សួនច្បារអេដែន តើជាទីលំនៅដំបូងរបស់មនុស្សជាតិឬទេ?
សួនច្បារអេដែន តើជាទីលំនៅដំបូងរបស់មនុស្សជាតិឬទេ?
សូមស្រមៃគិតថាលោកអ្នកនៅក្នុងសួនឧទ្យានមួយ។ នៅទីនោះគ្មានអ្វីដែលទើសចិត្តលោកអ្នក គ្មានសំឡេងឡូឡាដូចមាននៅទីក្រុងឡើយ។ សួនឧទ្យាននេះធំល្វឹងល្វើយ ហើយគ្មានអ្វីរំខានដល់ភាពស្ងប់សុខនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ គំនិតរបស់លោកអ្នកមិនមានការព្រួយបារម្ភអ្វីសោះ រូបកាយរបស់អ្នកមិនមានបញ្ហាដោយសារជំងឺ ការប្រតិកម្មនឹងធាតុអ្វីមួយ ឬការឈឺចាប់នោះទេ។ លោកអ្នកអាចទទួលប្រយោជន៍យ៉ាងពេញលេញពីអ្វីៗដែលនៅជុំវិញខ្លួនលោកអ្នកបាន។
ភ្នែករបស់លោកអ្នករីករាយសប្បាយក្នុងការមើលផ្កាស្អាតៗ បន្ទាប់មកមើលពន្លឺដែលចាំងលើផ្ទៃទឹក ហើយពណ៌ខៀវខ្ចីរបស់ស្មៅ និងស្លឹកឈើដែលចាំងព្រិចៗដោយសារពន្លឺថ្ងៃ។ លោកអ្នកមានអារម្មណ៍ថាខ្យល់បរិសុទ្ធប៉ះនឹងស្បែករបស់លោកអ្នក ហើយធុំក្លិនពិដោរជាប់តាមខ្យល់នោះ។ លោកអ្នកឮសំឡេងរបស់ស្លឹកឈើដែលកំពុងប៉ះគ្នាដោយសារខ្យល់ សំឡេងទឹកជ្រោះដែលធ្លាក់ពីលើថ្ម សំឡេងចាបយំខ្ញៀវខ្ញារ និងសំឡេងរបស់សត្វល្អិតដែលកំពុងដើររកស៊ី។ កាលដែលលោកអ្នកស្រមៃគិតអំពីអ្វីៗទាំងនេះ លោកអ្នកពិតជាចង់រស់នៅកន្លែងបែបនេះ មែនទេ?
មនុស្សនៅទូទាំងពិភពលោកជឿថា កាលពីដើមដំបូង មនុស្សជាតិធ្លាប់រស់នៅក្នុងកន្លែងបែបនេះ។ ជាច្រើនសតវត្សរ៍មកហើយ សាសនាយូដា ពិភពគ្រិស្តសាសនា និងអ្នកកាន់សាសនាអ៊ីស្លាម បានបង្រៀនអំពីសួនច្បារអេដែនថាជាកន្លែងដែលព្រះឲ្យអាដាមនិងអេវ៉ារស់នៅ។ យោងទៅតាមកំណត់ហេតុក្នុងគម្ពីរ ពួកគេមានជីវិតដែលពោរពេញទៅដោយសេចក្ដីសុខសាន្ត និងសុភមង្គល។ ពួកគេមានសន្ដិភាពជាមួយនឹងគ្នា ជាមួយនឹងសត្វ ថែមទាំងជាមួយនឹងព្រះផងដែរ ដែលលោកបានផ្ដល់នូវសេចក្ដីសង្ឃឹមឲ្យពួកគេរស់ជារៀងរហូតក្នុងទីលំនៅដែលមានស្ថានភាពដ៏ល្អទាំងនេះ។—លោកុប្បត្តិ ២:១៥-២៤
ម្យ៉ាងទៀត សាសនាហិណ្ឌូមានគំនិតច្បាស់លាស់មួយស្តីអំពីសួនឧទ្យានដែលមានកាលពីសម័យបុរាណ។ អ្នកកាន់តាមពុទ្ធសាសនាជឿថា អ្នកណែនាំផ្លូវខាងសាសនាឬព្រះពុទ្ធនឹងកើតម្ដងទៀតក្នុងសម័យមួយដ៏រុងរឿងដែលពិភពលោកទាំងមូលប្រៀបដូចជាសួនឧទ្យាន។ សាសនាភាគច្រើននៅទ្វីបអាហ្វ្រិក បង្រៀនអំពីរឿងផ្សេងៗដែលស្រដៀងគ្នាយ៉ាងអស្ចារ្យនឹងរឿងរបស់អាដាមនិងអេវ៉ាដែរ។
តាមពិត គំនិតដែលបញ្ជាក់អំពីផែនដីជាសួនឧទ្យានឃើញមានក្នុងសាសនានិងទំនៀមទម្លាប់ជាច្រើនរបស់មនុស្ស។ អ្នកនិពន្ធម្នាក់បានសរសេរថា៖ «ក្នុងអារ្យធម៌របស់ប្រទេសជាច្រើនជឿ
ថាមានសួនឧទ្យានកាលពីសម័យបុរាណ ដែលមានលក្ខណៈល្អឥតខ្ចោះ មានសេរីភាព សេចក្ដីសុខសាន្ត សុភមង្គល សម្បូរសប្បាយ និងគ្មានការគាបសង្កត់ គ្មានការឈ្លោះប្រកែកគ្នា និងគ្មានទំនាស់ . . . ដូច្នេះជំនឿនេះនាំឲ្យមនុស្សពីគ្រប់មជ្ឈដ្ឋានចង់បានសួនឧទ្យានដែលបានបាត់បង់នោះ ហើយខំរកវិធីដើម្បីធ្វើឲ្យមានសួននោះឡើងវិញ»។តើដំណើររឿងនិងទំនៀមទម្លាប់ទាំងអស់នោះអាចមកពីប្រភពតែមួយឬទេ? តើការ«ចង់បាន»របស់មនុស្សពីគ្រប់មជ្ឈដ្ឋានអាចមកពីអ្វីពិតមួយដែលបានដិតជាប់ក្នុងគំនិតរបស់ពួកគេឬទេ? តើពិតជាមានសួនច្បារអេដែន ហើយពិតជាមានអាដាមនិងអេវ៉ាឬទេ?
ពួកអ្នកដែលមិនជឿបានមើលងាយចំពោះគំនិតនេះ។ ក្នុងគ្រាដែលពឹងផ្អែកលើវិទ្យាសាស្ត្រ មនុស្សជាច្រើនបានសន្មតថា នេះគ្រាន់តែជារឿងព្រេង និងជារឿងមិនពិតប៉ុណ្ណោះ។ គួរឲ្យភ្ញាក់ផ្អើលណាស់ដែលអ្នកខ្លះក្នុងចំណោមពួកអ្នកដែលមិនជឿទាំងនោះ មិនមែនជាអ្នកកាន់តាមសាសនាណាមួយនោះទេ។ មេដឹកនាំសាសនាជាច្រើនបានលើកទឹកចិត្តឲ្យមនុស្សជឿថាគ្មានសួនអេដែននោះទេ។ ពួកគេបាននិយាយថា មិនដែលមានសួនច្បារដែលល្អបំព្រងបែបនោះទេ។ ពួកគេក៏បាននិយាយដែរថា កំណត់ហេតុនោះគ្រាន់តែជាពាក្យប្រៀបធៀប ជារឿងមិនពិតមួយ ជារឿងព្រេង និងជារឿងដែលប្រើសម្រាប់ជាឧទាហរណ៍ប៉ុណ្ណោះ។
ពិតមែន ក្នុងគម្ពីរមានរឿងដែលបានប្រើសម្រាប់ជាឧទាហរណ៍។ លោកយេស៊ូក៏បានមានប្រសាសន៍អំពីឧទាហរណ៍ដែលល្បីជាងគេបង្អស់។ ទោះជាយ៉ាងនោះក៏ដោយ កំណត់ហេតុក្នុងគម្ពីរពន្យល់អំពីសួនអេដែនបានត្រូវសរសេរជាប្រវត្ដិសាស្ត្រ មិនមែនជាឧទាហរណ៍ទេ។ ប៉ុន្តែ ប្រសិនបើកំណត់ហេតុទាំងនោះមិនដែលកើតមានឡើងទេ តើកំណត់ហេតុឯទៀតដែលមានក្នុងគម្ពីរអាចទុកចិត្តបានយ៉ាងដូចម្ដេច? សូមឲ្យយើងពិចារណាអំពីមូលហេតុដែលនាំឲ្យមនុស្សខ្លះមានការសង្ស័យចំពោះការមានសួនអេដែន ហើយថាមូលហេតុទាំងនោះសមហេតុផលឬយ៉ាងណា។ បន្ទាប់មកយើងនឹងពិចារណាអំពីមូលហេតុដែលកំណត់ហេតុនេះសំខាន់ចំពោះយើងម្នាក់ៗ។