លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះជានរណា?

តើព្រះជានរណា?

សូម​រៀន​ពី​បណ្ដាំ​របស់​ព្រះ​

តើ​ព្រះ​ជា​នរណា?

អត្ថបទ​នេះ​លើក​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​ធ្លាប់​សួរ ហើយ​បង្ហាញ​ចម្លើយ​ដែល​អ្នក​អាច​អាន​ពី​គម្ពីរ​របស់​អ្នក។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ពិភាក្សា​ចម្លើយ​ទាំង​នេះ​ជា​មួយ​នឹង​អ្នក។

១​. តើ​ព្រះ​ជា​នរណា?

ព្រះ​ពិត​គឺជា​អ្នក​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ គម្ពីរ​ហៅ​លោក​ថា​​«​ស្តេច​ដែល​រស់​ជា​រៀង​រហូត​»​ដែល​នេះ​មាន​ន័យ​ថា​លោក​គ្មាន​ទី​ចាប់​ផ្ដើម​និង​គ្មាន​ទី​បញ្ចប់​ទេ។ (​ការ​បើក​បង្ហាញ ១៥:៣​) ដោយ​សារ​ព្រះ​ជា​ប្រភព​នៃ​ជីវិត នោះ​យើង​គួរតែ​គោរព​ប្រណិប័តន៍​លោក​តែ​ម្នាក់​ប៉ុណ្ណោះ។—សូម​អាន ការ​បើក​បង្ហាញ ៤:១១

២​. តើ​លោក​ជា​ព្រះ​បែប​ណា?

គ្មាន​នរណា​ធ្លាប់​ឃើញ​ព្រះ​ទេ ពីព្រោះ​លោក​ជា​បុគ្គល​វិញ្ញាណ ដែល​នេះ​មាន​ន័យ​ថា​លោក​មាន​ជីវិត​ដែល​ខ្ពស់​ជាង​ជីវិត​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​ផែនដី​នេះ។ (​យ៉ូហាន ១:១៨; ៤:២៤​) អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បុគ្គលិក​លក្ខណៈ​របស់​លោក។ ជា​ឧទាហរណ៍ ពេល​យើង​ពិចារណា​អំពី​របៀប​គ្រោង​បង្កើត​ផ្លែ​ឈើ​ផ្សេង​ៗ​និង​ផ្កា​ទាំង​ឡាយ​និង​ភាព​ខុស​គ្នា​របស់​វា នោះ​យើង​យល់​អំពី​ក្ដី​ស្រឡាញ់​និង​ប្រាជ្ញា​របស់​ព្រះ។ ទំហំ​នៃ​សកលលោក​បង្ហាញ​ប្រាប់​យើង​អំពី​ឫទ្ធានុភាព​របស់​ព្រះ។—សូម​អាន រ៉ូម ១:២០

យើង​អាច​រៀន​ច្រើន​ថែម​ទៀត​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ពី​គម្ពីរ។ ជា​ឧទាហរណ៍ គម្ពីរ​ប្រាប់​យើង​អំពី​អ្វី​ដែល​លោក​ពេញ​ចិត្ត​និង​មិន​ពេញ​ចិត្ត អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស និង​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​នៅ​ក្នុង​ស្ថានការណ៍​ផ្សេង​ៗ។—សូម​អាន ទំនុកតម្កើង ១០៣:៧​-​១០

៣​. តើ​ព្រះ​មាន​នាម​ឬ​ទេ?

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថាយ ៦:​៩​) ទោះ​ជា​ព្រះ​មាន​ឋានៈ​ជា​ច្រើន​ក៏​ដោយ លោក​មាន​នាម​តែ​មួយ​ទេ ហើយ​តាម​ភាសា​នីមួយ​ៗ​មាន​របៀប​បញ្ចេញ​សំឡេង​ខុស​ៗ​គ្នា។ ក្នុង​ភាសា​ខ្មែរ យើង​ហៅ​ថា​​«​យេហូវ៉ា​»​ឬ​ជួនកាល​យើង​ហៅ​ថា​​«​យ៉ា​វ៉េ​»។—សូម​អាន ទំនុកតម្កើង ៨៣:១៨

ក្នុង​គម្ពីរ​ជា​ច្រើន នាម​របស់​ព្រះ​បាន​ត្រូវ​ដក​ចេញ​ហើយ​ជំនួស​ដោយ​ប្រើ​ពាក្យ​ព្រះ ឬ​ព្រះ​អម្ចាស់​វិញ។ ប៉ុន្តែ​ពេល​គម្ពីរ​បាន​ត្រូវ​សរសេរ នោះ​មាន​នាម​របស់​ព្រះ​ជាង​៧.០០០​ដង។ ពេល​លោក​យេស៊ូ​ពន្យល់​អំពី​បណ្ដាំ​របស់​ព្រះ​ដល់​បណ្ដា​ជន លោក​បាន​ប្រើ​នាម​របស់​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បាន​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ។—សូម​អាន យ៉ូហាន ១៧:២៦

៤​. តើ​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ទេ?

ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ដោយ​ស្ដាប់​ការ​អធិដ្ឋាន​របស់​យើង​ម្នាក់​ៗ។ (​ទំនុក​តម្កើង ៦៥:​២​) ដោយ​មាន​ទុក្ខវេទនា​ជា​ច្រើន តើ​នេះ​មាន​ន័យ​ថា​ព្រះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ឬ? មនុស្ស​ខ្លះ​និយាយ​ថា​ព្រះ​ជា​អ្នក​ធ្វើ​ឲ្យ​យើង​រង​ទុក្ខវេទនា​ដើម្បី​សាកល្បង​យើង តែ​នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់​»​ឡើយ។—យ៉ូប ៣៤:១០; សូម​អាន យ៉ាកុប ១:១៣

ព្រះ​បាន​លើក​កិត្ដិយស​យើង​ដោយ​ឲ្យ​ចិត្ត​សេរី​ដល់​យើង។ យើង​ពិត​ជា​ដឹង​គុណ​ដែល​យើង​មាន​សេរីភាព​ដើម្បី​សម្រេច​ចិត្ត​បម្រើ​ព្រះ មែន​ទេ? (​យ៉ូស្វេ ២៤:១៥​) ទុក្ខវេទនា​ជា​ច្រើន​កើត​ឡើង​ដោយ​សារ​មនុស្ស​សម្រេច​ចិត្ត​ធ្វើ​បាប​អ្នក​ឯ​ទៀត។ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ភាព​អយុត្ដិធម៌​បែប​នេះ នោះ​លោក​ឈឺ​ចិត្ត​ណាស់។—សូម​អាន លោកុប្បត្តិ ៦:៥, ៦

បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​ប្រើ​លោក​យេស៊ូ​ឲ្យ​បំបាត់​ចោល​ទុក្ខវេទនា និង​ពួក​អ្នក​ដែល​បង្ក​ឲ្យ​មាន​ទុក្ខវេទនា​នោះ។ ទម្រាំ​ដល់​ពេល​នោះ ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​លោក​អនុញ្ញាត​ឲ្យ​មាន​ទុក្ខវេទនា​ជា​បណ្ដោះ​អាសន្ន។ ភាគ​បន្ត​នៃ​អត្ថបទ​នេះ​នឹង​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខវេទនា។—សូម​អាន អេសាយ ១១:៤

៥​. តើ​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​អ្វី?

ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​ដើម្បី​ស្គាល់​និង​ស្រឡាញ់​លោក។ លោក​ចង់​ឲ្យ​យើង​រៀន​សេចក្ដី​ពិត​អំពី​លោក។ (​ធីម៉ូថេទី១ ២:៤​) ប្រសិនបើ​យើង​សិក្សា​គម្ពីរ យើង​អាច​ស្គាល់​ព្រះ​ជា​មិត្ត​ម្នាក់​របស់​យើង។—សូម​អាន សុភាសិត ២:៤, ៥

ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជីវិត​ឲ្យ​យើង នោះ​យើង​គួរ​ស្រឡាញ់​លោក​ច្រើន​ជាង​អ្នក​ណា​ៗ​ទាំង​អស់។ យើង​អាច​បង្ហាញ​ទៅ​ព្រះ​ថា​យើង​ស្រឡាញ់​លោក ដោយ​និយាយ​ជា​មួយ​លោក​តាម​រយៈ​ការ​អធិដ្ឋាន​និង​ធ្វើ​តាម​អ្វី​ដែល​លោក​បង្គាប់។ (​សុភាសិត ១៥:៨​) ព្រះ​យេហូវ៉ា​បង្គាប់​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ទៅ​លើ​អ្នក​ឯ​ទៀត។—សូម​អាន ម៉ាកុស ១២:២៩, ៣០; យ៉ូហាន​ទី​១ ៥:៣

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១​នៃ​សៀវភៅ​នេះ​ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​រូបភាព​នៅ​ទំព័រ​៣២​]

តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខវេទនា​ជា​បណ្ដោះ​អាសន្ន​ឬ​ទេ?​