ចូរស្រឡាញ់សេចក្ដីសុចរិតឲ្យអស់ពីចិត្ដ
ចូរស្រឡាញ់សេចក្ដីសុចរិតឲ្យអស់ពីចិត្ត
«ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត»។—ទំនុក. ៤៥:៧
១. តើអ្វីនឹងជួយយើងឲ្យដើរតាម«ផ្លូវសុចរិត»?
ព្រះ យេហូវ៉ាកំពុងនាំរាស្ត្ររបស់លោកឲ្យដើរតាម«ផ្លូវសុចរិត» ដោយប្រើគម្ពីរនិងសកម្មពលបរិសុទ្ធ។ (ទំនុក. ២៣:៣) ប៉ុន្តែ ដោយសារយើងជាមនុស្សមានភាពខុសឆ្គង យើងមានទំនោរចិត្តដែលចង់តែបែរចេញពីផ្លូវនោះជានិច្ច។ ហេតុនេះហើយ យើងត្រូវតែខំព្យាយាមមែន ដើម្បីធ្វើអ្វីៗដែលត្រឹមត្រូវវិញ។ បើដូច្នេះ តើអ្វីនឹងជួយយើងឲ្យទទួលជោគជ័យក្នុងការដើរតាមផ្លូវនេះ? យើងត្រូវស្រឡាញ់អ្វីៗដែលត្រឹមត្រូវ ដូចលោកយេស៊ូដែរ។—សូមអាន ទំនុកតម្កើង ៤៥:៧
២. តើ«ផ្លូវសុចរិត»គឺជាអ្វី?
២ តើ«ផ្លូវសុចរិត»ជាអ្វី? នេះជា«ផ្លូវ»ក្នុងន័យធៀបដែលជារបៀបរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ ក្នុងភាសាហេប្រឺនិងភាសាក្រិច ពាក្យដែលបានបកប្រែថា«សេចក្ដីសុចរិត»សំដៅទៅលើអ្វីដែល«ទៀងត្រង់» ហើយបង្កប់អត្ថន័យថា ការកាន់តាមយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍សីលធម៌។ ដោយសារព្រះយេហូវ៉ាជា«ទីលំនៅនៃសេចក្ដីសុចរិត» ពួកអ្នកដែលគោរពប្រណិប័តន៍លោក ពេញចិត្តឲ្យលោកធ្វើជាអ្នកសម្រេចផ្លូវសុចរិតដែលពួកគេត្រូវដើរតាម។—យេ. ៥០:៧
៣. តើយើងអាចរៀនថែមទៀតអំពីសេចក្ដីសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?
៣ វិធីតែមួយគត់ដែលយើងអាចធ្វើឲ្យព្រះពេញចិត្ត គឺយើងត្រូវខំប្រឹងធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់លោកឲ្យអស់ពីចិត្ត។ (ចោ. ៣២:៤) យើងអាចធ្វើដូច្នេះបានដោយចាប់ផ្ដើមរៀនអំពីព្រះយេហូវ៉ាឲ្យបានច្រើនបំផុតតាមរយៈបណ្ដាំរបស់លោក ពោលគឺគម្ពីរបរិសុទ្ធ។ ពេលដែលយើងរៀនអំពីលោកកាន់តែច្រើន ហើយចូលទៅជិតលោកកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃ នោះយើងក៏នឹងស្រឡាញ់សេចក្ដីសុចរិតរបស់លោកកាន់តែខ្លាំងឡើងៗដែរ។ (យ៉ា. ៤:៨) ម្យ៉ាងទៀត ពេលត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ យើងត្រូវតែទទួលយកនូវការណែនាំដែលមកពីគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។
ចូរស្វែងរកសេចក្ដីសុចរិតរបស់ព្រះ
៤. តើការស្វែងរកសេចក្ដីសុចរិតរបស់ព្រះរួមបញ្ចូលអ្វីខ្លះ?
៤ សូមអាន ម៉ាថាយ ៦:៣៣។ ការស្វែងរកសេចក្ដីសុចរិតរបស់ព្រះរួមបញ្ចូលអ្វីៗច្រើនជាង មិនគ្រាន់តែការចំណាយពេលដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះប៉ុណ្ណោះទេ។ ដើម្បីធ្វើឲ្យព្រះពេញចិត្តចំពោះកិច្ចបម្រើពិសិដ្ឋរបស់យើង នោះការប្រព្រឹត្តប្រចាំថ្ងៃរបស់យើងត្រូវតែសមស្របតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់លោក។ ដូច្នេះ តើពួកអ្នកដែលចង់ស្វែងរកសេចក្ដីសុចរិតរបស់ព្រះត្រូវតែធ្វើអ្វី? ពួកគេត្រូវ«ពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។—អេភ. ៤:២៤
៥. តើអ្វីនឹងជួយយើងឲ្យយកឈ្នះការធ្លាក់ទឹកចិត្ត?
៥ កាលដែលយើងខំព្យាយាមរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះ ជួនកាលយើងអាចធ្លាក់ទឹកចិត្តដោយសារភាពទន់ខ្សោយរបស់យើង។ តើអ្វីអាចជួយយើងឲ្យយកឈ្នះការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយរៀនឲ្យចេះស្រឡាញ់និងប្រព្រឹត្តតាមសេចក្ដីសុចរិតវិញ? (សុភ. ២៤:១០) យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់«ដោយមានចិត្តស្មោះនិងមានទំនុកចិត្តទាំងស្រុងដែលមកពីជំនឿ»។ (ហេ. ១០:១៩-២២) ទោះជាយើងជាគ្រិស្តសាសនិកដែលមានសង្ឃឹមឡើងទៅស្ថានសួគ៌ ឬរស់នៅផែនដីក្ដី យើងបង្ហាញជំនឿទៅលើគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូគ្រិស្តនិងបង្ហាញជំនឿទៅលើភារកិច្ចរបស់លោកជាសម្ដេចសង្ឃឧត្តុង្គឧត្តម។ (រ៉ូម ៥:៨; ហេ. ៤:១៤-១៦) សាវ័កយ៉ូហានបានសរសេរថា៖ «ឈាមរបស់លោកយេស៊ូ . . . សម្អាតយើងពីភាពខុសឆ្គងទាំងអស់»។ (១យ៉ូន. ១:៦, ៧) គម្ពីរចែងអំពីរឿងនេះថា ទោះជាភាពខុសឆ្គងរបស់យើង«ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ»វិញ។ ពិតជាអស្ចារ្យមែនដែលព្រះយេហូវ៉ាផ្ដល់គ្រឿងបូជាដែលជាថ្លៃលោះតាមរយៈបុត្រជាទីស្រឡាញ់របស់លោក!—អេ. ១:១៨
តើគ្រឿងចម្បាំងដែលអ្នកទទួលពីព្រះនៅតែរឹងមាំឬទេ?
៦. ហេតុអ្វីជាការសំខាន់បំផុតឲ្យយើងពិនិត្យមើលថាគ្រឿងចម្បាំងដែលយើងទទួលពីព្រះនៅតែរឹងមាំនោះ?
៦ គ្រប់ពេលវេលា យើងត្រូវតែពាក់«សេចក្ដីសុចរិតជាអាវការពារដើមទ្រូង» ពីព្រោះនេះជាផ្នែកដ៏សំខាន់ចាំបាច់មួយនៃគ្រឿងចម្បាំងរបស់ព្រះ។ (អេភ. ៦:១១, ១៤) ទោះជាយើងទើបតែប្រគល់ខ្លួនជូនព្រះយេហូវ៉ា ឬយើងបានបំពេញកិច្ចបម្រើពិសិដ្ឋអស់ជាច្រើនឆ្នាំហើយក៏ដោយ ជាការសំខាន់បំផុតឲ្យយើងពិនិត្យមើលជារៀងរាល់ថ្ងៃថាគ្រឿងចម្បាំងដែលយើងទទួលពីព្រះនៅតែរឹងមាំឬយ៉ាងណា។ ហេតុអ្វី? ពីព្រោះមេកំណាចនិងពួកវិញ្ញាណកំណាចរបស់វា បានត្រូវបោះទំលាក់មកផែនដី។ (បប. ១២:៧-១២) សាថានខឹងខ្លាំងណាស់ ហើយវាដឹងថាវាមានពេលសល់តែបន្ដិចបន្តួចទេ។ ហេតុនេះ វាវាយប្រហាររាស្ត្ររបស់ព្រះរឹតតែខ្លាំងជាងមុនទៅទៀត។ ដូច្នេះ គឺសំខាន់ណាស់ឲ្យយើងពាក់«សេចក្ដីសុចរិតជាអាវការពារដើមទ្រូង»។
៧. បើយើងឲ្យតម្លៃចំពោះការពាក់«សេចក្ដីសុចរិតជាអាវការពារដើមទ្រូង» តើយើងនឹងប្រព្រឹត្តយ៉ាងណា?
៧ ដូចអាវការពារដើមទ្រូងអាចការពារបេះដូងរបស់យើង សេចក្ដីសុចរិតក៏ការពារចិត្តរបស់យើងដែរ។ ដោយសារភាពខុសឆ្គង ចិត្តរបស់យើងជាគ្រឿងបញ្ឆោតឬវៀចវេរ ហើយក៏អាក្រក់ផងដែរ។ (យេ. ១៧:៩) ដោយដឹងថាចិត្តយើងមានទំនោរចង់តែធ្វើអ្វីដែលខុសឆ្គង នោះសំខាន់មែនឲ្យយើងអប់រំចិត្តនិងចេះទប់ចិត្តរបស់យើង។ (លោ. ៨:២១) បើយើងឲ្យតម្លៃចំពោះការពាក់«សេចក្ដីសុចរិតជាអាវការពារដើមទ្រូង» នោះយើងនឹងមិនយកអាវការពារដើមទ្រូងនេះចេញទេ ពោលគឺឈប់ប្រព្រឹត្តតាមសេចក្ដីសុចរិតម្ដងម្កាល ដើម្បីចូលរួមក្នុងការកម្សាន្តដែលព្រះស្អប់ ឬបណ្ដោយខ្លួនឲ្យស្រមើស្រមៃអំពីការប្រព្រឹត្តខុសណាមួយដែលខ្លួនយើងអាចធ្វើបាននោះឡើយ។ យើងក៏នឹងមិនចំណាយពេលវេលាច្រើនហួសហេតុពេក ក្នុងការមើលកម្មវិធីទូរទស្សន៍ដែរ។ ផ្ទុយទៅវិញ យើងនឹងបន្តខំប្រឹងធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្ត។ ទោះជាយើងជំពប់ដួលមួយរយៈពេល ដោយបានបណ្ដោយខ្លួនឲ្យធ្វើអ្វីដែលផុសចេញពីភាពខុសឆ្គងក៏ដោយ ក៏យើងអាចក្រោកឡើងម្ដងទៀតបានដោយមានជំនួយពីព្រះយេហូវ៉ាដែរ។—សូមអាន សុភាសិត ២៤:១៦
៨. ហេតុអ្វីយើងត្រូវការ«ខែលធំនៃជំនឿ»?
៨ គ្រឿងចម្បាំងមួយទៀតដែលយើងទទួលពីព្រះគឺជា«ខែលធំនៃជំនឿ»។ គ្រឿងចម្បាំងនេះអាចជួយយើងឲ្យ«ពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច»។ (អេភ. ៦:១៦) ម្យ៉ាងទៀត ជំនឿនិងការស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្តជួយយើងឲ្យបង្ហាញសេចក្ដីសុចរិត ហើយបន្តដើរតាមផ្លូវដែលនាំទៅឯជីវិតដែលគ្មានទីបញ្ចប់។ ពេលយើងរៀនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង នោះយើងក៏នឹងឲ្យតម្លៃកាន់តែច្រើនចំពោះសេចក្ដីសុចរិតរបស់លោកដែរ។ ប៉ុន្តែ ចុះយ៉ាងណាចំពោះសមត្ថភាពវិនិច្ឆ័យរបស់យើង? តើសមត្ថភាពវិនិច្ឆ័យជួយយើងឲ្យខំព្យាយាមស្រឡាញ់សេចក្ដីសុចរិតយ៉ាងដូចម្ដេច?
រក្សាឲ្យមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស
៩. បើយើងរក្សាឲ្យមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស តើមានប្រយោជន៍យ៉ាងណា?
៩ ពេលដែលយើងទទួលការជ្រមុជទឹក យើងបានសុំព្រះយេហូវ៉ាឲ្យផ្ដល់នូវ«សមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។ (១ពេ. ៣:២១) ដោយសារយើងបង្ហាញជំនឿលើតម្លៃលោះ នោះឈាមរបស់លោកយេស៊ូគ្របបាំងនូវភាពខុសឆ្គងរបស់យើង ហើយយើងអាចរក្សាខ្លួនឲ្យស្អាតស្អំចំពោះព្រះ។ ក៏ប៉ុន្តែ ដើម្បីរក្សាខ្លួនឲ្យស្អាតស្អំចំពោះព្រះ យើងត្រូវតែរក្សាឲ្យមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ បើសមត្ថភាពវិនិច្ឆ័យបន្ទោសយើងនិងព្រមានយើងអំពីរឿងណាមួយ នោះយើងគួរតែសប្បាយចិត្តដោយដឹងថាសមត្ថភាពវិនិច្ឆ័យរបស់យើងកំពុងមានដំណើរការយ៉ាងត្រឹមត្រូវ។ នេះបង្ហាញថាសមត្ថភាពវិនិច្ឆ័យរបស់យើងមិនស្ពឹកក្នុងការធ្វើតាមផ្លូវសុចរិតរបស់ព្រះយេហូវ៉ាឡើយ។ (១ធី. ៤:២) ប៉ុន្តែសមត្ថភាពវិនិច្ឆ័យអាចមានតួនាទីមួយទៀតចំពោះពួកអ្នកដែលចង់ស្រឡាញ់សេចក្ដីសុចរិត។
១០, ១១. (ក) សូមលើកបទពិសោធន៍មួយដែលបង្ហាញអំពីមូលហេតុដែលយើងត្រូវយកចិត្តទុកដាក់ស្ដាប់សមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំដោយគម្ពីរ។ (ខ) ហេតុអ្វីការស្រឡាញ់សេចក្ដីសុចរិតនាំឲ្យចិត្តយើងរីករាយក្រៃលែង?
១០ ពេលយើងធ្វើអ្វីមួយខុស សមត្ថភាពវិនិច្ឆ័យរបស់យើងអាចផ្ដន្ទាទោស ឬធ្វើទុក្ខយើង។ យុវជនម្នាក់បានឃ្លាតចេញពី«ផ្លូវសុចរិត» ដោយញៀនមើលរូបអាសអាភាស និងចាប់ផ្ដើមជក់កញ្ឆា។ ពេលដែលគាត់ទៅប្រជុំ នោះគាត់មានអារម្មណ៍ថាខ្លួនខុស ហើយពេលដែលគាត់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយ គាត់មានអារម្មណ៍ថាខ្លួនជាមនុស្សលាក់ពុត ដូច្នេះគាត់បានសម្រេចចិត្តឈប់ចូលរួមក្នុងសកម្មភាពរបស់គ្រិស្តសាសនិកទៀត។ គាត់បាននិយាយថា៖ «ខ្ញុំមិនបានចាប់អារម្មណ៍ថាសមត្ថភាពវិនិច្ឆ័យអាចផ្ដន្ទាទោសខ្ញុំដោយសារការប្រព្រឹត្តរបស់ខ្ញុំទេ»។ គាត់បានបន្ថែមទៀតថា៖ «ខ្ញុំបន្តមានគំនិតល្ងីល្ងើបែបនេះប្រហែលបួនឆ្នាំ»។ ក្រោយមក គាត់បានចាប់ផ្ដើមគិតអំពីការចូលក្នុងសេចក្ដីពិតវិញ។ ទោះជាគាត់បានគិតថាព្រះយេហូវ៉ានឹងមិនស្ដាប់ការអធិដ្ឋានរបស់គាត់ក៏ដោយ គាត់នៅតែអធិដ្ឋានដើម្បីសុំការអភ័យទោសពីលោក។ មិនដល់១០នាទីផង ម្ដាយរបស់គាត់បានមកលេងគាត់ ហើយបានលើកទឹកចិត្តគាត់ឲ្យមកចូលរួមប្រជុំវិញ។ គាត់បានទៅសាលប្រជុំ ហើយបានសុំអ្នកចាស់ទុំម្នាក់ដើម្បីបង្រៀនគម្ពីរដល់គាត់។ មិនយូរក្រោយមក គាត់បានជ្រមុជទឹក ហើយគាត់មានអំណរគុណដល់ព្រះយេហូវ៉ាណាស់ដែលលោកបានសង្គ្រោះគាត់។
១១ ការធ្វើអ្វីដែលត្រឹមត្រូវពិតជានាំឲ្យយើងរីករាយក្រៃលែង មែនទេ? ពេលដែលយើងរៀនឲ្យចេះស្រឡាញ់សេចក្ដីសុចរិត ហើយខំប្រឹងធ្វើតាមយ៉ាងផ្ចិតផ្ចង់ នោះយើងនឹងមានអំណរច្រើនជាងក្នុងការធ្វើអ្វីដែលនាំឲ្យបិតានៅស្ថានសួគ៌របស់យើងពេញចិត្ត។ ម្យ៉ាងទៀត សូមគិតទៅមើល! មិនយូរទៀត មនុស្សទាំងអស់នឹងមានសមត្ថភាពវិនិច្ឆ័យដែលធ្វើឲ្យពួកគេសប្បាយរីករាយតែម្យ៉ាងប៉ុណ្ណោះ ហើយនៅពេលនោះ ពួកគេនឹងបង្ហាញយ៉ាងល្អឥតខ្ចោះនូវលក្ខណៈរបស់ព្រះ។ ដូច្នេះ ឥឡូវនេះ សូមយើងរៀនឲ្យចេះស្រឡាញ់សេចក្ដីសុចរិតឲ្យអស់ពីជម្រៅចិត្ត ហើយដោយយើងធ្វើដូច្នេះនាំឲ្យព្រះយេហូវ៉ារីករាយក្នុងចិត្តណាស់។—សុភ. ២៣:១៥, ១៦
១២, ១៣. តើយើងអាចអប់រំសមត្ថភាពវិនិច្ឆ័យរបស់យើងយ៉ាងដូចម្ដេច?
១២ តើយើងអាចអប់រំសមត្ថភាពវិនិច្ឆ័យរបស់យើងយ៉ាងដូចម្ដេច? ពេលដែលយើងសិក្សាគម្ពីរ និងសៀវភៅដែលមានមូលដ្ឋានពីគម្ពីរ គឺជាការសំខាន់ឲ្យយើងចងចាំថា«ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ»។ (សុភ. ១៥:២៨) សូមពិចារណាអំពីរបៀបដែលខគម្ពីរនេះជួយយើងនៅពេលយើងជួបបញ្ហាដែលទាក់ទងនឹងការងារ។ បើយើងដឹងច្បាស់ថាការងាររបស់យើងខុសពីគោលការណ៍គម្ពីរ នោះយើងភាគច្រើននឹងធ្វើតាមភ្លាមៗនូវអ្វីដែលក្រុមខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាណែនាំយើង។ ក៏ប៉ុន្តែ ពេលដែលយើងមិនច្បាស់ថាការងារបែបណាដែលយើងអាចធ្វើបាន នោះយើងត្រូវតែស្វែងរកគោលការណ៍ក្នុងគម្ពីរដែលទាក់ទងនឹងកាលៈទេសៈនោះ ហើយត្រូវពិចារណានិងអធិដ្ឋានអំពីគោលការណ៍ទាំងនោះដែរ។ * នេះក៏រួមបញ្ចូលគោលការណ៍ដែលថាយើងត្រូវប្រយ័ត្នដើម្បីមិនធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀតជំពប់ដួល។ (១កូ. ១០:៣១-៣៣) ជាពិសេស យើងគួរយកចិត្តទុកដាក់ចំពោះគោលការណ៍ដែលទាក់ទងនឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។ បើយើងចាត់ទុកព្រះយេហូវ៉ាជាបុគ្គលពិតមួយរូប មុនដំបូងយើងនឹងសួរខ្លួនយើងថា៖ ‹បើខ្ញុំធ្វើការងារនេះ តើខ្ញុំនឹងធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តឬទេ?›។—ទំនុក. ៧៨:៤០, ៤១
១៣ ពេលរៀបចំសម្រាប់សិក្សាទស្សនាវដ្ដីប៉មយាម ឬសិក្សាគម្ពីរជាក្រុមជំនុំ យើងគួរចងចាំថា យើងត្រូវតែរំពឹងគិតទៅលើព័ត៌មាន
ទាំងនោះ។ ពេលរៀបចំ តើយើងតែងតែគូសចម្លើយភ្លាមៗពីវគ្គមួយទៅវគ្គមួយប៉ុណ្ណោះឬ? ការរៀបចំយ៉ាងនេះទំនងជាមិនជួយយើងឲ្យស្រឡាញ់សេចក្ដីសុចរិតកាន់តែខ្លាំងទេ ឬក៏មិនជួយធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់យើងឆាប់ព្រមាននូវគ្រោះថ្នាក់ដែរ។ បើយើងស្រឡាញ់សេចក្ដីសុចរិត យើងត្រូវសិក្សាយ៉ាងហ្មត់ចត់ និងរំពឹងគិតអំពីអ្វីដែលយើងអានក្នុងគម្ពីរ។ ការរៀនឲ្យចេះស្រឡាញ់សេចក្ដីសុចរិតឲ្យអស់ពីចិត្ត ត្រូវតែមានការព្យាយាមមែន!ចូរស្រេកឃ្លានចំពោះសេចក្ដីសុចរិត
១៤. តើព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តចង់ឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះកិច្ចបម្រើពិសិដ្ឋរបស់យើង?
១៤ ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តចង់ឲ្យយើងសប្បាយក្នុងការបំពេញកិច្ចបម្រើពិសិដ្ឋរបស់យើង។ តើអ្វីនឹងជួយយើងឲ្យមានសុភមង្គល? ប្រាកដជាការស្រឡាញ់សេចក្ដីសុចរិត! ពេលលោកយេស៊ូថ្លែងសុន្ទរកថានៅលើភ្នំ លោកបានមានប្រសាសន៍ថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងបានឆ្អែតស្កប់ស្កល់»។ (ម៉ាថ. ៥:៦) សម្រាប់ពួកអ្នកដែលចង់ស្រឡាញ់សេចក្ដីសុចរិត តើពាក្យទាំងនេះបញ្ជាក់ចំណុចសំខាន់អ្វី?
១៥, ១៦. តើមនុស្សដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិតនឹងស្កប់ចិត្តយ៉ាងដូចម្ដេច?
១៥ ពិភពលោកដែលយើងកំពុងរស់នៅស្ថិតក្រោមការគ្រប់គ្រងរបស់មេកំណាច។ (១យ៉ូន. ៥:១៩) បើយើងមើលសារព័ត៌មាននៅប្រទេសណាក៏ដោយ យើងឃើញការប្រព្រឹត្តដែលគ្មានមេត្ដា និងអំពើឃោរឃៅដែលមិនធ្លាប់មានពីមុនមកទេ។ ម្យ៉ាងទៀត ដោយសារការប្រព្រឹត្តដ៏អាក្រក់ជួជាតិដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នោះធ្វើឲ្យមនុស្សសុចរិតស្ទើរតែមិនចង់ជឿចំពោះអ្វីដែលពួកគេបានឃើញ។ (សាស្ដ. ៨:៩) យើងជាអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា យើងដឹងថាមានតែលោកទេដែលអាចបំពេញការស្រេកឃ្លានរបស់យើងម្នាក់ៗចំពោះសេចក្ដីសុចរិតបាន។ បន្ដិចទៀត មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញចោល ហើយអស់អ្នកដែលស្រឡាញ់សេចក្ដីសុចរិត នឹងលែងកើតទុក្ខដោយសារពួកអ្នកបំពានច្បាប់និងការប្រព្រឹត្តដ៏អាក្រក់របស់ពួកគេទៀត។ (២ពេ. ២:៧, ៨) នេះនឹងនាំឲ្យមានការធូរស្រាលក្នុងចិត្តមែន!
១៦ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ានិងជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត យើងទទួលស្គាល់ថាពួកអ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត«នឹងបានឆ្អែតស្កប់ស្កល់»។ ពួកគេនឹងស្កប់ចិត្តបំផុតចំពោះការរៀបចំរបស់ព្រះស្តីអំពីមេឃថ្មីនិងផែនដីថ្មីដែលនៅទីនោះ«សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ (២ពេ. ៣:១៣) ដូច្នេះ សូមកុំធ្លាក់ទឹកចិត្ត ឬភ្ញាក់ផ្អើលឡើយដោយឃើញថាការសង្កត់សង្កិន និងអំពើឃោរឃៅបានបំបាត់សេចក្ដីសុចរិតក្នុងពិភពលោករបស់សាថាននេះ។ (សាស្ដ. ៥:៨) ព្រះយេហូវ៉ាដែលជាព្រះដ៏ខ្ពស់បំផុតជ្រាបអំពីអ្វីៗដែលកំពុងកើតឡើង ហើយមិនយូរទៀត លោកនឹងសង្គ្រោះពួកអ្នកដែលស្រឡាញ់សេចក្ដីសុចរិត។
ប្រយោជន៍ដែលមកពីការស្រឡាញ់សេចក្ដីសុចរិត
១៧. តើប្រយោជន៍ដែលមកពីការស្រឡាញ់សេចក្ដីសុចរិតមានអ្វីខ្លះ?
១៧ ទំនុកតម្កើង ១៤៦:៨បញ្ជាក់អំពីប្រយោជន៍ដ៏អស្ចារ្យមួយនៃការធ្វើតាមផ្លូវសុចរិត។ អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត»។ សូមគិតទៅមើល! មហាក្សត្រនៃសកលលោកស្រឡាញ់យើងដោយសារយើងស្រឡាញ់សេចក្ដីសុចរិត! ម្យ៉ាងទៀត ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង នោះយើងមានទំនុកចិត្តថាលោកនឹងផ្គត់ផ្គង់នូវអ្វីៗដែលយើងត្រូវការដើម្បីចិញ្ចឹមជីវិត កាលដែលយើងចាត់ទុកអ្វីៗដែលទាក់ទងនឹងរាជាណាចក្ររបស់លោកជាអ្វីដែលសំខាន់បំផុតក្នុងជីវិតយើង។ (សូមអាន ទំនុកតម្កើង ៣៧:២៥; សុភាសិត ១០:៣) នៅទីបំផុត ផែនដីទាំងមូលនឹងពោរពេញទៅដោយមនុស្សដែលស្រឡាញ់សេចក្ដីសុចរិត។ (សុភ. ១៣:២២) ចំពោះរាស្ត្ររបស់ព្រះភាគច្រើនដែលបានប្រព្រឹត្តតាមសេចក្ដីសុចរិត ពួកគេនឹងទទួលរង្វាន់ដែលជាអំណរដ៏លើសលប់ និងជីវិតដែលគ្មានទីបញ្ចប់ក្នុងផែនដីជាសួនឧទ្យាន។ សូម្បីតែឥឡូវនេះ ពួកអ្នកដែលស្រឡាញ់សេចក្ដីសុចរិតរបស់ព្រះមានសេចក្ដីសុខសាន្តក្នុងចិត្តដែលជួយពួកគេឲ្យមានសាមគ្គីភាពក្នុងក្រុមគ្រួសារនិងក្នុងក្រុមជំនុំ។—ភី. ៤:៦, ៧
១៨. កាលដែលយើងកំពុងរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ាមកដល់ តើយើងត្រូវតែធ្វើអ្វីខ្លះ?
សេផ. ២:២, ៣) ដូច្នេះ សូមឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះផ្លូវសុចរិតរបស់ព្រះយេហូវ៉ា។ នេះរួមបញ្ចូលការពាក់ឲ្យជាប់នូវ«សេចក្ដីសុចរិតជាអាវការពារដើមទ្រូង»ដើម្បីការពារចិត្តរបស់យើង។ យើងក៏ត្រូវរក្សាឲ្យមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ដែលនឹងនាំឲ្យយើងរីករាយ ហើយធ្វើឲ្យព្រះរបស់យើងរីករាយផងដែរ។—សុភ. ២៧:១១
១៨ កាលដែលយើងកំពុងរង់ចាំថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាមកដល់ យើងត្រូវតែបន្តស្វែងរកសេចក្ដីសុចរិតរបស់លោក។ (១៩. តើយើងគួរតាំងចិត្តធ្វើអ្វី? តើអត្ថបទបន្ទាប់នឹងពន្យល់អំពីអ្វី?
១៩ «ព្រះនេត្រ»ព្រះយេហូវ៉ា«ចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (២រប. ១៦:៩) កាលដែលយើងធ្វើអ្វីៗដែលត្រឹមត្រូវក្នុងពិភពលោកដ៏ច្របូកច្របល់ ដែលពោរពេញដោយអស្ថិរភាព អំពើឃោរឃៅ និងអំពើទុច្ចរិតកាន់តែច្រើនឡើងៗ នោះពាក្យទាំងនេះពិតជាសម្រាលទុក្ខយើងខ្លាំងណាស់! ពិតមែន ពេលយើងប្រព្រឹត្តតាមផ្លូវដ៏សុចរិត នោះប្រហែលជាធ្វើឲ្យមនុស្សជាច្រើនដែលនៅដាច់ឆ្ងាយពីព្រះមានការងឿងឆ្ងល់។ ប៉ុន្តែយើងទទួលប្រយោជន៍ជាបរិបូរដោយកាន់តាមសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា។ (អេ. ៤៨:១៧; ១ពេ. ៤:៤) ដូច្នេះ ដោយមានចិត្តស្មោះត្រង់ សូមឲ្យយើងតាំងចិត្តបន្តស្រឡាញ់និងធ្វើតាមសេចក្ដីសុចរិតឲ្យអស់ពីចិត្ត ដែលនេះនឹងនាំឲ្យចិត្តយើងរីករាយ។ ប៉ុន្តែ ការមានចិត្តស្មោះត្រង់ក៏រួមបញ្ចូលការស្អប់ការប្រឆាំងច្បាប់ដែរ។ តើការស្អប់ការប្រឆាំងច្បាប់មានន័យយ៉ាងណា? អត្ថបទបន្ទាប់នឹងពន្យល់អំពីរឿងនេះ។
[កំណត់សម្គាល់]
^ វគ្គ 12 ដើម្បីពិគ្រោះអំពីគោលការណ៍ដែលទាក់ទងនឹងការងារ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៦ ទំព័រ១១ វគ្គ១១-១៣។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ដើម្បីស្រឡាញ់សេចក្ដីសុចរិត ហេតុអ្វីចាំបាច់ឲ្យយើងមានចិត្តដឹងគុណចំពោះថ្លៃលោះ?
• ហេតុអ្វីសំខាន់ឲ្យយើងពាក់«សេចក្ដីសុចរិតជាអាវការពារដើមទ្រូង»?
• តើយើងអាចអប់រំសមត្ថភាពវិនិច្ឆ័យរបស់យើងយ៉ាងដូចម្ដេច?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៤]
សមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំដោយគម្ពីរ ជួយយើងឲ្យសម្រេចចិត្តយ៉ាងត្រឹមត្រូវស្តីអំពីការងារ