លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សកម្មពលបរិសុទ្ធផ្ដល់កម្លាំងឲ្យយើងយកឈ្នះការល្បួងនិងការធ្លាក់ទឹកចិត្ដ

សកម្មពលបរិសុទ្ធផ្ដល់កម្លាំងឲ្យយើងយកឈ្នះការល្បួងនិងការធ្លាក់ទឹកចិត្ដ

សកម្មពល​បរិសុទ្ធ​ផ្ដល់​កម្លាំង​ឲ្យ​យើង​យក​ឈ្នះ​ការ​ល្បួង​និង​ការ​ធ្លាក់​ទឹក​ចិត្ត

​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​»។—សកម្ម. ១:៨

១, ២​. តើ​ជំនួយ​អ្វី​ដែល​លោក​យេស៊ូ​បាន​សន្យា​នឹង​ពួក​អ្នក​កាន់​តាម​លោក? ហើយ​ហេតុ​អ្វី​ពួក​គេ​ត្រូវ​ការ​ជំនួយ​នោះ?

លោក​យេស៊ូ​បាន​ដឹង​ថា​ពួក​អ្នក​កាន់​តាម​លោក​មិន​អាច​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បង្គាប់​ពួក​គេ​ឲ្យ​ធ្វើ​ដោយ​ពឹង​លើ​កម្លាំង​របស់​ពួក​គេ​ឡើយ។ ដោយ​គិត​អំពី​ទំហំ​នៃ​កិច្ចការ​ផ្សព្វ​ផ្សាយ កម្លាំង​នៃ​ពួក​អ្នក​ប្រឆាំង​និង​ភាព​ទន់​ខ្សោយ​របស់​ពួក​អ្នក​កាន់​តាម​លោក គឺ​ច្បាស់​ណាស់​ដែល​ពួក​គេ​ត្រូវ​ការ​ឫទ្ធានុភាព​លើស​ពី​ធម្មតា។ ហេតុ​នេះ បន្ដិច​មុន​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។—សកម្ម. ១:៨

សេចក្ដី​សន្យា​នោះ​ចាប់​ផ្ដើម​សម្រេច​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​នា​ឆ្នាំ​៣៣ គ.ស. ពេល​សកម្មពល​បរិសុទ្ធ​បាន​ផ្ដល់​កម្លាំង​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​ផ្សព្វ​ផ្សាយ​ពេញ​ក្រុង​យេរូសាឡិម។ គ្មាន​ការ​ប្រឆាំង​ណា​អាច​បញ្ឈប់​កិច្ច​ផ្សព្វ​ផ្សាយ​បាន​ទេ។ (​សកម្ម. ៤:២០​) ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ​ដែល​រួម​ទាំង​យើង​ផង​ដែរ ត្រូវ​ការ​ជា​បន្ទាន់​នូវ​កម្លាំង​ដដែល​នោះ​ពី​ព្រះ​«​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។—ម៉ាថ. ២៨:២០

៣​. តើ​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ខ្លះ?

លោក​យេស៊ូ​បាន​សន្យា​ពួក​អ្នក​កាន់​តាម​លោក​ថា​‹ពួក​គេ​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​ពួក​គេ›។ ឫទ្ធានុភាព​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​អ្នក​បម្រើ​របស់​លោក​តាម​រយៈ​សកម្មពល​បរិសុទ្ធ បាន​ឲ្យ​យើង​ម្នាក់​ៗ​មាន​សមត្ថភាព​ធ្វើ​តាម​ការ​ប្រគល់​ខ្លួន​របស់​យើង​ជូន​ព្រះ ហើយ​នៅ​ពេល​ដែល​ចាំ​បាច់ ឲ្យ​យើង​មាន​សមត្ថភាព​ទប់​ទល់​នឹង​ឥទ្ធិពល​អាក្រក់​ដែល​ជះ​មក​លើ​យើង។—សូម​អាន មីកា ៣:៨; កូឡុស ១:២៩

៤​. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី? ហើយ​ហេតុ​អ្វី?

តើ​ឫទ្ធានុភាព​ដែល​ព្រះ​ឲ្យ​យើង​តាម​រយៈ​សកម្មពល​បរិសុទ្ធ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​យ៉ាង​ដូច​ម្ដេច? ក្រោម​ឥទ្ធិពល​នៃ​សកម្មពល​នោះ តើ​យើង​អាច​មាន​ការ​ប្រព្រឹត្ត​ឬ​ប្រតិកម្ម​បែប​ណា? កាល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​ដោយ​ស្មោះ​ត្រង់ យើង​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ដែល​បណ្ដាល​មក​ពី​សាថាន របៀប​របប​របស់​វា ឬ​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង។ ជា​ការ​សំខាន់​ដែល​យើង​យក​ឈ្នះ​ឧបសគ្គ​បែប​នេះ​ដើម្បី​ព្យាយាម​រក្សា​ខ្លួន​ជា​គ្រិស្ត​សាសនិក បំពេញ​កិច្ច​បម្រើ​ផ្សាយ​ឲ្យ​បាន​ទៀង​ទាត់​និង​ដើម្បី​រក្សា​ចំណង​មេត្រី​ភាព​ដ៏​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។ ចូរ​យើង​ពិចារណា​អំពី​របៀប​ដែល​សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ល្បួង ការ​អស់​កម្លាំង​និង​ការ​ធ្លាក់​ទឹក​ចិត្ត។

យក​ឈ្នះ​ការ​ល្បួង

៥​. តើ​តាម​របៀប​ណា​ដែល​ការ​អធិដ្ឋាន​ផ្ដល់​កម្លាំង​ឲ្យ​យើង?

លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ តែ​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេកំណាច​វិញ​»។ (​ម៉ាថ. ៦:១៣​) ព្រះ​យេហូវ៉ា​នឹង​មិន​បោះបង់​ចោល​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ដែល​អធិដ្ឋាន​សុំ​ដូច្នេះ​ឡើយ។ នៅ​ពេល​មួយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដជា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។ (​លូក. ១១:​១៣​) ការ​ដែល​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ឲ្យ​យើង​នូវ​សកម្មពល​របស់​លោក​ដែល​ជា​ជំនួយ​ដ៏​ខ្លាំងក្លា​ដើម្បី​យើង​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ពិត​ជា​ពង្រឹង​ទំនុក​ចិត្ត​យើង​មែន! នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​យើង​ឲ្យ​រួច​ពី​ការ​ល្បួង​ទេ។ (​១កូ. ១០:១៣​) ប៉ុន្តែ ពេល​យើង​ប្រឈម​មុខ​នឹង​ការ​ល្បួង នេះ​ជា​ពេល​ដែល​យើង​ត្រូវ​អធិដ្ឋាន​កាន់​តែ​ខ្លាំង​ឡើង។—ម៉ាថ. ២៦:៤២

៦​. តើ​លោក​យេស៊ូ​បាន​ឆ្លើយ​តប​នឹង​ការ​ល្បួង​របស់​សាថាន​ដោយ​ផ្អែក​លើ​អ្វី?

ពេល​លោក​យេស៊ូ​ឆ្លើយ​តប​ទៅ​នឹង​ការ​ល្បួង​របស់​មេកំណាច លោក​បាន​លើក​បទ​គម្ពីរ។ លោក​យេស៊ូ​ចាំ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ច្បាស់ ពេល​លោក​ឆ្លើយ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា . . . បទ​គម្ពីរ​ចែង​ទៀត​ថា . . . នែ! សាថាន! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ពីព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ›​»។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​បដិសេធ​អ្វី​ៗ​ទាក់​ទាញ​ចិត្ត​ដែល​មេ​ល្បួង​បាន​បង្ហាញ​លោក។ (​ម៉ាថ. ៤:១​-​១០​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ទប់​ទល់​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​ការ​ល្បួង សាថាន​បាន​ចេញ​ពី​លោក​ទៅ។

៧​. តើ​តាម​របៀប​ណា​ដែល​គម្ពីរ​ជួយ​យើង​ឲ្យ​ទប់​ទល់​ការ​ល្បួង?

ដោយ​ហេតុ​ថា​លោក​យេស៊ូ​បាន​ពឹង​ផ្អែក​លើ​បទ​គម្ពីរ​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង​របស់​មេកំណាច យើង​ពិត​ជា​គួរ​ធ្វើ​ដូច្នេះ​ដែរ! ប្រាកដ​ហើយ ដើម្បី​យើង​អាច​ទប់​ទល់​មេកំណាច​ព្រម​ទាំង​ភ្នាក់ងារ​របស់​វា ដំបូង​យើង​ត្រូវ​តាំង​ចិត្ត​ស្គាល់​ខ្នាត​តម្រា​របស់​ព្រះ ហើយ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​នោះ​ទាំង​ស្រុង។ មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​កាល​ដែល​ពួក​គេ​សិក្សា​គម្ពីរ ហើយ​បាន​យល់ ព្រម​ទាំង​ឲ្យ​តម្លៃ​ប្រាជ្ញា​និង​សេចក្ដី​សុចរិត​របស់​ព្រះ។ ពិត​មែន ​«​បណ្ដាំ​របស់​ព្រះ​»​មាន​ឫទ្ធានុភាព​បង្ហាញ​ឲ្យ​ឃើញ​«​គំនិត​និង​បំណង​ចិត្ត​»។ (​ហេ. ៤:១២​) កាល​ណា​យើង​កាន់​តែ​អាន ហើយ​រំពឹង​គិត​អំពី​បទ​គម្ពីរ នោះ​យើង​កាន់​តែ​មាន​‹គំនិត​វាង​វៃ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ​យេហូវ៉ា›។ (​ដាន. ៩:១៣​) ហេតុ​នេះ ជា​ការ​ល្អ​ឲ្យ​យើង​រំពឹង​គិត​អំពី​បទ​គម្ពីរ​ដែល​ទាក់​ទិន​នឹង​ភាព​ទន់​ខ្សោយ​ជាក់​លាក់​ណា​មួយ​របស់​យើង។

៨​. តើ​យើង​អាច​ទទួល​បាន​នូវ​សកម្មពល​បរិសុទ្ធ​តាម​រយៈ​អ្វី?

លោក​យេស៊ូ​អាច​ទប់​ទល់​ការ​ល្បួង​បាន ដោយ​សារ​លោក​មិន​ត្រឹម​តែ​ស្គាល់​បទ​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​«​ពេញ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​»។ (​លូក. ៤:១​) ដើម្បី​មាន​កម្លាំង​និង​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​នេះ យើង​ត្រូវ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​ទាញ​យក​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​របៀប​ដែល​លោក​ឲ្យ​សកម្មពល​បរិសុទ្ធ​ដល់​យើង ដូច​ជា​ការ​សិក្សា​គម្ពីរ ការ​អធិដ្ឋាន​និង​ការ​សេពគប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ (​យ៉ា. ៤:៧, ៨​) បង​ប្អូន​ជា​ច្រើន​នាក់​បាន​យល់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ជាប់​រវល់​ក្នុង​កិច្ចការ​របស់​គ្រិស្ត​សាសនិក ដែល​ជួយ​ពួក​គាត់​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​លើក​ទឹក​ចិត្ត​ដែល​មក​ពី​ការ​បម្រើ​ព្រះ។

៩, ១០​. (​ក​) តើ​ការ​ល្បួង​ណាខ្លះ​ដែល​មាន​ជា​ធម្មតា​ក្នុង​តំបន់​អ្នក? (​ខ​) តើ​តាម​របៀប​ណា​ដែល​ការ​សញ្ជឹង​គិត​និង​ការ​អធិដ្ឋាន​អាច​ផ្ដល់​កម្លាំង​ដល់​អ្នក​ឲ្យ​យក​ឈ្នះ​ការ​ល្បួង សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​អស់​កម្លាំង​ក៏​ដោយ?

តើ​អ្នក​ត្រូវ​ទប់​ទល់​ការ​ល្បួង​ណាខ្លះ? តើ​អ្នក​ធ្លាប់​មាន​ការ​ល្បួង​ឲ្យ​ចែចង់​អ្នក​ណា​ម្នាក់​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​ឬ​ទេ? បើ​អ្នក​មិន​ទាន់​រៀប​ការ​ទេ តើ​អ្នក​ធ្លាប់​មាន​ចិត្ត​ចង់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​អ្នក​មិន​ជឿ​ឬ​ទេ? ពេល​មើល​ទូរទស្សន៍​ឬ​ប្រើ​អ៊ីនធឺណិត ប្រហែល​ស្រាប់​តែ​មាន​អ្វី​ដែល​ទាក់​ទាញ​អ្នក​ឲ្យ​មើល​អ្វី​ដែល​អាក្រក់ នៅ​ពេល​នោះ​តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា? ជា​ការ​ល្អ​ឲ្យ​អ្នក​សញ្ជឹង​គិត​ថា​អំពើ​ខុស​ឆ្គង​មួយ​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មួយ​ទៀត ហើយ​បន្ទាប់​មក​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ។ (​យ៉ា. ១:១៤, ១៥​) សូម​គិត​ថា​អំពើ​មិន​ស្មោះ​ត្រង់​មួយ​អាច​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា ក្រុម​ជំនុំ​និង​គ្រួសារ​របស់​អ្នក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ណា។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រក្សា​ភក្ដីភាព​ចំពោះ​គោល​ការណ៍​របស់​ព្រះ អ្នក​អាច​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ (​សូម​អាន ទំនុកតម្កើង ១១៩:៣៧; សុភាសិត ២២:​៣) កាល​ណា​អ្នក​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​បែប​នេះ ចូរ​តាំង​ចិត្ត​អធិដ្ឋាន​សូម​កម្លាំង​ពី​ព្រះ​ដើម្បី​ទប់​ទល់​ការ​ល្បង​ល​នោះ។

១០ មាន​ចំណុច​មួយ​ទៀត​ដែល​យើង​ត្រូវ​ចាំ​អំពី​ការ​ល្បួង​របស់​សាថាន។ វា​បាន​មក​ជួប​លោក​យេស៊ូ បន្ទាប់​ពី​លោក​បាន​តម​អាហារ​អស់​៤០​ថ្ងៃ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ មេកំណាច​ច្បាស់​ជា​គិត​ថា​នេះ​ជា​«​ឱកាស​ល្អ​»​មួយ​ដើម្បី​ល្បង​ល​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​លោក​យេស៊ូ។ (​លូក. ៤:១៣​) សាថាន​ក៏​រក​ឱកាស​ល្អ​ដើម្បី​ល្បង​ល​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង​ដែរ។ ដូច្នេះ សំខាន់​បំផុត​ឲ្យ​យើង​រក្សា​ខ្លួន​ឲ្យ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា។ សាថាន​តែង​តែ​វាយ​ប្រហារ​កាល​ណា​វា​ឃើញ​អ្នក​ដែល​ជា​គោលដៅ​របស់​វា​កំពុង​ទន់​ខ្សោយ​បំផុត។ ដូច្នេះ កាល​ណា​យើង​អស់​កម្លាំង​ឬ​ធ្លាក់​ទឹក​ចិត្ត យើង​គួរ​តាំង​ចិត្ត​លើស​ជាង​ពេល​ណា​ទាំង​អស់​ដើម្បី​សុំ​ព្រះ​យេហូវ៉ា​នូវ​ជំនួយ​ដែល​ការពារ​យើង​និង​សុំ​សកម្មពល​បរិសុទ្ធ។—២កូ. ១២:៨​-​១០

យក​ឈ្នះ​ការ​អស់​កម្លាំង​និង​ការ​ធ្លាក់​ទឹក​ចិត្ត

១១, ១២​. (​ក​) សព្វ​ថ្ងៃ ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ធ្លាក់​ទឹក​ចិត្ត? (​ខ​)​ តើ​អ្វី​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ទប់​ទល់​ការ​ធ្លាក់​ទឹក​ចិត្ត?

១១ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជួនកាល​យើង​ធ្លាក់​ទឹក​ចិត្ត។ នេះ​ជា​ការ​ពិត ជា​ពិសេស​សព្វ​ថ្ងៃ​នេះ ពីព្រោះ​គ្រា​ដែល​យើង​រស់​នៅ​ជា​គ្រា​ដែល​មាន​ការ​តាន​តឹង​ចិត្ត​ខ្លាំង។ យើង​កំពុង​ឆ្លង​កាត់​គ្រា​ដែល​ប្រហែលជា​គ្រា​ពិបាក​បំផុត​ដែល​មនុស្ស​ជាតិ​មិន​ធ្លាប់​ឆ្លង​កាត់។ (​២ធី. ៣:១​-​៥​) កាល​ដែល​សង្គ្រាម​ហា​ម៉ា​គេ​ដូន​ជិត​មក​ដល់ ការ​គាបសង្កត់​ខាង​សេដ្ឋកិច្ច ខាង​ផ្លូវ​ចិត្ត និង​ការ​គាបសង្កត់​ឯ​ទៀត​មាន​កាន់​តែ​ច្រើន​ឡើង។ ដូច្នេះ​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ​ដោយ​ឃើញ​អ្នក​ខ្លះ​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ថែ​ទាំ​និង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្លួន។ ពួក​គេ​អស់​កម្លាំង ល្វើយ​ខ្លាំង ហើយ​បាក់កម្លាំង​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត។ បើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​បែប​នេះ តើ​អ្នក​អាច​ពុះ​ពារ​យ៉ាង​ដូច​ម្ដេច​បាន?

១២ សូម​ចាំ​ថា​លោក​យេស៊ូ​បាន​ធានា​ពួក​អ្នក​កាន់​តាម​លោក​ថា​លោក​នឹង​ឲ្យ​អ្នក​ជួយ​ម្នាក់​ដល់​ពួក​គេ ពោល​គឺ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (​សូម​អាន យ៉ូហាន ១៤:១៦, ១៧) សកម្មពល​នេះ​ជា​កម្លាំង​ដ៏​ខ្លាំង​បំផុត​ក្នុង​សកលលោក។ ដោយ​មាន​សកម្មពល​នេះ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​«​ហួស​»​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ។ (​អេភ. ៣:២០​) ដោយ​ពឹង​ផ្អែក​លើ​សកម្ម​ពល​នោះ សាវ័ក​ប៉ូល​បាន​ស្រដី​ថា​យើង​ទទួល​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ ទោះ​ជា​យើង​«​ត្រូវ​គេ​គាបសង្កត់​នៅ​គ្រប់​ច្រកល្ហក​»​ក៏​ដោយ។ (​២កូ. ៤:៧, ៨​) ព្រះ​យេហូវ៉ា​មិន​សន្យា​ថា​លោក​ដក​ការ​តាន​តឹង​ចិត្ត​ចេញ​ទេ តែ​លោក​ធានា​យើង​ថា តាម​រយៈ​សកម្មពល​របស់​លោក លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ប្រឈម​មុខ​ការ​តាន​តឹង​ចិត្ត​នោះ។—ភី. ៤:១៣

១៣​. (​ក​) តើ​តាម​របៀប​ណា​ដែល​ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​បាន​ទទួល​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក​មួយ? (​ខ​)​ តើ​អ្នក​ដឹង​ឧទាហរណ៍​ស្រដៀង​គ្នា​នេះ​ឬ​ទេ?

១៣ សូម​ពិចារណា​អំពី​ឧទាហរណ៍​របស់​ស្តេផានី​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ម្នាក់​អាយុ​១៩​ឆ្នាំ។ ពេល​គាត់​មាន​អាយុ​១២​ឆ្នាំ គាត់​មាន​ជំងឺ​ដាច់​សរសៃ​ខួរ​ក្បាល ហើយ​ការ​វិនិច្ឆ័យ​រោគ​បាន​ឲ្យ​ដឹង​ថា​គាត់​មាន​ជំងឺ​មហារីក​ខួរ​ក្បាល។ តាំង​ពី​នោះ​មក គាត់​ទទួល​ការ​វះ​កាត់​ពីរ​ដង ទទួល​ការ​ព្យាបាល​ដោយ​កាំរស្មី ហើយ​រង​ការ​ដាច់​សរសៃ​ខួរ​ក្បាល​ពីរ​ដង​ទៀត​ដែល​ធ្វើ​ឲ្យ​ខ្លួន​នាង​ខាង​ឆ្វេង​កម្រើក​បាន​តែ​បន្ដិច​បន្តួច ហើយ​មើល​មិន​ច្បាស់។ ស្តេផានី​ត្រូវ​សំចៃ​កម្លាំង​ទុក​សម្រាប់​កិច្ចការ​ដែល​គាត់​ចាត់​ទុក​ថា​សំខាន់​ជាង ដូច​ជា​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​និង​កិច្ច​ផ្សព្វ​ផ្សាយ។ ក៏​ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថាស​កម្ម​ពល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​តាម​របៀប​ជា​ច្រើន។ បទ​ពិសោធន៍​ផ្សេង​ៗ​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​ចុះ​ក្នុង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ បាន​លើក​ទឹក​ចិត្ត​គាត់ ពេល​គាត់​ធ្លាក់​ទឹក​ចិត្ត។ បង​ប្អូន​ប្រុស​ស្រី​បាន​គាំទ្រ​គាត់​ដោយ​ផ្ញើ​សំបុត្រ​មក​គាត់​ឬ​ដោយ​និយាយ​លើក​ទឹក​ចិត្ត​គាត់​មុន​និង​ក្រោយ​កិច្ច​ប្រជុំ។ មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ក៏​បាន​បង្ហាញ​ការ​ដឹង​គុណ​ដែរ​ចំពោះ​អ្វី​ដែល​ស្តេផានី​បង្រៀន​ពួក​គេ​ដោយ​ទៅ​ផ្ទះ​គាត់​ដើម្បី​ទទួល​ការ​ណែនាំ​ពី​គម្ពីរ។ ស្តេផានី​មាន​អារម្មណ៍​ថា​គាត់​ជំពាក់​គុណ​ព្រះ​យេហូវ៉ា​ច្រើន​ណាស់​ចំពោះ​អ្វី​ៗ​ទាំង​អស់​នេះ។ បទ​គម្ពីរ​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ​គឺ​ទំនុកតម្កើង ៤១:៣ ដែល​គាត់​ជឿ​ជាក់​ថា​ត្រូវ​នឹង​ករណី​របស់​គាត់។

១៤​. តើ​យើង​មិន​ត្រូវ​ធ្វើ​អ្វី​កាល​ណា​យើង​ធ្លាក់​ទឹក​ចិត្ត? ហើយ​ហេតុ​អ្វី?

១៤ ពេល​ដែល​យើង​អស់​កម្លាំង​ឬ​រង​ការ​គាបសង្កត់ យើង​មិន​ត្រូវ​គិត​សោះ​ថា​យើង​ត្រូវ​កាត់​បន្ថយ​សកម្មភាព​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ​ទើប​អាច​ស៊ូ​ទ្រាំ​នឹង​ការ​តាន​តឹង​ចិត្ត​បាន។ នេះ​ជា​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ​សោះ​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​សកម្មភាព​បែប​នេះ ដូច​ជា​ការ​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង​និង​ជា​គ្រួសារ កិច្ច​ផ្សព្វ​ផ្សាយ​និង​ការ​ទៅ​កិច្ច​ប្រជុំ គឺជា​វិធី​ដែល​យើង​ទទួល​សកម្មពល​បរិសុទ្ធ​ដែល​ផ្ដល់​កម្លាំង​ដល់​យើង។ សកម្មភាព​របស់​គ្រិស្ត​សាសនិក​តែង​តែ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ (​សូម​អាន ម៉ាថាយ ១១:២៨, ២៩) ជា​ញឹក​ញយ បង​ប្អូន​ប្រុស​ស្រី​មក​កិច្ច​ប្រជុំ​ទាំង​អស់​កម្លាំង តែ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ពួក​គាត់​ហាក់​ដូច​ជា​មាន​ថាមពល​ឡើង​វិញ​ដូច​អា​គុយ​ទើប​នឹង​បញ្ចូល​ភ្លើង!

១៥​. (​ក​) តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​មាន​ជីវិត​រស់​នៅ​ដោយ​ឥត​ត្រូវ​ខំ​ប្រឹង​ឬ? សូម​ពន្យល់​ដោយ​ប្រើ​បទ​គម្ពីរ។ (​ខ​)​ តើ​ព្រះ​សន្យា​អ្វី​នឹង​យើង? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី?

១៥ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា ការ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត​គ្មាន​អ្វី​ពិបាក​ទេ។ យើង​ត្រូវ​ខំ​ប្រឹង​ទើប​អាច​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែល​ស្មោះ​ត្រង់​បាន។ (​ម៉ាថ. ១៦:២៤​-​២៦; លូក. ១៣:២៤​) ទោះ​ជា​យ៉ាង​នេះ​ក្ដី តាម​រយៈ​សកម្មពល​បរិសុទ្ធ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ដែល​អស់​កម្លាំង។ អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា​៖ ​«​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំ​រើន​ជា​និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប​ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ​»។ (​អេ. ៤០:២៩​-​៣១​) បើ​ដូច្នេះ​មែន យើង​គួរ​សួរ​ខ្លួន​យើង​ថា តើ​អ្វី​ជា​មូលហេតុ​ពិត​ប្រាកដ​ដែល​យើង​មាន​អារម្មណ៍​ថា​សកម្មភាព​គ្រិស្ត​សាសនិក​ធ្វើ​ឲ្យ​យើង​នឿយ​ហត់?

១៦​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កម្ចាត់​ដើម​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ឬ​ធ្លាក់​ទឹក​ចិត្ត?

១៦ បណ្ដាំ​ព្រះ​យេហូវ៉ា​ដាស់​តឿន​យើង​ថា​ឲ្យ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភី. ១:១០​) ដោយ​ប្រៀប​ដំណើរ​ជីវិត​គ្រិស្ត​សាសនិក​ទៅ​នឹង​ការ​រត់​ប្រណាំង​ដែល​មាន​ប្រវែង​ឆ្ងាយ ព្រះ​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​ថា​៖ ​«​ចូរ​យើង​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់ . . . ហើយ​រត់​ដោយ​ស៊ូ​ទ្រាំ​ក្នុង​ទី​ប្រណាំង​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​យើង​»។ (​ហេ. ១២:១​) គាត់​ចង់​បញ្ជាក់​ថា​យើង​ត្រូវ​ជៀស​វាង​ការ​ស្វែងរក​អ្វី​ដែល​មិន​ចាំ​បាច់ ដែល​ប្រៀប​ដូច​អ្វី​ដែល​ធ្ងន់​ឥត​ប្រយោជន៍​ដែល​ធ្វើ​ឲ្យ​យើង​ល្វើយ។ អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ប្រហែល​ខំ​ប្រឹង​ធ្វើ​អ្វី​ច្រើន​ពេក​ក្នុង​ជីវិត​ដែល​មមាញឹក​ស្រាប់​ហើយ​នោះ។ ដូច្នេះ បើ​ជា​ញឹក​ញយ អ្នក​អស់​កម្លាំង ហើយ​រង​ការ​គាបសង្កត់ នោះ​ប្រហែលជា​ការ​ល្អ​ឲ្យ​អ្នក​ពិនិត្យ​ឡើង​វិញ​ថា​អ្នក​ចំណាយ​កម្លាំង​ច្រើន​ប៉ុណ្ណា​ដើម្បី​ធ្វើ​ការងារ​ចិញ្ចឹម​ជីវិត លេង​កីឡា​ឬ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​លម្ហែ​កាយ ហើយ​ប៉ុន្មាន​ដង​ដែល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត។ ការ​ចេះ​ប្រមាណ​និង​ការ​មាន​គំនិត​សម​ហេតុ​សម​ផល​គួរ​ជំរុញ​ចិត្ត​យើង​ទាំង​អស់​គ្នា​ឲ្យ​ទទួល​ស្គាល់​ថា​កម្លាំង​របស់​យើង​មាន​កម្រិត ហើយ​កាត់​បន្ថយ​សកម្មភាព​ដែល​មិន​ចាំ​បាច់។

១៧​. ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត? ប៉ុន្តែ​តើ​ព្រះ​យេហូវ៉ា​ធានា​យើង​យ៉ាង​ណា​អំពី​រឿង​នេះ?

១៧ អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ក៏​ប្រហែល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​មួយ​កម្រិត​ដែរ ដោយ​សារ​ទី​បញ្ចប់​នៃ​របៀប​របប​នេះ​មិន​មក​ដល់​ឆាប់​ដូច​យើង​បាន​រំពឹង​ទុក​នោះ​ទេ។ (​សុភ. ១៣:១២​) ក៏​ប៉ុន្តែ អ្នក​ណា​ដែល​មាន​អារម្មណ៍​បែប​នេះ​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ពាក្យ​នៅ​ហាបាគុក ២:៣​ដែល​ថា​៖ ​«​ការ​ជាក់​ស្តែង​នេះ ទុក​សំ​រាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់​ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ​»។ ព្រះ​យេហូវ៉ា​បាន​ធានា​យើង​ថា ទី​បញ្ចប់​នៃ​របៀប​របប​នេះ​នឹង​មក​ដល់​ចំ​ពេល​ដែល​លោក​បាន​កំណត់!

១៨​. (​ក​) តើ​ពាក្យ​សន្យា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង? (​ខ​)​ តើ​អត្ថបទ​បន្ទាប់​នឹង​ជួយ​យើង​យ៉ាង​ណា?

១៨ ប្រាកដ​ហើយ ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​លែង​មាន​ការ​អស់​កម្លាំង​និង​ការ​ធ្លាក់​ទឹក​ចិត្ត កាល​ដែល​អ្នក​ទាំង​អស់​ដែល​មាន​ជីវិត​រស់​នៅ​នឹង​មាន​កម្លាំង​«​ដូច​កាល​នៅ​ក្មេង​វិញ​»។ (​យ៉ូប ៣៣:២៥​) សូម្បី​តែ​ឥឡូវ​នេះ យើង​អាច​មាន​កម្លាំង​ចិត្ត​ខ្លាំងក្លា តាម​រយៈ​សកម្មពល​បរិសុទ្ធ ពេល​ដែល​យើង​ចូល​រួម​ក្នុង​សកម្មភាព​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ។ (​២កូ. ៤:១៦; អេភ. ៣:១៦​) សូម​កុំ​ឲ្យ​ការ​នឿយ​ហត់​ធ្វើ​ឲ្យ​អ្នក​ឈប់​ទទួល​ពរ​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត។ រាល់​ទុក្ខ​លំបាក ទោះ​ជា​បណ្ដាល​មក​ពី​ការ​ល្បួង ការ​អស់​កម្លាំង​ឬ​ការ​ធ្លាក់​ទឹក​ចិត្ត​ក៏​ដោយ នោះ​នឹង​លែង​មាន បើ​មិន​ឥឡូវ គឺ​នៅ​ពិភព​លោក​ថ្មី​របស់​ព្រះ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​អំពី​របៀប​ដែល​សកម្មពល​បរិសុទ្ធ​ផ្ដល់​កម្លាំង​ឲ្យ​គ្រិស្ត​សាសនិក​ស៊ូ​ទ្រាំ​ការ​បៀតបៀន ទប់​ទល់​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា ហើយ​តស៊ូ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ឯ​ទៀត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អំណាន​គម្ពីរ​ផ្ដល់​កម្លាំង​ឲ្យ​យើង​យ៉ាង​ដូច​ម្ដេច?

• តើ​តាម​របៀប​ណា​ដែល​ការ​អធិដ្ឋាន​និង​ការ​សញ្ជឹង​គិត​ផ្ដល់​កម្លាំង​ឲ្យ​យើង?

• តើ​យើង​អាច​កម្ចាត់​ចោល​យ៉ាង​ដូច​ម្ដេច​នូវ​ដើម​ហេតុ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៦​]

កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​អាច​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង