លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បង្រៀនកូនរបស់អ្នកឲ្យចេះគោរពអ្នកឯទៀត

បង្រៀនកូនរបស់អ្នកឲ្យចេះគោរពអ្នកឯទៀត

បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​គោរព​អ្នក​ឯ​ទៀត

សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា​៖ ​«​ជឿ​ជន​សុភាព ឫ​ក​រាប​ទាប​ពាក្យ​ពីរោះ តែង​មាន​សោម​គ្រោះ មាន​កេរ្ដិ៍​ឈ្មោះ​ក្រអូប​សាយ​»។ យោង​ទៅ​តាម​ពាក្យ​ក្នុង​សុភាសិត​នេះ មនុស្ស​តែង​ជឿ​ទុក​ចិត្ត​ពួក​អ្នក​ដែល​សុភាព​ឬ​មាន​សុជីវធម៌ និង​ពួក​អ្នក​ដែល​ប្រើ​ពាក្យ​ពីរោះ។ ដូច្នេះ ពួក​អ្នក​ដែល​មាន​សុជីវធម៌​បែប​នេះ​នឹង​ទទួល​បាន​នូវ​កេរ្ដិ៍​ឈ្មោះ​ល្អ។

ពេល​ក្មេង​ៗ​ចេះ​សុជីវធម៌ នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់! នៅ​ប្រទេស​ហុងឌុយរ៉ាស អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​ដែល​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ផ្សាយ​ដែល​មាន​អាយុ​ខុស​ៗ​គ្នា បាន​កត់​សម្គាល់​ថា​៖ ​«​ខ្ញុំ​ច្រើន​តែ​ឃើញ​ថា​អាកប្បកិរិយា​របស់​ក្មេង​ៗ​ដែល​បាន​បង្ហាត់​បង្រៀន​យ៉ាង​ល្អ​ហើយ​ចេះ​បង្ហាញ​សុជីវធម៌ នោះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ម្ចាស់​ផ្ទះ​ច្រើន​ជាង​ពាក្យ​សម្ដី​របស់​ខ្ញុំ​ទៅ​ទៀត​»។

សព្វ​ថ្ងៃ​នេះ ពេល​ដែល​មនុស្ស​ទូទៅ​ខ្វះ​ការ​គោរព នោះ​ការ​ចេះ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​យ៉ាង​ត្រឹម​ត្រូវ​គឺ​មាន​តម្លៃ​និង​មាន​ប្រយោជន៍​មែន។ បន្ថែម​ទៅ​ទៀត បទ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​​«​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ដំណឹង​ល្អ​អំពី​គ្រិស្ត​»។ (​ភី. ១:២៧; ២ធី. ៣:១​-​៥​) ជា​ការ​សំខាន់​ណាស់​ដែល​យើង​បង្រៀន​កូន​របស់​យើង​ឲ្យ​ចេះ​គោរព​អ្នក​ឯ​ទៀត។ តើ​យើង​អាច​បង្រៀន​កូន​តាម​របៀប​ណា​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​យ៉ាង​ស្មោះ​ដែល​ចេញ​ពី​ចិត្ត មិន​គ្រាន់តែ​ពី​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ? *

បង្រៀន​សុជីវធម៌​ដោយ​គំរូ

កូន​ក្មេង​ចេះ​អ្វី​មួយ​ដោយ​យក​តម្រាប់​តាម​អ្វី​ដែល​ពួក​គេ​ឃើញ។ ដូច្នេះ វិធី​ដែល​សំខាន់​បំផុត​ដែល​ឪពុក​ម្ដាយ​អាច​ជួយ​កូន​ឲ្យ​មាន​សុជីវធម៌ គឺ​ដោយ​ពួក​គាត់​ផ្ទាល់​ក៏​មាន​សុជីវធម៌​ដែរ។ (​ចោ. ៦:៦, ៧​) ការ​វែក​ញែក​ហេតុ​ផល​ជា​មួយ​នឹង​កូន​របស់​អ្នក​អំពី​ការ​ចេះ​គួរ​សម​គឺ​សំខាន់​មែន ប៉ុន្តែ​ដោយ​គ្រាន់តែ​និយាយ​អំពី​ការ​ចេះ​គួរ​សម​តែ​ប៉ុណ្ណោះ​នោះ​មិន​គ្រប់​គ្រាន់​ទេ។ បន្ថែម​ទៅ​លើ​ការ​វែក​ញែក​ជា​មួយ​កូន គំរូ​ដ៏​ល្អ​គឺជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​ណាស់។

សូម​ពិចារណា​អំពី​កាលៈទេសៈ​របស់​ប៉ូឡា *ដែល​បាន​ធំ​ឡើង​ក្នុង​គ្រួសារ​ជា​គ្រិស្ត​សាសនិក ដោយ​មាន​តែ​ម្ដាយ​ប៉ុណ្ណោះ។ ការ​បង្ហាញ​ការ​គោរព​ដល់​មនុស្ស​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​គាត់។ ហេតុ​អ្វី? គាត់​ឆ្លើយ​ថា​៖ ​«​ម្ដាយ​របស់​ខ្ញុំ​បាន​ទុក​គំរូ​ដល់​ខ្ញុំ ដូច្នេះ​ការ​ចេះ​គោរព​អ្នក​ឯ​ទៀត​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ធម្មតា​សម្រាប់​យើង​ដែល​ជា​កូន​ៗ​​»។ គ្រិស្ត​សាសនិក​ម្នាក់ ឈ្មោះ​វ៉លធើ បាន​បង្រៀន​កូន​ប្រុស​របស់​គាត់​ឲ្យ​ចេះ​គោរព​ម្ដាយ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​បង្រៀន​កូន​ៗ​ឲ្យ​គោរព​ម្ដាយ​របស់​ពួក​គេ​ដោយ​ប្រើ​គំរូ​របស់​ខ្ញុំ​តែ​ម្ដង គឺ​ខ្ញុំ​មិន​ដែល​និយាយ​ដោយ​ប្រើ​ពាក្យ​អាក្រក់​ដាក់​ប្រពន្ធ​របស់​ខ្ញុំ​នោះ​ទេ​»។ វ៉លធើ​បន្ត​បង្ហាត់​បង្រៀន​កូន​ៗ​របស់​គាត់​ពី​បណ្ដាំ​របស់​ព្រះ ហើយ​គាត់​ក៏​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដែរ។ សព្វ​ថ្ងៃ កូន​ប្រុស​ម្នាក់​របស់​គាត់​កំពុង​បម្រើ​នៅ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា ហើយ​កូន​ប្រុស​ម្នាក់​ទៀត​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់​ស្រឡាញ់​និង​គោរព​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់​ពួក​គេ។

គម្ពីរ​បាន​ចែង​ថា​៖ ​«​ព្រះ​មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ត​»។ (​១កូ. ១៤:៣៣​) អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តែង​តែ​មាន​សណ្ដាប់​ធ្នាប់។ គ្រិស្ត​សាសនិក​គួរតែ​ខំ​ព្យាយាម​យក​តម្រាប់​តាម​គុណ​សម្បត្ដិ​មួយ​នេះ​របស់​ព្រះ ហើយ​រៀប​ចំ​របស់​របរ​ក្នុង​ផ្ទះ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ដែរ។ ឪពុក​ម្ដាយ​ខ្លះ​បាន​បង្ហាត់​បង្រៀន​កូន​ៗ​ឲ្យ​ចេះ​បត់​ភួយ​បត់​មុង​មុន​ពួក​គេ​ទៅ​សាលា​រៀន ឲ្យ​ចេះ​ទុក​ដាក់​ខោ​អាវ​នៅ​កន្លែង​ត្រឹម​ត្រូវ ហើយ​ឲ្យ​ចេះ​ជួយ​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​ដែរ។ បើ​កូន​ៗ​សង្កេត​ឃើញ​ក្នុង​ផ្ទះ​មាន​របៀប​រៀប​រយ និង​ស្អាត​បាត នោះ​ពួក​គេ​ទំនង​ជា​ចង់​រៀប​ចំ​បន្ទប់​និង​របស់​របរ​របស់​ពួក​គេ​ឲ្យ​បាន​ស្អាត​បាត​ដែរ។

តើ​កូន​ៗ​របស់​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ពួក​គេ​រៀន​នៅ​ឯ​សាលា? តើ​ពួក​គេ​ចេះ​អរគុណ​ដល់​គ្រូ​របស់​ពួក​គេ​ឬ​ទេ? ក្នុង​នាម​ជា​ឪពុក​ម្ដាយ តើ​អ្នក​ចេះ​សម្ដែង​អំណរ​គុណ​ចំពោះ​គ្រូ​បង្រៀន​របស់​កូន​តាម​រយៈ​ពាក្យ​សម្ដី​របស់​អ្នក​ឬ​ទេ? ជា​ធម្មតា កូន​ៗ​របស់​អ្នក​នឹង​បង្ហាញ​ចិត្ត​គំនិត​ដូច​អ្នក​ចំពោះ​កិច្ចការ​សាលា​និង​ចំពោះ​គ្រូ​បង្រៀន។ ជា​ការ​ល្អ បើ​អ្នក​លើក​ទឹក​ចិត្ត​កូន​ៗ​របស់​អ្នក​ឲ្យ​មាន​ទម្លាប់​និយាយ​ពាក្យ​អរគុណ​ចំពោះ​គ្រូ​របស់​ពួក​គេ។ ការ​ពោល​ពាក្យ​អរគុណ​ចំពោះ​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ការ​គោរព មិន​ថា​ដល់​គ្រូ​បង្រៀន គ្រូ​ពេទ្យ អ្នក​លក់​ដូរ ឬ​អ្នក​ឯ​ទៀត​ក្ដី។ (​លូក. ១៧:១៥, ១៦​) គ្រិស្ត​សាសនិក​វ័យ​ក្មេង​ដែល​លេច​ធ្លោ​ជាង​មិត្ត​រួម​ថ្នាក់​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​និង​ការ​ចេះ​សុជីវធម៌​របស់​ពួក​គេ នោះ​សម​នឹង​ទទួល​ការ​សរសើរ​មែន។

សមាជិក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​គួរ​ទុក​គំរូ​ល្អ​ស្តី​អំពី​ការ​មាន​សុជីវធម៌។ ពេល​ឃើញ​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ​បង្ហាញ​សុជីវធម៌​ដោយ​និយាយ​ពាក្យ​​«​សូម​»​និង​​«​អរគុណ​»​ នោះ​ពិត​ជា​ល្អ​មែន! ពេល​មនុស្ស​ពេញ​វ័យ​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ប្រុង​ស្ដាប់​ការ​ណែនាំ​ដែល​មាន​ក្នុង​កិច្ច​ប្រជុំ នោះ​ក៏​ជំរុញ​ឲ្យ​ក្មេង​ៗ​យក​តម្រាប់​តាម​ពួក​គេ​ដែរ។ កូន​ក្មេង​អាច​រៀន​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​ដល់​អ្នក​ឯ​ទៀត ដោយ​សារ​ពួក​គេ​ឃើញ​បង​ប្អូន​រួម​ជំនឿ​មាន​សុជីវធម៌​នៅ​ឯ​សាល​ប្រជុំ។ ជា​ឧទាហរណ៍ សូម្បី​តែ​ប្អូន​ប្រុស​អេនទ្រូ​មាន​អាយុ​តែ​បួន​ឆ្នាំ​ក៏​ចេះ​និយាយ​រួច​ទៅ​ហើយ​នូវ​ពាក្យ​​«​សុំ​អត់​ទោស​»​ពេល​ដែល​គាត់​ដើរ​កាត់​មុខ​មនុស្ស​ធំ។

តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​កូន​ឲ្យ​ដឹង​អំពី​របៀប​ដែល​ពួក​គេ​គួរ​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ? ឪពុក​ម្ដាយ​អាច ហើយ​ក៏​គួរ​ចំណាយ​ពេល​បង្រៀន​កូន​ៗ​របស់​ពួក​គេ​អំពី​មេរៀន​នៃ​គំរូ​ជា​ច្រើន​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។—រ៉ូម ១៥:៤

បង្រៀន​កូន​ដោយ​ប្រើ​គំរូ ដែល​មាន​ក្នុង​គម្ពីរ

ពេល​ដែល​យ៉ាកុប​និង​ក្រុម​គ្រួសារ​របស់​គាត់​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កាណាន​វិញ ហើយ​ត្រូវ​ជួប​នឹង​អេសាវ នោះ​យ៉ាកុប​ទំនង​ជា​បាន​រៀប​ចំ​ចាត់​ចែង​ឲ្យ​កូន​ៗ​របស់​គាត់​ឱន​គោរព​ដល់​អេសាវ។ (​លោ. ៣៣:៣, ៦, ៧​) ដូច​គ្នា​ដែរ តើ​អ្នក​អាច​បង្ហាត់​កូន​តូច​ៗ​របស់​អ្នក​ឲ្យ​ចេះ​និយាយ​គំនាប់​ដូច​ជា​​«​អរុណ​សួស្តី​»​ ​«​ជម្រាប​សួរ​»​ ឬ​ពាក្យ​គំនាប់​តាម​ទំនៀម​ទម្លាប់​នៃ​ទី​កន្លែង​ដែល​អ្នក​រស់​នៅ​ឬ​ទេ? កូន​ក្មេង​ដែល​មាន​សុជីវធម៌​ល្អ​នាំ​ឲ្យ​មាន​ការ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ហើយ​ក៏​នាំ​ឲ្យ​ឪពុក​ម្ដាយ​មាន​មោទនភាព​ដែរ។

ជា​ការ​ល្អ​ដែល​យើង​ប្រើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដើម្បី​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ចេះ​គោរព​និង​ការ​មិន​ចេះ​គោរព​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អ៊ីស្រាអែល ពេល​ដែល​ស្តេច​អ័ហាស៊ីយ៉ា ជា​ស្តេច​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ចង់​ជួប​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ នោះ​គាត់​បាន​ចាត់​‹មេទ័ព​ម្នាក់ នឹង​ពួក​ទាហាន​៥០​នាក់​របស់​គាត់› ឲ្យ​ទៅ​នាំ​លោក​មក​ជួប។ មេទ័ព​នោះ​ទាម​ទារ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ទៅ​ជា​មួយ​គាត់។ នេះ​មិន​មែន​ជា​របៀប​សមរម្យ​ដើម្បី​និយាយ​ជា​មួយ​តំណាង​របស់​ព្រះ​នោះ​ទេ។ តើ​លោក​អេលីយ៉ា​បាន​តប​ឆ្លើយ​យ៉ាង​ណា? គាត់​បាន​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង នឹង​ពួក​៥០​នាក់​របស់​ឯង​ទៅ​»។ ការ​នោះ​បាន​កើត​ឡើង​មែន គឺ​​«​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេទ័ព​នោះ នឹង​ពួក​៥០​នាក់​របស់​គាត់​»។—២ព. ១:៩, ១០

ស្តេច​ក៏​ចាត់​មេទ័ព​ទី​២​និង​ពួក​៥០​នាក់​របស់​គាត់​ឲ្យ​ទៅ​រក​លោក​ទៀត។ មេទ័ព​នោះ​ក៏​បង្គាប់​លោក​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ម្ដង​នេះ​ទៀត ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​សម្លាប់​ពួក​គេ​ដែរ។ ប៉ុន្តែ ក្រោយ​មក​មេទ័ព​ទី​៣​និង​ពួក​៥០​នាក់​របស់​គាត់​មក​ជួប​អេលីយ៉ា។ មេទ័ព​នេះ​បាន​បង្ហាញ​ការ​គោរព។ ជា​ជាង​គាត់​បង្គាប់​អេលីយ៉ា​ឲ្យ​ទៅ​ជា​មួយ​គាត់ នោះ​គាត់​លុត​ជង្គង់​ក្រាប​នៅ​មុខ​អេលីយ៉ា​អង្វរ​ថា​៖ ​«​ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​អាណិត​មេត្ដា​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្របាទ នឹង​ជីវិត​របស់​៥០​នាក់​នេះ បាន​មាន​តម្លៃ​នៅ​ភ្នែក​លោក​ចុះ។ មើល! មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេទ័ព​ទាំង​២​នាក់ នឹង​ពួក​៥០​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ប្របាទ មាន​តម្លៃ​នៅ​ភ្នែក​លោក​វិញ​»។ តើ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​នឹង​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​សម្លាប់​អ្នក​ដែល​ភ័យ​ខ្លាច តែ​បាន​និយាយ​ដោយ​គោរព​បែប​នេះ​ឬ​ទេ? ប្រាកដជា​មិន​ដូច្នេះ​ទេ ព្រោះ​ទេវតា​នៃ​ព្រះ​យេហូវ៉ា​ប្រាប់​អេលីយ៉ា​ឲ្យ​ទៅ​ជា​មួយ​នឹង​មេទ័ព​នេះ! (​២ព. ១:​១១​-​១៥​) នេះ​បញ្ជាក់​ថា​ការ​បង្ហាញ​ការ​គោរព​ពិត​ជា​មាន​តម្លៃ​ណាស់ មែន​ទេ?

ពេល​ដែល​ទាហាន​រ៉ូម​ចាប់​សាវ័ក​ប៉ូល​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​វិហារ នោះ​គាត់​មិន​ប្រាកដ​ថា​ខ្លួន​មាន​សិទ្ធិ​ដើម្បី​និយាយ​ទេ។ ដូច្នេះ គាត់​បាន​សួរ​ដោយ​គោរព​ទៅ​មេ​បញ្ជាការ​ថា​៖ ​«​តើ​ខ្ញុំ​អាច​និយាយ​ជា​មួយ​នឹង​លោក​បន្ដិច​បាន​ទេ?​»។ ជា​លទ្ធផល គាត់​មាន​ឱកាស​ដើម្បី​និយាយ​ការពារ​ខ្លួន​ពី​ការ​ជាប់​ចោទ។—សកម្ម. ២១:​៣៧​-​៤០

ពេល​គេ​កំពុង​វិនិច្ឆ័យ​លោក​យេស៊ូ នោះ​គេ​បាន​ទះ​កំផ្លៀង​លោក។ ប៉ុន្តែ លោក​ចេះ​តវ៉ា​តាម​របៀប​ត្រឹម​ត្រូវ ដោយ​ប្រាប់​ថា​៖ ​«​ប្រសិនបើ​ខ្ញុំ​បាន​និយាយ​ខុស ចូរ​បញ្ជាក់​ថា​ខ្ញុំ​បាន​និយាយ​ខុស​កន្លែង​ណា ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​និយាយ​ត្រូវ ហេតុ​អ្វី​អ្នក​វាយ​ខ្ញុំ?​»។ គ្មាន​នរណា​អាច​ចាប់​កំហុស​អំពី​របៀប​ដែល​លោក​និយាយ​នោះ​ទេ។—យ៉ូន. ១៨:២២, ២៣

បណ្ដាំ​របស់​ព្រះ​ក៏​មាន​គំរូ​អំពី​របៀប​ដែល​យើង​អាច​ប្រព្រឹត្ត​ពេល​ទទួល​ការ​កែ​តម្រង់ និង​អំពី​របៀប​ទទួល​ស្គាល់​ដោយ​ការ​គោរព​នូវ​កំហុស​ដែល​យើង​បាន​ធ្វើ​ខុស​ពី​មុន។ (​លោ. ៤១:៩​-​១៣; សកម្ម. ៨:​២០​-​២៤​) ជា​ឧទាហរណ៍ អ័ប៊ីកែល​បាន​សុំ​អភ័យទោស​ដោយ​ចិត្ត​រាប​ទាប​ចំពោះ​ភាព​ព្រហើន​របស់​ណា​បាល​ដែល​ជា​ប្ដី​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ដាវីឌ។ បន្ថែម​ពី​នេះ ដើម្បី​ជា​ការ​សុំ​ទោស នោះ​គាត់​បាន​ជូន​អំណោយ​ដែល​ជា​ម្ហូប​យ៉ាង​ច្រើន​ដល់​ដាវីឌ។ ដាវីឌ​កោត​ស្ងើច​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​អ័ប៊ីកែល​ធ្វើ រហូត​ដល់​គាត់​ជ្រើស​រើស​នាង​ធ្វើ​ជា​ភរិយា​របស់​គាត់​ក្រោយ​ពី​ណា​បាល​បាន​ស្លាប់។—១សាំ. ២៥:២៣​-​៤១

ដូច្នេះ សូម​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​គោរព​អ្នក​ឯ​ទៀត សូម្បី​តែ​កូន​ត្រូវ​បង្ហាញ​ការ​គោរព​ក្នុង​កាលៈទេសៈ​ពិបាក ឬ​អ្នក​គ្រាន់តែ​ចង់​ឲ្យ​កូន​មាន​សុជីវធម៌​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្ដី។ ការ​ធ្វើ​‹ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​យើង›​តាម​របៀប​នេះ នោះ​នឹង​នាំ​ឲ្យ​គេ​‹សរសើរ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌›។—ម៉ាថ. ៥:១៦

[​កំណត់​សម្គាល់​]

^ វគ្គ 4 ពិត​មែន ឪពុក​ម្ដាយ​ត្រូវ​តែ​ជួយ​កូន​ឲ្យ​យល់​អំពី​ភាព​ខុស​គ្នា​រវាង​ការ​គោរព​មនុស្ស​ពេញ​វ័យ​និង​ការ​គោរព​នរណា​ម្នាក់​ដែល​ប្រហែលជា​មាន​បំណង​ធ្វើ​បាប​កូន។ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០ ទំព័រ​៩​-​១១

^ វគ្គ 7 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។