លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកស្អប់ការប្រឆាំងច្បាប់ឬទេ?

តើអ្នកស្អប់ការប្រឆាំងច្បាប់ឬទេ?

តើ​អ្នក​ស្អប់​ការ​ប្រឆាំង​ច្បាប់​ឬ​ទេ?

​«​អ្នក[​លោក​យេស៊ូ​] . . . បាន​ស្អប់​ការ​ប្រឆាំង​ច្បាប់​»។—ហេ. ១:៩

១​. ស្តី​អំពី​សេចក្ដី​ស្រឡាញ់ តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្វី​ខ្លះ?

លោក​ យេស៊ូ​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូន. ១៣:៣៤, ៣៥​) លោក​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ មនុស្ស​នឹង​ដឹង​ថា​ពួក​គេ​ជា​អ្នក​កាន់​តាម​លោក​ដោយ​សារ​សេចក្ដី​ស្រឡាញ់​នេះ។ លោក​យេស៊ូ​ក៏​បាន​ដាស់​តឿន​ពួក​គេ​ដែរ​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​បៀតបៀន​អ្នក​»។—ម៉ាថ. ៥:៤៤

២​. តើ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ត្រូវ​រៀន​ឲ្យ​ចេះ​ស្អប់​អ្វី?

ក៏​ប៉ុន្តែ ក្រៅ​ពី​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​សេចក្ដី​ស្រឡាញ់ លោក​យេស៊ូ​ក៏​បាន​បង្រៀន​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ស្អប់​ដែរ។ បទ​គម្ពីរ​បាន​ចែង​អំពី​លោក​យេស៊ូ​ថា​៖ ​«​អ្នក​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​បាន​ស្អប់​ការ​ប្រឆាំង​ច្បាប់​[​ការ​ទុច្ចរិត​]​»។ (​ហេ. ១:៩; ទំនុក. ៤៥:​៧​) នេះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​មិន​គ្រាន់តែ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​ស្អប់​អំពើ​ខុស​ឆ្គង ឬ​ការ​ប្រឆាំង​ច្បាប់​ដែរ។ គួរ​ឲ្យ​កត់​សម្គាល់​ដែល​សាវ័ក​យ៉ូហាន​បាន​និយាយ​យ៉ាង​ចំ​ៗ​ថា​៖ ​«​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង មាន​ន័យ​ថា​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់។ ដូច្នេះ អំពើ​ខុស​ឆ្គង​គឺជា​អំពើ​ប្រឆាំង​ច្បាប់​»។—១យ៉ូន. ៣:៤

៣​. ស្តី​អំពី​ការ​ស្អប់​ការ​ប្រឆាំង​ច្បាប់ តើ​អត្ថបទ​នេះ​នឹង​ពិចារណា​អំពី​ចំណុច​ណាខ្លះ?

ដូច្នេះ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក ជា​ការ​ល្អ​ឲ្យ​យើង​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា​‹តើ​ខ្ញុំ​ស្អប់​ការ​ប្រឆាំង​ច្បាប់​ឬ​ទេ?›។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ស្អប់​អ្វី​ៗ​ដែល​អាក្រក់​ក្នុង​ទិដ្ឋភាព​បួន​យ៉ាង​នៃ​ជីវិត​របស់​យើង។ (​១​) ចិត្ត​គំនិត​របស់​យើង​ចំពោះ​ការ​ផឹក​គ្រឿង​ស្រវឹង​ហួស​ប្រមាណ (​២​) ទស្សនៈ​របស់​យើង​ចំពោះ​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម (​៣​) ចិត្ត​គំនិត​របស់​យើង​ចំពោះ​អំពើ​ប្រាសចាក​សីលធម៌ (​៤​) ទស្សនៈ​របស់​យើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ស្អប់​ការ​ប្រឆាំង​ច្បាប់។

ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​គ្រឿង​ស្រវឹង

៤​. ហេតុ​អ្វី​លោក​យេស៊ូ​អាច​និយាយ​ដោយ​ក្លាហាន​ពេល​លោក​ជូន​ឱវាទ​អំពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ?

យូរ​ៗ​ម្ដង លោក​យេស៊ូ​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ហើយ​លោក​បាន​ទទួល​ស្គាល់​ថា​នេះ​ជា​អំណោយ​មួយ​ដែល​មក​ពី​ព្រះ។ (​ទំនុក. ១០៤:១៤, ១៥​) ប៉ុន្តែ លោក​មិន​ដែល​ប្រើ​អំណោយ​នេះ​ក្នុង​ផ្លូវ​ខុស​ដោយ​ផឹក​ស្រា​ហួស​ប្រមាណ​នោះ​ទេ។ (​សុភ. ២៣:២៩​-​៣៣​) ហេតុ​នេះ លោក​យេស៊ូ​អាច​និយាយ​ដោយ​ក្លាហាន​ពេល​លោក​ជូន​ឱវាទ​ដល់​អ្នក​ឯ​ទៀត​ស្តី​អំពី​រឿង​នេះ។ (​សូម​អាន លូកា ២១:​៣៤) ការ​ផឹក​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ឯ​ទៀត។ យ៉ាង​នេះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​កុំ​ស្រវឹង​ស្រា​ឡើយ ព្រោះ​នោះ​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ តែ​ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​សកម្មពល​របស់​ព្រះ​ជា​និច្ច​»។ (​អេភ. ៥:១៨​) គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ​កុំ​ឲ្យ​«​ញៀន​ស្រា​»​ដែរ។—ទីត. ២:៣

៥​. តើ​ពួក​អ្នក​ដែល​សម្រេច​ចិត្ត​ផឹក​គ្រឿង​ស្រវឹង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

បើ​អ្នក​សម្រេច​ចិត្ត​ផឹក​គ្រឿង​ស្រវឹង អ្នក​គួរ​សួរ​ខ្លួន​ថា​‹តើ​ខ្ញុំ​មាន​ចិត្ត​គំនិត​ដូច​លោក​យេស៊ូ​ចំពោះ​ការ​ផឹក​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​ឬ​ទេ? បើ​ខ្ញុំ​ត្រូវ​ជូន​ឱវាទ​ដល់​អ្នក​ឯ​ទៀត តើ​ខ្ញុំ​អាច​និយាយ​ដោយ​ក្លាហាន​អំពី​រឿង​នេះ​ឬ​ទេ? តើ​ខ្ញុំ​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ទុក្ខ ឬ​ដើម្បី​បន្ធូរ​ការ​តាន​តឹង​ចិត្ត​ឬ​ទេ? តើ​ខ្ញុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ប៉ុណ្ណា​ក្នុង​មួយ​សប្ដាហ៍? តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​មាន​នរណា​ម្នាក់​ប្រាប់​ថា​ខ្ញុំ​ផឹក​ច្រើន​ពេក? តើ​ខ្ញុំ​អាក់​អន់​ចិត្ត​ឬ​ខឹង​នឹង​គេ​ឬ​ទេ?›។ ការ​អនុញ្ញាត​ឲ្យ​ខ្លួន​ញៀន​គ្រឿង​ស្រវឹង អាច​មាន​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​រិះ​គិត​និង​សមត្ថភាព​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​របស់​យើង។ យើង​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​ព្យាយាម​ការពារ​គំនិត​វាង​វៃ​ឬ​សមត្ថភាព​រិះ​គិត​របស់​ខ្លួន។—សុភ. ៣:២១, ២២

ជៀស​ចេញ​ពី​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម

៦, ៧​. (​ក​) តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច? (​ខ​)​ នៅ​សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម​រីក​រាលដាល​យ៉ាង​ខ្លាំង?

ពេល​ដែល​លោក​យេស៊ូ​រស់​នៅ​ផែនដី លោក​បាន​តស៊ូ​យ៉ាង​ខ្លាំង​ចំពោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា។ សាថាន​បាន​ព្យាយាម​ល្បួង​លោក​ឲ្យ​បោះបង់​ចោល​ភក្ដីភាព​របស់​លោក​ចំពោះ​ព្រះ តែ​លោក​យេស៊ូ​មិន​ព្រម​ធ្វើ​ដូច្នេះ​ឡើយ។ (​លូក. ៤:១​-​១៣​) លោក​ក៏​បាន​កត់​សម្គាល់​និង​ទប់​ទល់​ចំពោះ​អ្វី​ៗ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​លោក ទោះ​ជា​អ្វី​ទាំង​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ក្នុង​បំណង​ល្អ​ក៏​ដោយ។ (​ម៉ាថ. ១៦:២១​-​២៣​) លោក​យេស៊ូ​បាន​ជួយ​អ្នក​ដែល​សម​នឹង​ទទួល​ជំនួយ​ឲ្យ​រួច​ពី​ការ​គាបសង្កត់​ដ៏​គ្មាន​មេត្ដា​របស់​ពួក​វិញ្ញាណ​កំណាច។—ម៉ាក. ៥:២, ៨, ១២​-​១៥; ៩:២០, ២៥​-​២៧

ក្រោយ​ពី​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ លោក​បាន​សម្អាត​ស្ថាន​សួគ៌​ពី​ឥទ្ធិពល​អាក្រក់​របស់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ ជា​លទ្ធផល សាថាន​បាន​ប្ដេជ្ញា​ចិត្ត​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ដើម្បី​«​បំភាន់​ពិភព​លោក​ទាំង​មូល​»។ (​បប. ១២:៩, ១០​) ហេតុ​នេះ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ​ដែល​ចំណាប់​អារម្មណ៍​ចំពោះ​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម​កំពុង​តែ​រីក​រាលដាល​នៅ​គ្រប់​ទី​កន្លែង។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ការពារ​ខ្លួន​យើង​ពី​អ្វី​ៗ​ទាំង​នេះ?

៨​. ស្តី​អំពី​ការ​ជ្រើស​រើស​ការ​កម្សាន្ត តើ​យើង​ម្នាក់​ៗ​គួរ​ពិចារណា​អ្វី​ខ្លះ​ក្នុង​ចិត្ត​របស់​យើង?

គម្ពីរ​ព្រមាន​យ៉ាង​ច្បាស់​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​មន្តអាគម។ (​សូម​អាន ចោទិយកថា ១៨:១០​-​១២) សព្វ​ថ្ងៃ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត​របស់​មនុស្ស​តាម​រយៈ​ខ្សែ​ភាព​យន្ត សៀវភៅ ហ្គេម​វីដេអូ ដែល​លើក​ស្ទួយ​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម។ ដូច្នេះ ពេល​ជ្រើស​រើស​ការ​កម្សាន្ត យើង​ម្នាក់​ៗ​គួរ​សួរ​ខ្លួន​ថា​‹ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ដើម្បី​កែ​កម្សាន្ត តើ​ខ្ញុំ​សម្រេច​ចិត្ត​មើល​កុន កម្មវិធី​ទូរទស្សន៍ ហ្គេម​វីដេអូ សៀវភៅ ឬ​សៀវភៅ​តុក្កតា​ដែល​មាន​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​មន្តអាគម​ឬ? តើ​ខ្ញុំ​យល់​ថា​គឺ​សំខាន់​ណាស់​ដែល​ខ្ញុំ​បដិសេធ​ចំពោះ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម​ឬ​ទេ? ឬ​ក៏​ខ្ញុំ​មើល​ស្រាល​ចំពោះ​រឿង​នេះ​វិញ? ស្តី​អំពី​ការ​កម្សាន្ត​របស់​ខ្ញុំ តើ​ខ្ញុំ​បាន​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​ខ្ញុំ​បាន​ឲ្យ​ឥទ្ធិពល​របស់​សាថាន​ជ្រៀត​ចូល​ក្នុង​ជីវិត​ខ្ញុំ តើ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា​និង​គោលការណ៍​ដ៏​សុចរិត​របស់​លោក នឹង​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​បដិសេធ​អ្វី​ៗ​ទាំង​នោះ​ឬ​ទេ?›។—សកម្ម. ១៩:១៩, ២០

ធ្វើ​តាម​ការ​ព្រមាន​របស់​លោក​យេស៊ូ​ស្តី​អំពី​អំពើ​ប្រាសចាក​សីលធម៌

៩​. តើ​មនុស្ស​ម្នាក់​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​ការ​ប្រឆាំង​ច្បាប់​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​គាំទ្រ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​សីលធម៌​ខាង​ផ្លូវ​ភេទ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ​ថា លោក​ដែល​បាន​បង្កើត​មនុស្ស​ជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​និង​ស្រី ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​នេះ​ហើយ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›​នោះ? ដូច្នេះ ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ។ ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថ. ១៩:៤​-​៦​) លោក​យេស៊ូ​បាន​ដឹង​ថា​អ្វី​ៗ​ដែល​យើង​មើល​ឃើញ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​យើង។ ហេតុ​នេះ ក្នុង​សុន្ទរកថា​របស់​លោក​នៅ​លើ​ភ្នំ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឲ្យ​សោះ›។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ​»។ (​ម៉ាថ. ៥:២៧, ២៨​) តាម​ពិត ពួក​អ្នក​ដែល​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​លោក​យេស៊ូ កំពុង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​ការ​ប្រឆាំង​ច្បាប់​រួច​ទៅ​ហើយ។

១០​. សូម​រៀប​រាប់​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​បុគ្គល​ម្នាក់​អាចយ​ក​ឈ្នះ​ពី​ការ​មើល​រូប​អាសអាភាស។

១០ សាថាន​នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​តាម​រយៈ​រូប​អាសអាភាស។ ក្នុង​របៀប​របប​ពិភព​លោក​នេះ រូប​បែប​នេះ​មាន​នៅ​គ្រប់​ទី​កន្លែង។ ពួក​អ្នក​ដែល​មើល​រូប​អាសអាភាស​ពិបាក​នឹង​បំភ្លេច ហើយ​ក៏​អាច​ញៀន​មើល​រូប​ទាំង​នោះ​ដែរ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គ្រិស្ត​សាសនិក​ម្នាក់។ គាត់​បាន​ស្រដី​ថា​៖ ​«​ខ្ញុំ​បាន​មើល​រូប​អាសអាភាស​ដោយ​លួច​លាក់ ហើយ​ខ្ញុំ​បាន​លង់​ក្នុង​ការ​រវើរវាយ​បែប​នេះ។ ទោះ​ជា​ខ្ញុំ​ដឹង​ថា​ការ​ប្រព្រឹត្ត​នេះ​គឺ​ខុស​ក៏​ដោយ តែ​ខ្ញុំ​នៅ​តែ​ប្រាប់​ខ្លួន​ឯង​ថា ព្រះ​នៅ​តែ​ពេញ​ចិត្ត​នឹង​កិច្ច​បម្រើ​របស់​ខ្ញុំ​»។ តើ​អ្វី​បាន​ជួយ​បង​ប្រុស​នេះ​ឲ្យ​ផ្លាស់​ប្ដូរ​គំនិត​របស់​គាត់? គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​បញ្ហា​របស់​ខ្ញុំ ទោះ​ជា​នេះ​ជា​អ្វី​ដ៏​ពិបាក​បំផុត​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ក៏​ដោយ​»។ នៅ​ទី​បំផុត បង​ប្រុស​នេះ​បាន​យក​ឈ្នះ​ទម្លាប់​អាក្រក់​នោះ។ គាត់​បាន​សារភាព​ថា​៖ ​«​ក្រោយ​ពី​បាន​សម្អាត​ជីវិត​ខ្ញុំ​ពី​អំពើ​ខុស​ឆ្គង​បែប​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពិត​ជា​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​មែន​»។ ដូច្នេះ ពួក​អ្នក​ដែល​ស្អប់​ការ​ប្រឆាំង​ច្បាប់​ត្រូវ​រៀន​ស្អប់​រូប​អាសអាភាស​ដែរ។

១១, ១២​. ពេល​ជ្រើស​រើស​បទ​ចម្រៀង តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ស្អប់​ការ​ប្រឆាំង​ច្បាប់?

១១ ចម្រៀង​និង​ពាក្យ​នៃ​ចម្រៀង​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អារម្មណ៍ និង​ចិត្ត​របស់​យើង។ ចម្រៀង​គឺជា​អំណោយ​មួយ​ពី​ព្រះ ហើយ​បាន​ត្រូវ​ប្រើ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​តាំង​ពី​យូរ​យារ​មក​ហើយ។ (​និក្ខ. ១៥:២០, ២១; អេភ. ៥:១៩​) ប៉ុន្តែ ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​ពេញ​ចិត្ត​នឹង​ចម្រៀង​ដែល​លើក​តម្កើង​អំពើ​ប្រាស​ចាក​សីលធម៌។ (​១យ៉ូន. ៥:១៩​) តើ​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ចម្រៀង​ដែល​អ្នក​ស្ដាប់​កំពុង​ធ្វើ​ឲ្យ​អ្នក​មិន​ស្អាត​បរិសុទ្ធ​នោះ?

១២ អ្នក​អាច​ដឹង​ដោយ​សួរ​ខ្លួន​អ្នក​ថា​‹តើ​ចម្រៀង​ដែល​ខ្ញុំ​ស្ដាប់​នោះ​លើក​តម្កើង​អំពើ​ឃាតកម្ម ផិត​ក្បត់ អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​មាន​ពាក្យ​ប្រមាថ​ព្រះ​ឬ​ទេ? បើ​ខ្ញុំ​អាន​ពាក្យ​នៃ​ចម្រៀង​ណា​មួយ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ តើ​អ្នក​នោះ​នឹង​គិត​ថា ខ្ញុំ​ស្អប់​ការ​ប្រឆាំង​ច្បាប់​ឬ​ទេ? ឬ​ក៏​តើ​ពាក្យ​នៃ​ចម្រៀង​នោះ​បង្ហាញ​ថា​ចិត្ត​គំនិត​របស់​ខ្ញុំ​មិន​ស្អាត​បរិសុទ្ធ​ទៅ​វិញ?›។ យើង​មិន​អាច​អះអាង​ថា​យើង​ស្អប់​ការ​ប្រឆាំង​ច្បាប់ ស្រប​ពេល​ដែល​យើង​កំពុង​ស្ដាប់​ចម្រៀង​ដែល​លើក​តម្កើង​អ្វី​ៗ​ទាំង​នោះ​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ៗ​ដែល​ចេញ​មក​ពី​មាត់ នោះ​ចេញ​ពី​ក្នុង​ចិត្ត​មក ហើយ​គឺ​អ្វី​ៗ​ទាំង​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ។ ជា​ឧទាហរណ៍ គំនិត​អាក្រក់ ឃាតកម្ម ការ​ផិត​ក្បត់ អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​លួច ការ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ និង​ពាក្យ​ប្រមាថ សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក​»។—ម៉ាថ. ១៥:១៨, ១៩; សូម​ពិនិត្យ​បន្ថែម យ៉ាកុប ៣:១០, ១១

ចូរ​មាន​ទស្សនៈ​ដូច​លោក​យេស៊ូ​ចំពោះ​ពួក​អ្នក​ដែល​មិន​ស្អប់​ការ​ប្រឆាំង​ច្បាប់

១៣​. តើ​លោក​យេស៊ូ​បាន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត?

១៣ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​លោក​មក​ដើម្បី​ហៅ​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឬ​ពួក​អ្នក​ដែល​ប្រឆាំង​ច្បាប់​ឲ្យ​ប្រែ​ចិត្ត។ (​លូក. ៥:​៣០​-​៣២​) ប៉ុន្តែ តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត? លោក​យេស៊ូ​បាន​ផ្ដល់​ការ​ព្រមាន​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ឥទ្ធិពល​ពី​មនុស្ស​បែប​នេះ។ (​ម៉ាថ. ២៣:១៥, ២៣​-​២៦​) លោក​ក៏​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា​៖ ​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ តែ​គឺ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ។ នៅ​ថ្ងៃ​នោះ​[​ពេល​ព្រះ​វិនិច្ឆ័យ​ទោស​] មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់! តើ​យើង​មិន​បាន​ប្រកាស​ទំនាយ​តាង​នាម​លោក ហើយ​បណ្ដេញ​វិញ្ញាណ​កំណាច​តាង​នាម​លោក ថែម​ទាំង​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ជា​ច្រើន​តាង​នាម​លោក​ទេ​ឬ?›​»។ ប៉ុន្តែ លោក​នឹង​បដិសេធ​ពួក​អ្នក​ដែល​ប្រឆាំង​ច្បាប់​ដែល​មិន​ព្រម​ប្រែ​ចិត្ត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​»។ (​ម៉ាថ. ៧:២១​-​២៣​) ហេតុ​អ្វី​ពួក​គេ​នឹង​ទទួល​ការ​វិនិច្ឆ័យ​ទោស​បែប​នេះ? ពីព្រោះ​ការ​ប្រឆាំង​ច្បាប់​របស់​ពួក​គេ​បង្ខូច​កិត្ដិយស​ព្រះ​និង​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។

១៤​. ហេតុ​អ្វី​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ?

១៤ បណ្ដាំ​របស់​ព្រះ​បង្គាប់​ឲ្យ​ដក​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​ចេញ​ពី​ក្រុម​ជំនុំ។ (​សូម​អាន កូរិនថូសទី១ ៥:៩​-​១៣) យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​បី​យ៉ាង​ដែល​ចាំ​បាច់​ឲ្យ​ក្រុម​ជំនុំ​ធ្វើ​ដូច្នេះ (​១​) រក្សា​នាម​របស់​ព្រះ​យេហូវ៉ា​ពី​ការ​មើល​ងាយ (​២​) ការពារ​ក្រុម​ជំនុំ​ពី​អ្វី​ដែល​មិន​ស្អាត​ស្អំ និង​(​៣​) ដើម្បី​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​បើ​អាច​ធ្វើ​បាន។

១៥​. បើ​យើង​ចង់​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​សំខាន់​ៗ​អ្វី​ខ្លះ?

១៥ តើ​យើង​មាន​ចិត្ត​គំនិត​ដូច​លោក​យេស៊ូ​ចំពោះ​ពួក​អ្នក​ដែល​មាន​ទម្លាប់​ប្រព្រឹត្ត​អំពើ​ប្រឆាំង​ច្បាប់​ឬ​ទេ? យើង​ត្រូវ​តែ​ពិចារណា​នូវ​សំណួរ​ទាំង​នេះ​‹តើ​ខ្ញុំ​នឹង​សម្រេច​ចិត្ត​សេពគប់​ជា​ទៀង​ទាត់​ជា​មួយ​នឹង​មនុស្ស​ម្នាក់​ដែល​បាន​បណ្ដាច់​មិត្តភាព ឬ​អ្នក​ដែល​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឬ​ទេ? ចុះ​យ៉ាង​ណា​បើ​គាត់​ជា​សាច់​ញាតិ​ជិត​ដិត​ដែល​មិន​រស់​នៅ​ជា​មួយ​នឹង​ខ្ញុំ​ទៀត​នោះ?›។ កាលៈទេសៈ​បែប​នេះ​អាច​ល្បង​ល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​សេចក្ដី​សុចរិត និង​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ។ *

១៦, ១៧​. តើ​ម្ដាយ​ម្នាក់​ដែល​ជា​គ្រិស្ត​សាសនិក​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី? ស្តី​អំពី​ការ​បណ្ដាច់​មិត្តភាព​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត តើ​អ្វី​បាន​ជួយ​បង​ស្រី​នេះ​ឲ្យ​គាំទ្រ​របៀប​រៀប​ចំ​នោះ?

១៦ សូម​ពិចារណា​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ដែល​មាន​កូន​ប្រុស​ពេញ​វ័យ ដែល​កូន​នោះ​ធ្លាប់​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ក្រោយ​មក​កូន​នោះ​សម្រេច​ចិត្ត​ប្រព្រឹត្ត​ការ​ប្រឆាំង​ច្បាប់​ដោយ​មិន​ប្រែ​ចិត្ត ហើយ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ។ បង​ស្រី​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា តែ​គាត់​ក៏​ស្រឡាញ់​កូន​ដែរ ហើយ​ពិបាក​ណាស់​ឲ្យ​គាត់​ធ្វើ​តាម​បង្គាប់​ក្នុង​គម្ពីរ​ដែល​ថា​គាត់​ត្រូវ​ឈប់​សេពគប់​ជា​មួយ​កូន។

១៧ បើ​អ្នក​ជួប​បង​ស្រី​នេះ តើ​អ្នក​អាច​ឲ្យ​ឱវាទ​អ្វី​ដល់​គាត់? អ្នក​ចាស់​ទុំ​ម្នាក់​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​ការ​ឈឺ​ចាប់​របស់​គាត់។ បង​ប្រុស​នោះ​បាន​សុំ​ឲ្យ​គាត់​គិត​អំពី​ការ​ឈឺ​ចាប់​ដែល​ព្រះ​យេហូវ៉ា​មាន ពេល​ពួក​ទេវតា​ដែល​ជា​កូន​ៗ​របស់​លោក​បាន​បះបោរ​នោះ។ បង​ប្រុស​នោះ​បាន​វែក​ញែក​ហេតុ​ផល​ជា​មួយ​គាត់​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​ដឹង​ថា​កាលៈទេសៈ​របស់​គាត់​នាំ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​លោក​តម្រូវ​ឲ្យ​បណ្ដាច់​មិត្តភាព​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត។ គាត់​បាន​ស្ដាប់​ការ​រំលឹក​នេះ ហើយ​បាន​គាំទ្រ​ការ​រៀប​ចំ​នេះ​ដោយ​មាន​ភក្ដីភាព។ * ការ​បង្ហាញ​ភក្ដីភាព​បែប​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ណាស់។—សុភ. ២៧:១១

១៨, ១៩​. (​ក​) ដោយ​លែង​មាន​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ប្រឆាំង​ច្បាប់ តើ​នេះ​បង្ហាញ​ភ័ស្តុតាង​ថា​យើង​ស្អប់​អ្វី? (​ខ​)​ តើ​មាន​លទ្ធផល​អ្វី​ពេល​យើង​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​និង​ការ​រៀប​ចំ​របស់​លោក?

១៨ ប្រសិនបើ​អ្នក​មាន​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ សូម​ចាំ​មិន​ភ្លេច​ថា​ព្រះ​យេហូវ៉ា​យល់​ចិត្ត​របស់​អ្នក។ ដោយ​លែង​មាន​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​បុគ្គល​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក អ្នក​បង្ហាញ​ថា​អ្នក​ស្អប់​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​បែប​នោះ។ ប៉ុន្តែ អ្នក​ក៏​បង្ហាញ​ដែរ​ថា​អ្នក​ស្រឡាញ់​ពួក​គាត់​ខ្លាំង​ណាស់ ដែល​អ្នក​ចង់​ធ្វើ​អ្វី​ៗ​ដែល​នាំ​ឲ្យ​គាត់​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ ភក្ដីភាព​ដែល​អ្នក​បង្ហាញ​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​លទ្ធភាព​កាន់​តែ​ច្រើន​ឲ្យ​បុគ្គល​ដែល​ទទួល​ការ​ប្រៀន​ប្រដៅ​ឲ្យ​ប្រែ​ចិត្ត ហើយ​វិល​មករ​ក​ព្រះ​យេហូវ៉ា​វិញ។

១៩ មនុស្ស​ម្នាក់​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​ក្រោយ​មក​បាន​ត្រូវ​ទទួល​ស្គាល់​ជា​សមាជិក​ក្រុម​ជំនុំ​ឡើង​វិញ បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​របស់​លោក​ខ្លាំង​ដល់​ម្ល៉េះ ដែល​លោក​ចង់​ឲ្យ​អង្គការ​របស់​លោក​ស្អាត​ស្អំ​ជា​និច្ច។ ចំពោះ​ការ​បណ្ដាច់​មិត្តភាព​ប្រហែលជា​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​គិត​ថា​តឹងរ៉ឹង​ពេក ប៉ុន្តែ​តាម​ការ​ពិត​គឺជា​តម្រូវ​ការ​ដ៏​ចាំ​បាច់ ហើយ​ក៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ​»។ ប្រសិនបើ​សមាជិក​ក្នុង​ក្រុម​ជំនុំ រួម​ទាំង​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​តែង​តែ​ទាក់​ទង​ជា​មួយ​គាត់​ក្នុង​អំឡុង​ពេល​ដែល​គាត់​បណ្ដាច់​មិត្តភាព​នោះ តើ​អ្នក​គិត​ថា​នេះ​នឹង​ជួយ​គាត់​ឲ្យ​សន្និដ្ឋាន​ដូច្នេះ​ឬ​ទេ? ការ​គាំទ្រ​របស់​យើង​ចំពោះ​ការ​រៀប​ចំ​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ស្តី​អំពី​ការ​បណ្ដាច់​មិត្តភាព បង្ហាញ​ភ័ស្តុតាង​ថា​យើង​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ដើម្បី​តាំង​ខ្នាត​តម្រា​ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង។

«​ស្អប់​ការ​អាក្រក់​»​

២០, ២១​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​រៀន​ឲ្យ​ចេះ​ស្អប់​ការ​ប្រឆាំង​ច្បាប់?

២០ សាវ័ក​ពេត្រុស​បាន​ព្រមាន​ថា​៖ ​«​ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ​»។ ហេតុ​អ្វី? ពីព្រោះ​«​មេកំណាច ដែល​ជាស​ត្រូវ​របស់​អ្នក​រាល់​គ្នា ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់​»។ (​១ពេ. ៥:៨​) តើ​អ្នក​នោះ​អាច​ជា​រូប​អ្នក​ឬ​ទេ? នេះ​គឺ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​អ្នក​រៀន​ឲ្យ​ចេះ​ស្អប់​ការ​ប្រឆាំង​ច្បាប់​បាន​ខ្លាំង​ប៉ុណ្ណា។

២១ ការ​រៀន​ឲ្យ​ចេះ​ស្អប់​អ្វី​ដែល​អាក្រក់​មិន​ងាយ​ស្រួល​ទេ។ យើង​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង ហើយ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​នោះ។ (​១យ៉ូន. ២:១៥​-​១៧​) ប៉ុន្តែ បើ​យើង​យក​តម្រាប់​តាម​លោក​យេស៊ូ​គ្រិស្ត ហើយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា យើង​អាច​មាន​ជោគជ័យ​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្អប់​ការ​ប្រឆាំង​ច្បាប់​បាន។ ដូច្នេះ សូម​ឲ្យ​យើង​តាំង​ចិត្ត​«​ស្អប់​ការ​អាក្រក់​»​ ហើយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​«​ទំនុក​បំ​រុង . . . ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ក៏​ជួយ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​មនុស្ស​អាក្រក់​»។—ទំនុក. ៩៧:១០

[​កំណត់​សម្គាល់​]

^ វគ្គ 15 ដើម្បី​ទទួល​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រឿង​នេះ សូម​មើល កិច្ច​បម្រើ​ព្រះរាជាណាចក្រ​យើង ខែ​សីហា ឆ្នាំ​២០០២ ទំព័រ​៣​-​៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​យើង​ចំពោះ​គ្រឿង​ស្រវឹង?

• តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ខ្លួន​យើង​ពី​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​មន្តអាគម?

• ហេតុ​អ្វី​ការ​មើល​រូប​អាសអាភាស​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

• ពេល​បុគ្គល​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព តើ​យើង​បង្ហាញ​ថា​យើង​ស្អប់​ការ​ប្រឆាំង​ច្បាប់​យ៉ាង​ដូច​ម្ដេច?​

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៧​]

ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​ផឹក​គ្រឿង​ស្រវឹង តើ​អ្នក​គួរ​ពិចារណា​អំពី​អ្វី​ខ្លះ?

[​រូបភាព​នៅ​ទំព័រ​២៨​]

ចូរ​ប្រយ័ត្ន​នឹង​ឥទ្ធិពល​របស់​សាថាន​ដែល​មាន​ក្នុង​ខ្សែ​ភាពយន្ត

[​រូបភាព​នៅ​ទំព័រ​២៩​]

តើ​អ្នក​ដែល​មើល​រូប​អាសអាភាស​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​អ្វី?