ការធ្វើឲ្យព្រះពេញចិត្ដនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់
ការធ្វើឲ្យព្រះពេញចិត្តនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់
«ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញដោយព្រះគុណ[ឬ«ដោយការពេញចិត្ត»] ទុកដូចជាខែល»។—ទំនុក. ៥:១២; ព.ថ.
១, ២. តើអេលីយ៉ាបានសុំអ្វីពីស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាត? ហើយតើគាត់បានធានាអ្វីដល់នាង?
ស្ត្រីម្នាក់និងកូនរបស់នាងកំពុងតែឃ្លាន ហើយអ្នកប្រកាសទំនាយរបស់ព្រះក៏ដូច្នេះដែរ។ ស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតនេះកំពុងតែរៀបចំបង្កាត់ភ្លើងដើម្បីចម្អិនអាហារ ហើយនៅពេលនោះ អេលីយ៉ាដែលជាអ្នកប្រកាសទំនាយបានសុំទឹកនិងនំប៉័ងពីនាង។ នាងសុខចិត្តឲ្យទឹកទៅគាត់ពិសា ប៉ុន្តែចំពោះនំប៉័ងវិញ នាង«មានតែម្សៅ១ក្ដាប់នៅក្នុងខាប់ នឹងប្រេងបន្ដិចបន្តួចនៅដបប៉ុណ្ណោះ»។ នាងគិតថានាងគ្មានម្ហូបអាហារគ្រប់គ្រាន់នឹងចែកឲ្យដល់គាត់ទេ ហើយនាងក៏បានប្រាប់ដល់គាត់ដូច្នេះដែរ។—១ព. ១៧:៨-១២
២ ទោះជាយ៉ាងនេះក៏ដោយ អេលីយ៉ាបានប្រាប់នាងថា៖ «សូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសំរាប់អ្នកនឹងកូនអ្នកចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ»។—១ព. ១៧:១៣, ១៤
៣. តើយើងត្រូវសម្រេចចិត្តចំពោះរឿងសំខាន់មួយណា?
៣ ស្ត្រីមេម៉ាយនេះមិនគ្រាន់តែត្រូវសម្រេចចិត្តក្នុងការចែករំលែកនូវម្ហូបបន្ដិចបន្តួចដល់អេលីយ៉ាប៉ុណ្ណោះទេ។ មានអ្វីដែលសំខាន់ជាងនេះទៅទៀត ពោលគឺតើនាងនឹងទុកចិត្តទៅលើព្រះយេហូវ៉ាថាលោកនឹងជួយសង្គ្រោះនាងនិងកូនរបស់នាងឬទេ? ឬក៏តើនាងនឹងចាត់ទុកអ្វីដែលនាងត្រូវការសម្រាប់ចិញ្ចឹមជីវិត សំខាន់ជាងការធ្វើឲ្យព្រះពេញចិត្តនិងការមានចំណងមិត្តភាពជាមួយនឹងលោកទៅវិញ? សព្វថ្ងៃ យើងក៏ត្រូវធ្វើការសម្រេចចិត្តបែបនេះដែរ។ តើយើងនឹងចាត់ទុកការធ្វើឲ្យព្រះពេញចិត្តសំខាន់ជាងការស្វែងរកទ្រព្យសម្បត្ដិឬទេ? យើងមានមូលហេតុត្រឹមត្រូវដើម្បីទុកចិត្តទៅលើព្រះនិងបម្រើលោក ហើយក៏មានវិធីផ្សេងៗដែលយើងអាចធ្វើឲ្យលោកពេញចិត្តដែរ។
‹លោកសមនឹងទទួលការគោរពប្រណិប័តន៍ពីយើង›
៤. ហេតុអ្វីព្រះយេហូវ៉ាសមនឹងទទួលការគោរពប្រណិប័តន៍ពីយើង?
៤ ព្រះយេហូវ៉ាមានសិទ្ធិតម្រូវឲ្យមនុស្សបម្រើលោកតាមរបៀបដែលលោកពេញចិត្ត។ ពួកទេវតាដែលជាអ្នកបម្រើលោកនៅស្ថានសួគ៌ បានបញ្ជាក់អំពីការពិតនេះ ពេលពួកគេនិយាយដោយមានឯកភាពថា៖ បប. ៤:១១) សរុបទៅ ដោយសារព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់ លោកសមនឹងទទួលការគោរពប្រណិប័តន៍ពីយើង។
«ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។ (៥. ហេតុអ្វីសេចក្ដីស្រឡាញ់របស់ព្រះគួរជំរុញចិត្តយើងឲ្យចង់បម្រើលោក?
៥ មូលហេតុមួយទៀតដែលយើងគួរបម្រើព្រះយេហូវ៉ា គឺដោយសារគ្មាននរណាម្នាក់ស្រឡាញ់យើងច្រើនជាងលោកទេ។ គម្ពីរចែងថា៖ «[ព្រះ]ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី»។ (លោ. ១:២៧) មនុស្សមានសមត្ថភាពនិងសេរីភាពដើម្បីសម្រេចចិត្តថាខ្លួនចង់ឬមិនចង់បម្រើព្រះ។ ដោយសារព្រះយេហូវ៉ាជាអ្នកដែលផ្ដល់ជីវិតឲ្យយើង នោះលោកបានក្លាយទៅជាបិតារបស់មនុស្សជាតិទាំងឡាយ។ (លូក. ៣:៣៨) ដូចបិតាម្នាក់ដែលស្រឡាញ់កូន លោកបានផ្ដល់អ្វីៗទាំងអស់ដែលកូនប្រុសស្រីរបស់លោកត្រូវការដើម្បីឲ្យពួកគេអាចសប្បាយក្នុងជីវិត។ ម្យ៉ាងទៀត «លោកធ្វើឲ្យថ្ងៃរះ»និង«បង្អុរភ្លៀង»ដើម្បីឲ្យផែនដីបង្កើតផលជាបរិបូរក្នុងស្ថានភាពដ៏ល្អបំព្រង។—ម៉ាថ. ៥:៤៥
៦, ៧. (ក) អាដាមបាននាំឲ្យកូនចៅរបស់គាត់រងទុក្ខ តើនោះជាអ្វី? (ខ) តើគ្រឿងបូជារបស់គ្រិស្តមានឥទ្ធិពលយ៉ាងណាទៅលើពួកអ្នកដែលធ្វើឲ្យព្រះពេញចិត្ត?
៦ ព្រះយេហូវ៉ាក៏បានសង្គ្រោះយើងពីឥទ្ធិពលដ៏អាក្រក់ដែលមកពីភាពខុសឆ្គងដែរ។ ពេលអាដាមបានប្រព្រឹត្តអំពើខុសឆ្គង នោះប្រៀបដូចជាមនុស្សម្នាក់ដែលបានលួចប្រាក់ពីក្រុមគ្រួសារដើម្បីយកទៅលេងល្បែងស៊ីសង។ ដោយបះបោរប្រឆាំងនឹងព្រះយេហូវ៉ា អាដាមហាក់ដូចជាបានប្លន់សេចក្ដីសង្ឃឹមពីកូនចៅរបស់គាត់ ពោលគឺសេចក្ដីសង្ឃឹមទទួលសុភមង្គលជារៀងរហូត។ ការគិតតែពីប្រយោជន៍ខ្លួនរបស់គាត់ បាននាំឲ្យមនុស្សជាតិធ្លាក់ខ្លួនធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង។ យ៉ាងនេះ មនុស្សទាំងអស់មានជំងឺឈឺថ្កាត់ មានទុក្ខព្រួយ ហើយនៅទីបំផុតត្រូវស្លាប់។ តាមធម្មតា ដើម្បីលោះខ្ញុំបម្រើម្នាក់តម្រូវឲ្យចេញប្រាក់ដែលជាថ្លៃលោះ តែចំពោះព្រះយេហូវ៉ាវិញ លោកក៏បានចេញថ្លៃដែរដើម្បីលោះយើងពីឥទ្ធិពលអាក្រក់ដែលមកពីភាពខុសឆ្គង។ (សូមអាន រ៉ូម ៥:២១) លោកយេស៊ូគ្រិស្តបាន«ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»ដើម្បីធ្វើតាមបំណងប្រាថ្នារបស់បិតាលោក។ (ម៉ាថ. ២០:២៨) មិនយូរទៀត ពួកអ្នកដែលបានធ្វើឲ្យព្រះពេញចិត្តនឹងទទួលប្រយោជន៍យ៉ាងពេញលេញពីថ្លៃលោះនេះ។
៧ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើងបានលះបង់ច្រើនជាងគេដើម្បីជួយយើងឲ្យមានជីវិតដ៏សប្បាយ ថែមទាំងមានគោលបំណងផងដែរ។ ដោយសារយើងធ្វើឲ្យព្រះពេញចិត្ត យើងនឹងយល់អំពីរបៀបដែលលោកនឹងបំបាត់ចោលនូវបញ្ហាទាំងឡាយដែលមនុស្សបានរងទុក្ខ។ ចំពោះខ្លួនយើងផ្ទាល់ ព្រះយេហូវ៉ានឹងបន្តបង្ហាញនូវរបៀបដែលលោក«ឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។—ហេ. ១១:៦
‹រាស្ត្ររបស់លោកគេថ្វាយខ្លួនស្ម័គ្រពីចិត្ត›
៨. តើបទពិសោធន៍របស់អេសាយបង្រៀនយើងអ្វីខ្លះអំពីការបម្រើព្រះ?
៨ ការធ្វើឲ្យព្រះពេញចិត្តរួមបញ្ចូលការប្រើចិត្តសេរីរបស់យើងឲ្យបានត្រឹមត្រូវ។ នេះគឺដោយសារព្រះយេហូវ៉ាមិនបង្ខំអ្នកណាម្នាក់ឲ្យបម្រើលោកទេ។ នៅសម័យអេសាយ ព្រះយេហូវ៉ាបានសួរថា៖ «តើអញនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យអញ?»។ ដោយសួរដូច្នេះ ព្រះយេហូវ៉ាបានបង្ហាញថាលោកគោរពសិទ្ធិរបស់អេសាយក្នុងការសម្រេចចិត្តដោយខ្លួនឯង។ សូមនឹកគិតអំពីអារម្មណ៍របស់អេសាយ អេ. ៦:៨
ពេលដែលគាត់ឆ្លើយដោយពេញចិត្តថា៖ «ទូលបង្គំនៅឯណេះហើយ! សូមចាត់ទូលបង្គំចុះ»។—៩, ១០. (ក) តើយើងគួរបម្រើព្រះដោយមានចិត្តគំនិតបែបណា? (ខ) ហេតុអ្វីការបម្រើព្រះយេហូវ៉ាអស់ពីចិត្តនាំឲ្យយើងទទួលប្រយោជន៍?
៩ មនុស្សមានសិទ្ធិដើម្បីសម្រេចថាខ្លួនចង់ឬមិនចង់បម្រើព្រះ។ ព្រះយេហូវ៉ាចង់ឲ្យយើងបម្រើលោកដោយស្ម័គ្រពីចិត្ត។ (សូមអាន យ៉ូស្វេ ២៤:១៥) ព្រះមិនពេញចិត្តចំពោះបុគ្គលណាដែលបម្រើលោកដោយទើសទាល់ទេ ហើយលោកក៏មិនទទួលការគោរពប្រណិប័តន៍របស់មនុស្សដែលបម្រើលោកដោយសារចង់ផ្គាប់ចិត្តអ្នកឯទៀតប៉ុណ្ណោះដែរ។ (កូឡ. ៣:២២) ម្យ៉ាងទៀត បើយើងអនុញ្ញាតឲ្យចំណាប់អារម្មណ៍របស់យើងចំពោះអ្វីៗក្នុងពិភពលោកនេះមករំខានដល់ការគោរពប្រណិប័តន៍របស់យើង នោះយើងនឹង«បង្អង់»ក្នុងការបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះ។ បើយើងធ្វើដូច្នេះ យើងមិនអាចធ្វើឲ្យព្រះពេញចិត្តនឹងយើងឡើយ។ (និក្ខ. ២២:២៩) ព្រះយេហូវ៉ាជ្រាបថាការបម្រើលោកអស់ពីចិត្តនាំឲ្យយើងទទួលប្រយោជន៍។ ម៉ូសេបានលើកទឹកចិត្តបណ្ដាជនអ៊ីស្រាអែលឲ្យរើសយកជីវិតដោយ‹ស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃពួកគេ នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់›។—ចោ. ៣០:១៩, ២០
១០ ស្តេចដាវីឌនៃអ៊ីស្រាអែលពីបុរាណបានច្រៀងជូនព្រះយេហូវ៉ាថា៖ «រាស្ត្ររបស់[លោក] គេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែល[លោក]ដំរៀបក្បួនទ័ពដ៏ប្រដាប់។ ដោយគ្រឿងបរិសុទ្ធ ពួកកំឡោះរបស់[លោក]នឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក»។ (ទំនុក. ១១០:៣) មនុស្សជាច្រើនសព្វថ្ងៃនេះចាត់ទុកការប្រមូលទ្រព្យសម្បត្ដិនិងការកម្សាន្តជាអ្វីដែលសំខាន់ជាងគេក្នុងជីវិត។ រីឯពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ចាត់ទុកកិច្ចបម្រើពិសិដ្ឋជាអ្វីដ៏សំខាន់បំផុតចំពោះពួកគេ។ ចិត្តខ្នះខ្នែងដែលពួកគេមានក្នុងការផ្សព្វផ្សាយដំណឹងល្អបង្ហាញអំពីអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ ពួកគេមានទំនុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងផ្ដល់អ្វីៗដែលពួកគេត្រូវការជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត។—ម៉ាថ. ៦:៣៣, ៣៤
គ្រឿងបូជាដែលព្រះពេញចិត្ត
១១. តើបណ្ដាជនអ៊ីស្រាអែលសង្ឃឹមថានឹងទទួលអ្វីពេលពួកគេជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា?
១១ យោងទៅតាមច្បាប់នៃកិច្ចព្រមព្រៀង ដើម្បីឲ្យព្រះទទួលពួកគេឬធ្វើឲ្យលោកពេញចិត្ត នោះរាស្ត្ររបស់លោកត្រូវផ្ដល់គ្រឿងបូជាដែលសមស្របនឹងច្បាប់នោះ។ លេវីវិន័យ ១៩:៥ចែងថា៖ «កាលណាឯងរាល់គ្នាថ្វាយយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយដើម្បីឲ្យទ្រង់បានទទួលឯង»។ នៅសៀវភៅដដែលនោះក៏ចែងថា៖ «បើកាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា ទុកជាដង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយបែបឲ្យទ្រង់បានទទួលឯងចុះ»។ (លេវី. ២២:២៩) ពេលដែលបណ្ដាជនអ៊ីស្រាអែលជូនសត្វដែលជាគ្រឿងបូជានៅលើអាសនៈរបស់ព្រះយេហូវ៉ា ផ្សែងហុយទៅលើដែលចេញពីអាសនៈនោះប្រៀបដូចជា«ក្លិនឈ្ងុយ»ចំពោះព្រះដ៏ពិត។ (លេវី. ១:៩, ១៣) ពេលព្រះយេហូវ៉ាឃើញរាស្ត្ររបស់លោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកដោយធ្វើដូច្នេះ នេះនាំឲ្យលោករីករាយក្នុងចិត្តមែន។ (លោ. ៨:២១) ក្នុងច្បាប់ទាំងនេះ ក៏មានគោលការណ៍ដែលទាក់ទងនឹងយើងនៅសព្វថ្ងៃនេះដែរ ពោលគឺពួកអ្នកដែលជូនព្រះយេហូវ៉ានូវគ្រឿងបូជាដែលគាប់ចិត្តលោក នោះទទួលការពេញចិត្តពីលោក។ ក៏ប៉ុន្តែ តើលោកគាប់ចិត្តនឹងគ្រឿងបូជាបែបណា? សូមពិចារណាចំណុចពីរយ៉ាង គឺការប្រព្រឹត្តនិងពាក្យសម្ដីរបស់យើង។
១២. តើការប្រព្រឹត្តអ្វីខ្លះដែលធ្វើឲ្យព្រះទាស់ចិត្ត ពេលយើង‹ប្រគល់រូបកាយរបស់យើងជាគ្រឿងបូជា›?
១២ ក្នុងសំបុត្ររបស់ប៉ូលសរសេរទៅកាន់បងប្អូននៅក្រុងរ៉ូម គាត់បានសរសេរថា៖ «[សូម]ប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត»។ (រ៉ូម ១២:១) ការធ្វើឲ្យព្រះពេញចិត្តតម្រូវឲ្យបុគ្គលម្នាក់រក្សារូបកាយរបស់ខ្លួនតាមរបៀបដែលគាប់ចិត្តលោក។ បើគាត់ធ្វើឲ្យខ្លួនស្មោកគ្រោកដោយជក់បារី ទំពាម្លូស្លា ប្រើគ្រឿងញៀន ឬផឹកស្រាហួសប្រមាណ នោះការប្រគល់រូបកាយរបស់គាត់ជាគ្រឿងបូជាជាអ្វីដែលគ្មានតម្លៃសោះ។ (២កូ. ៧:១) បន្ថែមទៅទៀត អ្នកណាដែល«ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកនោះកំពុងធ្វើខុសចំពោះរូបកាយខ្លួន»។ ហេតុនេះហើយ បើមនុស្សម្នាក់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌បែបណាក៏ដោយ នោះគ្រឿងបូជារបស់គាត់នឹងធ្វើឲ្យព្រះយេហូវ៉ាទាស់ចិត្ត។ (១កូ. ៦:១៨) ដើម្បីគាប់ចិត្តព្រះយេហូវ៉ា បុគ្គលម្នាក់ត្រូវ«ក្លាយទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់»។—១ពេ. ១:១៤-១៦
១៣. ហេតុអ្វីជាការសមរម្យឲ្យយើងសរសើរព្រះយេហូវ៉ា?
១៣ គ្រឿងបូជាមួយទៀតដែលព្រះយេហូវ៉ាពេញចិត្តទាក់ទងនឹងពាក្យសម្ដីរបស់យើង។ ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាតែងតែនិយាយល្អអំពីលោក ពេលដែលនៅក្នុងផ្ទះនិងពេលនៅជាមួយអ្នកឯទៀត។ (សូមអាន ទំនុកតម្កើង ៣៤:១-៣) សូមអានទំនុកតម្កើងទី១៤៨-១៥០ ហើយសូមកត់សម្គាល់ថាមានប៉ុន្មានដងដែលទំនុកទាំងបីនេះបានលើកទឹកចិត្តយើងឲ្យសរសើរព្រះយេហូវ៉ា។ ប្រាកដ ហើយ «សេចក្ដីសរសើរ នោះសំណំដល់មនុស្សទៀងត្រង់»។ (ទំនុក. ៣៣:១) ម្យ៉ាងទៀត លោកយេស៊ូគ្រិស្តដែលជាគំរូរបស់យើង បានដៅបញ្ជាក់អំពីសារៈសំខាន់នៃការសរសើរព្រះដោយផ្សព្វផ្សាយដំណឹងល្អ។—លូក. ៤:១៨, ៤៣, ៤៤
១៤, ១៥. តើហូសេបានដាស់តឿនបណ្ដាជនអ៊ីស្រាអែលឲ្យជូនគ្រឿងបូជាបែបណា? ហើយតើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះគ្រឿងបូជាបែបនោះ?
១៤ ការផ្សព្វផ្សាយដោយមានចិត្តខ្នះខ្នែងជាភ័ស្តុតាងដែលបង្ហាញអំពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា និងបង្ហាញថាយើងចង់ធ្វើឲ្យលោកពេញចិត្ត។ ជាឧទាហរណ៍ សូមគិតអំពីហូសេដែលជាអ្នកប្រកាសទំនាយម្នាក់ ជាពិសេសអំពីរបៀបដែលគាត់បានដាស់តឿនបណ្ដាជនអ៊ីស្រាអែលដែលបានសម្រេចចិត្តគោរពបូជាព្រះមិនពិត ហើយលែងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តទៀត។ (ហូ. ១៣:១-៣) ហូសេបានប្រាប់ពួកគេឲ្យអង្វរសុំព្រះយេហូវ៉ាថា៖ «សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ យ៉ាងនោះ យើងខ្ញុំនឹងថ្វាយដង្វាយនៃបបូរមាត់យើងខ្ញុំជំនួសគោឈ្មោលដែលសំរាប់យញ្ញបូជា»។—ហូ. ១៤:១, ២
១៥ ធម្មតា គោឈ្មោលជាសត្វដែលមានតម្លៃថ្លៃបំផុតដែលបណ្ដាជនអ៊ីស្រាអែលអាចជូនដល់ព្រះយេហូវ៉ាជាគ្រឿងបូជា។ ដូច្នេះ «ដង្វាយនៃបបូរមាត់យើងខ្ញុំជំនួសគោឈ្មោល»សំដៅទៅលើពាក្យសម្ដីយ៉ាងស្មោះអស់ពីចិត្ត និងពាក្យល្អៗដែលមនុស្សម្នាក់ប្រើដើម្បីសរសើរព្រះពិត។ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលជូនគ្រឿងបូជាបែបនេះ? លោកបានមានប្រសាសន៍ថា៖ «អញនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត»។ (ហូ. ១៤:៤) ចំពោះពួកអ្នកដែលជូនសេចក្ដីសរសើរជាគ្រឿងបូជា នោះព្រះយេហូវ៉ាពេញចិត្តនឹងពួកគេ ក៏បើកឱកាសឲ្យពួកគេមានចំណងមេត្រីភាពជាមួយនឹងលោក ថែមទាំងអភ័យទោសឲ្យពួកគេផងដែរ។
១៦, ១៧. ពេលដែលជំនឿទៅលើព្រះជំរុញចិត្តមនុស្សម្នាក់ឲ្យផ្សាយដំណឹងល្អ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះការសរសើររបស់គាត់?
១៦ ការសរសើរព្រះយេហូវ៉ានៅមុខអ្នកឯទៀតតែងតែជាផ្នែកមួយដ៏សំខាន់នៃការគោរពប្រណិប័តន៍ពិត។ អ្នកតែងទំនុកតម្កើងចាត់ទុកការលើកតម្កើងព្រះពិត ជាអ្វីដែលសំខាន់ដល់ម្ល៉េះបានជាគាត់ទទូចសុំព្រះថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួលដង្វាយនៃមាត់ទូលបង្គំដែលថ្វាយដោយស្ម័គ្រពីចិត្ត»។ (ទំនុក. ១១៩:១០៨) ចុះយ៉ាងណាសព្វថ្ងៃនេះ? អេសាយបានទាយទុកអំពីមនុស្សមួយក្រុមធំនៅសម័យយើងថា៖ «ពួកគេនឹងប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ព្រះយេហូវ៉ា . . . របស់ទាំងនោះ[អំណោយរបស់ពួកគេ]នឹងនៅលើអាសនៈរបស់ខ្ញុំ[ព្រះ] ទុកជាគ្រឿងបូជាដែលខ្ញុំពេញចិត្ត»។ (អេ. ៦០:៦, ៧, ព.ថ.) សព្វថ្ងៃ មនុស្សរាប់លាននាក់កំពុងសម្រេចទំនាយនេះដោយជូនព្រះនូវ«សេចក្ដីសរសើរជាគ្រឿងបូជា . . . ពោលគឺ ផលនៃបបូរមាត់ ដែលប្រកាសប្រាប់នាមរបស់លោកដល់អ្នកឯទៀត»។—ហេ. ១៣:១៥
១៧ ចុះរូបអ្នកវិញ? តើអ្នកកំពុងជូនគ្រឿងបូជាដែលព្រះពេញចិត្តឬទេ? បើអ្នកមិនទាន់ធ្វើដូច្នេះ តើអ្នកនឹងព្រមកែប្រែនូវអ្វីដែលចាំបាច់ ហើយចាប់ផ្ដើមសរសើរព្រះយេហូវ៉ាដល់អ្នកឯទៀតឬទេ? ពេលជំនឿដែលអ្នកមានជំរុញចិត្តអ្នកឲ្យចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ នោះគ្រឿងបូជារបស់អ្នកនឹង«បានជាទីសព្វព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងថ្វាយគោឈ្មោល១»។ (សូមអាន ទំនុកតម្កើង ៦៩:៣០, ៣១) សូមជឿជាក់ថា ព្រះយេហូវ៉ានឹងធុំ«ក្លិនក្រអូប»ដែលមកពីគ្រឿងបូជាដែលជាសេចក្ដីសរសើររបស់អ្នក ហើយថាលោកនឹងទទួលដោយការពេញចិត្ត។ (អេស. ២០:៤១) នេះពិតជាធ្វើឲ្យអ្នកមានអំណរដែលគ្មានអ្វីប្រៀបផ្ទឹមបាន។
‹ព្រះយេហូវ៉ានឹងប្រទានពរដល់មនុស្សសុចរិត›
១៨, ១៩. (ក) ជាទូទៅ តើមនុស្សសព្វថ្ងៃនេះមានទស្សនៈយ៉ាងណាចំពោះការបម្រើព្រះ? (ខ) បើគ្មានការពេញចិត្តពីព្រះ តើនេះក៏នាំឲ្យគ្មានអ្វីដែរ?
១៨ មនុស្សជាច្រើននៅសព្វថ្ងៃនេះបានសន្និដ្ឋានដូចមនុស្សខ្លះនៅសម័យម៉ាឡាគីដែរ។ ពួកគេសន្និដ្ឋានថា៖ «ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ា . . . តើមានប្រយោជន៍អ្វី?»។ (ម៉ាឡ. ៣:១៤) ដោយសារពួកគេមានសេចក្ដីប៉ងប្រាថ្នាខាងការប្រមូលទ្រព្យសម្បត្ដិ ពួកគេមានទស្សនៈថាព្រះមិនអាចសម្រេចគោលបំណងរបស់លោកបានឡើយ ហើយថា ច្បាប់របស់លោកលែងមានប្រសិទ្ធភាពទៀតហើយ។ ចំពោះពួកគេ ការផ្សព្វផ្សាយដំណឹងល្អជាអ្វីដែលគ្មានប្រយោជន៍ និងជាអ្វីដែលធ្វើឲ្យពួកគេមួម៉ៅក្ដៅចិត្ត។
១៩ ចិត្តគំនិតបែបនេះមានតាំងពីជំនាន់អាដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែនមកម្ល៉េះ។ នៅពេលនោះ អេវ៉ាបានមើលស្រាលនូវតម្លៃនៃជីវិតដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យនាង ហើយនាងក៏បានមើលងាយចំពោះការពេញចិត្តរបស់លោកដែរ។ សាថានគឺជាបុគ្គលដែលនាំឲ្យនាងធ្វើដូច្នេះ។ ប៉ុន្តែក្រោយមក អាដាមនិងអេវ៉ាបានទទួលស្គាល់ថា បើគ្មានការពេញចិត្តពីព្រះក៏គ្មានជីវិតដែរ។ សព្វថ្ងៃនេះ សាថានក៏ព្យាយាមបញ្ចុះបញ្ចូលមនុស្សឲ្យជឿថា ការធ្វើតាមបំណងប្រាថ្នារបស់ព្រះគឺអសារឥតការដែរ។ ប៉ុន្តែ បន្ដិចទៀតពួកអ្នកដែលធ្វើតាមគំរូអាក្រក់របស់អាដាមនិងអេវ៉ានឹងទទួលស្គាល់ការពិតដ៏ល្វីងជូរចត់ដូចពួកគេដែរ។—លោ. ៣:១-៧, ១៧-១៩
២០, ២១. (ក) តើស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតបានធ្វើអ្វី? ហើយតើនាងបានទទួលលទ្ធផលយ៉ាងណា? (ខ) តើយើងអាចយកតម្រាប់តាមស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតយ៉ាងដូចម្ដេច? ហើយហេតុអ្វីយើងគួរធ្វើដូច្នេះ?
២០ សូមប្រៀបធៀបអំពីលទ្ធផលដ៏គួរឲ្យសោកស្ដាយរបស់អាដាមនិងអេវ៉ា ទៅនឹងលទ្ធផលនៃអ្វីដែលបានកើតឡើងដល់អេលីយ៉ានិងស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាត ដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ។ ក្រោយពីស្ត្រីនោះបានឮពាក្យដែលគួរឲ្យលើកទឹកចិត្តរបស់អេលីយ៉ា នាងបានចាប់ផ្ដើមដុតនំប៉័ង ហើយបានឲ្យដល់អេលីយ៉ាជាមុនសិន។ បន្ទាប់មកព្រះយេហូវ៉ាបានសម្រេចសេចក្ដីសន្យាដែលលោកបានមានប្រសាសន៍តាមរយៈអេលីយ៉ា។ កំណត់ហេតុនោះចែងថា៖ «ទាំងនាង នឹងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ ឯម្សៅក្នុងខាប់នោះមិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលដោយសារអេលីយ៉ា»។—១ព. ១៧:១៥, ១៦
២១ ស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតនេះបានធ្វើអ្វីមួយដែលមនុស្សតិចណាស់ស្ម័គ្រចិត្តធ្វើក្នុងចំណោមមនុស្សរាប់ពាន់លាននាក់ដែលរស់នៅសព្វថ្ងៃនេះ។ នាងបានទុកចិត្តទាំងស្រុងទៅលើព្រះនៃសេចក្ដីសង្គ្រោះ ហើយលោកក៏បានជួយនាងមែន។ កំណត់ហេតុនេះនិងកំណត់ហេតុឯទៀតក្នុងគម្ពីរបញ្ជាក់ច្បាស់ថា ជាការត្រឹមត្រូវឲ្យយើងទុកចិត្តទៅលើព្រះយេហូវ៉ា។ (សូមអាន យ៉ូស្វេ ២១:៤៣-៤៥; ២៣:១៤) ជីវិតរបស់សាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះបង្ហាញទីសំអាងថែមទៀតថា លោកមិនដែលបោះបង់ចោលពួកអ្នកដែលលោកពេញចិត្តឡើយ។—ទំនុក. ៣៤:៦, ៧, ១៧-១៩ *
២២. ហេតុអ្វីជាការសំខាន់ដែលយើងមិនត្រូវបង្អែបង្អង់ក្នុងការធ្វើឲ្យព្រះពេញចិត្ត?
២២ ថ្ងៃដែលព្រះវិនិច្ឆ័យសេចក្ដីចំពោះ«អស់ទាំងមនុស្សនៅលើផែនដី» នឹងមកដល់យ៉ាងឆាប់ជាមិនខាន។ (លូក. ២១:៣៤, ៣៥) គ្មាននរណាអាចគេចរួចបានទេ។ លុយឬទ្រព្យសម្បត្ដិទាំងប៉ុន្មានមិនអាចមានតម្លៃស្មើនឹងអារម្មណ៍របស់យើងនៅពេលដែលយើងឮចៅក្រមដែលព្រះបានតែងតាំងមានប្រសាសន៍ថា៖ «អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកជាមត៌កចុះ»។ (ម៉ាថ. ២៥:៣៤) ប្រាកដហើយ‹ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញដោយការពេញចិត្ត ទុកដូចជាខែល›។ (ទំនុក. ៥:១២) ដោយដឹងអំពីចំណុចនេះ យើងពិតជាចង់ធ្វើឲ្យព្រះពេញចិត្ត មែនទេ?
[កំណត់សម្គាល់]
^ វគ្គ 21 សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥ ទំព័រ២២ វគ្គ១៥។
តើអ្នកចាំឬទេ?
• ហេតុអ្វីព្រះយេហូវ៉ាសមនឹងទទួលការគោរពប្រណិប័តន៍ដែលផុសចេញពីចិត្តរបស់យើង?
• សព្វថ្ងៃនេះ តើព្រះយេហូវ៉ាគាប់ចិត្តនឹងគ្រឿងបូជាបែបណា?
• តើពាក្យ«ដង្វាយនៃបបូរមាត់យើងខ្ញុំជំនួសគោឈ្មោល»សំដៅទៅលើអ្វី? ហើយហេតុអ្វីយើងគួរតែឲ្យគ្រឿងបូជានេះដល់ព្រះយេហូវ៉ា?
• ហេតុអ្វីយើងត្រូវធ្វើឲ្យព្រះពេញចិត្ត?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១៧]
តើអ្នកប្រកាសទំនាយរបស់ព្រះបានសុំឲ្យ ស្ត្រីដែលជាម្ដាយម្នាក់ធ្វើការសម្រេចចិត្តដ៏សំខាន់អ្វី?
[រូបភាពនៅទំព័រ១៨]
ដោយសារយើងជូនព្រះយេហូវ៉ានូវសេចក្ដីសរសើរ ជាគ្រឿងបូជា តើយើងទទួលប្រយោជន៍អ្វីខ្លះ?
[រូបភាពនៅទំព័រ២១]
បើអ្នកទុកចិត្តព្រះយេហូវ៉ាយ៉ាងស្មោះ នោះអ្នកនឹងមិនដែលខកចិត្តឡើយ