវ​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ ពិត​មែន ពេល​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត យើង​មាន​អារម្មណ៍​ល្អ​ជាង​ចំពោះ​ខ្លួន​យើង។ តើ​អ្នក​អាច​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ដែរ​ឬ​ទេ?

នៅ​លីវ​មួយ​ជីវិត

១៦​. (​ក​) ហេតុ​អ្វី​លោក​យេស៊ូ​នៅ​លីវ​មួយ​ជីវិត? (​ខ​)​ តើ​តាម​របៀប​ណា​ដែល​ប៉ូល​បាន​ប្រើ​ភាព​នៅ​លីវ​របស់​គាត់​ឲ្យ​មាន​ប្រយោជន៍?

១៦ លោក​យេស៊ូ​មិន​បាន​រៀប​ការ​ទេ លោក​ត្រូវ​ត្រៀម​លក្ខណៈ ហើយ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ដែល​លោក​បាន​ទទួល។ លោក​បាន​ធ្វើ​ដំណើរ​ច្រើន​ណាស់ បាន​ធ្វើ​ការ​តាំង​ពី​ព្រលឹម​ដល់​យប់​ជ្រៅ ហើយ​នៅ​ទី​បំផុត​បាន​លះ​បង់​ជីវិត​ទុក​ជា​គ្រឿង​បូជា។ ភាព​នៅ​លីវ​បាន​ជួយ​លោក​ឲ្យ​សម្រេច​កិច្ច​ការ​នេះ។ សាវ័ក​ប៉ូល​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូម៉ែត្រ ហើយ​បាន​ប្រឈម​មុខ​នឹង​ការ​លំបាក​ធំ​ៗ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​២កូ. ១១:២៣​-​២៧​) ទោះ​ជា​ពី​មុន​ប៉ូល​ប្រហែលជា​ធ្លាប់​បាន​រៀប​ការ​ក៏​ដោយ គាត់​បាន​សម្រេច​ចិត្ត​រស់​នៅ​តែ​ម្នាក់​ឯង​ក្រោយ​ពី​គាត់​បាន​ត្រូវ​តែង​តាំង​ជា​សាវ័ក។ (​១កូ. ៧:៧; ៩:៥​) ដើម្បី​កិច្ច​បម្រើ​ផ្សាយ ទាំង​លោក​យេស៊ូ ទាំង​ប៉ូល​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់ បើ​អាច​ធ្វើ​បាន។ ក៏​ប៉ុន្តែ ពួក​គាត់​មិន​តម្រូវ​ឲ្យ​គេ​នៅ​លីវ​ទើប​អាច​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ​បាន​នោះ​ទេ។—១ធី. ៤:១​-​៣

១៧​. សព្វ​ថ្ងៃ តើ​អ្នក​ខ្លះ​បាន​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​យេស៊ូ​និង​ប៉ូល​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដឹង​គុណ​ពួក​អ្នក​ដែល​បាន​លះ​បង់​ប្រយោជន៍​ខ្លួន?

១៧ ដូច​គ្នា​ដែរ សព្វ​ថ្ងៃ អ្នក​ខ្លះ​បាន​សម្រេច​ចិត្ត​នៅ​លីវ​ដើម្បី​ពួក​គេ​អាច​បំពេញ​កិច្ច​បម្រើ​ផ្សាយ​បាន​ប្រសើរ​ជាង។ បង​ប្រុស​ហារ៉ូល​ដែល​បាន​រៀប​រាប់​ខាង​លើ បាន​បម្រើ​នៅ​បេតអែល​ជាង​៥៦​ឆ្នាំ។ គាត់​មាន​វាចា​ថា​៖ ​«​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​នៅ​បេតអែល​បាន​១០​ឆ្នាំ ខ្ញុំ​សង្កេត​ឃើញ​ថា​គូ​ស្វាមីភរិយា​ជា​ច្រើន​បាន​ឈប់​រស់​នៅ​បេតអែល​ត​ទៅ​ទៀត ដោយ​សារ​មាន​ជំងឺ​ឬ​ត្រូវ​ថែ​រក្សា​ឪពុក​ម្ដាយ​ដែល​ចាស់​ជរា។ ឪពុក​ម្ដាយ​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​ស្លាប់​អស់​ហើយ។ ប៉ុន្តែ ខ្ញុំ​ស្រឡាញ់​បេតអែល​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​មិន​ចង់​ប្រថុយ​បាត់បង់​ឯកសិទ្ធិ​នោះ​ដោយ​រៀប​ការ​ឡើយ​»។ ស្រដៀង​គ្នា​ដែរ ច្រើន​ឆ្នាំ​មុន អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​យូរ​ឆ្នាំ​ហើយ​ឈ្មោះ​ម៉ាហ្គារ៉េត​បាន​សង្កេត​ឃើញ​ថា​៖ ​«​ខ្ញុំ​មាន​ឱកាស​ជា​ច្រើន​ដើម្បី​រៀប​ការ ប៉ុន្តែ​ខ្ញុំ​ជាប់​រវល់​ខ្លាំង​ដល់​ម្ល៉េះ​ក្នុង​កិច្ចការ​ត្រួស​ត្រាយ​បាន​ជា​ខ្ញុំ​គ្មាន​ពេល​រៀប​ការ។ ផ្ទុយ​ទៅ​វិញ ដោយ​សារ​ខ្ញុំ​នៅ​លីវ ខ្ញុំ​អាច​ប្រើ​សេរីភាព​នោះ​ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​មមាញឹក ហើយ​នេះ​នាំ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​ក្រៃ​លែង​»។ ពិត​មែន ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​គុណ​អ្នក​ណា​ម្នាក់​ដែល​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ។—សូម​អាន អេសាយ ៥៦:៤, ៥

ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បំផុត​ពី​ស្ថានភាព​របស់​អ្នក

១៨​. តើ​អ្នក​ឯ​ទៀត​អាច​លើក​ទឹក​ចិត្ត​និង​គាំទ្រ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​យ៉ាង​ដូច​ម្ដេច?

១៨ គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​មិន​ទាន់​រៀប​ការ​ដែល​កំពុង​ខំ​អស់ពី​សមត្ថភាព​ខ្លួន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​សម​ទទួល​ការ​សរសើរ​ដ៏​ស្មោះ​និង​ការ​លើក​ទឹក​ចិត្ត​ពី​យើង។ យើង​ស្រឡាញ់​ពួក​គាត់​ម្នាក់​ៗ យើង​ទទួល​ស្គាល់​គុណ​សម្បត្ដិ​របស់​ពួក​គាត់ ហើយ​យើង​ដឹង​គុណ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គាត់​បាន​ធ្វើ​នៅ​ក្នុង​ក្រុម​ជំនុំ។ ពួក​គាត់​នឹង​មិន​មាន​អារម្មណ៍​កណ្ដោចកណ្ដែង​ទេ បើ​យើង​ពិត​ជា​ក្លាយ​ទៅ​ជា​«​បង​ប្អូន​ប្រុស​ស្រី និង​ម្ដាយ និង​កូន​»​រួម​ជំនឿ​របស់​ពួក​គាត់។—សូម​អាន ម៉ាកុស ១០:២៨​-​៣០

១៩​. តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រើ​ភាព​នៅ​លីវ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត?

១៩ ទោះ​ជា​អ្នក​ចង់​នៅ​លីវ​ឬ​នៅ​លីវ​ដោយ​សារ​កាលៈទេសៈ​ក្ដី សូម​ឲ្យ​គំរូ​ទាំង​នេះ​នៅ​សម័យ​គម្ពីរ​និង​នៅ​សម័យ​យើង​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ថា អ្នក​អាច​មាន​ជីវិត​ដ៏​សប្បាយ​និង​ដែល​មាន​ប្រយោជន៍។ អំណោយ​ខ្លះ​យើង​រង់​ចាំ​ទទួល រីឯ​អំណោយ​ខ្លះ​ទៀត​យើង​មិន​រំពឹង​ថា​នឹង​ទទួល​ទេ។ អំណោយ​ខ្លះ​យើង​ចាត់​ទុក​ភ្លាម​ៗ​ថា​មាន​តម្លៃ ចំណែក​ឯ​អំណោយ​ខ្លះ​ទៀត ច្រើន​ឆ្នាំ​ក្រោយ​មក​ទើប​យើង​ឲ្យ​តម្លៃ​វា។ នេះ​ភាគ​ច្រើន អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត​របស់​យើង។ តើ​អ្នក​អាច​ប្រើ​គ្រា​ដែល​អ្នក​នៅ​លីវ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​យ៉ាង​ដូច​ម្ដេច? ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​អ្នក​ឯ​ទៀត។ ដូច​អាពាហ៍ពិពាហ៍​ដែរ ភាព​នៅ​លីវ​នាំ​ឲ្យ​យើង​គាប់​ចិត្ត កាល​ណា​យើង​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​រឿង​នេះ ហើយ​ប្រើ​អំណោយ​នោះ​ឲ្យ​មាន​ប្រយោជន៍។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​តាម​របៀប​ណា​ដែល​ភាព​នៅ​លីវ​ជា​អំណោយ​មួយ?

• តើ​ភាព​នៅ​លីវ​ក្នុង​យុវវ័យ​អាច​នាំ​ឲ្យ​អ្នក​មាន​ពរ​យ៉ាង​ដូច​ម្ដេច?

• តើ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​មាន​ឱកាស​អ្វី​ខ្លះ​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២០​]

តើ​ប្អូន​ៗ​កំពុង​ទាញ​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បំផុត​ពី​ឱកាស​ដែល​ប្អូន​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ?