ហេតុអ្វីយើងគួររៀនពីព្រះ?
សូមរៀនពីបណ្ដាំរបស់ព្រះ
ហេតុអ្វីយើងគួររៀនពីព្រះ?
អត្ថបទនេះមានសំណួរមួយចំនួនដែលអ្នកប្រហែលជាធ្លាប់សួរ ហើយបង្ហាញនូវខគម្ពីរដែលឆ្លើយសំណួរទាំងនោះដែលអ្នកអាចអានដោយផ្ទាល់ពីគម្ពីររបស់អ្នក។ សាក្សីព្រះយេហូវ៉ានឹងរីករាយពិភាក្សាចម្លើយជាមួយនឹងអ្នក។
១. ហេតុអ្វីយើងគួររៀនពីព្រះ?
ព្រះមានដំណឹងល្អអំពីអ្វីមួយដ៏ល្អប្រសើរចំពោះមនុស្សទាំងឡាយ។ លោកប្រាប់យើងអំពីដំណឹងល្អនេះក្នុងទំព័រនៃសៀវភៅគម្ពីរបរិសុទ្ធ។ គម្ពីរបរិសុទ្ធប្រៀបដូចជាសំបុត្រមួយជូនចំពោះយើងដែលមកពីបិតានៅស្ថានសួគ៌ដែលស្រឡាញ់យើង។—សូមអាន យេរេមា ២៩:១១
២. តើដំណឹងល្អអំពីអ្វី?
មនុស្សជាតិត្រូវការរដ្ឋាភិបាលល្អ។ គ្មានមនុស្សណាដែលជាអ្នកគ្រប់គ្រង បានបំបាត់ចោលនូវអំពើឃោរឃៅ ភាពអយុត្ដិធម៌ ជំងឺ ឬសេចក្ដីស្លាប់នោះទេ។ ប៉ុន្តែមានដំណឹងល្អ គឺព្រះនឹងរៀបចំឲ្យមានរដ្ឋាភិបាលដ៏ល្អមួយសម្រាប់មនុស្សជាតិ ដែលនឹងបំបាត់ចោលនូវដើមហេតុទាំងអស់ដែលនាំឲ្យមនុស្សរងទុក្ខវេទនា។—សូមអាន ដានីយ៉ែល ២:៤៤
៣. ហេតុអ្វីការរៀនពីព្រះគឺសំខាន់ម្ល៉េះ?
មិនយូរទៀត ព្រះនឹងធ្វើឲ្យមនុស្សដែលបណ្ដាលឲ្យមានទុក្ខវេទនាសាបសូន្យពីផែនដី។ ដំណាលគ្នានោះ លោកកំពុងបង្រៀនមនុស្សរាប់លាននាក់ដែលមានចិត្តរាបទាបឲ្យមានរបៀបរស់នៅល្អប្រសើរជាង ហើយឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកនិងអ្នកជិតខាង។ មនុស្សកំពុងរៀនពីបណ្ដាំរបស់ព្រះអំពីរបៀបដែលពួកគេអាចស៊ូទ្រាំនឹងបញ្ហាក្នុងជីវិត របៀបមានសុភមង្គលពិត និងរបៀបដែលពួកគេអាចធ្វើឲ្យព្រះពេញចិត្ត។—សូមអាន សេផានា ២:៣
៤. តើអ្នកណាជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ?
គម្ពីរបរិសុទ្ធមានសៀវភៅតូចៗ៦៦ក្បាល ហើយមានមនុស្ស៤០នាក់ជាអ្នកសរសេរ។ ប្រហែល៣.៥០០ឆ្នាំមុន ម៉ូសេបានសរសេរសៀវភៅប្រាំដំបូងនៃគម្ពីរ។ យ៉ូហានបានសរសេរសៀវភៅចុងក្រោយ នៅជាង១.៩០០ឆ្នាំមុន។ ប៉ុន្តែអ្នកសរសេរគម្ពីរបានកត់ទុកគំនិតរបស់ព្រះ មិនមែនគំនិតរបស់ពួកគេទេ។ ហេតុនេះ ព្រះជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ។—សូមអាន ធីម៉ូថេទី២ ៣:១៦; ពេត្រុសទី២ ១:២១
យើងដឹងថាព្រះជាអ្នកនិពន្ធគម្ពីរដោយសារគម្ពីរបានទាយអំពីអនាគតយ៉ាងត្រឹមត្រូវនិងល្អិតល្អន់។ គ្មានមនុស្សណាម្នាក់អាចធ្វើដូច្នេះឡើយ។ (អេសាយ ៤៦:៩, ១០) ម្យ៉ាងទៀត គម្ពីរក៏ប្រាប់យើងឲ្យដឹងអំពីគុណសម្បត្ដិរបស់ព្រះដែរ ថែមទាំងមានឫទ្ធានុភាពជួយមនុស្សផ្លាស់ប្ដូររបៀបរស់នៅឲ្យបានប្រសើរឡើង។ ហេតុការណ៍ពិតទាំងនេះធ្វើឲ្យមនុស្សរាប់លាននាក់ជឿជាក់ថា គម្ពីរជាបណ្ដាំរបស់ព្រះ។—សូមអាន យ៉ូស្វេ ២៣:១៤; ថែស្សាឡូនិចទី១ ២:១៣
៥. តើអ្នកអាចយល់គម្ពីរតាមវិធីណា?
មនុស្សទូទៅស្គាល់លោកយេស៊ូជាអ្នកពូកែបង្រៀនបណ្ដាំរបស់ព្រះ។ ទោះជាមនុស្សភាគច្រើនដែលលោកសន្ទនាជាមួយស្គាល់គម្ពីរក៏ដោយ តែពួកគេត្រូវការជំនួយដើម្បីយល់ព័ត៌មានក្នុងគម្ពីរ។ ដើម្បីជួយពួកគេ លោកយេស៊ូបានលើកខគម្ពីរបន្តបន្ទាប់គ្នា ហើយពន្យល់«អត្ថន័យនៃបទគម្ពីរ»ទាំងនោះ។ អត្ថបទ«សូមរៀនពីបណ្ដាំរបស់ព្រះ»នេះ នឹងប្រើវិធីដូចគ្នាដើម្បីជួយអ្នក។—សូមអាន លូកា ២៤:២៧, ៤៥
មិនសូវមានអ្វីដែលនាំឲ្យយើងរំភើបចិត្តខ្លាំងជាងការរៀនពីព្រះអំពីគោលបំណងនៃជីវិតឡើយ។ ប៉ុន្តែមនុស្សខ្លះប្រហែលជាមិនពេញចិត្តទេដែលអ្នកអានគម្ពីរ។ កុំឲ្យនេះធ្វើឲ្យអ្នកធ្លាក់ទឹកចិត្ត។ សេចក្ដីសង្ឃឹមរបស់អ្នកដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ ពឹងផ្អែកទៅលើការដែលអ្នកស្គាល់ព្រះឲ្យបានច្បាស់។—សូមអាន ម៉ាថាយ ៥:១០-១២; យ៉ូហាន ១៧:៣
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលជំពូកទី២នៃសៀវភៅនេះ ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។