លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើពិតជាមានសួនច្បារអេដែនមែនឬ?

តើពិតជាមានសួនច្បារអេដែនមែនឬ?

តើ​ពិត​ជា​មាន​សួន​ច្បារ​អេដែន​មែន​ឬ?

តើ​លោក​អ្នក​ធ្លាប់​ឮ​អំពី​រឿង​អាដាម អេវ៉ា និង​សួន​ច្បារ​អេដែន​ឬ​ទេ? មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​ធ្លាប់​ឮ​អំពី​រឿង​នេះ។ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​អាន​រឿង​នេះ​ដោយ​ផ្ទាល់។ រឿង​នេះ​មាន​កត់​សរសេរ​នៅ​ក្នុង​សៀវភៅ​លោកុប្បត្តិ ១:២៦–៣:២៤។ ចំណុច​សំខាន់​ៗ​នៃ​រឿង​នេះ​មាន​ដូច​ត​ទៅ:

ព្រះ​យេហូវ៉ា *បង្កើត​បុរស​ម្នាក់​ពី​ធូលី​ដី លោក​ដាក់​ឈ្មោះ​គាត់​ថា​អាដាម ហើយ​ឲ្យ​គាត់​រស់​នៅ​ក្នុង​សួន​ច្បារ​នៅ​តំបន់​មួយ​ហៅ​ថា​អេដែន។ ព្រះ​បាន​រៀប​ចំ​សួន​ច្បារ​នោះ​ដោយ​ផ្ទាល់។ សួន​ច្បារ​នេះ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ហើយ​មាន​ដើម​ឈើ​ស្រស់បំព្រង​ជា​ច្រើន​ដែល​បង្កើត​ផល​ផ្លែ។ នៅ​កណ្ដាល​សួន​មាន​«​ដើម​ដឹង​ខុស​ត្រូវ​»​ ដែល​ព្រះ​ហាម​មនុស្ស​មិន​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​នោះ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​មិន​ស្ដាប់​តាម​ការ​បង្គាប់​នេះ​នឹង​នាំ​ឲ្យ​ស្លាប់។ មិន​យូរ​ក្រោយ​មក ព្រះ​យេហូវ៉ា​បង្កើត​ជំនួយ​ម្នាក់​ដល់​អាដាម គឺ​នាង​អេវ៉ា។ លោក​បាន​បង្កើត​នាង​ដោយ​ប្រើ​ឆ្អឹង​ជំនីរ​មួយ​របស់​អាដាម។ ព្រះ​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​គេ​ថែ​រក្សា​សួន​ច្បារ​នោះ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​បង្កើត​កូន​ឲ្យ​មាន​ពាស​ពេញ​លើ​ផែនដី។

ពេល​នាង​អេវ៉ា​នៅ​ម្នាក់​ឯង សត្វ​ពស់​មួយ​និយាយ​ជា​មួយ​នឹង​នាង ហើយ​ល្បួង​នាង​ឲ្យ​បរិភោគ​ផ្លែ​ដែល​ព្រះ​បាន​ហាម ដោយ​អះអាង​ថា​លោក​បាន​កុហក​នាង​និង​លាក់​អ្វី​មួយ​ដែល​ល្អ​ពី​នាង ដែល​អាច​ធ្វើ​ឲ្យ​នាង​ដូច​ព្រះ។ នាង​ចាញ់​បញ្ឆោត​វា ហើយ​បរិភោគ​ផ្លែ​ដែល​ព្រះ​បាន​ហាម​នោះ។ ក្រោយ​មក អាដាម​ក៏​មិន​ស្ដាប់​បង្គាប់​ព្រះ​តាម​នាង​ដែរ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​អាដាម អេវ៉ា និង​សត្វ​ពស់។ បន្ទាប់​មក លោក​បាន​បណ្ដេញ​មនុស្ស​ទាំង​ពីរ​នាក់​នោះ​ចេញ​ពី​សួន​ច្បារ ហើយ​ដាក់​ទេវតា​យាម​ផ្លូវ​ចូល​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​សួន​នោះ​ទៀត។

ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ បញ្ញវន្ត និង​អ្នក​ប្រវត្ដិសាស្ត្រ ពួក​គេ​ធ្លាប់​និយម​ចាត់​ទុក​កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​ថា​ជា​រឿង​ពិត ហើយ​ស្រប​តាម​ប្រវត្ដិសាស្ត្រ។ រីឯ​សព្វ​ថ្ងៃ​នេះ បែរ​ជា​មាន​គេ​សង្ស័យ​ច្រើន​ជាង​អំពី​រឿង​នេះ​ទៅ​វិញ។ ប៉ុន្តែ ស្តី​អំពី​កំណត់​ហេតុ​នៅ​សៀវភៅ​លោកុប្បត្តិ​ដែល​រៀប​រាប់​អំពី​អាដាម អេវ៉ា និង​សួន​ច្បារ​អេដែន តើ​ការ​សង្ស័យ​របស់​មនុស្ស​ទាំង​នោះ​មាន​មូលដ្ឋាន​លើ​អ្វី​ខ្លះ? សូម​ឲ្យ​យើង​ពិចារណា​អំពី​ការ​ជំទាស់​បួន​យ៉ាង។

១​. តើ​ទី​តាំង​របស់​សួន​ច្បារ​អេដែន​មាន​ពិត​ប្រាកដ​ឬ?

ហេតុ​អ្វី​គេ​សង្ស័យ​អំពី​រឿង​នេះ? ទស្សនវិជ្ជា​ប្រហែលជា​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​សង្ស័យ​យ៉ាង​នេះ។ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ពួក​សាសនវិទូ​ធ្លាប់​ប៉ាន់ស្មាន​ថា​នៅ​តែ​មាន​សួន​ច្បារ​របស់​ព្រះ​ក្នុង​កន្លែង​ណា​មួយ។ ក៏​ប៉ុន្តែ ពិភព​គ្រិស្ត​សាសនា​ទទួល​ឥទ្ធិពល​ពី​ពួក​អ្នក​ទស្សនវិទូ​ជន​ជាតិ​ក្រិច​ដូច​ជា​ប្លាតុង​និង​អារីស្តូត ដែល​បាន​ជឿ​ថា​គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​នៅ​ផែនដី​ទេ មាន​តែ​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ។ ដូច្នេះ ពួក​សាសនវិទូ​បាន​វែក​ញែក​ថា សួន​ឧទ្យាន​ដើម​ដំបូង​ត្រូវ​តែ​មាន​ទី​តាំង​នៅ​ជិត​ស្ថាន​សួគ៌​ជាង។ * មនុស្ស​ខ្លះ​បាន​និយាយ​ថា​ទី​តាំង​សួន​នោះ​ស្ថិត​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​មួយ ដែល​មាន​កម្ពស់​ល្មម​ដើម្បី​មិន​ឲ្យ​សួន​នោះ​ទទួល​ឥទ្ធិពល​អាក្រក់​ពី​កន្លែង​ឯ​ទៀត​នៅ​ផែនដី។ ខ្លះ​ទៀត​គិត​ថា​វា​នៅ​ប៉ូល​ខាង​ជើង​ឬ​ប៉ូល​ខាង​ត្បូង។ រីឯ​អ្នក​ឯ​ទៀត គេ​ជឿ​ថា​ទី​តាំង​គឺ​ធ្លាប់​មាន​នៅ​ជិត​ឬ​នៅ​លើ​ព្រះ​ចន្ទ​វិញ។ ម្ល៉ោះ​ហើយ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​មនុស្ស​គិត​ថា​សួន​ច្បារ​អេដែន​គឺជា​ការ​ស្រមើ​ស្រមៃ​នោះ។ អ្នក​ប្រាជ្ញ​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​រឿង​អំពី​ទី​តាំង​របស់​សួន​ច្បារ​អេដែន​ជា​រឿង​ដែល​ឥត​ប្រយោជន៍ ហើយ​ថា​មិន​ដែល​មាន​កន្លែង​បែប​នោះ​ឡើយ។

ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​អំពី​សួន​ច្បារ​អេដែន​យ៉ាង​នេះ​ឡើយ។ នៅ​លោកុប្បត្តិ ២:៨​-​១៤ បាន​រៀប​រាប់​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​អំពី​កន្លែង​នោះ។ ទី​តាំង​សួន​នោះ​គឺ​នៅ​តំបន់​អេដែន​ទិស​ខាង​កើត។ មាន​ក្បាល​ទឹក​មួយ​ក្នុង​សួន​នោះ​ដែល​ជា​ប្រភព​នៃ​ទន្លេ​បួន។ ទន្លេ​នីមួយ​ៗ​មាន​ឈ្មោះ​ជាក់​លាក់ ហើយ​មាន​ព័ត៌មាន​ខ្លះ​ៗ​ដែល​ទាក់​ទង​នឹង​ទន្លេ​ទាំង​នោះ​ផង​ដែរ។ ជា​យូរ​យារ​មក​ហើយ ព័ត៌​មាន​ទាំង​នេះ​បាន​ទាក់​ទាញ​ចិត្ត​ពួក​អ្នក​ប្រាជ្ញ​ជា​ច្រើន​នាក់ ឲ្យ​ពួក​គេ​សិក្សា​បទ​គម្ពីរ​ខាង​លើ​នេះ​យ៉ាង​ស៊ី​ជម្រៅ​ដើម្បី​រុករ​ក​ទី​តាំង​របស់​សួន​អេដែន​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ជា​ច្រើន​រាប់​មិន​អស់។ តើ​នេះ​មាន​ន័យ​ថា​ការ​ពណ៌​នា​អំពី​តំបន់​អេដែន​ដែល​មាន​ទាំង​សួន​ច្បារ​និង​ទន្លេ​ទាំង​នោះ ជា​រឿង​មិន​ពិត​ឬ​ជា​រឿង​ដែល​គេ​បាន​ប្រឌិត​ឡើង​ឬ​ទេ?

សូម​ពិចារណា​ចំណុច​ទាំង​នេះ: ព្រឹត្ដិការណ៍​ដែល​មាន​ក្នុង​សួន​ច្បារ​អេដែន បាន​កើត​ឡើង​ប្រហែល​៦.០០០​ឆ្នាំ​មុន។ តាម​មើល​ទៅ ម៉ូសេ​ជា​អ្នក​សរសេរ​អំពី​អ្វី​ៗ​ទាំង​នោះ ហើយ​គាត់​ប្រហែលជា​បាន​ព័ត៌មាន​ពី​ការ​ឮ​ត​ៗ​គ្នា ឬ​ឯកសារ​ដែល​មាន​នៅ​សម័យ​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ម៉ូសេ​បាន​សរសេរ​អំពី​ព្រឹត្ដិការណ៍​ទាំង​នោះ​ប្រហែល​២.៥០០​ឆ្នាំ​ក្រោយ​ព្រឹត្ដិការណ៍​នោះ​កើត​ឡើង។ នៅ​ពេល​នោះ​សួន​ច្បារ​អេដែន​ជា​រឿង​ប្រវត្ដិសាស្ត្រ​រួច​ទៅ​ហើយ។ សូម​គិត​ទៅ​មើល ក្នុង​អំឡុង​ពេល​ជា​ច្រើន​សតវត្សរ៍ តើ​សញ្ញា​សម្គាល់​ផ្សេង​ៗ​នៃ​ទី​តាំង​របស់​សួន​ច្បារ​អេដែន ដូច​ជា​ទន្លេ​ជា​ដើម អាច​ប្រែ​ប្រួល​បាន​ឬ​ទេ? ពិត​ជា​អាច​មែន ពីព្រោះ​ស្រទាប់​លើ​នៃ​ផ្ទៃ​ផែនដី​តែង​តែ​មាន​ចលនា​ជា​និច្ច។ តំបន់​ដែល​ទំនង​ជា​ទី​តាំង​របស់​សួន​ច្បារ​អេដែន​គឺ​ស្ថិត​នៅ​តំបន់​ដែល​មាន​ការ​រញ្ជួយ​ដី​ជា​ញឹក​ញាប់ ហើយ​សព្វ​ថ្ងៃ​នេះ តំបន់​នោះ​មាន​ប្រហែល​១៧​ភាគ​រយ​ជា​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក។ ដូច្នេះ នៅ​តំបន់​បែប​នោះ មាន​ការ​ប្រែ​ប្រួល​ជា​ការ​ធម្មតា។ បន្ថែម​ទៅ​ទៀត ទឹក​ជំនន់​នៃ​សម័យ​ណូអេ ប្រហែលជា​បាន​កែប្រែ​ទី​តាំង​នៃ​ភូមិសាស្ត្រ​ខុស​ពី​សភាព​ដើម​តាម​វិធី​ដែល​យើង​មិន​អាច​យល់​បាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ *

ប៉ុន្តែ​យើង​ដឹង​អំពី​ហេតុ​ការណ៍​ពិត​ខ្លះ។ កំណត់​ហេតុ​នៃ​សៀវភៅ​លោកុប្បត្តិ​រៀប​រាប់​អំពី​សួន​ច្បារ​អេដែន​ជា​កន្លែង​ពិត​មួយ។ ទន្លេ​ពីរ​ក្នុង​ចំណោម​ទន្លេ​ទាំង​បួន​ក្នុង​កំណត់​ហេតុ​នោះ គឺ​ទន្លេ​អឺប្រាត​និង​ទន្លេ​ទីគ្រី​ឬ​ហ៊ីដេកែល ដែល​នៅ​តែ​មាន​សព្វ​ថ្ងៃ​នេះ ហើយ​ក្បាល​ទឹក​ខ្លះ​របស់​ទន្លេ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ជិត​ៗ​គ្នា។ កំណត់​ហេតុ​នេះ​ក៏​បាន​រៀប​រាប់​អំពី​ឈ្មោះ​របស់​ស្រុក​ដែល​ទន្លេ​នេះ​ហូរ​កាត់ ហើយ​គេ​ស្គាល់​ទូទៅ​អំពី​ធនធាន​ធម្មជាតិ​ដែល​មាន​ក្នុង​តំបន់​នោះ​ដែរ។ កំណត់​ហេតុ​នេះ​បាន​ត្រូវ​សរសេរ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ហើយ​ចំពោះ​ពួក​គេ ព័ត៌មាន​ល្អិត​ល្អន់​ទាំង​នេះ​គួរ​ជា​ទី​ចាប់​អារម្មណ៍​មែន។

តើ​រឿង​ព្រេង​ឬ​រឿង​ប្រឌិត​រៀប​រាប់​យ៉ាង​នេះ​ឬ​ទេ? ឬ​ក៏​តើ​ក្នុង​រឿង​បែប​នោះ​គេ​លុប​ចោល​ព័ត៌មាន​ជាក់​លាក់​ដែល​អាច​បញ្ជាក់​ថា​ជា​រឿង​ពិត​ឬ​ជា​រឿង​មិន​ពិត​វិញ? ធម្មតា ក្នុង​រឿង​ព្រេង​និទាន​គេ​ចាប់​ផ្ដើម​ដោយ​ប្រើ​ពាក្យ​ថា​«​កាល​ពី​យូរ​លង់​ណាស់​មក​ហើយ នៅ​ស្រុក​មួយ​ដ៏​ឆ្ងាយ​សែន​ឆ្ងាយ​»។ ប៉ុន្តែ ក្នុង​រឿង​ប្រវត្ដិសាស្ត្រ​តែង​តែ​មាន​ព័ត៌​មាន​ច្បាស់​លាស់ ដូច​ជា​មាន​ក្នុង​កំណត់​ហេតុ​អំពី​សួន​ច្បារ​អេដែន​ដែរ។

២​. តើ​យើង​ពិត​ជា​អាច​ជឿ​បាន​ទេ​ថា​ព្រះ​បង្កើត​អាដាម​ពី​ធូលី​ដី ហើយ​អេវ៉ា​ពី​ឆ្អឹង​ជំនីរ​មួយ​របស់​អាដាម​នោះ?

បច្ចុប្បន្ន អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​ក្នុង​រូប​កាយ​យើង​មាន​ធាតុ​ផ្សេង​ៗ​ដូច​ជា​អ៊ីដ្រូសែន អុកស៊ីហ៊្សែន និង​កាបូន ដែល​ធាតុ​ទាំង​នេះ​ក៏​មាន​នៅ​ក្នុង​ដី​ដែរ។ ប៉ុន្តែ តើ​ភាវរស់​អាច​មាន​ធាតុ​ទាំង​នោះ​បាន​យ៉ាង​ដូច​ម្ដេច?

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បង្កើត​ទ្រឹស្តី​ថា​ភាវរស់​កើត​ឡើង​ដោយ​ឯក​ឯង។ ពួក​គេ​ជឿ​ថា​នៅ​ដើម​ដំបូង​មាន​សរីរាង្គ​សាមញ្ញ ដែល​ក្នុង​រយៈ​ពេល​រាប់​លាន​ឆ្នាំ​ក្រោយ​មក បាន​វិវត្តន៍​បន្ដិច​ម្ដង​ៗ​ទៅ​ជា​សរីរាង្គ​ស្មុគ​ស្មាញ។ ប៉ុន្តែ​ពាក្យ​ដែល​ថា​«​សាមញ្ញ​»​អាច​នាំ​ឲ្យ​យើង​យល់​ច្រឡំ ព្រោះ​ភាវរស់​ទាំង​អស់ សូម្បី​តែ​សារពាង្គកាយ​តូច​ៗ​ដែល​មាន​កោសិកា​តែ​មួយ ក៏​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ណាស់​ដែរ។ គ្មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ភាវរស់​គ្រប់​ប្រភេទ​អាច​ឬ​បាន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ភាវរស់​ទាំង​អស់​បង្ហាញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ច្បាស់​ថា មាន​អ្នក​គ្រោង​បង្កើត​ដែល​មាន​សតិបញ្ញា​ជាង​យើង​ឆ្ងាយ​ណាស់។ *រ៉ូម ១:២០

ប្រសិនបើ​លោក​អ្នក​ស្ដាប់​ភ្លេង​ដ៏​ពីរោះ ឃើញ​ផ្ទាំង​គំនូរ​ដ៏​ល្អ​វិចិត្រ ឬ​បច្ចេកវិជ្ជា​ដ៏​ទំ​ទើប​អស្ចារ្យ តើ​លោក​អ្នក​នឹង​គិត​ថា​អ្វី​ៗ​ទាំង​នោះ​បាន​កើត​ឡើង​ដោយ​ឯកឯង​ឬ​ទេ? លោក​អ្នក​ប្រាកដជា​មិន​គិត​ដូច្នេះ​ទេ! ប៉ុន្តែ​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​នោះ​មិន​អាច​ប្រៀប​ផ្ទឹម​បាន​មួយ​ចំណិត​នឹង​ភាព​ស្មុគ​ស្មាញ សម្រស់ ឬ​ការ​គ្រោង​នៃ​រូប​កាយ​របស់​យើង​សោះ​ឡើយ។ នេះ​បញ្ជាក់​ថា​រូប​កាយ​យើង​ប្រាកដជា​មាន​អ្នក​បង្កើត​មែន! មួយ​វិញ​ទៀត កំណត់​ហេតុ​ក្នុង​លោកុប្បត្តិ​ពន្យល់​ថា​ក្នុង​ចំណោម​ភាវរស់​ទាំង​ឡាយ​នៅ​ផែនដី មាន​តែ​មនុស្ស​ទេ​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​មាន​លក្ខណៈ​ដូច​លោក។ (​លោកុប្បត្តិ ១:២៦​) ហេតុ​នេះ​ហើយ នៅ​ផែនដី​មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ដែល​អាច​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ដូច​ព្រះ​ក្នុង​ការ​បង្កើត​របស់​ផ្សេង​ៗ។ ជួនកាល​មនុស្ស​បាន​បង្កើត​បទ​ភ្លេង ស្នា​ដៃ​សិល្បៈ និង​បច្ចេកវិជ្ជា​ដ៏​អស្ចារ្យ​មែន។ តើ​យើង​គួរ​ភ្ញាក់​ផ្អើល​ទេ​ដោយ​ដឹង​ថា​ព្រះ​ពូកែ​ជាង​យើង​ក្នុង​ការ​បង្កើត​នោះ?

ស្តី​អំពី​ការ​បង្កើត​ស្ត្រី​ដោយ​ប្រើ​ឆ្អឹង​ជំនីរ​របស់​បុរស នោះ​គ្មាន​អ្វី​ពិបាក​សម្រាប់​ព្រះ​ទេ។ * ព្រះ​អាច​ប្រើ​វិធី​ផ្សេង​ៗ​បាន តែ​របៀប​ដែល​លោក​បាន​បង្កើត​ស្ត្រី​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ លោក​ចង់​ឲ្យ​បុរស​និង​ស្ត្រី​រៀប​ការ ហើយ​នៅ​ជិត​ស្និទ្ធ​គ្នា ហាក់​ដូច​ជា​ពួក​គេ​ជា​«​សាច់​តែ​១​»។ (​លោកុប្បត្តិ ២:២៤​) ពេល​លោក​អ្នក​គិត​អំពី​របៀប​ដែល​បុរស​និង​ស្ត្រី​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​បាន​ស្ថិតស្ថេរ​យូរ​អង្វែង នោះ​ជា​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​ថា​ពិត​ជា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដែល​មាន​ប្រាជ្ញា​និង​មាន​សេចក្ដី​ស្រឡាញ់ មែន​ទេ?

បន្ថែម​ទៅ​ទៀត អ្នក​វិទ្យាសាស្ត្រ​ខាង​ហ្សែន​បាន​ទទួល​ស្គាល់​ថា​មនុស្ស​ទាំង​អស់​ទំនង​ជា​កូន​ចៅ​ដែល​កើត​ត​ៗ​គ្នា​មក​ពី​បុរស​ស្ត្រី​មួយ​គូ​តែ​ប៉ុណ្ណោះ។ បើ​គិត​អំពី​ចំណុច​នេះ កំណត់​ហេតុ​នៅ​លោកុប្បត្តិ​គឺ​មិន​ពិបាក​ជឿ​ទេ មែន​ទេ?

៣​. ដើម​ដឹង​ខុស​ត្រូវ​និង​ដើម​ជីវិត​មើល​ទៅ​ដូច​ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង

តាម​ពិត កំណត់​ហេតុ​នៅ​លោកុប្បត្តិ​មិន​បង្រៀន​ថា​ដើម​ឈើ​ទាំង​នេះ​មាន​អំណាច​ពិសេស​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម​ឈើ​ទាំង​នោះ​ដើម្បី​តំណាង​អ្វី​ផ្សេង។

ជួនកាល មនុស្ស​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ជា​ឧទាហរណ៍ ពេល​មនុស្ស​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​គោរព​ទង់​ជាតិ គេ​យល់​ថា​គេ​ត្រូវ​គោរព​ប្រទេស​ដែល​បាន​ត្រូវ​តំណាង​ដោយ​ទង់​ជាតិ​នោះ មិន​មែន​គោរព​ក្រណាត់​នោះ​ឡើយ។ ស្តេច​នានា​ក៏​បាន​ប្រើ​ដំបង​រាជ្យ​និង​មកុដ​ដើម្បី​តំណាង​អំណាច​របស់​ពួក​គេ​ជាម​ហា​ក្សត្រ​ដែរ។

បើ​ដូច្នេះ តើ​ដើម​ឈើ​ទាំង​ពីរ​នោះ​តំណាង​អ្វី? មនុស្ស​បាន​បង្កើត​ទ្រឹស្តី​ស្មុគ​ស្មាញ​ជា​ច្រើន​អំពី​ដើម​ទាំង​ពីរ​នេះ។ ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ​ស្រួល​យល់ តែ​មាន​ន័យ​ជ្រាល​ជ្រៅ​ណាស់។ ដើម​ដឹង​ខុស​ត្រូវ​តំណាង​សិទ្ធិ​របស់​ព្រះ​ក្នុង​ការ​សម្រេច​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ (​យេរេមា ១០:២៣​) ហេតុ​នេះ​ហើយ ការ​បរិភោគ​ផ្លែ​ឈើ​នោះ​គឺ​ហាក់​ដូច​ជា​ការ​លួច​ដែល​ជា​បទ​ឧក្រិដ្ឋ​មួយ! រីឯ​ដើម​ជីវិត​វិញ នេះ​តំណាង​អំណោយ​មួយ​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ប្រគល់​ឲ្យ​មនុស្ស គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—រ៉ូម ៦:២៣

៤​. តាម​មើល​ទៅ សត្វ​ពស់​ដែល​ចេះ​និយាយ​មាន​តែ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ

ពិត​មែន​តែ​ផ្នែក​នេះ​ក្នុង​កំណត់​ហេតុ​នៅ​សៀវភៅ​លោកុប្បត្តិ​អាច​ធ្វើ​ឲ្យ​យើង​ឆ្ងល់​បន្ដិច​មែន ជា​ពិសេស​បើ​យើង​មិន​គិត​អំពី​គម្ពីរ​ទាំង​មូល ប៉ុន្តែ​បទ​គម្ពីរ​ពន្យល់​ច្បាស់​អំពី​រឿង​នេះ​បន្ដិច​ម្ដង​ៗ។

តើ​អ្នក​ណា​ឬ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​សត្វ​ពស់​មើល​ទៅ​ដូច​ជា​វា​ចេះ​និយាយ? បណ្ដា​ជន​អ៊ីស្រាអែល​ពី​បុរាណ​ដឹង​អំពី​កត្ដា​ផ្សេង​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​យល់​អំពី​តួនាទី​របស់​សត្វ​ពស់។ ជា​ឧទាហរណ៍ ពួក​គេ​ដឹង​ថា​ទោះ​ជា​សត្វ​មិន​ចេះ​និយាយ​ក៏​ដោយ បុគ្គល​វិញ្ញាណ​អាច​ធ្វើ​ឲ្យ​សត្វ​មើល​ទៅ​ដូច​ជា​វា​កំពុង​និយាយ​បាន។ ម៉ូសេ​ក៏​បាន​សរសេរ​កំណត់​ហេតុ​អំពី​បាឡាម​ដែរ។ ព្រះ​បាន​ចាត់​ទេវតា​មួយ​រូប​ដើម្បី​ធ្វើ​ឲ្យ​សត្វ​លា​របស់​បាឡាម​ចេះ​និយាយ​ដូច​មនុស្ស។—ជនគណនា ២២:២៦​-​៣១; ពេត្រុសទី២ ២:​១៥, ១៦

តើ​បុគ្គល​វិញ្ញាណ​ឯ​ទៀត រួម​ទាំង​បុគ្គល​វិញ្ញាណ​ដែល​ជាស​ត្រូវ​របស់​ព្រះ អាច​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ​បាន​ឬ​ទេ? ពិត​ជា​អាច​មែន ពីព្រោះ​ម៉ូសេ​បាន​ឃើញ​ពួក​គ្រូ​មន្តអាគម​នៅ​ស្រុក​អេស៊ីប​ធ្វើ​ការ​អស្ចារ្យ​ខ្លះ​ដូច​ការ​អស្ចារ្យ​របស់​ព្រះ​ដែរ ដូច​ជា​បាន​ធ្វើ​ឲ្យ​ដំបង​ក្លាយ​ទៅ​ជា​សត្វ​ពស់។ សមត្ថភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ ច្បាស់​ជាម​ក​ពី​ពួក​បុគ្គល​វិញ្ញាណ​ដែល​ជាស​ត្រូវ​របស់​ព្រះ។—និក្ខមនំ ៧:៨​-​១២

ភស្តុ​តាង​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ថា ម៉ូសេ​ក៏​ជា​អ្នក​សរសេរ​សៀវភៅ​យ៉ូប​ដែរ។ សៀវភៅ​នោះ​បង្រៀន​យ៉ាង​ច្រើន​អំពី​សាថាន​ដែល​ជា​មេ​សត្រូវ​របស់​ព្រះ ដែល​វា​បាន​កុហក ហើយ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​អស់។ (​យ៉ូប ១:៦​-​១១; ២:៤, ៥​) ដូច្នេះ តើ​បណ្ដា​ជន​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​បាន​គិត​ថា សាថាន​ជា​អ្នក​បញ្ឆោត​អេវ៉ា​ឲ្យ​លែង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដោយ​ប្រើ​សត្វ​ពស់​ឲ្យ​និយាយ​ឬ​ទេ? តាម​មើល​ទៅ ពួក​គេ​បាន​គិត​ដូច្នេះ​មែន។

តើ​សាថាន​ជា​អ្នក​ដែល​ប្រើ​សត្វ​ពស់​ជា​ឧបករណ៍​ដើម្បី​និយាយ​កុហក​ឬ​ទេ? ដោយ​សំដៅ​ទៅ​លើ​សាថាន លោក​យេស៊ូ​បាន​ហៅ​វា​ថា​«​ជា​អ្នក​ភូតភរ ក៏​ជា​ឪពុក​នៃ​ការ​ភូតភរ​ទៀត​ផង​»។ (​យ៉ូហាន ៨:៤៤​) ពាក្យ​ដែល​ថា​«​ឪពុក​នៃ​ការ​ភូតភរ​»​គឺជា​បុគ្គល​ដែល​និយាយ​កុហក​មុន​គេ មែន​ទេ? ការ​ភូត​កុហក​មុន​ដំបូង​បង្អស់​មាន​ក្នុង​ពាក្យ​របស់​សត្វ​ពស់​ដែល​និយាយ​ទៅ​កាន់​នាង​អេវ៉ា។ ដោយ​និយាយ​ផ្ទុយ​ពី​ការ​ព្រមាន​របស់​ព្រះ​ដែល​ថា​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​លោក​ហាម​នឹង​នាំ​ឲ្យ​ស្លាប់ នោះ​សត្វ​ពស់​និយាយ​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ​»។ (​លោកុប្បត្តិ ៣:​៤​) ច្បាស់​ណាស់ លោក​យេស៊ូ​បាន​ដឹង​ថា​សាថាន​បាន​ប្រើ​សត្វ​ពស់​នោះ។ ការ​បើក​បង្ហាញ​ដែល​លោក​យេស៊ូ​បាន​ជូន​ឲ្យ​សាវ័ក​យ៉ូហាន​បាន​ធ្វើ​ឲ្យ​យើង​អស់​ចម្ងល់​អំពី​រឿង​នេះ ដោយ​លោក​បាន​ហៅ​សាថាន​ថា​«​ពស់​ដំបូង​បង្អស់​»។—ការ​បើក​បង្ហាញ ១:១; ១២:៩

តើ​នេះ​ពិត​ជា​ពិបាក​ឲ្យ​ជឿ​ឬ​ទេ​ថា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំងក្លា​អាច​ធ្វើ​ឲ្យ​សត្វ​ពស់​មើល​ទៅ​ដូច​ជា​វា​ចេះ​និយាយ​នោះ? ទោះ​ជា​មនុស្ស​គ្មាន​អំណាច​ដូច​បុគ្គល​វិញ្ញាណ​ក៏​ដោយ ក៏​ពួក​គេ​អាច​ធ្វើ​ឲ្យ​តុក្កតា​មើល​ទៅ​ដូច​ជា​ចេះ​និយាយ ហើយ​ក៏​អាច​បង្កើត​វិធី​ថ្ពឹន​ភ្នែក​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំនឿ​ជឿ​ទុក​ចិត្ត​ទៅ​លើ​អ្វី​ដែល​កើត​ឡើង​នោះ​បាន​ដែរ។

ភ័ស្តុតាង​ដ៏​ល្អ​បំផុត​ដែល​នាំ​ឲ្យ​យើង​ជឿ

លោក​អ្នក​ប្រាកដជា​យល់​ស្រប​ថា​ការ​សង្ស័យ​អំពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ មែន​ទេ? ផ្ទុយ​ទៅ​វិញ មាន​ភ័ស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា​កំណត់​ហេតុ​នេះ​គឺជា​ប្រវត្ដិសាស្ត្រ​ពិត។

ជា​ឧទាហរណ៍ លោក​យេស៊ូ​គ្រិស្ត​បាន​ត្រូវ​ហៅ​ថា​«​សាក្សី​ស្មោះ​ត្រង់​និង​ពិត​ត្រង់​»។ (​ការ​បើក​បង្ហាញ ៣:១៤​) ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ លោក​មិន​ដែល​កុហក មិន​ដែល​និយាយ​ខុស​ពី​ការ​ពិត​សោះ​ឡើយ។ បន្ថែម​ទៅ​ទៀត លោក​បាន​បង្រៀន​ថា លោក​ធ្លាប់​រស់​នៅ​ជា​យូរ​យារ​មុន​លោក​មាន​ជីវិត​ជា​មនុស្ស​នៅ​ផែនដី។ តាម​ពិត លោក​ធ្លាប់​រស់​នៅ​ក្បែរ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក តាំង​ពី​«​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ​»។ (​យ៉ូហាន ១៧:៥​) ដូច្នេះ ពេល​ដែល​ចាប់​ផ្ដើម​មាន​ជីវិត​នៅ​លើ​ផែនដី នោះ​មាន​លោក​យេស៊ូ​រួច​ហើយ។ តើ​សាក្សី​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ​បំផុត​នេះ​បាន​បញ្ជាក់​យ៉ាង​ណា​អំពី​កំណត់​ហេតុ​នេះ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​អាដាម​និង​អេវ៉ា​ថា​ជា​មនុស្ស​ដែល​មាន​ពិត។ លោក​បាន​លើក​ឧទាហរណ៍​អំពី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដើម្បី​ពន្យល់​អំពី​គោលការណ៍​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​ត្រូវ​មាន​ប្ដី​មួយ​ប្រពន្ធ​មួយ។ (​ម៉ាថាយ ១៩:៣​-​៦​) បើ​ពួក​គេ​មិន​មែន​ជា​បុគ្គល​ដែល​មាន​ពិត ហើយ​សួន​ច្បារ​អេដែន​ដែល​ជា​កន្លែង​ដែល​ពួក​គេ​រស់​នៅ គឺជា​រឿង​ព្រេង នោះ​លោក​យេស៊ូ​បាន​ត្រូវ​គេ​បំភាន់​ឬ​លោក​និយាយ​កុហក​ហើយ។ នេះ​គឺ​មិន​សម​ហេតុ​សម​ផល​ទេ! ពីព្រោះ​លោក​យេស៊ូ​បាន​ឃើញ​ពី​ស្ថាន​សួគ៌​នូវ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​សួន​ច្បារ​អេដែន។ ដូច្នេះ គ្មាន​ទី​សំ​អាង​ណា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​នេះ​ទេ មែន​ទេ?

តាម​ការ​ពិត ការ​មិន​ជឿ​ទៅ​លើ​កំណត់​ហេតុ​សៀវភៅ​លោកុប្បត្តិ​បង្ហាញ​ថា​យើង​មិន​សូវ​មាន​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​ទេ។ ការ​សង្ស័យ​ទៅ​លើ​រឿង​នេះ​ក៏​ធ្វើ​ឲ្យ​យើង​មិន​អាច​យល់​អំពី​សាច់​រឿង​សំខាន់​ៗ និង​សេចក្ដី​សន្យា​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ដែល​មាន​ក្នុង​គម្ពីរ​នោះ​ដែរ។ សូម​ឲ្យ​យើង​ពិចារណា​អំពី​រឿង​ដូច​ត​ទៅ​នេះ។​

[​កំណត់​សម្គាល់​]

^ វគ្គ 3 ក្នុង​គម្ពីរ យេហូវ៉ា​ជា​នាម​របស់​ព្រះ។

^ វគ្គ 7 គំនិត​បែប​នេះ​គ្មាន​មូលដ្ឋាន​ពី​គម្ពីរ​បរិសុទ្ធ​ទេ។ គម្ពីរ​បង្រៀន​ថា​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​គឺ​ល្អ​ឥត​ខ្ចោះ តែ​អ្វី​ៗ​ដែល​ខូច​អាក្រក់​មក​ពី​ប្រភព​ផ្សេង​វិញ។ (​ចោទិយកថា ៣២:៤, ៥​) ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​រួច​ចប់​សព្វ​គ្រប់​ហើយ លោក​បាន​មាន​ប្រសាសន៍​ថា​អ្វី​ៗ​ទាំង​នោះ​ជា​ការ​«​ល្អ​ប្រពៃ​»។—លោកុប្បត្តិ ១:៣១

^ វគ្គ 9 តាម​មើល​ទៅ ទឹក​ជំនន់​ដែល​ជា​ព្រឹត្ដិការណ៍​មួយ​ដែល​បណ្ដាល​មក​ពី​ព្រះ បាន​បំផ្លាញ​សួន​ច្បារ​អេដែន​ចោល​ទាំង​ស្រុង​គ្មាន​សេស​សល់​ឡើយ។ រហូត​ដល់​សតវត្សរ៍​ទី​៧​មុន​គ.ស. អេសេគាល ៣១:១៨​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​«​ដើម​ឈើ​នៅ​អេដែន​»​បាន​ផុត​ពូជ​អស់​ជា​យូរ​យារ​ណាស់​មក​ហើយ។ ដូច្នេះ នៅ​គ្រា​ក្រោយ​ៗ​មក អស់​អ្នក​ដែល​បាន​ខំ​រក​សួន​ច្បារ​អេដែន​ដែល​គេ​គិត​ថា​នៅ​តែ​មាន​នោះ គឺ​ឥត​ប្រយោជន៍​សោះ​ឡើយ។

^ វគ្គ 14 សូម​មើល​សៀវភៅ​ស្តើង​តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ?​ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 16 គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​វេជ្ជសាស្ត្រ​នៅ​បច្ចុប្បន្ន​បាន​រក​ឃើញ​ថា​ឆ្អឹង​ជំនីរ​មាន​សមត្ថភាព​ជា​សះ​ស្បើយ​ឡើង​វិញ​ខុស​ពី​ធម្មតា។ វា​អាច​ដុះ​ឡើង​វិញ​ដោយ​ឯកឯង​បើ​នៅ​តែ​មាន​ភ្នាស​របស់​វា មិន​ដូច​ឆ្អឹង​ឯ​ទៀត​នោះ​ទេ។